Saturday, March 26, 2022

អនុក្រឹត្យ​ របស់រាជរដ្ឋាភិបាលកម្ពុជា​ លេខ២២​ អនក្រ.បក​ ស្ដីពីការផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ និង ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦។

 





បទអត្ថាធិប្បាយ៖ «បច្ច័យនៃសង្គ្រាមត្រជាក់» ហួសសម័យហើយ! អង្គការណាតូគួរតែរំសាយ

(ប៉េកាំង)៖ នៅថ្ងៃទី២៤ ខែមីនា តាមម៉ោងក្នុងតំបន់ វេបសាយផ្លូវការរបស់អង្គការណាតូ បានបង្ហោះរូបថតមួយសន្លឹក នៃអ្នកដឹកនាំអាមេរិកនិងអឺរ៉ុប ដែលបានចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ។ ទីតាំងឈរនិងប្លង់ថតដែលរចនាយ៉ាងផ្ចិតផ្ចង់ រឿងលំអិតនីមួយៗហាក់ដូចជាបាន បញ្ចេញព័ត៌មានទៅកាន់មជ្ឈដ្ឋានខាងក្រៅថា៖ «អង្គការណាតូកាលពីមុន» ត្រឡប់មកវិញហើយ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល លោក បៃដិន ប្រធានាធិបតីអាមេរិក ក៏បានប្រញាប់ប្រញាល់ប្រកាសទៅកាន់ មជ្ឈដ្ឋានខាងក្រៅថា អង្គការណាតូ «មានភាពខ្លាំងក្លានិងសាមគ្គីភាព» ដូចកាលពីមុន។

ប៉ុន្តែការពិតគឺអ៊ីចឹងមែនទេ? ការតុបតែងយ៉ាងប្រណីតយ៉ាងណាក៏មិនអាចបិទបាំង នូវវិបតិ្តភាពស្របច្បាប់របស់សហព័ន្ធយោធាធំជាងគេ នៅលើពិភពលោក និងការខ្វែងគំនិតធ្ងន់ធ្ងរក្នុងអង្គការមួយនេះដែរ។ ក្នុងនាមជាបច្ច័យនៃសង្រ្គាមត្រជាក់ «អង្គការណាតូកាលពីមុននោះ» មិនបាច់ត្រឡប់មកវិញទេ!

និយាយចំពោះអាមេរិក អង្គការណាតូជាមធ្យោបាយសំខាន់ សម្រាប់ធ្វើនយោបាយចែកបក្សពួក និងជាឧបករណ៍យោធា សម្រាប់គាំពារអនុត្តរភាពរបស់ខ្លួន។ ប៉ុន្តែរវាងអាមេរិកនិងអឺរ៉ុបមានការខ្វែងគំនិត ដែលពិបាកដោះស្រាយបាន ប្រការនេះធ្វើឱ្យអង្គការណាតូ ពិបាកដើរស្របនឹងជំហានរបស់អាមេរិក ដូចអាមេរិកបានប្រកាសអ៊ីចឹង។

សូមយកបញ្ហាអ៊ុយក្រែនជាឧទាហរណ៍។ ពិតមែនតែអាមេរិកនិងអឺរ៉ុប សុទ្ធតែផ្តួចផ្តើមឱ្យប្រកាន់អាកប្បកិរិយាដ៏រឹងចចេស ចំពោះរុស្ស៊ី ប៉ុន្តែផលប្រយោជន៍នៃអាមេរិកនិងអឺរ៉ុប មានភាពខុសគ្នាខ្លាំងណាស់។ និយាយចំពោះអឺរ៉ុប មានតែជំរុញឱ្យវិបតិ្តអ៊ុយក្រែន ដោះស្រាយដោយសន្តិវិធីក្នុងពេលឆាប់ៗ ទើបអាចធានាសន្តិសុខថាមពលដ៏ពិតប្រាកដ។ ដើមឡើយ អាមេរិកក៏ដឹងច្បាស់ណាស់ដែរ ប៉ុន្តែអាមេរិកមិនសូវគិតពី ចំណុចយកចិត្តទុកដាក់របស់អឺរ៉ុបនោះទេ។ រីឯអាមេរិកដែលបាននិងកំពុងយកសាំងមកចាក់លើភ្លើង នៅតែដើរតួជា «អ្នកដឹកនាំ» របស់លោកខាងលិច ហើយបានដាក់សម្ពាធឥតឈប់ឈរទៅលើ សម័្ពន្ធមិត្តឱ្យ «ទប់ស្កាត់ដោយគ្រប់ជ្រុងជ្រោយ» ចំពោះរុស្ស៊ី ក្នុងន័យចាប់ចងអឺរ៉ុបលើរថក្រោះប្រយុទ្ធរបស់ខ្លួន និងជួយអាមេរិកស្វែងរក ផលប្រយោជន៍និងរក្សាអនុត្តរភាពរបស់ខ្លួន។

ដូចប្រសាសន៍របស់លោក Ken Stone អ្នកទទួលខុសត្រូវសហព័ន្ធឈប់បាញ់គ្នា Hamilton ដែលជាអង្គការប្រឆាំងសង្គ្រាមរបស់កាណាដា ដែលធ្លាប់និយាយថា អង្គការណាតូជាអង្គការយោធា មានលក្ខណៈឈ្លានពានមួយ ដែលដឹកនាំដោយអាមេរិក អនុលោមតាមធម្មនុញ្ញរបស់អង្គការណាតូ អង្គការនេះបានបាត់បង់អត្ថន័យវត្តមានរួចទៅហើយ។

អាមេរិកមិនអាចដឹកនាំពិភពលោកទេ អឺរ៉ុបជា «អឺរ៉ុបរបស់ប្រជាជនអឺរ៉ុប»។ បច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន បានអូសបន្លាយជាង១ខែហើយ មនុស្សកាន់តែច្រើនឡើងៗ បានគិតពិចារណាថា វិបតិ្តអ៊ុយក្រែនកើតឡើងដោយមូលហេតុអ្វី ? បច្ចុប្បន្ននេះ អ្នកបង្ករឿងហេតុគ្មានសុទ្ធចិត្តនិងគ្មានឆន្ទៈអីសោះ ក្នុងការជំរុញការដោះស្រាយវិបតិ្តអ៊ុយក្រែនតាមរយៈសន្តិវិធី ហើយនៅតែលេងកលល្បិចនយោបាយ ដើម្បីឱ្យអ្នកផ្សេងបង្ហូរឈាម និងខ្លួនឯងទទួលបានផលប្រយោជន៍។ អាមេរិកធ្វើអ៊ីចឹង គួរឱ្យសម័្ពន្ធមិត្តលោកខាងលិចជឿទុកចិត្តទេ?

ប្រភព៖ Fresh News




សម្រង់ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន, ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៥១ ប្រវែង ៣៧ គីឡូម៉ែត្រ ចាប់ពីឧដុង្គ ផ្លូវជាតិលេខ ៥ ដល់ថ្នល់ទទឹង ផ្លូវជាតិលេខ ៤

 CNV: 25 ខែ​មីនា, 2022

ឯកឧត្តម ទីប្រឹក្សាសេដ្ឋកិច្ច តំណាងស្ថានទូត និងតំណាងអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះ​រាជាណាចក្រកម្ពុជា។
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរព ស្រលាញ់។


ថ្ងៃនេះ យើងពិតជាមានការសប្បាយរីករាយ ដែលបានរួមគ្នាមកធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ ៥១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៥ មកកាន់ផ្លូវជាតិលេខ ៤ រវាងខេត្តកំពង់ស្ពឺ នៅខាងឧដុង្គ និងខេត្ត នៅខាងសំរោងទង។


មុនចូលដល់កម្មវិធីបន្ត ខ្ញុំគួរសួរបន្ដិចថា តើយើងចង្អុលទៅណា ទៅឃុំត្រពាំងគង​ វត្តក្ដីល្វា? ត្រពាំងគង នៅខាងស្ដាំ។ អញ្ចឹងសូមអ្នកចម្រៀង ប្រុងប្រៀបច្រៀង។ ប្រយ័ត្នមិនចេះ។ “មរតកម៉ែខ្ញុំ” មួយ និងបទមួយទៀតប្រ​ហែលគ្នាហ្នឹង(មតរកអ្នកមានគុណ) ប៉ុន្តែមិនដឹងថា អ្នកចម្រៀងមកពីភ្នំពេញ បើអ្នកចម្រៀងមិនចេះ មានន័យថា អត់ទាន់ជំនាញទេ។ ម្ដាយរបស់ខ្ញុំ គាត់ស្រលាញ់វត្តក្ដីល្វាហ្នឹង។​ គាត់កសាងវត្តក្ដីល្វានេះ។ យើងមានបឋមសិក្សារបស់គាត់ផង អនុវិទ្យាល័យផង វិទ្យាល័យផង។ ម្ដាយធំខ្ញុំក៏មាន បងជីដូនមួយរបស់ខ្ញុំនេះ គឺទុកសាកសពនៅនេះ លើកលែងតែម្ដាយរបស់ខ្ញុំ គាត់ចង់មកនៅវត្ត​ហ្នឹង យើងរក្សាផ្នូររបស់គាត់នៅឯភ្នំពេញឯណោះវិញ។


ថ្ងៃនេះ យើងរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវនេះ ហើយដែលអម្បាញ់មិញ ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍ទាក់ទងជាមួយនឹងដំណើរការផ្លូវនេះរួចហើយ។ ឯកឧត្តម ទីប្រឹក្សាសេដ្ឋកិច្ច តំណាងឱ្យអគ្គរដ្ឋទូត វ៉ាង វិនធៀន ដែលអញ្ជើញចូលរួមនៅថ្ងៃនេះ ក៏បានលើកឡើងអំពីបណ្ដាសមិទ្ធិផលនៃទំនាក់ទំនងរវាងកម្ពុជា-ចិន។ ថ្ងៃនេះ យើងពិតជាបានឃើញយ៉ាងជាក់ស្ដែង នូវផ្លែផ្កានៃសមិទ្ធិផលក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិន គឺផ្លូវជាតិលេខ ៥១ នេះតែម្ដង។


ផ្លូវជាតិលេខ ៥១ ជាផ្លូវខ្សែក្រវាត់ វាងទីក្រុងភ្នំពេញ ផ្ដល់ផលចំណេញដល់អ្នកប្រើប្រាស់ និងការដឹកជញ្ជូន


