Monday, August 12, 2019

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាទទួលជួបសម្តែងការគួរសម និងជម្រាបលា


ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត  ប៊ិន ឈិន    ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ នៅ​ព្រឹកថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៩នេះ នៅ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ បាន​អនុញ្ញាតឲ្យ​ឯកឧត្តម​​ Horinouchi Hidechisa ឯកអគ្គ​រដ្ឋទូត​ជប៉ុនប្រចាំ​កម្ពុជាទទួល​ជួប​សម្តែង​ការ​គួរ​សម​និង​ជម្រាប​លា​ បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ការ​ទូត​រយៈពេល​៣ឆ្នាំ​កន្លង​មកនេះ​។

ឯកឧត្តម​​ Horinouchi Hidechisa ឯកអគ្គ​រដ្ឋទូត​ជប៉ុនប្រចាំ​កម្ពុជា បាន​ជម្រាប​ជូន​ឯកឧត្ត​ម​កិត្តិនីតិកោសល​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ អំពី​កិច្ច​សហប្រតិបត្តិការ​ដ៏រឹង​មាំ​ និង​រីកចម្រើន​រវាង​ព្រះ​រាជាណា​ចក្រកម្ពុជា​ និង​រដ្ឋាភិបាល​ប្រទេស​​ជប៉ុន​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​ វិនិយោគ​ ការ​អភិវឌ្ឍ​នានា ក៏ដូច​ជា​កិច្ចសហប្រតិបត្តិការរបស់​ជប៉ុន​ដែល​ជា​ម្ចាស់​ជំ​នួយ​ធំ​ជាង​គេ​ដល់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ ​នៃ​តុលាការ​កម្ពុជា  ដែលមានទឹកប្រាក់​ចំនួនប្រមាណ៨៧លានដុល្លារអាមេរិក លើចំនួនសរុប៣០៣លានដុល្លារអាមេរិក​ដល់ អ.វ.ត.ក ដើម្បី​យុត្តិធម៌​ និង​ការ​កសាង​សន្តិភាព​នៅ​កម្ពុជា​។
ឯកឧត្តម​អគ្គ​រដ្ឋទូត​បាន​ថ្លែង​ថា ទំ​នាក់​ទំ​នង​ល្អ​រវាង​កម្ពុជា​ និង​ជប៉ុន ក្នុង​វិស័យសេដ្ឋ​កិច្ច​ វិនិយោគ​ទុន​សរុប​បាន​កើន​ឡើងជាង៣ដង កាលពី​ឆ្នាំ​២០១៥  ចំ​ណែក​ផ្នែក​ពាណិជ្ជកម្ម​​វិញ​តម្លៃ​សរុប​ការនាំ​ចូល​ និង​នាំ​ចេញ​បាន​កើន​ឡើង​ជាង​៣០ភាគ​រយ ហើយ​ចំ​នួន​នៃ​ការ​ធ្វើ​ទិដ្ឋាការ​សម្រាប់​ការ​ធ្វើ​ដំ​ណើរទៅ​ជប៉ុន​កើន​ឡើង​ជាង​២,៨៥ដង​  ចាប់​តាំង​ពី​ការ​បើកជើង​​ហោះ​ហើរដោយផ្ទាល់ទៅ​មក​​ពី​កម្ពុជា‑​ជប៉ុនកាលពី​ខែ​កញ្ញា ឆ្នាំ​២០១៦។​ ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​​ថា តាម​រយៈកិច្ចសហការក្នុង​ភាព​ជា​ដៃ​គូដ៏ល្អ​នេះ​ កំ​ណើន​​សេដ្ឋកិច្ច​របស់កម្ពុជា​មាន​ការកើន​ឡើង​ខ្លាំង​។  បន្ថែម​ពី​លើ​នេះកាលពី​ខួប​៦៥ឆ្នាំ​នៃ​ទំ​នាក់​ទំ​នង​កម្ពុជា​‑​ ជប៉ុន  រដ្ឋាភិបាល​ជប៉ុន​ក៏បាន​បើក​ស្ថានកុង​ស៊ុល​របស់​ខ្លួន​ផង​ដែរនៅឯ​ខេត្តសៀម​រាប​។

