Wednesday, March 15, 2023

ក្រសួងការងារ ចេញសេចក្តីណែនាំស្តីពី ការព្យួរកិច្ចសន្យាការងារកម្មករនិយោជិតធ្វើការនៅរោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកល


(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំស្តីពី ការព្យួរកិច្ចសន្យាការងារកម្មករនិយោជិតធ្វើការនៅរោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកល


យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីរក្សាលំនឹងជីវភាពរស់នៅរបស់កម្មករនិយោជិត និងធានានូវស្ថិរភាពអាជីវកម្មរបស់រោងចក្រដែលមានការថមថយច្រវាក់ផលិតកម្មក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចសកល ក្រសួងការងារសូមណែនាំដល់ម្ចាស់ ឬនាយករោងចក្រត្រូវធ្វើការពិភាក្សាគ្នាជាមួយតំណាងបងប្អូនកម្មករនិយោជិត ដើម្បីកំណត់ការឆ្លាស់វេនគ្នាធ្វើការងារនៅពេលមានការព្យួរកិច្ចសន្យាការងារក្នុងរយៈពេលកំណត់ណាមួយ ដោយផ្អែកលើគោលការណ៍សមភាព។ បងប្អូនកម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភដូចខាងក្រោម៖

* ចំនួន ២០ដុល្លារអាម៉េរិក ពីរាជរដ្ឋាភិបាល និងចំនួន ១៥ដុល្លារអាម៉េរិក ពីនិយោជក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ទៅ ១៤ថ្ងៃ

* ចំនួន ៤០ដុល្លារអាម៉េរិក ពីរាជរដ្ឋាភិបាល និងចំនួន ៣០ដុល្លារអាម៉េរិក ពីនិយោជក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ទៅ ១ខែ។

ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំដូចតទៅ៖

១៖ ម្ចាស់ ឬនាយករោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវ៖

- ដាក់លិខិតស្នើសុំព្យួរកិច្ចសន្យាការងារមករដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានយ៉ាងតិច ៥ថ្ងៃ នៃថ្ងៃធ្វើការ មុនកាលបរិច្ឆេទនៃការចាប់ផ្ដើមព្យួរកិច្ចសន្យាការងារ តាមទម្រង់លិខិតដូចមានក្នុងឧបសម្ព័ន្ធទី១ តាមរយៈគេហទំព័រ https://suspension.mlvt.gov.kh ដែលមានសេចក្តីណែនាំអំពីរបៀបប្រើប្រាស់ប្រព័ន្ធនេះដូចមានក្នុងឧបសម្ព័ន្ធទី២ នៃសេចក្តីណែនាំនេះ។ រយៈពេលព្យួរកិច្ចសន្យាការងារជាអតិបរមាមានចំនួន ២ខែ និងអាចពន្យារបន្ថែម ក្នុងករណីចាំបាច់ និងស្ថានភាពជាក់ស្តែង ក្រោយពីមានការត្រួតពិនិត្យនិងអនុញ្ញាតដោយអធិការការងារ

- ផ្សព្វផ្សាយ និងជូនដំណឹងឱ្យបានទូលំទូលាយ និងជាចំហដល់បងប្អូនកម្មករនិយោជិត ដែលត្រូវព្យួរកិច្ចសន្យាការងារអំពីកាតព្វកិច្ចផ្តល់ជាដាច់ខាតនូវ (១) លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង(២)លេខទូរសព្ទផ្ទាល់ខ្លួន (ឬ លេខទូរសព្ទរបស់ប្តី ប្រពន្ធ កូន ឪពុក ម្តាយ ឬបងប្អូនបង្កើត) ដើម្បីក្រសួងយកទៅធ្វើជាមូលដ្ឋានសម្រាប់ផ្ទេរប្រាក់ឧបត្ថម្ភ តាមរយៈធនាគារឯកទេសវីង ស្របតាមរយៈពេលនៃការព្យួរកិច្ចសន្យាការងារ

- រៀបចំបញ្ជីរាយនាមកម្មករនិយោជិត ដែលត្រូវព្យួរកិច្ចសន្យាការងារឱ្យបានត្រឹមត្រូវតាមទម្រង់ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធទី៣ នៃសេចក្តីណែនាំនេះ ដោយតម្រូវឱ្យសាមីកម្មករនិយោជិតផ្តិតមេដៃនៅលើឈ្មោះរបស់ខ្លួនដើម្បីបញ្ជាក់ថា លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរសព្ទដែលរោងចក្របានរៀបចំនេះ គឺពិតជាត្រឹមត្រូវប្រាកដមែន