ផ្លូវជាតិលេខ ៥១ ដែលយើងបាននិងកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ អាចចាត់ទុកថា ជាផ្លូវខ្សែក្រវាត់ វាងទីក្រុងភ្នំពេញ ដែលអាចផ្ដល់នូវផលចំណេញ មិនគ្រាន់តែសម្រាប់ប្រជាជននៅម្ដុំនេះទេ ក៏ប៉ុន្តែសម្រាប់អ្នកដែលធ្វើដំណើរវែងឆ្ងាយ ក្នុងការដឹកជញ្ជូន។ ឧទាហរណ៍៖ អ្នកធ្វើដំណើរពីខេត្តកំពត ខេត្តតាកែវ ឬខេត្តកំពង់ស្ពឺ ត្រូវធ្វើដំណើរទៅខេត្តពោធិ៍សាត់ ឬខេត្តបាត់ដំបង គ្មានការចាំបាច់ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ រួចហើយបកត្រឡប់ធ្វើដំណើរតាមផ្លូវជាតិលេខ ៥ នោះទេ។ គេអាចមកដល់ទីនេះ ហើយឆ្លងតាមនេះ គឺកាត់ត្រង់ទៅរកឧដុង្គតែម្ដង។ ផ្ទុយទៅវិញ អ្នកដែលនៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ចង់ធ្វើដំណើរទៅខេត្តព្រះសីហនុ ទៅកំពត កែប គឺធ្វើដំណើរមិនចាំបាច់ឆ្លងកាត់ទីក្រុងភ្នំពេញ នាំអស់សាំង(ច្រើន) អស់ថ្លៃឡានទេ គេអាចធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ(៥១ និងផ្លូវជាតិលេខ ៤១)តែម្ដង។ នេះជាការសម្រួលទៅលើផ្នែកការធ្វើដំណើររបស់ប្រជាពលរដ្ឋរបស់យើង ដែលអាចផ្ដល់ផលប្រយោជន៍យ៉ាងច្រើន សម្រាប់វិស័យសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋរបស់យើង។


ផ្លូវលេខ ៥១ តភ្ជាប់រវាងផ្លូវជាតិលេខ ៥ នៅម្ខាង និងផ្លូវជាតិលេខ ៤ នៅម្ខាងទៀត


ផ្លូវនេះ បើយោងទៅលើប្រវត្តិនៃអតីតកាល អាចចាត់ទុកថា ជាព្រះរាជចក្ខុវិស័យដ៏ច្បាស់ របស់ព្រះបាទអង្គឌួង ដែលពេលសម័យកាលក្នុងពេលមួយនៅក្នុងឆ្នាំ ១៨៥១ ដល់ ១៨៥២ គឺព្រះអង្គបានកសាងនូវ​ផ្លូវនេះ ហើយដែលតភ្ជាប់ជារបៀង រហូតដល់ធ្លាក់ទៅសមុទ្រនៅឯខេត្តកំពតឯណោះ។ កាលពេលនោះ មានមួយដំណាក់កាល នៅពេលដែលព្រះបាទអង្គឌួង ព្រះអង្គបានវាយសឹកយកឈ្នះលើសត្រូវ គឺព្រះអង្គបានកសាងនូវព្រះរាជវាំង ដែលឥឡូវនេះហៅថា វត្តវាំងចាស់។ ដូច្នេះ ផ្លូវនេះ អាចចាត់ទុកថា ជាផ្លូវយុទ្ធសាស្រ្តនៅក្នុងដំណាក់កាលនោះ ដើម្បីតភ្ជាប់រវាងទីក្រុងឧដុង្គរបស់យើង ជាមួយនឹងកំពង់ផែមាត់សមុទ្រ នៅឯខេត្តកំពត។ អញ្ចឹងទេ បានជាមានបែកខ្នែងផ្លូវនេះ ហើយផ្លូវនេះ ក៏នៅតែជាផ្លូវយុទ្ធសាស្រ្តមួយនៅក្នុងពេលបច្ចុប្បន្ន ដែលតភ្ជាប់ ផ្ដល់ឱ្យយើងនូវឱកាសសម្រាប់ការតភ្ជាប់រវាងផ្លូវជាតិលេខ ៥ នៅម្ខាង ជាមួយនឹងផ្លូវជាតិលេខ ៤ នៅម្ខាងទៀត ដើម្បីការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋរបស់យើង។


យុទ្ធសាស្រ្តធ្វើផ្លូវត្រូវបានផ្លាស់ប្ដូរ គឺធ្វើផ្លូវ ធានាធន់ក្នុងការប្រើប្រាស់យូរអង្វែង


ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងនូវការអរគុណ តាមរយៈឯកឧត្តម ទីបឹក្សាសេដ្ឋកិច្ច តំណាងឱ្យឯកឧត្តមអគ្គរដ្ឋទូត ផ្ញើជូននូវការអរគុណចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចកាល បានផ្ដល់ឱ្យនូវការអនុវត្តគម្រោងដែលយើងត្រូវការចាំបាច់។ នេះជាគម្រោងមួយក្នុងចំណោមគម្រោងដែលយើងត្រូវការ។ ដូចដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងហើយ ហើយខ្ញុំក៏ធ្លាប់បានលើកជាបន្ដបន្ទាប់ដែរ អំពីរបៀបកសាងផ្លូវ។ កាលពីក្នុងទសវត្សរ៍ ៩០ បន្ទាប់ទៅដល់ក្នុងរង្វង់ក្រោយឆ្នាំ ២០០០ បន្ដិច យើងនៅបន្តអនុវត្តនូវយុទ្ធសាស្រ្តកសាងផ្លូវឱ្យបានវែង។ លុយតិច តែកសាងផ្លូវឱ្យបានវែង។ អញ្ចឹងលុយតិច កសាងផ្លូវឱ្យបានវែងនេះ គ្រាន់តែជាដំណាក់កាលអន្តរកាលមួយ ដែលយើងប្រើប្រាស់លុយអស់យ៉ាងច្រើននៅពេលនោះ។ យើងចាក់កៅស៊ូមួយស្រទាប់ ២ ស្រទាប់អី វាមិនអាចធន់ជាមួយ​នឹងការដឹកលើសទំងន់ ឬកុំថាឡើយដឹកលើសទំងន់ ដឹកធម្មតាក៏វាមិនអាចទ្រាំទ្របានដែរ។ ឥឡូវនេះ យើងប្ដូរមកពីការដែលធ្លាប់ចាក់កៅស៊ូស្ដើងៗ មកធ្វើជាការចាក់បេទីម ដើម្បីធានាធន់ក្នុងការប្រើប្រាស់យូរអង្វែង។ យើងបានចាប់ផ្ដើមពង្រីក(ផ្លូវ)ពី ៧ ម៉ែត្រ រហូតទៅដល់ ១២ ម៉ែត្រនៅពេលនេះ។


ប្រទេសជាច្រើននិងស្ថាប័នហិរញ្ញវត្ថុជាច្រើន វាយតម្លៃខុសពីការវិវឌ្ឍរបស់កម្ពុជា


កាលពីពេលមុន ខ្ញុំនិយាយដដែល ក្នុងជំនាន់ទសវត្សរ៍ ៩០ ប្រទេសជាច្រើន និងស្ថាប័នហិរញ្ញវត្ថុជាច្រើន វាយតម្លៃខុសអំពីការវិវឌ្ឍរបស់កម្ពុជា បានជាពេលនោះ ប្រទេសខ្លះ និងស្ថាប័នហិរញ្ញវត្ថុខ្លះ បាន(សំរេច)ធ្វើផ្លូវឱ្យ​យើង(ទំហំទទឹង)ត្រឹមតែ ៧ ម៉ែត្រតែប៉ុណ្ណឹង ឬខ្ពស់បំផុត ១០ ម៉ែត្រ។ វាអត់បានដល់ ១០ ម៉ែត្រហ្នឹងទៀត។ សូម្បីតែផ្លូវជាតិលេខ ៤ រាល់ថ្ងៃហ្នឹង កន្លែងខ្លះនៅ ៧ ម៉ែត្រដដែលហ្នឹង ទើបនឹងកំពុងតែពង្រីកបន្ដហ្នឹង។ (ពួកគេ)វាយតម្លៃខុសអំពីការរីកចម្រើនរបស់កម្ពុជា ដែលពេលនោះ ក៏ត្រូវធ្វើផ្លូវ(ទំហំ)ត្រឹមតែ ៧ ម៉ែត្រ។ ឥឡូវនេះ កន្លែងធ្លាប់ធ្វើផ្លូវ(ទំហំ) ៧ ម៉ែត្រហ្នឹង ឥឡូវទៅជា ២៤ ម៉ែត្រ ២៥ ម៉ែត្រ ទើបអាចដោះស្រាយបាននូវបញ្ហា(កកស្ទះ) ព្រោះគេក៏មិននឹងស្មានថា មានការវិវឌ្ឍលឿនបែបនេះ។


ការអភិវឌ្ឍបានលឿន មិនមែនជាការចៃដន្យ បានមកពីកត្តាសន្ដិភាព


យើងក៏បានឃើញទាំងអស់គ្នាហើយថា​ ការអភិវឌ្ឍលឿនរបស់យើង មិនមែនបានមកដោយចៃដន្យទេ ហើយក៏មិនមែនធ្លាក់ពីលើមេឃដែរ ក៏ប៉ុន្តែបានមកពីការខិតខំរបស់យើងទាំងអស់គ្នា ជាពិសេសគឺប្រជាជនកម្ពុជា បាន​ខិតខំស្វែងរកសន្ដិភាពដោយខ្លួនឯង។ នាដំណាក់កាលចុងក្រោយ បន្ទាប់ពី អ៊ុនតាក់ បានចាក់ចេញពីកម្ពុជា សង្រ្គាមបានបន្សល់ទុកឱ្យយើងបន្តរវាងខ្មែរក្រហម ជាមួយនឹងរាជរដ្ឋាភិបាល។ ចំណុចនេះ តម្រូវឱ្យយើងខិតខំស្វះស្វែងរកសន្ដិភាពដោយខ្លួនឯង។ យើងបានឈានមកបញ្ចប់នូវសង្រ្គាមទាំងស្រុង នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្រ្តជាច្រើនឆ្នាំ។ នៅឆ្នាំ ១៩៩៨ ឱកាសមាស ឱកាសពេជ្របានមកដល់សម្រាប់យើង ក្នុងការកសាងប្រទេសជាតិរបស់យើង។ នោះហើយ គឺជាកិច្ចខិតខំរបស់យើង តម្រូវការរបស់យើង ដំបូងមុនគេ គឺតម្រូវការសន្ដិភាពនេះឯង។


