Wednesday, January 08, 2014

គណ​បក្ស​​ប្រជាជន​​កម្ពុជា​​នឹង​ធ្វើ​​អ្វីៗ​​គ្រប់​យ៉ាង​​ដើម្បី​​ការ​ពារ​​រដ្ឋសភា និង​​ការ​ពារ រាជរដ្ឋា​ភិបាល​​ដែល​​កើត​​ចេញពី​ការ​បោះឆ្នោត

ទោះ​បីមាន​​កម្លាំង​​នយោបាយ និង​​មជ្ឈដ្ឋាន​​អគតិ​​មួយ​ចំនួន បាន​​ព្យាយាម​​ឥត​​ឈប់ឈរ​ក្នុង​​ការ​​បំភ្លៃ ប្រវត្តិ​សាស្ត្រ​​ពី​​ស​​ទៅ​ជា​​ខ្មៅ ពី​​ខ្មៅ​​ទៅ​​ជា​ស​ ថ្ងៃ៧មករា ជា​​ថ្ងៃ​រំដោះ​ប្រជាជន​ និង​ប្រទេស​​​ជាតិ​​ឱ្យ​​រួច​​​ផុត​​ពី​​សេច​ក្ដី​​ទុក្ខ​​សោក​​វេទនា ​និង​​ការ​​កាប់​​សំលាប់​​យ៉ាង​​ព្រៃ​​ផ្សៃ​​ក្នុង​​របប​ប្រលយ័​​​ពូជ​សាសន៍​​ប៉ុលពត​យ៉ាងណាក៍ដោយ រហូតមក​ដល់​ពេល​នេះ​ ស្មារតីថ្ងៃ៧ មករា នៅ​តែ​បាន​ស្ថិត​ស្ថេរ​​ជាប់​​ជានិច្ច​ក្នុង​ក្រអៅ​បេះដូង​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប។គណបក្ស​ប្រជាជន​​ ដែល​​ទទួល​ការគាំទ្រ​​ពី​​ប្រជាជន ​គណ​បក្ស​​ប្រជាជន​​​​កម្ពុជា​​នឹង​ធ្វើ​អ្វីៗ​​គ្រប់យ៉ាង​​ដើម្បី​ការ​ពារ​​រដ្ឋសភា និង​​ការពារ រាជ​រដ្ឋា​ភិបាល​​ដែល​​កើត​​ចេញ​ពី​​ការ​បោះឆ្នោត ការ​ពារ​​រដ្ឋ​ធម្មនុញ្ញ ការ​ពារ​​លទ្ធិ​ប្រជា​ធិប​តេយ្យ ហើយ​​មិន​​អនុញ្ញាត ឲ្យ​កម្លាំង​​នយោបាយ​​ណា ឬមជ្ឈ​ដ្ឋាន​​អគតិ​​ណា​មក​​បំផ្លាញ​​ដំណើរ​ការ​រីក​​ចម្រើន​​របស់​​ជាតិ និង​​រាល់​​សមិទ្ធ​ផល​​ ដែល​ប្រជាជន​​សម្រេច​​បាន​​យ៉ាង​លំ​បាក​លំបិន​​បំផុត​​ក្នុង​​រយៈ​ពេល ៣៥​ឆ្នាំ​ កន្លង​​មក​នេះ​​បាន​​ឡើយ។ នេះ​ជា​ប្រសាសន៍​លើក​​ឡើង​របស់ ឯក​ឧត្ដម បណ្ឌិត​សភាចារ្យ សុខ អាន  ឧបនាយក​​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្រ្តី​ និង​ជា​សមាជិក​គណៈ​កម្មា​ធិការ​​កណ្ដាល​គណ​បក្ស​ប្រជាជន​​កម្ពុជា ក្នុង​ពិធី​​មិទ្ទិញ​​អប​អរ​សាទរ ​រំលឹក​​ខួប​​លើក​​ទី​៣៥ ​នៃ​​ទិវា​ជ័យ​ជំនះ​​៧​មករា នៅ​ខេត្តតាកែវនាព្រឹក​ថ្ងៃ​ទី០៨​មករា​ឆ្នាំ​២០១៤​ ដោយមា​​នប្រជាជន សិស្សានុសិស្ស កងកំលាំងប្រដាប់អាវុធ និងមហាជន​​ចូល​រួម​​ជាង​១​ម៉ឺន​នាក់។
សុន្ទរក​ថារំលឹកខួបលើកទី៣៥ឆ្នាំថ្ងៃរំដោះ៧មករា១៩៧៩ របស់​សម្ដេចពញា​​ចក្រី​ ​ហេងសំរិនប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​និងជា​ប្រធាន​រដ្ឋសភា​អាណត្តិទី៥ ដែលត្រូបាន​អាន​ដោយ​ឯកឧត្ដម​ ស្រី បេន អភិ​បាល​ខេត្ត​តាកែវ ​មាន​ខ្លឹមសារ​ថា​ ​​ ជ័យ​ជំនះ ​៧ មករា​ បាន​​សង្គ្រោះ​​ប្រជា​ជន​​កម្ពុជា​​ឲ្យ​​រស់​រាន​​មាន​​ជីវិត​​ឡើង​​វិញ​​បាន​​ទាន់​ ពេល​វេលា​។ ជ័យជំនះ ៧ មករា បាន​​​បញ្ចប់​​​ដំណាក់​​កាល​​ដ៏​​ខ្មៅ​​ងងឹត​​​បំផុត​​​របស់​​កម្ពុជា និង​​បើក​​ឡើង​​នូវ​​សករាជ​​ថ្មី ដែល​​ប្រជាជន​​ដណ្តើម​​បាន មក​វិញ​​នូវ​​សិទ្ធិ សេរីភាព កិត្តិយស និង​​សេច​ក្តី​​ថ្លៃថ្នូរ​ ហើយ​​ឈាន​​ទៅ​​ធ្វើ​ជា​​ម្ចាស់​​លើ​​ជោគ​វាសនា​​របស់​ខ្លួន​​ពិត​ប្រាកដ។ ជ័យជំនះ ៧ មករា បាន​ផ្តល់​ឱកាស​​ដល់​​ការ​ប្រមូល​ផ្តុំ​​មក​វិញ​​នូវ​​សក្ដា​នុពល​​ទាំង​ឡាយ​​របស់​​ជាតិ​ ដើម្បី​ស្តារ និង​កសាង​មាតុ​ភូមិ​​ជា​ថ្មី​​ឡើង​វិញ។ ប្រជាជន​​យើង​​ចង​ចាំ​ជា​និច្ច​​ថា “​ថ្ងៃជ័យ​ជំនះ​  ៧ មករា ជា​​ថ្ងៃ​កំណើត​​ទី ២ របស់​ខ្លួន បើ​​គ្មាន​​ជ័យជំនះ​​ថ្ងៃ​ ៧ មករា ក៏​​យើង​​មិន​អាច​​មាន​​អ្វីៗ​​ដូច​​ថ្ងៃ​​នេះ​ដែរ”។

ឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ អាន  មានប្រសាសន៍ថា ការ​ប្រារព្វ​ពិធី​រំលឹក​អនុស្សា​វរីយ៍​៧មករា គឺ​ដើម្បី​ឱ្យ​ប្រជាជន​កម្ពុជា​ទាំង​អស់​ចង​ចាំ​ និង​រួម​ចំណែក​ទប់​ស្កាត់​របប​ប្រលយ័​ពូជ​សាសន៍​ប៉ុលពត​នេះ​កុំ​ឲ្យ​វិល​ត្រឡប់​មក​វិញ​នៅ​កម្ពុជា​​។  ជា​សាក្សី​យ៉ាង​ច្បាស់​រាជ​រដ្ឋាភិបាល​កម្ពុជា​​​បាន​បង្កើត​ឱ្យ​​មាន​អង្គ ជំនុំ​ជំរះ​វិសាមញ្ញា​កាត់​ទោស​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​ដើម្បី​រួម​ចំណែក​​លប់​បំបាត់​និទណ្ឌ​ភាព​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត​ និង​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ និង​កូន​ចៅ​​ខ្មែរ​​ទាំង​​អស់​​បាន​​យល់​​ដឹង​​ពី​​ប្រវត្តិ​សាស្រ្ត​ដឹក​នាំដោយ​របប​ឃោរឃៅ​ព្រៃ​ផ្សៃ​ប៉ុល​ពត​។ សមិទ្ធិផល​ដ៍ធំធេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាន​រំដោះ​ប្រទេស​ជាតិ​ និង​ប្រជាជន​កម្ពុជា​ឱ្យ​រួច​ផុត​​ពី​ការ​កាប់​សំលាប់​ និង​ធ្វើ​ឱ្យ​ជាតិ​រស់​ឡើង​វិញ​បាន​រំដោះ​ប្រទេស​ឱ្យ​ចាក​ផុត​ពី​សង្រ្គាម​ស៊ី​វិល​រក្សា​បាន​សុខ​សន្តិភាព​ស្ថេរ​ភាព​នយោបាយ​ និង​អភិវឌ្ឍន៍​ និង​បាន​បន្ត​ការ​កសាង​សមិទ្ធិផល​ជា​ច្រើន​ទូទាំង​ប្រទេស។ ឆ្លង​តាម​ ​ដំណើរ​​វិវត្តន៍​​ជា​វិជ្ជ​មាន​​ដ៏​​ធំធេង​​នៃ​​សភាពការណ៍​​កម្ពុជា​​មក​ទល់​​ពេល​​នេះ បាន​​បង្ហាញ​​យ៉ាង​​ច្បាស់​​ថា ជា​មួយ​នឹង​​ការ​ដឹក​នាំ​​របស់​​គណបក្ស​​ប្រជាជន​​កម្ពុជា ប្រទេស​​កម្ពុជា​​បាន នឹង​​កំពុង​តែ​​ឈាន​​ទៅ​​មុខ​​តាម​​ទិស​ដៅ​ដ៏​​ត្រឹម​ត្រូវ​​ពិតប្រាកដ​។ ប៉ុន្តែ​​ទោះ​បី​ជា​សច្ចធម៌​​បាន​​បង្ហាញ​​យ៉ាង​​ច្បាស់​​ក្រឡែត​​យ៉ាង​​នេះ​​ហើយ​ក្តី ក៏​រយៈពេល ​៣៥ឆ្នាំ ​កន្លង​​មក​​នេះ មាន​​កម្លាំង​​នយោបាយ​ និង​​មជ្ឈ​ដ្ឋាន​​អគតិ​​មួយ​ចំនួន បាន​​ព្យា​យាម​​ឥត​​ឈប់​ឈរ​​ក្នុង​ការ​​បំភ្លៃ ប្រវត្តិ​សាស្ត្រ​ ​ពី​​ស​ទៅជា​ខ្មៅ ពី​ខ្មៅ​ទៅ​ជាស សំ​ដៅ​​វាយ​ប្រហារ​​លើ​​ការ​ដឹក​នាំ​​របស់​​គណបក្ស​​ប្រជា​ជន​​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​​សម្រេច​​នូវ​​យុទ្ធ​សាស្ត្រ​​នៃ​​មហិច្ឆតា​​ដណ្តើម​​អំណាច​រ​បស់​ខ្លួន​។​ ឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ អាន  បានលោកឡើងថាគណបក្ស​ប្រឆាំង​តែង​តែ​រក​ល្បិច​កល​ភូត​ភរ​បោក​ប្រជាជន​ មតិ​​ជាតិ ​និង​​​អន្តរ​ជាតិ​ដោយបាន​​ចោទ​គ.ជ.ប ថា​ លួច​សន្លឹក​ឆ្នោត​ និង​លុប​ឈ្មោះ​ប្រជាជន​ក្នុង​បញ្ជីឈ្មោះ​​បោះ​ឆ្នោត ​និង​បាន​ចោទ​ការ​បោះ​ឆ្នោត ​ថាមិន​​មាន​ភាព​ប្រ​ក្រ​តី​​ ទង្វើ​ទាំង​​នេះ​គឺ​ដើម្បី​ញុះ​ញង់​ឱ្យ​ប្រជាជន​ធ្វើបាតុកម្ម។ ​តាម​ពិត​គ.ជ.ប បាន​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​តាម​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ ទន្ទឹម​និង​នេះ​មាន​អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរជាតិ​បាន​វាយ​តម្លៃថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​ត្រឹម​ត្រូវ​យុត្តិ​ធម៌​ តម្លាភាព​ លទ្ធិ​ប្រជាធិប្ប​តេយ្យ សេរីពហុបក្ស។  ពួក​គេ​​នៅតែ​​តាំង​ខ្លួន​​ជា​ស​ត្រូវ​​នឹង​​ជ័យជំនះ ៧ មករា ដែល​​បាន​​ផ្តល់​​កំណើត​​ថ្មី​​ដល់​​ប្រជាជន​​កម្ពុជា ដោយ​ឃោសនា​​​មួល​បង្កាច់​​ការ​ពិត បំភ័ន្ត​មតិ​​ប្រជាជន មិន​​គោរព រដ្ឋ​ធម្មនុញ្ញ និង​មិនច្បាប់​​ ហើយ​​ឃុប​ឃិត​​គ្នា​​រិះ​រក​​គ្រប់​​វិធី ដើម្បី​​បដិ​សេធន៍ ​​រាល់​​សមិទ្ធផល​​ដែល​​គណបក្សប្រជាជន​​កម្ពុជា​​បាន​សម្រេច​​ជូន​​ជាតិ បង្ក​​អស្ថិរ​ភាព​​នយោបាយ អស្ថិរ​ភាព​​សេដ្ឋកិច្ច និង​​សង្គម។

ឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ អាន  មាន​ប្រសាសន៍​បញ្ជាក់​ថា​ប្រជាជន​​កម្ពុជា​​នឹង​មិន​​អនុញ្ញាត​ឲ្យ​​អ្នកនយោបាយ និង​មជ្ឈ​ដ្ឋាន​​ទាំង​នោះ​​សម្រេច​​នូវ​​មហិច្ឆតា​​ឥត​​ព្រំដែន​​របស់ពួក​គេ​​បាន​ឡើយ។គណ​បក្ស​ប្រឆាំង បាន​​ជំរុញ​​ការ​​ធ្វើ​​បាតុ​​កម្ម​​តាម​​ដង​ផ្លូវ ដោយ​​មិន​​គោរព​​ច្បាប់ បន្ត​លើក​ឡើង​​ដដែល​ៗ នូវ​​​ការ​​ទាម​ទារ​​នានា​​របស់​​ខ្លួន ដែល​​គ្មាន​​មូល​ដ្ឋាន​​ពិតប្រាកដ ផ្ទុយ​​ពី​​ស្មារតី​រដ្ឋ​ធម្ម​នុញ្ញ​ ច្បាប់​​​​របស់​​កម្ពុជា និង​​ផ្ទុយ​​ពី​​គោល​ការណ៍​​នៃ​​លទ្ធិ​ប្រជា​ធិប​តេយ្យ​​បែប​​ ហើយ​​ព្យាយាម​បញ្ចុះ​បញ្ចូល​​ឲ្យ​​សហគមន៍​​អន្តរជាតិ បញ្ឈប់​​ការ​​ផ្តល់​​ជំនួយ​​មក​​ឲ្យ​​កម្ពុជា និង​​កុំ​​បន្ត​​ធ្វើ​​សហ​ប្រតិ​បត្តិការ​ជា​មួយ​​រាជ​រដ្ឋាភិបាល​​កម្ពុជា ក្នុង​​បំណង​​ធ្វើឲ្យ ស្ថាន​ភាព​​ទូទៅ​​កាន់​តែ​​លំបាក​​ស្មុគ​ស្មាញ​​ឡើង​ ជា​ពិសេស​​ប៉ុន​ប៉ង​​រាំង​ស្ទះ​​ដល់​​ការ​​ប្រព្រឹត្ត​ទៅ​​នៃ​​ស្ថាប័ន​​ប្រជាធិបតេយ្យ​ របស់​រដ្ឋ ប៉ុនប៉ង​បង្ក​ការ​លំ​បាក​​ដល់​​ស្ថាន​ភាព​​សេដ្ឋកិច្ច​ សណ្ដាប់​ធ្នាប់​​សង្គម ​និង​​ទំនាក់​ទំនង​​អន្តរ​ជាតិ​​របស់​កម្ពុជា ដើម្បី​ដាក់​​សម្ពាធ​​លើ​​រាជ​រដ្ឋា​ភិបាល​​ដែល​​ដឹក​នាំ​​ដោយ​​គណបក្ស​​ប្រជាជន​កម្ពុជា​។ ចុង​ក្រោយ​​នេះ គេ​ចង់​​ បង្ខំ​​ឲ្យ​​សម្តេច​​តេ​​ជោ ហ៊ុន សែន ចុះ​​ចេញ​ពី​តំណែង​​ជា​​នាយក​រដ្ឋ​មន្ត្រី​​នៃ​​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង​​ទាម​ទារឲ្យ​មាន​​ការ​បោះ​ឆ្នោត​​ជា​ថ្មី​​ឡើង​វិញ ដែល​​ទង្វើ​​បែប​នេះ​​គឺ​ជា​​ការ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​​ថែម​ទៀត​​លើ​​រដ្ឋ​ធម្មនុញ្ញ គោល​ការណ៍​​នៃ​​លទ្ធិ​ប្រជា​ធិប​តេយ្យ​​បែប​​តំណាង និង​​ឆន្ទៈ​​របស់​ប្រជា​ពល​រដ្ឋ​​កម្ពុជា​​ភាគ​ច្រើន​​លើស​លប់​។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ខ អាន  មានប្រសាសន៍បញ្ជាក់ពីជំហរគណបក្សប្រជាជន​​ថា គណបក្ស​​ប្រជាជន​​កម្ពុជា​នៅ​តែ​​រក្សា​​ជំហរ​​នយោបាយ​​ ប្រកាន់ខ្ជាប់​​នូវ​​សុ​ឆន្ទៈ​​ដ៏​​ពិត​ប្រាកដ និង​​ស្មោះសរ​​ក្នុង​​ការ​​ជួប​​ចរចា​គ្រប់​​កម្រិត​​ជា​មួយ​​គណបក្ស​​សង្គ្រោះ​​ជាតិ សំដៅ​ដោះស្រាយ​​បញ្ហា​​ដែល​​មិន​​ទាន់​​បាន​​ស្រុះ​ស្រួល​ជា​មួយ​គ្នា ដើម្បី​ឲ្យ​​គណបក្ស​​ទាំង​ពីរ​​បាន​​រួម​​គ្នា​​បម្រើ​​ផលប្រយោជន៍របស់​ប្រទេស​ជាតិ និង​ប្រជាជន​។ ក្នុង​ឱ​កាស​នោះ​ដែរ​ឯកឧត្ដម បណ្ឌិត​សភា​ចារ្យ សុខ អាន និង​លោក​ជំទាវ បាន​ផ្ដល់​រង្វាន់​រួម​មាន​​​ម៉ូតូ ម៉ាស៊ីន​បូម​ទឹក កង់​ ​និង​ថវិការ​ជូន​ដល់​ជយ័លាភី​​កីឡាករ កីឡាការិនី​​ប៉េតង់ ​និង​បេក្ខជន បេក្ខនារី សូត្រ​កំណាព្យ និង​​អ្នក​និពន្ធ​កំណាព្យ​ផង​ដែរ​។

