Monday, July 21, 2014

សម្ដេច​​តេជោ​​មិន​គាំទ្រ​​ការ​​ប្រើ​​ភាសា «​មូស្លីម​​និយម​​ជ្រុល»

សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា បាន​បង្ហា​ញ​ពីការ​មិន​យល់​ស្រប​ទៅ និង​ការប្រើ​ភាសា​របស់​បណ្តាញ​ឃោសនា​នានា​នៅ​លើ​ពិភព​លោក ដែល​តែងតែ​លើក​ឡើង​អំពី​មូស្លីម​និយមជ្រុល។ សម្ដេច​តេ​ជោក៏​បាន​អំពាវនាវ​សម្រាប់​ផ្នែក​សារ​ព័ត៌​មាន តែ​សារព័ត៌មាន​កម្ពុជា​មិនសូវ​ជា​ប៉ុន្មានទេ ក៏ប៉ុន្ដែ​ខ្ញុំ​បានឃើញ​ទូរទស្សន៍​ធំៗ និង កាសែត​ធំៗរបស់​ពិភពលោក​តែង​បាននិយាយ​ទៅដល់​ពាក្យ​មូស្លីម​និយម​ជ្រុល ខ្ញុំ​គិតថា ភាសា​នេះ​ពិត​ជាមាន​ការខុស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ​នៅក្នុង​បញ្ហា​ការ​បែង​ចែក​តំបន់​ពិភពលោក ដែល​ឈាន​ទៅ​ដល់​ការរើសអើង​ជាតិ​សាសន៍​នៅក្នុង​ពិភពលោក។​ ដោយ​ឡែក​សំរាប់​ព្រះ​រាជា​ណា​ច​ក្រ​កម្ពុជា សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​សុខ​ដុម​នីយ​កម្ម​ជនជាតិ និង​សាសនា​ថា ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​នៅ​ក្នុង​ការថែរក្សា​ស្ថិរ​ភាព​ជាតិ ឯក​ភាព​ជាតិ​របស់​ក​ម្ពុ​ជា។

នា​រាត្រី​ថ្ងៃ​ទី១៨ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ ​ពេល​អញ្ជើញ​ចូល​រួម​ជា​លើក​ទី​១ និង​ជា​ផ្លូវការ​ក្នុង​ពិធី​អាហារ​ស្រាយ​បួស​ខែរ៉ាម៉ាឌន នៃ​សាសនា​ឥស្លាម​កម្ពុជា ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពីសម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ផង ​​ សម្ដេច​តេជោបាន​មាន​ប្រសាសន៍​បញ្ជាក់​ថា បញ្ហា​និយម​ជ្រុល​មិន​មែន​ចេញ​មក​ពីប្រភព​របស់​មូស្លីម​នោះ​ទេ ជ្រុល​និយម​វា​មាន​ចេញមក​ពី​គ្រប់​ជាតិ​សាសន៍ និង​គ្រប់​សាសនា​ទាំង​អស់ ដូច្នេះ​មិនគួរ​និយាយ​ឡើង«មូស្លីម​និយម​ជ្រុល» នោះ​ទេ ហើយ​រឿង​នេះ​ពិត​ជា​មិន​អាច​ទទួល​យក​បាន​មិន​ថា ករណី​បងប្អូន​ជាមូស្លីម​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ជា​អ្នក​កាន់​សាសនា​ព្រះពុទ្ធ ខ្ញុំ​ក៏មិនអាច​ទទួល​យក​បាន ដោយ​ចោទ​ប្រកាន់ថា ឲ្យតែ​មូស្លីម​សុទ្ធ​តែនិ​យមជ្រុល។