- ភ្ជាប់មកជាដាច់ខាតនូវច្បាប់ថតចម្លងឯកសារនីមួយៗចំនួន ២ច្បាប់ រួមមាន (១) បញ្ជីបើកប្រាក់ឈ្នួលចុងក្រោយ មុនពេលព្យួរកិច្ចសន្យាការងារដោយមានបោះត្រារបស់រោងចក្រនៅគ្រប់ទំព័រ (២) វិញ្ញាបនបត្រពាណិជ្ជកម្ម (៣) បណ្ណពន្ធប៉ាតង់ (៤) វិញ្ញាបនបត្របញ្ជិកាសហគ្រាស គ្រឹះស្ថានក្នុង ប.ស.ស. និង (៥) លេខគណនីធនាគាររបស់រោងចក្រ

- ក្នុងករណីត្រូវបញ្ចប់ការព្យួរកិច្ចសន្យាការងារ (ចូលធ្វើការងារវិញ) មុនកាលកំណត់ ដែលមានចែងនៅក្នុងលិខិតអនុញ្ញាតព្យួរកិច្ចសន្យាការងារ ត្រូវធ្វើលិខិតជូនដំណឹងមករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានយ៉ាងតិច ២ថ្ងៃ (នៃថ្ងៃធ្វើការ) មុនថ្ងៃចូលធ្វើការវិញ តាមទម្រង់លិខិតដូចមានក្នុងឧបសម្ព័ន្ធទី៤ នៃសេចក្តីណែនាំនេះ

- ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាននូវរាល់ព័ត៌មាន ដែលបានផ្ដល់មកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងត្រូវសងជូនរាជរដ្ឋាភិបាលវិញចំពោះការឃុបឃិតក្លែងបន្លំព័ត៌មានណាមួយ ក្នុងការទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារនិងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។

ម្ចាស់ ឬនាយករោងចក្រ ដែលខកខានក្នុងការផ្សព្វផ្សាយជាចំហដល់បងប្អូនកម្មករនិយោជិតជ្រាបអំពីតម្រូវការព័ត៌មានខាងលើនេះ ឬខកខានក្នុងការឱ្យបងប្អូនកម្មករនិយោជិតផ្តិតមេដៃ ទទួលស្គាល់លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរសព្ទ ដែលខ្លួនបានចងក្រងរួចនោះ ត្រូវទទួលខុសត្រូវបង់ជូនបងប្អូនកម្មករនិយោជិតនោះនូវប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។

ក្នុងអំឡុងពេល ២ថ្ងៃ នៃថ្ងៃធ្វើការ ក្រោយទទួលបានលិខិតស្នើសុំព្យួរកិច្ចសន្យាការងារ ដោយមានឯកសារយោងគ្រប់គ្រាន់ អធិការការងារអាចនឹងចុះទៅពិនិត្យ និងផ្ទៀងផ្ទាត់នៅតាមរោងចក្រ។

២៖ បងប្អូនកម្មករនិយោជិតត្រូវ៖

- ផ្ដល់លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរសព្ទផ្ទាល់ខ្លួន ដែលអាចទាក់ទងបានជូនដល់ម្ចាស់ ឬនាយករោងចក្រ ដែលខ្លួនកំពុងបំពេញការងារ ដើម្បីចងក្រងជាបញ្ជីផ្តល់ជូនក្រសួងយកទៅរៀបចំនីតិវិធីបើកផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលតាមរយៈធនាគារឯកទេសវីង។ ប្រសិនបើគ្មានលេខទូរសព្ទផ្ទាល់ខ្លួន ត្រូវផ្ដល់លេខទូរសព្ទជារបស់ប្ដី ប្រពន្ធ កូន ឪពុក ម្ដាយ ឬបងប្អូនបង្កើត និងមិនត្រូវផ្លាស់ប្ដូរលេខទូរសព្ទជាដាច់ខាត

- ពិនិត្យសារតាមទូរសព្ទ ដែលនឹងត្រូវផ្ញើជូនដោយធនាគារឯកទេសវីង ក្នុងអំឡុងពេល ១០ថ្ងៃក្រោយពេលព្យួរកិច្ចសន្យាការងារអំពីទឹកប្រាក់ឧបត្ថម្ភដោយរាជរដ្ឋាភិបាល

- យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅភ្នាក់ងារវីងណាមួយ ដែលនៅជិតផ្ទះបំផុត ដើម្បីបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនោះ ក្រោយទទួលបានសារជូនដំណឹងតាមទូរសព្ទ។ ធនាគារឯកទេសវីង នឹងបង្វិលថវិកានោះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាកម្មករនិយោជិតណាម្នាក់ខកខានទៅបើកប្រាក់ឧបត្ថម្ភនោះក្នុងរយៈពេល ១០ថ្ងៃ ក្រោយពីធនាគារឯកទេសវីង បានផ្ញើសារតាមទូរសព្ទជូនបងប្អូនកម្មករនិយោជិតរួចហើយ។

ក្រសួងសូមរំលឹកដល់បងប្អូនកម្មករនិយោជិតត្រូវសហការផ្ដល់លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរសព្ទ ដែលអាចទំនាក់ទំនងបានទៅរោងចក្រជាដាច់ខាត ព្រមទាំងត្រូវពិនិត្យលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរសព្ទ ដែលមាននៅក្នុងតារាងបញ្ជីឈ្មោះកម្មករនិយោជិតត្រូវព្យួរកិច្ចសន្យាការងារឱ្យបានត្រឹមត្រូវ មុននឹង ផ្តិតមេដៃបញ្ជាក់អំពីភាពត្រឹមត្រូវនៃព័ត៌មានទាំងពីរនេះ។

បងប្អូនកម្មករនិយោជិតណាម្នាក់ ដែលខកខានក្នុងការផ្តល់លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរសព្ទដល់រោងចក្រ គឺមានន័យថាសាមីខ្លួនបានស្ម័គ្រចិត្តមិនទទួលយកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។

៣. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រោយពីបានផ្តល់ការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវចម្លងលិខិតអនុញ្ញាតព្យួរកិច្ចសន្យាការងារ តាមទម្រង់លិខិតដូចមានក្នុងឧបសម្ព័ន្ធទី៥ នៃសេចក្តីណែនាំនេះដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលរាជធានី ខេត្ត ដែលពាក់ព័ន្ធ។

ក្រសួងសូមបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភព្យួរកិច្ចសន្យាការងារ នឹងត្រូវអនុវត្តសម្រាប់រោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដែលទទួលបានការអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ តទៅ។ ដោយឡែក ការព្យួរកិច្ចសន្យាការងារដែលបានអនុវត្តមុនថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ត្រូវអនុវត្តតាមការព្រមព្រៀងគ្នារវាងភាគីនិយោជក និងបងប្អូនកម្មករនិយោជិត។

ក្នុងអំឡុងពេលព្យួរកិច្ចសន្យាការងារនេះ ដើម្បីធានាបានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងលើកកម្ពស់ផលិតភាពការងារ ក្រសួងលើកទឹកចិត្តឱ្យម្ចាស់ ឬនាយករោងចក្រពិភាក្សាជាមួយវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) ឬវិទ្យាស្ថានបណ្តុះបណ្តាលផ្សេងទៀត រៀបចំបណ្តុះបណ្តាលលើមុខជំនាញច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ ជំនាញទន់ និងជំនាញបច្ចេកទេសចាំបាច់នានាក្នុងរោងចក្រ ដល់កម្មករនិយោជិត ជាពិសេសថ្នាក់ដឹកនាំរដ្ឋបាល និងប្រធានផ្នែក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ លោក ខេម ប៊ុនឈាន (០១២ ៤៣៦ ១៤៣) លោក ម៉ាញ ណារិទ្ធ (០៨៧ ៥២៥ ៦៥៦) និងលោក ឌីម ឧត្តម (០៩២ ២០៨ ៧៩៧)។

ម្ចាស់ ឬនាយករោងចក្រ និងបងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវចូលរួមអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕


មន្ត្រី បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា បានចូលរួមវគ្គបណ្តុះបណ្តាលការកសាងសមត្ថភាពលើកទី៣ ក្នុងការ ប្រើប្រាស់ម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវិទ្យា

 ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF) បានបើកវគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី១៣-ខែមីនា រហូតដល់ថ្ងៃទី១៦ ខែមីនា ដល់មន្ត្រី បុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរាអំពីការប្រើប្រាស់ម៉ាស៊ីន GPR (Ground Penetrating Radar)ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុនៅក្រោមដីក្នុងតំបន់អង្គរ។ 


លោក Hyundok Oh ជាភូគព្ភវិទូផ្នែកបុរាណវិទ្យាកូរ៉េ នៅ វិទ្យាស្ថានជាតិស្រាវជ្រាវបេតិកភណ្ឌវប្បធម៌ (NRICH) មានប្រសាសន៍ថា ជាទូទៅបុរាណវិទូតែងតែប្រើប្រាស់វិធីធ្វើកំណាយដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុ ឬ រចនាសម្ពន្ធសំណង់ដែលនៅក្រោមដី។ ការធ្វើកំណាយបែបនេះ ទាមទារនូវកម្លាំងពលកម្ម ពេលវេលា និងការចំណាយថវិកាច្រើន។ ប៉ុន្តែដោយសារបច្ចុប្បន្ននេះ បច្ចេកវិទ្យាមានការរីកចម្រើន គេបានប្រើប្រាស់ម៉ាស៊ីន GPR ដើម្បីស្កេនរកមើលបុរាណវត្ថុដែលមាននៅក្រោមដីដែលជាជំនួយដល់ការសិក្សាស្រាវជ្រាវ ដោយវាចំណេញទាំងពេលវេលា ទាំងកម្លាំងពលកម្ម និងថវិកាទៀតផង។ 


លោកបានបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះ គឺបានផ្តោតទៅលើការសិក្សាទាំងទ្រឹស្តី ទាំងការអនុវត្តប្រើប្រាស់ម៉ាស៊ីន GPR និងបានសិក្សាពីរបៀបប្រើប្រាស់កម្មវិធីម៉ាស៊ីន GPR តភ្ជាប់ទៅនឹងកម្មវិធីក្នុងប្រព័ន្ធកុំព្យូទ័រ។ ម៉ាស៊ីន GPR សម្រាប់ស្កេនរក មើលវត្ថុនៅក្រោមដីនេះប្រៀបដូចទៅនឹងម៉ាស៊ីន X-RAY សម្រាប់ស្កេនលើដងខ្លួនមនុស្សដែរ។ ម៉ាស៊ីន GPR ត្រូវភ្ជាប់ខ្សែ ទៅនឹងកុំព្យូទ័រដើម្បីធ្វើការបង្ហាញនូវទិន្នន័យសម្រាប់ធ្វើការវិភាគ ប៉ុន្តែទោះបីយ៉ាងណាក៏ម៉ាស៊ីន GPR មិនបានបង្ហាញភាព ត្រឹមត្រូវ និងច្បាស់លាស់ដូចទៅនឹងការធ្វើកំណាយដោយដៃផ្ទាល់នោះទេ។ លោកសង្ឃឹមថា សិក្ខាកាមទាំងអស់ដែលបាន ចូលរួមវគ្គបណ្តុះបណ្តាលនាពេលនេះនឹងទទួលបានចំណេះដឹង ទាំងទ្រឹស្តី និងការអនុវត្តក្នុងការប្រើប្រាស់ម៉ាស៊ីន GPR នេះ ហើយនឹងយកចំណេះដឹងនេះទៅប្រើប្រាស់សម្រាប់ធ្វើការសិក្សាស្រាវជ្រាវនៅកន្លែងបុរាណដ្ឋានផ្សេងៗទៀត៕






រាជរដ្ឋាភិបាល ជំរុញការធ្វើបរិយាបន្នសេដ្ឋកិច្ចនៅក្នុងតំបន់ ដើម្បីលើកកម្ពស់សុខុមាលភាព និងកិច្ចគាំពារសង្គមសម្រាប់ជនមានពិការភាព

នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ស្តីពីការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការពង្រឹងការផ្តល់ភាពអង់អាចផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ជនមានពិការភាព ក្នុងអំឡុងនិងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការអភិវឌ្ឍតាមបែបបរិយាបន្ននៅសហគមន៍» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ 

សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណង ជំរុញការធ្វើបរិយាបន្នសេដ្ឋកិច្ចរបស់ជនមានពិការភាពនៅក្នុងតំបន់, លើកកម្ពស់សុខុមាលភាពសង្គម និងកិច្ចគាំពារសង្គមសម្រាប់ជនមានពិការភាព, ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ គ្រប់ភាគីពាក់ព័ន្ធសំដៅបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍ នៅតាមសហគមន៍តាមបែបបរិយាបន្ន, ចែករំលែកបទពិសោធន៍ល្អៗ សក្ខីភាព និងនវានុវត្តន៍ក្នុងការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន ក្នុងអំឡុងពេលនិងក្រោយពេលការរាតត្បាតនៃជំងឺកូវីដ-១៩។

បន្ទាប់ពីសន្និសីទនេះទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារំពឹងថា សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ជនមានពិការភាព នឹងត្រូវបានលើកកម្ពស់ ស្របតាមពាក្យស្លោករបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពពិភពលោកដែលបានលើកឡើងថា «គ្មាននរណាម្នាក់ត្រូវបានទុកចោល» តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ល្អៗ សក្ខីភាព និងនវានុវត្តន៍ ពាក់ព័ន្ធនឹងការងារពិការភាព។ ជាពិសេសនឹង បង្កើតឱកាសទំនាក់ទំនងរវាងជនមានពិការភាពកម្ពុជានិងជនមានពិការភាពនៅក្រៅប្រទេស៕







សម្តេចតេជោ ហ៊ុន សែន ៖ ការជឿជាក់ ការគោរពធម្មនុញ្ញ និងគោលការណ៍អង្គការសហប្រជាជាតិ ជាស្មារតីទប់ទល់នឹងបញ្ហាសកលលោក

 សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បច្ចុប្បន្នបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈសេដ្ឋកិច្ច សង្គម និងភូមិសាស្ត្រនយោបាយបាន និងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាជនទូទៅ ជាពិសេសជនមាន-ពិការភាព និងជនងាយរងគ្រោះដទៃទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា វិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ពុំទាន់បានបិទបញ្ចប់ទាំងស្រុងមានការលេចចេញនូវការ ប្រណាំងប្រជែងរបស់មហាអំណាចធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោក ដោយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវធម្មាធិបតេយ្យនិយមរបស់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល។ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនេះ ការគោរពគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរពធម្មនុញ្ញ និងគោលការណ៍អង្គការសហប្រជាជាតិ ព្រមទាំងការលើកកម្ពស់ការអនុវត្តយន្តការអន្តរជាតិ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព៕




សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវទស្សនៈ៤ចំណុចសំខាន់ៗ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាព ប្រកបដោយបរិយាប័ន្នក្នុងសហគមន៍

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងលើកទឹកចិត្ត និងផ្តល់នូវទស្សនៈចំនួន៤ សំខាន់ៗ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាព ប្រកបដោយបរិយាប័ន្នក្នុងសហគមន៍ និងក្នុងដំណើរការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យបានច្រើនជាងអតិបរមា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ទស្សនៈសំខាន់ៗចំនួន ៤ រួមមាន ទី១ គ្រប់កិច្ចអភិវឌ្ឍ រួមមានសកម្មភាពសង្គម សេដ្ឋកិច្ចនយោបាយ និងវប្បធម៌ត្រូវលើកទឹកចិត្ត និងលើកកម្ពស់ឱ្យ មានការចូលរួមជាអតិបរមារបស់ជនមានពិការភាពនៅកម្រិតសហគមន៍ឱ្យបានទូលំទូលាយ ដើម្បីសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន ទាំងទិដ្ឋភាព និងតួអង្គនៃការអភិវឌ្ឍ។ 

ទី២ ការបង្កើនកិច្ចសហការរវាងប្រជាជន រដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងសង្គមស៊ីវិលត្រូវបានលើកទឹកចិត្ត សំដៅចែករំលែកបទពិសោធ ផ្លាស់ប្តូរបច្ចេកវិទ្យាព័ត៌មាន និងឧត្តមានុវត្តន៍ ជាក់ស្តែង ជាពិសេសមតិយោបល់ល្អៗនៃកិច្ចពិភាគ្សាគ្នាក្នុង រយៈពេល ៣ ថ្ងៃ នៃសន្និសីទនេះ សម្រាប់ជាធាតុចូលដល់ការ សម្រួចបន្ថែមលើផែនការអភិវឌ្ឍវិស័យពិការភាពនៅកម្រិត សហគមន៍ឱ្យបានកាន់តែស៊ីជម្រៅ ។ 

