Monday, January 28, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទាត់ចោលឯកសារក្លែងក្លាយ អំពីផែនការកាត់បន្ថយក្រសួងរបស់រាជរដ្ឋាភិបាល

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានទាត់ចោលនូវឯកសារក្លែងក្លាយមួយ ដែលបានចែកចាយលើបណ្តាញទំនាក់ទំនងសង្គមថា រាជរដ្ឋាភិបាល មានផែនការកាត់បន្ថយក្រសួងទាំងអស់ មកត្រឹមចំនួន១៦ក្រសួង ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកថា ការបង្កើតឯកសារក្លែងក្លាយនេះជាផែនការដ៏អាក្រក់របស់ជនទុច្ចរិត ដែលមានបំណងចង់បំផ្លាញទំនុកចិត្តលើប្រព័ន្ធការងាររបស់រាជរដ្ឋាភិបាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ តាមរយៈ​បទ​សម្ភាសជាមួយ​ Fresh News បាន​បញ្ជាក់​ដូច្នេះថា «ឯកសារនេះ គឺជាឯកសារក្លែងក្លាយសុទ្ធសាធ និងជាផែនការដ៏អាក្រក់មួយ​ ដើម្បីបំផ្លាញទំនុកចិត្តលើមន្រ្តី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​ ដូច្នេះសូមប្រកាសទាត់ចោលទាំងស្រុងនូវឯកសារក្លែងមួយនេះ»។
សូមជំរាបផងដែរថា ឯកសារក្លែងមួយ​ ត្រូវបានឃើញគេចែកចាយតៗគ្នា​ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និង Telegram កាលម្សិលមិញ និងថ្ងៃនេះ ហើយឯកសារក្លែងក្លាយនេះក៏ត្រូវបានគេបង្កើតឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងវេទិកាជួបជាមួយកម្មករ នៅខេត្តកំពត បានប្រកាសថា នៅថ្ងៃខាងមុខការិយាល័យ ឬមន្ទីររបស់ក្រសួងមួយចំនួន​ នៅតាមស្រុកនឹងត្រូវលុបចោល គឺទុកតែការិយាល័យប្រតិបត្តិការកងទ័ព នគរបាល សុខាភិបាល អប់រំ និងរៀបចំដែនដីតែប៉ុណ្ណោះ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងកាត់បន្ថយលើការចំណាយថវិកាជាតិ៕



អ្នកនាំពាក្យ CPP អះអាងថា ការបន្តប្រើប្រាស់ស្លាកសញ្ញា (ឡូហ្គោ) របស់ CNRP គឺជាការរំលោភច្បាប់

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ការបន្តប្រើប្រាស់ស្លាកសញ្ញា (ប្រើឡូហ្គោ) របស់អតីតគណបក្ស សង្រ្គោះជាតិ (CNRP) គឺជាការរំលោភច្បាប់ហើយដែលនឹងត្រូវទទួលទោស ផងដែរ។ ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ខណៈអ្នកប្រឆាំងរបស់អតីតបក្សសង្គ្រោះជាតិន បន្តប្រើឡូហ្គោរូប ព្រះអាទិត្យដែលជានិមិត្តសញ្ញារបស់គណបក្សដដែល។ ជាងនេះអតីតបក្ស នេះតែងតែចេញសេចក្តីថ្លែងការណ៍នានាដោយ ប្រើរូបឡូហ្គោបក្សថែម ទៀតផងក្នុងពេលគណបក្សមិនមានរូបរាងដែលត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីចុងឆ្នាំ២០១៧។