ជាការឆ្លើយតប​​ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត​ ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍ថា ក្នុង​រយៈពេល​ដែល​ឯកឧត្តម​បំ​ពេញ​បេស​ក​កម្ម​​ការទូត​នៅ​កម្ពុជា៣ឆ្នាំមកនេះ គឺជាពេល​វេលាមួយ​ដែលហាក់​ដូច​ជា​លឿន ប៉ុន្តែ​ប្រទេស​យើង​ទាំង​ពីរបាន​សហការ​គ្នាល្អ​បំ​ផុត ទាំង​វិស័យ​សេដ្ឋ​កិច្ច​ និង​ទំ​នាក់​ទំ​នង​ការទូត គឺមាន​ភាព​​រឹង​មាំ​ល្អ​ប្រសើរណាស់​។ ឯកឧត្តមកិត្តិនីតិ​កោសល​បណ្ឌិត​​ឧបនាយករដ្ឋមន្ត្រីប្រចាំ​ការ បាន​មាន​ប្រសាសន៍បន្ថែម​ថា កន្លងមក​លោកផ្ទាល់​បាន​សហការ​ការងារ​គ្នា​ជាច្រើន​ជា​មួយ​ឯកអគ្គរដ្ឋទូត​ជប៉ុន និង​បាន​មើល​ឃើញ​ថា ឯកអគ្គ​រដ្ឋទូត​ជប៉ុនប្រចាំ​កម្ពុជា​​មាន​ការ​យល់​ដឹង​ច្រើន​ទាំង​ចិត្ត​គំ​និត​ និង​ទស្សនៈ និង​អំពីសភាព​ការណ៍ពិតរបស់​កម្ពុជា​​ ដែល​បាន​នាំ​ឱ្យ​ឯកឧត្តម​ងាយស្រួល​ក្នុង​ការ​សម្រប​សម្រួល​ និង​បំ​ពេញ​ភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​ជោគ​ជ័យ​។

ឯកឧត្តមកិត្តិនីតិកោសល​បណ្ឌិត​​ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ ក៏បាន​រំ​លឹក​អំ​ពី​ការ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​របស់​រដ្ឋាភិបាល​ជប៉ុន​ដល់​ប្រជា​ជន​កម្ពុជា​ជា​ច្រើនដើម្បី​ការ​ពង្រឹង​សេដ្ឋ​កិច្ច​ វិនិយោគ​ និងការ​កសាង​អភិវឌ្ឍប្រទេស​កម្ពុជា​​ ក្នុង​នោះ​ជប៉ុន​បាន​ជួយ​គាំ​ទ្រ​ជា​ថវិកាធំ​ជាង​គេដល់​កិច្ច​ដំ​ណើរការ​នៃ​សាលាក្តី​កាត់​ទោស​មេដឹកនាំជាន់​ខ្ពស់ខ្មែរ​ក្រហម​ និងជាពិសេសដំ​ណាក់​កាល​ចុង​ក្រោយ​ ​ នៅឆ្នាំ២០១៩នេះ ជប៉ុនក៏បានសម្រេចផ្តល់ថវិកាចំនួនប្រមាណ២៥១.៩៧០ ដុល្លារអាមេរិក ដើម្បីជួយទ្រទ្រង់គម្រោងរបស់ LDC  (មជ្ឍមណ្ឌល​តម្កល់​ឯកសាររបស់​សាលាក្តី​ខ្មែរក្រហម) សម្រាប់រយៈពេល៣ឆ្នាំ ដែល​កាយវិការដ៏ល្អ​នេះ កម្ពុជា​សូម​ចង​ចាំ​ទុក​ជា​និច្ច​៕  

ជា​មួយ​គ្នា​នេះ ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ ក៏បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​សូម​ថ្លែង​នូវអំណរអរគុណ​ចំ​ពោះ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ដែល​បាន​ឧបត្ថម្ភគាំ​ទ្រ និង​ជួយ​កសាង​អភិវឌ្ឍ​នៅ​កម្ពុជា​ ជាពិសេសការ​ជួយ​ទ្រទ្រង់​ដល់​សាលាក្តី​ខ្មែរក្រហម​ និង​បាន​ជូន​ពរដល់​ឯកឧត្តម​ Horinouchi Hidechisa ឯកអគ្គ​រដ្ឋ​ជប៉ុនប្រចាំ​កម្ពុជាដែល​បាន​បញ្ចប់អណត្តិ​ការងារ​របស់​ខ្លួន​នៅ​កម្ពុជា​ សូម​​ទទួល​បាន​នូវ​សេចក្តី​សុខ ពុទ្ធ​ពរទាំង​បួន​ប្រការ និង​ជោគ​ជ័យ​លើការ​បំ​ពេញ​​ភារកិច្ចថ្មី​​ជា​បន្តបន្ទាប់​ទៀត​នៅ​ឯបណ្តាប្រទេសផ្សេង​ៗ៕