សម្តេច​តេជោ​មាន​ប្រសាសន៍​ថា និយ​ម​ជ្រុលចេញ​ពី​ព្រះពុទ្ធ​ក៏និយមជ្រុល ហិនណ្ឌូក៏​និយម​ជ្រុល គ្រិស្ត​ក៏​និយម​ជ្រុល ក្នុង​មូស្លីម​ក៏និយមជ្រុល ដូច្នេះ​មិន​អាច​ប៉ាវ​ទៅ​លើផ្នែក​ណាមួយ​បាន​ទេ សូម្បី​តែ​នៅ​កម្ពុជា ក៏មាន​ក្រុម​តូច​មួយ​និយមជ្រុល​ដែរ ហើយ​ក្រុមនោះ​ក៏មិនមែន​ជា​ឥស្លាម​ទៅ​ទៀត នៅ​ប្រទេស​នានា​មាន​ដូចគ្នា ដូច្នេះ​បញ្ហានេះ​ទាមទារ​ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន។

សម្ដេចតេជោ​បន្ត​ថា ខ្ញុំ​កាន់​តែ​មិន​យល់​ស្រប ហើយ​ថែម​ទាំង​រកគ្រប់​វិធី ដើម្បី​រារាំង​នូវការ​ចោ​ទ​ប្រកាន់​ផ្សេង​ៗ របស់​ប្រទេស​ខ្លះ​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​របស់​មូស្លីម​កម្ពុជា ដូច​ជា​ការ​ចោ​ទ​ប្រកាន់​ថា មូស្លីម​កម្ពុជា​បាន​ទៅ​ប្រយុទ្ធ​នៅ​ទីនេះ ឬ​ទីនោះ ហើយ​ចុងក្រោយ​នេះ​មាន​ការ​លើ​ក​ឡើង​ពីពួក​ក្រុម ដែល​ធ្វើសកម្មភាព​នានា​ថា មូស្លីម​កម្ពុជា​មាន​ការ​ចូល​រួមចំណែ​ក​ប្រយុទ្ធ​នៅ​កន្លែង​នេះ ឬ​នៅ​កន្លែង​នោះ។

សំរាប់​ព្រះ​រាជាណាចក្រ​កម្ពុជាសម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា  សុខដុម​នីយ​កម្ម​ជន​ជាតិ និង​សាសនា​ពិត​ជាមានសារសំខាន់​ខ្លាំង​ណាស់ នៅ​ក្នុង​ស្ថិរភាព​ជាតិ ឯក​ភាព​ជាតិ របស់​កម្ពុជា ដូច្នេះ​តាំង​ពីដើម​រហូត​ដល់​ចប់ បន្ទាប់​ពី​ថ្ងៃ​រំដោះ​៧ មករា ឆ្នាំ​១៩៧៩ តាំង​ពី​ដំណាក់​កាលទី១ យើង​បាន​យក​ចិត្ត​ទុក​ដាក់ បំផុត​ទៅ​លើការ​ធ្វើសុខដុម​នីយ​កម្ម​រវាង​ជនជាតិ និង​សាសនា ដែល​ក្នុង​នោះ​បន្ទាប់ ពី​ព្រះពុទ្ធ​សាសនា គឺ​មាន​ឥស្លាម​សាសនា។ នៅ​កម្ពុជា​យើង​មានមោទនភាព​មិន​ត្រឹម​តែ​បញ្ហា​និកាយ​ខុស​គ្នា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​សាសនា​ខុសគ្នា​ដែល​រួម​មាន​សាសនា​ទីទៃៗ​ពីគ្នា ក៏​មិន​ដែល​មាន​បញ្ហា​ជាមួយគ្នា​នោះ​ទេ ហើយ​នេះ​ជា​ការ​បង្ហាញ​អំពី​សាមគ្គីភាព​នៅ​ក្នុង​ប្រទេស​របស់​យើង។

