Thursday, July 25, 2024

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូ អញ្ជើញដល់ អាកាសយានដ្ឋាណយបាយ ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុខសុវត្ថិភាព




សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង៨និង៤០នាទី ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ 

នៅអាកាសយានដ្ឋានអន្តរជាតិណូបៃ រដ្ឋធានីហាណូ វត្តមាននៃការអញ្ជើញដល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមជាច្រើនរូប។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាឥស្សរជនបរទេសទី១ ដែលបានអញ្ជើញទៅដល់រដ្ឋធានីហាណូយ ដើម្បីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម បន្ទាប់ពីគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត ក៏ដូចជារដ្ឋាភិបាលវៀតណាម បានប្រកាសជាផ្លូវការ ក្នុងការអនុញ្ញាតឲ្យបណ្តាមេដឹកនាំពិភពលោក អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤។ 

តាមកម្មវិធីដែលបានគ្រោងទុក នៅក្នុងឱកាសនៃការស្នាក់នៅរដ្ឋធានីហាណូយ សម្តេចប្រធានព្រឹទ្ធសភា និងជួបពិភាក្សាការងារនិងទទួលទានអាហារពេលព្រឹក ថ្ងៃត្រង់ ពេលល្ងាចជាមួយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម ឯកឧត្តម លឿង គឿង សមាជិកការិយាល័យនយោបាយប្រចាំការគណៈលេខាបក្ស កុម្មុយនីស្តវៀតណាម ឯកឧត្តម ត្រឹន ថាញ់មិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ចំពោះព័ត៌មានពិស្តារស្តីពីសកម្មភាព សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នៅរដ្ឋធានីហាណូយ ៕




សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មានមនុស្ស៣នាក់ត្រូវបានចាប់ខ្លួន ក្នុងករណីបំភ្លៃអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី​ ដែលបច្ចុប្ប​ន្នជា ប្រធានព្រឹទ្ធសភា បានប្រកាសថា រហូតដល់ពេលនេះ មានមនុស្ស៣នាក់ហើយ ត្រូវបានចាប់ខ្លួន ក្នុងករណីញុះញង់បំភ្លៃអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV ថា ជាការកាត់ខេត្តកម្ពុជាចំនួន៤ ទៅឱ្យវៀតណាម។


ការអះអាងរបស់ សម្តេចតេជោ ហ៊ុន​ សែន បានធ្វើឡើងតាមរយៈវីដេអូពិសេសសមួយ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បន្ទាប់ពីក្រុមប្រឆាំងមួយចំនួន​បាននាំគ្នាបំភ្លៃ អំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាល បានកាត់ដីចំនួន៤ខេត្ត ​នៅតំបន់ត្រីកោនរួមបញ្ចូលជាមួយវៀតណាម។


សម្តេចបានបញ្ជាក់ដូច្នេះថា៖ «យើងបានចាប់ខ្លួនមនុស្ស៣នាក់រួចទៅហើយ យើងក៏ចង់ទុកឱ្យគេលមើល ប៉ុន្តែយើងក៏បានចាប់ខ្លួនម​នុស្ស៣នាក់រួចទៅហើយ ថ្ងៃមុនចាប់មួយយកពីសៀមរាប ថ្ងៃនេះ(២៣កក្កដា) ចាប់២នាក់ យកមកពីសៀមរាបថែមទៀត»។


សម្តេចបានបង្ហើបថា ក្នុងចំណោម៣នាក់ ដែលត្រូវបានចាប់ខ្លួននោះ ក៏មានផងដែរនូវ លោក ស្រ៊ុន ស្រ៊ន ដែលសម្តេចបានហៅបុគ្គលនោះថា «គ្រូសន្និសីទទីក្រុងប៉ារីស»។


សម្តេចបញ្ជាក់បន្ថែមថា៖ «គ្រូសន្និសីទទីក្រុងប៉ារីស ដែលមាននៅក្នុង TikTok និយាយអាក្រក់ គឺមិនអាចទុកទេ ទៅតថ្លៃគ្នាជាមួយតុលាការ រកឯកសារមក ហើយខាងនេះក៏រកឯកសារ សូមអញ្ជើញសិស្សនិស្សិតទៅស្រាវជ្រាវនៅក្រសួងពាណិជ្ជកម្ម ដើម្បីឱ្យដឹងថា អ្វីខ្លះទៅជាកិច្ចព្រមព្រៀងនៅទីនេះ»។


សម្តេចបានបញ្ជាក់ថា នៅទីនេះគ្មានកិច្ចព្រមព្រៀងណា ដែលទាក់ទងនឹងការបញ្ចូលដែនដីជាមួយគ្ន​ានោះទេ ក្រៅតែពីបញ្ហាសេដ្ឋកិច្ចសង្គម សន្តិសុខ និងការពារជាតិ ដែលប្រទេសនីមួួយៗត្រូវគ្រប់គ្រងដែនដីរបស់ខ្លួន ដោយមានការរួមចំណែកតភ្ជាប់ជាមួយគ្នា បំពេញឱ្យគ្នាទៅវិញទៅមក​។ សម្តេចបានលើកឡើងថា មិនមែនតែកម្ពុជាទទួលបានផលប្រយោជន៍ ហើយវៀតណាមក៏មានផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការនេះដែរ។


បើតាមសម្តេចតេជោ រហូតមកដល់ពេលនេះ CLV មានកិច្ចព្រមព្រៀងចំនួន៥ ប៉ុណ្ណោះ ក្នុងកម្រិតរាជរដ្ឋាភិបាល ក្នុងនោះរួមមានដូចតទៅ៖


១៖ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

២៖ កិច្ចព្រមព្រៀងស្តីពីការធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវាតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម

៣៖ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា-វៀតណាម

៤៖ អនុស្សារណៈស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ ចុះហត្ថលេខា២៨មិនា២០០៨

៥៖ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម ចុះហត្ថលេខា១៣ មករា ២០១៣


ក្រៅពីកិច្ចព្រមព្រៀងទាំងនោះ មានអនុស្សារណៈដែលចុះហត្ថលេខាដោយ ស្ថាប័នមួយថែមទៀត។ សម្តេចបានបន្តថា ក្រៅពីនោះ គឺមានផែនការមួយចំនួនទៀតដូចជា ទី១៖ ផែនការទាក់ទិនជាមួយនឹងផែនការកែសម្រួលសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចតំបន់ អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-វៀតណាម ២០១០-២០២០ ទី២៖ ​ផែនការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាម ពីពេលនេះរហូតដល់ឆ្នាំ២០៣០ ទី៣៖ ផែនការអភិវឌ្ឍទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍ និងទី៤៖ ផែនការឧស្សាហកម្មកៅស៊ូតំបន់អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-វៀតណាមជាដើម៕