Monday, September 11, 2023

វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក អាចអូសទាញវៀតណាម បានយ៉ាងដូចម្ដេច?​


ប្រធានាធិបតីអាមេរិក បានបំពេញទស្សនកិច្ចក្នុងប្រទេសវៀតណាម នៅក្នុងសប្ដាហ៍នេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ឱ្យកាន់តែស៊ីជម្រៅរវាង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងហាណូយ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការពឹងផ្អែករបស់សហរដ្ឋអាមេរិកទៅលើចិន។

សហរដ្ឋអាមេរិក និងវៀតណាម ដែលជា «អតីតគូសត្រូវស៊ូពូជនឹងគ្នា» កាលពីអតីតកាល បានឈានដល់ការធ្វើបច្ចុប្បន្នភាពជាផ្លូវការ ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ»។ កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យសហរដ្ឋអាមេរិក និងវៀតណាមខិតកាន់តែជិតគ្នា ពីព្រោះថាមកទល់នឹងបច្ចុប្បន្ន វៀតណាម បានចុះកិច្ចព្រមព្រៀងបែបនេះជាមួយ រុស្ស៉ី ឥណ្ឌា ចិន និងកូរ៉េខាងត្បូងប៉ុណ្ណោះ ក្នុងបរិបទដែលសហរដ្ឋអាមេរិកកំពុងស្វែងរកសម្ព័ន្ធមិត្តដូចជាវៀតណាម ដើម្បីទប់ស្កាត់ផលប៉ះពាល់បង្កឡើងពីភាពតានតឹងនយោបាយ ជាមួយចិន ក៏ដូចជាលើកកម្ពស់មហិច្ឆតារបស់ខ្លួនលើបច្ចេកវិទ្យាសំខាន់ៗ តួយ៉ាងដូចជា ការផលិតបន្ទះឈីបជាដើម។ រីឯវៀតណាមវិញកាន់តែមានការព្រួយបារម្ភខ្លាំងឡើងពី សកម្មភាព និងការទាមទារអធិបតេយ្យរបស់ចិនក្នុងតំបន់សមុទ្រចិនខាងត្បូង ក្រោយទីក្រុងប៉េកាំងបញ្ចេញផែនទីទឹកដីថ្មីមួយរបស់ខ្លួននាពេលថ្មីៗនេះ។

បណ្ដាក្រុមហ៊ុនអាមេរិកធំៗ រាប់ចាប់ពីក្រុមហ៊ុន Apple និង Intel បាន និងកំពុងបង្កើនការបោះទុនវិនិយោគកាន់ខ្លាំងនៅក្នុងប្រទេសវៀតណាម រួចទៅហើយ សំដៅ ធ្វើពិពិធកម្ម «ខ្សែចង្វាក់ផ្គត់ផ្គង់» របស់ខ្លួន ដែលកំពុងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចវៀតណាម។ ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ទៅកាន់ ទីក្រុងហាណូយ ធ្វើឡើងបន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌា ហើយនេះក៏ជាដំណើរទស្សនកិច្ចដំបូងបំផុតរបស់ប្រធានាធិបតីអាមេរិកម្នាក់ ក្នុងប្រទេសវៀតណាមដែរ ចាប់តាំងដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៩។

បើតាមសេតវិមាន ក្នុងដំណើរទស្សនកិច្ចនេះដែរ លោក បៃដិន បានជួបជាមួយមេដឹកនាំកំពូលវៀតណាម ក្នុងនោះមានទាំងអគ្គលេខាធិការបក្សកម្មុយនិស្ដ វៀតណាម លោក ង្វៀង ហ្វូជុង (Nguyen Phu Trong) ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចវៀតណាម ដោយផ្ដោតលើវិស័យបច្ចេកវិទ្យា និងពិភាក្សាគ្នាពីមធ្យោបាយធ្វើឱ្យ ប្រសើរឡើងនូវស្ថិរភាពក្នុងតំបន់។

