Monday, January 16, 2017

លោក ហ៊ុន សែន ស្នើធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីលុបចោលប្រធានក្រុមមតិភាគតិច ឋានៈស្មើនាយករដ្ឋមន្រ្តី

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងចេញពីទីក្រុង Zurich ប្រទេសស្វីល ជាទីកន្លែងសំចតមុនចេញទៅទីក្រុងដាវ៉ូស ចូលរួមប្រជុំវេទិការសេដ្ឋកិច្ចពិភពលោក បានមានប្រសាសន៍ថា បើយន្តការដែលទើបបង្កើតឡើងតាមរយៈប្រការ ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ពិបាកក្នុងការធ្វើការរួមទាំងប៉ុនប៉ងចរចាដោះលែងអ្នកទោស ដែលបំពានដល់អំណាចតុលាការផងនោះ លោកស្នើឱ្យធ្វើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីលុបចោល «ប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្រ្ត»

សូមបញ្ជាក់ថា ប្រសិនការធ្វើវិសោធនកម្មបានដោយជោគជ័យនោះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនឹងត្រូវបានបាត់បង់តួនាទីជាប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្រ្តគណប្សសង្គ្រោះជាតិ ដែលទើបនឹងទទួលបានកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នំា២០១៦៕




អាជ្ញាធរជាតិអប្បរា ផ្អាកការទស្សនារងទងខាងក្រៅប្រាសាទបាយ័ន

អាជ្ញាធរជាតិអប្បរា បានជូនដំណឹងដល់ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ­-អន្ដរជាតិ មគ្គុទេ្ទសក៏ទេសចរណ៍ និងសាធារណជនទាំងអស់មេត្តាជ្រាប ក្នុងក្របខ័ណ្ឌនៃកិច្ចសហការ រវាងអាជ្ញាធរអប្បរា និងស្ថាប័ន JASAនៃប្រទេសជប៉ុនក្នុងគម្រោងជួសជុល និងអភិរក្សប្រាសាទបាយ័ន ក្រុមការងារនឹងចាប់ផ្ដើមដំណើការរៀបចំបើកការដ្ឋានថ្មី ដំណាក់កាលទី៥ នៅរងទងខាងក្រៅប្រាសាទបាយ័ន៕ខាងក្រោមនេះជាសេចក្ដីប្រកាស៖



នៅថ្ងៃ​នេះ គណៈកម្មាធិ​ការ​ជាតិរៀប​ចំការ​បោះ​ឆ្នោត បើក​វេទិកា​ដោះ​ស្រាយ​​​ពាក្យ​​បណ្តឹង​​ចំនួន​០៨ ពាក់​ព័ន្ធនឹង​បញ្ជី​ឈ្មោះ​បោះឆ្នោត

លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកសវនការជាសាធារណៈ នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធ្វើសេចក្តីសម្រេច ចំពោះពាក្យបណ្តឹងចំនួន០៨ ដែលនៅសេសសល់មិនទាន់ដោះស្រាយរួច ជុំវិញការតវ៉ាលើការបិទបញ្ជីឈ្មោះបោះឆ្នោត អំឡុងពេល១០ថ្ងៃនេះ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចុះថ្ងៃទី ១៤ មករា ២០១៧បានឱ្យដឹងទៀតថា រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ទី១៤ ខែមករា ឆ្នាំ២០១៧ កន្លងមកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទុកឱកាសឱ្យប្រជាពលរដ្ឋដែលបានឃើញភាពមិនប្រក្រតីចំពោះឈ្មោះបោះឆ្នោត ដែលបានបិទផ្សាយនៅតាមមូលដ្ឋានឃុំ/សង្កាត់នានាទូទាំងប្រទេស ដាក់ពាក្យបណ្តឹងតវ៉ា ដើម្បីឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅតាមមូលដ្ឋានរៀបចំដោះស្រាយ ៕


