Monday, November 23, 2020

អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីពិនិត្យការដ្ឋានសួនច្បារ និងហេដ្ឋារចនាសម្ពន្ធ័នានា នៅរង្វង់មូលតោ២

ព្រះសីហនុ៖​ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីពិនិត្យការដ្ឋានសួនច្បារ និងហេដ្ឋារចនាសម្ពន្ធ័នានា នៅរង្វង់មូលតោ២ និងទីតាំងនៅជុំវិញនោះ ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា នៅពីមុខរង្វង់មូលតោ២ រដ្ឋបាលខេត្តកំពុងស្ថាបនាកែលម្អជាសួនច្បារបន្ថែម ទុកជាកន្លែងសាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកកំសាន្ត ។ ជាមួយគ្នានេះ តំបន់ជុំវិញរង្វង់មូលតោ២ ក៏ត្រូវបានរៀបចំកែលម្អសោភណ្ឌ័ភាពមួយចំនួនទៀតដែរ ហើយគម្រោងនេះនឹងរួចរាល់ជាស្ថាពរនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២១ខាងមុខ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានដឹកនាំមន្ត្រីអញ្ជើញពិនិត្យ និងជំរុញការស្ថាបនាហេដ្ឋារចនាសម្ពន្ធ័តាមផ្លូវថ្នល់មួយចំនួនទៀតក្នុងក្រុងព្រះសីហនុ ដើម្បីឲ្យគម្រោងទាំងអស់ បញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខដូចគ្នា៕






រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រុងពលីស្ថាបនាផ្លូវចូលទៅកាន់តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស

 កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ឈឹម ស្រីមុំ អញ្ជើញក្នុងពិធីក្រុងពលី សុំសេចក្តីសុខ សប្បាយ និងស្ថាបនាផ្លូវចូលទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិលស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមការពារ អភិរក្សធនធានធម្មជាតិ ព្រៃឈើដែលជាជម្រកសត្វព្រៃ និងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងទន្រ្ទានដីព្រៃរបស់រដ្ឋ ដែលបានហាមឃាត់ និងគ្មានការអនុញ្ញាត៕







រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករ

 កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយប្រតិភូក្រសួង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅឃុំគោកបន្ទាយ ស្រុករលៀប្អៀ និងនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោករដ្ឋមន្ត្រីបានចូលរួមអបអរចំពោះសកម្មភាពដ៏រស់រវើករបស់បងប្អូនប្រជាកសិករក្នុងការស្តារផលិតកម្មស្រូវឡើងវិញ នេះសរបញ្ជាក់ឲ្យឃើញថាពួកគាត់បានយកចិត្តទុកដាក់ស្តារផលិតកម្មស្បៀងឡើងវិញបានទាន់ពេលវេលា ហើយសង្ឃឹមថាពួកគាត់នឹងទទួលបានផ្លែផ្កាដូចការរំពឹងទុក។ ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រីបានណែនាំឲ្យបងប្អូនយកចិត្តទុកដាក់លើការគ្រប់គ្រងទឹក និងឧស្សាហ៍ចុះស្រែដើម្បីមើលថែទាំ និងការពារសត្វចង្រៃផ្សេងៗ កុំឲ្យមកបំផ្លាញស្រូវ។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមកាងាររាជដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បាននាំយកពូជស្រូវចំនួន ១៧១តោនដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកចែកជូនបងប្អូនប្រជាកសិករ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា លទ្ធផលនៃការស្តារដំណាំស្រូវនៅតាមបណ្តាស្រុក ក្រុងទាំង៦ គិតមកទល់ពេលនេះសម្រេចបានចំនួន ៤៦៦ហ.ត នៃផ្ទៃដីខូចខាតចំនួន ១ ៧៩២ ហ.ត ហើយកំពុងបន្តស្តារដំណាំស្រូវឡើងវិញលើផ្ទៃដីដែលនៅសេសសល់៕







រដ្ឋមន្រ្តីទេសចរណ៍ និងអភិបាលខេត្តកំពង់ធំ នាំសប្បុរសជនចុះចែកអំណោយជូនពលរដ្ឋ ៧៥០គ្រួសារនៅស្រុកស្ទោង

 កំពង់ធំ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីរាជការ និងក្រុមសប្បុរសជនចុះចែកអំ​ណោ​យជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៧៥០ គ្រួសារមកពីឃុំចំនួន ៥ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ។

