Wednesday, March 15, 2023

ក្រសួងការងារ ចេញសេចក្តីណែនាំស្តីពី ការព្យួរកិច្ចសន្យាការងារកម្មករនិយោជិតធ្វើការនៅរោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកល


(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំស្តីពី ការព្យួរកិច្ចសន្យាការងារកម្មករនិយោជិតធ្វើការនៅរោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកល


យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីរក្សាលំនឹងជីវភាពរស់នៅរបស់កម្មករនិយោជិត និងធានានូវស្ថិរភាពអាជីវកម្មរបស់រោងចក្រដែលមានការថមថយច្រវាក់ផលិតកម្មក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចសកល ក្រសួងការងារសូមណែនាំដល់ម្ចាស់ ឬនាយករោងចក្រត្រូវធ្វើការពិភាក្សាគ្នាជាមួយតំណាងបងប្អូនកម្មករនិយោជិត ដើម្បីកំណត់ការឆ្លាស់វេនគ្នាធ្វើការងារនៅពេលមានការព្យួរកិច្ចសន្យាការងារក្នុងរយៈពេលកំណត់ណាមួយ ដោយផ្អែកលើគោលការណ៍សមភាព។ បងប្អូនកម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភដូចខាងក្រោម៖

* ចំនួន ២០ដុល្លារអាម៉េរិក ពីរាជរដ្ឋាភិបាល និងចំនួន ១៥ដុល្លារអាម៉េរិក ពីនិយោជក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ទៅ ១៤ថ្ងៃ

* ចំនួន ៤០ដុល្លារអាម៉េរិក ពីរាជរដ្ឋាភិបាល និងចំនួន ៣០ដុល្លារអាម៉េរិក ពីនិយោជក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ទៅ ១ខែ។

ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំដូចតទៅ៖

១៖ ម្ចាស់ ឬនាយករោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវ៖

- ដាក់លិខិតស្នើសុំព្យួរកិច្ចសន្យាការងារមករដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានយ៉ាងតិច ៥ថ្ងៃ នៃថ្ងៃធ្វើការ មុនកាលបរិច្ឆេទនៃការចាប់ផ្ដើមព្យួរកិច្ចសន្យាការងារ តាមទម្រង់លិខិតដូចមានក្នុងឧបសម្ព័ន្ធទី១ តាមរយៈគេហទំព័រ https://suspension.mlvt.gov.kh ដែលមានសេចក្តីណែនាំអំពីរបៀបប្រើប្រាស់ប្រព័ន្ធនេះដូចមានក្នុងឧបសម្ព័ន្ធទី២ នៃសេចក្តីណែនាំនេះ។ រយៈពេលព្យួរកិច្ចសន្យាការងារជាអតិបរមាមានចំនួន ២ខែ និងអាចពន្យារបន្ថែម ក្នុងករណីចាំបាច់ និងស្ថានភាពជាក់ស្តែង ក្រោយពីមានការត្រួតពិនិត្យនិងអនុញ្ញាតដោយអធិការការងារ

- ផ្សព្វផ្សាយ និងជូនដំណឹងឱ្យបានទូលំទូលាយ និងជាចំហដល់បងប្អូនកម្មករនិយោជិត ដែលត្រូវព្យួរកិច្ចសន្យាការងារអំពីកាតព្វកិច្ចផ្តល់ជាដាច់ខាតនូវ (១) លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង(២)លេខទូរសព្ទផ្ទាល់ខ្លួន (ឬ លេខទូរសព្ទរបស់ប្តី ប្រពន្ធ កូន ឪពុក ម្តាយ ឬបងប្អូនបង្កើត) ដើម្បីក្រសួងយកទៅធ្វើជាមូលដ្ឋានសម្រាប់ផ្ទេរប្រាក់ឧបត្ថម្ភ តាមរយៈធនាគារឯកទេសវីង ស្របតាមរយៈពេលនៃការព្យួរកិច្ចសន្យាការងារ

- រៀបចំបញ្ជីរាយនាមកម្មករនិយោជិត ដែលត្រូវព្យួរកិច្ចសន្យាការងារឱ្យបានត្រឹមត្រូវតាមទម្រង់ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធទី៣ នៃសេចក្តីណែនាំនេះ ដោយតម្រូវឱ្យសាមីកម្មករនិយោជិតផ្តិតមេដៃនៅលើឈ្មោះរបស់ខ្លួនដើម្បីបញ្ជាក់ថា លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរសព្ទដែលរោងចក្របានរៀបចំនេះ គឺពិតជាត្រឹមត្រូវប្រាកដមែន

- ភ្ជាប់មកជាដាច់ខាតនូវច្បាប់ថតចម្លងឯកសារនីមួយៗចំនួន ២ច្បាប់ រួមមាន (១) បញ្ជីបើកប្រាក់ឈ្នួលចុងក្រោយ មុនពេលព្យួរកិច្ចសន្យាការងារដោយមានបោះត្រារបស់រោងចក្រនៅគ្រប់ទំព័រ (២) វិញ្ញាបនបត្រពាណិជ្ជកម្ម (៣) បណ្ណពន្ធប៉ាតង់ (៤) វិញ្ញាបនបត្របញ្ជិកាសហគ្រាស គ្រឹះស្ថានក្នុង ប.ស.ស. និង (៥) លេខគណនីធនាគាររបស់រោងចក្រ

- ក្នុងករណីត្រូវបញ្ចប់ការព្យួរកិច្ចសន្យាការងារ (ចូលធ្វើការងារវិញ) មុនកាលកំណត់ ដែលមានចែងនៅក្នុងលិខិតអនុញ្ញាតព្យួរកិច្ចសន្យាការងារ ត្រូវធ្វើលិខិតជូនដំណឹងមករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានយ៉ាងតិច ២ថ្ងៃ (នៃថ្ងៃធ្វើការ) មុនថ្ងៃចូលធ្វើការវិញ តាមទម្រង់លិខិតដូចមានក្នុងឧបសម្ព័ន្ធទី៤ នៃសេចក្តីណែនាំនេះ

- ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាននូវរាល់ព័ត៌មាន ដែលបានផ្ដល់មកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងត្រូវសងជូនរាជរដ្ឋាភិបាលវិញចំពោះការឃុបឃិតក្លែងបន្លំព័ត៌មានណាមួយ ក្នុងការទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារនិងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។

ម្ចាស់ ឬនាយករោងចក្រ ដែលខកខានក្នុងការផ្សព្វផ្សាយជាចំហដល់បងប្អូនកម្មករនិយោជិតជ្រាបអំពីតម្រូវការព័ត៌មានខាងលើនេះ ឬខកខានក្នុងការឱ្យបងប្អូនកម្មករនិយោជិតផ្តិតមេដៃ ទទួលស្គាល់លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរសព្ទ ដែលខ្លួនបានចងក្រងរួចនោះ ត្រូវទទួលខុសត្រូវបង់ជូនបងប្អូនកម្មករនិយោជិតនោះនូវប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។

ក្នុងអំឡុងពេល ២ថ្ងៃ នៃថ្ងៃធ្វើការ ក្រោយទទួលបានលិខិតស្នើសុំព្យួរកិច្ចសន្យាការងារ ដោយមានឯកសារយោងគ្រប់គ្រាន់ អធិការការងារអាចនឹងចុះទៅពិនិត្យ និងផ្ទៀងផ្ទាត់នៅតាមរោងចក្រ។

២៖ បងប្អូនកម្មករនិយោជិតត្រូវ៖

- ផ្ដល់លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរសព្ទផ្ទាល់ខ្លួន ដែលអាចទាក់ទងបានជូនដល់ម្ចាស់ ឬនាយករោងចក្រ ដែលខ្លួនកំពុងបំពេញការងារ ដើម្បីចងក្រងជាបញ្ជីផ្តល់ជូនក្រសួងយកទៅរៀបចំនីតិវិធីបើកផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលតាមរយៈធនាគារឯកទេសវីង។ ប្រសិនបើគ្មានលេខទូរសព្ទផ្ទាល់ខ្លួន ត្រូវផ្ដល់លេខទូរសព្ទជារបស់ប្ដី ប្រពន្ធ កូន ឪពុក ម្ដាយ ឬបងប្អូនបង្កើត និងមិនត្រូវផ្លាស់ប្ដូរលេខទូរសព្ទជាដាច់ខាត

- ពិនិត្យសារតាមទូរសព្ទ ដែលនឹងត្រូវផ្ញើជូនដោយធនាគារឯកទេសវីង ក្នុងអំឡុងពេល ១០ថ្ងៃក្រោយពេលព្យួរកិច្ចសន្យាការងារអំពីទឹកប្រាក់ឧបត្ថម្ភដោយរាជរដ្ឋាភិបាល

- យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅភ្នាក់ងារវីងណាមួយ ដែលនៅជិតផ្ទះបំផុត ដើម្បីបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនោះ ក្រោយទទួលបានសារជូនដំណឹងតាមទូរសព្ទ។ ធនាគារឯកទេសវីង នឹងបង្វិលថវិកានោះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាកម្មករនិយោជិតណាម្នាក់ខកខានទៅបើកប្រាក់ឧបត្ថម្ភនោះក្នុងរយៈពេល ១០ថ្ងៃ ក្រោយពីធនាគារឯកទេសវីង បានផ្ញើសារតាមទូរសព្ទជូនបងប្អូនកម្មករនិយោជិតរួចហើយ។

ក្រសួងសូមរំលឹកដល់បងប្អូនកម្មករនិយោជិតត្រូវសហការផ្ដល់លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរសព្ទ ដែលអាចទំនាក់ទំនងបានទៅរោងចក្រជាដាច់ខាត ព្រមទាំងត្រូវពិនិត្យលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរសព្ទ ដែលមាននៅក្នុងតារាងបញ្ជីឈ្មោះកម្មករនិយោជិតត្រូវព្យួរកិច្ចសន្យាការងារឱ្យបានត្រឹមត្រូវ មុននឹង ផ្តិតមេដៃបញ្ជាក់អំពីភាពត្រឹមត្រូវនៃព័ត៌មានទាំងពីរនេះ។

បងប្អូនកម្មករនិយោជិតណាម្នាក់ ដែលខកខានក្នុងការផ្តល់លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរសព្ទដល់រោងចក្រ គឺមានន័យថាសាមីខ្លួនបានស្ម័គ្រចិត្តមិនទទួលយកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។

៣. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រោយពីបានផ្តល់ការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវចម្លងលិខិតអនុញ្ញាតព្យួរកិច្ចសន្យាការងារ តាមទម្រង់លិខិតដូចមានក្នុងឧបសម្ព័ន្ធទី៥ នៃសេចក្តីណែនាំនេះដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលរាជធានី ខេត្ត ដែលពាក់ព័ន្ធ។

ក្រសួងសូមបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភព្យួរកិច្ចសន្យាការងារ នឹងត្រូវអនុវត្តសម្រាប់រោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដែលទទួលបានការអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ តទៅ។ ដោយឡែក ការព្យួរកិច្ចសន្យាការងារដែលបានអនុវត្តមុនថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ត្រូវអនុវត្តតាមការព្រមព្រៀងគ្នារវាងភាគីនិយោជក និងបងប្អូនកម្មករនិយោជិត។

ក្នុងអំឡុងពេលព្យួរកិច្ចសន្យាការងារនេះ ដើម្បីធានាបានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងលើកកម្ពស់ផលិតភាពការងារ ក្រសួងលើកទឹកចិត្តឱ្យម្ចាស់ ឬនាយករោងចក្រពិភាក្សាជាមួយវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) ឬវិទ្យាស្ថានបណ្តុះបណ្តាលផ្សេងទៀត រៀបចំបណ្តុះបណ្តាលលើមុខជំនាញច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ ជំនាញទន់ និងជំនាញបច្ចេកទេសចាំបាច់នានាក្នុងរោងចក្រ ដល់កម្មករនិយោជិត ជាពិសេសថ្នាក់ដឹកនាំរដ្ឋបាល និងប្រធានផ្នែក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ លោក ខេម ប៊ុនឈាន (០១២ ៤៣៦ ១៤៣) លោក ម៉ាញ ណារិទ្ធ (០៨៧ ៥២៥ ៦៥៦) និងលោក ឌីម ឧត្តម (០៩២ ២០៨ ៧៩៧)។

ម្ចាស់ ឬនាយករោងចក្រ និងបងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវចូលរួមអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕


No comments:

Post a Comment