ប​ទ​អត្ថាធិប្បាយ៖ ភាព​អត់​ធ្មត់​ពិត​ជា​មាន​ព្រំ​ដែន

ប​ទ​អត្ថាធិប្បាយ                      
ពង្ស សុក្រឹត្យ
ភាព​អត់​ធ្មត់​ពិត​ជា​មាន​ព្រំ​ដែន

​ចុង​សប្ដាហ៍​កន្លង​មក​នេះ​ ​សមត្ថ​កិច្ចបាន​ធ្វើ​ការ​បោស​សំអាត​ក្រុម​អនាធិបតេយ្យ​ ដែល​​ប្រើ​អំពើ​​ហិង្សា​​យ៉ាង​ឃោរឃៅ​គ្មាន​ព្រំ​ដែន​ ដើរ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ និង​ផ្ទះ​សម្បែង​ប្រជាជន និង​ហាង​អ្នក​ប្រកប​អាជីវកម្ម​មួយចំនួន រួម​ទាំង​រោង​ចក្រ​ជាច្រើន​កន្លែង​​ទៀត​ផង​។

​វិធាន​ការ​​ក្តៅ​នេះ គឺ​ជា​ការ​អនុ​វត្តច្បាប់​របស់​ប្រទេស​ ដែល​បង្ហាញ​​ពី​ភាព​អត់​ធ្មត់យ៉ាង​ក្រៃ​លែង​ ​​​របស់​រាជ​រដ្ឋាភិបាល និង​កងកម្លាំងមាន​​សមត្ថកិច្ច ដែល​ខំអត់​ធ្មត់​អស់​រយៈ​ពេល​ ៥​ខែ​កន្លង​មក​ហើយ​​។ ​​គណបក្ស​ប្រឆាំង បាន​ឡាំ​ប៉ា​ ​ចចេស​​ពុំ​​​ទទួលស្គាល់​​​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ ឆ្នាំ ២០១៣ កន្លង​ទៅ​ បើ​ទោះ​បី​​ជា​ ស្ថាប័ន​ជាតិ​ ដែល​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​បាន​សម្រេច​ជាផ្លូវ​ការ​​ រីឯអ្នក​សង្កេត​ការ​ណ៍​​អន្តរជាតិ​ បាន​អះអាង​ថា​ ការ​បោះ​ឆ្នោត​នេះ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​​​គ្មាន​អំពើ​ហិង្សា​ ស្ថិត​​ក្នុង​បរិយាកាស​​សន្តិភាព​ មាន​ភាព​​សេរី​ និង​យុត្តិធម៌​ អាច​ទទួល​យក​បាន​ ហើយ​ទន្ទឹម​នឹង​នោះ​ ​បក្ស​ប្រឆាំងក៏​​​​ទទួល​បាន​អាសនៈ​កើនឡើង​យ៉ាងច្រើន​​រហូត​ដល់​ ៥៥ អាសនៈ​​ ហើយ​​ក្តី​ ក៏​បក្ស​ប្រឆាំង​នេះ​ មិន​ទទួល​ស្គាល់​នូវ​ការ​សម្រេច​ចិត្ត​របស់​ប្រជាពលរដ្ឋ​ តាម​រយៈ​សន្លឹក​ឆ្នោត​ ដដែល​។

