Tuesday, January 10, 2017

ទូតភូមាប្រចាំកម្ពុជា អញ្ជើញលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទៅទស្សនកិច្ចផ្លូវការនៅទីក្រុងយ៉ានគួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម

 នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជាបានគោរពអញ្ជើញ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទៅទស្សនកិច្ចផ្លូវការនៅរដ្ឋធានីយ៉ានគួន ប្រទេសមីយ៉ាន់ម៉ា តាមពេលវេលាគួរសមណាមួយអំឡុងខែមករា ឆ្នាំ២០១៧នេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមរវាងប្រទេសទាំងពីរ នេះបើតាមលោក ហុង បញ្ញារិទ្ធ ទីប្រឹក្សាលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។
លោក ហុង បញ្ញារិទ្ធ បានបន្តថា លោកឧបនាយករដ្ឋមន្រ្តី បានទទួលយល់ព្រមនឹងសំណើនេះដែរ ប៉ុន្តែដោយសារក្នុងខែមករានេះ លោកឧបនាយករដ្ឋមន្រ្តី មានធុរៈត្រូវបំពេញ ទើបសុំលើកថ្ងៃបំពេញទស្សនកិច្ចនេះ ទៅដល់ខែកុម្ភៈ ឬខែមិនាវិញ។ លោកឯកអគ្គរដ្ឋទូត មីយីន្ត សែវ ក៏បានយល់ព្រមនឹងការលើកពេលនេះផងដែរ ហើយរីករាយស្វាគមន៍វត្តមានរបស់ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ។
លោកឯកអគ្គរដ្ឋទូត មីយីន្ត សែវ បានបញ្ជាក់ថា គោលបំណងនៃគោរពអញ្ជើញ លោកឧបនាយករដ្ឋមន្រ្តី ទៅបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា នាពេលនេះ គឺក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត រវាងកម្ពុជាជាមួយមីយ៉ាន់ម៉ា ក្នុងនាមជាសមាជិកគ្រួសារអាស៊ាន ដែលស្នើឡើងដោយក្រសួងការបរទេសមីយ៉ាន់ម៉ា។
ដោយឡែក ចំពោះកិច្ចការងារចុះហត្ថលេខាណាមួយ នៅក្នុងដំណើរទស្សនកិច្ចនោះ លោក ហុង បញ្ញារិទ្ធ មិនទាន់អាចបញ្ជាក់ប្រាប់បានទេ៕



ក្រសួង​បរិស្ថាន បើក​កិច្ច​ប្រជុំអន្តរ​ក្រសួង ស្តីពីកា​រពិនិ​ត្យ និងផ្តល់​យោបល់​លើរបាយការ​ណ៍វាយតម្លៃ​ហេតុប៉ះ​ពាល់បរិស្ថា​ន និង​សង្គម​ពេញលេញ

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងបរិស្ថាន មានបើកកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងវិនិយោគដាំដំណាំកៅស៊ូ ដំឡូងមី ដំណាំ កសិឧស្សាហកម្មផ្សេងៗទៀត និងចិញ្ចឹមសត្វ នៅលើផ្ទៃដីសរុប ៧.១១៧,៨១ ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងឃុំត្រពាំងក្រហម និងឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនៈគីរី របស់ក្រុមហ៊ុន Holley Eco-Industry (Cambodia) Co., Ltd. ដែលសិក្សា និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដោយក្រុមហ៊ុនទីប្រឹក្សា Green Environment Group Co., Ltd. ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពរបស់ លោក សូ ខនឫទ្ធីគុណ អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសម្របសម្រួលការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន សម្រាប់វិស័យកសិកម្ម និងការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ដែលជាសមាជិក និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអាជ្ញាធរខេត្តរតនៈគីរី តំណាងមន្ទីរបរិស្ថានខេត្តរតនៈគីរី តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន ដែលជាប្រធានលេខាធិការដ្ឋាន តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា។

សូមជម្រាបផងដែរថា កិច្ចប្រជុំអន្តរក្រសួងនេះ បានពិនិត្យ និងពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួនដូចជា ១-ការចូលរួមថែរក្សា និងដាំដើមឈើឡើងវិញនៅតាមទ្រនាប់ដងអូរយ៉ាងតិចឱ្យបាន ១០០ ម៉ែត្រ ដើម្បីការពារការហូរច្រោះដី ការពារការបំពុលទឹកអូរ ជីវចម្រុះក្នុងទឹក ២ -ការពិនិត្យជម្ងឺឆ្លង Cassava Mosaic ទៅដំណាំដំឡូងមី ៣-ពិនិត្យលើទំហំផ្ទៃដីដែលបានចុះបញ្ជីស្ថាពររបស់ក្រុមហ៊ុនម្ចាស់គម្រោង ៤-ការពិនិត្យលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនិងគម្រោង និង៥-ការពិនិត្យទៅលើផែនការគ្រប់គ្រងបរិស្ថាន កម្មវិធីត្រួតពិនិត្យបរិស្ថាន និងប្រើប្រាស់នូវមូលនិធិបរិស្ថាន និងសង្គម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព៕


អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន១៣នាក់ ដែលបានលួចឆ្លងដែនចូលមកកម្ពុជា

(ភ្នំពេញ)៖ កម្លាំងនគរបាល នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធី សហការជាមួយកម្លាំងស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានបន្ដប្រតិបត្តិការឃាត់ខ្លួនជនជាតិវៀតណាម ១៣នាក់ ក្នុងនោះស្រី៧នាក់ ដែលលួចឆ្លងដែន ស្នាក់នៅ ដោយគ្មានលិខិតឆ្លងដែន និងប្រកបរបរដោយគ្មានច្បាប់អនុញ្ញាត។
លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធី បានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះនៅចំណុចភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
លោកបានបន្តថា ការឃាត់ខ្លួននេះ ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។
លោកប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធី បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ ឃាត់ខ្លួនបានជនជាតិវៀតណាមចំនួន១៣នាក់ ក្នុងនោះស្រី៧នាក់ ដែលបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងអស់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