ប៉ុន្តែ តើរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន​ អាចបញ្ចុះបញ្ចូលវៀតណាម ឱ្យធ្វើបច្ចុប្បន្នភាពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកបានយ៉ាងដូចម្ដេច? ខណៈវៀតណាម ត្រូវបានគេមើលឃើញថាតែងតែមានការប្រុងប្រយ័ត្នជានិច្ច ដោយមិនចង់ឱ្យអ្នកផ្សេងជាពិសេសគឺចិនមើលឃើញថាខ្លួនមានទំនាក់ទំនងផ្អែមល្ហែមជាមួយសហរដ្ឋអាមេរិក នោះទេ។ លោក Ted Osius ជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-​អាស៊ាន និងជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមប្រាប់ CNN ថាកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងពាណិជ្ជកម្ម រវាងអាមេរិក និងវៀតណាមបានកើនឡើងរួចស្រេចទៅហើយ នៅក្រោមកិច្ចព្រមព្រៀងជាដៃគូដែលមានស្រាប់ ក្នុងឆ្នាំ២០១៣ ដូច្នេះការលើកកម្ពស់ទំនាក់ទំនងនៅពេលនេះ គ្រាន់តែជាការបញ្ជាក់ពីការពិតដែលមានស្រាប់រួចទៅហើយប៉ុណ្ណោះ។

បើតាមទិន្នន័យរបស់រដ្ឋាភិបាលអាមេរិក សហរដ្ឋអាមេរិកបាននាំចូលទំនិញទំហំ ១២៧.៥ពាន់លានដុល្លារពីវៀតណាម ក្នុងឆ្នាំ២០២២ ធៀបទៅនឹងឆ្នាំ២០២១ មានទំហំ១០១.៩ពាន់លានដុល្លារ និង៧៩.៦ពាន់លានដុល្លារកាលពីឆ្នាំ២០២០។

* ការផ្លាស់ប្ដូរខ្សែចង្វាក់ផ្គត់ផ្គង់

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម កាន់តែស្អិតល្មួតនឹងគ្នា ដូចដែលក្រុមមន្ត្រីអាមេរិក ជាពិសេសគឺរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen ធ្លាប់បានលើកឡើងពីសារៈសំខាន់នៃការងាកទៅរកសម្ព័ន្ធមិត្ត ជាការអនុវត្តមួយចង់សំដៅទៅលើខ្សែចង្វាក់ផ្គត់ផ្គង់ពីសម្ព័ន្ធមិត្ត ដើម្បីធ្វើជាខែលការពារពាណិជ្ជកម្មពីការប្រេះឆា នយោបាយ។ ក្នុងសុន្ទករថាមួយកាលពីឆ្នាំ២០២២ នៅឯវិទ្យាស្ថាន Atlantic Council លោកស្រី Janet Yellen បានបញ្ជាក់ដូច្នេះថា «ប្រសើរជាងការពឹងផ្អែកខ្លាំងពេកទៅលើ ប្រទេសដែលមានភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយពួកយើង ហើយមិនអាចបន្តពឹងផ្អែក និងផ្គត់ផ្គង់គួរឱ្យទុកចិត្តបាន យើងចាំបាច់ត្រូវតែធ្វើពិពិធកម្មក្រុមអ្នកផ្គត់ផ្គង់ សម្រាប់ពួកយើង»។