លោក សុខ ឥសាន បានឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ថា អតីតគណបក្សប្រឆាំងត្រូវបានតុលាការកំពូលសម្រេចរំលាយចោលរួចហើយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដូច្នេះរាល់រចនាសម្ព័ន្ធ ឡូហ្គោ របស់អតីតបក្សនេះ ត្រូវអស់សុពលភាពប្រើប្រាស់ហើយ។ លោកបានបន្តថា បើមានអ្នកណាប្រើប្រាស់ទៀត គឺជាទង្វើខុសច្បាប់ ដោយសារប្រឆាំងនឹងសាលដីកាសា្ថពរ និងបិទផ្លូវតវ៉ារបស់តុលាការកំពូល ។
អ្នកនាំពាក្យគណបក្សកាន់អំណាចដដែលនេះ បានបន្ថែមថា សមត្ថកិច្ចមាន ភារកិច្ចអនុវត្តច្បាប់ ណែនាំឱ្យមានការគោរព និងអនុវត្តឱ្យបានត្រឹមត្រូវ ទៅតាមច្បាប់ជាធរមានបើក្នុងករណីនៅតែរឹងទទឹងត្រូវមានវិធានការណ៍ទប់ស្កាត់ និងបង្ក្រាបដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋទូទៅ៕
ប្រភព៖ CPP News

ទស្សនៈមិត្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី កំពុងប្រមាថឆន្ទៈអ្នកបោះឆ្នោតកម្ពុជា

ថ្មីនេះៗនៅលើទំព័ហ្វេសប៊ុករបស់ សម រង្ស៊ី បានធ្វើការផ្សព្វផ្សាយក្នុងន័យប្រមាថអ្នកបោះឆ្នោតដ៏ច្រើនលើសលុប និងក្នុងលក្ខណៈញុះញង់យ៉ាងធ្ងន់ធ្ងរ ដោយបុគ្គលរូបនេះបានថ្លែងអំពាវនាវដល់កងទ័ព សូមកុំការពាររដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ហើយបានចាត់ទុករដ្ឋសភា និងរដ្ឋាភិបាលសព្វថ្ងៃ ជារដ្ឋសភាក្លែងក្លាយ និងនាយករដ្ឋមន្ត្រីក្លែងក្លាយទៅវិញ។ល។ ដែលជាការអធិប្បាយបែបទុច្ចរិត មួលបង្កាច់ បំភាន់ និងញុះញង់ដ៏ធ្ងន់ធ្ងរ វាយប្រហារលើឆន្ទៈអ្នកបោះឆ្នោតកម្ពុជា និងបំផុសកម្លាំងមហាជនឱ្យងើបប្រឆាំងនឹងរដ្ឋអំណាចស្របច្បាប់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ តើប្រជាជនដ៏ច្រើនលើសលុចចេញទៅបោះឆ្នោតនោះជាការបោះឆ្នោតក្លែងក្លាយ? តើរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតជារដ្ឋាភិបាលក្លែងក្លាយ? តើហេតុអ្វីចាំបាច់ញុះញង់ប្រជាជនកាន់អាវុធ ពេលដែលប្រទេសកំពុងមានសុខសន្តិភាព និងស្ថេរភាព?
ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ និងដោយប្រកាន់ខ្ជាប់ស្មារតីនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺប្រទេសកម្ពុជា ពិសេស រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានអនុវត្តដោយឥតងាករេតាមមាគ៌ាប្រជាធិបតេយ្យ សេរីពហុបក្សដ៏ត្រឹមត្រូវ ដោយបានបន្តការគ្រប់គ្រង និងដឹកនាំរដ្ឋតាមរយៈការបោះឆ្នោតសកលយ៉ាងទៀតទាត់ ដោយមានការចូលរួមការបោះឆ្នោតរបស់អ្នកបោះឆ្នោតយ៉ាងច្រើសលើសលុប ដើម្បីសម្រេចតាមឆន្ទៈរបស់ខ្លួនក្នុងការជ្រើសតាំងគណបក្សនយោបាយណាមួយ ដែលខ្លួនពេញចិត្តដឹកនាំរដ្ឋាភិបាល។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជាដែលមានលោក ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្រ្តី តែងតែទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីអ្នកបោះឆ្នោតកម្ពុជា ពិសេសការបោះឆ្នោតស​កលកាលឆ្នាំ២០១៨កន្លងទៅនេះ មានអ្នកបោះឆ្នោតជាង៨៣.