 



ពិធីបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដល់អាជ្ញាធរមូលដ្ឋាន

បន្ទាយមានជ័យ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ អគ្គលេខាធិកាដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយសាលាខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដល់មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន២ថ្ងៃ។
ក្រោមអធិបតីភាពលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរង នៃ អ.ជ.ប.គ.ញ និងមានគ្រូឧទ្ទេសនាម មកពីនាយកដ្ឋានអនុវត្តច្បាប់ នាយកដ្ឋានផែនការ និងបណ្តុះបណ្តាល មន្ទីរពិសោធន៍ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីមេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន២០០នាក់។
ចំនុចសំខាន់នៅក្នុងវគ្គបណ្តុះបណ្តាលនេះដើម្បីអោយមេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល
១/ បានយល់ដឹងអំពីគ្រឿងញៀនខុសច្បាប់
២/ ផលវិបាកនៃការប្រើប្រាស់បំពានគ្រឿងញៀនខុសច្បាប់
៣/ ច្បាប់ស្តីពីការប្រើប្រាស់គ្រឿងញៀន ទណ្ឌកម្មពីការប្រើប្រាស់ ជួញដូរ រក្សាទុកគ្រឿងញៀន វិធានការទប់ស្កាត់៕



នៅសាលាក្រុងបាវិត រៀបចំពិធីហូបសាច់ជ្រូកសុវត្ថិភាព បញ្ឈប់ការភ័យខ្លាចជម្ងឺឆ្លងប៉េសជ្រូកអាហ្វ្រិក

ស្វាយរៀង៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីហូបសាច់ជ្រូកសុវត្ថិភាពនៅសាលាក្រុងបាវិត ខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង-ស្រុកលោកប្រធានមន្ទីរ-អង្គភាពព្រមទាំងមន្រ្តីរាជការជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ និងប្រជាពលរដ្ឋមួយចំនួនទៀត។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោកអភិបាលខេត្តបានជម្រុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តស្វាយរៀង ឲ្យងាកមកបរិភោគសាច់ជ្រូក ជាធម្មតាវិញ ដោយកុំមានភាពភ័យខ្លាចពីការឆ្លងជម្ងឺប៉េសជ្រូកអាហ្រ្វិក ពីព្រោះជម្ងឺនេះ មិនឆ្លងមកមនុស្ស និងបង្កគ្រោះថ្នាក់នោះទេ គឺវាកើតតែលើសត្វជ្រូកដូចគ្នា តែប៉ុណ្ណោះ។
លោកបន្តថា ក្រោយពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសឲ្យប្រជាពលរដ្ឋ បន្តបរិភោគសាច់ជ្រូក អាជ្ញាធរគ្រប់ខេត្ត និងមន្ទីរកសិកម្មខេត្ត មន្ត្រីពេទ្យសត្វ រួមនឹងមន្ត្រីមួយចំនួនទៀត បាននាំគ្នាហូបសាច់ជ្រូកខ្វៃ ក្នុងកម្មវិធីពិសាសាច់ជ្រូកសុវត្ថិភាពនាពេលនេះ ក្នុងគោលបំណងចង់បំផុសស្មារតី និងបង្ហាញដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញកម្ពុជា មកទល់ពេលនេះគឺ មិនមានឆ្លងមកមនុស្សទេ វាឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ ។
បើតាមការបញ្ជាក់ពីមន្រ្តីជំនាញនៃការិយាល័យបសុពេទ្យ បញ្ជាក់ឲ្យដឹងដែរថា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជីវករដែលជាអ្នកចិញ្ចឹមជ្រូក និងលក់សាច់ជ្រូកបានត្អូញត្អែរ ខណៈដែលការលក់សាច់ជ្រូកមានការធ្លាក់ចុះជាបន្ដបន្ទាប់ ក្រោយពីមានការផ្ទុះជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ដែលបានធ្វើឲ្យប្រជាពលរដ្ឋផ្អាក ឬកាត់បន្ថយការទទួលទានសាច់ជ្រូក។
ដូច្នេះតាមរយៈពីធីធ្វើឡើងពេលនេះ គឺចង់បំផុសស្មារតី និងបង្ហាញដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញពាក់ព័ន្ធមកទល់ពេលនេះគឺ មិនមានឆ្លងមកមនុស្សទេ ហើយសត្វជ្រូកដែលយកទៅកាប់លក់លើទីផ្សារ សុទ្ធតែបានឆ្លងកាត់ការពិនិត្យយ៉ាងត្រឹមត្រូវពីមន្ត្រីជំនាញពេទ្យសត្វ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់នាំគ្នាហូបសាច់ជ្រូកឡើងវិញកុំមានការព្រួយបារម្ភ៕