លោករដ្ឋមន្រ្តី អ៊ិត សំហេងអញ្ជើញចូលរួមក្នុងពិធីជួបជុំពិសារអាហារសាមគ្គីដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជើញចូលរួមក្នុងពិធីជួបជុំពិសារអាហារសាមគ្គី ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
នេះគឺជាលើកទី១ ដែលពីធីនេះបានរៀបចំឡើងស្របនឹងការអបអរសាទរចូលឆ្នាំថ្មី និងខួបលើកទី៣៨ ទិវាជ័យជំនះ ៧មករា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងភាពស្និទ្ធស្នាល ព្រមទាំងរួមសុខរួមទុក្ខ ជាមួយបងប្អូន ក្រុមគ្រួសារ សមាជិក សមាជិកា ដែលប្រកបរបររត់រ៉ឺម៉កកង់បី នៃសមាគមរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជា ចំនួនជាង ៥០០០ នាក់។
លោករដ្ឋមន្រ្តី បានសម្តែងនូវក្តីរំភើបរីករាយ ដែលបានជួបជុំជាមួយបងប្អូន រួមនឹងក្រុមគ្រួសារ ដែលប្រកបរបរកង់បី និងថ្លែងអំណរគុណចំពោះ សហភាពសហព័ន្ធយុវជនកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សាលារាជធានីភ្នំពេញ ដែលបានរៀបចំពិធីនេះឡើង និងសូមជូនពរក្នុងឱកាសឆ្នាំថ្មី និងទិវាជ័យជំនះ ៧មករា នាំមកនូវពរជយ័ជូនបងប្អូន និងក្រុមគ្រួសារ សូមមានសេរីសួស្ដីជយ័មង្គលវិបុលសុខ គ្រប់ប្រការ សូមរបររកសុីកាន់តែកាក់កប មានភ្ញៀវច្រើន មានប្រាក់ចំណូលច្រើន និងជីវភាពធូធារ ។
លោករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសសើ ចំពោះបងប្អូនដែលប្រកបរបររត់ម៉ូតូកង់បី ដែលបានរួមគ្នាបង្កើតសមាគមរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជា ដើម្បីអាចជួយគ្នាទៅវិញទៅមក ការពារប្រយោជន៍ស្របច្បាប់ ការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានាដើម្បីអជីវកម្មមានការរីកចម្រើន។ លោករដ្ឋមន្រ្តីបានចាត់ទុកមុខរបរនេះ ជាសេវាកម្មដឹកជញ្ជូនខ្នាតតូច ដែលមិនអាចខ្វះបាននៅក្នុងប្រទេស ប្រៀបដូចសសៃឈាមសង្គមបំរើជីភាពការងារ ទេសចរណ៍ មិនថាប្រទេសណាសុទ្ធតែមានសេវានេះដូចគ្នា។
លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនបងប្អូនអំពី៖
១-សភាពការណ៍ប្រទេសជាតិដែលកំពុងមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្រោមដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើអោយកម្ពុជាមាន៖
-ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច៧%ការងារធ្វើ៩៩,៣%
-ជីវភាពធូធារ កសិករធ្វើស្រែចំការបានផល់ល្អសល់ស្រូវជាង៥លានតោន នាំចេញជាងកន្លះលានតោន ការតម្លើងប្រាក់បៀវត្សមន្ត្រីរាជការ តម្លើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករឡើងដល់ ១៥៣ ដុល្លា រួមនិងអត្ថប្រយោជន៍ផ្សេងបានពី១៧០ ដុល្លា ដល់១៨១ ដុល្លា សម្រាប់ឆ្នាំ២០១៧ នេះ។
ការអភិវឌ្ឍទីក្រុង អគារខ្ពស់ ស្ពានអាកាស តំបន់សេដ្ឋកិច្ចពិសេស បូរីថ្មីៗ។
២-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកែទម្រង់ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលប្រកបដោយជោគជ័យ
-អនុវត្តច្បាប់ស្ដីពីការងារការពារសិទ្ធកម្មករ ការពារវិនិយោគដោះស្រាយសំណូមពរគ្រប់ភាគីដោយយុតិ្តធម៌បន្ធូរបន្ថយការធ្វើបាតុកម្មខុសច្បាប់
-បណ្ដុះបណ្ដាលវិជ្ជាជីវៈ រកការងារធ្វើ ក្នុងប្រទេសនិងក្រៅប្រទេស
-ច្បាប់ស្ដីពីរបបសន្តិសុខសង្គម រៀបចំរបបគ្រោះថ្នាក់ការងារ របបថែទាំសុខភាព របបចូលនិវត្តន៍
-ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីសមាគមនិង អង្គការមិនមែនរដ្ឋាភិបាល
៣-ក្នុងនាមថ្នាក់ដឹកនាំសូមអរគុណបងប្អូនដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា និងសូមស្វាគមន៍បងប្អូន ដែលចូលជាសមាជិកគណបក្សប្រជានកម្ពុជា និងសំណូមពរដល់សមាគម៖
-ត្រូវកសាងសមាគម បង្កើតសាខាបក្សរបស់សមាគមនៅជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-ការងារបោះឆ្នោតសុំចូលរួមឃោសនាអពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា
-សុំសមាជិកគណបក្សទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបានគ្រប់ៗគ្នា។
ជាមួយនេះ លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់សមាគមត្រូវខិតខំយកចិត្តទុកដាក់ពង្រីកសមាជិកបន្ថែមទៀត ដើម្បីបន្តនិរន្តរភាពសមាគម និងចាត់ទុកសមាគមនេះជាសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលអាចទទួលបាននូវរបបសន្តិសុខសង្គមដូចកម្មករនិយោជិត និងមន្រ្តីរាជការផងដែរ ហើយសន្យាថានឹងរៀបចំអោយមានការជួបគ្នាយ៉ាងតិច ១ដង ជារៀងរាល់ឆ្នាំ ៕


ប្រតិ​ភូសភា​កម្ពុជា​ចូលរួម​កិច្ច​ប្រជុំគណៈ​កម្មការ​ប្រតិ​បត្តិ និងគណៈ​កម្មការស្រ្តី ក្នុង​​វេទិ​​កាស​ភា​អាស៊ី-ប៉ាស៊ីហ្វិក​នៅ​ប្រទេ​សហ្វីជី

លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូ ដើម្បីចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៥ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧។       គណៈប្រតិភូសភាកម្ពុជា បានចូលរួមកិច្ចប្រជុំនានានៃវេទិកាអន្តរសភានេះ ដោយក្នុងនោះ
លោក ឈាង វុន បានដឹកនាំកិច្ចប្រជុំគណៈកម្មការប្រតិបតិ្ត ចំណែក លោកស្រីបាន ស្រីមុំ សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មការស្រ្តី។
កិច្ចប្រជុំទំាងពីរនេះបានប្រារព្ធធ្វើនៅក្នុងសណ្ឋាគារ International Fiji Resort ក្នុងទីក្រុងណាឌី ទីដែលសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) ជួបជុំគ្នានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៥ ក្រោមប្រធានបទ “ភាពជាដៃគូសភាសម្រាប់សន្តិភាព និងសន្តិសុខ : គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០១៦” ។
លោក ឈាង វុន បានមានប្រសាសន៍ឱ្យដឹងថាកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៅពេលនេះ នឹងធ្វើការជ្រើសរើសប្រទេសតំណាងតំបន់អាស៊ីអាគ្នេយ៍មួយ ចូលជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ជំនួសប្រទេសកម្ពុជា ដែលត្រូវចប់អាណត្តិ។ តាមលក្ខន្តិកៈរបស់ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក អាណត្តិសមាជិកគណៈកម្មការប្រតិបត្តិមានរយៈពេល ៤ឆ្នាំ។ ប្រទេសឡាវ នឹងត្រូវជ្រើសរើសជំនួសកម្ពុជា តាមលេខរៀងអក្សរឡាតាំង នៅក្នុងចំណោមប្រទេសចំនួន៨។ ក្រៅពីនេះកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនេះ នឹងប្រជុំដើម្បីរៀបចំឯកសារគោលសម្រាប់កិច្ចប្រជុំទាំងមូលលើកទី២៥ នេះផងដែរ។
ដោយឡែកចំពោះកិច្ចប្រជុំគណៈកម្មការស្រ្តី នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលលោកស្រីបាន ស្រីមុំ ចូលរួមប្រជុំនោះវិញ នឹងធ្វើការពិនិត្យ ពិភាក្សាលើប្រធានបទ សមភាពយេនឌ័រ និងការជំរុញអំណាចស្រ្តីនិងកុមារ។ កិច្ចប្រជុំនេះនឹងពិនិត្យលើសេចក្តីព្រាង សេចក្តីសម្រេចមួយចំនួន ទាក់ទងនឹងបញ្ហាស្រ្តីនិងកុមារនេះដែរ ដូចជាសេចក្តីព្រាងសេចក្តីសម្រេច ដើម្បីជំរុញស្រ្តីក្នុងវិស័យនយោបាយ និងការអភិវឌ្ឍន៍ដោយចីរភាព ជា
ដើម។
កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៥ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅសាធារណរដ្ឋហ្វីជី នឹងប្រារព្ធធ្វើពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។
វេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាស្ថាប័នអន្តរសភាមួយដែលបានបង្កើតឡើងដើម្បីជំរុញ កិច្ចសហប្រតិបត្តិការរវាងប្រទេសនៅក្នុងតំបន់ឲ្យកាន់តែមានប្រសើរឡើង ក្នុងចក្ខុវិស័យដើម្បីជំរុញសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវិបុលភាព។ វេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក មានសមាជិកចំនួន២៧ប្រទេស ហើយសភានៃព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសមាជិកពេញសិទ្ធិរបស់ APPF នៅឆ្នាំ១៩៩៥ ៕

ក្រសួង​ពាណិជ្ជកម្ម ពន្លឿន​សេចក្តី​ព្រាងច្បាប់ ស្ដីពី​សុវត្ថិភាពម្ហូប​​អាហា​រ និង​ច្បា​ប់ការ​ពារអ្នក​ប្រើប្រាស់​ក្នុងឆ្នាំ២០១៧

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្រុមការងារបច្ចេកទេសកំពុងពន្លឿនការ សេចក្តីព្រាងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ការពារអ្នកប្រើប្រាស់ឱ្យបានរួចរាល់មុននឹងដាក់ទៅ គណៈរដ្ឋមន្រ្ដី និងរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តដាក់ឱ្យប្រើប្រាស់បានឆាប់រហ័សក្នុងឆ្នាំ២០១៧នេះ។
ក្នុងពិធីចុះពិនិត្យទំនិញ ម្ហូបអាហារ និងការធ្វើតេសមន្ទីរពិសោធន៍រថយន្ដចល័ត កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅផ្សារអូរឬស្សី លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួង ពាណិជ្ជកម្ម បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ការពារអ្នកប្រើប្រាស់ ក្រសួងបានរៀបចំ សេចក្ដីព្រាងច្បាប់ចប់រួចរាល់ហើយ និងកំពុងពិភាក្សាគ្នានៅថ្នាក់អន្ដរក្រសួង បន្ទាប់មកដាក់ចូល ទៅគណៈរដ្ឋមន្រ្ដី និងបញ្ចូនទៅរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តជាផ្លូវការ។
លោក ប៉ាន សូរស័ក្ដិ បានបញ្ជាក់ថា ការជំរុញឱ្យច្បាប់ទាំងពីរនេះចេញបានឆាប់រហ័ស និងអនុម័តដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំនេះគឺដើម្បីចូលរួមជួយការពារសុវត្ថិភាពម្ហូបអាហារឱ្យបានត្រឹមត្រូវច្បាស់លាស់ ពិសេសផ្ដល់ទំនុកចិត្ដដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់។
កញ្ញា សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹង កាលពីថ្ងៃ ទី១៣ ខែមករានេះថា ការបង្កើត ច្បាប់ទាំងពីរនេះឡើង ដើម្បីដាក់ចេញនូវស្ដង់ដារមួយសម្រាប់អ្នករកស៊ីជួញដូរ និងការធ្វើអាជីវកម្មពាក់ ព័ន្ធនឹងវិស័យចំណីអាហារ ការលក់ដូរផលិតផល ទំនិញផ្សេងៗនៅកម្ពុជា ក្នុងការធានាគុណភាព សុវត្ថិភាព ដល់អ្នកប្រើប្រាស់។ កញ្ញាបានបន្ដថា នៅពេលដែលមានច្បាប់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ប្រសិនបើមានហានិភ័យ ឬបញ្ហាអ្វីកើតឡើងបង្កប៉ះពាល់ដល់សុខភាព លើវិស័យម្ហូបអាហារ ឬផលិតផលណាមួយ នោះអ្នកទិញ ឬអ្នកប្រើប្រាស់អាចធ្វើការប្ដឹង ឬតវ៉ាទៅអ្នកលក់បានតាមផ្លូវច្បាប់។
កញ្ញាបានបន្ថែមថា ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ការពារអ្នកប្រើប្រាស់តាមគម្រោងនឹងបញ្ចប់ តាំងពីឆ្នាំ២០១៦មកម្លេះ ប៉ុន្ដែដោយសារក្រសួងចង់ឱ្យច្បាប់មួយចេញទៅមានលក្ខណៈគ្រប់ជ្រុងជ្រោយ ត្រូវមានការពិភាក្សាផ្លាស់ប្ដូរយោបល់ពីអ្នកជំនាញពាក់ព័ន្ធមកពីអន្ដរក្រសួងដោយ និងបានរៀបចំច្បាប់មួយ ឱ្យដើរទាន់សម័យកាលក្នុងការធ្វើអាជីវកម្ម ដើម្បីឆ្លើយតបទៅ នឹងការរស់នៅជាក់ស្ដែងក្នុងសង្គមកម្ពុជា។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល បានបង្ហាញថា ក្នុងឆ្នាំ២០១៦កន្លង មកនេះ មន្រ្ដីកាំកុងត្រូលបានរឹបអូសផលិតផល ទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់បានជាង ៣០តោន ហើយផលិតផលទាំងនោះភាគច្រើនជាប្រភេទម្ហូបអាហារ និងភេសជ្ជៈដែលមិនមានសុវត្ថិភាព៕

