Monday, March 31, 2014
បទអត្ថាធិប្បាយ ដោយ សៅ សុភៈ «គណបក្សសង្គ្រោះជាតិ ប៉ុនប៉ងបិទដង្ហើមសង្គមជាតិគ្រប់ច្រក តាមរយៈការវិលទៅរករូបមន្ត២ភាគ៣»
បទអត្ថាធិប្បាយ
គណបក្សសង្គ្រោះជាតិ
ប៉ុនប៉ងបិទដង្ហើមសង្គមជាតិគ្រប់ច្រក
តាមរយៈការវិលទៅរករូបមន្ត២ភាគ៣
ការផ្លាស់ប្តូរគោលជំហរជាថ្មីរបស់គណបក្សសង្គ្រោះជាតិ
ដោយលើកយករូបមន្ត២ភាគ៣ចូលក្នុងតុចរចា បានបង្កើតនូវការបង្អាក់ និងបង្កភាពរាំងស្ទះដល់កិច្ចប្រជុំនៃក្រុមការងារគណៈកម្មការចម្រុះរវាងគណបក្សទាំងពីរ
ដែលគេបានមើលឃើញថា គណបក្សសង្គ្រោះជាតិកំពុងបោះដុំដែកដែលជាងងើគដ៏ក្រហមឆ្អៅ
ទម្លាក់មកលើគណបក្សប្រជាជនកម្ពុជា ហើយដែលកម្តៅនោះអាចនឹងនាំឱ្យមានគ្រោះថ្នាក់ដល់សង្គមជាតិទាំងមូល
ដោយសារឧបាយកលនេះ។
ក្នុងទឹកចិត្តរបស់ប្រជាជនកម្ពុជា
ពិតណាស់ គឺមិនចង់វិលទៅរកអតីតកាលដ៏ជូរចត់នោះទេ
ទាំងការកាប់សម្លាប់ដូចក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត និងទាំងការជាប់គាំងនៃស្ថានការណ៍នយោបាយ
ពីព្រោះថា ប្រជាជនកម្ពុជា ធ្លាប់បានហែលឆ្លងកាត់នូវវិបត្តិដ៏រាំរ៉ៃនោះនិងឆ្អែតឆ្អន់មិនចង់ឃើញទៀតឡើយ។
ប៉ុន្តែ គណបក្សសង្គ្រោះជាតិ ហាក់បីដូចជាមិនបានអើពើទៅនឹងកង្វល់ពិតប្រាកដរបស់ប្រជាពលរដ្ឋនោះទេ
ផ្ទុយទៅវិញគណបក្សប្រឆាំងរិតតែសម្ញើញឬទ្ធិ ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ
និងបង្កើតបញ្ហាថ្មីៗតាមគ្រប់រូបភាព ហាក់ដូចជាចង់បង្ហាញថា មានតែគណបក្សរបស់ពួកគេតែប៉ុណ្ណោះដែលគិតពីជាតិ
និងធ្វើអ្វីៗគ្រប់យ៉ាងគោរពតាមឆន្ទៈពលរដ្ឋ។
ដើម្បីបានសម្រេចគោលដៅរបស់ខ្លួន
មេដឹកនាំគណបក្សសង្គ្រោះជាតិដែលគ្មានបេះដូងស្រឡាញ់សន្តិភាពបន្តិចសោះនោះ
បានបង្ខំចិត្តដើរចេញចាកឆ្ងាយពីរង្វង់ច្បាប់ជាហូរហែរ ដូចអ្វីដែលគេបានដឹងជាបន្តបន្ទាប់នូវពុតត្បុតទាំងនោះ
តាមរយៈ ការបង្កនូវភាពក្តុងខ្ទាំង អូសទាញ ញុះញង់ អុចអាល ដុតបញ្ឆេះកំហឹងមហាជនឱ្យចូលក្នុងល្បែងនយោបាយដែលពួកគេធ្លាប់លេងអស់ពេល៥អាណត្តិមកហើយ
ហើយល្បែងនេះនៅតែជាទីពេញនិយមសម្រាប់កំដរដៃក្រុមពួកគេដដែល។
គណបក្សសង្គ្រោះជាតិ
មិនធ្លាប់ដែលហ៊ានចេញមកសារភាពនោះទេ នូវរាល់កំហុសនានាដែលខ្លួនបានបង្កឡើង