ប្រជាពលរដ្ឋចំនួន៦០គ្រួសារ ទទួលអំណោយពីលោកអភិបាលខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ លោក ហេង ទ្រី សមាជិកក្រុមប្រឹក្សាខេត្ត ដែលលោកជាអនុប្រធានប្រតិកម្មរហ័សយុវជនខេត្តពោធិ៍សាត់នឹង លោក ឱន សទ្ធា ស្តីទីមន្ទីរសុរិយោដីខេត្ត នឹងជាក្រុមការងារចុះជួយសង្កាត់ព្រៃញីក្រុងពោធិ៍សាត់ និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងពោធិ៍សាត់ រួមទាំងអជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ បាននាំយកអង្ករនិងថវិកាមួយចំនួនរបស់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ចែកជូនចាស់ជរានិងពិការភាពចំនួន៦០គ្រួសារ ដែលមានចំនួនបីភូមិ ភូមិប្រឡាយធំ ភូមិមាន់ចែ ភូមិដូងជ្រុំ ក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ក្នុងឱកាសនោះដែរលោក ហេង ទ្រី បានសំដែងការចាប់អារម្មណ៏ថាកាលពីមុនបោះឆ្នោតខ្ញុំបានគិតក្នុង​ចិត្តហើយថា​ក្នុងនាមខ្ញុំជាយុវជនប្រតិកម្មរហ័សបើខ្ញុំជាប់ឆ្នោតជាក្រុមប្រឹក្សាខេត្តនោះខ្ញុំនឹងបំរើ​ប្រជាពលរដ្ឋ​របស់​ខ្ញុំអោយអស់ពីលទ្ធភាពរបស់ខ្ញុំអោយសមទៅអ្វីដែលពួកគាត់ជឺជាក់នឹងទុកចិត្តមកលើរូបខ្ញុំ ។





ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ លើកទី៩ ឆ្នាំ២០១៩ នៅថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីអំពីពិព័រណ៍ការងារ និងផលិតភាពជាតិ លើកទី៩ ឆ្នាំ២០១៩ ដែលប្រារព្ធនៅថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

លោកទេសរដ្ឋមន្ត្រី លី ធុជ ប្តេជ្ញានឹងបន្តយកចិត្តទុកដាក់ និងជួយដល់បងប្អូនប្រជាពលរដ្ឋក្រោយទឹកស្រកចុះអស់

នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តរតនគិរី បានដឹកនាំសមាជិកក្រុមការងារ ចុះពិនិត្យស្ថានភាពទឹកជំនន់តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតក្នុងឃុំស្រែអង្រ្គង និងស្ថានភាពទឹកជំនន់ជន់លេចភូមិដ្ឋានរបស់ប្រជាពលរដ្ឋនៅឃុំសិរីមង្គល ស្រុកកូនមុំ។ ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសទៅស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាព ស្ថិតក្នុងឃុំជ័យឧត្ដម ស្រុកលំផាត់ និងស្ថានភាពទឹកទន្លេស្រែពក ផងដែរ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានឧត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ នូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗមួយចំនួន រួមមាន ៖ មី ១.២០០ កេស ត្រីខ ៦០០ យូរ ពីដុងទឹក ៥០០ តង់ ៥០០ ថ្នាំប៉ារ៉ា ៤.៨០០ បន្ទះ និងវីតាមីន ៦.៤០០ បន្ទះ សរុបថវិកាសរុបចំនួន ៥០.២២០.០០០ រៀល។
ក្នុងនាមបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះ ជូនចំពោះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។
គួរបញ្ជាក់ថា នៅថ្ងៃនោះដែរ ស្ថានភាពទឹកជំនន់ បានស្រកចុះ ហើយប្រជាពលរដ្ឋមួយចំនួនអាចវិលត្រឡប់ទៅគេហដ្ឋានវិញ។ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចេះរស់នៅស្អាត និងថែរក្សាសុខភាពក្រោយពេលទឹកស្រកចុះ ហើយលោកទេសរដ្ឋមន្ត្រី នឹងបន្តយកចិត្តទុកដាក់ និងជួយដល់បងប្អូនប្រជាពលរដ្ឋក្រោយទឹកស្រកចុះអស់៕