ពិភពលោកកំពុងតែស្រែករកសន្ដិភាព


ឥឡូវនេះ ពិភពលោកកំពុងតែស្រែករកសន្ដិភាពហើយ។ នៅពេលដែលមិនទាន់មានបញ្ហា គេមិនបាននិយាយអំពីបញ្ហាសន្ដិភាពទេ។ គេសម្បូរបែប គេនិយាយអំពីបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សម្រាប់យើង យើងក៏និយាយអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក៏ប៉ុន្តែយើងឱ្យអាទិភាពមុនគេគឺសន្ដិភាព។ បើគ្មានសន្ដិភាពគឺគ្មានសង្ឃឹម។ គ្មានសន្ដិភាពគឺគ្មានអ្វីៗទាំងអស់ គ្មានការគោរពសិទ្ធិមនុស្ស រហូតទៅដល់មានការបំពានទៀតផង។ ឥឡូវបន្ទាប់ពីសង្រ្គាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានកើតឡើង ប្រជាជនអ៊ុយក្រែន ឬប្រជាជនរុស្ស៊ី ឬប្រជាជននៅអឺរ៉ុប កំពុងតែភ័យខ្លាច។ បើនៅអ៊ុយក្រែន គឺកំពុងស្ថិតនៅក្នុងស្ថានភាពសង្រ្គាម ដែលធ្វើឱ្យប្រជាជនរាប់លាននាក់ត្រូវភៀសខ្លួន។ ភៀសខ្លួនចេញក្រៅប្រទេសផងនិងភៀសសឹកនៅក្នុងប្រ​ទេស​ខ្លួនផង។ ឯបណ្ដាប្រទេសនៅអឺរ៉ុប ក៏កំពុងតែព្រួយបារម្ភអំពីសង្រ្គាមដែលអាចរីករាលដាល។ អញ្ចឹងទេ ប្រធានាធិបតីរបស់អ៊ុយក្រែន បាននិយាយថា សន្ដិភាពគឺជាអាទិភាពខ្ពស់បំផុតរបស់អ៊ុយក្រែននៅពេលនេះ។


ប៉ុន្តែភាសានេះ ហ៊ុន សែន បាននិយាយជាប់រហូតមក គឺ សន្ដិភាពជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជា។ ទស្សនៈរបស់ខ្ញុំ មិនមែនជាទស្សនៈដាច់ដោយឡែករបស់កម្ពុជាទេ។ ពេលនេះ គេបានឃើញហើយថា មនុស្សគ្រប់គ្នាត្រូវការសន្ដិភាពជាមុន។ បើគ្មានសន្ដិភាពកុំនិយាយដល់ការអនុវត្តលទ្ធិប្រជាធិបតេយ្យ ឬការគោរពសិទ្ធិមនុស្ស។​ វាគ្មានការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យអ្វីកើតឡើងទេ បើសិនជានៅក្រោមគ្រាប់បែកនិងគ្រាប់ផ្លោង។ ដូច្នេះបានជាដោយតម្លៃណាក៏ដោយ កម្ពុជាត្រូវតែខិតខំការពារនូវសន្ដិភាព ដែលយើងរកបានដោយលំបាក។


មានសង្រ្គាម មានតែការបំផ្លិចបំផ្លាញ


ឥឡូវនេះ យើងកំពុងតែរង់ចាំមើលថា តើសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងការប្រឈមមុខដាក់គ្នារវាង NATO ជាមួយនឹងរុស្ស៊ី ដល់ពេលណាទើបចប់? ហើយបន់ស្រន់ឱ្យ(មាន)ការបញ្ចប់យ៉ាងឆាប់។ ក៏ប៉ុន្តែវាមិនតាមការបន់ស្រន់របស់យើងនោះទេ បើយោងទៅលើទំនោរបែបនេះ។ បើទោះបីជាមានសេចក្ដីសម្រេចនៃមហាសន្និបាតអង្គការសហប្រជាជាតិ ម្ដងហើយម្ដងទៀត ហើយយប់មិញក៏មានការបោះឆ្នោតសាជាថ្មីម្ដងទៀតក៏ដោយចុះ ក៏ប៉ុន្តែបញ្ហាវាមិនមែនជាបញ្ហាមួយថ្ងៃឬពីរថ្ងៃទេ ហើយផលវិបាកនៃសង្រ្គាមដែលបានកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវដោះស្រាយក្នុងរយៈពេលយូរ។ កម្រិតនៃការបំផ្លិចបំផ្លាញ វាមានទំហំធំ ហើយត្រូវតែប្រើប្រាស់នូវការបំផ្លាញចោលគ្រាប់បែក គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ មិនដឹងជាត្រូវការពេលប៉ុន្មានទៀត។ ដូចនៅកម្ពុជារបស់យើង មកដល់ពេលនេះហើយ យើងមិនទាន់បំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះអស់នៅឡើយទេ។


ចំណុចអស់ទាំងនេះ បានជាខ្ញុំនៅតែនិយាយម្ដងហើយម្ដងទៀត ដោយគ្មានញញើតញញើម។ គ្មានអ្វីដែលត្រូវខ្លាចរឿងនិយាយនោះទេ។ អ្នកដែលចង់បង្កសង្រ្គាម សង្រ្គាមវាងាយផ្ទុះ ប៉ុន្តែការពន្លត់សង្រ្គាម វាមិនមែនជារឿង(ងាយស្រួលទេ)។ លំបាក។ ខ្ញុំត្រូវប្រើជីវិតរបស់ខ្ញុំជាងពាក់កណ្ដាលជីវិត ដើម្បីបញ្ចប់ភ្លើងសង្រ្គាមនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំមិនមែនអ្នកបង្កើតសង្រ្គាមទេ ក៏ប៉ុន្តែវាដូចជាទេវតា ឱ្យយើងមកចាប់កំណើត ដើម្បីពន្លត់ភ្លើងសង្រ្គាមនៅកម្ពុជា និងថែរក្សាសន្ដិភាពសម្រាប់កម្ពុជាផងដែរ។


ចិនបានសម្រួលភាពងាយស្រួលយ៉ាងច្រើនក្នុងការនាំចេញក្នុងកម្ពុជា


ថ្ងៃនេះ សមិទ្ធិផលដែលយើងបានកសាងនូវទីនេះ សម្រាប់យើងទាំងអស់គ្នា។ សមិទ្ធិផលនេះ ក៏បានចេញមកពីផ្លែផ្កា នៃសហប្រតិបត្តិការកម្ពុជា-ចិន។ ដូចដែលឯកឧត្តម ទីប្រឹក្សាសេដ្ឋកិច្ច តំណាងឱ្យឯកឧត្តមអគ្គរដ្ឋទូតបានលើកឡើង កាលពីថ្ងៃទី ១៨ មីនា ខ្ញុំមានឱកាសជួបជាមួយប្រធានាធិបតី ស៊ី ជីនពីង តាមរយៈទូរស័ព្ទ។ យើងបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទៅមុខទៀត។ ក្នុងនោះ រាប់ទាំងបញ្ហានៃការសម្រួលពាណិជ្ជកម្ម ក្នុងពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-ចិន បានចូលជាធរមាន ស្របពេលដែលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់តំបន់ដែលគេហៅថា RCEP នោះ ចូលជាធរមាន។ ការនាំទំនិញពីកម្ពុជាទៅកាន់ចិនត្រូវបានធ្វើ ដោយមានការសម្រួលយ៉ាងច្រើន ទាក់ទងនឹងការនាំ(ទំនិញ)ពីកម្ពុជា ដូចជា អង្ករ(ការនាំចេញ)មានការកើនឡើងច្រើននៅក្នុងដើមឆ្នាំ ២០២២ នេះ។ បន្ថែមដោយចិន បានទទួលទិញនូវមុខទំនិញផ្សេងៗទៀត រាប់ទាំងមៀនប៉ៃលិន ឬតាង៉ែន និងត្រីប្រា ហើយប្រើវិធីសម្រួលទៅដល់ការពិនិត្យទាក់​ទងជាមួយនឹងការនាំចូលទៅកាន់ប្រទេសចិន។ យើងកំពុងតែបើកទីផ្សាររបស់យើង ជាមួយនឹងប្រទេសចិន។ យើងកំពុងខិតខំបើកទីផ្សាររបស់យើង ជាមួយប្រទេសដទៃទៀត តាមរយៈការពង្រីកការនាំចេញរបស់យើង។


ដើមឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មកើនជាង ៣០ ភាគរយ


ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជា ក្នុងរយៈ ២​ ខែដើមឆ្នាំ ២០២២ បានកើនឡើងជាង ៣០ ភាគរយ ប្រៀបធៀបជាមួយនឹងទំហំពាណិជ្ជកម្មឆ្នាំ ២០២១ រយៈពេល ២ ខែដូចគ្នា គឺកើនជាង ៣០ ភាគរយ។ យើងបន្តជំ​ហាននេះតទៅទៀត។ បើទោះបីថា កូវីដ-១៩ បានរារាំងយើង ក៏ប៉ុន្តែកូវីដ-១៩ មិនអាចរារាំងនូវដំណើរការអភិវឌ្ឍរបស់យើងបានទេ ជាពិសេសគម្រោងដែលសាងសង់ដោយសាធារណរដ្ឋប្រជាមានិតចិន គឺមិនត្រូវបានរារាំងនោះទេ គ្រាន់តែយើងពន្យារពេលសម្ពោធតែប៉ុណ្ណឹង។ ឥឡូវយើងបានសម្ពោធមួយចំនួនហើយ។ យើងនៅបន្ត និងកំពុងសាងសង់ផ្លូវមួយចំនួនផ្សេងទៀត ដូចជាផ្លូវជាតិលេខ ១០ ជាដើម កំពុងសាងសង់ដោយគ្មានការរំខាន។ ផ្លូវជាតិលេខ ៧១ ដែលបើកការដ្ឋានជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ​ កំពុងដំណើរការ។ គម្រោងដទៃទៀត កំពុងតែដំណើរការ(សាងសង់)។ ដូច្នេះ នេះជាការខិតខំសម្រាប់យើង។ ការខិតខំនេះ ជាផលប្រយោជន៍សម្រាប់យើងទាំងអស់គ្នា។


ព្រំសីមានិងព្រំដែន អាចក្លាយជាទីតាំងរត់ពន្ធគ្រឿងញៀន ឬទំនិញខុសច្បាប់


ខ្ញុំពិតជាអរគុណ ហើយកោតសរសេរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តកំពង់ស្ពឺក្ដី ខេត្តកណ្ដាលក្ដី ព្រោះនៅតំបន់នេះ មានព្រំប្រទល់រវាងខេត្តកណ្ដាល ជាមួយនឹងខេត្តកំពង់ស្ពឺ។ ប៉ុន្តែដីនៅនេះ ដីក្នុងខេត្តកំពង់ស្ពឺ ខាងណោះដីក្នុងខេត្តកណ្ដាល ហើយយកផ្លូវជាតិហ្នឹងធ្វើព្រំដែន ប៉ុន្តែប្រយ័ត្នខាងណេះទៅមិនដល់ ខាងណោះទៅមិនដល់ អាពួកហ្នឹងជក់គ្រឿងញៀនពេញតែហ្នឹង។ កន្លែងហ្នឹងត្រូវប្រយ័ត្នឱ្យមែនទែនតែម្ដង។ បទពិសោធន៍កាលពីសម័យសង្រ្គាម វាអញ្ចេះ ឬក៏បទពិសោធន៍នៃការរក្សាសន្តិសុខតាមព្រំដែនច្រើនតែអញ្ចេះ។ កាលពីសម័យសង្រ្គាម ឧទាហរណ៍ថា ព្រំប្រទល់ខេត្តកណ្តាល និងព្រំប្រទល់ខេត្តកំពង់ស្ពឺ ខាងកណ្តាលក៏មកមិនដល់ ខាងកំពង់ស្ពឺក៏ទៅមិនដល់ អញ្ចឹងតំបន់ហ្នឹងជាតំបន់ដែលគេលាក់ខ្លួននៅកន្លែងហ្នឹង។ កាលជំនាន់នោះ កម្លាំងប្រដាប់អាវុធលាក់ខ្លួន តែជំនាន់នេះ គឺក្រុមរត់គ្រឿងញៀនជាអ្នកលាក់ខ្លួនទៅវិញ។ រវាងតាមព្រំដែន កម្ពុជា-ថៃ និងព្រំដែនកម្ពុជា-វៀតណាម ព្រំដែនកម្ពុជា-ឡាវ ក៏ដូចគ្នាដែរ ខាងយើងក៏ទៅមិនដល់ ខាងមុខក៏មកមិនដល់ ដូច្នេះវាឆ្លៀតប្រើអាកន្លែងហ្នឹងដើម្បីធ្វើសកម្មភាពបង្កការអុកឡុក ឬក៏រត់ពន្ធមនុស្ស រត់ពន្ធគ្រឿងញៀន ឬរត់ពន្ធទំនិញខុសច្បាប់ជាដើម។ អញ្ចឹងត្រូវតែមានការប្រុងប្រយ័ត្ន។