ដូចជា ប្រើល្បិចក្នុងពេលរាល់មានកិច្ចចរចា តែងតែប្រកូកប្រកាសធ្វើបាតុកម្ម
ក៏ដូចជាទាមទារចង់ឱ្យភាគីចរចាត្រូវតែយល់ព្រមធ្វើតាមសំណូមពរដែលពួកគេចង់បានជាមុនសិន
ទើបនិយាយគ្នាបន្តទៀតដើម។ល។។
ប៉ុន្តែ
ក្នុងចំណោមបញ្ហានានាដែលគណបក្សប្រឆាំងទាមទារ វាហាក់ដូចជាដាក់ការគាបសង្កត់ជ្រុលហួសហេតុមកលើគណបក្សប្រជាជនកម្ពុជា
ហើយដែលសំណើទាំងនោះគណបក្សកាន់អំណាច មិនអាចនឹងទទួលយកបាន ក្នុងនោះ
ដូចជា ការទាមទារក្នុងការកំណែទម្រង់ការបោះឆ្នោត ដោយចង់បានឱ្យ គជប ទៅជា
ស្ថាប័នធម្មនុញ្ញ ហើយសមាសភាពរបស់ គជប ត្រូវតែអនុម័តដោយសម្លេង២ភាគ៣ នោះ
គឺជាការដើរវិលថយក្រោយ និងក៏អាចចាត់ទុកថា មេដឹកនាំគណបក្សប្រឆាំងកំពុងតែបំពានលើការសម្រេចចិត្តរបស់ខ្លួនកាលពីអតីតកាល។
រូបមន្ត២ភាគ៣ នាពេលកន្លងមក
បាននាំឱ្យសភាជាប់គាំង និងកម្ពុជាប្រឈមនឹងវិបត្តក្នុងពេលដ៏វែង។ គណបក្សសង្គ្រោះជាតិបានដឹងយ៉ាងច្បាស់ណាស់ថា
រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ គឺតម្រូវឲ្យមានការអនុម័តច្បាប់
និងរាល់ឯកសារគតិយុត្តិផ្សេងៗ
ដោយសំឡេង ២ ភាគ ៣ នៃសមាជិករដ្ឋសភា ហើយរាល់ពេលដំណើរការអនុម័តច្បាប់ម្តងៗ
តែងតែជួបប្រទះនូវវិបត្តិជាញឹកញាប់ ជាពិសេស គឺវិបត្តិនៃការខ្វះកូរ៉ុមកនៃកិច្ចប្រជុំសភា
ដែលគណបក្សមានសំឡេងភាគតិចនៅក្នុងរដ្ឋសភា
តែងតែយកគណបក្សឈ្នះឆ្នោតដែលមានសំឡេងភាគច្រើនជាចំណាប់ខ្មាំង
ដើម្បីផលប្រយោជន៍នយោបាយរបស់បក្សខ្លួនជានិច្ច។
ដោយយល់ច្បាស់អំពីបញ្ហាអស់ទាំងនេះហើយ
ទើបកាលណោះ ក្នុងឆ្នាំ ២០០៦ លោក សម រង្ស៊ី
ផ្ទាល់ បានធ្វើលិខិតស្នើទៅសម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ និងគណបក្សប្រជាជនកម្ពុជា សុំឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពីការអនុម័តសម្លេង
២ ភាគ ៣ មក ៥០ ភាគរយបូក ១វិញ
ដែលរូបមន្តថ្មីនេះ បាននាំឲ្យកម្ពុជា គេចផុតពីភាពជាប់គាំងនយោបាយ រហូតមកទល់បច្ចុប្បន្ននេះ
។
តើហេតុដូចម្តេចបានជាមកដល់ស្ថានការណ៍ចុងក្រោយនេះ
គណបក្សសង្គ្រោះជាតិបែរជាខ្លាចរូបមន្ត ៥០ភាគរយ បូក ១
ដែលខ្លួនធ្លាប់ជាអ្នកស្នើកាលពីអតីតកាលនោះទៅវិញ?
ការចាញ់ឆ្នោតជាបន្តបន្ទាប់
អាចជាមូលដ្ឋានបណ្តាលឱ្យគណបក្សសង្គ្រោះជាតិ ប៉ាន់ប្រមាណខ្លួនឯងថា
ការសម្រេចចិត្តកាលណោះ គឺដោយសារការជឿជាក់លើខ្លួនឯងហួសហេតុពេក ថា
អាចនឹងដណ្តើមជ័យជំនះលើគណបក្សប្រជាជនកម្ពុជាបាន ប៉ុន្តែ នៅទីបំផុត
គណបក្សសង្គ្រោះជាតិបានស្ថិតក្នុងសភាព ចាញ់ និងបាក់ស្បាត
ទើបយកឱកាសដែលខ្លួនកំពុងចាញ់នេះ បន្លំភ្នែកប្រជាពលរដ្ឋ
ងាកទៅរករូបមន្តចាស់វិញ
ដើម្បីបន្តរុញច្រានស្ថានការណ៍ឱ្យចូលក្នុងអន្ទាក់ដែលពួកខ្លួនចង់បាន។
ការផ្លាស់ប្តូរឆន្ទៈនយោបាយ
ដ៏ក្រឡាប់ចាក់បែបនេះ
គឺបានបង្ហាញនូវពុតត្បុតដ៏អាក្រក់របស់គណបក្សដែលចាញ់ឆ្នោត គឺគ្មានអ្វីដែលច្បាស់លាស់ក្នុងការសម្រេចចិត្តនោះទេ។
បើបញ្ហាជាតិធ្វើតាមអារម្មណ៍បែបនេះ
ប្រទេសជាតិនឹងជួបគ្រោះអន្តរាយដោយសារពួកគេទាំងនោះ។
ដូចនេះ ដើមហេតុនៃការបង្កឲ្យមានការអាក់ខានការចចាររវាងគណបក្សទាំងពីរ
មិនមែនកើតឡើងដោយសារការជំទាស់របស់គណបក្សប្រជាជនកម្ពុជានោះទេ
គឺពិតជាកើតចេញពីការចាប់បង្ខំទៅលើគណបក្សប្រជាជនកម្ពុជាឱ្យធ្វើការឆ្លើយតប
និងយល់ព្រមទៅលើសំណើដែលផ្ទុយពីច្បាប់
ហើយច្បាប់នេះទៀតសោត នៅមានតម្លៃជាធរមាន និងប្រកបដោយអានុភាពទៀតផង។
វារិតតែគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សង្គមជាតិ
ពីព្រោះ ក្នុងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺរដ្ឋធម្មនុញ្ញ ជំពូកទី
៧ មាត្រា ៧៦ នៅក្នុងវាក្យខណ្ឌចុងក្រោយ បានចែងយ៉ាងច្បាស់ថា
អង្គការរៀបចំការបោះឆ្នោត នីតិវិធី និងបទបញ្ជានៃការបោះឆ្នោត
ត្រូវបានកំណត់ដោយច្បាប់បោះឆ្នោត។ បើបែបនេះ
តើស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាំបាច់ ក្លាយជាស្ថាប័នធម្មនុញ្ញ
នឹងត្រូវជ្រើសតាំងសមាសភាពសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថា
គ.ជ.ប នោះ ដោយសំឡេងបោះឆ្នោតគាំទ្រចំនួន ២ ភាគ ៣ នៃសមាជិករដ្ឋសភាដែរ ឬទេ?
ម៉្យាងវិញទៀត
ក្នុងបរិបទនេះ គឺគេបានដឹងច្បាស់ណាស់ថា
ប្រសិនជាធ្វើតាមសំណើរបស់គណបក្សសង្គ្រោះជាតិ ប្តូររូបមន្តពី៥០ភាគរយ
បូក១ មក ២ភាគ៣មែននោះ បញ្ហាទាំងអស់នឹងជាប់គាំង ពីព្រោះថា
គណបក្សសង្គ្រោះជាតិ នឹងមិនអោយមានការអនុម័តអ្វីបានទាំងអស់ និយាយជារួម
រាល់សំណើណាមួយរបស់គណបក្សប្រជាជន ក្នុងការពន្លឿនប្រសិទ្ធិភាពក្នុងការអនុវត្តច្បាប់នានា
ប្រាកដជានឹងត្រូវបានបដិសេធដោយគណបក្សជំទាស់។
នោះហើយជាពហុវិបត្តិជាថ្មីរបស់កម្ពុជា ។
ក្នុងនាមជាគណបក្សកាន់អំណាច
គេនឹងមិនអនុញ្ញាតឱ្យគណបក្សចាញ់ឆ្នោតរុញស្ថានការណ៍ វិលទៅរកភាពអាក្រក់វិញនោះឡើយ។
លើសពីនេះទៅទៀត បើ គ.ជ.ប ពិតជាត្រូវអនុម័តដោយសំឡេង ២ ភាគ ៣
នោះភាពជាប់គាំងកាន់តែមានសភាពធ្ងន់ធ្ងរជាងរូបមន្ត ២ ភាគ ៣