លោក សួន សេរីរដ្ឋា៖ អ្វីដែល សម រង្ស៊ី ខំស្រែកឱ្យក្តៅប៉ុន្មានថ្ងៃនេះគឺជានយោបាយ «កញ្ចាញ់ចេក លោតក្រៅស្រះ»

លោក សួន សេរីរដ្ឋា បានផ្សាយតាមរយៈទំព័រហ្វេសប៊ុករបស់លោកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ដោយបានចាត់ទុក អ្វីដែលលោក សម រង្ស៊ី បានធ្វើក្នុងពេលថ្មីៗនេះគឺគ្រាន់តែ ជានយោបាយ «កញ្ចាញ់ចេក លោតក្រៅស្រះ»។ លោកបានបញ្ជាក់យ៉ាងដូចឆ្នេះថា «អ្វីដែល សម រង្ស៊ី ខំស្រែកឱ្យក្តៅប៉ុន្មានថ្ងៃនេះ និងរួមទាំងខំបង្កើតលិខិតថ្លែងការណ៍ក្លែងក្លាយមួយផ្ញើចេញទៅឱ្យសារព័ត៌មានផងនោះ វាគឺជានយោបាយ «កញ្ចាញ់ចេក លោតក្រៅស្រះ» ប៉ុណ្ណឹង ។ ពីព្រោះ រឿង ៧ មករា ១៩៧៩ ក្តី រឿង ១៧ មេសា ១៩៧៥ ក្តី រឿង យួនឈ្លានពានស្រុកខ្មែរក្តី ពេល សម រង្ស៊ី នៅក្នុងស្រុក ចាប់ដៃ ស៊ីបាយ ត្រូវជាមួយ ហ៊ុន សែន គឺ សម រង្ស៊ី មិនដែលហ៊ាននិយាយរឿងអស់នេះទេ ។ បើកាលពី ប៉ែន សុវណ្ណ នៅរស់ផង គឺទាំង សម រង្ស៊ី និង កឹម សុខា សុទ្ធតែដណ្តើមយកគុណសម្បត្តិថ្ងៃ ៧ មករា ១៩៧៩ ថា ប៉ែន សុវណ្ណ ដែលនៅខាងខ្លួនទើបជា បិតា ៧ មករា ពិតប្រាកដ ។ »
លោក សួន សេរីរដ្ឋា បានចាត់ទុក នយោបាយរបស់ សម រង្ស៊ី គឺជានយោបាយប្រឆាំងអំពិលអំពែក និងមានតែក្រុមមនុស្សមិនចេះកត់ត្រា មិនចេះចាំសំដីដែល សម រង្ស៊ី និយាយ និងមិនចេះប្រើខួក្បាលពិចារណា ដោយទុកខួរក្បាលផ្កាប់ចោល ចាំតែហៃអើៗ។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែល លោក សួន សេរីរដ្ឋា បានផ្សាយ៖
អ្វីដែល សម រង្ស៊ី ខំស្រែកឱ្យក្តៅប៉ុន្មានថ្ងៃនេះ និងរួមទាំងខំបង្កើតលិខិតថ្លែងការណ៍ក្លែងក្លាយមួយផ្ញើចេញទៅឱ្យសារព័ត៌មានផងនោះ វាគឺជានយោបាយ «កញ្ចាញ់ចេក លោតក្រៅស្រះ» ប៉ុណ្ណឹង ។ ពីព្រោះ រឿង ៧ មករា ១៩៧៩ ក្តី រឿង ១៧ មេសា ១៩៧៥ ក្តី រឿង យួនឈ្លានពានស្រុកខ្មែរក្តី ពេល សម រង្ស៊ី នៅក្នុងស្រុក ចាប់ដៃ ស៊ីបាយ ត្រូវជាមួយ ហ៊ុន សែន គឺ សម រង្ស៊ី មិនដែលហ៊ាននិយាយរឿងអស់នេះទេ ។ បើកាលពី ប៉ែន សុវណ្ណ នៅរស់ផង គឺទាំង សម រង្ស៊ី និង កឹម សុខា សុទ្ធតែដណ្តើមយកគុណសម្បត្តិថ្ងៃ ៧ មករា ១៩៧៩ ថា ប៉ែន សុវណ្ណ ដែលនៅខាងខ្លួនទើបជា បិតា ៧ មករា ពិតប្រាកដ ។
នយោបាយប្រឆាំងអំពិលអំពែក របស់ សម រង្ស៊ី គឺមានតែក្រុមមនុស្សមិនចេះកត់ត្រា មិនចេះចាំសំដីដែល សម រង្ស៊ី និយាយ និងមិនចេះប្រើខួក្បាលពិចារណា ដោយទុកខួរក្បាលផ្កាប់ចោល ចាំតែហៃអើៗ ប៉ុណ្ណោះ ដែលចេញមកជួយលក់ ជួយលាង នយោបាយបល់បាយរបស់ សម រង្ស៊ី ដើម្បីបន្តបោកប្រាស់ពលរដ្ឋខ្មែរ អ្នករងគ្រោះ ។ នយោបាយបល់បាយ ក្រឡាប់ផ្កាប់ផ្ងារបស់ សម រង្ស៊ី ដែលរៀនបន្តមកពីគ្រួសារតពូជន៍មកនោះ វាមិនមែនជា វិទ្យាសាស្ត្រនយោបាយ ទេ ! តែវាជា អំពើបោកថោកទាប ដែលគ្មានចេះអាណិតស្រលាញ់អ្នកគាំទ្រខ្លួន ពីព្រោះជំងឺនយោបាយតពូជន៍ដែលចូលចិត្តក្បត់អ្នកគាំទ្រខ្លួនឯង និងជំងឺខ្លាចការពិត ដែលមានក្នុងខួរក្បាលរបស់ សម រង្ស៊ី នោះគឺព្យាបាលលែងជាហើយ ។