សកម្មភាពសប្បុរសធម៌នេះធ្វើឡើងនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការក្រុមសប្បុរសជនចំនួនបីក្រុមមកពីលោក សូ មែនឃីត (So Mankit) អនុប្រធាន និងជាអគ្គលេខាធិការងនៃសមាគមពាណិជ្ជកម្ម និងការបរទេសចិនហុងកុង និងម៉ាកាវប្រចាំកម្ពុជា និងជាតំណាងលោកឧកញ៉ា យុម ស៊ួយសាង (Yum Suisang) ប្រធានសមាគមពាណិជ្ជកម្មហុងកុងប្រចាំកម្ពុជា ព្រមទាំងលោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា។

នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បាននាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ហ៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិសេសក្នុងពេលទឹកជំនន់ រាជរដ្ឋាភិបាលដែលមានលោក ហ៊ុន សែន ជាប្រមុខ បានគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ការជួយសង្គ្រោះអាយុជីវីត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបានចុះដោយផ្ទាល់នៅទីកន្លែងដែលរងគ្រោះ ដោយបានចែកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈចាំបាច់បានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ ស្លាប់ដោយអត់អាហារឡើយ។ អាចនិយាយបានថា ទីណាមានការលំបាក ទីនោះមានរាជរដ្ឋាភិបាល មានសម្តេចតេជោនាយករដ្ឋមន្រ្តី មានគណបក្សប្រជាជនកម្ពុជា និងមានសប្បុរសជនទាំងក្នុង និងក្រៅប្រទេស នៅតាមជួយប្រជាពលរដ្ឋជានិច្ច។

ជាងនេះទៀត ក្រោយទឹកជំនន់ រាជរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យ និងស្តារហេដ្ឋារចនាសម្ពន្ធដែលខូចខាតឡើងវិញ ដូចជាសាលារៀន វត្តអារាម មន្ទីរពេទ្យផ្លូវថ្នល់ ផ្លូវលំ ស្ពាន ទំបន់ ប្រឡាយទឹកជាដើម និងជំរុញវិស័យកសិកម្ម ការដាំដុះឡើងវិញដើម្បីជួយស្តារសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនឡើងវិញ តាមរយៈការចែកស្បែងអាហារ និងស្រូវពូជជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដើម្បបង្កបង្កើនផល និងដាំដុះឡើងវិញ។

សម្រាប់ខេត្តកំពង់ធំបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងជាង ៦,០០០ គ្រួសារ។ ចាប់តាំងពីទឹកជំនន់រហូតមកដល់បច្ចុប្បន្ននេះ គឺបានទទួលនូវព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ និងសម្ដេចម៉ែ អំណោយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី អំណោយរបស់ព្រឹទ្ធសភា រដ្ឋសភា កាកបាទក្រហមកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងអំណោយរបស់សប្បុរសជននានា ដោយបានធ្វើការចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ និងក្រីក្របានប្រមាណ ៦,០០០ គ្រួសាររួចមកហើយ។

ដោយសារកម្ពុជា ក៏ដូចជាពិភពលោកមិនទាន់រួចផុតពីវិបត្តិជំងឺកូវីដ-១៩ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ កងកម្លាំង មន្ត្រីរាជការ ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ចំពោះការបង្ការ ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវនេះ។

លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំរូបនេះ ក៏បានផ្ដាំផ្ញើដល់ប្រជាកសិករត្រូវត្រៀមខ្លួនក្នុងការបង្កបង្កើនផលនៅរដូវខាងមុខ ពិសេសត្រូវត្រៀមពូជស្រូវ និងពូជដំណាំផ្សេងទៀត ទប់ទឹកទុកសម្រាប់ប្រើប្រាស់ក្នុងការស្រោចស្រព និងត្រូវបង្កើនការចិញ្ចឹមសត្វយកសាច់ ដើម្បីផ្គត់ផ្គង់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

សូមជម្រាបថា អំណោយចែកជូនប្រជាពលរដ្ឋទាំង ៧៥០ គ្រួសារនាពេលនោះ រួមមានអង្ករ ១៨.៧៥ តោន មី ១,៥០០ កេស ទឹកបរិសុទ្ធ ៧៥០ កេស ត្រីខកំប៉ុង ៧៥០ យួរ ទឹកស៉ីអ៉ីវ ៧៥០ យួរ ថ្នាំពេទ្យ Tiffy ៣,៧៥០ បន្ទះ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម មី ២ កេស ទឹកបរិសុទ្ធ ១ កេស ត្រីខកំប៉ុង ១ យួរ ទឹកស៉ីអ៉ីវ ១ យួរ ថ្នាំពេទ្យ Tiffy ៥ បន្ទះ៕





លោក គន់ គីម ចុះពិនិត្យការបង្ករបង្កើនផលស្តារឡើងវិញរបស់ប្រជាពលរដ្ឋក្នុងស្រុកបាកាន

 ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យការបង្ករបង្កើនផលស្តារឡើងវិញរបស់ប្រជាពលរដ្ឋក្នុងស្រុកបាកាន ខេត្ត ពោធិ៍សាត់។

ស្រូវពូជ ១៨៤៦តោនជាអំណោយដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋ១៨៤៦០គ្រួសារ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង កំពុងត្រូវបានស្តារឡើងវិញ ជាបន្តបន្ទាប់ក្នុងផ្ទៃដីខូចខាត ១៨៤៦០ហិកតា ដែលរហូតមកដល់ពេលនេះ ស្តារឡើងវិញបាន ជាង៦ពាន់ហិកតាហើយ៕





រដ្ឋបាលខេត្តកំពង់ឆ្នាំងជូនដំណឹងស្ដីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ពាក់ព័ន្ធនឹងក្បាលដីទាំងអស់ស្ថិតនៅភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស

 កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែរមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យ គណៈកម្មការរដ្ឋបាល នឹងធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារសុរិយោដី ដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន និងអង្គភាពពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើមេត្តាចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬទំនាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល ១៥ ថ្ងៃ(ដោយរាប់បញ្ចូលទាំងថ្ងៃឈប់ សម្រាក) គិតចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ជាកំហិត ស្ថិតនៅក្នុងសាលាបុណ្យគោកពួច ស្ថិតនៅភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ផុតកំណត់ខាងលើគណៈកម្មការសន្មត់ថា ទិន្នន័យដែលបានបើកចំហជូនពិនិត្យជាសាធារណៈនេះមានភាពត្រឹមត្រូវហើយមិនអាចជំទាស់តវ៉ានៅពេលក្រោយបានទៀតឡើយ។

សូមបញ្ជាក់ថា ផុតរយៈពេលកំណត់នៃការបិទផ្សាយជាសាធារណៈនេះគណៈកម្មការរដ្ឋបាលនិងធ្វើការបូកសរុប និងលើកសំណើទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យសម្រេចបញ្ជូនឱ្យរដ្ឋបាលសូរិយោដីចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខខណ្ឌតាមច្បាប់។ គណៈកម្មាធិការរដ្ឋបាលនឹងដាក់ទីតាំងបណ្ដោះអាសន្ននៅកន្លែងបិទស្រាយដើម្បីចាំទទួលពិគ្រោះ និងផ្ដល់យោបល់ដល់អ្នកដែលមានសំណូមពរ៕



លោក ម៉ែន វិបុល ចុះចែកអំណោយមនុស្សធម៌ជូនដល់ជនងាយរងគ្រោះចាស់ជរាសរុប ១០៦ គ្រួសារ មកពី ១០ ឃុំ ក្នុងស្រុករំដួល

 ស្វាយរៀង៖ នៅព្រឹកថ្ងៃអាទិត្យទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តជូនដល់ជនងាយរងគ្រោះ ចាស់ជរា ៤៣ គ្រួសារ ជនពិការ ៥ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ៥៨ គ្រួសារ សរុប ១០៦ គ្រួសារ មកពី ១០ ឃុំក្នុងស្រុករំដួល ស្ថិតសាលាស្រុករំដួល ក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ក្នុងនាមគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវគណៈកម្មាធិការសាខាជាច្រើនរូបទៀតផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោកស្រី ម៉ែន សំអន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខ ទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រី បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះគឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសាទឹកដាំពុះ ហូប ស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ អោយសោះត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលព្រោះមួយរយៈពេលដ៏ខ្លីនេះមានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង ។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង១០៦ គ្រួសារ ក្នុង១ គ្រួសារទទួលបាន អង្ករ ៣០ គីឡូក្រាម មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (មុង១ ភួយ ១ ក្រមា ១ សារុង ១) និងថវិកា ៥០,០០០រៀល៕







អំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានចែកជូនបងប្អូនប្រជាពរដ្ឋចំនួន៤ឃុំនៅក្នុងស្រុកក្រគរ ចំនួន៧៨១៩គ្រួសារ

 ពោធិ៍សាត់៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងារចុះជួយស្រុកក្រគរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលចែកជូនបងប្អូនប្រជាពរដ្ឋចំនួន៤ឃុំនៅក្នុងស្រុកក្រគរ ចំនួន៧៨១៩គ្រួសារ។

គ្រួសារទាំងអស់រួមមាន៖
១.ឃុំក្បាលត្រាច ចំនួន ៣១០៤ គ្រួសារ
២.ឃុំកំពង់លួង ចំនួន ៩៨៧ គ្រួសារ
៣.ឃុំអូរសណ្ដាន់ ចំនួន ១៨៤២ គ្រួសារ
៤.ឃុំកំពង់ពោធិ៍ ចំនួន ១៨៨៦ គ្រួសារ៕