សម្ដេច​តេ​ជោនាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា ជាការ​ពិតសមិទ្ធផល​សំខាន់ៗ​ដែល​សាសនិក​អ៊ីស្លាម​កម្ពុជា​ទទួល​បាន បន្ទាប់​ពីថ្ងៃ​រំដោះ​មកដល់​បច្ចុប្បន្ន​ដែលមាន​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ គឺ​បាន​ឈរ​លើ​បរិយាកាស​សង្គមមួយ ដែល​ប្រកបដោយ​លក្ខណៈ អំណោយ​ផល មាន​សន្ដិភាព និង​ស្ថិរភាព និង​ការយក​ចិ​ត្ដ​ទុកដាក់​ខ្ពស់​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា។ តាម​រយៈ​នេះ យើង​ក៏​អាច​មើលឃើញ​ប្រត្យក្ស​ផងដែរថា អ្វីៗ​ដែល​យើង​ទទួលបាន​ក្នុងពេល នេះ​មិនមែន​រឿង​ធម្មតា​នោះទេ ពីព្រោះថា ក្នុងអំឡុង​ពេលដែល​ក​ម្ពុ​ជា​កំពុងកសាង​ប្រ​ទេស​ជាតិ​មួយ​ពី​គំនរ​នៃផេះផង់ ដែល​ស្ថិតក្នុង​កម្រិត​សូន្យ ឬក្រោម​សូន្យ​នៅក្រោយ​ថ្ងៃ​៧ មករា ១៩៧៩​នោះ កម្ពុជា​ក៏ត្រូវ​ធ្វើឱ្យមានសុខដុម​នីយកម្ម​ក្នុងចំណោម​សាសនិកនានា​នៅលើ​ទឹក​ដី​កម្ពុជា​ទាំង​មូល។

សម្ដេច​តេជោ​បន្ដថា នៅ​កម្ពុជា​យើង មាន​មោទនភាព​ណាស់​មិន​ត្រឹមតែ​បញ្ហានិកាយ​ខុសគ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​សាសនាខុសគ្នា ដែល​រួមមាន​សាសនា​ទីទៃៗពីគ្នា ក៏ប៉ុន្ដែ​មិនមាន​បញ្ហា​ជា​មួយ​គ្នា​នោះទេ។ សម្ដេច​បាន​បញ្ជាក់ថា សម្ដេចមាន​មោទនភាព​យ៉ាងខ្លាំង នៅ​ពេល​ដែល​សម្ដេច​អញ្ជើញ​ទៅ​សម្ពោធ​សមិទ្ធផល​ខាង​សាសនា​អ៊ីស្លាម មាន​ពុទ្ធសាសនិក​ចូលរួម ហើយ​នៅ​ពេល​ដែល ស​ម្ដេចទៅ​សម្ពោធ​សមិទ្ធផល​ព្រះពុទ្ធសាសនា​នៅ​មូលដ្ឋាន គឺមាន​សាសនិក អ៊ីស្លាម​ចូលរួម​ដែរ​នេះ ជាការ​បង្ហាញ ពី​សាមគ្គីភាព​នៅក្នុង​ប្រទេស​របស់យើង។

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ក្ដីមោទន​ផង​ដែរ​ ចំពោះ​គោល​នយោ​បាយ​ដែល​សម្ដេច​បាន​ដាក់​ចេញ​នោះ គឺ​គោល​នយោបាយ​អនុញ្ញាត​ឲ្យ​សិស្ស និស្សិត ដែល​ជា​សាសនិក ឥស្លាម​អាច​ស្លៀក​សម្លៀក​បំពាក់​របស់​ខ្លួន​ចូល​ទៅ​តាមសាលា​គ្រប់​កម្រិត តាំង​ពីបឋម​រហូត​ទៅ​ដល់​សាកលវិទ្យាល័យ ដោយ​សម្ដេច​បាន​បញ្ជាក់​ថា នៅ​ប្រទេស​មួយ​ចំនួន​បាន​រារាំង​និស្សិត​មូស្លីម​មិន​អនុញ្ញាត​ឲ្យ​ស្លៀក​សម្លៀក​បំពាក់ តាម​បែប​មូស្លីម​ចូល​ទៅក្នុង​សាលា​នោះ​ទេ ក៏ប៉ុ​ន្តែ​សម្រាប់​កម្ពុជា ដោយ​មើល​ឃើញ​ថា មាន​ការចាំបាច់​នូវ​ការគោរព​ប្រណិប័តន៍​ជា​ពិសេស​ គឺ​និស្សិត​ជាស្ត្រី ដែល​មិន​អាច​ឲ្យ​អ្នកផង​ទាំងពួង​អាច​មើល​ឃើញ​នូវ​ត្រចៀក ឬ​ក៏​រូប​កាយ ឬ​អាថ៌​កំបាំង​យ៉ាង​ណា​នោះ គឺ​រាជរដ្ឋាភិបាល​សម្រេច​ចិត្ត​បើក​ឱកាស​សម្រាប់​ស្ត្រី ឬក៏​ជា​បុរស អាច​ស្លៀក​ពាក់​បាន​យ៉ាង​ដូច្នេះ ដែល​ការ​នេះ​ក៏ជា​ការដោះ​របាំង​មួយ ដើម្បី​អភិវឌ្ឍន៍ធន​ធាន​មនុស្ស ក្នុង​សាសនិក​ឥស្លាម​ផងដែរ។