ប្រមុខរាជរដ្ឋាភិបាលកម្ពុជារួម និងគណៈប្រតិភូជាន់ខ្ពស់​នៃរាជរដ្ឋាភិបាល​កម្ពុជាបានចាកចេញពីមាតុប្រទេស​ទៅកាន់ប្រទេសស្វីស ដើម្បីចូលរួមក្នុង វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៧

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាល្ងាចថ្ងៃទី15 ខែមករានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីមាតុប្រទេសជិតមួយសប្តាហ៌  ទៅកាន់ទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១៧ ដល់២០ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ រួមនិងការបំពេញបេសកកម្មការទូតជាមួយភាគីអន្ផតរជាតិងដែរ។
ការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនេះ គឺធ្វើឡើងតាមការអញ្ជើញរបស់ លោកសាស្រ្តាចារ្យ ក្លូសស្វាប់ ដែលជាស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ «ការរៀបចំប្រព័ន្ធពិភពលោកប្រឈមមុខនឹងភាពមិនច្បាស់លាស់នៃនយោបាយ និងសេដ្ឋកិច្ច»។
តាមការបញ្ជាក់របស់លោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មុនពេលចេញដំណើរ បានអោយដឹងថា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងនឹងចូលរួមកិច្ចប្រជុំចំនួន៨ ក្នុងនោះរួមមាន៖  ទី១.ការដាក់ដំណើរការគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ ការបើកចំហរកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលនិងឯកជន! ទី២.ចក្ខុវិស័យថ្មីមួយសម្រាប់វិស័យកសិកម្ម៖ ការកសាង និងការពង្រឹងភាពជាដៃគូពហុភាគីពាក់ព័ន្ធ! ទី៣. ការប្រជុំពហុភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំពិភពលោក! ទី៤. ការប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក៖ ការឆ្លើយតប និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ នៅក្នុងពហុភាគីប៉ូលនៅក្នុងពិភពលោក! ទី៥. អាស៊ានក្នុងរយៈពេល៥០ឆ្នាំ៖ តើអាស៊ានមានដំណើរទៅមុខទៀតយ៉ាងដូចម្តេច? ទី៦.ការពិភាក្សាឯកជននៃថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ស្តីពីការស្រាវជ្រាវឱ្យមានដំណើរការដោយរលូននៃបដិវត្តឧស្សាហកម្មលើកទី៤! ទី៧. វិថីអាស៊ាន ឬផ្លូវហាយវ៉េក្នុងពិភពលោកពោរពេញដោយភាពបែកបាក់! និងទី៨ ការបង្ហាញពីការផលិត៖ តើអាស៊ានជាសហគមន៍មួយហើយឬនៅ? ។
ជាងនេះទៀត ដោយសារនៅអឡុងខែឧសភា ឆ្នាំនេះ ប្រទេសកម្ពុជានឹងត្រវធ្វើជា ម្ចាស់ផ្ទះ សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាននៅឆ្នាំ២០១៧ផងនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងឆ្លៀតយកឱកាសវេទិកាសេដ្ឋកិច្ចពិភពលោកនេះ ដើម្បីបង្ហាញពីអាស៊ាន និងផ្សព្វផ្សាយពីប្រទេសកម្ពុជា នៅក្នុងកម្មវិធីពិសេសមួយដែលមានចំណងជើងថា «កម្ពុជា៖ផ្កាយកំពុងរះរបស់អាស៊ាន»។ ក្នុងនោះកម្ពុជាក៏នឹងដាក់បញ្ហាញជូននូវវីដេអូខ្លីមួយ ស្តីពីការរៀបចំរបស់កម្ពុជាសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានផងដែរ។  គួរបញ្ជាក់ថា កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ គឺជាការជួបប្រជុំថ្នាក់ដឹកនាំពិភពលោកកម្រិតខ្ពស់បំផុត រវាងរដ្ឋាភិបាល អ្នកជំនួញ អ្នកស្រាវជ្រាវ សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ដែលប្រព្រឹត្តទៅជារៀងរាល់ដើមឆ្នាំ ដើម្បីកំណត់របៀបវារៈស្តីពីពិភពលោក តំបន់ និងឧស្សាហកម្ម។
ដោយឡែកយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអោយដឹងថា ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោកសាស្រ្តាចារ្យ ក្លូស ស្វាប ព្រមទាំងបណ្តាថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន! ទន្ទឹមនោះ លោក ក៏នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសស្វីសទៀតផង។

សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់ ដែលអមដំណើរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វ៊ីស នាពេលនេះ រួមមាន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន! លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ! លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនទៀត៕



ក្រសួង​អប់រំយកចិត្តទុកដាក់ លើលទ្ធផល​គុណភាពក្នុង​វិស័យ​អប់រំ​នៅកម្ពុជា

ដើម្បីឆ្លើយតបទៅ និងតម្រូវការនៃការកើនឡើងចំពោះថ្នាក់បឋមសិក្សា  មធ្យមសិក្សា និងឧត្តមសិក្សា រួមទំាងការចុះឈ្មោះចូលរៀនរបស់សិស្ស និងនិស្សិតយ៉ាងគំហុកដែលហួសពីសមត្ថភាពនៃគ្រឹះស្ថានសិក្សារដ្ឋមិនអាចស្រូបយកបាន។ រាជរដ្ឋាភិបាលបានដាក់ចេញនៅគោលនយោបាយបើកទូលាយ ដែលអនុញ្ញាតឱ្យធ្វើឯកជនភាវូបនីយកម្មក្នុងអំឡុងពាក់កណ្តាល ទស្សវត្សរ៌ឆ្នំា១៩៩០។ ហើយចាប់តំាងពីឆ្នំា២០០២រហូតមកនិន្នាការឯកជនភាវូបនីយកម្មបានវិវឌ្ឍរីកចម្រើនគួឱ្យកត់សម្គាល់។ ក្រៅពីការពង្រីកគ្រឹះស្ថានសិក្សា   រាជរដ្ឋាភិបាលបានដាក់ចេញនៅគោលនយោបាយស្តីពីការធានាគុណភាពអប់រំក្នុងវិស័យឧត្តមសិក្សាឱ្យស្រមតាមស្តង់ដារជាតិ អន្តរជាតិនិងតម្រូវការអភិវឌ្ឍរបស់ប្រទេស នាបច្ចុប្បន្ន និងអនាគត។ នេះជាការលើកឡើងរបស់ រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា លោករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន ថ្លែងក្នុងពិធីសន្និបាទប្រចំាឆ្នំារបស់សមាគមគ្រឹះស្ថានឧត្តនឹសិក្សា កម្ពុជា ស្តីពី មាគ៌ាឆ្ពោះទៅរកការធានាគុណភាពអប់រមនៅកម្ពុជា។
លោកមានប្រសាសន៌បន្តថា   ដើម្បីនំាមកនៅគុណភាពគ្រប់កម្រិតសិក្សាដែលជាមូលដ្ឋានគ្រឹះនៃវិស័យះអប់រំ ពិសេសឧត្តមសិក្សា ដែលជាភូមិសិក្សាចុងក្រោយសម្រាប់ពង្រីងសមត្ថភាពនិសិត្យជាប្រយោជន៌ ឈានទៅប្រកួតប្រជែងជាមួយបណ្តានិសិត្យក្នុងតំបន់ និងអន្តរជាតិ។ ព្រោះថា ការអប់រំប្រកបដោយគុណភាព និងចីរភាពគឺជាកូនសោសម្រាប់បើកទ្វារ ឆ្ពោះទៅកាន់ភាពជោគជ័យ  នៃវិស័យអប់រំ ក៏ដូចជាភាពជោគជ័យនៃផែនការអភិវឌ្ឍជាតិផងដែរ។លោករដ្ឋមន្ត្រីបញ្ជាក់ថា ដើម្បីពង្រឹងគុណភាពសិក្សា គឺធ្វើយ៉ាងណាកែលម្អការបណ្តុះបណ្តាលធនធានមនុស្ស  តាមរយៈអភិវឌ្ឍកម្មវិធីសិក្សា  ការធ្វើទំនើបកម្មបច្ចេកទេសសិក្សា    រួមទំាងការសិក្សាស្រាវជ្រាវនិងប្រសិទ្ធភាពអប់រំមួយយ៉ាងពិតប្រាកដ។
លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា  ដើម្បីទទួលបានលទ្ធផលល្អនិងឆ្លើយតបគោលដៅក្រសួងអប់រំយុវជននិងកីឡា ដែលបានដាក់ចេញនៅ ផែនការយុទ្ធសាស្ត្រដំណាក់កាលទី៣  និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិឆ្នំា២០១៣ .   ២០១៨ របស់រាជរដ្ឋាភិបាលក្រសួងបានយកចិត្តទុកដាក់ លើលទ្ធផលគុណភាពក្នុងវិស័យអប់រំ។
បើតាមរបាយការណ៏ លោក លី ឆេងប្រធានគណៈប្រតិបត្តិសមាគមគ្រឹះស្ថានឧត្តមសិក្សា កម្ពុជា មានប្រសាសន៏ថា  សមាគមនេះបង្កើតឡើងតំាងពីឆ្នំា២០០៤ ក្នុងគោលបណងជួយពង្រឹងសេវាអប់រំប្រកបដោយគុណភាព  ប្រមូលផ្តុំធនធានបញ្ញា ដើម្បី ងាយស្រួលធ្វើការផ្លាស់ប្តូរមតិយោបល់ ទស្សនៈ បទពិសោធន៏ និងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័ននានា ទំាងក្នុងប្រទេសនិងក្រៅប្រទេស។ លោករដ្ឋមន្ត្រីបន្តថា   ការរីកចម្រើន របស់សមាគមគ្រឹះស្ថានឧត្តមសិក្សា កម្ពុជា គឺបានមកដោយសារការសហការចូលរួមពីសំណាក់សមាជិក សមាគម  និងមានការគំាទ្រពីក្រសួងអប់រំយុវជននិងកីឡា។ ជាពិសេសដោយមានគោលនយោបាយដឹកនំាដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា   បានធ្វើឱ្យប្រទេសជាតិទំាងមូល  ទទួលបាននូវសុខសន្តិភាពពេញលេញ មានស្ថេភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា លោក ហេង វ៉ាន់ដា មានប្រសាសន៏ថា ដើម្បី កំណត់បានភាគីពាក់ព័ន្វ នានា ៦ ចំណុច សំខាន់ ដែលយកមកធ្វើជាមូលដ្ឋាន ដើម្បីកំណត់មាគ៌ាឆ្ពោះទៅរកគុណភាពអប់រំនៅកម្ពុជា សមាគមគ្រឹះស្ថានឧត្តមសិក្សា បានជ្រើសរើសយក នៅចំណុចប្រឈមនានាដែលវាគ្មិនលើកឡើង   និង  ពង្រឹងគុណភាពជាមួយក្រសួងអាណាព្យាបាល ។