មកដល់ពេលនេះ សម រង្ស៊ី ចាប់ផ្តើមកើតជំងឺថោកទាបមួយទៀត ដោយផ្តល់បទសំភាសន៍ប្រាប់អ្នកសារព័ត៌មានថា ខ្លួនមានបញ្ជីឈ្មោះ អ្នកតំណាងរាស្ត្រ និងអ្នកនយោបាយក្នុងបក្សខ្លួនដែលលក់ក្បាលឱ្យ គណបក្សប្រជាជន តែខ្លួនមិនទាន់បញ្ចេញ ។ នេះគឺជានយោបាយកញ្ចាញ់ចេកលោតក្រៅស្រះ ដែល សម រង្ស៊ី យកមកលេងផ្សំគ្នាជាមួយនឹងនយោបាយប្រឆាំងអំពិលអំពែករបស់ខ្លួន ៕



កម្ពុជា​ត្រៀម​ជាស្រេច​ក្នុងការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ប្រកបដោយ​សមត្ថភាព​ក្នុងវិស័យ​កាត់​ដេរ

ភ្នំពេញ៖ លោក ពេជ សោភណ័ រដ្ឋលេខាធិការក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា កម្ពុជាត្រៀមជាស្រេចក្នុងការផ្គត់ផ្គង់កម្លាំងពលកម្មប្រកបដោយសមត្ថភាព ដល់រោងចក្រសហគ្រាស និងកុ្រមហ៊ុនក្នុងនិងក្រៅប្រទេស ដែលអាចជួយកាត់បន្ថយការនាំចូលអ្នកជំនាញពីក្រៅ ប្រទេសបានមួយចំនួនធំ។ការលើកឡើងបែបនេះធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ។
លោកបន្តថា វិស័យបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ(TVET) នៅកម្ពុជា បានផ្តល់នូវសមត្ថភាពជូនយុវជនជាកម្មករឱ្យស្របតាមស្តង់ដារដែលកំណត់ដោយនិយោជក និងផ្នែកឧស្សាហកម្ម ហើយបានជួយកម្មករកាន់តែមានផលិតភាពខ្ពស់ និងសមត្ថភាពប្រកួតប្រជែងជំនាញទាំងក្នុងតំបន់និងសកលលោក។
លោកបន្តថា វិស័យបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនេះ (TVET) មានតម្រូវការទីផ្សារខ្ពស់ ដូចជាជំនាញមេកានិច សំណង់ ធុរៈកិច្ច បច្ចេកវិទ្យាព័ត៌មាន កម្មន្តសាល អគ្គីសនី ក្រឡឹង កែច្នៃម្ហូបអាហារ និងផ្នែកសេវាកម្មមួយចំនួនទៀត ដើម្បីឱ្យយុវជនដែលបានបញ្ចប់ការសិក្សាមានសមត្ថភាពបម្រើការងារបានដូចៗគ្នា។
លោកក៏បានអះអាងថា ទោះបីយុវជនកម្ពុជាកំពុងទទួលបានផលជាវិជ្ជមានពីប្រពន្ធ័(TVET) នេះក៏ពិតមែន ប៉ុន្តែបើធៀបជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់ គឺមានភាពយឺតយ៉ាវ ដោយសារតែសមត្ថភាពគ្រូបង្រៀននៅមានកម្រិត។

លោករដ្ឋលេខាធិការបានបន្តថា ដើម្បីធ្វើឱ្យប្រព័ន្ធបណ្តុះបណ្តាល TVET កាន់តែមានគុណភាព ក្រសួងបានបង្កើនការទំលាក់កញ្ចប់ថវិកា ដើម្បីធ្វើការបណ្តុះបណ្តាលសមត្ថភាពគ្រូ រួម ទំាងកម្មវិធីសិក្សាឱ្យបានកាន់តែល្អ សំដៅធ្វើឱ្យសិក្ខាកាមមានសមត្ថភាពជំនាញច្បាស់លាស់៕



រដ្ឋាករស្វយ័តសាធារណរថយន្តក្រុង​​​​​​​​​​​​​​​​​​​​ គ្រោងបង្កើនរថយន្តក្រុង​នៅពេលឆាប់ៗខាងមុខនេះដើម្បីបង្កើនសមត្ថភាពបម្រើសេវាសាធារណរថយន្តក្រុង ឱ្យកាន់តែប្រសើរ