បញ្ហាដែលលោកស្រី Yellen ចង់សំដៅទៅលើការប្រជែងភូមិសាស្ត្រនយោបាយរវាងអាមេរិក និងចិន បាននិងកំពុងដាក់សម្ពាធដល់បណ្ដាក្រុមហ៊ុន ក្នុងនោះមានដូចជាការឡើង ថ្លៃនៃកម្លាំងពលកម្ម និងភាពមិនច្បាស់លាល់នៃបរិយាកាសធ្វើអាជីវកម្ម ដែលបានជំរុញរួចជាស្រេចឱ្យបណ្ដាក្រុមហ៊ុនអាមេរិកគិតគូរពីអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសចិន ដែលសព្វថ្ងៃនៅតែត្រូវបានគេចាត់ទុកថាជា «រោងចក្រពិភពលោកនៅឡើយ»។ នៅអំឡុងសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក-ចិន ចាប់ផ្ដើមឡើងក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនមួយចំនួន បានចាប់ផ្ដើមផ្ទេររោងចក្ររបស់ខ្លួនទៅកាន់ទីផ្សារកំពុងងើបមុខឡើងដូចជាវៀតណាម និងឥណ្ឌា ដោយសារតែបញ្ហាដំឡើងពន្ធលើទំនិញនាំចូល។ ក្រោយមកទៀត ពោលគឺ បន្ទាប់ពីកូវីដ១៩ ផ្ទុះឡើង ក្រុមហ៊ុនជាច្រើនត្រូវបង្ខំចិត្តពិចារណាលើយុទ្ធសាស្ត្រ «China plus one» ដែលសំដៅលើការពង្រីករោងចក្រផលិតជាមធ្យោបាយកាត់បន្ថយការពឹង ផ្អែកតែទៅលើមូលដ្ឋានតែមួយនៃរោងចក្រផលិតដូចជានៅចិន។

ការសម្រេចចិត្តរើរោងចក្ររបស់ក្រុមហ៊ុនទាំងនោះ បានបង្កការខាតបង់មិនតិចនោះទេដល់ចិន។ នៅក្នុងរបាយការណ៍មួយនៅឆ្នាំ២០២២ ក្រុមហ៊ុនសេវាហិរញ្ញវត្ថុ Rabobank បានវាយតម្លៃថាការងារចំនួន ២៨លានកន្លែងនៅក្នុងប្រទេសចិន គឺពឹងផ្អែកដោយផ្ទាល់លើការនាំចេញទៅកាន់បណ្ដាប្រទេសលោកខាងលិច ហើយការងារទាំងនេះអាចនឹងហូរ ចេញទៅក្រៅប្រទេសជាពិសេសគឺប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ ជាក់ស្ដែង របាយការណ៍នេះដដែលបានរកឃើញថាការងារជាង ៣០០,០០០កន្លែង ត្រូវបាន រំពឹងថានឹងហូរចេញពីចិន ចូលទៅក្នុងប្រទេសវៀតណាម។

* បច្ចេកវិទ្យាសំខាន់ៗ

ភ្លាមៗនៅបន្ទាប់ពីលោក បៃដិន បានធ្វើដំណើរទៅដល់ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញា សេតវិមានបានប្រកាសពី «ភាពជាដៃគូលើវិស័យសឺមីកុងឌុចទ័រ ឬបន្ទះឈីបថ្មីមួយ»។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានលើកឡើងថា «សហរដ្ឋអាមេរិកទទួលស្គាល់ពីសក្តានុពលរបស់វៀតណាម ដើម្បីដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់...»។ ឧស្សាហកម្មសឺមីកុងឌុចទ័រនេះឯងជាប្រភពនៃភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។ ទាំងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន សុទ្ធតែកំពុងបង្កើនអំណាចរបស់ពួកគេនៅក្នុងវិស័យនេះដោយបានដាក់ចេញវិធានការរឹតត្បិតលើការនាំចេញ ក្នុងគោលបំណងរឹតត្បិតលើសមត្ថភាពគ្នា នៃភាគីម្ខាងៗ។ ដូច្នេះហើយ សហរដ្ឋអាមេរិកត្រូវការដៃគូគួរឱ្យទុកចិត្តមួយសម្រាប់ការផ្គត់ផ្គង់បន្ទះឈីប ហើយវៀតណាមគឺស័ក្តិសមបំផុត។ នេះបើតាមលោក Osius។