២% បាននាំគ្នាចេញទៅបោះឆ្នោតភ្លូកទឹកភ្លូកដីគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំរដ្ឋាភិបាលដោយពួកគេបានមើលឃើញនូវស្នាដៃធំៗជាច្រើនដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​សម្រេចបានដែលមានលោក ហ៊ុន សែន ជាមេដឹកនាំដ៏មានសមត្ថភាព បទពិសោធន៍ និងមានចក្ខុវិស័យដ៏ច្បាស់លាស់ ដែលអាចនាំនាវាកម្ពុជាឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង វិបុលភាព និងដ៏រុងរឿងក្រោមម្លប់នៃសុខសន្តិភាព។
ផ្ទុយទៅវិញ វាជាការគួរឱ្យអាម៉ាស់ជាទីបំផុតចំពោះការប្រមាថយ៉ាងធ្ងន់ធ្ងររបស់ទណ្ឌិត សម រង្ស៊ី មកលើប្រជាជនខ្មែរដ៏ច្រើនលើសលុបដែលបានចេញមកបោះឆ្នោតគាំទ្រគណបក្សប្រជាជន នៅពេលដែលបុគ្គលរូបនេះ បានបរាជ័យយ៉ាងអាម៉ាស់ក្នុងការអំពាវនាវឱ្យប្រជាជនដេកផ្ទះ ឈ្នះស្អាត ក៏ប៉ុន្តែ ប្រជាជនអ្នកបោះឆ្នោតមិនអាចដេកផ្ទះឈ្នះស្អាតបានឡើយ ហើយអ្នកបោះឆ្នោតបាននាំគ្នាចេញទៅបោះឆ្នោត ដើម្បីយកសុខសន្តិភាព  ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ព្រមទាំងរក្សាការងារ និងមុខរបររកស៊ីជាសំខាន់។ ទាំងនេះជាការបរាជ័យម្តងទៀត ដ៏អាម៉ាស់របស់បុគ្គលរូបនេះ ហើយឥឡូវបាននិងកំពុងសាកល្បងម្តងទៀត ដោយព្យា​យាមវាយប្រហារមកលើការបោះឆ្នោតកន្លងទៅថា ជាការបោះឆ្នោតក្លែងក្លាយវិញ។
ទណ្ឌិត សម រង្ស៊ី ជាមនុស្សអាត្មានិយម យកភ័ព្វវាសនារបស់ខ្លួនពឹងលើការកម្ទេចឆ្នាំងបាយរបស់កម្មកររាប់សែននាក់ ជាបុគ្គលបរាជ័យក្នុងគ្រប់យុទ្ធសាស្រ្តរបស់ខ្លួន ចាញ់ហើយចាញ់ទៀត មិនព្រមចាញ់ ខុសហើយខុសទៀត ខុសមិនខ្ចីកែកំហុសដដែលៗ រហូតជាកំហុសដែលគ្មានទេវតាណាមកជួយសង្រ្គោះបាន ក៏ព្រោះតែបុគ្គលរូបនេះ នៅតាំងខ្លួនឯងជាមនុស្សអស្ចារ្យលើសគេ គ្មានអ្នកស្មើនឹងខ្លួន ឬធ្វើបានដូចខ្លួន ដែលជាបុគ្គលជាប់ជំពាក់នឹងការស្រេកឃ្លានអំណាច បើទោះបី អ្នកណាត្រូវស្លាប់ ឬ ត្រូវជាប់គុកដោយសារគាត់ គាត់ក៏មិនខ្ចីធ្វើដឹង ព្រោះវាសនាខ្លួនគាត់ពឹងតែលើបរទេស ពឹងលើការបង្កើតជំនឿក្លែងក្លាយ ពឹងលើសិល្បៈនៃអណ្តាតមួលបង្កាច់ដ៏ស្ទាត់ជំនាញ បំផុសបំផុល ញុះញង់ និងការបង្កើតឱ្យមានកំហឹងក្នុងសង្គមទាញទម្លាក់ប្រទេសឱ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាម និងអសន្តិសុខ។
