កឧត្តម Yuji Kumamaru 
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា
 ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងក្មួយៗសិស្ស និស្សិតជាទីស្រឡាញ់!
 ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ចូលរួមជាថ្មីម្ដងទៀតក្នុងពិធីបើក 
«មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ឆ្នាំ២០១៦» 
ដើម្បីអបអរសារទរការផ្លាស់ប្ដូរបទពិសោធន៍វប្បធម៌ដ៏ស្រស់បំព្រង 
ក៏ដូចជាសមិទ្ធផលនានានៅក្នុងទំនាក់ទនងមិត្តភាព 
និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជា។ 
ខ្ញុំសូមសម្ដែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតជប៉ុន ជាពិសេស 
ឯកឧត្តមឯកអគ្គរាជទូត Kumamaru និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន 
(CJCC) ក្នុងការបន្ដរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។ 
ខ្ញុំពិតជារីករាយណាស់ 
ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អធិកអធមនេះជាមួយយុវជន យុវនារី 
របស់ប្រទេសកម្ពុជា និងជប៉ុន។
 សំរាប់ខ្ញុំផ្ទាល់  មហោស្រពគីហ្សូណា 
គឺជាព្រឹត្តិការណ៍ផ្លាស់ប្ដូរបទពិសោធន៍វប្បធម៌ដ៏សំខាន់ 
ប្រមូលផ្ដុំនូវសិល្បៈករ សិល្បៈការិនី យុវជន និងយុវនារី 
ដែលមានចំណង់ចំណូលចិត្តរាំ ច្រៀង លេងតូរ្យតន្ដ្រី 
និងភ្លក់រស់ជាតិអាហារផ្សេងៗ។ នេះគឺជាឱកាសដ៏ល្អសំរាប់ សិល្បៈករ 
សិល្បៈការិនីវ័យក្មេង នៃប្រទេសទាំងពីរ 
ដែលមិនត្រឹមតែអាចបញ្ចេញទេពកោសល្យរបស់ខ្លួនឱ្យទស្សនិកជនទស្សនាប៉ុណ្ណោះទេ 
ប៉ុន្ដែថែមទាំងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីអន្តរទំនាក់ទំនងវប្បធម៌នេះ។
 លើសពីនេះទៀត តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ដ៏សម្បូរបែប 
ព្រឹត្តិការណ៍
នេះជួយឱ្យយើងទាំងអស់គ្នាយល់កាន់តែច្បាស់អំពីតម្លៃនៃវប្បធម៌របស់
យើងរៀងៗខ្លួន ដែល តម្លៃទាំងនោះបានវិវត្តតាមពេលវេលាដ៏យូលង់ 
ក្លាយជាធាតុផ្សំនៃជីវភាពដ៏រស់រវើកនិងអរិយធម៌នៃប្រទេសទាំងពីរ។
 អ្វីដែលគួរជាទីចាប់អារម្មណ៍ និងកត់សម្គាល់នោះគឺ 
ចាប់តាំងពីការចាប់ផ្ដើមនៃមហោស្រពនេះនៅឆ្នាំ ២០១២ មហោស្រពគីហ្សូណា 
បានក្លាយទៅជា ព្រឹត្តិការណ៍ដ៏ជោគជ័យមួយ 
ដែលត្រូវបានចារិកក្នុងប្រតិទិនវប្បធម៌របស់កម្ពុជា 
រំលេចឡើងនូវទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែប។ ខ្ញុំជឿជាក់ថា 
អ្នករៀបចំកម្មវិធីនេះ ក៏ដូចជាសិល្បៈករ សិល្បៈការិនីទាំងអស់ 
ពិតជាមានការលំបាកច្រើនក្នុងការប្រឹងប្រែងបញ្ចេញកម្លាំងកាយចិត្ត 
និងកិច្ចសហការគ្នាពីព្រោះរបៀបរបប វិធីសាស្រ្ដ 
និងរចនាបថខុសៗគ្នារបស់ពួកគេ។ 
ដោយសារតែកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់សិល្បៈករ 
សិល្បៈការិនីទាំងអស់ មហោស្រពនេះបាននាំឱ្យយើង និងសិល្បៈករ សិល្បៈការិនី 
មកជួបជុំគ្នាម្ដងទៀតនៅឆ្នាំនេះ ដើម្បីទស្សនាការសម្ដែងតន្ដ្រីសម័យ 
សម្លៀកបំពាក់ប្រពៃណី និងភ្លក់អាហារនៅមជ្ឈមណ្ឌល CJCC នេះផ្ទាល់។ 
ពិសេសជាងនេះទៅទៀត ក្នុងកម្មវិធីឆ្នាំនេះ 
ក្រុមសិល្បៈដ៏ល្បីមួយពីប្រទេសជប៉ុន ត្រូវបានអញ្ជើញឱ្យមកចូលរួមសម្ដែងរបាំ 
«AWA ODORI» ដែលជាពិធីបុណ្យដ៏ធំរបស់ប្រទេសជប៉ុន។ 
យើងពិតជាមានសំណាងខ្លាំងណាស់ ដែលបានទស្សនាការសម្ដែងដ៏ពិសេសនេះ នៅរាត្រីនេះ។
 -              
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
 -              
ក្មួយៗសិស្ស និស្សិត
 ឆ្លៀតក្នុងឱកាសនេះ 
ខ្ញុំសូមគូសបញ្ជាក់ដោយសង្ខេបនូវសមិទ្ធផលសំខាន់ៗមួយចំនួននៅក្នុងទំនាក់
ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិលើវិស័យនានា នៃប្រទេសទាំងពីរ។
 ប្រទេសជប៉ុន និងកម្ពុជា មានឆន្ទៈយ៉ាងមោះមុតចំពោះការការពារ និងអភិរក្ស 
ក៏ដូចជាការលើកកម្ពស់បេតិកភណ្ឌនិងវប្បធម៌។ យើងទាំងអស់គ្នាដឹងហើយថា 
ជប៉ុនគឺជាដៃគូដ៏សំខាន់របស់កម្ពុជាជាយូរមកហើយ នៅក្នុងការការពារ 
និងថែរក្សាបេតិកភណ្ឌវប្បធម៌នៅកម្ពុជា។ ជាក់ស្ដែង 
ស្ថាប័នដៃគូជប៉ុនបាននិងកំពុងអនុវត្តគម្រោងរបស់ខ្លួននៅប្រាសាទសំខាន់
នានា ដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទបន្ទាយក្ដី 
និងប្រាសាទព្រះវិហារជាដើម។ ខ្ញុំសូមបញ្ជាក់ថា 
សមិទ្ធផលរបស់ស្ថាប័នដៃគូជប៉ុននៅតាមរមណីយដ្ឋានទាំងនេះ ពិតជា 
វិសេសវិសាលគួឱ្យកត់សម្គាល់។ ប្រទេសជប៉ុន រួមជាមួយប្រទេសបារាំង 
ក៏ជាសហប្រធាន នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ 
និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ហៅកាត់ថា ICC អង្គរ) 
ផងដែរ ចាប់តាំងពីការបង្កើតគណៈកម្មាធិការនេះ នៅឆ្នាំ១៩៩៣ 
ហើយបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចពិភាក្សាជាអន្តរជាតិអំពីកិច្ច
ការអភិរក្ស និងការគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក។
 ហើយថ្ងៃនេះ ខ្ញុំរីករាយនឹងចែករំលែកជាមួយនឹងព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នូវដំណឹងដ៏សំខាន់ពីរទៀតគឺ៖
 ទីមួយ ក្រុមការងារជប៉ុន-អាជ្ញាធរអប្សរា 
នឹងចាប់ផ្ដើមដំណាក់កាលថ្មីមួយទៀតនៃគម្រោងស្ដារស្ពានហាលខាងលិចរបស់
ប្រាសាទអង្គរវត្ត (ស្ពានធំឆ្លងទៅច្រកចូលប្រាសាទអង្គរវត្ត)។
 ទីពីរ បន្ថែមលើអង្គការ JICA ស្ថាប័នរដ្ឋាភិបាលមួយទៀត គឺ មូលនិធិជប៉ុន 