មានផ្លូវ នាំឲ្យមានហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ


ខ្ញុំសុំកោតសរសើរជាមួយនឹងការខិតខំទាំងអស់ ហើយអរគុណជាមួយប្រជាពលរដ្ឋដែលចូលរួមនៅក្នុងការកសាងនូវផ្លូវនេះ។ ខ្ញុំធ្លាប់ធ្វើដំណើរផ្លូវនេះដូចជាបាន ៣ ដងដែរ ទាំងផ្លូវចាស់ពីមុននោះ។ ប្រៀបធៀបមិញនោះ ជាទូទៅគឺខ្ញុំជិះឡាន ហើយឡានរបស់ខ្ញុំគឺមានទូរទស្សន៍នៅក្នុងហ្នឹង។ អញ្ចឹង BTV គេបង្ហោះ Drone ដើម្បីថតយករូបភាព។ យើងបានមើលតាមបណ្តោយផ្លូវនេះ មានអគារ មានឃ្លាំង មានដូចជារោងចក្រខ្លះនៅតាមហ្នឹង។ អញ្ចឹងបើអត់មានអាផ្លូវហ្នឹងទេ អត់កើតទេរោងចក្រហ្នឹង អត់កើតទេអាឃ្លាំងហ្នឹង អត់កើតទេដីធ្លីនៅម្តុំហ្នឹង គឺវានៅតែដដែលហ្នឹង។ ប៉ុន្តែដល់ពេលកើតផ្លូវ កើតស្ពាន កើតផ្លូវអញ្ចឹងទៅ គឺវាបង្កការងាយស្រួល។ ខ្ញុំចង់ត្រឡប់ទៅវិញ ឆ្លៀតចូលញ៉ាំគុយទាវកន្លែងផ្លូវបត់។ ឃើញកន្លែងហ្នឹងចង់ចូល។ ឃ្លានណាមិនមែនមិនឃ្លានទេណា។ ញ៉ាំម្នាក់ឯងញ៉ាំមិនឆ្ងាញ់ទៀត។ បើបានចូលទៅ ថ្មើរហ្នឹងទឹកស៊ុបឆ្ងាញ់ណាស់។ ថ្មើរហ្នឹង គិតត្រឡប់ទៅវិញ ទៅដល់កុំឲ្យគេដឹងតែម្តង។ ទៅដល់គឺឈប់ឡានចូលទៅបណ្តោយ។ ខ្ញុំធ្លាប់ដែរ។ បានញ៉ាំគុយទាវម្តងពេលទៅពោធិ៍សាត់។ ចូលញ៉ាំគុយទាវនៅកំពង់ឆ្នាំង ចូលប្លុកភ្លាមស្រួលតែម្តង។ ម្តងទៀតទៅព្រះវិហារ ចូលញ៉ាំគុយទាវទៅដល់ដាក់តែម្តង។ ឥឡូវគិតថាត្រឡប់ទៅវិញ គឺអម្បាញ់មិញចូលមកឃើញគេលក់គុយទាវតិចៗ ២ ទៅ ៣ តុ។ ហ្នឹងចូលទៅដាក់ ហើយពេលហ្នឹងស៊ុបឆ្ងាញ់ណាស់។ បើដាក់ថ្នាំពុលក៏ដាក់មិនទាន់ពេល។ ប៉ុន្តែ វាលំបាកខាងសន្តិសុខភ្នែកសភ្នែកខ្មៅ។


មិនឡើងទៅស្ថានទេវតា និងសូមព្រហ្មលិខិតមិនធ្វើនាយករដ្ឋមន្ត្រីទៀតទេ


បើថាធ្វើប៉ុណ្ណេះ ប្រាថ្នាទៅជាតិក្រោយ៖ ទី ១ អត់ឡើងទៅឋានទេវតាទេ ឋាននរកក៏មិនទៅ។ ឋានទេវតា ក៏មិនទៅ សុខចិត្តនៅឋានកណ្តាលហើយ។ ហ្នឹងខ្ញុំធ្លាប់និយាយ ព្រោះឥឡូវជិតចូលឆ្នាំហើយ។ ទេវតាជិតផ្លាស់។ ខ្ញុំអត់ទៅឋានទេវតាទេ ​ហើយក៏មិនទៅឋាននរកដែរ។ ខ្ញុំសុខចិត្តនៅឋានមនុស្សលោកហ្នឹងហើយ ព្រោះទៅឋានទេវតាទៅធ្វើអី ព្រោះបើទេវតាមានស្តេចទេវតាដែរ មានអ្នកធំទេវតាដែរ មានចៅហ្វាយខេត្ត ចៅហ្វាយស្រុកទេវតាដែរ មានទាហានយាមទ្វារទេវតា។ បើគង់តែមានអញ្ចឹងដដែល យើងចាំបាច់ទៅធ្វើអី? នៅឋានមនុស្សលោកវាស្រួលជាង។ មិនប្រាកដថា ឋានទេវតាមានគុយទាវញ៉ាំទេណា អញ្ចឹងមិនទៅទេ។


ឯទី ២ ប្រហែលជាជាតិក្រោយព្រហ្មលិខិតមិនតម្រូវឲ្យខ្ញុំមកធ្វើជានាយករដ្ឋមន្រ្តីទៀតទេ។ ខ្ញុំថ្ងៃមុនរាងភ្ញាក់បន្តិចដែរ នៅពេលដែលនាយករដ្ឋមន្រ្តីជប៉ុន គាត់ជឿព្រហ្មលិខិតដែរ។ ពេលដែលបាយជាមួយគ្នា និយាយគ្នាលេងអញ្ចឹងទៅ គាត់ជឿលើព្រហ្មលិខិត។ ព្រហ្មលិខិតតម្រូវយើងឲ្យធ្វើអញ្ចឹង។ ជឿវាខ្លះទៅ។ អ្នកខ្លះប្រឹងចង់ងាប់ គ្រាន់តែដើរក៏យល់សប្តិ ថាអញដើរដូចដំណើរនាយករដ្ឋមន្រ្តី ដេកក៏ស្រម៉ៃថាជានាយករដ្ឋមន្រ្តី ក៏ប៉ុន្តែនៅតែមិនបានធ្វើជានាយករដ្ឋមន្រ្តី។ អ្នកដែលមិនចង់បែរជាមកធ្វើនាយករដ្ឋមន្រ្តី។


អ្វីដែលខ្ញុំចង់តាំងពីដើម ចង់តែធ្វើគ្រូបង្រៀនទេ។ ក្រោយមកចង់ធ្វើ Pilot បើកយន្តហោះ ដោយសារខឹងយន្តហោះវាដេញបាញ់។ ដល់ពេលធ្លាក់ខ្លួនពិការអស់សង្ឃឹម ប៉ុន្តែសភាពការណ៍វាចេះតែរុញយើងៗបង្ខំមកដល់កន្លែងហ្នឹងតែម្តង។ ខ្ញុំនៅចាំឆ្នាំ ១៩៩៨ ព្រះករុណាបិតា ចរចានៅសៀមរាបកាលហ្នឹង។ ព្រះករុណាបិតាព្រះអង្គមានបន្ទូលថា អស់លោកព្រះអង្គម្ចាស់ ឯកឧត្តមជឿព្រហ្មលិខិតខ្លះទៅ។ ដូចជាខ្ញុំ ខ្ញុំអត់ចង់ធ្វើស្តេចឯណា សុខៗស្រាប់តែគេទៅយកខ្ញុំពីព្រៃនគរមកធ្វើជាស្តេច។ ឯសម្តេច ហ៊ុន សែន គេចារឲ្យគាត់កើតមកធ្វើជានាយករដ្ឋមន្រ្តី។ ព្រះករុណា គាត់មានបន្ទូលអញ្ចឹងចំពោះមុខ ៣ បក្សនយោបាយ ដែលកំពុងចរចាគ្នានៅសៀមរាប។


ខ្ញុំអត់មានបំណងទេ អាហ្នឹងនោះ។ ម្យ៉ាងទៀតកាលពេលដែលខ្ញុំធ្វើនាយករដ្ឋមន្រ្តីនៅឆ្នាំ ១៩៨៥ ក្នុងមួយគណៈរដ្ឋមន្រ្តីមានតែខ្ញុំទេ ដែលមានអាយុជាង ៣២ ឆ្នាំ។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីស្អីៗហ្នឹង មានតែ អ៊ុង ផន មួយទេ បងខ្ញុំប្រហែលជា ៣ ឆ្នាំ។ ឯក្រៅពីនោះសុទ្ធតែជាង ៤០ ឡើងលើ។ ៤០ និង ៥០ ឆ្នាំ។ ឯនាយករដ្ឋមន្រ្តីអាយុ ៣២ ឆ្នាំ អត់មានអ្នកណាក្មេងជាងខ្ញុំទេ បងខ្ញុំបន្តិចគឺ អ៊ុង ផន តែប៉ុណ្ណឹងទេ។ ពេលហ្នឹងមិនមែនជាពេលវេលាដែលខ្ញុំធ្វើនាយករដ្ឋមន្រ្តីទេ ក៏ប៉ុន្តែមានការរៀបចំ ហើយបោះឆ្នោតចម្លែកទៅទៀត។ បោះឆ្នោតនៅក្នុងសភាបោះជាសម្ងាត់ ក៏ប៉ុន្តែសម្លេងទទួលបាន ១០០ ភាគរយ នៃការបោះឆ្នោត ប្រៀបធៀបជាមួយនឹង ២ នាក់មុន ម្នាក់បាត់ ៧ សម្លេង ម្នាក់បាត់ ៨ សម្លេង ដល់ទៅខ្ញុំអត់មានបាត់មួយសម្លេងណាសោះ។ អញ្ចឹងបានសេចក្តីថា ជាការជឿទុកចិត្តតាំងពីដើមទីនៃអ្នកចូលរួមទាំងអស់។


