Monday, January 14, 2019

នរគបាលជាតិកម្ពុជា-វៀតណាម បន្តប្តេជ្ញាខិតខំរួមសហការគ្នា ក្នុងគោលដៅថែរក្សាឱ្យបានរឹងមាំនូវសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម

តបតាមការអញ្ជើញរបស់ឧត្ដមសេនីយ៍ឯកបម្រុង តូ ឡឹម រដ្ឋមន្ត្រីក្រសួង នគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងដោយបាន ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួចមក លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើផែនការសហ ប្រតិបត្តិការឆ្នាំ២០១៩ រវាងក្រសួងទាំងពីរចាប់ពីថ្ងៃទី១១-១៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ទាំងក្នុង និងក្រៅក្របខណ្ឌ នៃផែនការសហប្រតិបត្តិការឆ្នាំ ២០១៨ កន្លងទៅ លើការងារសំខាន់ៗមួយចំនួន ដូចជា កិច្ចសហការបង្ការ និងបង្ក្រាបបទ ល្មើសគ្រប់ប្រភេទ ការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងជួរកងកម្លាំងនគរបាលជាតិ ការផ្លាស់ប្ដូរទស្សនកិច្ចគណប្រតិភូ ការជួយគាំទ្រគ្នាទៅ វិញទៅមកលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈបច្ចេកទេស បម្រើអោយការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈជាដើម ដែលតាមរយៈលទ្ធផលគួរឱ្យស្ញប់ស្ញែង ទាំងនេះ បានរួមចំណែកកាន់តែខ្លាំងក្លាថែមទៀតដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ។
ជាមួយនឹងការសម្រេចបានលទ្ធផលក្នុងការអនុវត្តផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨ កន្លងទៅ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើផែនការ សហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៩ និងឯកភាពយកចិត្តទុកដាក់បន្តអនុវត្ត កិច្ចការសំខាន់ៗមួយចំនួនទៀត រួមមាន៖
-បន្តចាត់វិធានការម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ ប្រភេទនៅតាមច្រករបៀង និងតាមភូមិសាស្ត្រស្មុគស្មាញមួយចំនួន ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសព្រៃឈើ និងបទល្មើសធនធាន ធម្មជាតិផ្សេងៗ តាមបណ្ដាខេត្តជាប់ព្រំដែនមួយចំនួន។
– បន្តជំរុញចាត់វិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ និងបង្ក្រាបការលួច ឆ្លងដែនខុសច្បាប់។
– បន្តកិច្ចសហប្រតិបត្តិការគ្រប់គ្រងតាមខ្សែបន្ទាត់ព្រំដែន និងសហការដោះ ស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី ឈរលើគោលការណ៍គោរពឯករាជ្យ និងអធិបតេយ្យគ្នាទៅវិញទៅមក។

ក្នុងន័យនេះភាគីទាំងពីរប្តេជ្ញាខិតខំរួមសហការ និងចែករំលែកបទពិសោធន៍ គ្នាទៅវិញទៅមក ក្នុងគោលដៅថែរក្សាឱ្យបានរឹងមាំនូវសន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ៕



លោក ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិវេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧

លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីសម្រេច ការងារសំខាន់ៗ មួយចំនួនរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅ កាត់ថា APPF ពិសេសរបៀបវារៈសម្រាប់កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ APPF ដែលនឹងប្រារព្ធពិធីបើកជាផ្លូវការនៅថ្ងៃទី១៥ ខែមករា ស្អែកនេះ។ គណៈប្រតិភូ APPF ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិចូលរួម កិច្ចប្រជុំនាឱកាសនេះមាន ប្រទេសកម្ពុជា កាណាដា អូស្រ្តាលី ជប៉ុន ឈីលី ឡាវ ម៉ុងហ្គោលី រុស្ស៊ី ឥណ្ឌូណេស៊ី។
សូមជម្រាបថា សភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ APPF ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខ និងកាអភិវឌ្ឍប្រកប ដោយចីរភាព»។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ជាបណ្តុំស្ថាប័ននីតិប្បញ្ញត្តិមួយ ដែលបង្កើត ឡើងក្នុងគោលបំណងជំរុញសុខសន្តិភាព និងការអភិវឌ្ឍដោយចីរភាព។ APPF បានបង្កើតនៅឆ្នាំ១៩៩៣ នៅក្នុងប្រទេសជប៉ុន បច្ចុប្បន្នមានសមាជិក ចំនួន២៧ប្រទេស៕







ប្រធានរដ្ឋសភាឡាវ កោតសរសើរពីការរីកចម្រើនរបស់កម្ពុជា ដែលបង្ហាញឱ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា

ក្នុងឱកាសជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា លោកស្រី ផានី យ៉ាថូទូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែងកោតសរសើរពីការរីកចម្រើនរបស់កម្ពុជា ដែលបង្ហាញឱ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ។ជំនួបនេះធ្វើឡើង នៅសណ្ឋាគារសុខាសៀមរាប ខណៈដែលលោកស្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ ចូលរួមវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ នៅទឹកដីអង្គរ ព្រះរាជាណាចក្រកម្ពុជា។ ប្រធានរដ្ឋសភាកម្ពុជា និងឡាវ ក៏បានចុះអនុស្សារណៈយោគយល់គ្នាផងដែរ ក្នុងការពង្រឹងកិច្ចសហប្រតិការជាមួយគ្នា ឱ្យកាន់តែរឹងមាំថែមទៀត។
លោក ហេង សំរិន និងលោកស្រី ផានី យ៉ាថូទូ បានសម្តែងមោទនភាព ចំពោះកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទាំងពីរ ដែលបានដំណើរការទៅដោយរលូន ជាពិសេសការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានាទាំងក្នុងតំបន់ និងសកលលោក។ លោកស្រី ផានី យ៉ាថូទូ បានថ្លែងអំណរគុណនិងអបអរសារទចំពោះការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ APPF លើទី២៧របស់សភាកម្ពុជាថាបានដំណើរល្អ ជាមួយខ្លឹមសារដែលមានសារៈសំខាន់។ ជាមួយគ្នានេះ លោកស្រី បានសង្កេតឃើញថាប្រទេសកម្ពុជា មានការីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ ដែលបង្ហាញឱ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលទើបតែទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៨។
លោកស្រីបានស្នើសូមប្រធានរដ្ឋសភាបន្តជំរុញកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំថែមទៀត ចាប់ពីថ្នាក់ដឹកនាំរហូតដល់គណៈកម្មការជំនាញ ជាពិសេសគួរបង្កើតឲ្យមានសិក្ខាសាលារួមគ្នា។ លោកស្រី ផានី យ៉ាថូទូ បានស្នើសូមរដ្ឋាភិបាលប្រទេសទំាងពីរ ជំរុញកិច្ចសហប្រតិបត្តិផ្នែកពាណិជ្ជកម្ម កម្ពុជា-ឡាវ ដែលនៅមានកម្រិតឱ្យបានកើនឡើង ហើយរដ្ឋសភាប្រទេសឡាវ បានថ្លែងអំណរគុណដែលកម្ពុជាបានសន្យាទិញថាមពលអគ្គិសនីផងដែរ។

លោក ហេង សំរិន ក៏បានកោតសរសើរចំពោះរដ្ឋសភាឡាវ ដែលបានរៀបចំកិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី APPF លើកទី១៧ កាលពីឆ្នាំ២០០៩ ប្រកបដោយភាពជោគជ័យ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពរបស់វេទិកានេះ ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមរបស់តំបន់ គឺការកសាងសន្តិភាព ស្ថិរភាព និងវិបុលភាព៕


ថ្ងៃស្អែក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញប្រកាសបង្កើតជា ផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកដីសៀមរាបអង្គរ

ក្នុងនាមជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹកវប្បធម៌អាស៊ី (ACC) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញប្រកាសពីការបង្កើតជា ផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកដីសៀមរាបអង្គរ ដែលជាដែន ជង្រុកវប្បធម៌ និងប្រាង្គប្រាសាទរបស់កម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ស្អែកនេះ។ ក្នុងព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញចូលរួម ពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិមកពី ២៦ប្រទេសនៅទូទាំងអាស៊ី។ នៅថ្ងៃស្អែកនេះ វាគ្មិនជាតិ និងអន្តរជាតិនឹងចូលរួមក្នុងកិច្ចពិភាក្សាតុមូល ទៅលើប្រធានបទសំខាន់ៗចំនួន៤រួមមាន៖ ១. ការលេចឡើងនូវពិភពលោកមួយទស្សនៈទានចម្រុះនិងអត្តសញ្ញាណអាស៊ី ២. ការតភ្ជាប់រវាងវប្បធម៌និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ៣. ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការផ្សារភ្ជាប់រវាងអរិយធម៌ និង ៤. ការកសាងសហគមន៍មួយសម្រាប់ជោគវាសនាតែមួយនៅអាស៊ី។

បន្ទាប់ពីកិច្ចពិភាក្សាតុមូលលើប្រធានបទសំខាន់ទាំង៤នេះ លោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន ប្រធានស្ថាបនិកកិត្តិយស នៃ ACC នឹងថ្លែងចំណាប់ អារម្មណ៍នៅពេលល្ងាច ដើម្បីប្រកាសពីការបង្កើតក្រុមប្រឹក្សាវប្បធម៌ អាស៊ីជាផ្លូវការ រួចលោកនឹងអញ្ជើញជាអធិបតីក្នុងពិធីលៀង សោយភោជន៍ នៅទីលានជល់ដំរីនៃប្រាសាទបាយ័ន ដោយមានវត្តមានភ្ញៀវជាង៨០០នាក់ មកពីស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិជាតិ និងអន្តរជាតិ។

លុះនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ អ្នករៀបចំព្រឹត្តិការណ៍ ACC នឹងរៀបចំ ដំណើរកម្សាន្តជូនដល់បណ្ដាភ្ញៀវដែលមានបំណងអញ្ជើញទស្សនារមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរដែលត្រូវចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការសហប្រជាជាតិផងដែរ។ លើសពីការលើកកម្ពស់ ការយោគយល់គ្នាទៅវិញទៅមកនិងការផ្លាស់ប្ដូរវប្បធម៌នោះ ព្រឹត្តិការណ៍ ACC ដែលរៀបចំឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានេះ គឺ ធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ឯកភាពក្នុងភាពចម្រុះជាតិសាសន៍ និងការ ផ្សារភ្ជាប់ប្រជាជាតិនានានៅក្នុងចំណោមបណ្ដាប្រទេសជាសមាជិក។ ព្រឹត្តិការណ៍នេះក៏នឹងផ្ញើចេញនូវសារដ៏មានអំណាចនិងវិជ្ជមានទៅដល់ពិភពលោកខាងក្រៅ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបទពិសោធន៍ដែលភ្ញៀវ ទទួលបានថា ព្រះរាជាណាចក្រកម្ពុជាមាននូវសក្ដានុពល ដ៏ធំធេងសម្រាប់ កំណើននៃទេសចរណ៍ វប្បធម៌ និងសម្រាប់ការវិនិយោគ។

សូមបញ្ជាក់ថា «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» ត្រូវបានប្តូរឈ្មោះមកពី «ក្រុមប្រឹក្សាវប្បធម៌ ICAPP» នៅក្នុងសម័យប្រជុំលើកទី២៨ នៃគណៈ កម្មាធិការអចិន្ត្រៃយ៍ ICAPP កាលពីខែកក្កដា ឆ្នាំ២០១៧ ដើម្បីពង្រីកវិសាល ភាពនៃការងារឲ្យកាន់តែទូលំទូលាយ និងបើកចំហរ។ ក្រុមប្រឹក្សាវប្បធម៌ អាស៊ី ត្រូវបានបង្កើតឡើង តាមគំនិតផ្តួចផ្តើមរបស់ប្រទេសកម្ពុជា ចិន នេប៉ាល់ និងរុស្ស៉ី ហើយកិច្ចព្រមព្រៀងភាពជាដៃគូដ៏គួរឱ្យកោតសរសើរនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ ICAPP និងបណ្តាគណបក្សនយោបាយ នៅអាស៊ី។ ប្រទេសកម្ពុជា ចិន នេប៉ាល់ និងរុស្ស៊ី ត្រូវបានប្រគល់តួនាទី ឱ្យរៀបចំឯកសារគោលសម្រាប់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ស្របតាមសេចក្តី សម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ដែលបានធ្វើឡើងក្នុងកិច្ច ប្រជុំ លើកទី២៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាខែកញ្ញា ឆ្នាំ២០១៦។

ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានសម្រេចបង្កើតលេខាធិការដ្ឋាននៅ ក្នុងប្រទេសកម្ពុជា ហើយសម្រេចជ្រើសរើសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានស្ថាបនិកកិត្តិយស, លោកស្រី ឃួន សុដារី ជាប្រធាន និងលោក សួស យ៉ារ៉ា ជាអគ្គនាយក។ ក្រុមប្រឹក្សាវប្បធម៌អាស៊ីបង្កើតឡើង ដើម្បីលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរវប្បធម៌ ក្នុងចំណោមបណ្តាប្រទេសជាសមាជិក លើកកម្ពស់សាមគ្គីភាពក្នុងភាព សម្បូរបែប លើកកម្ពស់សម្បត្តិវប្បធម៌ជាប្រភពនៃការអភិវឌ្ឍ ប្រកប ដោយចីរភាព និងកិច្ចសហការអន្តរជាតិ និងការផ្សារភ្ជាប់អារ្យធម៌ និងកសាងនូវទ្វីបអាស៊ីមួយប្រកបដោយភាពសុខដុមរមនា៕




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់មន្ត្រីរាជការទាំងអស់ ឱ្យខិតខំទ្វេដងក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់មន្ត្រីរាជការទាំងអស់ឱ្យខិតខំទ្វេដង ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ ឆ្លើយតបនឹងជំនឿចិត្តរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតដល់ទទួលបានអាសនៈ១២៥ លើ១២៥។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជិត៥៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ។

ពាក់ព័ន្ធនឹងការបោះឆ្នោតគាំទ្រនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា កម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងត្រឹមត្រូវនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពោលគឺនៅក្នុងការបោះឆ្នោតអាណត្តិទី៦កន្លងទៅនេះ មានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងអាចទទួលយកបាន៕



នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ គឺជាខួបលើកទី៣៤ ដែលលោក ហ៊ុន សែន ទទួលតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នេះ ថាថ្ងៃនេះ គឺជាខួបលើកទី៣៤ ដែលលោកបានទទួលតំណែងជា «នាយករដ្ឋមន្រ្តីនៃកម្ពុជា» (១៤ មករា ១៩៨៥-១៤ មករា ២០១៩)។ លោកបានបន្តថា ការទទួលបានតំណែងជានាយករដ្ឋមន្ត្រីនេះ បន្ទាប់ពីលោកបានបំពេញភារកិច្ចជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការទេសរយៈពេល៦ឆ្នាំ ហើយក៏បានបំពេញមុខនាទីជានាយករដ្ឋមន្ត្រីស្តីទីជាង៣ខែ នៅពេលដែលលោក ចាន់ ស៊ី ចេញទៅព្យាបាលជំងឺ និងទទួលមរណភាពនៅទីក្រុងមូស្គូ សហភាពសូវៀត។
លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជាតិ៥៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ។
គួរបញ្ជាក់ថា បើគិតពីរយៈពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលរួមក្នុងរដ្ឋាភិបាលគឺចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ មកទល់ពេលនេះ គឺមានរយៈពេល ៤០ឆ្នាំហើយ។ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមទាំងស្រុង ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលបានបង្រួបបង្រួមជាតិ នាំមកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យជូនជាតិមាតុភូមិកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្រ្តី ដោយទទួលបានការគាំទ្រពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងរដ្ឋ ពិសេសគឺលោក ហេង សំរិន លោក ជា ស៊ីម លោក សាយ ភូថង និងលោក ជា សុទ្ធ។ល។ តាមរយៈការបោះឆ្នោតជាសម្ងាត់ នៅក្នុងរដ្ឋសភាដែលលោកទទួលបានសំឡេងឆ្នោតគាំទ្រ១០០%។ គ្មានសន្លឹកឆ្នោតប្រឆាំង គ្មានសន្លឹកឆ្នោតអនុប្បវាទ គ្មានសន្លឹកឆ្នោតមោឃៈ។ ដោយសារកម្លាំងគាំទ្រដ៏ខ្លាំងបែបនេះហើយ ទើបធ្វើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចបាននូវរបៀបវារៈនយោបាយដែលប្រជាជនកម្ពុជា បាននិងកំពុងទទួលផលរហូតដល់សព្វថ្ងៃនេះ៕








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដោយសារប្រទេសជាតិមានការរីកចម្រើន តម្រូវការនៃការកសាងហេដ្ឋារចនាសម្ព័ន្ធចេះតែកើនឡើង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដោយសារតម្រូវការនៃការរីកចម្រើនរបស់ប្រទេសជាតិយើង ជាពិសេសគឺការរីកចម្រើនផ្នែកសេដ្ឋកិច្ចជាតិ ទើបមានការកសាងផ្លូវជាតិ តូចធំជាលំដាប់ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាង សង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែង៥២,៩៨៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវដែលកំពុងបើកការដ្ឋានសាងសង់នាពេលនេះគឺជាផ្លូវមួយដែលមានទំហំធំរហូតដល់ទទឹង២៥ម៉ែត្រទៅ២៧ម៉ែត្រ និងមានការរៀបចំជាសួនច្បារនៅចំចំណុចកណ្តាលផងដែរ។ លោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងបានធ្វើដំណើរយ៉ាងល្អប្រកបដោយសុវត្ថិភាពក្នុងការធ្វើដំណើរផងដែរ៕




លិខិតមិត្តអ្នកអាន៖ បូកលេខមិនដែលត្រូវជាអាស្រូវនយោបាយធំបំផុតរបស់ សម រង្ស៊ី!