(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ បានជួបប្រជុំជាមួយមន្ត្រីរដ្ឋាករស្វយ័ត សាធារណរថយន្តក្រុង ដើម្បីបង្កើនសមត្ថភាពបម្រើសេវាសាធារណរថយន្តក្រុង ឱ្យកាន់តែប្រសើរ ថែមទៀត និងរកមធ្យោបាយអភិវឌ្ឍ វិស័យដឹកជញ្ជូនសាធារណតាមរថយន្តក្រុង ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងទីក្រុង ។
លោកបានបន្តទៀតថា សាលារាជធានីត្រៀមនឹង បង្កើនខ្សែរត់បន្ថែមទៀត ដោយសារចិន គ្រោងបញ្ជូនរថយន្តក្រុងចំនួន១០០ គ្រឿងនៅពេលឆាប់ៗខាងមុខនេះ ។
ជាមួយគ្នានេះអង្គការ JICA របស់ជប៉ុន បានសម្រេចផ្តល់រថយន្ត ដល់សាលារាជធានី ចំនួន១៤០គ្រឿង ក្នុងនោះ៨០គ្រឿង ប្រគល់នៅខែធ្នូ ចុងឆ្នាំ២០១៧ និង៦០គ្រឿងទៀតឆ្នាំ
២០២០ ខាងមុខនេះ ៕
នៅក្នុងកិច្ចប្រជុំនេះផងដែរ លោកអភិបាល ក៏បានបញ្ជាឱ្យ ប្រធានរដ្ឋាករស្វយ័ត្នត្រូវរៀបចំចំណតនីមួយៗ ឱ្យមានរបៀបរៀបរយឡើងវិញ ព្រោះកន្លងមកចំណតស្ទើរទាំងអស់ មានសភាពមិនសមរម្យ គ្មានអនាម័យបរិស្ថាន សម្រាប់អ្នករង់ចាំជិះរថយន្តឡើយ ធ្វើឱ្យអ្នកជិះគេធុញទ្រាន់មិនចង់ជិះ ។
ជាមួយគ្នានោះដែរ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ក៏បានណែនាំឱ្យអ្នកបើកបរ ត្រូវមានសុជីវធម៌ នៅក្នុងការបើកបរ ត្រូវគោរពច្បាប់ចរាចរណ៍។ ដោយកន្លងមកសព្វថ្ងៃ គេសង្កេតឃើញថា អ្នកបើកបររថយន្តក្រុង និងរដ្ឋាករស្វយ័តមួយចំនួន មិនទាន់មានការបើកបរគោរពច្បាប់នៅឡើយ។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ២០១៦ មានអ្នកជិះសរុបចំនួន ២,១៦៧,០២២នាក់ ក្នុងនោះអ្នកមានបង់ថ្លៃចំនួន ១,៣៤២,១២៩ នាក់
អ្នកឥតបង់ថ្លៃមានចំនួន ៨២៤,៨៩៣នាក់ ជាមធ្យម ជិះ៦ពាន់នាក់ក្នុងមួយថ្ងៃ និងរកចំណូលបាន ជាង២០ពាន់លានរៀល និងចំណាយ ជាង១៤ពាន់លានរៀល៕


នាយ​ករដ្ឋមន្ត្រី​កម្ពុជា-ឡាវ​អញ្ជើញ​ធ្វើ​ជាអធិប​តីភាព​ក្នុង​ពិធី​សម្ពោធ​អ​គារទី​​ស្នាក់​កា​រត្រួត​​ពិនិត្យ​ច្រក​អន្តរ​ជាតិ ត្រពាំង​ក្រៀល-ណង​ណុក​ខៀន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃប្រទេសឡាវបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀង-ណងណុកខៀន នៅព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងខេត្តចំប៉ាសាក់ ប្រទេសឡាវ នៅព្រឹកថ្ងៃទី ១០ មករា ២០១៧នេះ។
នាឱកាសនោះផងដែរ លោក ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាសូមធ្វើការវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនឥតឈប់ឈរនូវទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលជាប្រទេសមានភូមិផងរបងតែមួយ សហការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកប្រកបដោយភាពស្មោះស ។
លោកបានបន្តថា អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ព្រំដែនកម្ពុជា-ឡាវ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងឡាវបន្ថែមទៀត។ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀងរបស់កម្ពុជានិងអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ណងណុកខៀនរបស់ឡាវបានតភ្ជាប់រវាងផ្លូវជាតិលេខ៧របស់កម្ពុជានិងផ្លូវជាតិលេខ១៣របស់ឡាវ ជាច្រករបៀងដឹកជញ្ជូនផ្លូវគោកដ៏មានសក្តានុពលរវាងប្រទេសទាំងពីរ ក៏ដូចជា ក្នុងក្របខណ្ឌប្រទេសកម្ពុជា-ឡាវ-វៀតណាម (CLV) និងបណ្តាប្រទេសក្នុងតំបន់មេគង្គផងដែរ។ លោក ហ៊ុន សែន បញ្ជាក់ថា ការតភ្ជាប់នេះនឹងចូលរួមបង្កើនទំហំពាណិជ្ជកម្ម ការវិនិយោគ និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន បង្កើនលំហូរភ្ញៀវទេសចរណ៍នៃប្រទេសទាំងពីរនិងប្រទេសទីបី និងជួយសម្រួលដល់ការចរាចរទំនិញឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។

លោក ហ៊ុន សែន មានប្រសាសន៍បន្តថា រដ្ឋាភិបាលកម្ពុជា-ឡាវ បានឯកភាពគ្នាអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនប្រើប្រាស់ប័ណ្ណសម្រាប់ជាឯកសារផ្លូវការក្នុងការចេញចូលឆ្លងកាត់ព្រំដែន ចាប់ពីខែមករា ឆ្នាំ២០១៧នេះតទៅ។ លោកក៏បានជំរុញឱ្យអាជ្ញាធរនៃប្រទេសទាំងពីរបង្កើនការផ្សព្វផ្សាយអំពីការឯកភាពគ្នានេះ។ ក្រៅពីនេះ លោក ហ៊ុន សែន ជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ បន្តសហការគ្នាឱ្យបានល្អ ដើម្បីទប់ស្កាត់ បង្ក្រាបបទល្មើស និងឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ ស្របតាមឯកភាពគ្នារវាងថ្នាក់ដឹកនាំប្រទេសទាំងពីរកន្លងមក៕







អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​ជ្រើស​រើស​មន្រ្តី​នគរ​បាលយុ​ត្តិធម៌​ប្រមាណ​២០០នាក់​នៅ ​ឆ្នាំ២០១៧នេះ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ នឹងជ្រើសរើសមន្រ្តីនគរបាលយុត្តិធម៌ប្រមាណ ២០០នាក់បន្ថែមទៀតដើម្បីបំពេញការងារនៅការិយាល័យថ្មីៗជាច្រើននៅតាមបណ្តាខេត្តមួយចំនួន។
លោកទេសរដ្ឋមន្រ្តីឱមយ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ នៅក្នុង ទិវាជាតិ-អន្តរជាតិ ប្រឆាំងអំពើពុករលួយនៅសាលាតិចណូ ប្រធានបទ «រស់ជាមួយភាពស្អាតស្អំ» ថាអង្គភាពគ្រោងនឹងបង្កើតការិយាល័យនៅតាមបណ្តាខេត្តមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងនោះអង្គភាពក៏គ្រោងនឹងជ្រើសរើសមន្រ្តីនគរបាលយុត្តិធម៌ប្រមាណ ២០០ នាក់បន្ថែមទៀតសម្រាប់ឆ្នាំ ២០១៧ នេះដោយបន្ថែមលើមន្រ្តីនគរបាលយុត្តិធម៌ដែលមានស្រាប់ជិត ៥០០ នាក់។

