Sunday, November 12, 2023

សម្តេចធិបតី នាយករដ្ឋមន្ត្រី ៖ «ផ្លូវជាតិលេខ៥ នឹងជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត និងផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេង»


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅក្នុងបណ្តាញតេឡេក្រាម របស់សម្តេច នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) ត្រូវបានបើកការដ្ឋានសាងសងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដែលបានប្រើពេលសាងសង់អស់រយៈពេល ៥៥ខែ។ ផ្លូវនេះ ជាប្រភេទផ្លូវ បេតុងកៅស៊ូ (AC) ដោយបានចំណាយថវិការសាងសង់ក្នុងទំហំទឹកប្រាក់គម្រោង ប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក សាងសង់ឡើងដោយ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV និងក្រុមហ៊ុនសម្ព័ន្ធ ក្រុមហ៊ុន Daiho-Asanuma JV និងធ្វើការត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS ។

ជាមួយគ្នានេះ ក៏អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវមួយនេះនឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ផងដែរ និងស្ថិតនៅក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាពគន្លឹះទាំង៥ គឺ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ។

គួរបញ្ជាក់ដែរថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ (ផ្លូវអាស៊ានហាយវេលេខ១) គឺមានប្រវែងផ្លូវ ៣៦៦ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ផ្លូវមួយនេះ មានចំណុចចាប់ផ្ដើម ពីព្រែកក្តាម ខេត្តកណ្ដា និងចំណុចបញ្ចប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបានបែងចែកចេញជា ៣ កំណាត់ គឺ៖ កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)។ ផ្លូវអាស៊ានហាយវេលេខ១ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងចុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕









ព្រះមហាក្សត្រស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការរយៈពេល ១សប្តាហ៍នៅប្រទេសបារាំង



ភ្នំពេញ៖ តបតាមសេចក្ដី អញ្ជើញ សូមយាងរបស់ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២វិច្ឆិកានេះ បានសព្វព្រះរាជហឫទ័យសេ្តចយាង ទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

​អញ្ជើញចូលរួមដង្ហែ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជទស្សនកិច្ចនេះ រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងឥស្សរជន និង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មួយចំនួន។

អញ្ជើញដង្ហែថ្វាយព្រះរាជដំណើររបស់ព្រះអង្គដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសម្តេចប្រធានព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល សម្តេចប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសមាជិក សមាជិកា រាជរដ្ឋាភិបាលមួយចំនួនទៀត ។

ព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្នុងស្មារតីនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាង កម្ពុជា និងបារាំង ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យ ឯករាជ្យជាតិ។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គនឹងត្រូវ បាន ឯកឧត្តម Emmanuel MACRON ទទួលព្រះរាជសវនាការ នៅវិមានប្រធានាធិបតី Palais de I'Élysée នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះករុណា ព្រះមហាក្សត្រ ក៏នឹងយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការ អភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ដែលនឹងរៀបចំឡើងក្នុងឱកាសសម័យប្រជុំលើកទី៤២ នៃសន្និសីទអង្គការយូណេស្កូ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះករុណា ព្រះមហាក្សត្រ ក៏នឹងប្រទានព្រះរាជសវនាការជូន លោកជំទាវ Audrey AZOULAY អគ្គនាយិកានៃអង្គការយូណេស្កូ ដោយទទួលស្គាល់ពីសកម្មភាពគាំទ្រដ៏មានសារៈ របស់អង្គការដែលបានចូលរួមចំណែកក្នុងកិច្ចការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ។

ក្នុងព្រះរាជដំណើរយាងទៅទីក្រុងប៉ារីសនេះផងដែរ ព្រះអង្គនឹងយាងទៅប្រាសាទ Fontainebleau ស្ថិតនៅទីក្រុង Fontainebleau ដែលមានសម្ព័ន្ធមេត្រីភាពជាមួយទីក្រុង សៀមរាប។ ជាមួយគ្នានេះព្រះអង្គក៏នឹងយាងទតបណ្ណាសាររបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ» ផងដែរ៕