ចាស់មានពិសោធន៍ ក្មេងមានចំណេះដឹង


កាល(ពីពេល)ដែលខ្ញុំធ្វើរដ្ឋមន្ត្រីដំបូងនៅអាយុ ២៧ ឆ្នាំ ក៏មានរដ្ឋមន្ត្រីដែលមានវ័យចាស់ជាង(ខ្ញុំ)។ អាយុជាង៤០ ឆ្នាំ ហៅខ្ញុំថា ជារដ្ឋមន្ត្រីដែលមិនទាន់បាត់ធុំក្លិនទឹកដោះគោ។ ប៉ុន្តែក្រោយមក រដ្ឋមន្ត្រីទាំងនោះហើយ ដែលជាអ្នកបោះឆ្នោតគាំទ្រខ្ញុំឱ្យធ្វើនាយករដ្ឋមន្ត្រី ដោយយើងបានបង្ហាញសមត្ថភាពរបស់យើង ក្នុងពេលដែលយើងធ្វើសកម្មភាពក្នុងក្របខណ្ឌជាយុវជន។ ចាប់ពីពេលនោះ ខ្ញុំនិយាយថា នៅពេលដែលចាត់តាំងមនុស្សមិនចាំបាច់សួរថា ឈ្មោះអីអាយុប៉ុន្មានទេ ហើយកុំនិយាយថា នៅក្មេងពេក ព្រោះបទពិសោធន៍នៅកម្ពុជាធ្លាប់មានរដ្ឋមន្ត្រីការបរទេសអាយុ ២៧ ឆ្នាំ ហើយក៏ធ្លាប់មាននាយករដ្ឋមន្ត្រីអាយុ ៣២ ឆ្នាំ គឺខ្លួនខ្ញុំនេះឯង។ ខ្ញុំធ្វើនាយករដ្ឋមន្ត្រីពីអាយុ ៣២ ឆ្នាំ។ ឥឡូវខ្ញុំធ្វើជាង ៣៧ ឆ្នាំ មានន័យថា ខ្ញុំធ្វើនាយករដ្ឋមន្ត្រីច្រើនជាងពាក់​កណ្ដាល​អាយុ(របស់ខ្ញុំ)។ បើបូកទាំងការគ្រប់គ្រងអំណាច(របស់ខ្ញុំ)ទាំង ៤៣ ឆ្នាំ គឺមកដល់ពេលនេះជាងពាក់កណ្ដាលជីវិតដែលយើងបានធ្វើ។


ដូច្នេះការរៀបចំមន្ត្រីបន្តវេនទៅមុខទៀត គឺកុំចាំបាច់សួរថាអាយុប៉ុន្មាន។ សំខាន់បំផុតតើគេធ្វើបានឬអត់។ រឿងវាស្ថិតនៅកន្លែងហ្នឹងទេ។ ក្មេងក៏ត្រូវយល់អំពីមនុស្សចាស់។ ក្មេងមានចំណេះដឹងក៏ប៉ុន្តែខ្វះពិសោធន៍។ ឯចាស់អាចថាចំណេះដឹងខ្វះ ប៉ុន្តែសម្បូរពិសោធន៍។ ជារឿងដែលត្រូវផ្គុំគ្នា។ គេហៅថា ស្ថានភាពបោះចម្រុះរវាងគ្រប់ជំនាន់ដែលត្រូវនៅជាមួយគ្នា។ ដូច្នេះបានជាគេឃើញក្នុងគណបក្សប្រជាជន មានមន្ត្រីដែលមានអាយុ ៨០ ឆ្នាំ គេហៅ U៩០, U៨០, U៧០, U៦០, U៥០ មានគ្រប់ជំនាន់។​ នៅមាន U៤០ ទៀត នៅមានបន្តអញ្ចឹង។ ប៉ុន្តែអ្នកទាំងហ្នឹងត្រូវស៊ីគ្នា។ អ្នកចាស់មិនត្រូវមើលស្រាលទៅលើក្មេងដែលមិនទាន់មានពិសោធន៍ ឯក្មេងមានចំ​ណេះដឹង តែមិនត្រូវមើលស្រាលទៅលើមនុស្សចាស់ដែលជាធនធានមរតកនៃបទពិសោធន៍ ក្នុងគ្រប់ការងារជាពិសេសបើទាក់ទងទៅលើការគ្រប់គ្រងប្រទេសជាតិ គឺមនុស្ស​ចាស់ជាធនធានមានតម្លៃ។ និយាយអញ្ចឹង​ខ្ញុំមិនមែនចង់ថាថ្ងៃក្រោយត្រូវតែសួរយោបល់ខ្ញុំនោះទេ។ ថ្ងៃណាខ្ញុំសម្រាក (គឺ)ខ្ញុំសម្រាកហើយ។


ឆ្នាំ ២០២៣ នៅតែបន្តជាបេក្ខភាពនាយករដ្ឋមន្រ្តី


ខ្ញុំបានប្រកាសហើយ ខ្ញុំធ្វើដល់តែខ្ញុំឈប់ចង់ធ្វើ។ អាហ្នឹងគឺមានតែអញ្ចឹង ព្រោះវាអត់ទើសក្បាលអ្នកណាទេ …ការរៀបចំចេះតែរៀបចំហើយ។ ត្រៀមគឺចេះតែត្រៀមហើយ។ គេត្រូវតែត្រៀម ព្រោះធម្មតាគេត្រូវតែត្រៀមមនុស្សសម្រាប់បន្តវេនស្អីៗ។ ឆ្នាំ ២០២៣ ​ខ្ញុំនឹងបន្តឋានៈជាបេក្ខជននាយករដ្ឋមន្ត្រីនៃការបោះឆ្នោតជាបន្តទៀត ព្រោះនេះជាកិច្ចការដែលយើងត្រូវបន្តរឿងទាំងនេះ ហើយរឿងផ្លាស់ប្តូរនៅពេលណា ចាំបោះឆ្នោតរួចនិយាយគ្នា។ នៅបន្ត ព្រោះយើងមិនអាចធ្វេសប្រហែសជាមួយនឹងកិច្ចការសន្តិភាពរបស់ប្រទេសបានទេ បាត់អាហ្នឹងគ្រឹប គឺថារលាយតែម្ដង។ រត់ជាន់ជើងគ្នា។


សម័យសង្គ្រាមរត់ចោលដី សម័យសន្តិភាពដីត្រង់ណាក៏ឡើងថ្លៃ


គ្រាន់តែវិស័យដីធ្លី អម្បាញ់មិញខ្ញុំមកតាមនេះ ឃើញគេពុះឡូត៍ មានអាឡូត៍ ដូចជាត្រឹមតែ ៤ ម៉ែត្រ។ ឥឡូវដី ៤ ម៉ែត្រ ក៏ថ្លៃដែរ។ សម័យសង្រ្គាមរត់ចោលដីទាំងអស់ ឥឡូវនេះដីទាំងអស់ត្រង់ណាក៏ឡើងថ្លៃដែរ។ អញ្ចឹងបានខ្ញុំគិតថាគិតយក commissions។ កំហុសមកពីខ្ញុំទេ ដែលធ្វើឱ្យដីឡើងថ្លៃនោះ។ ម៉េចបានមកពីខ្ញុំ មកពីខ្ញុំធ្វើឱ្យមានសន្តិភាព។ អស់សង្គ្រាមទៅ មានខ្លាចនរណា នាំគ្នាដើរលេង។ អញ្ចឹងខ្ញុំទទួលខុសទាំងអស់ហ្នឹង ប៉ុន្តែការខុសរបស់ខ្ញុំ វាបានចំណេញទៅដល់ប្រជាពលរដ្ឋរបស់យើង ចំណេញទាំងសាច់ឈាមដែលមិនត្រូវស្លាប់ របួសពិការហ្នឹងក៏ចំណេញទៅដល់ការកសាងជីវភាពគ្រួសារនីមួយៗ។


ម្សិលម្ងៃ ខ្ញុំបានចុះហត្ថលេខាបញ្ចេញសាច់ប្រាក់សម្រាប់ការផ្ដល់ឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងនិវត្តន៍ជនរបស់យើង សម្រាប់ត្រៀមចូលឆ្នាំ។ សុំកុំភាន់ច្រឡំរឿងហ្វេសប៊ុកស្អីសុទ្ធ(តែរឿងពីមុន)។ វាចេញមកនាំគ្នាវិលអស់រលីង។ ប៉ុន្តែធម្មតា គឺខ្ញុំត្រូវតែឱ្យបទបញ្ជា។ បើពីរអាទិត្យយើងបើកម្ដង មុនៗខ្ញុំធ្លាប់តែណែនាំអញ្ចេះ មុនចូលឆ្នាំខ្មែរត្រូវតែបើកប្រាក់ឱ្យជាមួយនឹងប្រាក់ឧបត្ថម្ភសម្រាប់ចូលឆ្នាំ។ ធ្វើម៉េចឱ្យការបើកបៀវត្សរ៍ដែលពីរសប្ដាហ៍បើកម្ដង បើកឱ្យបាន ជាមួយនឹងប្រាក់ឧបត្ថម្ភចូលឆ្នាំត្រូវបើកឱ្យបាន។ បន្ទាប់ពីហ្នឹងទៅ គឺត្រូវចាប់ផ្ដើម(បើកលើកទី២)ចុងខែ។ ​សប្ដាហ៍ចុងក្រោយត្រូវបើកឱ្យស្រូតបន្តិច ព្រោះយកលុយទៅចាយចូលឆ្នាំអស់ហើយ យើងត្រូវបើកឱ្យលឿនបន្តិច។ ជាការណែនាំ។ ព្រោះចាយអស់ហើយ។ អញ្ចឹងត្រូវណែនាំ។ ព្រោះចាយទៅ ជួនកាលផឹក ហើយខ្មែរយើងផឹកមិនធម្មតាទេ។ ឥឡូវចេញមកមិនដឹងជាប៊ីយ៊ែរប៉ុន្មានម៉ាកទេ។ ប៊ីយ៊ែរច្រើនម៉ាកទៀតចេញមក។ យើងធ្លាប់មាន(ស្រាបៀ)កម្ពុជា, អង្គរ, ថាយហ្គឺ, LEO ហើយចេញមក ហនុមាន, គ្រុឌ មិនដឹងប៉ុន្មានម៉ាកទេ។ ផឹកយ៉ាងម៉េចផឹកទៅតែសូមកុំបើកបរ …។