ជាការពិតណាស់ សម្រាប់ទណ្ឌិតរូបនេះបានយល់ឃើញច្បាស់ថា មេរៀនក្នុងប្រវត្តិសាស្រ្តដ៏អាក្រក់បំផុតក្នុងទស្សវត្យឆ្នាំ១៩៧០ ដោយមានការជួយជ្រោមជ្រែងពីអាមេរិក បានទម្លាក់ សម្តេចព្រះបាទបរមរតនកោដ្ឋ នរោត្តម សីហនុ ពីអំណាច ហើយបានធ្វើឱ្យប្រជាជន និងជាតិមាតុភូមិមួយនេះ ធ្លាក់ចូលក្នុងភ្លើងសង្រ្គាម និងក្តីមហន្តរាយ ក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក៏លោក សម រង្ស៊ី មិនខ្ចីខ្វល់ គឺធ្វើយ៉ាងណាដើម្បីខ្លួនគាត់ទទួលបានអំណាចក្នុងដៃសិន។ ក្រៅពីបានអនុវត្តនយោបាយការទូតទុច្ចរិតនៅឯនាយសមុទ្រ អ្នកណាៗក៏បានដឹងយ៉ាងច្បាស់ថា បុគ្គលសម រង្ស៊ី គឺជាទណ្ឌិត  ដែលតុលាការត្រូវការចាប់ខ្លួនដោយសារបុគ្គលរូបនេះ បានប្រព្រឹត្តបទល្មើសជាច្រើនករណី ដែលកំពុងមានសាលដីការតាមចាប់ខ្លួន  និងនៅមានករណីជាច្រើនទៀតកំពុងស្ថិតក្នុងដៃតុលាការនៅឡើយ។ ក្រោយពីទណ្ឌិតរូបនេះបានច្បាមក្តាប់អំណាចជាប្រធានស្តីទីនៃបក្សខ្មោចមួយដ៏ចំរូងចំរាស់កន្លងទៅ ទណ្ឌិតរូបនេះបានព្យាយាមចង់វិលត្រឡប់ចូលស្រុកវិញ ដោយបាននិងកំពុងធ្វើចលនាខុសច្បាប់ កៀរគរ និងបំផុសឱ្យអ្នកគាំទ្ររបស់ខ្លួនរង់ចាំទទួលរូបគាត់ពេលត្រឡប់មកវិញក្នុងពេលមួយមិនកំណត់ក្នុងអ្វីដែលមហាជនភាគច្រើនមើលឃើញថា វាគ្រា​ន់តែជាផ្គរលាន់ក្នុងរដូវ​ប្រាំងក្នុងយុទ្ធសាស្រ្តរាក់កំផែលដដែលៗ បែបស្វារុញគូថកូនចៅឱ្យចូលទៅជាប់ក្នុងទ្រុងដោយមិនបានដឹងអ្វីឱ្យច្បាស់ប្រាកដ។
ឥឡូវសភាពការណ៍វាកាន់តែច្បាស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន នៅតែបន្តដើរលើផ្លូវដ៏ត្រូវត្រូវ គឺត្រូវការពារឱ្យបាននូវឯករាជ្យ អធិបតេយ្យជាតិ និងសុខសន្តិភាពឱ្យបានគង់វង្ស ដើម្បីការអភិវឌ្ឍ និងវិបុលភាព និងការរីកចម្រើនរបស់ប្រជាជន និងប្រទេសជាតិ។ ផ្ទុយទៅវិញការប្រកាសអំពាវនាវដល់ប្រជាជនខ្មែរឱ្យនាំគ្នាកាន់អាវុធ រក្សាអាវុធទុកក្នុងដៃ គឺពិតជាអំពើមិនត្រឹមត្រូវ អំពើផ្ទុយនឹងច្បាប់ ជា​គំនិត​បែបទុច្ចរិតផ្ទុយពីនិន្នាការទូទៅ និងបំណងប្រាថ្នារបស់ប្រជាជន ដែលចង់បានសុខសន្តិភាព សង្គមមួយមានស្ថេរភាពទាំងសេដ្ឋកិច្ច និងនយោបាយ ព្រោះថា ប្រជាជនកម្ពុជានិងជាតិមាតុភូមិមួយនេះហាក់ដូចបានឆ្អែតឆ្អន់ និងធុញទ្រាន់នឹងសង្រ្គាមយូរណា​ស់មកហើយ ការឈឺចាប់ព្រាត់ប្រាស់គ្រួសារដ៏ឈឺចាប់វាល្មមនឹងលែងទទួលបានទៀតដែរ។
ជាក់ស្តែងការចេញទៅបោះឆ្នោតសកលភ្លូកទឹកភ្លូកដីកន្លងទៅថ្មីៗនេះ ពិតជាបានបង្ហាញយ៉ាងច្បាស់ថា ប្រជាជនកម្ពុជាស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ស្រឡាញ់សុខសន្តិភាព ចង់បានការអភិវឌ្ឍជាទីបំផុត។ តើចាំបាច់អ្វីត្រូវកាន់អាវុធនាពេលនេះ? ប្រទេសមានច្បាប់ កងទ័ពត្រូវមានកាតព្វកិច្ចផ្តាច់មុខការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងនឹងអំពើភេវរកម្ម អំពើទាំងឡាយដែលបំផ្លាញរដ្ឋ ចលនាប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល។ល។ ដែលជាក្រិត្យក្រមក្នុងការគ្រប់គ្រង និងការដឹកនាំរដ្ឋក្នុងសម័យទំនើបនេះ។ ការប្រព្រឹត្តអ្វីៗទាំងឡាយដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ គឺជាអំពើខុសច្បាប់ ព្រោះ រដ្ឋធម្មនុញ្ញជាច្បាប់កំពូលធានានូវនិរន្តភាពនៃរដ្ឋ។ ដូច្នេះក្នុងន័យនេះ ប្រជាជនខ្មែរមិនចាំបាច់កាន់អាវុធ ឬ រក្សាទុកអាវុធក្នុងដៃនោះទេ ក៏ប៉ុន្តែ ការអំពានាវរបស់ទណ្ឌិតនេះ គឺជាចេតនាញុះញង់ ការបំផុសបំផុលឱ្យប្រជាជនងើបប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជារដ្ឋអំណាចត្រូវបានអ្នកបោះឆ្នោតដ៏ច្រើនលើលុបបានសម្រេចបោះឆ្នោតគាំទ្រផ្តល់សេចក្តីទុកចិត្តរួចមកហើយនោះ គឺគ្មានអ្នកណាម្នាក់នឹងដើរតាមគំនិតដ៏ឆ្គួតលីលា ហើយក៏នឹងមិនទៅជាប់គុកតាមការអំពាវនាវរបស់ទណ្ឌិតនេះឡើយ។
ជារួមការសម្រេចចេញទៅបោះឆ្នោតអសកលដ៏ច្រើនលើសលុបកន្លងទៅ គឺពិតជាបានបង្ហាញយ៉ាងច្បាស់ឱ្យឃើញនូវឆន្ទៈដ៏មោះមុតរបស់អ្នកចេញទៅបោះឆ្នោត សម្តែងឱ្យឃើញនូវកម្លាំងសាមគ្គីដ៏រឹងមាំដើម្បីជ្រោងទង់សន្តិភាព និងការអភិវឌ្ឍ ពិសេស ឆន្ទៈការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ ដោយអនុវត្តយ៉ាងត្រឹមត្រូវតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ប្រជាជនកម្ពុជា ក្នុងនាមជាម្ចាស់ប្រទេស ជាម្ចាស់នៃអំណាចបានអនុវត្តសិទ្ធិរបស់ខ្លួនយ៉ាងពេញលេញ ដើម្បីបោះឆ្នោតជ្រើសតាំងរដ្ឋសភា និងរដ្ឋាភិបាល ដែលជាសិទ្ធិស្វ័យសម្រេចរបស់ខ្លួន និងជាឆន្ទៈពិតប្រាកដរបស់ខ្លួនស្របតាមការបោះឆ្នោតប្រជាធិបតេយ្យមួយដ៏ត្រឹមត្រូវ មិនមែនជាការបោះឆ្នោតក្លែងក្លាយ ឬ ការបោះឆ្នោតលេងសើចដូចការលើកឡើងដ៏ល្ងង់ខ្លៅរបស់ទណ្ឌិត សម រង្ស៊ី នោះឡើយ។ ហើយប្រជាជនកម្ពុជាមានសេចក្តីសុខគ្រប់គ្រាន់ណាស់ក្នុងយុគ្គសម័យមាស សម័យសន្តិភាព ដែលខ្មែរគ្រប់រូបមិនត្រូវការកាន់អាវុធ ឬ រក្សាអាវុធទុកក្នុងដៃ ដែលជាទង្វើផ្ទុយនឹងច្បាប់ជាតិបានឡើយ ហើយពលរដ្ឋរាល់រូបត្រូវប្រតិបត្តិតាមច្បាប់ជាតិ ដើម្បីសេចក្តីសុខសាន្តសម្រាប់ជាតិផង និងផ្ទាល់ខ្លួនផង ដែលខ្មែរយើងតែងពោលថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ៕
 ដោយ៖ ឡុង បូរិតា

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍​នៃសាធារណរដ្ឋ​ប្រជាមានិតចិន​ ធ្វើដំណើរទស្សនកិច្ច​នៅរមណីយដ្ឋាន​ទឹកដីអង្គរ​

សៀមរាប៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋ ប្រជាមានិតចិន លោក Luo Shu Gang បានមកបំពេញទស្សនកិច្ចផ្លូវការ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលអមដំណើរ ដោយលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀតនោះ លោករដ្ឋមន្រ្តី ព្រមទាំងគណៈប្រតិភូទាំងអស់ បានធ្វើទស្សនកិច្ចទៅកាន់ប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ពិសេសទៅកាន់ប្រាសាទដែលស្ថិតក្នុងគម្រោងសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាសម្រាប់បេតិកភណ្ឌវប្បធម៌ចិន ហៅកាត់ថា CSA។