អត្ថបទ សៅ ធី


អាជ្ញា​ធរ​ជាតិ​អប្សរា ចាប់ផ្ដើ​សាង​សង់​ស្ពាន​បណ្ដែត​ទឹកមួយ ដើម្បី​សម្រួល​ការ​ធ្វើដំណើរ​អ្នក​ទេសចរណ៍​ចូល ទស្សនា ប្រាសាទអង្គរវត្ត

ដើម្បីជំរុញការដ្ឋានសាងសង់ ជួយជុលស្ពានហាលផ្នែកខាងលិចនៃប្រាសាទអង្គរវត្តឲ្យបានទាន់ពេលវេលា ដែលការដ្ឋាននេះត្រូវបានសហការណ៍ អនុវត្តន៍គម្រោងដោយ អាជ្ញាធរជាតិអប្សរា ជាមួយសកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុនស្ថិតក្នុងដំណាក់កាលទី២ ដោយប្រើប្រាស់រយៈពេលជួសជុលសាងសង់ប្រមាណ ជា៤ឆ្នាំ។

ដោយយោងតាមលក្ខណៈចាំបាច់ ក៍ដូចជាផលប៉ះពាល់ដល់ដំណើរការនៃការប្រើប្រាស់សំភារៈបច្ចេក ទេសស្ទួចលើកដាក់ និងបំលាស់ទីផ្ទាំងថ្មពីកន្លែងមួយទៅ កន្លែងមួយនិងយោងតាមការពិភាក្សាពិគ្រោះយោបល់ ពីអ្នកជំនាញបច្ចេកទេសជាតិ អន្ដរជាតិ ការដ្ឋានស្ពានហាលផ្នែកខាងលិច នៃប្រាសាទអង្គរនេះត្រូវបិទទាំងស្រុង ជាបណ្តោះអាសន្នសិន មិនអនុញ្ញាត្តិភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិធ្វើដំណើរឆ្លងកាត់ ដើម្បីទុកលទ្ធភាពឲ្យ នាក់ជំនាញបច្ចេកទេស ផ្នែកបុរាណវិទ្យា ស្ថាបត្យករ វិស្វករ បុរាណ កំពុងបំពេញភារៈកិច្ចនៅទីនោះ មានលទ្ធភាពគ្រាប់គ្រាន់ ដើម្បីបំពេញការងាររបស់ខ្លួនឲ្យទទួលបានជោគជ័យ ទៅតាមផែនការណ៍ដែលបានគ្រោងទុក ហើយការបិទជាលក្ខណៈបណ្ដោះអាសន្ន ការដ្ឋានស្ពានហាល និងការសាងសង់ស្ពានបណ្ដែតទឹកសំរាប់ភ្ញៀវទេសចរណ៍ឆ្លងកាត់នេះដែរ ក៍មានការសម្រេចឯកភាពពីគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិដើម្បីកិច្ចគាំពារ និងការអភិរក្សរម្មណីយដ្ឋានអង្គរ ដែលហៅកាត់ថា ICC-Angkor ផងដែរ ។
បើយោងតាមប្រភពព័ត៌មានពីអាជ្ញាជាតិអប្សរា ដដែលបានឲ្យដឹងទៀតថា៖ ស្ពានបណ្ដែតទឹកដែលត្រូវធ្វើការ សាងសង់បណ្ដោះអាសន្ននាពេលនេះ គឺបច្ចេកវិទ្យាថ្មី ដែលធ្វើការនាំចូលមកពីប្រទេសកាណាដា មានប្រវែង២០០ម៉ែត្រ និងមានទទឹងប្រវែង១០ ម៉ែត្រ ហើយស្ពានបណ្ដែតទឹកនេះបន្ទាប់ធ្វើការសាសង់រួចរាល់ អាចជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវទេសចរណ៍ ដែលចូលទៅទស្សនាប្រសាទអង្គរវត្តផ្នែកខាងក្នុង ជាច្រើនពាន់នាក់ក្នុងពេលតែមួយ ព្រោះកសិន នៃប្របាសាទអង្គរវត្តមានលក្ខណៈអំណោយផលល្អ ពុំមានទឹករលកធំៗ និងខ្យលដូចនៅតាមដងទន្លេ ឬសមុទ្រនោះទេ។

គួរបញ្ជាក់ថា៖ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត មានប្រវែង១៩០ម៉ែត្រ ទទឹង១១,៦០ម៉ែត្រ និងកម្ពស់៤ម៉ែត្រ សាងពីថ្មបាយក្រៀមក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្កាន់ដៃនាគយ៉ាងល្អឯក គឺជាច្រកចូលដ៏សំខាន់របស់ប្រាសាទអង្គរវត្ត។ ក្នុងអំឡុងទសវត្សទី៦០ សាលាបារាំងចុងបូព៌ាដែលមានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការអភិរក្សតំបន់អង្គរសម័យនោះ បានជួសជុលស្ពាននេះមួយចំហៀងខាងត្បូងរួចរាល់ជាស្ថាពរ។ លុះអឡុងឆ្នាំ១៩៩៦ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ា នៃប្រទេសជប៉ុន  បានបន្តកិច្ចការជួសជុល បានមួយកំណាត់ប្រវែង៩០ម៉ែត្របន្ថែមទៀត ដោយឡែកនៅដំណាក់កាលទី២នេះ គឺជាគម្រោងកិច្ចសហប្រត្តិបត្តការ រវាងរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលជប៉ុនអនុវត្តន៍គម្រោងដោយសកលវិទ្យាល័យសូហ្វីយ៉ា ជាមួយនិងអាជ្ញាធរជាតិអប្សរា ក្នុងនោះ ភាគីជប៉ុនបានផ្ដល់អ្នកជំនាញការបច្ចេកទេស ព្រមទាំងសម្ភារៈបច្ចេកទេស ក្នុងទំហំទឹកប្រាក់ប្រមាណជា៨០ម៉ឺនដុល្លា ហើយអាជ្ញាធរជាតិអប្សរាទទួលបន្ទុកចំណាយ លើប្រាក់បៀវត្ស និងឧបត្ថម្ភផ្សេងៗអ្នកជំនាញ ជាងចម្លាក់កម្មករជំនាញ ផ្គត់ផ្គង់ប្រេងឥន្ធនៈ ព្រមទាំងទិញសម្ភារៈសម្រាប់គម្រោងដូចជា ថ្មបាយក្រៀម ថ្មភក់ និងគ្រឿងឧបករណ៍ផ្សេងៗ នឹងទទួលបន្ទុកសាងសង់ស្ពានបណ្ដែតទឹកបណ្តោះអាសន្នមួយសម្រាប់ភ្ញៀវទេសចរធ្វើដំណើរផងដែរ៕




ពលរដ្ឋ​ប្រមាណ​២ពាន់​នាក់ តំណាង​ឲ្យ​ទាំង​១៣​ភូមិ​ក្នុង​ឃុំកុ​មារា​ជា ប្តេជ្ញា​បោះឆ្នោត​គាំទ្រ​គណ​បក្ស​ប្រជាជន​ឲ្យបន្ត​ដឹកនាំ!

ប្រជាពលរដ្ឋប្រមាណជិត២ពាន់នាក់ បានលើកដៃគាំទ្រយ៉ាងពេញទំហឹង នូវសមិទ្ធផលភូមិឃុំដែលបក្សប្រជាជនកម្ពុជាបានអនុវត្ត និងប្តេជ្ញាគាំទ្រកម្មវិធីនយោបាយអភិវឌ្ឍន៍ឃុំ៥ឆ្នាំបន្តទៀត។