កម្ពុជាមានភាពស៊ាំសហគមន៍ អាចប្រារព្ធចូលឆ្នាំខ្មែរ …


ឆ្នាំនេះគឺអត់មានថយក្រោយទេ។ ពិតមែនហើយឡាវបានប្រកាសប្រហែលជាមិនចូលឆ្នាំទេ ព្រោះឡាវកំពុងតែមានការឆ្លងក្នុងមួយថ្ងៃប៉ុន្មានជាជាង ២ ពាន់(នាក់)ក្នុងមួយថ្ងៃ។ ថៃក៏ឆ្លងមួយថ្ងៃឡើងជាង ២ ម៉ឺន(នាក់)ហើយស្លាប់ក្នុងរង្វង់ ៧០-៨០(នាក់)។ វៀតណាមម្សិលមិញចុះមកនៅ ១២ ម៉ឺននាក់គត់ ឆ្លង ហើយស្លាប់ ៧០នាក់។ កម្ពុជាថ្ងៃនេះ ឆ្លងប្រហែលជាខ្ទង់ ៦០ នាក់ តែចំនួនស្លាប់ គឺមិនទាន់ទេ។ ម្សិលមិញឆ្លង ៦២ នាក់ ស្លាប់ ២(នាក់) ប៉ុន្តែថ្ងៃនេះឆ្លងប្រហែលជាខ្ទង់ ៥០-៦០ នាក់ តែប៉ុណ្ណឹងទេ តែការស្លាប់ គឺមិនទាន់ចេញតួលេខមកទេ ព្រោះតាមមន្ទីរពេទ្យត្រូវតែធ្វើរបាយការណ៍ពីគ្រប់ទីកន្លែងមក។ ឡាវប្រហែលជាអាចនឹងមិនចូលឆ្នាំទេ ប៉ុន្តែសម្រាប់យើង គឺយើងអត់(មិនចូលឆ្នាំ)ទេ។


(យើងមាន)ភាពសុំាសហគមន៍ … ដែលអនុញ្ញាតអោយយើងចូលឆ្នាំ គ្រាន់តែសូមអោយបងប្អូនមានការប្រុងប្រយ័ត្នតែប៉ុណ្ណឹង បន្តរក្សាគម្លាត ពាក់ម៉ាស់ លាងដៃ។ ខ្ញុំអត់ទៅណាទេ។ ឆ្នាំហ្នឹងខ្ញុំនិយាយយ៉ាងច្បាស់ប្រាប់តែម្តងថា ខ្ញុំនឹងសម្រាកនៅកំពង់សោម។ ទៅលេងឯហ្នឹង។ មុជទឹកសមុទ្រ ៣ ថ្ងៃ ៣ យប់តែម្តង ប្រកាសអញ្ចឹងច្បាស់ជាកំពង់សោមត្រូវប៉ាន់ហើយ ព្រោះនាយករដ្ឋមន្ត្រីទៅលេងនៅហ្នឹង។ គាត់ទៅលេងដែរ។ កាលប៉ុន្មានឆ្នាំមុននោះគឺទៅសៀមរាប ទៅច្រើនអង្គរសង្ក្រាន្ត។ ឯឆ្នាំនេះ គឺថាទៅមាត់សមុទ្រម្តងហើយ។ ទៅហែលទឹក នាំកូន នាំចៅ។ ឥឡូវ Voice សម្លេងចូលទៅអោយកូន អោយចៅ ខ្លះគេថាបានទៅ ខ្លះគេថាគេអត់បានទៅ។


ឥឡូវជូនដំណឹង ព្រោះគង់តែទៅដដែល។ សម័យឥឡូវទៅ​លាក់ឯណា? គ្រាន់តែចេញដំណើរទៅ គេដឹងថាឡានលោក ហ៊ុន​ សែន ហើយ។ កូនណាចង់ទៅក៏ទៅ កូនណាមិនចង់ទៅអាហ្នឹងរឿងរបស់កូនចៅទេ។ មានតែវិធីហ្នឹង នៅក្នុងស្រុកអត់ចេញទៅណាទេ … ស្រុកឥឡូវហ្នឹង ទៅកន្លែងណាក៏យើងអាចមើលឃើញសភាពការណ៍។ យើងគ្រប់គ្រងសភាពការណ៍បាន។ នៅកំពង់សោមខ្ញុំក៏មាន Video Conference ចេញពីទីនោះ ឬក៏យើងធ្វើតាម ZOOM សូម្បីតែនៅក្នុងឡានរបស់ខ្ញុំ ខ្ញុំក៏អាចប្រជុំជាមួយនឹងបណ្តាខេត្ត ឬក៏បណ្តាអង្គភាពទ័ពបានដែរ អត់មានបញ្ហាទេ។ អញ្ចឹងគឺដូចបញ្ជាក់មុនអញ្ចឹង ប៉ុន្តែចាំមើលសួរម៉ែវាចេញថ្ងៃណា? ហើយមកវិញថ្ងៃណា? ដើរលេង។


ផលវិបាកសង្គ្រាមរុស្សីនិងអ៊ុយក្រែន ធ្វើអោយប្រេងឡើងថ្លៃ


… មើលអស់លោកអ្នកលក់ប្រេងទាំងអស់ ពេលចូលឆ្នាំហ្នឹងមើលទៅប្រេងឡើងដល់ថ្លៃប៉ុន្មាន? គ្រប់គ្រងលែងកើតហើយ តម្លៃប្រេងបច្ចុប្បន្ននេះ។ បើសិនជារុស្សីបញ្ឈប់ គេហៅថា បិទការផលិតប្រេងក្នុងមួយរយៈ មិនដឹងថាបញ្ហាទីផ្សារប្រេងវាយ៉ាងម៉េចទេ? ឥទ្ធិពលអាក្រក់ដែលចេញមកពីសង្គ្រាមរុស្សី និងអ៊ុយក្រែន គឺបានរងផលប៉ះពាល់ទូទាំងពិភពលោករួចស្រេចទៅហើយ នោះគឺតម្លៃប្រេង។ ឆ្នាំនេះ តម្លៃប្រេងនេះ វាក៏កាត់បន្ថយនូវការសប្បាយរបស់ប្រជាពលរដ្ឋមួយកម្រិតដែរ ដោយសារវាត្រូវចំណាយប្រាក់ច្រើនក្នុងការទិញប្រេង។


នោះហើយបញ្ហាវាទាក់ទងរឿងសន្តិភាព វានៅកន្លែងហ្នឹង។ ឥឡូវ ពិភពលោកកំពុងតែស្រែករកសន្តិភាព ស្រែករកបទឈប់បាញ់។ បើតាមការស្មានរបស់ខ្ញុំ នៅពេលដែលនិយាយអំពីសង្គ្រាម គឺប្រហែលជាពីម្ខាងទៅម្ខាង ត្រៀមនុយក្លេអ៊ែររៀងខ្លួនអស់ហើយ។ បើផ្ទុះនៅអឺរ៉ុប ជនជាតិនៅអឺរ៉ុបនឹងជាអ្នករងគ្រោះមុនគេ ឬពីវិទ្យុសកម្ម។ អាស៊ីប្រហែលជានៅឆ្ងាយជាងបន្តិច ក៏ប៉ុន្តែផលប៉ះពាល់ធំសម្បើមណាស់។


កម្ពុជាយើងបានឆ្លងផុតពីសង្គ្រាមដែរ ២៤ ឆ្នាំ រួចមកហើយ ដែលយើងមានសន្តិភាពពេញលេញ។ ចូលឆ្នាំនេះចាំមើល បើទោះបីថា សាំងឡើងថ្លៃ ក៏ប៉ុន្តែនៅតែដើរលេង ទៅដល់កន្លែងធ្លាប់ច្បាំងគ្នា ទៅជាតំបន់ទេសចរណ៍រួចស្រេចទៅហើយ … ខ្ញុំអត់ដែលទៅសោះគិរីរម្យ។ មិនដឹងថា យ៉ាងម៉េច? មិនដឹងជាតិមុនយ៉ាងម៉េច? វាឃ្វាងខ្ញុំជាមួយនឹងគិរីរម្យហ្នឹង ហើយអោយមានបំណងថា ចង់ឡើងគិរីរម្យក៏អត់ដែរ។ មិនមែនថា មិនចង់ទេ។ បានសេចក្តីថា អត់មានចំណូលចិត្តយ៉ាងម៉េចមិនដឹង? ចាំមើលថ្ងៃណាឡើងគិរីរម្យម្តង។ ប៉ុន្តែអត់ប្រាប់ទេ។ បើថាទៅ ទៅប្រុចតែម្តង។ បើមិនអញ្ចឹងយកទាហានទៅដាក់ពេញតាមតែផ្លូវ។​


ប៉ុន្មានថ្ងៃនេះ និយាយច្រើនពេកហើយ។ ម្សិលមិញប្រហែលជាបងប្អូនបានស្តាប់ហើយ ស្តាប់ឡើងវិញណា អ្វីដែលជាការចង្អុលទិសអំពីបញ្ហាកំណែទម្រង់លើឡូត៍នេសាទផ្តាច់ព្រ័ត្រ។ យកមកចាក់ឡើងវិញ គឺវាអត់មានអីខុសទេ។ យកតែអាហ្នឹងចង្អុលទិស បានសេចក្តីថា កំណែទម្រង់ផ្តាច់ព្រ័ត្រលើបញ្ហាឡូត៍នេសាទ ណែនាំច្បាស់លាស់ណាស់នៅក្នុងនោះ។ គ្រាន់តែម្តងៗទៅ នាំគ្នាភ្លេចបាត់ទៅ។ ដល់ភ្លេចទៅនាយករដ្ឋមន្ត្រីរំលឹកទៅបានទៅធ្វើវិញ។ ប៉ុន្តែម្សិលមិញដោយសារគេចាក់ម៉ោង ១១ ហើយខ្ញុំម៉ោង ១១ ហ្នឹងក៏មើលបន្តិចទៅ ប៉ុន្តែបាយរួចហើយក៏សម្រាក។ ដល់យប់មិញទូរទស្សន៍ CNC គេចាក់ឡើងវិញ។ ដល់គេចាក់ឡើងវិញមើលខ្លួនឯងស្តាប់អញ្ចឹងទៅ។ ដល់មើលយូរៗទៅ ទេ! រូបខ្ញុំថ្ងៃនោះ ខ្ញុំនិយាយថ្ងៃ ៨ ខែ មីនា ឆ្នាំ ២០១២ ឥឡូវមកដល់ខែ មីនា ឆ្នាំ ២០២២ (១០ឆ្នាំ) រូបខ្ញុំ ហើយរូបពីមុនសឹងប្រហែលគ្នា។ អញ្ចឹងអត់ទាន់ចាស់ទៅណាទេ។ ១០ ឆ្នាំទៀតក៏អត់បញ្ហា។ នៅប៉ុណ្ណឹងដដែល។ អាចខុសគ្នាប្រហែលអាចខុសទម្ងន់បន្តិច បើតាមមើលទៅ ព្រោះទម្ងន់កាលពីពេលនោះក៏ជាង ៨០ គីឡូដែរ ប៉ុន្តែមើលទៅក៏មិនទាន់ខុសគ្នាអីប៉ុន្មានដែរ។ ១០ ឆ្នាំមុន និង ១០ឆ្នាំក្រោយ ដូចជាមិនទាន់ទ្រុឌទ្រោមទៅណាផង។


គួរតែចម្លងនិងរៀបចំ “ការចង្អុលទិសពីបញ្ហាកំណែទម្រង់លើឡូត៍នេសាទផ្តាច់ព្រ័ត្រ” ជាឯកសារ