អស់​រយៈ​ពេល​ជាង​កន្លះ​ខែ ​កន្លង​មក​នេះ លោក​ សម​ រង្ស៊ី និង​ កឹម សុខា​ ​​បានធ្វើ​​ឲ្យ​ប្រជា​ពលរដ្ឋ​​នៅ​​​ទូទាំង​​ប្រទេស​​​​ ​ពិសេស​​ប្រជាពលរដ្ឋ​នៅ​រាជ​ធានី​ភ្នំ​ពេញ ទទួល​រង​នូវ​ការ​ភ័យ​ខ្លាច អំពី​អស្ថេរភាព​​សង្គម​​ ដែល​បង្ក​ឡើង​ដោយ​​​ចលនា​បាតុ​កម្ម​របស់​ពួក​គេ​ និង​បាន​ធ្វើ​ឲ្យ​​ស្ថាន​ការណ៍​នយោ​បាយ​​របស់​ប្រទេស​ កាន់​​តែ​មាន​ភាព​ផុយ​ស្រួយ​ ធ្ងន់​ធ្ងរ​ទៅៗ​ ដែល​មិន​គួរ​អត់​ធ្មត់បាន​តទៅ​ទៀត​ ប្រសិន​បើ រាជ​រដ្ឋាភិបាល​ មិន​ចាត់​វិធាន​ការណ៍​ច្បាប់​ទេ​នោះ​។ ​មេ​បក្ស​ប្រឆាំង​បាន​បង្ក​នូវ​​​សកម្មភាព​ញុះញង់​ បំផុស​បំផុល​​​ប្រជាពលរដ្ឋ អ្នក​​ស្រែ​​ចម្ការ​​ កម្មករ​ ឲ្យ​​ប្រើ​អំពើ​ហិង្សា​ ប្រៀប​បាន​នឹង​ជ្រូក​ពុល​ ឈាន​ដល់​ការ​បំផ្លិច​បំផ្លាញ​ សម្បត្តិ​រោង​ចក្រ​ សម្បត្តិ​ឯក​ជន​ និង​ខ្ទប់​ដង្ហើម​ផ្លូវ​ជាតិ​ធំៗ​ ។ល។

​ដោយមាន​​​​ការ​គាំទ្រ​ពី​អង្គការ​​មិនមែន​រដ្ឋាភិបាល​​បរទេស​ ​និង​ពី​សង្គម​ស៊ី​វិល​ក្នុង​​ប្រទេស​​​មួយ​ចំនួន ជាពិសេស​ក្រុម​មេ​សហជីព​មួយ​ចំនួន​តូច​ ដែល​មាន​និន្នាកាប្រឆាំងរដ្ឋាភិបាល​ មេដឹក​នាំ​បក្ស​ជំទាស់​ កាន់​តែ​មាន​មោទនភាព​ចំពោះ​ទង្វើ​បំពាន​ច្បាប់របស់​ខ្លួន ហើយ​ហ៊ាន​​ញុះ​ញង់​កម្មករ​​ ដល់​​​មុខរោង​ចក្រ​​ និង​ដល់​ក្នុង​បរិវេណ​​​រោង​ចក្រ​​មួយចំនួន​ បង្ខំ​ឲ្យ​កម្មករ​ឈប់​ធ្វើ​ការ​ ដើម្បី​ចេញ​មក​ធ្វើ​​បាតុកម្ម​ ជាមួយ​គណបក្ស​ខ្លួន​​​​​ យ៉ាង​ងងើល​។​