នៃការបង្កើតរាជរដ្ឋាភិបាលទៅទៀត ព្រោះថា អតីតកាល
រដ្ឋធម្មនុញ្ញមាត្រា ៩០ វាក្យខណ្ឌទី ៨ បានសរសេរថា (រដ្ឋសភាបោះឆ្នោត ទុកចិត្តដល់រាជរដ្ឋាភិបាលតាមមតិគាគច្រើន
២ ភាគ ៣ នៃសមាជិកសភាទាំងមូល) ហើយរូបមន្តនេះ
បានធ្វើឲ្យមានការជាប់គាំងនយោបាយនៅក្រោយការបោះឆ្នោតម្តងៗតែប៉ុណ្ណោះ។
ប៉ុន្តែ ក្រោយមក ដោយឆន្ទៈនយោបាយក្នុងការបង្រួបបង្រួមជាតិរបស់គណបក្សប្រជាជនកម្ពុជា
បានទម្លុះទម្លាយនៃភាពជាប់គាំងនេះ ដោយមានការបង្កើតរាជរដ្ឋាភិបាលចម្រុះ រវាងគណបក្ស ប្រជាជនកម្ពុជា
និងគណបក្សហ៊្វុនស៊ីនប៉ិច ។ ប៉ុន្តែ បើ ២ ភាគ ៣ មិនអាចបង្កើត គ.ជ.ប វិញនោះ នៅកម្ពុជាក៏មិនអាចមានការបោះឆ្នោតបាន
ហើយបើមិនបានបោះឆ្នោតក៏មិនអាច មានរាជរដ្ឋាភិបាល
ហើយបើមិនមានរាជរដ្ឋាភិបាល ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា
ពិតជាត្រូវបានបំផ្លាញ។
តើមេរៀនប្រវត្តិសាស្ត្រដែលនាំដល់ការជាប់គាំងនយោបាយនេះ
គួរត្រូវបានជ្រើសយក
មកអនុវត្តទ្បើងវិញនៅកម្ពុជា
ក្រោមហេតុផលដោះស្រាយវិបត្តិនយោបាយដែរ ឬទេ?
ការប៉ុនប៉ងប្រើកលល្បិចរបស់មេដឹកនាំគណបក្សប្រឆាំង
ដើម្បីឱ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិ ជាថ្មី គឺមិនមែនជាបំណងរបស់ប្រជាពលរដ្ឋនោះឡើយ។
ទោះយ៉ាងណា គេរំពឹងថា រាជរដ្ឋាភិបាលកម្ពុជាដែលប្រសូតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ
សេរីពហុបក្ស ប្រាកដជាមានកាតព្វកិច្ចការពារជាតិ ហើយនឹងប្រកាន់យកគ្រប់វិធានការទាំងអស់
ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារបាវចនាជាតិ សាសនា ព្រះមហាក្សត្រ
និងជាពិសេសការពារលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
ក៏ដូចជាធានានូវប្រក្រតីភាពនៃដំណើរការសង្គម និងសេដ្ឋកិច្ច
ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នឹងមិនធ្វើអ្វី
ដើម្បីបំពេញចិត្តក្រុមបក្សប្រឆាំង
ហើយមកបំផ្លាញផលប្រយោជន៍រួមរបស់ជាតិនោះទេ៕
មេដឹកនាំគណបក្សប្រឆាំង
គួរបញ្ចប់ទៅ នូវវប្បធម៌« ដុតឱ្យខ្លោច រោចឱ្យឆៅ» ។ ក្នុងន័យថា
សំឡេងឆ្នោតដែលប្រជាពលរដ្ឋបានបោះជូនគណបក្សសង្គ្រោះជាតិចំនួន៥៥ អាសនៈ
គឺអាចឱ្យក្រុមអ្នកតំណាងរាស្ត្រចូលទៅបំពេញកាតព្វកិច្ចជូនជាតិបាននៅក្នុងរដ្ឋសភា
ដែលមិនគួរគប្បីធ្វើខ្លួនឯងដូចជាសត្វក្របីព្រៃ បើមិនបានស៊ីស្មៅទាំងអស់
ឬក៏គ្រប់គ្រងអាណាចក្រនោះទេ នឹងជាន់កំទេចស្មៅចោលទាំងអស់
នោះហើយជាមាយាទអន់របស់ថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិ។
បើបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរដូចនោះមែន
វិបត្តិនឹងកើតមានឡើងជាថ្មី និងគ្មានផ្លូវដោះស្រាយរួចឡើយ មិនខុសអ្វីពីការប៉ុនប៉ងបិទដង្ហើមសង្គមជាតិគ្រប់ច្រកនោះទេ។