ក្នុងនាមអ្នកតាមដាននយោបាយតាមតុកាហ្វេម្នាក់ ខ្ញុំបានសង្កេតឃើញថា ជាង២៥ឆ្នាំមកនេះគឺលោក សម រង្ស៊ី ពិតជាអ្នកនយោបាយខ្សោយបញ្ញា និងអន់ខាងគណិតវិទ្យាខ្លាំងណាស់ពីព្រោះគាត់គុណគូរ បូកលេខ មិនដែលត្រូវម្តងណាឡើយ។ នេះជាមូលហេតុចម្បងដែលធ្វើឱ្យជីវិតនយោបាយរបស់គាត់តែងតែបរាជ័យ និងបន្តធ្លាក់ដុនដាបដល់ម្លឹង។
ដើម្បីមើលឱ្យឃើញថា ហេតុអីបានជាខ្ញុំហ៊ាននិយាយថា លោក សម រង្ស៊ី អន់បញ្ញា និងខ្សោយខាងគណិតវិទ្យា? យើងគួរក្រឡេកថយក្រោយបន្តិចទៅមើលការសម្រេចចិត្តសំខាន់ៗ មួយចំនួនខាងនយោបាយរបស់គាត់ដែលជាលទ្ធផលនៃការវាយតំលៃសភាពការណ៍មិនត្រូវនិងបូកលេខខុសដែលជាកំហុសផ្នែកយុទ្ធសាស្ត្រ និងយុទ្ធវិធីក្នុងការប្រកួតប្រជែងនយោបាយដណ្តើមប្រជាប្រិយភាព និងអំណាចដូចតទៅនេះ៖
ទី១៖ កាលពីឆ្នាំ ១៩៩៤ អំនួតនយោបាយបែបអញនិយម បែបតួឯកដែលជាចរិតធម្មជាតិរបស់ សម រង្ស៊ី  បានជំរុញឱ្យគាត់សម្រេចចិត្តដើរចេញពីគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច ហើយទៅបង្កើតគណបក្សមួយឈ្មោះថា គណបក្សជាតិខ្មែរ ពីព្រោះតែ សម រង្ស៊ី គិតថា គាត់គ្រាន់បើជាងទ្រង់រណឬទ្ធិ។
ពេលនោះ សម រង្ស៊ី បើកការវាយប្រហារធ្ងន់ៗទៅលើអតីតគណបក្សដែលផ្តល់កំណើត នយោបាយឱ្យខ្លួន។ មិនយូរប៉ុន្មាន គណបក្សជាតិខ្មែរក៏បែកបាក់ក្រោមអំនួត ភាពក្រអឺតក្រទម និងរបៀបដឹកនាំផ្តាច់ការ គ្រួសារនិយមរបស់សម រង្ស៊ី។ ហើយដើម្បីសម្រេចគោលដៅអាត្មានិយម និងទស្សនៈតួឯកនិយម សម រង្ស៊ី ក៏ងាកទៅបង្កើតគណបក្សមួយទៀតដោយដាក់ឈ្មោះខ្លួនឯងធ្វើជាកម្មសិទ្ធិផ្តាច់មុខអស់មួយជីវិត។ គំនិតអញនិយម ការខ្វះភាពអត់ធ្មត់ក្នុងនាមជាអ្នកនយោបាយ និងការធ្វើសេចក្តីសម្រេចចិត្តទៅតាមតែអារម្មណ៍ផ្ទាល់ខ្លួន គឺជាកត្តាដែលនាំឱ្យជីវិតនយោបាយរបស់ សម រង្ស៊ី រសាត់អណ្តែតគ្មានកោះត្រើយរហូតដល់បច្ចុប្បន្ន។
ទីបំផុត ហ្វ៊ុនស៊ិនប៉ិចក៏រលាយ គណបក្ស សម រង្ស៊ី ក៏គ្មានកំណើត។ កាលណោះបើគាត់កុំដាក់លេខបូកសុប្បនិម្មិតច្រើនពេកលើខ្លួនគាត់ហើយអត់ធ្មត់នៅរួបរួមជាមួយសម្តេចក្រុមព្រះ ហើយកុំបំបែកហ្វ៊ុនស៊ិនប៉ិច ម្ល៉េះសមគណបក្សរាជានិយម មួយនេះប្រហែលជាអាចនៅតែខ្លាំងរហូតសព្វថ្ងៃ មិនចុះដុនដាបបែបនេះទេ ហើយលោក សម រង្ស៊ី ក៍ប្រហែលជាអាចមានប្រជាប្រិយភាព អំណាច និងឥទ្ធិពលមិនរសាត់អណ្តែតដូចសព្វថ្ងៃនេះដែរ។
ទី២៖ នៅឆ្នាំ ១៩៩៧ សម រង្ស៊ី ហេតុតែចង់ល្បីឈ្មោះ បានប្រើលេខបូកសុប្បនិម្មិតមួយទៀតក្រោមល្បិចសាច់កម្ម ដោយបានប្រឌិតរឿងដ៏អាក្រក់ថោកទាបចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាអ្នកនៅពីក្រោយការបោកគ្រាប់បែកក្នុងហ្វូងបាតុករ។ ប៉ុន្តែនៅទីបំផុត សម រង្ស៊ី ក៏យល់ដឹងថាលេខបូកនេះបាននាំអោយខ្លួនខុសធ្ងន់ ហើយក៏សុខចិត្ត សរសេរលិខិតសុំទោស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ដោយសារភាពទទួលស្គាល់ថា រាល់ការចោទប្រកាន់នោះមិនត្រឹមត្រូវឡើយ។
ដូច្នេះ បើកុំតែបូកលេខខុសបែបនេះ សម រង្ស៊ី មិនបាត់បង់ឱកាសធ្វើនយោបាយនៅក្នុងប្រទេស ហើយត្រូវរត់ចោលស្រុកយ៉ាងយូរដូច្នោះឡើយដែរ។
ទី៣៖ នៅឆ្នាំ ២០០៨ លោក សម រង្ស៊ី បានវាយតំលៃជ្រុលហួស និងដាក់លេខបូកទាំងស្រមើស្រមៃ ថាគាត់អាចមានកំលាំងលើសពីគ្រប់គ្រាន់ដើម្បីឈោងចាប់អំណាចបានឆាប់ ប្រសិនបើរដ្ឋធម្មនុញ្ញកំណត់ត្រឹមសំឡេង ៥០% បូក ១ ។ ភាពស្រមើស្រមៃដេកយល់សប្តិឃើញតែអំណាចក៏បានជំរុញចិត្តលោភលន់របស់គាត់ឱ្យគាំទ្រ និងចូលរួមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយប្តូរពី ពីរភាគបី មកជា ៥០% បូក១ វិញ។
តាមពិតរូបមន្តថ្មីនេះមានបានជួយគាត់ឯណា តែផ្ទុយទៅវិញគឺជាអំណោយផលដល់បក្សកាន់អំណាច ហើយក៏ធ្វើឱ្យគាត់ឃ្លាតឆ្ងាយពីអំណាចកាន់តែឆ្ងាយទៅៗ។ បើសិនជា សម រង្ស៊ី ពូកែគណិតវិទ្យាជាងនេះតែបន្តិច ម្ល៉េះសមគាត់នឹងទទួលបានផលចំណេញច្រើនជាងនេះក្នុងល្បែងនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។
ទី៤៖ ក្នុងឆ្នាំ ២០១២ ដោយមើលឃើញថា កម្លាំងគាំទ្រមានតិចតួចពេក ហើយគ្មានសង្ឃឹមថាអាចយកប្រៀបលើគណបក្សកាន់អំណាចរបស់បុរសខ្លាំងបាន សម រង្ស៊ី ដែលសន្សំអស់ល្បឺត បានត្រឹមតែ ២៦ កៅអីក៏សុខចិត្តទៅដាក់ហ៊ុនជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ដែលមានតែបីកៅអី តាមការរៀបចំរបស់បរទេសទោះជាដឹងថាខ្លួនគាត់ និងលោក កឹម សុខា គឺជាទឹក និងប្រេង ក៏ដោយចុះ។
ទីបំផុត សម រង្ស៊ី ដឹងខ្លួនថាបូកលេខច្រឡំ ចាញ់ប្រៀបលោក កឹម សុខា ឆ្ងាយណាស់ជាពិសេសគឺការគណនាខុសលទ្ធផលនៃការចូលហ៊ុន ៖ ២៦+៣= សេចក្តីសំរេចតាមកុងសង់ស៊ុសមិនមែនភាគច្រើនជាអ្នកសំរេចឯណា!
ទី៥៖ មកដល់ឆ្នាំ ២០១៧ ដោយឈឺចាប់នឹងការចាញ់ប្រៀបលោក កឹម សុខា ខ្លាំងផង និងដោយចង់ធ្វើខ្លួនជាវីរៈបុរសក្នុងបក្សប្រឆាំងផង សម រង្ស៊ី ក៏បានបូកលេខខុសម្តងទៀត ដោយបានប្រញាប់ប្រញាល់ប្រកាសលាឈប់ពីតំណែងប្រធានបក្សសង្គ្រោះជាតិ ក្រោមហេតុផលថា ដើម្បីជួយសង្គ្រោះបក្សកុំឱ្យគេរំលាយ។ តាមពិតគាត់បូកលេខខុសព្រោះគាត់ស្មានរំពឹងទុកថាការលាលែងនេះគ្រាន់តែជាឆាកល្ខាន សំដែងដើម្បីសាងប្រជាប្រិយភាពឡើងវិញ ប៉ុណ្ណោះ ពីព្រោះសម រង្ស៊ី គិតថា បន្ទាប់ពីការលាលែង អ្នកគាំទ្ររបស់គាត់ភ្លូកទឹកភ្លូកដីនឹងងើបឡើងទាមទារកុំឱ្យគាត់ឈប់។ ប៉ុន្តែមានឯណា ស្ងាត់ដូចចោរលួចសេះ។ រីឯបក្សសង្គ្រោះជាតិ នៅតែរលាយដដែល។ កាលណោះ បើគាត់មិនបូកលេខខុសទៅប្រកាសលាលែងបែបនេះទេ ម្ល៉េះសមគាត់នឹងមិនបាត់បង់អំណាចទាំងស្រុងបែបនេះឡើយ ហើយលោក កឹម សុខាដែលមានតែ៣កៅអីក្នុងភាគហ៊ុនក៍មិនអាចឡើងជាប្រធានបក្សបានដែរ។
ទី៦៖ ដោយស្ពឹកមុខខ្លាំងពីព្រោះតែការបាត់បង់អំណាច និងឥទ្ធិពលអស់រលីងពីក្នុងបក្ស សម រង្ស៊ី ដែលមានចំណែករុញឱ្យបក្សសង្គ្រោះជាតិរលាយនោះ ស្រាប់តែទៅប្រកាសបង្កើតចលនាសង្គ្រោះជាតិឯណាឯណីទៅវិញ។ ការបង្កើតចលនានេះក្រោមហេតុផលថា ដើម្បីធ្វើជាសំប៉ានទៅជួយសំពៅ សង្គ្រោះជាតិដែលកំពុងជាប់គឿងហើយត្រូវភ្លើងឆេះទៀត។ ប៉ុន្តែ សំប៉ានដែលលោក សម រង្ស៊ី បង្កើតមានបានជួយសំពៅដែលកំពុងជាប់គឿង និងត្រូវភ្លើងឆេះឯណា ផ្ទុយទៅវិញ ចលនានេះបែរជាជួយឱ្យសំពៅកាន់តែភ្លើងឆេះខ្លាំងឡើងៗ រហូតដល់រលាយអស់។ ចលនាសង្គ្រោះជាតិ ក៏ត្រូវរលាយខ្លួនបាត់ទៅវិញដោយបន្សល់ទុកនូវការបែកបាក់យ៉ាងធ្ងន់ធ្ងរក្នុងចំណោមក្រុមប្រឆាំង។
