សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកកញ្ញា ស៊ន សៀវម៉ី ជាវារៈនារីសំរាប់កម្ពុជា ដែលបានលើកស្ទួយកិត្តិយសកម្ពុជា នៅគ្រាដែលកម្ពុជា មិនដែលទទួល មាសសោះក្នុងការប្រកួត អាស៊ីហ្គេម ជាង៦០ឆ្នាំមកនេះ។
ពិធីទទួលម្ចាស់មេដាយមាស ស៊ន សៀវម៉ី ត្រូវបានប្រាព្ធធ្វើឡើងនៅវិមានសន្តិភាពក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមជាមួយឥស្សរជនជាច្រើនទៀត ។
នៅក្នុងការសំណេះសំណាល ពាក្យពេជន៍ដំបូង របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចាត់ថា កញ្ញា ស៊ន សៀវម៉ី ជាវីរៈនារី សំរាប់ កម្ពុជា ដែលបាន លើកស្ទួយកិត្តិយសកិត្យានុភាពជាតិ នៅគ្រាដែលកម្ពុជា មិនដែល ទទួលបានមេដាយមាសម្តងដាឡើយ ក្នុងការប្រកួងកីឡាអាស៊ី ជាង៦០ឆ្នាំមកនេះ ពោលតាំងពីឆ្នាំ១៩៥៤មក។ ការទទួលបានមេដាយមាសរបស់កញ្ញា សៀវម៉ី មិនមែន ត្រឹមតែលើកស្ទួយត្រកូលស៊នប៉ុណ្ណោះទេ ប៉ុន្តែសៀវម៉ី បានលើកស្ទួយត្រកូលកម្ពុជាទាំងមូលតែម្តង។ នេះជាគំរូដ៍ល្អ និងជាមោទនភាពជាតិកម្ពុជា។

សម្តេចតេជោនាយករដមន្ត្រី បានបញ្ជាក់ថា យោងតាមការសំរេចរបស់ក្រសួងអប់រំយុវជន និងកីឡា និងយោងទៅតាមការចេញទៅប្រកួតនៅកូរ៉េខាងត្បូង ត្រូវការហ្វឹកហាត់ ធ្វើឲ្យកញ្ញា សៀវម៉ី មិនបានរៀនបន្ថែម សំរាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ លើកទី២ទេ ប៉ុន្តែបានយកមេដាយមាសជូនជាតិមាតុភូមិ ហើយត្រូវប្រឡង លើកទី២នោះទៀត ដូច្នោះក្រសួងអប់រំបានចេញនូវសេចក្តីប្រកាស២ថ្ងៃទី ០៣ កន្លង ទៅ ដោយផ្តល់ឲ្យកីឡាការនី ស៊ន សៀវម៉ី ដែលទទួលបានមេដាយមាសនៅក្នុងការប្រកួតកីឡា អាស៊ី ឲ្យជាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ១៣ តុលា ២០១៤ ដោយស្វ័យប្រវត្តិតែម្តង និងផ្តល់ជូនអាហារូបករណ៍១០០% ឲ្យ សិក្សានៅសាកលវិទ្យាល័យរដ្ឋណាមួយផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា សំរាប់ការលើកទឹកចិត្ត រាជរដ្ឋាភិបាល ផ្តល់ថវិកាប្រមាណ ៨០លានរៀល ប្រហាក់ប្រហែលនឹង២ម៉ឺនដុល្លារអាមេរិក ថវិការ សម្តេចផ្ទាល់ចំនួន ១ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត ។ ពិសេសជាងនេះទៅទៀត សម្តេចតេជោ បានឧបត្ថម្ភ ថវិការ១៥០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ បន្ថែមទៀតសំរាប់ ការសិក្សានៅថ្នាក់មហាវិទ្យាល័យណាមួយរហូតដល់ចប់ ហើយសៀវម៉ី រៀនពេទ្យប្រាក់ឧបត្ថម្ភចំនួន ៨ឆ្នាំ ទៅតាមចំនួនឆ្នាំនៃមុខវិជ្ជាដែលត្រូវសិក្សា។ សម្តេចតេជោ ផ្តល់ម៉ូតូមួយគ្រឿងសំរាប់ មធ្យោបាយធ្វើដំណើរទៅសិក្សា កុំព្យូទ័រលេបថបមួយគ្រឿងម៉ាក អេបផល តំលៃ ១២៥០ដុល្លារអាមេរិក និងអាយផេតមួយគ្រឿងផងដែរ។
គួររំលឹកថា កញ្ញា ស៊ន សៀវម៉ីទើបតែចូលហ្វឹកហាត់តេក្វាន់ដូ នៅឆ្នាំ ២០១០ ប៉ុណ្ណោះនាងធ្លាប់ដណ្ដើមបានមេដាយនៅអន្តរជាតិចំនួន ៦ គ្រឿងសំខាន់ៗ រួមមានមេដាយ ប្រាក់ (Asean Championship ឆ្នាំ ២០១១), មេដាយសំរឹទ្ធ (ស៊ីហ្គេមឆ្នាំ ២០១១), មេដាយសំរឹទ្ធ (Asian Tekwando Championship 2012), មេដាយសំរឹទ្ធ (Asean University 2011), មេដាយមាស (ស៊ីហ្គេមឆ្នាំ២០១៣), មេដាយមាស (Asian Games 2014) ។
គួរបញ្ជាក់ថា ឆ្នាំនេះជាខួបលើកទី៦០ សម្រាប់កម្ពុជាដែលបានចូលរួមក្នុងការប្រកួតកីឡាអាស៊ីបន្ទាប់ពី កម្ពុជាបានចូលរួមលើកទី១ នាឆ្នាំ១៩៥៤។ក្នុងការចូលរួមលើកទី៤ នាឆ្នាំ១៩៦២ ដែលធ្វើនៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ីនោះ កីឡាករប្រដាល់កម្ពុជាមួយរូបបានក្លាយជាវីរបុរសដោយបានទទួល មេដាយសំរិទ្ធមុនគេ នោះគឺលោក យូជិនហុង។ នៅឆ្នាំ១៩៧០ កីឡាអាស៊ីរៀបចំធ្វើនៅ ហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន ហើយកម្ពុជាបានមេដាយមួយគ្រឿងទៀតពីការប្រកួតកីឡាអាស៊ីនេះដែរ។ ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៧ នៅទីក្រុង Incheon ប្រទេសកូរ៉េនេះមានអត្តពលិកជិត ១ ម៉ឺននាក់មកពី ៤៤ ប្រទេសចូលរួម។ កីឡាចំនួន ៣៦ប្រភេទ និង ៤៣៩ វិញ្ញាសាកីឡា ត្រូវបានដាក់អោយប្រកួត។សម្រាប់កម្ពុជាបានបញ្ជូនអត្តពលិកចំនួន ២០ នាក់ទៅចូលរួមប្រកួតកីឡា Asian Gamesនេះ ដែលមានកីឡាចំនួន ៨ ប្រភេទគឺអត្តពលកម្ម ហែលទឹក ចំបាប់ វាយកូនបាល់ Soft តឺនីស្ត តេក្វាន់ដូយូដូ និង បាល់ទះឆ្នេរខ្សាច់។
ទោះជាកីឡា Asian Games បង្កើតឡើងបាន ១៧ លើកមកហើយក៏ពិតមែនប៉ុន្តែបើគិតចាប់តាំងពីឆ្នាំ១៩៥៤មក កម្ពុជាធ្លាប់បានបញ្ជូនអត្តពលិករបស់ខ្លួនទៅចូលរួមបានតែ ១១លើកប៉ុណ្ណោះព្រោះមានឆ្នាំខ្លះកម្ពុជាមិនចូលរួមដោយសារមានវិបត្តិសង្គ្រាមក្នុងស្រុក។
ការចូលរួមទាំង ១១ លើកនេះ កម្ពុជា ឈ្នះមេដាយមាស ១ ប្រាក់២ និងសំរឹទ្ធ៤ ប៉ុន្តែឯកសារលំអិតទាក់ទងនឹងអត្តពលិកប្រភេទកីឡាដែលកម្ពុជា បានចូលរួមនោះមិនមានការចងក្រងទុកឲ្យបានត្រឹមត្រូវនោះឡើយ។
សម្រាប់ឆ្នាំដែលកម្ពុជាឈ្នះមេដាយ (ផ្អែកលើឯកសារបរទេស) មាន៖
១) Asian Games លើកទី ៤ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ឆ្នាំ១៩៦២ លោក យូ ជិនហុង ជាអ្នកឈ្នះមេដាយសំរឹទ្ធ ផ្នែកកីឡាប្រដាក់សកលទម្ងន់ ៥៨ គីឡូក្រាម។
២) Asian Games លើកទី ៦ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងឆ្នាំ ១៩៧០ កម្ពុជាឈ្នះមេដាយចំនួន ៥ រួមមាន៖
• កីឡាប្រដាក់សកល៖ លោក ខៀវ សឿន និង លោក ឡុង សាវឿន មេដាយប្រាក់ម្នាក់មួយគ្រឿង
• ហែលទឹក៖ តាមឯកសារជាអន្តរជាតិបានសរសេរថាកម្ពុជាឈ្នះមេដាយវិញ្ញាសានេះចំនួន ២ គ្រឿង ដោយលោក ផាត់ សំអុនឈ្នះមេដាយសំរឹទ្ធ តែម្នាក់ទៀតមិនឯកសារបញ្ជាក់ច្បាស់លាស់។
• កីឡាបាល់ទះនារី៖ ឈ្នះមេដាយសំរឹទ្ធ១ ដែលក្នុងនោះ លោកយាយ ច័ន្ទលាងឈីវ ក៏ធ្លាប់បានអះអាងថាគាត់ក៏ជាសមាជិកម្នាក់នៅក្នុងក្រុមផងដែរ។
៤) Asian Games លើកទី ១៧ នៅកូរ៉េខាងត្បូង ឆ្នាំ ២០១៤ កីឡាការិនី ស៊នសៀវម៉ី កីឡាតេក្វាន់ដូ វិញ្ញាសាប្រយុទ្ធក្រោមទម្ងន់ ៧៣ គីឡូក្រាមឈ្នះមេដាយមាស៕
អត្ថបទដោយ៖ ខេមរា