Wednesday, March 15, 2023

រាជរដ្ឋាភិបាល ជំរុញការធ្វើបរិយាបន្នសេដ្ឋកិច្ចនៅក្នុងតំបន់ ដើម្បីលើកកម្ពស់សុខុមាលភាព និងកិច្ចគាំពារសង្គមសម្រាប់ជនមានពិការភាព

នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ស្តីពីការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការពង្រឹងការផ្តល់ភាពអង់អាចផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ជនមានពិការភាព ក្នុងអំឡុងនិងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការអភិវឌ្ឍតាមបែបបរិយាបន្ននៅសហគមន៍» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ 

សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណង ជំរុញការធ្វើបរិយាបន្នសេដ្ឋកិច្ចរបស់ជនមានពិការភាពនៅក្នុងតំបន់, លើកកម្ពស់សុខុមាលភាពសង្គម និងកិច្ចគាំពារសង្គមសម្រាប់ជនមានពិការភាព, ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ គ្រប់ភាគីពាក់ព័ន្ធសំដៅបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍ នៅតាមសហគមន៍តាមបែបបរិយាបន្ន, ចែករំលែកបទពិសោធន៍ល្អៗ សក្ខីភាព និងនវានុវត្តន៍ក្នុងការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន ក្នុងអំឡុងពេលនិងក្រោយពេលការរាតត្បាតនៃជំងឺកូវីដ-១៩។

បន្ទាប់ពីសន្និសីទនេះទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារំពឹងថា សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ជនមានពិការភាព នឹងត្រូវបានលើកកម្ពស់ ស្របតាមពាក្យស្លោករបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពពិភពលោកដែលបានលើកឡើងថា «គ្មាននរណាម្នាក់ត្រូវបានទុកចោល» តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ល្អៗ សក្ខីភាព និងនវានុវត្តន៍ ពាក់ព័ន្ធនឹងការងារពិការភាព។ ជាពិសេសនឹង បង្កើតឱកាសទំនាក់ទំនងរវាងជនមានពិការភាពកម្ពុជានិងជនមានពិការភាពនៅក្រៅប្រទេស៕







No comments:

Post a Comment