អត្ថបទដោយ៖ សៅ សុភៈ
វិស័យកសិកម្មកម្ពុជាកំពុងមានសក្តានុពលក្នុងការជួយកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៤ ថា បច្ចុប្បន្ននេះវិស័យកសិកម្មកម្ពុជាកំពុងមានសក្កានុពលយ៉ាងខ្លាំង ហើយទាក់ទាញ បាននូវទំហំវិនិយោកទុនយ៉ាងច្រើន ដែលបានរួមចំណែកសំខាន់ដល់ការបង្កើតការងារប្រាក់ចំ ណូល និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនផងដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នៅសាលសន្និសីទចតុម្មុខសម្តេចតេជោមានប្រសាសន៍រំលឹកឡើងជាថ្មីទៀតថា ការដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់លើវិស័យកសិកម្មនេះ ក្នុងចំណោមវិស័យអាទិភាពចំនួន ៤ គឺ១-ការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារពលកម្មក្នុងតំបន់ ដែលកាន់តែបើកចំហ ២-ការបន្តវិនិយោគលើវិស័យហេដ្ឋារចនាសម័្ពន្ធដឹកជញ្ជូន ៣-ការបន្តអភិវឌ្ឍ និងការបង្កើនតម្លៃបន្ថែមក្នុងវិស័យកសិកម្ម និង៤-ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័នរដ្ឋ សំដៅបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈ និងកែលម្អបរិយាកាសវិនិយោគ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ចក្ខុវិស័យរបស់កម្ពុជា គឺបន្តធ្វើទំនើបកម្មវិស័យកសិកម្ម ដោយជំរុញប្រពលវប្បកម្ម ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការស្រាវជ្រាវ និងការអភិវឌ្ឍយន្តូបនីយកម្ម ព្រមទាំងការបង្កើនសមត្ថភាពស្រោចស្រព ការគ្រប់គ្រងដីធ្លីកសិកម្មប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម ធានាចីរភាពនៃការអភិវឌ្ឍផលិតកម្មកសិកម្ម។ “ខ្ញុំមានសុទិដ្ឋិនិយមថា មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់យើងនៅតែមានលក្ខណៈរឹងមាំ ដោយយើងរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនលើសពី ៧% សម្រាប់ឆ្នាំ២០១៤ នេះ និងរយៈពេលមធ្យមខាងមុខ ដោយសារការរីកចម្រើនបន្ថែម ទាំងក្នុងវិស័យកសិកម្ម ថាមពល ហេដ្ឋារចនាសម័្ពន្ធ កំណើនសមត្ថភាពប្រកួតប្រជែងការកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម និងបរិយាកាសវិនិយោគ”។
សម្តេចតេជោមានប្រសាសន៍កត់សម្គាល់អំពីការរីកចំរើនលើវិស័យកសិកម្មកម្ពុជា កាលពីឆ្នាំ ២០១៣ កន្លងមកនេះ ដែលក្នុងនោះបរិមាណផលស្រូវសរុបទទួលបាន ៩,៣៨លានតោន និងអាចសល់ស្រូវជាស្បៀងប្រមាណ ៤,៨២លានតោន ឬគិតជាអង្ករសរុបប្រមាណជាង ៣លានតោនថា «ជាជោគជ័យដ៏ធំសម្រាប់កម្ពុជា»។ សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា ចំណុចនេះ បានបង្ហាញឲ្យឃើញយ៉ាងប្រត្យក្សអំពីការខិតខំជំរុញការងារបង្កបង្កើនការស្តារឡើងវិញនូវផ្ទៃដីដែលបានខូចខាតដោយគ្រោះទឹកជំនន់ ទឹកភ្លៀង និងរាំងស្ងួត ការកែសម្រួលហេដ្ឋារចនាសម័្ពន្ធ ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត ភាពម្ចាស់ការច្នៃប្រឌិតរបស់ប្រជាកសិករលើការងារគ្រប់គ្រងស្រែចម្ការ ការរៀបចំសហគមន៍កសិកម្ម ការផ្លាស់ប្តូរពូជដែលមានទិន្នផលខ្ពស់ជាដើម។ យើងអាចវាយតម្លៃបានថា ផលិតផលស្រូវរបស់យើងពីមួយឆ្នាំ ទៅមួយឆ្នាំមានការកើនឡើងគួរឲ្យកត់សម្គាល់ ពិសេសក្នុងអំឡុងពេល ២ទសវត្សរ៍ ចុងក្រោយនេះ ហើយផលិតកម្មកសិកម្មស្រូវនៅតែជាផលិតកម្មចម្បងមួយសម្រាប់ទ្រទ្រង់ជីវភាពប្រជាជននៅជនបទក្នុងប្រទេសកម្ពុជា និងការនាំចេញ ដើម្បីកំណើនសេដ្ឋកិច្ច។
ក្រៅពីដំណាំស្រូវសម្តេចតេជោបានលើកសរសើរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានជំរុញផលិតកម្មកសិកម្ម លើគ្រប់មុខព្រួញ ពិសេសការបង្កបង្កើនផលដំណាំជាយុទ្ធសាស្រ្ត មានជាអាទិ៍ ដំណាំកៅស៊ូ ដែលកំពុងមានសន្ទុះ គួរឲ្យចាប់អារម្មណ៍ និងដំណាំឧស្សាហកម្មផ្សេងៗទៀត ក៏ដូចជា ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ដែលកិច្ចការនេះមិនត្រឹមតែអាចឆ្លើយតបបានទៅនឹងតម្រូវការស្បៀងក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនៅសល់សម្រាប់ការនាំចេញទៀតផង។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានអំពាវនាវ ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាល ថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន សូមបន្តចូលរួមតាមគ្រប់រូបភាពក្នុងការជួយដល់កសិករ និងការងារអភិវឌ្ឍន៍វិស័យកសិកម្មជាតិឲ្យមានការរីកចម្រើនជាលំដាប់ ដែលនឹងរួមចំណែកសំខាន់ក្នុងការធ្វើសមាហរណកម្មក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ២០១៥ ខាងមុខនេះ។
ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានរំលឹកឡើងវិញអំពីលុបចោលនូវគម្រោងវិនិយោគដីសម្បទានណា ដែលមិនគោរពកិច្ចសន្យាផងដែរ ដោយសម្តេចបានបញ្ជាឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះគម្រោងវិនិយោគទាំងឡាយណា ដែលមិនគោរពតាមកិច្ចសន្យា ដោយការដាក់ពិន័យ ឬលុបចោលការលើកទឹកចិត្ត ឬលុបកិច្ចសន្យាសម្បទានក្នុងករណីធ្ងន់ធ្ងរ ដើម្បីដកដីសម្បទានសេដ្ឋកិច្ចនោះ បង្វែរទៅប្រើប្រាស់ជាដីសម្បទានសង្គមកិច្ចវិញ។
សម្ដេចតេជោមានប្រសាសន៍រំលឹកជាថ្មីទៀតអំពីបទបញ្ជារឲ្យបញ្ឈប់ការកាប់ព្រៃរំលោភយកដីធ្វើកម្មសិទ្ធិថា “ត្រូវបញ្ឈប់ជាដាច់ខាតការកាប់រាន ដុត ហ៊ុំព័ទ្ធ រំលោភយកដីព្រៃឈើធ្វើជាកម្មសិទ្ធិ ដែលបានកើតឡើងក្រោយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ បើមិនដូច្នេះទេត្រូវទទួលទោសតាមច្បាប់ស្ដីពីព្រៃឈើ”។ ទន្ទឹមនឹងនេះក៏ត្រូវបន្តអនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវបទបញ្ជា ដែលខ្ញុំបានដាក់នាពេលថ្មីៗនេះ អំពីការបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទ។ ជាមួយនេះក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវបន្តចុះពិនិត្យផ្ទៀងផ្ទាត់ជាប់ប្រចាំ ចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននានា ដែលទទួលបានដីសម្បទាន ដើម្បីធានាដល់កិច្ចដំណើរការវិនិយោគ ទប់ស្កាត់នូវភាពអសកម្មផ្សេងៗ ដែលអាចកើតមានទាក់ទងនឹងដីសម្បទាននេះ រួមទាំងការបង់ថ្លៃសម្បទានដី និងកម្រៃសួយសារផ្សេងៗជូនរដ្ឋតាមកិច្ចសន្យា។
បន្ថែមលើនេះត្រូវបន្តជំរុញកំណែទម្រង់ព្រំប្រទល់ដែនព្រៃឈើ ធ្វើចំណាត់ការ និងចុះបញ្ជីសម្បត្តិព្រៃឈើអចិន្ត្រៃយ៍ និងការបន្តកំណត់តំបន់ព្រៃឈើរិចរិល ដើម្បីស្ដារព្រៃដាំដុះឲ្យក្លាយជាតំបន់ព្រៃឈើមានតម្លៃឡើងវិញ។
នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរាយការណ៍ឲ្យដឹង ថា ការបង្កបង្កើនផលស្រូវឆ្នាំ២០១៣ កន្លងមក នៅទូទាំងប្រទេសអនុវត្តន៍បាននៅលើផ្ទៃដីចំនួន ៣,០៥២ លានហិកតាកើនឡើងចំនួន ១,៤៩% នៃផ្ទៃដីធៀបនឹងឆ្នាំ២០១២។ តែដោយសារគ្រោះរាំងស្ងួតនៅដើមរដូវ និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅខេត្តចំនួន១៩ ទូទាំងប្រទេស គួបផ្សំនឹងការបំផ្លាញដោយសត្វល្អិតផង ផ្ទៃដីដំណាំស្រូវដែលត្រូវប្រមូលផលនៅសល់ត្រឹមតែ ២,៩៦ លានហិកតាប៉ុណ្ណោះ និងទទួលផលិតផលស្រូវសរុបបានចំនួន ៩,៣៨ លានតោន (ទិន្នផលជាមធ្យមប្រចាំឆ្នាំគឺមាន ៣,១៦តោនក្នុងមួយហិកតា) បើប្រៀបធៀបឆ្នាំ២០១២ គឺកើនលើសចំនួនជាង៩២ម៉ឺនតោន។
ឯកឧត្តមរដ្ឋមន្រ្តីបានឲ្យដឹងថា ជាក់ស្តែងផ្ទៃដីដំណាំស្រូវវស្សាអនុវត្តន៍បានចំនួន ២,៥៦៧ ហិកតាធៀបនឹងឆ្នាំ២០១២ កើនឡើង ៧%។ ប៉ុន្តែផ្ទៃអាចប្រមូលផលបានមានត្រឹមតែ ២,៤៨៥លានហិកតាប៉ុណ្ណោះ ដោយទទួលផលស្រូវបានចំនួន ៧,២៧១ លានតោន (ទិន្នផលជាមធ្យម ២,៩២៥តោនក្នុងមួយហិកតា)។ រីឯផ្ទៃដីស្រូវប្រាំងអនុវត្តន៍បានចំនួន ៤៨៤.៦៩៧ ហិកតាបើធៀបនឹងឆ្នាំ២០១២ កើនលើស ២៦,៣៤% និងទទួលផលស្រូវបានចំនួន ២,១១៨ លានតោន (ទិន្នផលជាមធ្យម ៤,៣៨៣តោន ក្នុងមួយហិកតា)។
ដូច្នេះតាមការវាយតម្លៃតុល្យភាពស្បៀងឆ្នាំ២០១៣ បានបង្ហាញឲ្យឃើញថា ផលិតផលស្រូវមានអតិរេកចំនួន ៤,៨២ លានតោនគឺកើនលើស ១,៩៦% បើធៀបនឹងឆ្នាំ ២០១២ ហើយបើគិតជាអង្ករគឺមានចំនួន ៣,០៨លានតោន។ ក្រៅពីដំណាំស្រូវ ក៏មានដំណាំរួមផ្សំ និងដំណាំកសិឧស្សាហកម្មផ្សេងៗ រួមមានៈ ដំឡូងមី ពោត សណ្តែក អំពៅ ថ្នាំជក់..។ល។ បានដាំដុះនៅលើផ្ទៃដីជាង ៩៤១.០០០ហិកតា ដោយទទួលបានផលសរុបជាង ១០,៥៤០ លានតោន គឺកើនឡើងប្រមាណ ១៣,៦៧% ធៀបនឹងឆ្នាំ ២០១២៕
Subscribe to:
Posts (Atom)