ក្រុមហ៊ុន Intel ក៏មើលឃើញគ្នានេះដែរ។ ក្រុមហ៊ុនផលិតបន្ទះឈីបមានមូលដ្ឋានក្នុងរដ្ឋកាលីហ្វ័រមួយនេះ បានបោះទុនវិនិយោគជាង ១.៥ពាន់លានដុល្លារ ដើម្បីសង់រោងចក្រដ៏ សម្បើមមួយស្ថិតនៅក្រៅទីក្រុងហូជីមិញ (Ho Chi Minh) ដែល Intel និយាយថានឹងក្លាយជារោងចក្រដំឡើង និងធ្វើតេស្ដដ៏ធំបំផុតមួយរបស់ខ្លួននៅលើពិភពលោក។ លោក Osius បានសន្និដ្ឋានថាការវិនិយោគបន្ថែមនឹងហូរចូលទៅក្នុងប្រទេសវៀតណាម បន្ទាប់ពីសហរដ្ឋអាមេរិកលើកកម្ពស់ទំនាក់ទំនងជាមួយទីក្រុងហាណូយ។

*​ កំណើនសេដ្ឋកិច្ចលឿនរហ័ស

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​​ បានព្យាករថាសេដ្ឋកិច្ចវៀតណាមនឹងមានកំណើនយឺត ៥.៨ភាគរយ ក្នុងឆ្នាំ២០២៣នេះ បើធៀបទៅនឹង ៨ភាគរយកាលពីឆ្នាំ២០២២ ស្របពេលរដ្ឋាភិបាលទីក្រុងហាណូយកំពុងដោះស្រាយការធ្លាក់ចុះនៃតម្រូវការនៅក្រៅស្រុកសម្រាប់ការនាំចេញរបស់ខ្លួន។ ប៉ុន្តែ កំណើនសេដ្ឋកិច្ចនេះត្រូវបានគេមើលឃើញថា មានភាពលឿនរហ័ស បើធៀបទៅនឹងកំណើនសេដ្ឋកិច្ចសកលដែលត្រូវបានព្យាករថាមាន ៣ភាគរយ និងលឿនជាងបណ្ដាប្រទេសជឿនលឿនធំៗដូចជាសហរដ្ឋអាមេរិក ចិន និងបណ្ដាប្រទេសក្នុងតំបន់ចាយលុយអឺរ៉ូ។

នៅក្នុងការសិក្សាស្រាវជ្រាវកាលពីពេលថ្មីៗនេះ ធនាគារវិនិយោគ Natixis ក៏បានព្យាករដែរថាខណៈបណ្ដាប្រទេសដទៃក្នុងតំបន់អាស៊ី ជួបប្រទះនឹងកំណើនសេដ្ឋកិច្ចយឺតយ៉ាវ វៀតណាមឯណោះវិញនឹងនៅតែជាប្រទេសមួយមានកំណើនសេដ្ឋកិច្ចលឿនរហ័ស។ ការព្យាករបែបនេះត្រូវកត់សម្គាល់កាលពីខែមីនា នៅពេលដែលក្រុមប្រឹក្សាធុរកិច្ចអាមេរិក-​អាស៊ាន បានដឹកនាំបេសកកម្មធុរកិច្ចដ៏ធំមួយមិនធ្លាប់មានរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម។ តែទោះជាបែបនេះក្ដី លោក Osius បាននិយាយថាបណ្ដាប្រទេសជាច្រើននៅតែ មានការសង្ស័យ និងព្រួយបារម្ភពីច្បាប់បច្ចេកវិទ្យារបស់វៀតណាមដែលពួកគេយល់ថាតម្រូវខ្លាំងពេកឱ្យមានការធ្វើ «មូលដ្ឋាននីយកម្មទិន្នន័យ» ដែលអាចនឹងដាក់កំហិតលើការផ្ទេរ ទិន្នន័យឆ្លងដែន។ ម្យ៉ាងវិញទៀត ក្នុងករណីខ្លះ ក្រុមហ៊ុនក៏នៅតែមើលឃើញដែរថាហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាមនៅតែមានភាពទន់ខ្សោយ បើធៀបទៅនឹងចិន។ ជាឧទាហរណ៍ កំពង់ផែវៀតណាមមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការនាំចេញទំនិញមួយចំនួន ឱ្យបានលឿនដូចដែលបណ្ដាក្រុមហ៊ុននានាចង់បាននោះទេ»។ នេះជាការបញ្ជាក់របស់លោក Osius។

បើនិយាយពីនយោបាយវិញ វៀតណាមមានរបបដឹកនាំដោយគណបក្សកម្មុយនិស្ដដូចគ្នាទៅនឹងចិនដែរ ដែលគ្មានការលើកលែងឡើយចំពោះអ្នកប្រឆាំង ឬហ៊ានរិះគន់ប្រឆាំងនឹង ខ្លួន។ ប៉ុន្តែអ្វីដែលក្រុមហ៊ុននានាត្រូវការ នោះគឺមធ្យោបាយ និងភាពងាយស្រួលក្នុងការស្វែងរកផលចំណេញ និងការពារអាជីវកម្មរបស់ពួកគេប៉ុណ្ណោះ។ នៅត្រង់នេះអ្នកជំនាញ យល់ថា វៀតណាមគឺជាជម្រើសមួយដ៏ប្រសើរ ពីព្រោះតម្លៃពលកម្មនៅវៀតណាមមានតម្លៃថោកជាងនៅប្រទេសចិន។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនរបស់បណ្ដាប្រទេសលោកខាងលិច កាន់តែច្រើនបានផ្ទេរទៅកាន់វៀតណាម ដោយសារសង្រ្គាមពាណិជ្ជកម្មតាមរយៈការដំឡើងពន្ធលើទំនិញមួយចំនួននាំចូលពីចិន ហើយរដ្ឋបាលលោក ចូ បៃដិន ក៏ទំនងជានឹងបន្ត ជំរុញឱ្យទិសដៅមួយនេះ ហើយវាបានបង្ហាញយ៉ាងច្បាស់តាមរយៈការចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម៕

ចំណេះដឹងទូទៅ៖ លិខិតឆ្លងដែនរបស់ប្រទេសទាំង៤២នេះ គឺមានឥទ្ធិពលជាងគេ


FN- (ភ្នំពេញ)៖ សម្រាប់ឆ្នាំ២០២៣ លិខិតឆ្លងដែនរបស់ប្រទេសទាំង៤២នេះ គឺមានឥទ្ធិពលជាងគេលើពិភពលោក ដែលអាចឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរទៅប្រទេសនានាជាច្រើន។

១. លិខិតឆ្លងដែនរបស់ប្រទេសម៉ារ៉ុក ក្រូអាស៉ី ស៉ីលី និងប៊ុលហ្ការី អាចធ្វើដំណើរទៅកាន់ប្រទេស១៧៥ផ្សេងទៀត

២. លិខិតឆ្លងដែនរបស់ប្រទេសរ៉ូម៉ានី អាចធ្វើដំណើរទៅកាន់ប្រទេស១៧៦ផ្សេងទៀត

៣. លិខិតឆ្លងដែនរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងស៉ីប អាចធ្វើដំណើរទៅកាន់ប្រទេស១៧៨ផ្សេងទៀត

៤. លិខិតឆ្លងដែនរបស់ប្រទេសលិចតិនស្តាញ អាចធ្វើដំណើរទៅកាន់ប្រទេស១៧៩ផ្សេងទៀត

៥. លិខិតឆ្លងដែនរបស់ប្រទេសម៉ាឡេស៉ី អាចធ្វើដំណើរទៅកាន់ប្រទេស១៨០ផ្សេងទៀត

៦. លិខិតឆ្លងដែនរបស់ប្រទេសអ៉ីស្លង់ អាចធ្វើដំណើរទៅកាន់ប្រទេស១៨១ផ្សេងទៀត

៧. លិខិតឆ្លងដែនរបស់ប្រទេសអេស្តូនី អាចធ្វើដំណើរទៅកាន់ប្រទេស១៨២ផ្សេងទៀត

៨. លិខិតឆ្លងដែនរបស់ប្រទេសស្លូវេនី និងឡេតូនី អាចធ្វើដំណើរទៅកាន់ប្រទេស១៨៣ផ្សេងទៀត

៩. លិខិតឆ្លងដែនរបស់ប្រទេសស្លូវ៉ាគី និងលីទុយអានី អាចធ្វើដំណើរទៅកាន់ប្រទេស១៨៤ផ្សេងទៀត

១០. លិខិតឆ្លងដែនរបស់ប្រទេសប៉ូឡូញ និងហុងគ្រី អាចធ្វើដំណើរទៅកាន់ប្រទេស១៨៥ផ្សេងទៀត

១១. លិខិតឆ្លងដែនរបស់ប្រទេសម៉ាល់ត៍ ក្រិក កាណាដា និងអូស្ត្រាលី អាចធ្វើដំណើរទៅកាន់ប្រទេស១៨៦ផ្សេងទៀត

១២. លិខិតឆ្លងដែនរបស់សហរដ្ឋអាមេរិក ស្វ៉ីស ន័រវេស នូវែលសេឡង់ សាធារណរដ្ឋឆែក និងប៊ែលហ្ស៉ិក អាចធ្វើដំណើរទៅកាន់ប្រទេស១៨៧ផ្សេងទៀត

១៣. លិខិតឆ្លងដែនរបស់ចក្រភពអង់គ្លេស ព័រទុយហ្កាល់ អៀរឡង់ និងបារាំង អាចធ្វើដំណើរទៅកាន់ប្រទេស១៨៨ផ្សេងទៀត

១៤. លិខិតឆ្លងដែនរបស់ប្រទេសស៊ុយអែត ហូឡង់ ដាណឺម៉ាក់ និងអូទ្រីស អាចធ្វើដំណើរទៅកាន់ប្រទេស១៨៩ផ្សេងទៀត

១៥. លិខិតឆ្លងដែនរបស់ប្រទេសលុចសំបួ អ៉ីតាលី និងហ្វាំងឡង់ អាចធ្វើដំណើរទៅកាន់ប្រទេស១៩០ផ្សេងទៀត

១៦. លិខិតឆ្លងដែនរបស់ប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់ អាចធ្វើដំណើរទៅកាន់ប្រទេស១៩១ផ្សេងទៀត

១៧. លិខិតឆ្លងដែនរបស់សាធារណរដ្ឋកូរ៉េ អាចធ្វើដំណើរទៅកាន់ប្រទេស១៩២ផ្សេងទៀត

១៨. លិខិតឆ្លងដែនដែលមានឥទ្ធិពលជាងគេនៅលើពិភពលោកនេះ គឺលិខិតឆ្លងដែនរបស់ប្រទេសសិង្ហបុរី និងជប៉ុន ដែលអាចធ្វើដំណើរទៅកាន់ប្រទេស១៩៣ផ្សេងទៀត៕

តើយុទ្ធសាស្ត្របញ្ចកោណទី៤ និងទី៥ ដំណាក់កាលទី១ ផ្តល់អាទិភាពសំខាន់ទៅលើអ្វីខ្លះ?

 

តើអ្វីទៅជាបេសកកម្ម និងគោលដៅ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១?

 

មតិគាំទ្រ របស់ប្រជាជនពលរដ្ឋខ្មែររស់នៅទីក្រុង Montreal ខេត្ត Quebec ប្រទេសកាណាដា សូមគាំទ្រដំណេីរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំប្រតិភូកម្ពុជាអញ្ជេីញទៅចូលរួម កិច្ច ប្រជុំ កំពូល អង្គការ សហ ប្រជាជាតិ លើក ទី ៧៨ (UNGA 78) នៅ ក្នុង ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ។

 

លោក ធី ចរចា Live ពីកម្ពុជា៖ សូមបងប្អូនកុំជឿអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ពួកនោះមានតែបំភ្លៃបំផ្លាញប្រទេសជាតិ និងបំផ្លាញទឹកចិត្តបងប្អូន

 

លិខិតមិត្តអ្នកអាន៖ ការពង្រីកប.ស.ស.ដល់គ្រួសារកម្មករជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ


 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្មីៗនេះ បានណែនាំ ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ដើម្បីត្រៀម ដាក់ឱ្យដំណើរការរបប សន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស។ ជាការណែនាំ ដែលក្រសួងត្រូវតែធ្វើនៅឆ្នាំ២០២៣នេះ។

ម្រាប់អ្នកតាមដានសង្គម គោលនយោបាយថ្មីនេះ ដើម្បីជួយសម្រាលបន្ទុកចំណាយផ្នែកថែទាំសុខភាពរបស់ បងប្អូនកម្មករ និយោជិត និងក្រុមគ្រួសារ ក្នុងបន្ទុក ដែលមានដូចជាប្តីឬប្រពន្ធ និងកូនដែលជាធម្មតាការចំណាយលើការថែទាំសុខភាព សម្រាប់ សមាជិកគ្រួសារម្នាក់ ជាមធ្យម ៥% នៃចំណាយសរុបប្រចាំខែឬជា មធ្យម ក្នុងរង្វង់២០ដុល្លារ ឬ៤០ដុល្លារដែលជាការចំណាយ លើការព្យាបាល។ ប៉ុន្តែតាមរយៈយន្តការរបបសន្តិសុខសង្គមរបស់ រដ្ឋាភិបាល សមាជិកគ្រួសារកម្មករនិយោជិតចំណាយតែ ១៥៦០០រៀល ( ស្មើប្រមាណ ៤ដុល្លារអាម៉េរិក ) ក្នុង១ខែប៉ុណ្ណោះនឹង ទទួលបានការថែទាំសុខភាព ដោយមិនបង់ប្រាក់នៅ តាមគ្រឹះស្ថានដែលជាដៃគូរបស់ប.ស.ស.។

នេះជាការគិតគូរថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សូមបញ្ជាក់ថា ប.ស.ស ត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងផ្នែកកិច្ចគាំពារ សន្តិសុខសង្គមឱ្យស្របទៅតាមច្បាប់សន្តិសុខសង្គមជាតិ និងបទប្បញ្ញត្តិសន្តិសុខ សង្គម អនុលោមតាមអនុក្រឹត្យ ហើយត្រូវបានដំណើរការ នៅចុងឆ្នាំ២០០៨។

ចាប់តាំងពីពេលនោះមក ប.ស.ស បានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពដល់បុគ្គលិក កម្មករនិយោជិត នៅក្នុងវិស័យឯកជន ដែលស្ថិតក្រោមបទប្បញ្ញត្តិច្បាប់ការងារ។ រាជរដ្ឋាភិបាល ក៏បានប្រគល់ភារកិច្ចឱ្យប.ស.ស ជាអ្នករៀបចំ និងគ្រប់គ្រងការដាក់ឱ្យដំណើរការរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែ ទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ចាប់ពីឆ្នាំ២០១៧។បន្ថែមលើនេះ កាលពី ខែតុលា ឆ្នាំ២០២២ ប.ស.ស បានអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ឬប្រាក់ចូលនិវត្ត អនុវត្តក្នុងវិស័យ ឯកជន លើបុគ្គលិក កម្មករនិយោជិត រួមទាំងកម្មករកាត់ដេរ ដែលជាសមាជិក មានបណ្ណ ប.ស.ស។ ថ្មីៗនេះទៀត ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម ដោយការធានា ឱ្យបាននូវសន្ដិសុខបា្រក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ស្ថិរភាពសង្គម ប.ស.ស ក៏បានដាក់ឱ្យ អនុវត្តផ្នែក ថែទាំសុខភាព សម្រាប់អ្នកបម្រើការងារតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍ ឬអ្នកប្រកបរបរផ្ទាល់ខ្លួន។

អ្នកបម្រើការងារតាមផ្ទះ និងអ្នកប្រកបរបរផ្ទាល់ខ្លួន ដូចជា អ្នករត់ម៉ូតូឌុប អ្នករត់ផាសអេប អ្នកលក់ទឹកអំពៅ អ្នកលក់ដូរតាមរទេះ ជាដើម ត្រូវបានកំណត់ឱ្យបង់ប្រាក់ ម្នាក់ ត្រឹមតែ ១៥៦០០រៀល ឬស្មើនឹង ៤ដុល្លារអាមេរិក ក្នុង ១ខែប៉ុណ្ណោះ។ក្នុងសង្គម យើង បច្ចុប្បន្ន មិនថា ទៅពេទ្យរដ្ឋ ឬពេទ្យឯកជនទេ គឺត្រូវចំណាយលុយច្រើន បើសិនជាឈឺម្តងៗ។ ពោលគឺលើសពី ១៥៦០០រៀល ដែលត្រូវបង់ភាគទាន ជាមួយប.ស.ស ក្នុង ១ខែទៅទៀត។ ដូច្នេះបើសិនជាសមាជិកគ្រួសារ និងអ្នកក្នុងបន្ទុករបស់កម្មកនិយោជិត ដែលមានបណ្ណប.ស.ស អាចចូលរួមប្រើប្រាស់ប.ស.ស ដើម្បីទទួលបានការថែទាំសុខភាព ដោយមិនបង់ប្រាក់ដែរនោះ គឺប្រាកដណាស់ ពិតជាជួយសម្រាលបន្ទុកដល់កម្មករនិយោជិត ក្នុងវិស័យការងារ ពិសេសលើបងប្អូនកម្មករកាត់ដេរបានយ៉ាងច្រើន។

ប៉ុន្តែទន្ទឹមនឹងដំណឹងល្អនេះ ក៏សូមឱ្យ ប.ស.ស សហការជាមួយនឹងពេទ្យដៃគូ មិនថា ពេទ្យរដ្ឋ ឬពេទ្យឯកជនទេ ត្រូវបង្កើនការ ទទួលខុសត្រូវ ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់នៅពេលទៅពិនិត្យ និងព្យាបាលជំងឺ ព្រោះថា កន្លងមក តែងតែឮនូវការ លើកឡើងថា តាមមន្ទីរពេទ្យមួយចំនួន មិនសូវយកចិត្តទុកដាក់លើអ្នកជំងឺ ដែលមានបណ្ណប.ស.ស ដូចជា អ្នកជំងឺត្រូវរង់ចាំយូរ ហើយតាមមន្ទីរពេទ្យរដ្ឋខ្លះ អ្នកជំងឺ ដែលកាន់បណ្ណប.ស.ស ហើយ ត្រូវបង់លុយថែមលើការពិនិត្យ និងព្យាបាលជំងឺ ជាដើម។ ទាំងនេះ សុទ្ធសឹងតែជាចំណុចដែលធ្វើឱ្យបាត់បង់ជំនឿទុកចិត្តពីអ្នកប្រើប្រាស់មកលើប.ស.ស.ក្នុងការពង្រីកវិសាលភាពរបស់ ខ្លួនក្នុងចំណោមសាធារណៈជន។

យ៉ាងណាក៏ដោយ អនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីចំពោះការពង្រីករបបសន្តិសុខសង្គមសម្រាប់ក្រុមគ្រួសារកម្មករនេះ គឺជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរព្រោះម្ខាង នឹងជួយដល់កម្មករនិយោជិត និងក្រុមគ្រួសារកាត់បន្ថយការចំណាយ សន្ធឹកសន្ធាប់លើការព្យាបាលដែលធ្លាប់តែជាបន្ទុក ហើយម្ខាងទៀតកម្មករនិយោជិតនឹងអាចសន្សំប្រាក់បានច្រើនជាង មុនហើយ ទន្ទឹមនឹងនោះក៏ទទួលបានសេវាកម្មព្យាបាលដែលមានគុណភាព និងប្រសិទ្ធភាពពីដៃគូរបស់ប.ស.សផងដែរ។ នេះគឺជាផ្នែក មួយ ដ៏ធំក្នុងការលើកកម្ពស់ជីវភាពរបស់កម្មករឱ្យកាន់តែប្រសើរឡើងព្រោះរដ្ឋមានយន្តការពារឃុំគ្រងលើការចំណាយចាំបាច់របស់កម្មកររួចទៅហើយដែលធ្វើឱ្យជីវភាពកម្មករធន់នឹងការប្រែប្រួលនៃសេដ្ឋកិច្ច៕

ដោយ AKP