សូមជម្រាបផងដែរថា ការិយាល័យទាំងនោះនឹងបើកនៅក្នុងខេត្តព្រះសីហនុ សៀមរាប ស្វាយរៀង កំពង់ស្ពឺ និងកំពង់ចាមជាដើម ហើយមន្រ្តីនគរបាលយុត្តិធម៌មានសិទ្ធិស៊ើបអង្កេត បង្រ្កាបបទល្មើស និងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕

ការ​ពន្យា​រ​ពេល​បោះ​ឆ្នោត បាន​ធ្វើ​ឱ្យ​ប៉ះពាល់​មុខ​មាត់​ប្រ​ទេស​ថៃ​

ក្រុមអ្នកវិភាគបានព្យាករណ៍ថា ការបាត់បង់ទំនុកចិត្តទៅលើលោក Prayut ដោយសារតែការផ្លាស់ប្តូរគោលជំហរ។
ខណៈដែលក្រុមអ្នកវិភាគរបស់ថៃភាគច្រើនបានព្យាករណ៍ថា ពុំមានផលប៉ះពាល់ធ្ងន់ធ្ងរពីការសម្រេចចិត្តនៃរបបយោធាក្នុងការពន្យារពេលបោះឆ្នោតថ្នាក់ជាតិនោះ ក្រុមអ្នកសិក្សាស្រាវជ្រាវអន្តរជាតិបានព្រមានថា អ្នកវិនិយោគទុនបរទេសប្រហែលជានឹងបាត់បង់ទំនុកចិត្តលើរបបនេះ នៅពេលដែលនាយករដ្ឋមន្រ្តី Prayut Chan-o-cha ជាប្រមុខក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) ជារឿយៗតែងតែខកខានដោយមិនបានរក្សានូវពាក្យសម្តីរបស់ខ្លួន។
លោក Yasuhito Asami នៃនាយកដ្ឋាននយោបាយសកលនៅឯសាកលវិទ្យាល័យ Hosei ក្នុងទីក្រុងតូក្យូបាននិយាយថា «ការពន្យារពេលបោះឆ្នោតថ្នាក់ជាតិ ពិតជានឹងធ្វើឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ទំនុកចិត្តពីអន្តរជាតិមកលើរដ្ឋបាលលោក Prayut»។
លោក Asami បានបន្ថែមថា អ្នកវិនិយោគទុនបរទេសមានការយល់ឃើញផ្សេងៗគ្នា ថាតើការរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅចុងឆ្នាំនេះ ឬឆ្នាំក្រោយ នឹងមានផលប៉ះពាល់វិជ្ជមាន ឬអវិជ្ជមានលើសេដ្ឋកិច្ចថៃយ៉ាងណាក្នុងរយៈពេលខ្លី។ គាត់បាននិយាយថា បើទោះបីជាពួកគេជាច្រើននឹងចាត់ទុកថា រដ្ឋបាលលោក Prayut មិនអាចទុកចិត្តបានក៏ដោយ។
គាត់បាននិយាយថា «លោក Prayut បានកំពុងតែបំភ្លេចពាក្យសន្យាជាច្រើនដែលគាត់បានសន្យា។ ប្រសិនបើគាត់ខកខានដោយមិនបានរៀបចំការបោះឆ្នោតថ្នាក់ជាតិ ដូចដែលគាត់បានសន្យាជាថ្មីម្តងទៀតទេនោះ ក្រុមអ្នកវិនិយោគទុនបរទេសនឹងយល់ថា វាពិបាកនឹងទុកចិត្តគាត់ក្នុងការបន្តគោលនយោបាយដទៃទៀត ដូចដែលគាត់បានសន្យា។ ក្រុមអ្នកវិនិយោគទុនចង់បានស្ថានភាពដែលអាចព្យាករណ៍បាន និងស្អប់ស្ថានភាពដែលមិនប្រាកដប្រជា»។
ទោះបីជាយ៉ាងណាក៏ដោយ គាត់បានបន្ថែមថា ផលប៉ះពាល់អវិជ្ជមាននៃការពន្យារពេលបោះឆ្នោតមិនមែនជារឿងអស្ចារ្យនោះទេ ប្រសិនបើការបោះឆ្នោតត្រូវបានគេរៀបចំនៅពាក់កណ្តាលឆ្នាំ២០១៨។
លោក Asami ដែលបានសិក្សាពីកិច្ចការជាច្រើននៅក្នុងប្រទេសថៃអស់រយៈពេលជាច្រើនឆ្នាំ និងនិយាយភាសាថៃយ៉ាងស្ទាត់ជំនាញបាននិយាយថា អ្នកវិនិយោគទុនបរទេសភាគច្រើនយល់ថា ការស្នងរាជ្យបន្តគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ជនជាតិថៃ ដែលវានឹងធ្វើឱ្យប៉ះពាល់ដល់ផែនទីបង្ហាញផ្លូវរបស់រដ្ឋាភិបាលចំពោះលទ្ធិប្រជាធិបតេយ្យដល់កម្រិតណាមួយនោះ។
អ្នកសិក្សាស្រាវជ្រាវជនជាតិជប៉ុនរូបនេះ បាននិយាយថា «ក៏ប៉ុន្តែប្រសិនបើការបោះឆ្នោតត្រូវបានគេពន្យារពេលហួសពាក់កណ្តាលឆ្នាំ២០១៨ នោះ វានឹងបំផ្លាញទំនុកចិត្តរបស់អ្នកវិនិយោគទុនបរទេសយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសថៃ ហើយពួកគេនឹងបង្វែរការវិនិយោគទុនរបស់ខ្លួនទៅកាន់ប្រទេសដទៃទៀត»។