​រឿង​ដែល​ធ្ងន់​ធ្ងរ​ជាងនេះ​ទៅទៀត​នោះ​ គឺ​បក្ស​ប្រឆាំង​បាន​អុជ​អាល​ក្រុម​កម្មករ​ កម្មការិនី​រោង​ចក្រ​ឲ្យ​ធ្វើ​កូដកម្ម​ និង​បាតុកម្ម​ហិង្សា​ បះបោរ​ទាម​ទារ​ប្រាក់​ខែ​គោល​ឲ្យ​ឡើង​ខ្ពស់​ ទោះ​បី​ជា​រាជរដ្ឋាភិបាល​​​បានខិតខំ​​សម្រុះសម្រួល​ធ្វើ​ការ​ចេចារ​គ្នា​ ទាំង​តំណាង​និយោជិក​ និង​និយោជក​ ជាមួយ​រាជ​រដ្ឋាភិបាល​​សម្រេច​បាន​ដល់​ការ​តម្លើង​ប្រាក់​ខែ​ឲ្យ​បាន​សម​រម្យ​​ហើយ​ក៏​ដោយ​។ ថ្មីៗនេះ វិនិយោគិន​ បាន​ប្តឹង​តវ៉ា​ដល់​រាជ​រដ្ឋាភិបាល​ថា​ បើ​កូដ​កម្មនៅ​តែ​បន្ត​ ពួក​គេនឹង​​​ដក​រោង​ចក្រ​របស់​ពួកគេ ទៅ​វិនិយោគ​នៅ​ប្រទេស​ផ្សេង​វិញ ​។ នេះ​ហើយ​ ជាការ​ញុះ​ញង់​ បំផ្លាញ​សេដ្ឋ​កិច្ច​​របស់​ប្រទេស​ និង​បំផ្លាញ​ជី​វភាព​​បងប្អូន​កម្មករ និង​ក្រុម​គ្រួសារ​របស់ពួក​​គេ​ ក្នុង​ខណៈ​ដែល​ពួកគេ​បាត់​បង់​នូវ​មុខ​របរ​នេះ ។​​

មុន​ឆ្លង​ឆ្នាំ​២០១៣​ ឈាន​ដល់​​​២០១៤ គណបក្ស​ឈ្នះ​ឆ្នោត​ CPP បាន​ធ្វើ​ការ​អំពាវនាវ​ ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​មាន​ការ​​ជួបប្រជុំគ្នា​​ ដោះ​ស្រាយ​បញ្ហា​នយោបាយ​​ជាមួយ​គ្នា​ ប៉ុន្តែ​​ត្រូវ​បា​ន​គណបក្ស​សង្គ្រោះ​ជាតិ​​បដិសេធ​ ដោយ​លើក​​ហេតុ​ផល​​​របៀប​ខ្វះ​សុច្ឆន្ទៈ​ក្នុង​ការ​ចរចា​។ ​នេះ​ជាល្បិច​កល​​ដើម្បី​ទាក់​ទាញ​ប្រជា​ប្រិយ​​ភាព​​នយោ​បាយ​របស់​ខ្លួន​ពី​កម្មករ និង​ប្រជាពលរដ្ឋ​​​។​​ នរណា​ក៏​គេ​ដឹងដែរ​​ថា​ ការ​ពន្យារ​ពេល​ចរចា​​​របស់​បក្ស​ប្រឆាំង​នៅ​ពេល​នោះ ​ គឺ​ដើម្បី​ប្រមូល​​កម្លាំង​បាតុករ​ ឲ្យ​មាន​ទឹក​ចិត្ត​​ពុះ​កញ្ជ្រោលកាន់​តែ​ខ្លាំង​​ ​ព្រោះ​​បើ​​ពួក​គេ​យល់​ព្រម​ចូល​ចរចា​ គឺ​​អាច​នឹង​មាន​ដំណោះ​ស្រាយ​នយោ​បាយ​ ដូច្នេះ​កម្លាំង​បាតុកម្ម​ នឹង​អាច​ថយ​ចុះ។​​

ការ​ពិត​​​​ លោក​ សម រង្ស៊ី​​ និង​ កឹម សុខា​ ប្រើ​យុទ្ធសាស្ត្រ​យក​​កម្លាំង​កម្មករ និង​ប្រជាជន​អ្នក​គាំទ្រ​​​ដើម្បី​ផ្តួល​រំ​លំ​រដ្ឋាភិបាល​ក្នុង​មហិច្ឆតា​ ចង់​​កាន់​កាប់​អំណាច​តាម​របៀប​​ ការ​ធ្វើ​​បដិវត្ត​ប្រជាជន​ ។​

ក្នុង​​សេចក្តី​អំពាវនាវ​របស់​គណបក្ស​ប្រឆាំង គេ​តែង​ប្រើ​ប្រាស់​​​ពាក្យ​ « អហិង្សា » ​​ជានិច្ច​ ប៉ុន្តែ​រាល់​​ទង្វើ​ និង​សម្តី​ របស់​ពួក​គេ​ នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​ និង​តាម​ផ្លូវ​ថ្នល់​ក្តី​ គេ​ស្រែក​បំពងដោយ​កំហឹង​ ជេរ​ប្រមាថ​ ប្រមុខ​រាជ​រដ្ឋាភិបាល​ ទាម​ទារ​ឲ្យ​នាយក​រដ្ឋ​មន្ដ្រី​​ចុះ​ចេញ​ពី​តំណែង​ ទាម​ទារ​ឲ្យ​មាន​ការ​បោះ ឆ្នោត​សារ​ជាថ្មី​ ។ល។​

