នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការជាតិ តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ប្រារព្ធខួប៤២ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ «ប៉ុល ពត» (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩) នៅតំបន់កោះថ្ម ឃុំទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឥស្សរ:ជនជាន់ខ្ពស់តាមបណ្តាក្រសួង ស្ថាប័ននានា លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកលោកស្រី ថ្នាក់ដឹកនាំតាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ កងកម្លាំងទាំង៣ប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ គឺជាចំណុចចាប់ផ្តើមដំបូងបង្អស់ នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែល៤២ឆ្នាំមុននោះ សមមិត្ត ហ៊ុន សែន (សម្តេចតេជោ ហ៊ុន សែន) និងកម្មាភិបាលដ៏ទុកចិត្ត៤រូប គឺលោក នុច ថន, ញឹក ហួន, ស៊ូ គីមស្រ៊ាង និង វ៉ា ប៉ោអ៊ាន បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយឧបត្ថម្ភក្នុងការរំដោះជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត។ ការប្រារព្ធខួប៤២ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ «ប៉ុល ពត» គឺចង់បញ្ជាក់ និងរម្លឹកនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ក្នុងការបូជាសាច់ស្រស់ឈាមស្រស់របស់សមមិត្ត ហ៊ុន សែន និងសមមិត្តផ្សេងទៀត ប្រាប់ដល់យុវជនជំនាន់ក្រោយឱ្យដឹង និងចងចាំបន្ថែមទៀត។
នៅក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ នឹងរៀបចំពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផ្លូវប្រវត្តិសាស្ត្រសម្តេចតេជោ» ដែលជាផ្លូវក្រាលគ្រួសក្រហមមានប្រវែង៩,៩០០ម៉ែត្រ, ធ្វើពិធីរំឮកគុណ គោរពព្រះភូមិ ទេពបង្ហាញផ្លូវ ទេវតាថែរក្សាទឹកដី, ពិធីដាំដើមជ្រៃ ជានិមិត្តរូប។ បន្ទាប់មកលោក នឹងគណៈប្រតិភូធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួនចេញពីសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែនកោះថ្ម ទៅកាន់ព្រំប្រទល់កម្ពុជា-វៀតណាម ចំណុចអាងដាច់ X16 «ដើមត្រយឹង» និងធ្វើពិធីទាញស្បៃសម្ពោធដាក់តាំងផ្ទាំងសិលាចារឹក នៅចំណុចអាងដាច់X16 «ដើមត្រយឹង»។
«ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» ធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ៕