ទី៣ លើកទឹកចិត្តឱ្យបង្កើនកិច្ចសហការរៀបចំ ការបណ្តុះបណ្តាលជំនាញពិសេស និងប្រើប្រាស់បច្ចេកទេស សមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាព ដើម្បីលើកកម្ពស់សមត្ថភាព និងលទ្ធភាពទទួលបានការងារធ្វើជាមួយ បៀវត្សខ្ពស់ក៏ដូចជាធ្វើឱ្យជនមានពិការភាពអាចចូលរួមកាន់ តែច្រើន ពេញលេញ និងស្មើសិទ្ធិក្នុងទីផ្សារការងារ ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ ។ 

ទី៤ លើកទឹកចិត្តឱ្យបន្តពង្រឹងអនុវត្ត និងពង្រីកការអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាប័ន្ន មានប្រសិទ្ធភាព និងទូលំទូលាយ និងសូមអំពាវនាវឱ្យមានការចូលរួមជាមួយគ្នា ក្នុងស្មារតីជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្នុងការអនុវត្តសេចក្តី-ថ្លែងការណ៍ហ្សាកាតាស្តីពីទសវត្សរ៍ជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ ២០២៣-២០៣២ ដើម្បីជាគុណប្រយោជន៍ដល់ជនមានពិការភាព ទាំងក្នុងប្រទេសតំបន់ និងសកល៕







លិខិតមិត្តអ្នកអាន៖ គណបក្សទេវតា មិនចេះសន្យា ប៉ុន្តែធ្វើកិច្ចការជាក់ស្តែង

 រៀងរាល់អាណត្តិ នៃការបោះឆ្នោតម្តងៗ ចាប់តាំងពីអាណត្តិទី១នៅឆ្នាំ១៩៩៣មក ប្រជាពលរដ្ឋខ្មែរ សង្កេតឃើញថា មានគណបក្សនយោបាយមួយចំនួន តែងតែដើរសន្យានេះ សន្យានោះ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត បើទោះបីជាការសន្យាទាំងនោះ ពួកគេដឹងខ្លួនឯងថា មិនអាចធ្វើបាន ឬក៏មិនមានឱកាសធ្វើយ៉ាងណាក្តី។ ប៉ុន្តែ សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលកើតឡើងពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន មិនដែលសន្យានោះទេ ពោលគឺធ្វើកិច្ចការជាក់ស្តែង ទៅតាមតម្រូវការរបស់ជាតិ និងប្រជាជនកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ជាច្រើនលើករួចមកហើយថា មុនពេលបោះឆ្នោតម្តងៗ រដូវកាលសន្យាខ្យល់បានមកដល់ទៀតហើយ មានគណបក្សនយោបាយខ្លះ ហ៊ានសន្យាផ្តល់ប្រាក់ខែឱ្យមនុស្សចាស់ប៉ុណ្ណេះឬប៉ុណ្ណោះ ដំឡើងប្រាក់ខែមន្រ្តីរាជការ គ្រូបង្រៀន ជួយស្វែងរកការងារឱ្យកម្មករធ្វើ ជាដើម។ល។ ក្រោយពីខ្លួនបានឈ្នះឆ្នោតបានឡើងកាន់អំណាច។ ប៉ុន្តែ អ្វីដែលគួរឱ្យសោកស្តាយនោះ គឺគណបក្សទាំងនោះ មិនដែលបានឃើញពន្លឺនៃជ័យជម្នះរបស់ខ្លួននោះឡើយ ហើយបានត្រឹមតែជាការ «សន្យាខ្យល់» រហូតមកដល់សព្វថ្ងៃនេះ ដែលប្រការនេះហើយ ទើបពីមួយអាណត្តិទៅមួយអាណត្តិ ប្រជាពលរដ្ឋខ្មែរ កាន់តែអស់ជំនឿលើគណបក្សនយោបាយទាំងនោះបន្តិចម្តងៗ រហូតធ្វើឱ្យពួកគេទទួលបានឈ្មោះថា ជាគណបក្ស “ចាញ់ជាអមតៈ”។