លោក លឹម គានហោ និងលោក ស៊ិន វុទ្ធី បានចុះជាក់ស្តែងអន្តរាគមន៍ជួសជុលទំនប់កូនសត្វទំនប់ប្រទាក់ក្រឡា នៅឃុំកូនសត្វ ស្រុកទឹកឈូ

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានមុខព្រួញចុះជួយខេត្តកំពត ព្រមទាំងលោកប្រធាននាយកដ្ឋានវិស្វកម្ម និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះជាក់ស្តែងអន្តរាគមន៍ជួសជុលទំនប់កូនសត្វទំនប់ប្រទាក់ក្រឡា ស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូ ដែលជាទំនប់ចាស់កសាងឡើងក្នុងសម័យខែ្មរក្រហមរួចបានត្រូវជួសជុលកែលំអឡើងវិញក្នុងឆ្នាំ២០០៨។
ទំនប់អាងទឹកនេះជាប្រភេទអាងដែលហៅថាអាងទឹកតភ្ជាប់នូវភ្នំ២ (Lac Collinair) គឺភ្នំតាពក និងភ្នំកូនសត្វដែលមានលទ្ធភាពរក្សាទឹកទុកក្នុងបរិមាណ ១០លានម៉ែត្រគូប ដោយមានរបបជលសាស្ត្រជារបបជ្រោះ(Regime torrentiel)។ ដោយសារក្នុងរយៈពេល១០ថៃ្ងមកនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពិសេសនៅយប់ថៃ្ងទី១០ ខែសីហា ដែលមានបរិមាណរហូតទៅដល់ ១៣៩មម (សរុបភ្លៀងបន្តបន្ទាប់មានដល់៣៥០-៤០០ម៉ែត្រ) ធ្វើឲ្យមានការស៊ីរូងដីនៅផែ្នកក្បាលទំនប់ប្រវែង ១៥ម៉ែត្រ និងតួទំនប់បង្ហៀរ ១៥ម៉ែត្រ សរុបប្រមាណ ៣០ម៉ែត្រ។
ជាប្រការលំបាកក្នុងការអន្តរាគមន៍ឲ្យបានទាន់ពេលវេលាព្រោះសំខាន់បំផុតគឺការចល័តគ្រឿងចក្រព្រោះទឹកលិចផ្លូវម្យ៉ាង និងម្យ៉ាងទៀតសភាពការណ៍ទឹកកំពុងមានភាពបុកយ៉ាងធ្ងន់ធ្ងរតែទោះជាយ៉ាងណាក្រសួងបានត្រៀមគ្រប់មធ្យោបាយដើម្បីបើកយុទ្ធនាការជួសជុលឡើងវិញជាបន្ទាន់នៅពេលដែលកម្លាំងទឹកធ្លាក់ខ្សោយបន្តិចដើម្បីធានាដល់ការប្រើប្រាស់បម្រើដល់ការស្រោចស្រពនិងការផ្គត់ផ្គង់ទឹកស្អាត៕




លោក គន់ គីម ដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលបានកំពុងលិចលង់ដោយសារទឹកជំនន់ នៅស្រុកកូនមុំ និង ស្រុកលំផាត់

នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១១ខែសីហា ឆ្នាំ២០១៩ បានបន្តដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការដោយផ្ទាល់ពិនិត្យមើលស្ថានភាពជាក់ស្ដែងនិងជួយសង្គ្រោះប្រជាពលរដ្ឋដែលបានកំពុងលិចលង់ដោយសារទឹកជំនន់ នៅស្រុកកូនមុំ និង ស្រុកលំផាត់ខេត្តរតនគិរី។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បាននាំយកកាដុងសម្រាប់ដាក់ទឹក ចំនួន១,០០០កាដុង ជាអំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់ពលរដ្ឋរងគ្រោះនៅខេត្តរតនៈគិរី សម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្ដែងផងដែរ ស្របពេលស្ថានភាពទឹកនៅឃុំសិរីមង្គល ស្រុកកូនមុំ ខេត្ដរតនគិរី ថ្ងៃនេះបានស្រកទៅវិញហើយ ខណៈប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ ក៏កំពុងចាប់ផ្ដើមវិលត្រឡប់ ទៅកាន់ផ្ទះសម្បែងរៀងៗខ្លួន៕




លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត ចុះផ្តល់ស្បៀងអាហារបណ្តោះអាសន្នដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកលំផាត់ និងស្រុកកូនមុំ

នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការសាខាកាកបាទក្រហម ខេត្តរតនគិរី លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះកាកបាទក្រហមកម្ពុជា និង លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការ នាយកសាខា និងយុវជនកាកបាទក្រហម បានជួបទទួល សំភារៈអំណោយរបស់សប្បុរសជន ដែលបានរួមចំណែកក្នុងការចុះផ្តល់ស្បៀងអាហារ បណ្តោះអាសន្ន ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកលំផាត់និងស្រុកកូនមុំរួមមាន៖
១-អង្គការ កុមារកំព្រា នៃសេចក្តីសន្យាដំណឹងល្អទាំង៤ អង្ករចំនួន ៥០០គីឡូក្រាម មី៥០កេសតូច
២-លោក សែន សំអាត លក់គ្រឿងអគ្គិសនី អង្ករ ៥០០គីឡូក្រាម។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសប្បុរសជនទាំងអស់ ដែលបានវេចខ្ចប់ នាំយកអង្ករ និងមី ធ្វើជាអំណោយសប្បុរសធម៌ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរីនាពេលនេះ។
លោក ក៏បានបញ្ជាក់ថា សាខា នឹងអនុវត្តតាមការណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាំយកអំណោយទាំងនេះទៅចែកជូនប្រជាពលរដ្ឋដែលខ្វះខាតស្បៀង ក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលបានជន់លិច ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ ក្នុងឃុំទាំង៤ នៃស្រុកលំផាត់ និងស្រុកកូនមុំ អោយមានតម្លាភាព និងប្រើប្រាស់អំណោយទាំងនេះអោយចំគោលដៅ ពោលគឺផ្តល់នូវភាពកក់ក្តៅដល់ជនរងគ្រោះ ដើម្បីរក្សាបាននូវការគាំទ្រទាំងឡាយពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន៕


លោក ទៀ បាញ់ អំពាវនាវឱ្យកងទ័ព និងអាជ្ញាធរមូលដ្ឋានត្រៀមខ្លួនជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់

នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ អំពាវនាវឱ្យកងទ័ពទាំងអស់ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រៀមខ្លួនឱ្យបានល្អ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ លោក បានប្រកាសតាមរយៈ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «សូមបងប្អូនកងទ័ពទាំងអស់ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រៀមខ្លួនឱ្យបានល្អ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ក្នុងគ្រាដែលយើងកំពុងទទួលរងនូវគ្រោះទឹកជំនន់ ហើយភ្លៀងក៏នៅតែបន្តធ្លាក់ឥតឈប់ឈរនៅតាមបណ្តាខេត្តនានា»។
សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះ ជំនន់ទឹកភ្លៀងបានវាយប្រហារនៅបណ្តាខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅទូទាំងប្រទេស។ ជំនន់ទឹកភ្លៀង នៅខេត្តព្រះសីហនុ បានបណ្តាលឱ្យមនុស្ស ៣នាក់ បានស្លាប់បាត់បង់ជីវិតក្នុងនោះ មានពលរដ្ឋខ្មែរពីរនាក់ និងជនចិនមួយនាក់ ខណៈទ្រព្យសម្បត្តិរបស់របរប្រើប្រាស់របស់ប្រជាពលរដ្ឋជាច្រើនរងការខូចខាត។
ដោយឡែកជំនន់ទឹកភ្លៀងនៅខេត្តរតនគីរី បានវាយប្រហារយ៉ាងគំហុកទៅស្រុកលំផាត់ បណ្តាលឱ្យភូមិឋានមួយចំនួនរងការលិចលង់ ដោយបានផ្តាច់ជីវិតកុមារីម្នាក់។ តាមបណ្តាខេត្តមួយចំនួនពេលនេះ ក៏ត្រូវបានអាជ្ញាធរមូលដ្ឋានជូនដំណឹងឱ្យពលរដ្ឋ មានការប្រុងប្រយ័ត្នផងដែរ៕