មេ​បក្ស​ប្រឆាំង​ ​បាន​សង្ឃឹ​ម​​យ៉ាង​​ខ្លាំង​​ថា​ តាម​រយៈ​ការ​បំ​ផុស​បំផុល​ ជា​ចលនា​បះ​បោរ​ គ្រប់​ទិស​ទី​ ពេញ​រាជ​ធានី​ភ្នំ​ពេញ​ និង​គ្រប់​ខេត្ត​រប​ស់​ពួក​គេ​​នោះ​នឹង​ក្លាយ​ជា​ « អំណាច​ប្រជាជន​ » ទូទាំង​ប្រទេស​ ហើយ​គេ​នឹង​អាច​​​​ផ្តួល​រដ្ឋាភិបាល​បាន​​។

 ផ្ទុយ​ទៅ​វិញ​ អ្វី​ដែល​មេបក្ស​ប្រឆាំង​ភ្លេច​គិត​នោះ​ គឺ​ថា​ តើ​គណបក្ស​ឈ្នះ​ឆ្នោត​  តើ​សម្លេង​ភាគច្រើន​​របស់​ពលរដ្ឋ​ក្នុង​ប្រទេស​ តើរាជរដ្ឋាភិបាល​ តើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​​នៃ​​ប្រទេសមួយ​​ ដែល​​កំពុង​​ក្រេប​ជញ្ជក់​នូវ​របបប្រជាធិបតេយ្យ​នោះ​ តើ​គេ​អនុញ្ញាត​ឲ្យ​ក្រុម​ភាគតិច​​លួច​ប្លន់​យក​អំណាច​តាម​បែប​អនា​ធិប​តេយ្យ​​ដោយ​ងាយ​ស្រួល​បាន​ឬទេ​?​

ការ​ដែល​រាជរដ្ឋាភិបាល​ទុក​ឱកាស​ឲ្យ​ក្រុម​ប្រឆាំង​ស្រែក​ក្អេង​ក្អាង​ ដោយ​សំអាង​ថា​មាន​បរទេស​​​នៅ​​ពី​ក្រោយ​​អស់​រយៈ​ពេល​​៥​ខែ​​​មកហើយ​នោះ​ ដោយ​សារ​តែ​ការ​ឈរ​លើ​មូល​ដ្ឋាន​       លទ្ធិ​ប្រជា​​ធិបតេយ្យ​ តែ​ក្រុម​ប្រឆាំង​បែ​រ​ជា​យល់​ខុស​​ប្រាសចាក​​ពី​ក្រម​សីលធម៌​នៃ​ការ​រស់​នៅ រំលោភ​​ច្បាប់ និង​សិទ្ធិ​សេរី​ភាព​របស់​អ្នក​ដទៃ ប្រើ​អំពើ​ហិង្សា​ច្រឡោង​ខាម បង្ក​អសន្ដិ​សុខ​ដល់​សង្គម​ជាតិទៅ​វិញ។

មក​ដល់​ថ្ងៃ​​នេះ​ ស្ថាន​ភាព​នៅ​រាជ​ធានី​ភ្នំ​ពេញ និង​តាម​បណ្តា​ខេត្ត​នានា​​ ជាពិសេស​ តាម​បណ្តា​រោង​ចក្រ​​កាត់​ដេរ​​ទាំងអស់​​បាន​ចាប់​ដំណើរ​ការ​ឡើង​វិញ ​បន្ទាប់​ពី​​រាជរដ្ឋាភិបាល​​បាន​ចាត់​វិធាន​ការណ៍​ស្រប​ច្បាប់​ ទៅ​លើ​​​ក្រុម​បង្ក​អនា​ធិបតេយ្យទាំង​នោះ​បាន​ដោយ​ជោគជ័យ​​​​។

ភាព​ស្ងប់​ស្ងាត់​ ក្នុង​បរិយា​កាស​សន្តិភាព​ គឺ​ពិត​ជា​ចំណង​ដៃ​នៃ​ការ​ជូន​ពរ​របស់​រាជ​រដ្ឋា​ភិ​បាល​ ជូន​ដល់​ប្រជាជន​កម្ពុជា​ នា​ឱកាស​ឆ្នាំ​ថ្មី​ ឆ្នាំ​សកល​ ២០១៤​ ​​ប្រាកដ​មែន​៕​

វេទិកា​តុមូល ស្ដី​អំពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្ប​រមា ស​ម្រាប់​កម្មករ​និយោ​ជិត​ក្នុង​វិស័យ វាយន​ភ័ណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង