Wednesday, November 20, 2019

ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីស្តេចយាងគោរពវិញ្ញាណក្ខន្ធ ព្រះសពសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ឆាទេវី

លិខិតមិត្តអ្នកមាន៖ ក្រុមអាវលឿងនិងអាវស គឺជាប្រេង និងទឹកយ៉ាងប្រាកដ

លទ្ធផលនៃការបរាជ័យរបស់ សម រង្ស៊ី ក្នុងការវិលត្រឡប់ចូលស្រុកវិញតាមផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងដូររបបរាជានិយម បានបង្ហាញកាន់តែច្បាស់ថា ក្រុមថ្នាក់ដឹកនាំរបស់អតី​ត​បក្សសង្រ្គោះជាតិ ពិតជាបានបែកបាក់គ្នាខ្លាំងបំផុត ហើយទំនងមិនអាចត្រូវបានច្របាច់បញ្ចូលគ្នាឱ្យទៅជាសាច់ឈាមតែមួយបានទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ តើមានមូលហេតុអ្វីខ្លះដែលធ្វើឱ្យអតីតថ្នាក់ដឹកនាំនៃខ្មោចបក្សសង្រ្គោះជាតិមិនអាចផ្សះផ្សាគ្នាបានឱ្យទៅជាសាច់តែមួយបាន? តើអតីតថ្នាក់ដឹកនាំខ្មោចបក្សង្រ្គោះជាតិអាចផ្សះផ្សាចូលសាច់តែមួយបានឬទេ?
ការបែកបាក់ ប្រេះឆាជាសម្ងាត់ និងជាចំហ ដែលមិនអាចផ្សះផ្សាគ្នាបានក្នុងអតីតបក្សសង្រ្គោះជាតិ បានកើតឡើងជាដំបូងក្នុងចំណោមថ្នាក់ដឹកនាំ ហើយបន្ទាប់ក្រោយមកទៀត ជំងឺរ៉ាំរ៉ៃនេះបានរីករាលដាលដល់ក្នុងចំណោមសកម្មជនរបស់អតីតបក្សសង្រ្គោះជាតិទាំងនៅក្នុងប្រទេស និ​ងក្រៅប្រទេសកាន់តែជ្រៅទៅៗគ្មានថ្ងៃដែលអាចត្រូវបានផ្សាសាច់ផ្សាឈាមឱ្យចូលគ្នាតែមួយបា​នតាមរយៈការផ្សំផ្គុំក្រុមអ្នកនយោ​បាយទាំងពីរក្រុម គឺ ក្រុមអាវស និង ក្រុមអាវលឿងឱ្យរៀនរស់នៅក្នុងជីវភាពនយោបាយក្នុងបក្សតែមួយបានឡើយ។ ក្រុម សម រង្ស៊ីនិយមនៅបង្ហាញភាពរឹងមាំ និងរូបភាពមិនបែកបាក់ពីខាងក្រៅ ក្រោមរូបភាពសម្ព័ន្ធភាពក្លែងក្លាយមួយគឺ សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ រីឯ ក្រុមកឹម សុខានិយម បាន​បង្ហាញនូវការបែកបាក់ ចែកផ្លូវគ្នាដើរជាចំហ ហើយបន្តវាយប្រហារលើក្រុមសម រង្ស៊ីនិយមយ៉ាងចាស់ដៃ និងជាសាធារណៈដើម្បីការពារអ្វីដែលជាតម្លៃ និងអត្តសញ្ញាណនៃកឹម សុខានិយម គឺអហឹង្សា និងមិនយកខ្មែរណាជាសត្រូវ។
វាជាការពិតខ្លាំងណាស់ មានមូលហេតុជាច្រើន ដែលបានធ្វើឱ្យក្រុមអ្នកនយោបាយទាំងពីរក្រុមមានឈាមខុសគ្នា ចិត្តគំនិតខុសគ្នាឈានដល់ការខ្វែងគំនិតគ្នា ហើយដែលទំនងមិនអាចក្លាយទៅជាសម្ព័ន្ធភាពស៊ីសាច់ស៊ីឈាមនឹងគ្នាបាន ដោយភាពស្មោះត្រង់ និងគួរជឿទុកចិត្តបាន ខណៈពេលដែលពួកគេទាំងពីរក្រុមនៅតែបន្សល់ទុក​នូវជំងឺតួឯកនិយមក្នុងខ្លួនក្នុងចំណោមថ្នាក់ដឹកនាំនៃអតីតបក្សសង្រ្គោះជាតិ តាំងពីកំណើត​នៃការចាប់ផ្តើមជីវភាពនយោបាយជាមួយនឹងការបាញ់ពណ៌ដាក់គ្នាទៅវិញទៅមក ការមិនជឿទុកចិត្តគ្នាទៅវិញទៅមក ពិសេសការប្រកាន់ជំហរនយោបាយជាយុទ្ធសាស្រ្តផ្ទុយគ្នាស្រឡះ ដែលជាមូលហេតុ​បង្កើតឱ្យមានការបែកបាក់យ៉ាងជ្រា​លជ្រៅបំផុត។
ដើមឡើយ គេចាំបានថា បក្ស សម រង្ស៊ី ក្រោយមក បានផ្តូរទៅជាបក្សភ្លើងទៀន ឬ ហៅថា ក្រុមអាវស ដឹកនាំដោយ សម រង្ស៊ី ហើយបក្សសិទ្ធិមនុស្ស ឬ ហៅថា ក្រុមអាវលឿង គឺ បក្សទាំងពីរនេះបានវាយប្រហារគ្នាយ៉ាងចាស់ដៃ ជាក់ស្តែង អតីត​ថ្នាក់ដឹកនាំខ្មោចបក្ស​សង្គ្រោះ​ជាតិ ​ដែល​មាន​ទំនោរ​ទៅ​រក​ក្រុម កឹម សុខានិយម បាន​ប្រកាស​មិន​ទទួល​ស្គាល់​សន្និសីទ​ដែលរៀបចំឡើងដោយក្រុមសម រង្សីនិយម ហើយបានសម្រេច​តែងតាំង សម រង្ស៊ី ជា​ «​ប្រធាន​ស្ដីទី​» បក្សខ្មោច ​ហើយបានចោទថា ជាទង្វើបក្ស​ប្រហារ​។ ការប្រេះឆាររវាងអតីតថ្នាក់ដឹកនាំដែលកើតចេញពីប្រ​ភពបក្សពីរ ដែលមានសាច់ឈាមមិនដូចគ្នា ហើយដែល​ម្ខាងមាន​ទំនោរ​ទៅ​រក​​ កឹម សុខា និងម្ខាងទៀត មានទំនោរទៅរក សម រង្ស៊ី​ បាន​ផ្ទុះ​ឡើងក្នុងពេល​ដែល​ សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ (CNRM) ​ត្រូវ​បាន​ប្រកាស​ដោយ​សន្និសីទ​នៃ​អតីតខ្មោច​ប្រឆាំង​នៅ​ក្រៅ​ប្រទេសខាងសម រង្ស៊ីនិយម បាន​សម្រេច​ជ្រើសតាំង សម រង្ស៊ី ជា ​«​ប្រធាន​ស្ដីទី​» ​ខ្មោចបក្សសង្រ្គោះជាតិ។ ក្រុមកឹម សុខានិយម បានចេញមុខថ្លែងបដិសេធ ហើយ​មិន​ទទួល​ស្គាល់​ការតែងតាំង ​​សម រង្ស៊ី ជា​ប្រធាន​ស្ដីទី​ខ្មោចបក្សសង្រ្គោះជាតិដោយពួកគេយល់ថាជាទង្វើ​រំលោភ​លើ​លក្ខន្តិកៈ​គណបក្ស​។