លោក Teerana Bhongmakapat ដែលជាអតីតសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅឯសាកលវិទ្យាល័យ Chulalongkorn បាននិយាយថា ការពន្យារពេលបោះឆ្នោតនឹងមិនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចឡើយ ហើយថាការប៉ះពាល់ណាមួយដែលបណ្តាលមកពីការផ្លាស់ប្តូរផែនទីបង្ហាញផ្លូវ នឹងពឹងផ្អែកទាំងស្រុងទៅលើហេតុផលមួយចំនួនដែលនៅពីក្រោយវា។
លោក Teerana បាននិយាយថា «ប្រសិនបើ វាគឺជាលទ្ធផលដែលល្អបំផុតនៃការតាក់តែងច្បាប់អង្គការ ក្រុមអ្នកវិនិយោគទុននឹងយល់ ដូច្នេះហើយការពន្យារពេលនេះ នឹងមានផលប៉ះពាល់វិជ្ជមាន។ ក៏ប៉ុន្តែប្រសិនបើ ច្បាប់នោះធ្វើមិនទាន់ពេលវេលាទេ ក្រុមអ្នកវិនិយោគទុនអាចមើលឃើញថា រដ្ឋាភិបាលមានរបៀបវារៈដែលមានការលាក់បាំងក្នុងការពន្យារពេលបោះឆ្នោត ដូច្នេះហើយវាប្រហែលជាអាចធ្វើឱ្យមានផលប៉ះពាល់អវិជ្ជមាន»។
លោក Pairoj Wongwipanon ដែលជាអតីតព្រឹទ្ធបុរសមហាវិទ្យាល័យសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Chulalongkorn បានចែករំលែកនូវទស្សនៈស្រដៀងគ្នា ដោយបាននិយាយថា វិស័យធុរកិច្ចប្រហែលជាមិនប៉ះពាល់ធ្ងន់ធ្ងរទេអំពីការបោះឆ្នោត។ អ្នកដែលស្គាល់ប្រទេសថៃនឹងមិនសម្លឹងមើលនូវការផ្លាស់ប្តូរណាមួយក្នុងរដ្ឋបាលនេះទេ។ គាត់បាននិយាយថា ពួកគេកាន់តែសម្លឹងមើលបន្ថែមទៀតទៅលើការអនុវត្ត និងគោលនយោបាយរបស់រដ្ឋាភិបាល។
លោក Trakoon Meechai អតីតសាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យ Chulalokngkorn និងលោក Suriyasai Katasila ព្រឹទ្ធបុរសរងបាននិយាយថា ពួកគេបានយល់អំពីហេតុផលសម្រាប់ការផ្លាស់ប្តូរនេះ ហើយប្រជាជនទូទៅនឹងទទួលយកវា ថាជាការចាំបាច់មួយ។
លោក Trakoon បាននិយាយថា ការពន្យារពេលនេះ នឹងមិនធ្វើឱ្យមានភាពតានតឹងផ្នែកនយោបាយនោះទេ។ ស្ថានភាពដែលកំពុងប្រឈមមុខ ដូចជា បទបញ្ញត្តិពាក់ព័ន្ធនឹងផែនការ និងពិធីថ្វាយព្រះភ្លើង នឹងពន្យល់បានច្បាស់លាស់អំពីការពន្យារពេលនេះ។
គាត់បានបន្ថែមថា អ្នកនយោបាយនឹងមិនតវ៉ានោះទេ ពីព្រោះ វានឹងមានការលំបាកក្នុងការឃោសនានៅក្នុងការបោះឆ្នោតមួយ នៅពេលដែលប្រជាជននៅតែកាន់ទុក្ខ។ ការពន្យារពេលនេះ អាចធ្វើឱ្យស្ថានភាពកាន់តែប្រសើរឡើង ពីព្រោះគណបក្សនយោបាយមានពេលវេលាច្រើនក្នុងការត្រៀមសម្រាប់ការបោះឆ្នោត និងអនុម័តលើច្បាប់ថ្មីមុនពេលមានការបោះឆ្នោត។
សកម្មជនគាំទ្រសិទ្ធិមនុស្ស លោក Sunai រំពឹងថា នឹងមានការដាក់សម្ពាធលើរដ្ឋាភិបាលពីសហគមន៍អន្តរជាតិ។ ដូចដែលរដ្ឋាភិបាលបានសន្យាចំពោះបរទេសអំពីការបោះឆ្នោត ក៏ប៉ុន្តែ បរាជ័យក្នុងការរក្សាការសន្យានេះ លោក Sunai បាននិយាយថា កិត្តិសព្ទរបស់ខ្លួននឹងមិនអាចជៀសផុតពីការរងផលប៉ះពាល់នោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ គាត់បាននិយាយថា អ្វីដែលសំខាន់ជាការបោះឆ្នោតទៅទៀតនោះ គឺបរិស្ថាននយោបាយមុនពេលបោះឆ្នោត។ នៅពេលមិត្តបរទេសទទួលយកនូវការពន្យារពេលការបោះឆ្នោតនេះ ពួកគេបានបញ្ជាក់អំពីសារៈសំខាន់នៃបរិយាកាស ដែលគួរត្រូវបានជំរុញឡើង ក្រោមការដឹកនាំបែបប្រជាធិបតេយ្យនៅថ្ងៃអនាគត។
លោក Sirote Klampaiboon អ្នកសិក្សាស្រាវជ្រាវឯករាជ្យបាននិយាយថា ភាពច្របូកច្របល់នឹងកើនឡើងក្នុងចំណោមប្រជាជន ដែលនៅស្ងប់ស្ងៀម ហើយមានជំនឿថា ការបោះឆ្នោតនឹងកើតមានឡើង។

គាត់បាននិយាយទៀតថា “នៅក្នុងរូបភាពដ៏ធំនេះ ភាពច្បាស់លាស់នៅក្នុងនយោបាយក្នុងពេលបច្ចុប្បន្នគឺស្ថិតនៅក្នុងផែនទីបង្ហាញផ្លូវ។ ក៏ប៉ុន្តែ ក្រោយមកទៀត វានឹងបន្តផ្លាស់ប្តូរ ដែលជាលទ្ធផលចេញពីភាពមិនច្បាស់លាស់”។ ខណៈដែលសារៈសំខាន់នៃផែនទីបង្ហាញផ្លូវគឺជាផែនការដើម្បីឱ្យមានការវិលត្រឡប់មកនូវរបបគ្រប់គ្រងបែបស៊ីវិល ហើយវានឹងមានការពង្រីកតទៅទៀតដោយគ្មានទីបញ្ចប់នោះ សំណួរគឺសួរថា តើយើងនឹងមានរដ្ឋាភិបាលស៊ីវិលមួយដែរ ឬយ៉ាងណា”៕
ប្រភព: The Nation ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧


ការផ្តោតការយកចិត្តទុកដាក់​ទៅលើ​អាស៊ាន ​នៅក្នុង​អាយុ ៥០ឆ្នាំ និង​ពេលអនាគត ​

អាស៊ានមានអាយុ ៥០ឆ្នាំហើយក្នុងឆ្នាំនេះ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់អង្គការក្នុងតំបន់ ដែលប្រទេសទាំង ៥ បានបង្កើតឡើង នៅពេលដែលមានការងើបឡើងនៃសង្គ្រាមត្រជាក់។ ចាប់តាំងពេលនោះមក ប្រទេសដែលជាសមាជិករបស់អង្គការនេះ បាននាំអង្គការនេះឱ្យឈានទៅកាន់ស្ថាប័នមួយដែលពឹងផ្អែកទៅលើច្បាប់ ដោយមានការចូលរួមពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់។ កាលពីចុងឆ្នាំ២០១៥ សហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានដាក់ចេញជាផ្លុវការណ៍។
ស្ថាបនិកទាំងនោះមានមោទន
ៈភាពយ៉ាងខ្លាំងចំពោះការបង្កើតស្ថាប័ននេះ។ ជាក់ស្តែង រង្វាន់ដ៏ធំបំផុតចំពោះក្រុមនេះគឺការរក្សាទុកនូវសន្តិភាព ស្ថិរភាព និងភាពរីកចំរើនក្នុងចំណោមប្រទេសទាំង១០ ហើយនិងទំនាក់ទំនងដ៏ជិតស្និតរបស់ពួកគេជាមួយនឹងដៃគូសន្ទនាជាច្រើន។ ហើយចំណងនេះបានជំរុញកំណើនសេដ្ឋកិច្ច និងមុខមាត់របស់ក្រុមនេះ ឱ្យមានលក្ខណៈអន្តរជាតិផងដែរ។
បទដ្ឋានរបស់អាស៊ានគឺ ការពិភាក្សាប្រសើរជាងការបង្កើតសង្គ្រាម ឬការទាត់ចោលនូវឥរិយាបថទាំងឡាយណា ដែលបង្កឱ្យមានជម្លោះ។ វិធីសាស្ត្ររបស់អាស៊ានបានបង្កើតឱ្យមានសន្តិភាព នៅក្នុងស្ថាប័ននេះ។
លោកបណ្ឌិត Surin Pitsuwan អគ្គលេខាធិការអាស៊ានពីឆ្នាំ២០០៨ ដល់ ២០១២ បានប្រាប់ថា មេដឹកនាំអាស៊ានដឹងវិធីសាស្ត្រដ៏ល្អបំផុតក្នុងការទប់ទល់នឹងការគំរាមកំហែងពីខាងក្រៅ ហើយនេះបានធ្វើឱ្យអាស៊ានរួមគ្នា។
លោកបានសង្កេតឃើញថា ក្នុងនាមជាសមាជិកអាស៊ាន ដែលរួមមានទាំងថ្មី និងចាស់នោះ បានបង្កើតចំណងសេដ្ឋកិច្ច និងនយោបាយកាន់តែខ្លាំងឡើង។ លោកបន្តទៀតថា គោលបំណងរបស់អាស៊ានគឺបង្កើនសាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក ក្នុងចំណោមសមាជិកអាស៊ាន។ តាមរយៈវិធីសាស្ត្រនេះហើយ បានធ្វើឱ្យអាស៊ានមិនរង្គោះរង្គើ។
បន្ទាប់ពីការអនុម័តរបស់ខ្លួនក្នុងឆ្នាំ១៩៧៦នោះ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការណ៍បានក្លាយជាឧបករណ៍បង្រួបបង្រួមអាស៊ាន និងដឹកនាំអាស៊ាន ដើម្បីឆ្លើយតបទៅនឹងពិភពលោកខាងក្រៅ។ គោលការណ៍មិនជ្រៀតជ្រែកគ្នាបានផ្តល់សមាជិកនេះនូវភាពជឿជាក់កាន់តែច្រើនឡើង។
យ៉ាងណាក៏ដោយ ជម្លោះសមុទ្រចិនខាងត្បូងបានបង្កឱ្យមានការសង្ស័យអំពី ថាតើអាស៊ានអាចធ្វើការរួមគ្នាដើម្បីការពារផលប្រយោជន៍របស់ពួកគេបានដែរឬទេ។ ដំណើរការបង្កើតការសម្រេចចិត្តដ៏យឺតយ៉ាវរបស់អាស៊ានបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំង។ អ្នកមានអំណាចផ្នែកនយោបាយចង់មើលឃើញសេចក្តីសម្រេចចិត្តរបស់អាស៊ានតាមរយៈការផ្តោតទៅលើវិធីសាស្ត្រដែលកើតចេញពីលទ្ធផលធ្វើការរួមគ្នា។
លោក Surin បានបន្ថែមទៀតថា នៅពេលអនាគត អាស៊ានត្រូវតែបង្កើតសេចក្តីសម្រេចចិត្តឱ្យកាន់តែរហ័សជាងនេះ ប៉ុន្តែត្រូវតែផ្អែកលើការស្រុះស្រួលគ្នា។
ខណៈដែលហ្វីលីពីនធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះនោះ មានបញ្ហាប្រឈមថ្មីជាច្រើនដែលទាមទារឱ្យភាពស្វិតស្វាញក្នុងការដោះស្រាយពីមេដឹកនាំ។ យ៉ាងណាក៏ដោយ ក៏មានការរំពឹងទុកផងដែរថា ក្នុងនាមប្រទេសដែលបង្កើតអំណាចឱ្យប្រជាជននោះ ហ្វីលីពីននឹងបន្តពង្រឹងវិធីសាស្ត្រដែលគិតប្រជាជនជាធំ របស់សហគមន៍អាស៊ានដដែល។
លោកបណ្ឌិត Suriya Chindawong អនុប្រធាននាយកដ្ឋានអាស៊ានរបស់ក្រសួងការបរទេសថៃបានប្រាប់ថា អាស៊ានត្រូវតែធ្វើអ្វីៗឱ្យមានសមភាពបន្ថែមទៀត ហើយត្រូវពិចារណាចំពោះការចូលរួមពីមនុស្សធម្មតា។ សុខដុមនីយកម្មរបស់ប្រជាជនគឺជាកម្រិតនៃការវាស់វែងនូវអាយុវែងឆ្ងាយ និងជោគជ័យរបស់អាស៊ាននាពេលអនាគត។
លោកបន្តទៀតថា «បញ្ហាប្រឈមនាឆ្នាំក្រោយៗរបស់អាស៊ាននឹងរួមមានទាំងបញ្ហាចាស់ និងបញ្ហាថ្មី ដែលរួមមានបំរែបំរួលអាកាសធាតុ បញ្ហាសន្តិសុខ និងសុវត្តិភាពស្បៀងអាហារ ភេវរកម្ម ការគ្រប់គ្រងគ្រោះធម្មជាតិ ការលុបបំបាត់ភាពក្រីក្រ និងព្រមទាំងបញ្ហាដែលជាប់ទាក់ទងនឹងការការពារសង្គមផងដែរ»។
ខណៈដែលសហគមន៍សេដ្ឋកិច្ចអាស៊ានឈានចូលក្នុងឆ្នាំទី២របស់ខ្លួននោះ ក្រៅពីគោលបំណងនៃសេដ្ឋកិច្ច និងនយោបាយ ទស្សនៈសំខាន់បំផុតស្តីពីកិច្ចសហប្រតិបត្តិការណ៍របស់អាស៊ាននៅតែស្ថិតក្នុងវិស័យនៃការអភិវឌ្ឍដដែល។
លោកបានបន្ថែមទៀតថា អាស៊ានមានទស្សនៈច្បាស់លាស់មួយក្នុងការបន្តនូវការអភិវឌ្ឍប្រកបដោយចីរភាពទាំងនៅក្នុងបរិបទតំបន់ និងអន្តរជាតិ៕