បើយើងក្រឡេកមើល និងពិចារណាដោយម៉ត់ចត់ពីចក្ខុវិស័យគណបក្សប្រជាជនកម្ពុជាវិញ ដែលប្រជាពលរដ្ឋខ្មែរទូទៅនិយមហៅថា «បក្សទេវតា» នោះ គឺតែងតែស្ថិតនៅជាប់ជាមួយ សង្រ្គោះ ការពារ បម្រើគ្រប់អ្វីៗដែលប្រជាជនត្រូវការ ពោលគឺនៅ «ខាំស្មៅ» ជាមួយប្រជាជន មិនទៅណាចោលប្រជាជន មិនដូចជាអ្នកនយោបាយមួយចំនួនដែលមានសញ្ជាតិច្រើនដែលតាំងខ្លួនជាអ្នកស្នេហាជាតិតែលើបបូរមាត់ តែតាមពិតគឺ «រត់ប្រិបប្រុច» ចោលប្រជាពលរដ្ឋទៅវិញ។

ប្រជាពលរដ្ឋខ្មែរ បាននិងកំពុងមើលឃើញច្បាស់ពីការឃោសនាបោកប្រាស់ ប្រជាភិថុតិតាមរយៈការសន្យាខ្យល់របស់គណបក្សមួយចំនួន ហើយកាន់តែមើលឃើញច្បាស់ពីគុណតម្លៃ និងតួនាទីមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជាដែលហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ដើម្បីឧត្តមប្រយោជន៍របស់ប្រជាជន ដោយផ្អែកលើកត្តាសំខាន់មួយចំនួនដូចជា៖

ទី១-គណបក្សប្រជាជនកម្ពុជា ថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងការពាររាល់សមិទ្ធផលសង្គមជាតិ។ សន្តិភាព មានតម្លៃជាទីបំផុតដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបតែងតែចង់បាន ដោយសារតែ សន្តិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ដែលអាចធ្វើឱ្យប្រជាជនខ្មែរយើង រស់នៅយ៉ាងសុខសាន្តដូចបច្ចុប្បន្ននេះ។ បើគ្មានសន្តិភាពនោះទេ សិទ្ធិរស់រានមានជីវិតរបស់យើងក៏គ្មានដែរ កុំថាឡើយដល់ការអភិវឌ្ឍ កុំថាឡើយដល់សិទ្ធិមនុស្ស កុំថាឡើយដល់ប្រជាធិបតេយ្យឱ្យសោះ។

ទី២-គណបក្សប្រជាជនកម្ពុជា បានសង្រ្គោះអាយុជីវិតប្រជាជនពីគ្រោះថ្នាក់ដោយសារជំងឺកូវីដ-១៩ ព្រមទាំងជួយសង្រ្គោះជីវភាពរបស់ប្រជាពលរដ្ឋ។ ក្នុងពេលប្រឈមនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រជាជនប្រយុទ្ធនឹងជំងឺដ៏កាចសាហាវនេះប្រកបដោយជោគជ័យគួរជាទីមោទនៈ រក្សាបានអាយុជីវិត និងរក្សាបានលំនឹងជីវភាពប្រជាជន និងលំនឹងសេដ្ឋកិច្ចផងដែរ។

ក្រោយវិបត្តិជំងឺកូវីដ-១៩ វិធានការជំនួយសង្គមជាច្រើន ត្រូវបានដាក់ចេញដើម្បីដោះស្រាយជីវភាពប្រជាជនដូចជា៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីសាច់ប្រាក់ពលកម្ម កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ការជួយសង្រ្គោះអ្នករងគ្រោះធ្ងន់ធ្ងរពីទឹកជំនន់ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំជាដើម។ល។

ទី៣-គណបក្សប្រជាជនកម្ពុជា បានលើកកម្ពស់ជីវភាពរបស់មន្រ្តីរាជការ និវត្តន៍ជន និងអតីតយុទ្ធជននៅឆ្នាំ២០២៣នេះ និងនៅឆ្នាំបន្តបន្ទាប់ បៀវត្សអប្បបរមាត្រូវបានដំឡើងសម្រាប់មន្រ្តីរាជការស៊ីវិល គ្រូបង្រៀននិងគ្រូពេទ្យ នគរបាលជាតិ កងកំលាំងប្រដាប់អាវុធ ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។

ការដំឡើងនេះ គឺជាការធ្វើឡើងជាក់ស្តែង ពុំមែនជាការសន្យាខ្យល់ដូចគណបក្សនយោបាយមួយចំនួននោះឡើយ។