ឯកសារមាន ក៏ប៉ុន្តែគ្រាន់តែបណ្តាស្ថាប័នគាត់ភ្លេចយកទៅប្រើ។ ការណែនាំ ការពិតអាហ្នឹង វាត្រូវចម្លងរៀបចំទៅជាឯកសារវាជាការល្អ ដូចអារឿងផែនទីអំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ អញ្ចឹងការពន្យល់ យើងអាចយកវាជាការរៀបចំ។ អា YouTube នេះបង្ហោះបានតើ អស់លោកហ្នឹងទាល់តែយើងរំលឹក។ អាហ្នឹងបានជាខ្ញុំចេះតែថា ឯងខំបង្កើតស្ថាប័ន ខំបង្កើតក្រសួង រួចក្រសួងហ្នឹងវាមិនព្រមធ្វើការទៀត។ ការងាររបស់វា វាមិនធ្វើការ ហើយយើងវាពិបាក។ បើមិននិយាយវាមិនកើត ហើយនិយាយក្នុងបន្ទប់វាមិនលឺ ដល់និយាយទាល់តែនិយាយក្រៅ។ បើនិយាយក្នុងបន្ទប់ចេញទៅវាអត់ធ្វើដដែល ទាល់តែនិយាយខាងក្រៅ។


ការពិតកិច្ចការអស់ហ្នឹងក្រសួងព័ត៌មានក៏មាន, ប្រតិកម្មរហ័សក៏មាន អាស្អីក៏មាន បង្ហោះបញ្ចូលក្នុង YouTube ដល់ទៅពេលគេចង់មើល គេ Download មើលភ្លាមទៅ។ ទូរទស្សន៍ជាតិហ្នឹងវាបង្ហោះទៅ ហើយគ្រប់ Channel មានទាំងអស់ វាអត់យកមកធ្វើ។ មិនដឹងធ្វើម៉េចវា ហើយដាក់លេខកូដអីវាយទៅអំពីកំណែទម្រង់ឡូត៍នេសាទ គេវាយអាហ្នឹងចេញមក មើលសង្កថាហ្នឹងបានរួចស្រេចហើយ។ គ្រាន់តែយើងវាអត់ចេះធ្វើ បានជាត្រូវមាត់កាលពីម្សិលម្ងៃ ថ្ងៃ ២៣ (មីនា)។ ឥឡូវ ថ្ងៃទី ២៥។ ថ្ងៃទី ២៣ រំលឹកឲ្យចាក់។ ឥឡូវ ២៤ (មីនា)គេចាក់។ ថ្ងៃនេះ ២៥។


សំខាន់គឺស្ថាប័នបង្ហោះឲ្យច្រើនទៅ ហើយអាហ្នឹងវាមិនចាំបាច់ទៅចាក់តាមទូរទស្សន៍ ខ្លះគេចាក់តាមទូរទស្សន៍ទៅ ខ្លះគេបើកមើលអាហ្នឹងទៅ។ វាជាការចំណេញពេល​។ ណែនាំគ្រប់ផ្នែក តាំងពីកុំឲ្យកំណត់ចំនួនសន្ទូច។ នាំគ្នាទៅកំណត់ចំនួនសន្ទូច ខែវស្សាប៉ុន្មានទៅ ខែទឹកឡើងប៉ុន្មានទៅ កំណត់ចំនួនសន្ទូច។ អញ្ចឹងបានខ្ញុំនិយាយអស់កន្លែងនោះ បកស្រាយអំពីសន្ទូចនោះ បកស្រាយតាំងពីអ្វីទៅទ្រូ? អ្វីទៅលប? អ្វីទៅសៃ​យ៉ឺន? វាស៊ីសងនៅលើប្រឹសរបស់វាទេតើ។ ត្រូវយកមកបកស្រាយឡើងវិញ ដល់ធ្វើយូរៗទៅភ្លេចគោលការណ៍។


ផ្លូវ ៥១ អស់ថវិកាសរុបជាង ៥១ លានដុល្លារ


នេះគឺមានប៉ុណ្ណឹងទេ។ ថ្ងៃនេះ ខ្ញុំគិតថា យើងបានមកសម្ពោធ ហើយគ្រាន់តែបញ្ជាក់ផ្លូវនេះយើងបានចំណាយ ជាង ៤០ លាន អាហ្នឹងគឺជាថវិកាពីសាធារណរដ្ឋប្រជាមានិតចិន។ ក្រៅពីនោះ យើងក៏មានការចំណាយនូវថវិកាផ្ទាល់របស់យើងសម្រាប់គម្រោងមួយនេះ ដោះស្រាយផលប៉ះពាល់មានចំនួន ៣ ​៧០០ ០០០ និយាយលេខគត់។ បោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះអស់ ៤៩៥ ០០០។ អញ្ចឹង បើបូកទាំងពន្ធអាករ ១២% ស្មើនឹង ៥ លានទៀត ផ្លូវនេះយើងចំណាយ ៥១ លានដុល្លារ។ យើងគិតយ៉ាងដូច្នេះ គឺដើម្បីយើងងាយថា តើការរំលស់ទុនត្រឡប់មកវិញ ផលចំណេញក្នុងវិស័យសេដ្ឋកិច្ចនៃការកសាងផ្លូវមួយនេះ បានមកយ៉ាងម៉េច? នេះហើយជាគោលនយោបាយរបស់យើងទាក់ទងនឹងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។


រៀបចំនិងការពារសន្តិសុខ សម្រាប់ថ្ងៃសម្រាកចូលឆ្នាំថ្មីខាងមុខ


ឆ្នាំនេះ យើងឆ្លងពីឆ្នាំឆ្លូវ ជិតទៅដល់ឆ្នាំខាល។ សង្ឃឹមថា សត្វខ្លានៅឆ្នាំក្រោយនេះមិនជាកាចទេ។ ឥឡូវឆ្លូវ ប៉ុន្មានថ្ងៃទៀត ចូលដល់ខ្លា។ ខ្លាហើយចូលដល់ទន្សាយ។ ទន្សាយហើយចូលដល់នាគ។ នាគឆ្នាំខ្ញុំហើយ។ ខ្ញុំអត់ឆុងជាមួយឆ្នាំណាទាំងអស់ ព្រោះខ្ញុំឆ្នាំនាគរាជ។ សង្ឃឹមថា ចូលឆ្នាំថ្មីនេះ នាំគ្នាសប្បាយរីករាយជាមួយនឹងកិច្ចការពារឲ្យបានល្អសន្តិសុខតាមមូលដ្ឋាន បង្កលក្ខណៈសប្បាយរីករាយដល់ប្រជាជន។ បណ្ដាខេត្ត និងមូលដ្ឋានត្រូវត្រៀមរៀបចំពីឥឡូវ។ ខាងផ្នែកទេសចរណ៍ ក៏ត្រូវណែនាំទៅដល់វិស័យ​ទេស​ចរណ៍តាមផ្នែកនានា គ្រប់ទីកន្លែង ដើម្បីឲ្យគេត្រៀមរៀបចំ ព្រោះអ្នកដែលទៅលេងតាមមូលដ្ឋាននានាក៏មានច្រើន។ ឯខ្ញុំទីកន្លែងរបស់ខ្ញុំៗបានកំណត់ច្បាស់ហើយឆ្នាំហ្នឹង។ ដំបូងថារកទៅឲ្យពេទ្យពិនិត្យ។ តែអត់ទេ មួយឆ្នាំបានសម្រាកម្ដង ទៅរកពេទ្យពិនិត្យ ពេទ្យឆ្កឹះចុះឡើងៗទៀត ពិបាក។ ឥឡូវប៉ុណ្ណឹងទៅចុះ ព្រោះអត់មានជំងឺឈឺថ្កាត់អីដែរ។


ថ្ងៃនេះ ក៏បាននាំមកសម្រាប់សាលាស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ ចំនួន ២ លានរៀល។ ជូនសាលាស្រុកអង្គស្នួល ខេត្តកណ្ដាល ចំនួន ២ លានរៀល។ ជូនគ្រូពេទ្យប្រចាំការអង្គពិធីចំនួន ៣ លានរៀល។ ជូនក្រុមតន្រ្តីសម័យចំនួន ៥ លានរៀល។ ក្រុមតន្រ្តីសម័យចេះឬនៅ បទ «មរតកម៉ែខ្ញុំ»? ចេះទាំងពីរបទ … មរតកកូនខ្ញុំ អាហ្នឹងទាក់ទងនឹងគងពិសីទេណា ត្រូវចាំ។ វត្តក្ដីល្វាមានចម្រៀង ២ បទ។ បទមួយ «មរតកម៉ែខ្ញុំ» បទមួយទៀត «មរតកអ្នកមានគុណ» បទនេះគឺខាង BTV គេបានធ្វើថ្មី ប៉ុន្តែគេអត់បានធ្វើ «មរតកម៉ែខ្ញុំ» ទេ។ ឥឡូវច្រៀងបទណាក៏បានដែរ ព្រោះចម្រៀងក្នុងហ្នឹងមានប៉ុន្មានបទឯណោះ។ មរតកកូនខ្ញុំ នៅស្រុកគងពិសីឯណោះទៅវិញទេ … ហ្នឹងទាល់តែយើងដឹងដែរ ព្រោះដើរធ្វើសមិទ្ធផលត្រង់ហ្នឹង។ «មរតកអ្នកមានគុណ» គួរតែមាន បើថានេះ វាយចូលដោនឡូដចេញពី YouTube ចេញមកបាន អានោះបទបុរាណទេ …។


ថ្ងៃនេះ ជាមួយនឹងការសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៥១ ប្រវែង ៣៧ គីឡូម៉ែត្រ ចាប់ពីឧត្ដុង្គ ផ្លូវជាតិលេខ ៥ ដល់ថ្នល់ទទឹង ផ្លូវជាតិលេខ ៤ ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមប្រសិទ្ធពរជូនសម្រាប់ចំណងមិត្តភាពកម្ពុជា-ចិន រីកចម្រើនស្ថិតស្ថេរជាអមតៈ និងសូមជូនពរសម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី និងបងប្អូន ជនរួមជាតិទាំងអស់ សូមប្រកបដោយជោគជ័យ សិរីសួស្ដី ក្នុង​ឱកាសចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ដែលនឹងចូលមកដល់នៅពេលខាងមុខនេះ សូមប្រកបតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ៕

វិភាគអន្តរជាតិ៖ តើអាចនឹងមានកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ឬ?


(ឡុងដ៍)៖ រុស្ស៊ី និងអ៊ុយក្រែនកំពុងជជែកគ្នាពីកិច្ចព្រមព្រៀងសន្តិភាពមួយ ខណៈកងទ័ពនៃប្រទេសទាំង២ នៅតែបន្តបាញ់សម្លាប់គ្នាទៅវិញទៅមក នៅក្នុងសមរភូមិសង្រ្គាមដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ។ ប៉ុន្តែ ស្របពេលការវាយប្រយុទ្ធគ្នា និងកិច្ចចរចាបន្តធ្វើឡើងទន្ទឹមគ្នា តើភាគីជម្លោះទាំង២ អាចនឹងសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពដែរ ឬទេ?