ទី៧៖ ក្នុងឆ្នាំ ២០១៨ ពេលបោះឆ្នោត សម រង្ស៊ី បូកលេខខុសរឹតតែធ្ងន់ធ្ងរ។ តាមពិតគាត់ត្រូវឱ្យគណបក្សណាមួយក្នុងចំណោមគណបក្ស សម រង្ស៊ី និងសិទ្ធិមនុស្ស ចូលរួមបោះឆ្នោត ហើយអំពាវនាវឱ្យអ្នកគាំទ្របោះឆ្នោតឱ្យគណបក្សនោះ ដើម្បីប្រមូលសំឡេងអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិមកវិញ ។ ប៉ុន្តែគាត់បែរជាបូកលេខច្រឡំ ហើយបែរទៅរំលាយបក្សទាំងពីរចោល ហើយអំពាវនាវកុំឱ្យអ្នកគាំទ្រចេញទៅបោះឆ្នោតក្រោមយុទ្ធនាការ«ដេកផ្ទះ ឈ្នះឯង‍‍»។ ទីបំផុត អ្នកដេកផ្ទះមានតែគ្នាគាត់មួយដំបរស្វា ដែលរត់ចោលស្រុកប៉ុណ្ណោះ ចំណែកឯពលរដ្ឋក្នុងស្រុករាប់ទាំងអ្នកធ្លាប់គាំទ្រអតីបក្សសង្គ្រោះជាតិផង បានចេញទៅបោះឆ្នោតភ្លូកទឹកភ្លូកដី ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលធ្វើឱ្យគណបក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះយ៉ាងស្រួលដូចការហូបលតមិនបាច់ទំពារចឹង។
ទី៨៖ ចុងក្រោយនេះ បន្ទាប់ពីបូកលេខខុសតាមរយៈការធ្វើបក្សប្រហារទំលាក់ កឹម សុខា ដែលជាការពុះជ្រៀកសាកសពអតីតបក្សប្រឆាំង សម រង្ស៊ី នៅតែគ្មានបញ្ញាហើយបូក លេខច្រឡំដដែល ហើយច្រឡំលើកនេះគឺរឹតតែធ្ងន់ធ្ងរ។
តាមពិត សម រង្ស៊ី គួរតែបើកផ្លូវលើកទឹកចិត្តឱ្យអ្នកនយោបាយដែលជាប់បម្រាមទទួលយកសិទ្ធិធ្វើនយោបាយវិញឱ្យបានច្រើនតាមដែលអាចធ្វើបាន ទោះជារូបគាត់មិនទាន់ទទួលបានសិទ្ធិក្តី ពីព្រោះអ្នកនយោបាយទាំងនោះនឹងមានសិទ្ធិធ្វើសកម្មភាពចុះជួបសកម្មជន អ្នកគាំទ្រតាមមូលដ្ឋាន ដើម្បីពង្រឹងស្មារតីអ្នកគាំទ្រជាពិសេសដើម្បីត្រៀមខ្លួនក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាននៅពេលខាងមុខ។ យ៉ាងហោចណាស់ក៏សកម្មជន អ្នកគាំទ្របានឃើញអ្នកនយោបាយរបស់ពួកគេអាចប្រាស្រ័យទាក់ទងគ្នាជាមួយពួកគេបានដែរ។ ប៉ុន្តែផ្ទុយទៅវិញ សម រង្ស៊ី បែរជាបង្ខាំងអ្នកទាំងអស់នោះអោយនៅក្នុងទ្រុងជាមួយគាត់ ទាំងពេលទ្វារបើកចំហ។ មិនតែប៉ុណ្ណោះ សម រង្ស៊ី បែរទៅជានិយាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បរាជ័យពីព្រោះគ្មានអ្នកណាមកទទួលសិទ្ធិធ្វើនយោបាយ? នេះជារឿងគួរឱ្យអស់សំណើច។
ចុះអ្នកនយោបាយអីក៏បញ្ញាអន់យ៉ាងនេះ?
សរុបទៅ ចំណុចទាំងប៉ុន្មានដូចបានលើកឡើងខាងលើនេះគឺជាឧទាហរណ៍ជាក់ស្តែងបំផុត និងត្រួសៗក្នុងចំណោមបញ្ហាជាច្រើនរាប់មិនអស់ដែល សម រង្ស៊ី សម្រេចចិត្តខុសដោយសារតែបូកលេខច្រឡំ។ មកដល់ចំណុចនេះ ខ្ញុំនៅតែកោតសរសើរលោក គង់ គាំ ដែលធ្លាប់បានរួមរស់ជាមួយលោក សម រង្ស៊ី អស់ជាច្រើនឆ្នាំហើយ ចេះរកឃើញពាក្យបីម៉ាត់ មកពិពណ៌នា ពីលោកសម រង្ស៊ី ថា ជាមនុស្ស «គិតមិនដែលត្រូវ យល់មិនដែលច្បាស់ ធ្វើមិនដែលកើត»។ គឺពិតជាមហាត្រឹមត្រូវ ហើយខ្ញុំសុំកត់ត្រាពាក្យបីម៉ាត់នេះទុកជាពាក្យស្លោកសម្រាប់ពិពណ៌នាលោក សម រង្ស៊ី ជារៀងរហូត។ នេះហើយជាលទ្ធផលនៃនយោបាយបូកលេខច្រឡំរបស់លោក សម រង្ស៊ី៕

ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

អ្នកជំនាញអារ្យធម៌ខ្មែរ៖ លោក សម រង្ស៊ី ធ្លាក់ក្នុងស្ថានភាពដូចឪពុកខ្លួន នាទសវត្សរ៍១៩៦០

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងអះអាងថា បើនិយាយពីច្បាប់វិសោធនកម្មមាត្រាថ្មី៤៥(ស្ទូន) ដើម្បីបើកផ្លូវឲ្យនាយករដ្ឋមន្រ្ដីសម្ដេចតេជោ ហ៊ុន សែន មានលទ្ធភាពថ្វាយការស្នើសុំលើកលែងទោសពីព្រះមហាក្សត្រ ទៅដល់អ្នកជាប់បម្រាមធ្វើនយោបាយ ហើយត្រូវបានអ្នកជាប់បម្រាមមានការសាទរ និងបានដាក់លិខិតស្នើសុំលើកលែងទោស ដល់ខ្លួនដូចយើងឃើញនេះ ។ បើនិយាយពី លោក សម រង្ស៊ី គឺក្លាយជាអ្នកនយោបាយឯកកោ នឹងធ្លាក់ក្នុងស្ថានភាពដូចឪពុកខ្លួននាទសវត្សរ៍១៩៦០ យ៉ាងដូច្នោះដែរ។
បានន័យថា បើថ្លាថ្លែងចំពោះជីវិតនយោបាយរវាងលោក សម សារី និងលោក សម រង្ស៊ី ជាឪនិងកូនទំាងពីរនាក់នេះ យើងឃើញថា៖ អំពីលោក សម សារី បើនិយាយពីសាវតារនយោបាយ នាទសវត្សរ៍១៩៦០នោះ គឺមានចលនានយោបាយមួយដែលមានអាមេរិកំាងពីក្រោយខ្នងនាសម័យនោះគឺ «ចលនាខ្មែរសេរី» ដឹកនំាដោយលោក សឺង ង៉ុកថាញ និងលោក សម សារី នេះឯង។ បើដូច្នេះស្ថិតក្នុងកាលះទេសះនោះលោក សឺង ង៉ុកថាញ និងលោក សម សារី តែងមានទំនាស់គ្នាយ៉ាងខ្លំាង ពិសេសលោក សម សារី នេះតែម្ដង ចង់ធ្វើបងធំលើលោក សឺង ង៉ុកថាញ ដោយចង់គ្រប់គ្រងលើចលនាខ្មែរសេរីនេះ រហូតធ្វើឲ្យអាមេរិកំាងមានការឈឺក្បាលយ៉ាងខ្លំាង។
បើដូច្នេះស្ថិតក្នុងជម្លោះដណ្ដើមអំណាចបងធំនេះ ហើយដើម្បីបិតបំាងនូវជម្លោះនេះ គឺពួកគេក៏បានបង្កើតពាក្យថា «សម សារី និង សឺង ង៉ុកថាញ គឺជាមនុស្សតែមួយ គឺមិនខុសពីពាក្យរបស់ អតីតបក្សសង្រ្គោះជាតិដែល លោក សម រង្ស៊ី ខិតខំពោលដដែលៗថា សម រង្ស៊ី និង កឹម សុខា គឺជាមនុស្សតែមួយ» យ៉ាងដូច្នោះនេះទេ។
លោក រត្ន័ សណ្ដាប់ បានរៀបរាប់បន្ដថា ស្ថិតក្នុងរឿងរ៉ាវជម្លោះដណ្ដើមបងធំរវាងលោក សម សារី និងលោក សឺង ង៉ុកថាញ ពិសេស លោក សម សារី ពូកែទាមទារនេះ ទាមទារនោះ ពុំចេះចប់ពុំចេះហើយផងនោះ។ ស្ថិតត្រង់ចំណុចនេះគឺធ្វើឲ្យក្រុម CIA អាមេរិកំាងមានការធុញទ្រាន់យ៉ាងខ្លំាង រហូតចុងក្រោយក៏បានសម្លាប់លោក សម សារី ដោយពុំបន្សល់ភស្ដុតាងរហូតដល់ សព្វថ្ងៃនេះ។ ស្ថិតត្រង់ចំណុចនេះលោក រត្ន័ សណ្ដាប់ ក៏បានសង្កត់ធ្ងន់ផងដែរថា ចំពោះមូលហេតុដែលអាមេរិកំាងកាន់ជើង លោក សឺង ង៉ុកថាញ ច្រើនជាង លោក សម សារី នោះពីព្រោះលោក សឺង ង៉ុកថាញ ជាកម្ពុជាក្រោមមានប្រយោជន៍ជាង ដោយមានទំនាក់ទំនងល្អជាមួយវៀតណាមខាងត្បូង ដែលពេលនោះស្ថិតក្រោមការគ្រប់គ្រងអាមេរិក ហើយក៏មានទាហានខ្លះផងដែរ។
បើដូចនេះស្ថិតក្នុងបរិបទបច្ចុប្បន្ននេះដែរ ចំពោះករណីជម្លោះដណ្ដើមបងធំ ក្នុងអតីតបក្សសង្រោ្គះជាតិរវាងលោក សម រង្ស៊ី និងលោក កឹម សុខា ហើយដែលអាមេរិកស្ថិតពីក្រោយខ្នងនេះដែរ។ ត្រង់ចំណុចនេះលោក រត្ន័ សណ្ដាប់ យល់ថា គឺអាចអាមេរិកលើកទឹកចិត្ដ លោក កឹម សុខា ច្រើនជាង ពីព្រោះអតីតថ្នាក់ដឹកនំាបក្សលោកតា សឺន សាន្ដ ជាកម្ពុជាក្រោមមិនខុសពី លោក សឺង ង៉ុកថាញ នោះទេ។ ពិសេសគោលនយោបាយអាមេរិកនេះទៀតសោតក៏កំពុងស្អិតរមូតជាមួយវៀតណាម ដូចយើងឃើញសព្វថ្ងៃនេះជាភស្ដុតាង។ បើដូច្នេះស្ថិតត្រង់ចំណុចទំាងនេះហើយ ដែលយើងហៅថា លោក សម រង្ស៊ី ធ្លាក់ក្នុងស្ថានភាពដូចឪពុកខ្លួននាទសវត្សរ៍១៩៦០នោះ៕