កន្លងមក សកម្មភាពនៅឯនាយសមុទ្ររបស់ក្រុម កឹម សុខានិយម ត្រូវបានក្រុម សម រង្ស៊ីនិយមទាត់ចោលមិនខ្ចីអើពើ​មិនរាប់រក ហើយត្រូវបានក្រុមសម រង្ស៊ីនិយមចោទថា ជាក្រុមស៊ីឈ្នួលល​ក់ក្បាលឱ្យបក្សកាន់អំណាច ជាក់ស្តែង ក្រុម កឹម សុខានិយម ត្រូវបានគេដកចេញ ហើយដាក់ម​នុស្សក្នុងរចនាសម្ព័ន្ធថ្មី ដែលសុទ្ធសឹងជាក្រុមសម រង្ស៊ីនិយមទាំងស្រុង។ រីឯក្រុម កឹម សុខានិ​យ​ម ត្រូវបានក្រុមសម រង្ស៊ីនិយម បិទមាត់និយាយលែងចេញក្រោមពាក្យស្លោកបោកប្រាស់ថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ។ តែទីបំផុត ក្រុម​កឹម សុខានិយមបានស្លាប់ជីវិតនយោ​បា​យ​ទាំងជំហរ ដោយមិនហ៊ានងើបតតាំងជាមួយនឹងក្រុមបក្សប្រហារនោះទេ។
ការប្រកែកទាស់ទែងគ្នានេះ បានធ្វើឱ្យក្រុម សម រង្ស៊ីនិយម បាន​បដិសេធនូវការលើក​ឡើង​ពី​ការ​ «​ធ្វើ​បក្ស​ប្រហារ​» ​របស់​ក្រុមសម រង្ស៊ីនិយមថា ជា​រឿង​ដែល​ «​គួរ​ឲ្យ​អស់​សំណើច​»​។ ក្រុមសម រង្ស៊ីនិយមបានប្រើប្រាស់វោហាសាស្រ្តថា សម រង្ស៊ី និង កឹម សុខាជាមនុស្សតែមួយ ដែលខាងក្រុ​មកឹម សុខានិយមបានមើលឃើញថា វាគ្រាន់តែជាសារធ្វើប្រជាភិថុតបន្តឱ្យទាក់ទាញ និងបានកា​រគាំទ្រពីអ្នកគាំទ្រ និងសកម្មជនរបស់ខ្លួន។ ក្រុមសម រង្ស៊ីនិយម បានចោទក្រុមកឹម សុខានិ​យមកំពុងស៊ីឈ្នួលឱ្យបក្សកាន់អំណាចបំបែកកម្លាំងអតីតខ្មោចបក្សសង្រ្គោះជាតិ។ ការវាយប្រហារយ៉ាងចាស់ដៃពីក្រុមសម រង្ស៊ីនិយម បានធើ្វឱ្យ​ក្រុម កឹម សុខានិយមស្ទើរក្អួតឈាម និងមិនអាចទ​ទួលយកបាននូវអំពើដ៏អយុត្តិធម៌នេះ ហើយ បើទោះបី ក្រុមសម រង្ស៊ីនិយមស្រែកបន្ទរដដែលៗថា សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយក៏ពិតមែន ក៏ប៉ុន្តែធាតុពិតគឺវាពិតជាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ក្រឡែតនូវសញ្ញាបែកបាក់ប្រៀបដូចកែវបែកដែលមិនអាចត្រូវបានគេផ្សំផ្គុំគ្នាឡើងវិញបានឡើយ។
សញ្ញានៃការបែកបាក់ពិតជាបានឈានដល់ចែកផ្លូវគ្នាដើរត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅពេលដែល សម រង្ស៊ី បានប្រកាសយកជំហរនយោបាយហិង្សាញុះញង់ និងបំផុសឱ្យប្រជាជននិងកងកម្លាំងប្រដាប់អាវុធងើបប្រឆាំង និងផ្តួលរំលំរដ្ឋាភិបាល និងដូររបបរាជានិយម ជាមួយនឹងការប្រមាថចេស្តាព្រះមហាក្សត្រខ្មែរយ៉ាងព្រហើនជាទីបំផុត។ ផ្ទុយពីក្រុម កឹម សុខានិយមបា​នប្រកាសអនុវត្តជំហរនយោបាយអហិង្សា។ ក្រុមកឹម សុខានិយម ប្រកាសមិនគាំទ្រជំហរនយោ​បាយហិង្សារបស់ សម រង្ស៊ី ហើយបានចាត់ទុកផែនការវិលត្រឡប់ចូលស្រុករបស់ សម រង្ស៊ី គ្រា​ន់តែជាការធ្វើឱ្យមានការចាប់អារម្មណ៍ពីអ្នកគាំទ្រមួយចំនួនដែលជឿលើការបោកប្រាស់របស់ សម រង្ស៊ី ហើយថា ទង្វើរបស់ សម រង្ស៊ី និងបក្សពួកបានធ្វើឱ្យសកម្មជនរបស់ខ្លួនជាប់គុក និងខ្លះទៀតរត់ចោលផ្ទះតែប៉ុណ្ណោះ។ ក្រុមកឹម សុខានិយម បានបកស្បែកមុខ សម រង្ស៊ី ថា ជាអ្នកន​យោបាយគ្មានយុទ្ធសាស្រ្ត ហើយបានហៅការសន្យាវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា គ្រាន់​តែជា «ការទាក់ទាញចំណាប់អារម្មណ៍របស់មហាជន​» តែប៉ុណ្ណោះ។