ការមូលមតិគ្នាជាឯកច្ឆ័នគាំទ្រកម្មវិធីនយោបាយដែលបាននិងកំពុងធ្វើក្នុងអណត្តិទី៣ ឆ្នាំ២០១២ – ២០១៧ និងបន្តអនុវត្តសម្រាប់អណត្តិទី៤ ឆ្នាំ២០១៧ – ២០២២ខាងមុខ បានធ្វើឡើងនៅក្នុងសន្និបាតរបស់គណៈកម្មាធិការគណបក្សឃុំកុមារាជា ក្រោមអធិបតីភាពរបស់លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមារាជា នៃស្រុកបាទី ខេត្តតាកែវនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧។
ការប្តេជ្ញាចិត្តដោយឥតងាករេ បន្តគាំទ្រកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា យ៉ាងដូច្នេះ បន្ទាប់ពីប្រជាពលរដ្ឋបានឃើញច្បាស់នូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យក្នុងឃុំរីកស្គុះស្គាយ កើតចេញពីកម្លាំងសាមគ្គីគ្នារបស់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ដែលជាគណៈកម្មាធិការបក្ស សាខាបក្សគ្រប់ភូមិទាំង១៣ក្នុងឃុំ រួមគ្នាអភិវឌ្ឍន៍ និងដោះស្រាយនូវរាល់ទុក្ខកង្វល់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារកន្លងមក និងលើកទិសដៅ៥ឆ្នាំបន្ត ក្រុមប្រឹក្សាឃុំកុមារាជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារជាអាទិភាពសំខាន់ៗមួយចំនួនដូចជា ការផ្តល់សេវាសាធារណៈ ការធ្វើផ្លូវ ជួសជុល និងកសាងទំនប់ ប្រឡាយ អាងស្តុកទឹក លើកកំពស់សេដ្ឋកិច្ចគ្រួសារ ដោយស្វែងរកអ្នកវិនិយោគ និងដៃគូពាក់ព័ន្ធឲ្យមកចូលរួមកសាងបង្កើតរោងចក្រសហគ្រាសក្នុងឃុំ បង្កើតការងារថ្មីនៅនឹងកន្លែង ជួយដល់ប្រជាកសិករដែលឃុំនឹងរៀបបង្កើតឲ្យមានសហគមន៍កសិកម្ម និងរិះរកដៃគូរ និងលទ្ធភាពដើម្បីសាងសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋ ការកសាងសមិទ្ធផលសាសនា ជាពិសេស គណៈកម្មាធិការបក្សឃុំរបស់គណបក្សប្រជាជនកម្ពុជា នឹងខិតខំរៀបចំឲ្យមានផ្សារសហគមន៍ ដើម្បីបង្កើនប្រាក់ចំណូល និងផ្តល់ការងារធ្វើជូនប្រជាពលរដ្ឋជាដើម។

លោក ស្វាយ ស៊ីថា បានមានប្រសាសន៍ថា ការធានាបាននូវសុខសន្តិភាព គឺជាកត្តាដ៏សំខាន់បំផុតនៃការអភិវឌ្ឍភូមិឃុំ។ លោកបន្ថែមថា សមិទ្ធផលការងារជាច្រើនដែលសម្រេចបានក្នុងឃុំកុមារាជា ពិតជាបានមកដោយការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងការខិតខំប្រឹងប្រែងចូលរួមដឹកនាំសកម្មភាពជាមួយក្រុមការងារថ្នាក់ជាតិ សប្បុរសជន អង្គការ សមាគម ជាពិសេសការចូលរួមពីប្រជាពលរដ្ឋផ្ទាល់។
លោកក៏បានជម្រាបជូនអង្គសន្និបាតផងដែរថា នៅពេលឆាប់ៗខាងមុខ នៅក្នុងឃុំកុមារាជានឹងចាប់ផ្តើមបើកការដ្ឋានសាងសង់មណ្ឌលសុខភាព និងអនុវិទ្យាល័យដោយក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសុខាភិបាលរបស់ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុ សែនជាប្រមុខ។
សមិទ្ធផលថ្មីដែលនឹងកើតមាននាពេលខាងមុខ គឺពិតជសឆ្លើយតបទៅនឹងសេចក្តីត្រូវការបំផុតរបស់ប្រជាពលរដ្ឋ។ ក្រៅពីនេះ លោក ស្វាយ ស៊ីថា ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុក្ខដាក់ខ្ពស់បំផុតក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយត្រូវទប់ស្កាត់ និងបំបាត់ឲ្យបានជាដាច់ខាត បញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងបងតូចបងធំនៅក្នុងភូមិឃុំ ដើម្បីធានាភាពសុខសាន្តជូនប្រជាពលរដ្ឋ។
នៅក្នុងសន្និបាត ក៏មានការបោះឆ្នោតស្ទង់មតិ ដើម្បីជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់ការត្រៀមបោះឆ្នោតជាផ្លូវការនៅខែមិថុនា ឆ្នាំ២០១៧ខាងមុខផងដែរ ដោយមានបេក្ខជនឈរឈ្មោះក្នុងឃុំសម្រាប់ការបោះឆ្នោតស្ទង់មតិមានចំនួន៣១នាក់ ជ្រើសរើសយក៧នាក់សម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ។
សមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់ប្រមាណជិត២ពាន់នាក់ តំណាងឲ្យ១៣ភូមិក្នុងឃុំកុមារាជា ក៏បានសំដែងនូវការប្តេជ្ញាចិត្តទាំងអស់គ្នាថា នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជោគជ័យ។
ទោះយ៉ាងណា ដើម្បីសម្រេចបាននូវជោគជ័យនាពេលខាងមុខ លោក ស្វាយ ស៊ីថា ក៍បានក្រើនរម្លឹកដល់បេក្ខជនដែលឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់ត្រូវមានការសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ដើម្បីគណបក្សបានរឹងមាំ និងត្រូវរួមគ្នាឲ្យបានខ្លាំងក្លាក្នុងការគិតគូដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមនានា និងត្រូវចូលរួមអភិវឌ្ឍន៍ភូមិឃុំឲ្យកាន់តែរីកចម្រើន។
សន្និបាតបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលជាភាតរៈក្នុងមហាគ្រួសារនៃគណបក្សប្រជាជនកម្ពុជា៕

អត្ថបទ៖ ក្រុមការងារឃុំកុមារាជា