ក្នុងឱកាសនោះ គណៈប្រតិភូដែលដឹកនាំដោយលោក Luo Shu Gang បានអញ្ជើញទៅទស្សនកិច្ចនៅប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ ដែលប្រាសាទទាំងពីរនេះត្រូវបានជួសជុលក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាសម្រាប់បេតិកភណ្ឌវប្បធម៌ចិន។ ក្រៅពីទស្សនកិច្ចស្វែងយល់ពីការជួសជុលនៅប្រាសាទទាំងពីរខាងលើ លោក Luo Shu Gang និងគណៈប្រតិភូក៏បានទៅទស្សនាប្រាសាទបាយ័ន្ត ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រី និងប្រាសាទភ្នំបាខែង ដែលជាគោលដៅបញ្ចប់ដំណើរទស្សនកិច្ចក្នុងខេត្តសៀមរាប។
ក្នុងដំណើរទស្សនកិច្ចខាងលើនេះ លោក Luo Shu Gang បានចាប់ អារម្មណ៍ខ្លាំងទៅនឹងសំណង់ប្រាសាទបុរាណខ្មែរ ដែលមានក្បូរក្បាច់ចម្លាក់ រចនាល្អឥតខ្ចោះ ស័ក្ដិសមជាសម្បតិ្តបេតិកភណ្ឌពិភពលោក។ ទាក់ទង នឹងការងារអភិរក្ស និងជួសជុលប្រាសាទវិញ លោកក៏បានសម្តែងការវាយ តម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នជំនាញនៃប្រទេសទាំងពីរ និងបញ្ជាក់ថា ប្រទេសចិនមានកិត្តិយសធំធេងណាស់ ដែលបានចូលរួម ចំណែកលើការងារជួសជុល និងអភិរក្សប្រាសាទនៅរមណីយដ្ឋានអង្គរ។
គួរបញ្ជាក់ថា៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នឹងបន្តដំណើរទស្សន កិច្ចទៅកាន់រាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ដើម្បីជួប ពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ មួយចំនួនទៀត។ ក្នុងនោះដែរ លោកគ្រោងនឹងចូលរួមជាអធិបតីភាព ក្នុងទិវាឆ្នាំទេសចរណ៍ និងវប្បធម៌ចិន-កម្ពុជាដំបូង ដែលធ្វើឡើងនៅ សាលចតុមុខ មុននឹងធ្វើដំណើរត្រឡប់ទៅប្រទេសមាតុភូមិវិញ៕



គ.ជ.ប បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការចាប់ផ្តើមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការចាប់ផ្តើមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ នៅសាលសន្និសីទសារព័ត៌មានជាន់ទី១ នៃទីស្តីការ គជប ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលទទួលបាននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ។
គ.ជ.ប បានឱ្យដឹងថា ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំនេះមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញឆ, តំណាងព្រឹទ្ធសភា, តំណាងរដ្ឋសភា,ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរាជរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន, អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។
សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលមានខ្លឹមសារដូចខាងក្រោម៖

រាជរដ្ឋាភិបាលកម្ពុជា ជួបពិគ្រោះយោបល់ជាលើកដំបូងជាមួយអង្គការមិនមែនរាជរដ្ឋាភិបាលបរទេស

រាជរដ្ឋាភិបាលកម្ពុជា នឹងជួបពិគ្រោះយោបល់ជាលើកដំបូងជាមួយអង្គការមិនមែនរាជរដ្ឋាភិបាលបរទេស ដែលកំពុងបំពេញការងារនៅកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនទានដោយស្មោះត្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលបរទេស។
យោងតាមការជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះបានឲ្យដឹងថា ជំនួបពិគ្រោះយោបល់ជាលើកដំបូងរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលបរទេសនេះ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំនេះ។ លោករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាបើក ដោយផ្តោតទាំងស្រុងលើវត្តមាន និងការរួមចំណែករបស់អង្គការមិនមែនរដ្ឋាភិបាលបរទេសក្នុងស្រុក នៅក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងសិទ្ធិនិងកាតព្វកិច្ចរបស់ពួកគេ ក្រោមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។
ក្នុងសេចក្តីជូនដំណឹងបានឲ្យដឹងថា តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជា និងតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេសសរុបប្រមាណ៣០០នាក់ នឹងចូលរួមក្នុងវេទិកាពិគ្រោះយោបល់ជាលើកដំបូងនេះ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែតដោយសារសង្រ្គាមនិងរបបប្រល័យពូជសាសន៍

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ កម្ពុជាយើងមានការរីកចម្រើនទៅមុខជាលំដាប់គួរឱ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃដូចឃើញនឹងភ្នែកស្រាប់ដូចជាសំណង់អាគារទាបខ្ពស់តូចធំ ផ្លូវថ្នល់ខ្វាត់ខ្វែង ស្ពានអាកាស និងរោងចក្រ សាលារៀន មន្ទីរពេទ្យ បូរី សណ្ឋាគារ និងផ្សារទំនើប កំពុងកើតឡើងយ៉ាងច្រើនបន្តបន្ទាប់នៅក្នុងប្រទេសជាតិរបស់យើង។ លោកក៏មិនភ្លេចក្នុងការរំលឹកផងដែរថា យើងលំបាកវេទនាខ្លាំងណាស់ទម្រាំបានឆ្លងរួចផុតពីសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត ហើយកម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែតដោយសារសង្រ្គាមនិងរបបប្រល័យពូជសាសន៍។
នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជា់ថា «មើលរូបថតខ្ញុំនិងភរិយា គឺមិនគួរអោយជឿថា កម្ពុជាយើងបានរីកចម្រើនលឿនមកដល់ដំណាក់កាលនេះ! យើងលំបាកវេទនាខ្លាំងណាស់ ទម្រាំបានឆ្លងរួចផុតពីសង្រ្គាមនិងរបបប្រល័យពូជសាសន៍ប៉ុលពត។ នៅពេលនេះ យើងឃើញស្រាប់នឹងភ្នែកហើយ សំណង់អាគារទាបខ្ពស់តូចធំ ផ្លូវថ្នល់ខ្វាត់ខ្វែង ស្ពានអាកាស និងរោងចក្រ សាលារៀន មន្ទីរពេទ្យ បូរី សណ្ឋាគារ និងផ្សារទំនើប…កំពុងកើតឡើងយ៉ាងច្រើនបន្តបន្ទាប់នៅក្នុងប្រទេស។ កម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែត ដោយសារសង្រ្គាម និងរបបប្រល័យពូជសាសន៍ ដូច្នេះយើងត្រូវតែទប់ស្កាត់មិនអោយកើតមានឡើងសារជាថ្មីទៀតឡើយ។ ខ្ញុំសប្បាយចិត្ត នឹងមានជំនឿជឿជាក់លើការខិតខំប្រឹងប្រែងរបស់បងប្អូន និងការចូលរួមដ៏សកម្មពីវិស័យឯកជន ដែលបានកែប្រែជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរ ព្រមទាំងបានជួយពង្រឹងដល់ខឿនសេដ្ឋកិច្ចជាតិរឹងមាំទៀតផង»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសន្យាថា ក្រោមការដឹកនាំរបស់លោកគឺធានាច្បាស់ថា កម្ពុជានឹងបន្តរស់នៅក្នុងម្លប់សន្តិភាពដ៏យូរអង្វែងដែលជាបំណងប្រាថ្នារបស់ប្រទេសជាតិយើងទាំងមូល៕

លោកឧបនាយករដ្ឋមន្ត្រី ស ខេង ថ្លែងថា ករណីលោកសម រង្ស៊ី ចង់ចូលស្រុកនោះគឺលោករង់ចាំតែអនុវត្តច្បាប់តែប៉ុណ្ណោះ

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា លោក សម រង្ស៊ី ក្នុង​ល​ទ្ធភាព ៥០ ភាគរយ​អាច​ប្រ​ថុយ​វិលត្រឡប់​ចូលមក​កម្ពុជា​វិញ ដោយសារតែ​អស់​ផ្លូវ​ដើរ ខណៈ​កងទ័ព​បានប្រកាស​វាយ​កម្ទេ​ច​ជន​ក្បត់ជាតិ​ដែល​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងតាមរយៈការបោះឆ្នោតដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និង​ចាប់ខ្លួន​រូបលោកដោយសារតែលោកមានទោសតាមអំណាចសាលដីកាស្ថាពរ។ លោក បានថ្លែងបែបនេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤១​ អាណត្តិ​ទី​៥ របស់គណបក្សប្រជាជនកម្ពុជា​ នៅខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែមករា​ ឆ្នាំ​២០១៩​។
លោកឧបនាយករដ្ឋមន្រ្តី ស ខេង​ បាន​ថ្លែងថា ការរត់​ចោលស្រុក និង​ការប្រកាស​ចូលមក​វិញ​របស់លោ​ក សម រង្ស៊ី មិនមែនជា​លើក​ទី ១ ទេ។ លោក​បាន​ពន្យល់​ដល់​ព​ល​រដ្ឋ​កុំ​ឱ្យយល់ច្រ​ឡំ​ថា ការ​រត់​​គេច​ខ្លួន​ទៅ​បរទេស​របស់លោក សម រង្ស៊ី គឺជា​ការ​និរទេស​ខ្លួន ឬ​ជាការ​បណ្ដេ​ញចេញ។ លោ​​ក​បានបញ្ជាក់ថា លោក​មិនដែល​រារាំង​លោក សម រង្ស៊ី មិន​ឱ្យត្រឡប់មក​កម្ពុជា​វិ​ញ​ទេ គឺ​លោក​មានតែ​រង់ចាំ​អនុវត្ត​ច្បាប់​ប៉ុណ្ណោះ។
លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង យល់ឃើញថា ការប្រកាស​វិល​ចូល​ស្រុក​នេះ គឺជា​ល្បិចដដែលៗរបស់លោកសម រង្ស៊ី ដើម្បីរក្សា​កម្លាំង​ខាងក្នុងគ្រប់គ្រង​កម្លាំង​ខាងក្នុង​ដើម្បី​រក្សា​ក្ដី​ស​ង្ឃឹមថា សម រង្ស៊ី នៅតែ​ជា​មេដឹកនាំ​មាន​ឥទ្ធិពល៕