បើទោះបី លោក កឹម សុខា ត្រូវបានតុលាការសាលាដំបូងបន្ធូរបន្ថយលក្ខខណ្ឌឱ្យមានសេរីភាពដើរ​ហើរក្នុងប្រទេសក៏ដោយ ក៏លោក កឹម សុខា មិនអាចធ្វើសកម្មភាពនយោបាយបាន និងនិ​យាយអ្វីដែលជាការពិតអំពីការបែកបាក់ ឬការចែកផ្លូវគ្នា ក៏វានឹងកាន់តែលេចច្បាស់ឡើងនៅពេលខាងមុខ បន្ទាប់ពីភ្លៀង មេឃនឹងស្រឡះ គឺផ្លូវដែលនឹងបែក គឺជាពិតជាបែកយ៉ាងប្រាកដ។ ពីព្រោះ លោក កឹម សុខាក៏មិនប្រាកដថា អាចបន្តគ្រប់គ្រងកម្លាំងសម រង្ស៊ីនិយមបាន ហើយកម្លាំ​ង សម រង្ស៊ី នឹងមិនឱនក្បាលចំណុះក្រោមការដឹកនាំរបស់ក្រុមកឹម សុខានិយមបានដែរ អា​ស្រ័​យដោយការលែងមានជំនឿទុកចិត្តគ្នាទៅវិញទៅមកក្នុងសម្ព័ន្ធភាពក្លែងក្លាយ ខណៈពេលដែល សម រង្ស៊ី មិនអាចវិលត្រឡប់ចូលស្រុកវិញបាន ហើយអនាគតទៅមុខចំពោះជោគវាសនានៃឈ្មោះអតីតបក្សសង្រ្គោះជាតិ ក៏មិនបា្រកដថាអាចរស់ឡើងវិញបានផងដែរក្នុងឆាកនយោបាយថ្មី ឬក៏អាចលេចចេញជារូបភាពថ្មីនៃបក្សប្រឆាំងក៏ថាបានក្នុងពេលអនាគត។ សូម្បីលោក កឹម សុខា ត្រូវទទួលបាននូវលក្ខខណ្ឌបន្ធូរបន្ថយឱ្យមានសេរីភាពច្រើនជាងមុន អាចដើរហើរក្នុងប្រ​ទេ​ស​បានតាមសំណើនៃមេធាវីរបស់លោកកឹម សុខាក៏ដោយក៏ សម រង្ស៊ី នៅតែឆ្លៀតកេងចំណេ​ញខាងនយោបាយអំពីជ័យជម្នះថ្ងៃ៩ វិច្ឆិកា និងការដាក់សម្ពាធពីខាងក្រៅដោយគ្មានការខ្មាស់អៀ​ន។
 ដូច្នេះ ការផ្សំផ្គុំដោយបង្ខំរវាងក្រុមទាំងពីរខាងលើកន្លងមក ឬ អាពាហ៍ពិពាហ៍ដោយការចាប់បង្ខំពីសំណាក់បរទេសមួយ ត្រូវបានធ្វើឡើងក្នុងយុទ្ធសាស្រ្តឱ្យមានរបស់ដែលហៅថា ការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា និងមួយចំណែកទៀតដើម្បីបំរើដល់ផលប្រយោជន៍បរទេសខាងភូមិសាស្រ្តន​យោ​បាយក្នុងតំបន់អាស៊ីអាគ្នេយ៍ផង និងឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។ ក៏ប៉ុន្តែ សម្ព័ន្ធភាពក្លែងក្លាយ ឬ អាពាហ៍ពិពាហ៍ចាប់បង្ខំនៃក្រុមទាំងពីរដែលមានឈាម និងចិត្តគំនិតមិនដូចគ្នានេះបាននិងកំពុងបែកបាក់ និងចែកផ្លូវគ្នាដើរយ៉ាងប្រាកដ។
ជារួម ក្រុមអាវលឿង និងអាវស គឺ ជាទឹកនិងប្រេង ដែលមិនអាចរលាយចូលគ្នាបានពីធម្មជាតិ។ វាកាន់តែប្រាកដច្បាស់នោះគឺថា  កែវគ្មានឈាមដូចឈ្លើងនោះទេ ប្រសិនបើ វាបែក គឺ វាមិនអាចផ្សាឱ្យជាប់គ្នាបានឡើយ ក៏ប៉ុន្តែ ឈ្លើងមានឈាម ប្រសិនបើ វាត្រូវបានគេកាត់វាជាពីរ គឺវាអាចផ្សាសាច់ចូលគ្នាវិញបានដោយសារឈាមតែមួយ។ ក្នុងន័យនេះ អតីតបក្សសង្រ្គោះជាតិ ដែលមានឈា​មមិនដូចគ្នា មានប្រភពកំណើតផ្សេងពីគ្នា ចិត្តគំនិតខុសគ្នា និងជំហរនយោយាបាយជាយុទ្ធសាស្រ្តខុសគ្នា ទំនងមិនអាចរលាយចូលគ្នាទៅជាសាច់តែមួយបាន ឬ ជាសម្ព័ន្ធភាពរឹងមាំយូរអ​ង្វែងបាន ដូចការជឿទុកចិត្តរបស់អ្នកគាំទ្រ ក៏ដូចការរំពឹងទុករបស់បរទេសមួយ ដែលខិតខំប្រឹងប្រែងជួយផ្សំផ្គុំជាសម្ព័ន្ធមិត្ត ដើម្បីបំរើដល់ផលប្រយោជន៍ក្នុងភូមិ​សា​ស្រ្តនយោបាយរបស់ខ្លួនក្នុងតំបន់នេះ។
ដូច្នេះ ចំពោះអនាគត ទាំងក្រុមកឹម សុខានិយម និងសម រង្ស៊ីនិយម នឹងមិនបន្តរស់ក្នុងសម្ព័ន្ធភា​ពក្លែងក្លាយបានជារៀងរហូតនោះទេ។ ក្រុមសម រង្ស៊ីនិយមប្រហែលនឹងបាត់បង់ឱកាសជីវិតន​យោបាយច្រើនឡើងៗ ខណៈដែលក្រុមកឹម សុខានិយមកាន់តែកំពុងបង្ហាញនូវការចែកផ្លូវគ្នាដើរជាសាធារណៈយ៉ាងច្បាស់ប្រាកដដែលវាទំនងគ្រាន់តែរង់ចាំពេលវេលានឹងអាចឆ្លើយប្រាប់ប៉ុ​ណ្ណោះ​​។ ដូច្នេះ បើ វាប្រេះស្រាំទៅហើយ វាគង់តែនឹងបែក ជៀសមិនផុត គ្រាន់តែការបែកបាក់ពេលនេះ ត្រូវចាត់ទុកជាឱកាសដ៏ល្អបំផុតសម្រាប់ក្រុមកឹម សុខានិយម ដើម្បីសង្រ្គោះជីវិតនយោ​បាយ និងរក្សាបានគង់វង្សនូវគុណតម្លៃ និងអត្តសញ្ញាណរបស់ក្រុមកឹម   សុខានិយមដែលបន្សល់ទុកមកពីបក្សសិទ្ធិមនុស្ស
 ដោយ៖ ឡុង បូរិតា

ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូស្តីពីការអនុវត្តរួមគ្នាសម្រាប់ការគ្រប់គ្រងវិបត្តិនិងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ

ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូស្តីពីការអនុវត្តរួមគ្នាសម្រាប់ការគ្រប់គ្រងវិបត្តិនិងកាត់បន្ថយហា និភ័យគ្រោះមហន្តរាយនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅ វិមានសន្តិភាព ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ក្រោមអធិបតីភាពលោក គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី ហ្រ្វង់សេស្កា អែកដែលម៉េន ជានាយកប្រចាំកម្ពុជា អង្គការ កម្មវិធីស្បៀងអាហារពិភពលោក(WFP) និងសហការរី រួមទាំងមន្រ្តីថ្នាក់ដឹកនាំ(គ.ជ.គ.ម.) ក្នុងនោះដែលអង្គការ កម្មវិធីស្បៀងអាហារពិភពលោក(WFP)ជំនួយឡានចំនួយ២គ្រឿងដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់អនុវត្តន៍ការងារគ្រោះមហន្តរាយផងដែរ។
ក្នុងជំនួបនោះ ភាគីទាំង២ បានពិភាក្សានៃព្រមព្រៀងភាពជាដៃគូនេះ ហើយលោកស្រី ហ្រ្វង់សេស្កាបានលើកឡើងថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក ពីការអនុវត្ត រួមគ្នាសម្រាប់ការគ្រប់គ្រងវិបត្តិនិងកាត់បន្ថយ ហានិភ័យ គ្រោះមហន្តរាយនៅព្រះរាជាណាចក្រកម្ពុជា ដែល បានរៀបចំឡើងនៅវិមានសន្តិភាពនា ពេលនេះ។ គម្រោងដែលយើងត្រូវអនុវត្តរួមគ្នានៅពេលនេះ ជាការកត់សម្គាល់ថាបញ្ហាទួលសុវត្ថិភាព ប្រព័ន្ធព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ ផែនការត្រៀមទៅនឹងគ្រោះមហន្តរាយ ទាំងនេះវាគឺជាកត្តា កំណត់ត្រូវលើកកម្ពស់ការអភិវឌ្ឍស្តង់ដារគុណភាពលើកកម្ពស់ភាពធន់ទៅនឹងហានិភ័យគ្រោះមហន្តរាយ និងការផ្ទេរបច្ចេកវិទ្យាទទួលបាននិងការចែករំលែក ក៏ដូចជាការប្រើប្រាស់ទិន្នន័យនិងព័ត៌មាន។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៍ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះលោកស្រី ហ្រ្វង់សេស្កា និងសហការីនៃអង្គការកម្មវិធីស្បៀងអាហារពិភពលោកដែលកន្លងមកបានគាំទ្រនិងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យការអភិវឌ្ឍន៏ជាច្រើនជាពិសេសការងារគ្រោះមហន្តរាយដែលមិនអាចកាត់ផ្តាច់បាននៃអង្គការកម្មវិធីស្បៀងអាហារពិភពលោកនិងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថាកិច្ចព្រមព្រៀងភាពជាដៃគូស្តីពីការអនុវត្តរួមគ្នាសម្រាប់ការគ្រប់ គ្រងវិបត្តិនិងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដែលវាមិនមែនត្រឹមតែកើតមានឡើងនៅពេលបច្ចុប្បន្នប៉ុណ្ណោះទេ តែវាក៏ជាទស្សនៈវិស័យទៅថ្ងៃអនាគត ដើម្បីពង្រឹងអភិបាលកិច្ចហានិភ័យគ្រោះមហន្តរាយដែលក្នុងនោះការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាគុណប្រយោជន៍នៃការវិនិយោគក្នុងការបង្ការ នូវការបាត់បង់នាពេលអនាគត។ លោក បានបន្តថា ប្រទេសកម្ពុជាយើងប្រឈមការលំបាកកន្លងមកអំពីទឹកជំនន់ ដែល បានធ្វើឱ្យមនុស្សបាត់បង់ជីវិត ខូចខាតចំពោះវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ទំនប់ ហើយរំខានដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជន កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។
លោកសង្ឃឹមថា គម្រោងកម្មវិធីដែលយើងត្រូវអនុវត្តក្នុងកិច្ចព្រមព្រៀងនេះ នឹងទទួលបានជាផ្លែផ្កា កសាង ចំណេះដឹងដល់មន្ត្រីនៅគ្រប់កម្រិត ចូលរួមកាត់បន្ថយការធ្វើឱ្យឆាប់ភ័យខ្លាច និងកម្រិតធន់ទៅនឹងមុខ សញ្ញាគ្រោះថ្នាក់ ភាពងាយរងគ្រោះ ហានិភ័យគ្រោះមហន្តរាយ និងការបាត់បង់ផ្សេងៗ ដែលជួយសម្រាល ការប្រឈមធ្លាប់កើតមានកន្លងមក។ចំពោះអង្គការកម្មវិធីស្បៀងអាហារពិភពលោក ដែលបានខិតខំរៀបចំដាក់ចេញនូវកិច្ចព្រមព្រៀងនេះឡើងនិងបានចុះហត្ថលេខាជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវសហការគ្នាជិតស្និទ្ធអនុវត្តការងារយូរអង្វែង និងទទួលបានសមិទ្ធិផលល្អៗ៕






កម្ពុជា-បង់ក្លាដែស ប្តេជ្ញាពង្រីកនិងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីទទួលជួបជាមួយអតីតប្រធានាធិបតីទីម័រខាងកើតរួចហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារបន្តជាមួយ លោកស្រី Shirin Sharmin Chaudhury ប្រធានសភាប្រទេសបង់ក្លាដែស។ ក្នុងជំនួបនោះ លោ​កនាយករដ្ឋមន្ត្រី បានអរគុណលោកស្រីដែលបានដឹកនាំប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅកម្ពុជា។ វត្តមានរបស់លោកស្រីគឺបានបង្ហាញពីមិត្តភាពនិងសាមគ្គីភាពរវា​ងប្រទេសអាស៊ីប៉ាស៊ីហ្វិក និងផ្ដល់កិត្តិយសដល់ប្រទេសកម្ពុជា ព្រមទាំងបានចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។
លោកស្រីប្រធានសភាប្រទេសបង់ក្លាដែស បានអរគុណ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែ​ល​បានអនុញ្ញាតឲ្យលោកស្រីចូលជួបពិភាក្សាការងារ និងសម្ដែងការគួរសម ហើយលោកស្រី បានលើកឡើងអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសបង់ក្លាដេស និងកម្ពុជាដែលមានការវិវឌ្ឍទៅមុខយ៉ាងល្អ និងបានអរគុណប្រទេសកម្ពុជា ជាពិសេសរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏ដូចជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកកន្ល​ងទៅនេះ ដែលទទួលបានជោគជ័យ ជាពិសេសជំរុញយន្តការនៃកិច្ចប្រជុំ និងធ្វើឲ្យកាន់តែមា​នសារៈសំខាន់ដល់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយនៅក្នុងតំបន់ផងដែរ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណដល់គណៈប្រតិភូរបស់ប្រទេសបង់ក្លាដេសដែលបានចូលរួមនាំមកនូវជោគជ័យដល់កិច្ចប្រជុំទាំងមូល។ លោក ក៏បានគូសបញ្ជាក់ផងដែរថា យើងត្រូវតែរកមធ្យោបាយធ្វើយ៉ាងណាជំរុញយន្តការកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ អោយកាន់តែស៊ីជម្រៅជាងមុន ហើយជាពិសេសទៀតប្រធានបទដែលបានលើកយកមកពិភាក្សានៅពេលនេះមានលក្ខណៈសំខាន់ ជាពិសេសការប្រមូលផ្តុំធ្វើយ៉ាងណាឱ្យគ​ណបក្សនយោបាយពីបណ្ដាប្រទេសក្របខណ្ឌអាស៊ីប៉ាស៊ីហ្វិក ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាការប្រសើរដែលលោកស្រីបានជួបលោក ហេង សំរិន ប្រធានរដ្ឋសភា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងការពង្រឹងទំនាក់ទំនងរវាងសភា និ​ងសភា ហើយលោកក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសទាំងពីរកន្លងមកបានចុះកិច្ចព្រមព្រៀ​ងមួយចំនួនផងដែរ ដែលទី១គឺនៅពេលដែលលោក ហ៊ុន សែន បានអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅប្រទេសបង់ក្លាដេសកាលពីឆ្នាំ២០១៤ និងមួយទៀត នៅពេលដែល លោកស្រីនាយករដ្ឋមន្ត្រី បង់ក្លាដែស មកបំពញទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំ២០១៧។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា ប្រទេសទាំងពីរបានរួមចំណែកក្នុងការចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ហើយជាពិសេសទៀត លោក បានគូសបញ្ជាក់ថា ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកគួរតែធ្វើយ៉ាងណាសហការគ្នានៅក្នុងកិច្ចខិតខំធ្វើយ៉ាងណាចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងពហុភាគីក្នុងក្របខណ្ឌអង្គការពាណិជ្ជក​ម្មពិភពលោក ដែលបច្ចុប្បន្នមាននិន្នាការទៅរកឯកតោភាគី។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការមេគង្គគង្គារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យលោកស្រីជម្រាបជូនលោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដេស ពីការស្នើសុំក្នុងក្របខណ្ឌមេគង្គគង្គារ ហើយលោកកំពុងធ្វើការជាមួយបណ្តាប្រទេសដែលជាសមាជិកនៃយន្តការកិច្ចសហប្រតិបត្តិការមេគង្គគង្គារនេះ ដើម្បីស្នើសុំបញ្ចូលប្រទេសបង់ក្លាដែស ដូច្នេះត្រូវរង់ចាំការឆ្លើយតបពីបណ្ដាប្រទេសដែលជាសមាជិ​កនៃគណៈកម្មការនេះសិន ប៉ុន្តែកម្ពុជានឹងបន្តខិតខំជួយក្នុងកិច្ចការដ៏សំខាន់នេះ៕



អតីតប្រធានាធិបតីទីម័រខាងកើត កោតសរសើរថា សន្តិភាពនៅកម្ពុជាគឺជាសន្តិភាពពិតដែលជាគំរូដ៏ល្អសម្រាប់ប្រទេសដទៃទៀតនៅទូទាំងពិភពលោក

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទ​ទួលជួបពិភា​ក្សាការងារបន្តជាមួយលោក ខេរ៉ា​ឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) អតីតប្រធានាធិបតីទីម័រខាងកើត។ ក្នុងជំនួបនេះ លោក Gusmao បានកោតសរសើរ​ពីការរី​កចម្រើនរបស់កម្ពុជាសឹងមិនគួរអោយជឿ ព្រោះលោកធ្លាប់បានម​កកាន់កម្ពុជាជាច្រើន​លើ​កហើយ ហើយពេលនេះបានសង្កេតឃើញថា កម្ពុជាមានការរីកចម្រើនដ៏អស្ចារ្យ។ លោក បា​នបន្ថែមថា សន្តិភាពនៅកម្ពុជាគឺជាសន្តិភាពពិតដែលជាគំរូដ៏ល្អ សម្រាប់ប្រទេស​ដទៃ​ទៀត នៅទូទាំងពិភពលោក។
លោក Kay Rala Xanana Gusmao បានបញ្ជាក់ថា លោកជាបេសកជនពិសេសមួយរូប នៃ​ក្រុម G7+ ហើយនៅដើមឆ្នាំ២០២០ខាងមុខនេះ នឹងមានកិច្ចប្រជុំជាន់ខ្ពស់ នៅប្រទេសរូវ៉ាន់ដា ទ្វីបអាហ្វ្រិក។ លោកបានបន្តថា ទិដ្ឋភាពនៅអាហ្វ្រិក និងនៅអាស៊ីប៉ាស៊ីហ្វិក មានការខុ​សគ្នា​ច្រើន។ ប្រទេសតំបន់អាហ្វ្រិក ពិតជាត្រូវការជំនួយក្នុងការបង្រួបបង្រួមប្រទេសក្នុងតំបន់ ពីប្រ​ទេសនានាជាច្រើនជាពិសេសពីប្រទេសកម្ពុជាតែម្តងដែលបានឆ្លងកាត់របបគ្រប់គ្រងប្រទេសជាច្រើនជំនាន់រហូតមានសន្តិភាពនិងការរីកចម្រើនមកដល់សព្វថ្ងៃនេះ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា កន្លងមកកម្ពុជា​បាន​ខិត​ខំប្រឹងប្រែងជួយដល់ប្រទេសទីម័រខាងកើតដើម្បីក្លាយជាសមាជិកសមាគមអាស៊ាន ហើយ​លោ​កសង្ឃឹមថា នៅឆ្នាំ២០២០ខាងមុខនេះ ក្នុងឱកាសប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំកំពូលអាស៊ាន ប្រទេសទីម័រខាងកើត អាចនឹងក្លាយជាសមាជិកថ្មី​មួយទៀតរប​ស់អា​ស៊ាន។ ទន្ទឹមនឹងនេះដែរ លោក ហ៊ុន សែន បានបន្តថា កម្ពុជាអាចជួយទីម័រខាងកើតក្នុងការក​សាងសមត្ថភាព ដើម្បីឲ្យទីម័រខាងកើត ក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិ​ភពលោកនា​ថ្ងៃអ​នា​គតខាងមុខនេះ។
ពាក់ព័ន្ធនឹងកិច្ចប្រជុំ ឆ្នាំ២០២០ នៅរូវ៉ាន់ដា នោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រ​សា​​សន៍បញ្ជាក់ថា នៅពេលមានការអញ្ជើញជាផ្លូវការ លោកនឹងពិចារណាចូលរួ​មចែករំលែ​ក​ពីបទពិសោធន៍របស់កម្ពុជា ហើយកម្ពុជាក៏អាចរៀនសូត្រ ពីបណ្តាប្រទេសផ្សេ​ងៗទៀត​ផង​ដែ​រ។ លោកនាយករដ្ឋមន្រ្តី អាចនឹងភ្ជាប់ទស្សនកិច្ចផ្លូវការនៅប្រទេ​សរ៉ូវ៉ាន់ដាក្នុងពេ​ល​អញ្ជើ​ញ​ទៅ​ចូលរួមកិច្ចប្រជុំកំពូលខាងលើផងដែរ៕








អនុប្រធានសភាជាតិសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន កោតសរសើរពីកំណើនសេដ្ឋកិច្ចនិងការរីកចំរើនដ៏ធំធេងនៅកម្ពុជា

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Qasim Khan Suri អនុប្រធានសភាជាតិនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។ នៅក្នុងជំនួបនេះ លោក ហ៊ុន សែន ជំរុញឲ្យភាគីទាំងពីរ បន្តពង្រឹងកិច្ចសប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគអោយកាន់តែធំទូលាយ។ លោក បា​នចាត់ទុ​កវត្តមានរបស់លោក និងគណៈប្រតិភូប៉ាគីស្ថាននៅកម្ពុជាគឺឆ្លុះបញ្ចាំងនូវសាមគ្គីភាពក្នុងក្របខណ្ឌអាស៊ីប៉ាស៊ីហ្វិក និងជាផ្តល់នូវកិត្តិយស និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា និងប៉ាគីស្ថាន។
លោក Qasim Khan Suri អនុប្រធានប៉ាគីស្ថានបានគូសបញ្ជាក់ថា ប្រទេសទាំងពីរ គឺមានកិច្ចសហប្រតិបត្តិការយូរលង់មកហើយ ដែលត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាបន្ថែមទៀត។ ក្រៅពីនេះក៏ចង់ឲ្យមានកិច្ចសហប្រតិបត្តិការក្របខណ្ឌតំបន់ ពិសេសក្នុងក្របខណ្ឌអាស៊ាន។ លោកក៏បានអបអរសាទរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានឈ្នះការបោះឆ្នោត២០១៨ កន្លងទៅនេះ និងរីករាយដែលបានឃើញសមិទិ្ធផលអភិវឌ្ឍជាច្រើនរបស់កម្ពុជា​។ លោកអនុប្រធានសភាប៉ាគីស្ថាន ក៏បានកោតសរសើរពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និ​ងការរីកចំរើនដ៏ធំធេងនៅកម្ពុជា ជាមួយការអភិវឌ្ឍគ្រប់វិស័យ ហើយអ្វីដែល លោកចង់បានគឺប​ង្កើនការផ្លាស់ប្តូរទស្សនកិច្ចពីគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌសភា និងសភា និងទស្សនកិ​ច្ចថ្នាក់ដឹកនាំទៅវិញទៅមកផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជានិងប៉ាគីស្ថាន មានទំ​នា​ក់ទំនងនឹងគ្នាជាយូរមកហើយ ពិសេសប៉ាគីស្ថាន បានទទួលស្គាល់ឯករាជ្យកម្ពុជាតាំងពីឆ្នាំ១៩​៥២ ពោលគឺមុនប្រទេសកម្ពុជាទទួលបានឯករាជ្យទៅទៀត។ លោក ចង់ឲ្យភាគីទាំងពីរស្វែងរកមធ្យោបាយក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសគឺកិច្ចសហប្រតិបត្តិការទៅលើវិស័យសេដ្ឋកិច្ច វិនិយោគជាដើម។ ទំហំពាណិជ្ជកម្មទ្វេភាគីនៅមានចំនួនតិចតួចនៅឡើយ ដូច្នេះលោក ចង់ភាគីទាំងពីរជំរុញឲ្យទំហំពាណិជ្ជកម្មប្រទេសទាំងពីរអោយមានការកើនឡើងថែមទៀត។ ពាក់ព័ន្ធទៅនឹងវិស័យវប្បធម៌ និងវិស័យអប់រំវិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណចំពោះប៉ាគីស្ថាន ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងមន្ត្រីកម្ពុជាកន្លងមក អោយទទួលបានការបណ្តុះបណ្តាលនៅប៉ាគីស្ថាន។ ពាក់ព័ន្ធទៅនឹងវិស័យនយោបាយ លោក បានបញ្ជាក់ថា កន្លងទៅនេះកម្ពុជា បានគាំទ្រប៉ាគីស្ថានក្នុងការក្លាយជាប្រទេសដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន និងចង់ក្លាយជាដៃគូពេញលេញរប​ស់អាស៊ាននៅពេលខាងមុខនេះ។
នៅក្នុងកិច្ចពិភាក្សានោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញថ្នាក់ដឹកនាំកំពូលប៉ា​គីស្ថានមកធ្វើទស្សនកិច្ចនៅកម្ពុជា ហើយ លោក ហ៊ុន សែន នឹងរកពេលវេលាសមស្របណាមួយដើម្បីអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន៕




ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩-កម្ពុជា កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិល

ប្រសាសន៍ដើមទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩-កម្ពុជា កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិល «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»
ថ្ងៃអង្គារ ៨រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទទួលជួបស្វាគមន៍ប្រតិភូបង់ក្លាដេសក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីភាពរីកចម្រើនរបស់កម្ពុជា

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះបានអនុញ្ញាតឲ្យគណៈប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាម នៃមហាវិទ្យាល័យបញ្ជាការសេនាធិការ កងទ័ពសាធារណរដ្ឋប្រជាមានិត បង់ក្លាដេស ដឹកនាំដោយ លោកវរសេនីយ៍ទោ ម៉ូហាមម៉ាដ ទូហ្វីក ហាមីដ (Mohammad Toufique Hamid) ប្រធានប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាមនៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសំដែងការគួរសមនៅអគ្គបញ្ជាការដ្ឋាន នាទីក្រុងភ្នំពេញ ក្នុងឱកាសដែលប្រតិភូមកបំពេញដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីនយោបាយឈ្នះឈ្នះ ដែលនាំឱ្យប្រទេសកម្ពុជា និងកងយោធពលខេមរភូមិន្ទ មានការវិវឌ្ឍន៍រីកចំរើនដូចសព្វថ្ងៃនេះ។
ក្នុងជំនួបនាឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ រីករាយ ស្និទ្ធស្នាលបំផុត ចំពោះដំណើរទស្សនកិច្ចសិក្សាស្វែងយល់ ពីភាពរីកចម្រើនរបស់កម្ពុជា និងកងយោធពលខេមរភូមិន្ទ ពីសំណាក់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាម នៃមហាវិទ្យាល័យបញ្ជាការសេនាធិការ កងទ័ពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស នៅកម្ពុជាលើកនេះ ដោយបានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចសិក្សាស្វែងយល់ ពីសំណាក់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាមកងទ័ពបង់ក្លាដេស នៅកម្ពុជាលើកនេះថា៖ នឹងនាំមកនូវការផ្លាស់ប្ដូរ បទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ក្នុងការកសាងកងទ័ពមួយ ដើម្បីសមាហរណកម្មកងទ័ពនៅក្នុងតំបន់ ឲ្យកាន់តែមានសមត្ថភាព គុណភាព លើភារកិច្ចការពារជាតិរបស់ខ្លួន និងការពារសន្តិសុខ សន្តិភាព ក្នុងតំបន់។
លោក ម៉ូហាមម៉ាដ ទូហ្វីក ហាមីដ ជំនួសមុខអោយសមាជិកប្រតិភូ និងសិក្ខាកាមទាំង ១៩រូប ដែលមកពីគ្រប់ជំនាញ ក្នុងកងទ័ពបង់ក្លាដេស បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ និងនាយទាហានគ្រប់ជាន់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ចំពោះការទទួលបដិសណ្ឋារកិច្ច នឹងស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាល រាក់ទាក់ ដល់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាម នៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពបង់ក្លាដេស នៅកម្ពុជាលើកនេះ ព្រមទាំងបានផ្ដល់នូវបទបង្ហាញ អំពីបទពិសោធន៍ល្អៗរបស់កងយោធពលខេមរភូមិន្ទ ជូនដល់ប្រតិភូសិក្ខាកាម នៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ព បង់ក្លាដេស ដើម្បីបានសិក្សារៀនសូត្រ ហើយសរសេរនៅសារណាបញ្ចប់វគ្គ ក្រោយពេលមាតុភូមិនិវត្តន៍ទៅដល់ប្រទេសបង់ក្លាដេសវិញ។
លោក ម៉ូហាមម៉ាដ ទូហ្វីក ហាមីដ បានគោរពអញ្ជើញដល់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ពិសេស នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទៅបំពេញដំណើរទស្សនកិច្ចជាលក្ខណៈផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ទៅតាមពេលវេលាណាមួយ។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់នឹងថ្លែងការអរគុណចំពោះការយកចិត្តទុកដាក់របស់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាម នៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពបង់ក្លាដេស ដែលបានអញ្ជើញឯកឧត្តមទៅបំពេញដំណើរទស្សនកិច្ចនៅប្រទេសបង់ក្លាដេស ហើយក៏សូមថ្លែងនូវអំណរអរគុណចំពោះរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គសេនាធិការកងទ័ពបង់ក្លាដេស ដែលកន្លងមកបានផ្ដល់នូវអាហារូបករណ៍ដល់កងទ័ពកម្ពុជា ហើយកងទ័ពកម្ពុជា រីករាយស្វាគមន៍ និងផ្ដល់នូវបទពិសោធន៍តាមរយៈនៃការធ្វើបទបង្ហាញ ស្ដីពីការរីកចម្រើនរបស់កងយោធពលខេមរភូមិន្ទ និងការវិវត្តរីកចម្រើនរបស់កម្ពុជា ឱ្យដល់សិក្ខាកាមរបស់ប្រទេសបង់ក្លាដេស ដើម្បីបានសិក្សាស្វែងយល់បន្ថែម នឹងកាន់តែច្បាស់ថែមទៀត នៅអ្វីដែលកងយោធពលខេមរភូមិន្ទបានបំពេញសម្រាប់ប្រទេសជាតិរបស់ខ្លួន និងនៅក្នុងតំបន់ និងលើសាកលលោក។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានជូនពរឲ្យដំណើរទស្សនកិច្ចសិក្សា ស្វែងយល់ភាពរីកចម្រើនរបស់កងយោធពលខេមរភូមិន្ទ និងភាពវិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា របស់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាមនៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ព នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសនៅកម្ពុជា ទទួលបានជោគជ័យនិងសុវត្តិភាព ៕



ព្រះមហាក្សត្រ និងសម្តេចម៉ែ សព្វព្រះរាជហឫទ័យស្តេចយាងគោរពព្រះវិញ្ញណក្ខន្ធ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នៅវត្តបុទុមវតី

ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅព្រឹកថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ស្តេចយាងគោរពព្រះវិញ្ញណក្ខន្ធ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក នាវត្តបុទុមវតីរាជវរារាម ដោយមានការយាងអមដង្ហែថ្វាយដោយព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្រ្តីព្រះបរមរាជវាំងជាច្រើនអង្គនាក់។
សូមជម្រាបថា នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះសពសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវបានដង្ហែមកដល់រាជធានីភ្នំពេញ តម្កល់ធ្វើបុណ្យតាមព្រះរាជបវេណី នៅក្នុងវត្តបុទុមវតី។ សូមជម្រាបថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសោយទិវង្គតនាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ ព្រះអង្គ ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕



លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ៖រួមគ្នាលើកស្ទួយប្រពៃណីទំនៀមទម្លាប់ វប្បធម៌ និងអរិយធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញ ក្នុងពិធីសំណេះសំណាលជាមួយតំណាងអាចារ្យ-អាចារិនីមកពីទូទាំងប្រទេសចំនួន ១.០០០នាក់នៅសាលសន្និសីទចតុម្មុខ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
ថ្លែងក្នុងឱកាសនោះលោកស្រីក៏បានមានប្រសាសន៍ថា ពិធីដ៏មានសារៈសំខាន់នេះ បានផ្តល់ឱកាសសម្រាប់អង្គពិធីទាំងមូល ជាពិសេស អាចារ្យ-អាចារិនី បានជួបប្រាស្រ័យទាក់ទងគ្នា រាប់អានគ្នាកាន់តែជិតស្និទ្ធ ពិភាក្សា ផ្លាស់ប្តូរទស្សនៈ គំនិត យោបល់ ចែករំលែកបទពិសោធន៍ល្អៗ ដើម្បីរួមចំណែកលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងអរិយធម៌ដ៏ល្អផូរផង់របស់ជាតិ។
លោកស្រីក៏បានលើកឡើងអំពីពានរង្វាន់ ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួល ពីអង្គការសហព័ន្ធសន្តិភាពសកល (UPF) គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំ ប្រឹងប្រែងដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យសាសនាក៏ត្រូវបានលើកស្ទួយផងដែរ ។ មិនតែបុណ្ណោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានយកចិត្តទុកដាក់បង្កើតឲ្យមានវគ្គបណ្តុះបណ្តាលអាចារ្យ អាចារិនីនេះឡើង សរុបមកដល់ពេលនេះគឺមាន ៣៤វគ្គ និងមានសិក្ខាកាមជាអាចារ្យ អាចារិនី សរុប ១០.៤៩៩នាក់។
លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ក៏បានណែនាំឲ្យអាចារ្យទាំងអស់ត្រូវគោរពក្បួនច្បាប់ក្នុងការប្រារព្ធពិធីកម្មនិមួយៗ និងត្រូវចេះចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក តាមរយៈអ្នកចេះច្រើនបង្រៀនអ្នកចេះតិច និងត្រូវចេះចងក្រងទុក្ខជាឯកសារសម្រាប់ទុកជាការសិក្សាស្រាវជ្រាវដល់អ្នកជំនាន់ក្រោយផងដែរ៕






រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចែករំលែកនូវទស្សនទានអំពីវិស័យវប្បធម៌ក្នុងការអភិវឌ្ឍធនធានមនុស្សនិងគំនិតឆ្នៃប្រឌិត

នាឱកាសដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំមហាសន្និបាតទូទៅនៃអង្គការយូណេស្កូលើកទី៤០នៅទីក្រុងប៉ារីស ប្រទេសបារាំង លោកស្រី​ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ត្រូវបានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមអញ្ជើញចែករំលែកទស្សនទានក្នុងវេទិការដ្ឋមន្ត្រីក្រសួងវប្បធម៌អំពីវិស័យវប្បធម៌ក្នុងការអភិវឌ្ឍធនធានមនុស្សនិងគំនិតឆ្នៃប្រឌិត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
វេទិកាដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងដើម្បីឲ្យមានការចែករំលែកនូវបទពិសោធន៍ល្អៗអំពីភាពជោគជ័យរបស់ខ្លួនក្នុងការអប់រំបណ្តុះបណ្តាលវិស័យវប្បធម៌ អភិរក្សបេតិកភណ្ឌវប្បធម៌ ក៏ដូចជាការប្រើប្រាស់ដ៏មានប្រសិទ្ធភាពនូវធនធានវប្បធម៌របស់ខ្លួនដើម្បីអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ច។
គណៈប្រតិភូដែលអមដំណើរលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរាចូលរួមកិច្ចប្រជុំមហាសន្និបាតទូទៅលើកទី៤០នាពេលនេះមាន រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកអគ្គរាជទូតនៃតំណាងអចិន្ត្រៃយ៍កម្ពុជានៅអង្គការយូណេស្កូ ព្រមទាំងមន្ត្រីជំនាញមួយចំនួន៕






ថ្ងៃនេះ ជាថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា កំណត់កាន់ទុក្ខទូទាំងប្រទេស ចំពោះការសោយទិវង្គតរបស់សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃកាន់ព្រះរាជមរណទុក្ខ សម្រាប់ប្រទេសកម្ពុជាទាំងមូល ចំពោះការសោយទិវង្គតរបស់សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំមួយ ស្តីពីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលបានយាងសោយទិវង្គតនៅថ្ងៃនេះក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា។
ក្នុងសារាចរនេះ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែវិច្ឆិកា ជាថ្ងៃកាន់ព្រះរាជមរណទុក្ខជាផ្លូវការ និងណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងសារាចរក៏បានណែនាំឱ្យគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងការចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះរាជបុត្រីច្បងរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ៧រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់ ដោយព្រះរោគាពាធ។
សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី មានគុណបំណាច់យ៉ាងធំធេងចំពោះជាតិ ជាពិសេសផ្នែកសិល្បៈ វប្បធម៌ អរិយធម៌ រហូតទទួលបានព្រះគោរមងារថា «ទេពនាថវដ្តីឯក» ជាតួអង្គឯករបាំអប្សរា លើកតម្កើងវប្បធម៌ពណ្ណរាយជាតិ ថ្កើងថ្កាន ល្បីល្បាញ រន្ទឺទូទាំងសកលលោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងពិធីសំណេះសំណាលជាមួយកីឡាករ កីឡាការិនី មុនចេញទៅប្រកួតស៊ីហ្គេមនៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសម្តែងនូវការសោកស្តាយក្រៃលែងចំពោះការយាងសោយទិវង្គតរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមនឹងមន្ត្រីជាន់ខ្ពស់ ថ្នាក់ដឹកនាំកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី និងអត្តពលិក បានក្រោកឈរស្មឹងស្មាធិ៍គោរពដល់ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គមុននឹងចាប់ផ្តើមកម្មវិធីផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងដឹកនាំប្រតិភូ របស់រាជរដ្ឋាភិបាល ទៅគោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះរាម នរោត្តម បុប្ផាទេវី នៅម៉ោង៤ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ហើយលោកនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យតាមស្ថាប័នរដ្ឋនានា ក៏ត្រូវរៀបចំនូវគណៈប្រតិភូ ដើម្បីចូលរួមទៅគោរពព្រះវិញ្ញាណក្ខន្ធ របស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការរៀបចំពិធីកាន់ព្រះរាជមរណទុក្ខនាថ្ងៃទី២០ ខែវិច្ឆិកា គឺជាការចូលរួមរំលែកនូវព្រះរាជមរណៈទុក្ខជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេកំពុងព្រះរាជសោកសង្រេងយ៉ាងក្រៃលែង។ បន្ថែមពីនោះ ការកាន់នូវព្រះរាជមរណៈទុក្ខនេះ គឺជារលឹកនឹកគុណ និងតបស្នងនូវព្រះគុណូបការៈទាំងឡាយ ដែលសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានលះបង់អស់ព្រះបញ្ញាញាណ និងកម្លាំងព្រះកាយពល ដើម្បីវប្បធម៌ជាតិ ជាពិសេសលើវិស័យសិល្បៈ ៕