ទី៤-គណបក្សប្រជាជនកម្ពុជា បានលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។ ប្រាក់បៀវត្សអប្បបរមារបស់កម្មករនិយោជិត ត្រូវបានដំឡើងយ៉ាងទៀងទាត់ទៅតាមកាលវិភាគដែលមានចំនួន១៧០ដុល្លារក្នុងឆ្នាំ២០១៨ និងបានតម្លើងជាបន្តបន្ទាប់រហូតដល់ចំនួន ១៩៤ដុល្លារក្នុងឆ្នាំ២០២២ ទោះបីជាប្រឈមនឹងបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយក្តី។

លើសពីនេះ ដើម្បីធានាដល់ការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត គណបក្សប្រជាជនកម្ពុជា បានពង្រឹងការអនុវត្តគោលនយោបាយសំខាន់ៗជាច្រើនទៀត ជាពិសេសការលើកកម្ពស់ការការពារសិទ្ធិ និងផលប្រយោជន៍កម្មករទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធជាដើម។ល។

ទី៥-គណបក្សប្រជាជន បាននិងបន្តបង្កើនការងារជូនប្រជាជនកម្ពុជា។ នៅក្នុងអាណត្តិទី៦នេះ ប្រជាពលរដ្ឋកម្ពុជា ជាង៩៩% មានការងារធ្វើ ឯអ្នកដែលគ្មានការងារធ្វើមានត្រឹមតែ០,៣% តែប៉ុណ្ណោះ ដែលផ្ទុយពីការឃោសនាញុះញង់របស់គណបក្សនយោបាយមួយចំនួនថា គ្មានការងារធ្វើ។ ដើម្បីធានាការងារធ្វើរបស់ប្រជាជន គណបក្សប្រជាជនកម្ពុជា បន្តអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងវិនិយោគក្នុងស្រុក បន្តពង្រឹងនិងពង្រីករោងចក្រ សហគ្រាស ពង្រឹងនិងពង្រីកសេវារកការងារធ្វើទាំងក្នុងនិងក្រៅប្រទេសជូនប្រជាពលរដ្ឋជាដើម។ល។

ជារួម ចំណុចទាំងអស់ដែលបានរៀបរាប់ខាងលើនេះ គ្រាន់តែជាការលើកឡើងត្រួសៗតែប៉ុណ្ណោះ ពោលគឺនៅមានគុណសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត ដែលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងធ្វើ ដើម្បីជាតិ និងប្រជាជនកម្ពុជាមួយ ដែលមានឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ជាពិសេស គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលអាចការពារបាននូវសុខសន្តិភាព ធានាបាននូវភាពសុខសាន្តរបស់ប្រជាជនកម្ពុជា៕


ដោយ៖ តាំង ករុណា



ផ្សាយបន្តផ្ទាល់៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៥

 នៅព្រឹកថ្ងៃពុធទី១៥ ខែមីនា ឆ្នាំ ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥ នៅសណ្ឋាគារសុខា រ៉េស៊ីដង់ ភ្នំពេញ ។

សន្និសីទនេះ មានការអញ្ជើញចូលរួមពីប្រតិភូតំណាងប្រទេសដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អង្គការតំណាងជនមានពិការភាព និងបងប្អូនជនមានពិការភាពដែលបានអញ្ជើញមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី៥ នេះ ស្ដីពីការអភិវឌ្ឍសហគមន៍តាមបែបបរិយាប័ន្ន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការពង្រឹងភាពអង់អាចផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ជនមានពិការភាព ក្នុងអំឡុង និងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈ “ការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន”។ 

ក្នុងគោលបំណង៖

១-ពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូគ្រប់ភាគីពាក់ព័ន្ធសំដៅបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍសហគមន៍តាមបែបបរិយាប័ន្ន។

២-លើកកម្ពស់សុខមាលភាពសង្គមនិងកិច្ចគាំពារសង្គមសម្រាប់ជនមានពិការភាព។

៣-ជំរុញការធ្វើបរិយាប័ន្នសេដ្ឋកិច្ចរបស់ជនមានពិការភាពនៅក្នុងតំបន់។

៤-ចែករំលែកបទពិសោធន៍ល្អៗលើការអភិវឌ្ឍន៍តាមបែបបរិយាប័ន្ន ក្នុងអំឡុងពេល និងក្រោយការរាតត្បាតជំងឺកូវីដ១៩។


#ជនមានពិការភាព 

#ហ៊ុនសែន #HunSen

#កម្ពុជា #Cambodia