មែនទែនទៅ, សំណួរនេះមិនពិបាកឆ្លើយទេ ព្រោះវាអាចទៅរួច។ បើតាមតួកគីដែលកំពុងព្យាយាមធ្វើកិច្ចសម្របសម្រួល, រុស្ស៊ី និងអ៊ុយក្រែនកាន់តែ ខិតជិតដល់កិច្ចព្រមព្រៀងនឹងគ្នាហើយ។ តែរឿងដែលសំខាន់ និងស្មុគស្មាញបំផុត នោះគឺថាតើកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងមានលក្ខណៈដូចម្ដេច?


នៅពេលប្រកាសបើកប្រតិបត្តិការយោធាពិសេសលើអ៊ុយក្រែន ដែលលោកខាងលិចហៅថាជា «ការឈ្លានពាន», លោកប្រធានាធិបតី ពូទីន បានចោទថាសហរដ្ឋអាមេរិកថាបាន និងកំពុងប្រើប្រាស់អ៊ុយក្រែនដើម្បីគំរាមកំហែងរុស្ស៊ី ហើយថានឹងការពារប្រជាជននិយាយភាសារុស្ស៊ីនៅក្នុង តំបន់ដុនបាសពីការអំពើប្រល័យពូជសាសន៍ប្រព្រឹត្តដោយរដ្ឋាភិបាលលោក ហ្សេលេនស្គី បើទោះជាអ៊ុយក្រែនច្រានចោលការចោទប្រកាន់បែបនេះ ក៏ដោយ។ ដូច្នេះតើអ្វីទៅជាបញ្ហាចម្បងនៃកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន?


* ទឹកដី៖ បញ្ហាទឹកដីនេះគឺជារឿងសំខាន់បំផុតសម្រាប់កិច្ចចរចា


រុស្ស៊ីកាលពីឆ្នាំ២០១៤ បានក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែន ហើយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បីថ្ងៃមុននឹងសង្រ្គាមផ្ទុះឡើង

លោក ពូទីនបានប្រកាសទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរ នៅភាគខាងកើតអ៊ុយក្រែនរួមមានលូហ្កាន់ (Lugansk) និងដូញ៉េត (Donetsk) ជារដ្ឋឯករាជ្យ។ លើសពីនេះទៅទៀត ចាប់តាំងពីការចាប់ផ្ដើមការវាយលុក កងទ័ពរុស្ស៊ីបានកាន់កាប់ទឹកដីមួយចំនួននៅខាងត្បូងនៃប្រទេស

អ៊ុយក្រែន និងស្ថិតនៅភាគខាងជើងតំបន់គ្រីមៀ, ទឹកដីនៅក្នុងតំបន់ក្រុមឧទ្ទាមផ្ដាច់ខ្លួន និងទឹកដីមួយចំនួន រាប់ពីភាគខាងកើតទៅភាគខាងលិចនៃ រដ្ឋធានីកៀវ ព្រមទាំងទឹកដទៃទៀត មានផ្ទៃយ៉ាងហោច ១៧០,០០០គីឡូម៉ែត្រក្រឡា ដែលស្មើប្រហាក់ប្រហែលនឹងផ្ទៃដីនៃប្រទេសទុយនីស៊ី ឬរដ្ឋ North Dakota របស់សហរដ្ឋអាមេរិក។


អ៊ុយក្រែនបានបញ្ជាក់ជាច្រើនលើកថាខ្លួននឹងមិនទទួលស្គាល់ទឹកដី ដែលរុស្ស៊ីកំពុងកាន់កាប់ជាដាច់ខាត ក្នុងនោះរួមមានគ្រីមៀ, តំបន់ផ្ដាច់ខ្លួន ២ គាំទ្រដោយទីក្រុងម៉ូស្គូ និងទឹកដីមួយផ្នែកធំទៀតដែលរុស្ស៊ីកំពុងកាន់កាប់។ ដ្បិតការទទួលស្គាល់ទឹកដីទាំងនេះជាកម្មសិទ្ធិរបស់រុស្ស៊ី នឹងប៉ះពាល់ ដល់អនាគតប្រទេសជាតិ និងមេដឹកនាំអ៊ុយក្រែន។


* អព្យាក្រឹតភាព


រុស្ស៊ីបានលើកឡើងជារឿយៗថាខ្លួនចង់ឱ្យអ៊ុយក្រែនក្លាយជាប្រទេសមានអព្យាក្រឹត។ តួយ៉ាង, ប្រមុខក្រុមមន្ត្រីចរចារុស្ស៊ី លោក វ្ល៉ាឌីមៀ មេឌីនស្គី

(Vladimir Medinsky) ធ្លាប់បាននិយាយថាអ៊ុយក្រែនគួរតែក្លាយជាប្រទេសអព្យាក្រឹតដូចជាអូទ្រីស ឬស៊ុយអែត។ ប៉ុន្តែសំណួរដែលគេមិនទាន់អាច ឆ្លើយបាន នោះគឺថាតើអ៊ុយក្រែនគួរតែជាប្រទេសអព្យាក្រឹតបែបណាទៅ? ក្រោយសហភាពសូវៀតរំលំរលាយ, សភាជាតិអ៊ុយក្រែននៅក្នុង សេចក្ដីថ្លែងការណ៍ក្នុងនាមជារដ្ឋអធិបតេយ្យកាលពីឆ្នាំ១៩៩០ បានបញ្ជាក់ពីបំណងរបស់ខ្លួនដោយចង់ឱ្យអ៊ុយក្រែនក្លាយជាប្រទេសអព្យាក្រឹត ជាអចិន្ត្រៃយ៍។


បើតាមលោក Medinsky កិច្ចពិភាក្សាក៏រាប់បញ្ចូលផងដែរពីការដាក់កំហិតលើចំនួនកងទ័ពអ៊ុយក្រែន។ កាលពីខែកុម្ភៈកន្លងទៅនេះ លោក ពូទីន បានស្នើការធានាសន្តិសុខ ហើយការធានា នោះគឺអ៊ុយក្រែនមិនអាចចូលជាសមាជិក NATO ជាដាច់ខាត ខណៈលោក ហ្សេលេនស្គី ក៏ធ្លាប់ទទួលស្គាល់ដែរថាអ៊ុយក្រែនមិនអាចចូលជាសមាជិក NATO បានឡើយក្នុងពេលដ៏ខ្លី ពីព្រោះថាគ្មានសមាជិកណាមួយត្រៀមលក្ខណៈ

ទទួលយកអ៊ុយក្រែននោះទេ។


* បញ្ហាប្រជាជននិយាយភាសារុស្ស៊ី


ភាសារុស្ស៊ីដែលប្រើប្រាស់ដោយប្រជាជននិយាយភាសារុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសតំបន់ភាគខាងកើតនៃប្រទេសគឺបញ្ហាមួយដ៏ធំ សម្រាប់ទីក្រុងម៉ូស្គូ។ អ៊ុយក្រែនកាលពីឆ្នាំ២០១៩ បានអនុម័តច្បាប់ថ្មីមួយដែលបានផ្ដល់ឋានៈពិសេសដល់ភាសាអ៊ុយក្រែន ហើយបានតម្រូវឱ្យប្រើ ជាកាតព្វកិច្ចចំពោះអ្នកធ្វើការនៅក្នុងស្ថាប័នរដ្ឋ។ ច្បាប់នេះក៏បានបង្គាប់ឱ្យពលរដ្ឋទាំងអស់ត្រូវតែមានចំណេះដឹង ឬនិយាយភាសាអ៊ុយក្រែនផងដែរ និងបានដាក់កាតព្វកិច្ចដូចគ្នាលើបុគ្គលិករដ្ឋ, ទាហាន, វេជ្ជបណ្ឌិត និងគ្រូបង្រៀន។


* ការធ្វើ វិ យោធកម្ម និង ប ដិ ណា ហ្ស៊ី នីយកម្ម


បើតាមលោក វ្ល៉ាឌីមៀ ពូទីន, អ៊ុយក្រែនបានអនុញ្ញាតក្រុមជាតិនិយមអ៊ុយក្រែនប្រកាន់យកមនោគមន៍វិជ្ជាណាហ្ស៊ី ប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងប្រជាជននិយាយភាសារុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ លោក ពូទីន បានចោទប្រកាន់ត្រង់ថាកងវរសេនាតូចអាហ្សូវ (Azov) ដែលជា ផ្នែកមួយនៃឆ្មាំការពារជាតិអ៊ុយក្រែនតែម្ដងថាជាអង្គការណាហ្ស៊ីដែលបានប្រព្រឹត្តទង្វើសាហាវយង់ឃ្នងលើជនស៊ីវិលរុស្ស៊ី និងឧក្រិដ្ឋកម្មសង្រ្គាម។


មិនតែប៉ុណ្ណោះ, នៅពេលប្រកាសធ្វើសង្រ្គាម, លោក ពូទីនផ្ទាល់ ក៏បានលើកឡើងផងដែរពីការធ្វើ វិ យោធកម្មនៅអ៊ុយក្រែន ដោយក្នុងនោះរួមមាន ទាំងការកំណត់ចំនួន ឬទំហំកងទ័ពរុស្ស៊ី រួមទាំងជំនួយយោធាបរទេស។ «ការធ្វើ វិ យោធកម្ម និង ប ដិ ណា ហ្ស៊ី នីយកម្ម» នេះឯងត្រូវបានលោក ពូទីន យកមកធ្វើជាហេតុផលនៃការសម្រេចចិត្តធ្វើសង្រ្គាមនៅអ៊ុយក្រែន។ យ៉ាងណាក៏ដោយ លោក ហ្សេលេនស្គីបានអះអាងថារាល់ការធ្វើសម្បទាន ឬកិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៊ី នឹងត្រូវដាក់ឱ្យឆ្លងកាត់ការបោះឆ្នោតប្រជាមតិ ស្របពេលលោក ទទូចជាច្រើនដងចង់ជួបចរចាដោយផ្ទាល់ជាមួយលោក ពូទីន។


គួរបញ្ជាក់ថា ពាក្យថា « វិ យោធកម្ម» ឬ Demilitarization ជាភាសាអង់គ្លេស គឺចង់សំដៅទៅលើសកម្មភាពកាត់បន្ថយ ឬរំសាយចោលទាំងស្រុង

តែម្ដងនូវសព្វាវុធ និងវត្តមានយោធានៅក្នុងតំបន់ភូមិសាស្រ្តណាមួយ។ ចំណែឯ ប ដិ ណា ហ្ស៊ី នីយកម្ម ឬ Denazification មានន័យថាជាមនោគមន៍ វិជ្ជានយោបាយមួយដែលភ្ជាប់ខ្លួន ឬទទួលយកមនោគមន៍វិជ្ជារបស់គណបក្សជាតិនិយមអាល្លឺម៉ង់ណាហ្ស៊ីរបស់អតីតមេដឹកនាំ អា ដុល ហ្វ៍ ហ៊ី ត្លែរ (Adolf Hitler) ៕


ប្រភព៖ Reuters (ថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២)

ដោយៈ Fresh News