ទាក់​ទិន​នឹង​សកម្ម​ភាព​អ្នក​កាន់​សាសនា​ឥស្លាម​នៅ​លើ​ពិភពលោក សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ​ខ្ញុំក៏សូម​ជម្រាប​ជូនបង​ប្អូន​ថ្នាក់ដឹក​នាំឥស្លាម​ក៏ដូចជា​សាសនិក​ឥស្លាម​ផង​ដែរ​ថា បន្ទាប់​ពី​មាន​សំណើ​របស់​ឯកឧត្ដម អូស្មាន ហា ស្សាន់ រួចមក ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង បាន​ធ្វើ​ការសិក្សា​ហើយ​នៅពេល​ខាង​មុខ​នេះ កម្ពុជា​នឹង​ស្នើសុំ​ចូល​ជា​អ្នក​សង្កេត​ការណ៍ នៃ​ប្រ​ទេសជា​សន្និសីទ​ឥស្លាម កម្ពុជា​នឹងខិតខំ​ដើម្បី​ជំរុញខ្លួន​ឲ្យក្លាយ​ទៅ​ជាអ្នក​សង្កេត​ការណ៍ ដោ​យ​សារ​ប្រទេស​របស់​ខ្លួន​ក៏មាន​បង​ប្អូន​មូស្លីម ហើយ​ម្យ៉ាង​ទៀត​បើសិន​ជាយើង​អាច​រួម​ចំណែ​ក​បាន​នៅ​ក្នុង​ការធ្វើ​សុខដុមនីយ​កម្ម​ជាតិ​សាសន៍ សាសនា នៅ​លើពិភព​លោក​វា​ក៏​ជាការ​ប្រសើរ។

សម្ដេច​អគ្គ​មហាសេនាបតីតេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាសឲ្យ​ដឹង​ថា សម្តេចនឹង​ចូលរួម​នៅ ក្នុង​បុណ្យ រ៉ា​ម៉ា​ឌន របស់​សាសនិក អ៊‌ិ​ស្លាម​កម្ពុជា​ជា​រៀងរាល់ឆ្នាំ ហើយបន្ទុក​នៃ​ការចំណាយ​ទៅលើ​ការរៀប​ចំ ពិធីបុណ្យ​នេះ គឺ​រាជរដ្ឋាភិបាល​ជា​អ្នករ៉ាប់រង៕

ក្រុមប្រឆាំង ប្រើ​យុទ្ធសាស្រ្ត ស្វាស៊ីបាយ​លាបមាត់ពពែ

បទយក​ការណ៍ ស្តីពី​​ឱកាស​​ការងារ​ និងកម្ម​សិក្សា​​ការ​ងារ នៅ​មជ្ឈ​មណ្ឌល​​ការ​ងារ​​រាជ​ធានី​ភ្នំពេញ (វគ្គទី៩៤)

សា​រលិខិត របស់​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក ជូន​ចំពោះ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី ដែល​បាន​ផ្ញើសារ​លិខិត​អបអរ​សាទរ ដ៏មាន​អត្ថន័យ​ខណៈ​ដែល​ប្រជាជាតិ​យើង​ប្រារព្ធ​ខួប​លើក​ទី២៣៨ នៃឯករាជ្យ​ភាពរបស់ សហរដ្ឋ​អាមេរិក


US President's Letter to Samdech Techo HUN SEN Prime Minister of the Royal Government