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបប្រធានាធិបតីសឹង្ហបុរី

នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍ និងទទួលជួបពិភាក្សាការងារជាមួយ លោក Tony Tan Keng Yam ប្រធានាធិបតីសឹង្ហបុរី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
នៅក្នុងជំនួបនោះ ប្រមុខដឹកនាំនៃប្រទេសទាំង២ បានពិភាក្សាគ្នាក្នុងបរិយាកាសរីករាយនិងស្និទ្ឋស្នាលបំផុត ដើម្បីពង្រឹងកិច្ចសហប្រត្តិបត្តិរ និងជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរអោយកាន់តែមានទំហំធំឡើង ។ បន្ទាប់មក លោកនាយករដ្ឋមន្ត្រី និង លោកប្រធានធិបតីសឹង្ហបុរី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាលើឯកសារ MOU មួយចំនួន ដូចជា ១)អនុស្សារណៈយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ជាមួយវិទ្យាស្ថានអប់រំបច្ចេកទេសសឹង្ហបុរី ក្នុងនោះគឺរាជរដ្ឋាភិបាលកម្ពុជានឹងបញ្ជូនគ្រូបង្គោលចំនួន ៨០នាក់ទៅបណ្តុះបណ្តាជំនាញសំខាន់ៗចំនួន៣មុខនៅសឹង្ហបុរីគឺ ១)ជំនាញទំនាក់ទំនងព័ត៌មានវិទ្យាចំនួន ៣២នាក់, ២)ជំនាញបច្ចេកវិទ្យាគ្រឿងយន្តចំនួន ៣២នាក់, ៣)ជំនាញអេឡិចត្រូនិកចំនួន ១៦នាក់។
វិទ្យាស្ថានអប់រំបច្ចេក ទេស (ITE) សឹង្ហបុរី គឺជាវិទ្យាស្ថានដ៏ល្បីឈ្មោះមួយទាំងនៅក្នុងកម្រិតតំបន់ និងសកលលោក។ ចំពោះ អនុស្សារណៈទី២គឺ រវាងមន្ទីរពេទ្យកាល់ម៉ែត្រកម្ពុជា ជាមួយនឹងមន្ទីរពេទ្យ Tan Tock Seng ប្រទេសសឹង្ហបុរីដើម្បីពង្រឹងវិស័យសុខាភិបាលអោយកាន់តែមានប្រសិទ្ឋភាពខ្ពស់ឡើង។
នៅរាត្រីយប់នេះ លោកនាយករដ្ឋមន្ត្រី នឹងដង្ហែព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីលៀងសាយភោជន៍ ជាមួយ លោកប្រធានា ធិបតីសឹង្ហបុរី និងលោកជំទាវនៅព្រះបរមរាជវាំងផងដែរ៕