Wednesday, July 10, 2024

គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាននិងសាធារណមតិបញ្ចេញផ្សាយវីដេអូ៖ វិស័យ​ទេសចរណ៍​នៅតែ​រស់រវើក​គ្រប់រដូវកាល​នៅលើទឹក​ដីនៃព្រះរា​ជាណាចក្រកម្ពុជា


នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិ​សម្របសម្រួល​ព័ត៌មាន​​និងសាធារណមតិ បាន​បញ្ចេញ​ផ្សាយនូវវីដេអូមួយ​ដែលវីដេអូនេះ​មានកិច្ច​សហការ​ផលិតដោយ​អង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល ជាមួយអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ក្រោម​ចំណង​ជើងថា «វិស័យទេសចរណ៍​នៅតែរស់រវើក​គ្រប់រដូវកាល​នៅលើទឹកដី​នៃព្រះរាជាណា​ចក្រកម្ពុជា!»។ 

វីដេអូមានរយៈពេល៧នាទី បានបង្ហាញថាព្រះរាជាណាចក្រកម្ពុជាគឺជាគោលដៅ​ទេសចរណ៍​ដ៏គួរឱ្យទាក់ទាញមួយ​សម្រាប់អ្នកទេសចរ​មកពីគ្រប់ទិសទី​ក្នុងពិភពលោក​នៅគ្រប់រដូវកាល។ បើទោះបីជាពិភពលោកទទួលរងផល​ប៉ះពាល់ពីវិបត្តិសង្គ្រាម​និងនៅ​មិនទាន់​ងើបផុតពីផលប៉ះពាល់នៃវិបត្តិកូវីដ ១៩ ទាំងស្រុងក៏ដោយ និងបើ​ទោះបីជា​ពេល​នេះជា​រដូវកាលមិនសូវសម្បូរភ្ញៀវដែលហៅថា Low Season ក៏ដោយ ក៏វិស័យ​ទេសចរណ៍​កម្ពុជានៅតែមានសភាពរស់រវើកជានិច្ចមិនចេះរីងស្ងួត។  

ភ្ញៀវទេសចរចម្រុះជាតិសាសន៍តែងធ្វើដំណើរមកទស្សនាកម្ពុជាមិនដែលដាច់ដើម្បីគយគន់ប្រាង្គប្រាសាទដ៏អស្ចារ្យ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងតំបន់ទេសចរណ៍​ធម្មជាតិដ៏​ស្រស់​បំព្រង​គួរឱ្យជក់ចិត្ត។ លើសពីនេះ ស្នាមញញឹមរាក់ទាក់របស់​ប្រជាពលរដ្ឋខ្មែរក៏​ជាចំណុច​ដ៏គួរឱ្យទាក់ទាញមួយទៀតសម្រាប់អ្នកទេសចរបរទេស។ 

វិស័យទេសចរណ៍កម្ពុជាបាននិងកំពុងរីកចម្រើនទៅមុខជាលំដាប់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន។  ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​គឺជាអាទិភាពមួយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់។ រាល់​ដំណើរ​ទស្សនកិច្ចទៅក្រៅប្រទេស ការទាក់ទាញ​ទេសចរ​និងវិនិយោគ​គឺជាកិច្ចការ​ដ៏សំខាន់មួយ​របស់​សម្តេច​ធិបតីនាយករដ្ឋមន្ត្រី។ ជាលទ្ធផល ចំនួនទេសចរបរទេស​បានកើនឡើងវិញ​គួរឱ្យកត់​សម្គាល់បន្ទាប់ពីវិបត្តិកូវីដ ១៩។ ប្រជាពលរដ្ឋខ្មែរ​មានក្តីសង្ឃឹមយ៉ាង​មុតមាំលើរាជ​រដ្ឋាភិបាល​ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ព្រះរាជាណាចក្រ​កម្ពុជាដ៏ស្រស់​ស្អាត រង់ចាំទទួលស្វាគមន៍យ៉ាងកក់​ក្តៅចំពោះដំណើរមកដល់របស់​អ្នកទេសចរបរទេសពី​ពក្រប់ជ្រុងជ្រោយ​នៃពិភពលោក៕

សូមទស្សនាវីដេអូ៖


រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រគម្រោងរបស់ JMAS ជប៉ុន ក្នុងសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រួមជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហគមន៍ ក្រោយបោសសម្អាតរួច។





(ភ្នំពេញ)៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោក YAMAZAKI Koji ប្រធាន JMAS និងសហការី ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ 