(Japan Foundation) ដែលដើរតួនាទីសំខាន់នៅក្នុងការលើកស្ទួយវប្បធម៌ 
និងការអប់រំតាមរយៈការសិក្សាស្រាវជ្រាវនិងការអភិវឌ្ឍធនធានមនុស្ស 
ទើបតែបានបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ។
 ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ 
ប្រទេសជប៉ុនគឺជាប្រទេសមួយក្នុងចំណោមដៃគូនាំមុខគេរបស់កម្ពុជា។ 
យើងទាំងអស់គ្នានៅចាំយ៉ាងច្បាស់អំពីពិធីសម្ពោធយ៉ាងអធិកអធមកាលពីឆ្នាំ២០១៥ 
ស្ពាន ស៊ូបាសា ឆ្លងកាត់ទន្លេមេគង្គនៅអ្នកលឿងខេត្តព្រៃវែង 
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ 
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
 ហើយដែលស្ពាននេះគឺជាសមិទ្ធផលថ្មីមួយទៀតនៃមិត្តភាព 
និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់ប្រទេសយើងទាំងពីរ។ ស្ពាននេះ 
ក៏ដូចជាស្ពានផ្សេងៗទៀតដែលប្រទេសជប៉ុនបានជួយសាងសង់នៅរាជធានីភ្នំពេញ 
និងខេត្តកំពង់ចាមដែរ បានសម្រួលដល់ការធ្វើចរាចរណ៍ផ្លូវគោក 
និងការអភិវឌ្ឍសេដ្ឋកិច្ចជាច្រើន។
 នៅឆ្នាំនេះ 
យើងក៏នឹងមានការចាប់ផ្ដើមបើកផ្លូវហោះហើរត្រង់រាជធានីភ្នំពេញ 
ទីក្រុងតូក្យូ ដែលនឹងជួយជំរុញដល់លំហូរភ្ញៀវទេសចរនៃប្រទេសទាំងពីរផងដែរ។
 ខ្ញុំជឿជាក់ថា ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសជប៉ុននិងកម្ពុជា 
នឹងបន្តអភិវឌ្ឍកាន់តែខ្លាំងក្លាលើវិស័យផ្សេងៗបន្ថែមទៀតនៅពេលអនាគត។
 មុននឹងបញ្ចប់ ខ្ញុំសូមអរគុណម្ដងទៀតចំពោះអ្នករៀបចំកម្មវិធី និងសិល្បៈករ 
សិល្បៈការិនីកម្ពុជា និងជប៉ុនទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែង 
និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ 
ក្នុងការរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង។ 
ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ 
ភ្ញៀវកិត្តិយស ក្មួយៗយុវជន និងអស់លោក លោកស្រីទាំងអស់ ដែលបានចូលរួម 
និងផ្ដល់ការគាំទ្រ ដែលញ៉ាំងឱ្យពិធីបើកមហោស្រពនេះ និងកម្មវិធី 
៤ថ្ងៃបន្ទាប់ទៀត កាន់តែមានអត្ថន័យជ្រាលជ្រៅ និងកាន់តែសប្បាយរីករាយថែមទៀត។
 ជាទីបញ្ចប់ ខ្ញុំសូមជូនពរឱ្យមហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ឆ្នាំ២០១៦ 
ទទួលបានជោគជ័យ។ ខ្ញុំជឿជាក់ថា ប្រជាជនកម្ពុជា និងប្រជាជនជប៉ុន 
នឹងកាន់តែយល់ច្បាស់បន្ថែមទៀតអំពីវប្បធម៌ តម្លៃ និងក្រឹត្យក្រមសង្គម 
តាមរយៈទំនាក់ទំនងនេះ។
 ខ្ញុំសូមជូនពរព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសុភមង្គលក្នុងគ្រួសារ។
 ខ្ញុំសូមប្រកាសបើកមហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ឆ្នាំ២០១៦ ចាប់ពីពេលនេះតទៅ។