Saturday, November 11, 2023

ព្រះមហាក្សត្រស្តេចយាងពន្លត់ភ្លើងជ័យនៃពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកាខួប៧០ឆ្នាំ


ភ្នំពេញ៖ នៅវិមានឯករាជ្យរសៀលថ្ងៃទី១១វិច្ឆិកានេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យ នៃខួបអនុស្សាវរីយ៍លើកទី៧០ បុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣)។

បុណ្យឯករាជ្យជាតិត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃ៩ ខែវិច្ឆិកា លើក លែងតែអំឡុងពេលនៃវិបត្តិ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១តែប៉ុណ្ណោះ។

បុណ្យឯករាជ្យជាតិត្រូវបានប្រារព្ធឡើង ដើម្បីគោរព ចំពោះព្រះ​វិញ្ញាណក្ខន្ធ អតីតព្រះមហាវីរក្សត្រ ព្រះបរម រតនកោដ្ឋ ដែលព្រះអង្គ បានបន្សល់ទុកនូវ ស្នាព្រះហត្ថដ៏ធំធេង មិនអាចកាត់ថ្លៃបាន ក្នុងការទាមទាយកមកវិញនូវឯករាជ្យជាតិ ពីអាណានិគម និយមបារាំង ក៏ដូចជាការរម្លឹកដឹង​គុណដល់​វិញ្ញាណក្ខន្ធ វិរៈ កម្មាភិបាល យុទ្ធជន យុទ្ធ នារី អ្នកស្នេហាជាតិ ដែល បាន ពលីជីវិត នៅក្នុង បុព្វហេតុ ឯករាជ្យជាតិ និង ការរីកចម្រើនរបស់កម្ពុជា ។

ព្រះវត្តមាន វត្តមាននៃការយាងនិងអញ្ជើញចូលរួមក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យ មានឥស្សរជនជាន់ខ្ពស់របស់ជាតិ សំខាន់ៗ រួមមាន សម្តេច ឯកឧត្តម លោកជំទាវ មកពីស្ថាប័នកំពូលទាំង៣ គឺព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់មកពីគ្រប់ក្រសួង ស្ថាប័ន អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បណ្តាអង្គទូត សិស្ស និស្សិត បានចូលរួមយ៉ាងច្រើនកុះករ។

សូមរំលឹកថា បុណ្យឯករាជ្យជាតិឆ្នាំនេះ ត្រូវបាន​ប្រារព្ធ​យ៉ាង​អធិកអធមព្រមគ្នាជាមួយនឹងការប្រារព្ធ​ខួបអនុស្សាវរីយ៍​ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទផងដែរ។នៅក្នុងឱកាសបុណ្យឯករាជ្យជាតិ និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បាន ថ្វាយ សុន្ទរកថា​ដោយគូសបញ្ជាក់ថា គំរូវីរភាពដ៏អង់អាចក្លាហានរបស់ ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះរាជកាយពល និង ព្រះបញ្ញាណដ៏ឈ្លាសវៃ តស៊ូ ប្ដូរផ្ដាច់ ដណ្ដើម ឯក រាជ្យ ជូនជាតិមាតុភូមិ បានធ្វើឲ្យ ពិភពលោកស្គាល់ កម្ពុជាឡើងវិញ ក្នុងឋានៈ ជាប្រជាជាតិ ឯករាជ្យ ដែលឈរ ស្មើមុខ ស្មើសិទ្ធិ ជាមួយជាតិសាសន៍ដទៃ។ ក្រៅពីឯករាជ្យជាតិនោះ ព្រះអង្គ ជាតួអង្គដ៏សំខាន់ ក្នុងការ ជំរុញ សាមគ្គីភាពអន្តរជាតិ រវាងប្រទេសទើបទទួលបានឯករាជ្យថ្មីៗ ក្នុងនាម ជាបិតា ស្ថាបនិក១រូប នៃចលនា មិន ចូលបក្សសម្ព័ន្ធ ដើម្បីលើក ស្ទួយ សិទ្ធិស្វ័យសម្រេច របស់ប្រជាជាតិ លើពិភព លោក ក្នុងការកំណត់ នូវជោគវាសនា អនាគត និង មាគ៌ាដឹកនាំ របស់ប្រជាជាតិនីមួយៗ ហើយសម្ដេចធិបតីក៏មិនដែលភ្លេចឡើយ នូវព្រះរាជវត្តមានដែលមានអត្ថន័យ ជាប្រវត្តិសាស្ត្រ របស់ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្កា រៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែគង់ប្រថាប់ នៅក្បែរ និងបានដង្ហែ ថ្វាយនិង គាំទ្រដល់ព្រះមហាវីរក្សត្រ ព្រះ បរមរតនកោដ្ឋ កាល​ព្រះអង្គគង់ព្រះជន្មនៅ ក្នុងព្រះ រាជបេសកកម្ម ដ៏ ឧត្តុង្គ ឧត្តម ដើម្បីបុព្វហេតុជាតិ មាតុភូមិនិងប្រជារាស្រ្តរបស់ព្រះអង្គ។

សម្ដេចបញ្ជាក់ថា ឯករាជ្យនិងសន្តិភាពមិនមែនកើតឡើងដោយឯកឯងនោះទេ ការទទួល​បានឯករាជ្យ និង សន្តិភាពសុទ្ធ តែកើតចេញពីការខិតខំនិងផ្តួចផ្តើមដោយខ្មែរគ្នាឯង។ ក្នុងនាមកុលបុត្រខ្មែរ អ្នកដឹក នាំជំនាន់ក្រោយ និង ប្រជាជនខ្មែរទាំងមូល សម្ដេចធិបតីបានប្ដេជ្ញា យក​អស់កម្លាំងកាយចិត្ត ​ដង្ហែតាមស្នាព្រះហស្ថជាប្រវត្តិសាស្ត្រ និង គំរូវីរភាព របស់ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនៈកោដ្ឋ និងរួមគ្នាជាធ្លុងមួយ ក្រោម ព្រះរាជ កិច្ច ដឹក នាំរបស់ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា បន្តពូនជ្រុំថែរក្សានិងការពារឲ្យបានស្ថិតស្ថេរចីរកាល​ នូវឯករាជ្យភាព អធិបតេយ្យ​ សន្តិភាព​និងការអភិវឌ្ឍ និងអាទិភាព ជានិរន្ត នៃប្រជាជាតិខ្មែរ។

ព្រះករុណា ​ព្រះមហាក្សត្រក៏មានព្រះរាជបន្ទូលដែរថាខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យ​ឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ​ដែលជាទិវាប្រវត្តិសាស្ត្រ​ដ៏មាន​តម្លៃបំផុត នៃមាតុភូមិកម្ពុជាយើង ដែលបានទទួល នូវ ឯករាជ្យ ​បរិបូណ៌ ​និង​សិទ្ធិសេរីភាពដ៏​ពិសិដ្ឋពីអាណានិគម​ និយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តមរបស់ព្រះមហាវីរក្សត្រ ព្រះនរោត្ដម​ សីហនុ ព្រះវររាជបិតា ឯករាជ្យជាតិ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ព្រះករុណាក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់​មជ្ឈដ្ឋាន ​សូមរួបរួម ​សាមគ្គីជាធ្លុងមួយ ស្ថិត ​ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និង កសាងមាតុភូមិលើគ្រប់វិស័យ ៕