ក្នុងជំនួបនោះ លោក YAMAZAKI Koji បានអបអរសាទរកម្ពុជា ធ្ចើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រមទាំងបានជូនពរឱ្យកម្ពុជាទទួលបានជោគជ័យក្នុងដំណើរការរៀបចំកិច្ចប្រជុំនេះ។ លោក YAMAZAKI Koji បានលើកឡើងអំពីការគាំទ្ររបស់ JMAS រយៈពេល ២២ឆ្នាំ ចាប់តាំងពីឆ្នាំ២០០២ ក្នុងសកម្មភាពបោសសម្អាតមីននិងគ្រាប់ និងការអភិវឌ្ឍសហគមន៍ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងស្ទឹងត្រែង ដោយរំដោះបានផ្ទៃដីប្រមាណជា ៦៥គីឡូម៉ែត្រក្រឡា រកឃើញនិងកំទេចចោលគ្រាប់មីនចំនួន ២១១៨៨គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣៩៦៣៦៤ គ្រាប់។ 

លោក YAMAZAKI Koji បានបន្តទៀតថា JMAS នឹងបន្តពង្រីកគម្រោងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្រ្តជាតិកម្ពុជា ព្រមទាំងស្នើសុំកម្ពុជាឱ្យបន្តផ្តល់នូវកិច្ចសហការ និងគាំទ្រនូវគម្រោងទាំងនេះ។ ជាងនេះទៅទៀត លោក YAMAZAKI Koji បានទទួលស្គាល់ចំពោះសមិទ្ធផលសម្រេចបានរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពបោសសម្អាតមីនរបស់កម្ពុជា ក្នុងការចែករំលែកជំនាញទៅកាន់ពិភពលោក។ 

តាងនាមសម្តេចធិបតី នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការរួមចំណែក និងការគាំទ្ររបស់អង្គការ JMAS ជប៉ុន រយៈពេល ២២ឆ្នាំ ក្នុងសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមក្នុងខេត្តចំនួន៣ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះគម្រោងបោសសម្អាតមីនដើម្បីអភិវឌ្ឍន៍សហគមន៍នៅនឹងកន្លែងរបស់ JMAS ដូចជាហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងកសិកម្ម ជាដើម។ ការចូលរួមរបស់ JMAS ពិតជាបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ផ្តល់ដីសុវត្ថិភាព និងលើកកម្ពស់វិស័យកសិកម្ម។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កាលពីដំណើរទស្សនកិច្ចសកម្មភាពរបស់ JMAS នៅក្នុងខេត្តស្ទឹងត្រែង នាចុងឆ្នាំ២០២១ ឯកឧត្តមបានឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងរបស់ JMAS ក្រោមកិច្ចសហការជាមួយអង្គភាពស៊ីម៉ាក់ ដែលពិតជាបានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍តាមកម្មវិធីបណ្តុះបណ្តាលក្នុងវិស័យកសិកម្មដល់សហគមន៍ លើដីបោសសម្អាតរួច។

ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី នឹងបន្តគាំទ្រដល់ការអនុវត្តគម្រោងរបស់ JMAS ដើម្បីរួមចំណែកលើកកម្ពស់ដល់ជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ ក្រោយបោសសម្អាតមីនរួច ព្រមទាំងបានបញ្ជាក់ថា កម្ពុជា និងជប៉ុន នឹងបន្តរក្សានូវទំនាក់ទំនង និងវឌ្ឍនភាពរួមគ្នាលើវិស័យសកម្មភាពមីន។










អភិបាលខេត្តកណ្តាល ជំរុញក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ពង្រីកសក្ដានុពលផ្ដល់ទឹកស្អាតជូនពលរដ្ឋឱ្យគ្រប់ ឆ្លើយតបនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្រ្ដី និងអង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលស្រុកកៀនស្វាយ ដើម្បីស្វែងយល់ពីដំណើរការបំពេញការងាររដ្ឋបាល និងការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានអោយបានឆាប់រហ័ស។ 


នៅក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ នឹងរិះរកគ្រប់មធ្យាបាយ ដើម្បីដោះស្រាយកង្វល់ នៃការខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃជូន ប្រជាពលរដ្ឋក្នុងឃុំគគីរធំ ស្រុកកៀនស្វាយ។ 


ស្របជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្តកណ្តាល ក៏បានជំរុញឱ្យក្រុមហ៊ុន ទឹកស្អាត ពង្រីកសក្តានុពលរបស់ខ្លួន ដើម្បីបន្តចែកចាយ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានគ្រប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតទៅថ្ងៃអនាគត៕