Monday, July 31, 2017

(សូមទស្សនាវីដេអូ) លោក ហ៊ុយ វណ្ណៈ លើកឡើងថា «ព័ត៌មានបំពុល គឺជាថ្នាំពុល»

រុស្ស៊ី​​​រង់​ចាំ​​រយៈ​​ពេល​បី​ឆ្នាំ​ហើយ ដើម្បី​រ​ក​យុទ្ធ​សាស្រ្ត​បំបែ​ក​ប្រ​ទេស​លោក​​ខាង​លិច​

​​​​​​​​​​​​​​​​​​​​​​​ចាប់​តាំង​ពី​ការ​ភ្ជាប់​យក​តំបន់ Crimea ជា​របស់​ខ្លួន​កាល​ពី​ខែ​មី​នា ឆ្នាំ​២០១៤ និង​ការ​ជាប់​ពាក់ព័ន្ធ​​​ជា​បន្ត​បន្ទាប់​របស់រុស្ស៊ី​ក្នុង​ជម្លោះ​នៅ​ប្រ​ទេស​អ៊ុយ​ក្រែន​ភាគ​ខាង​កើត ប្រ​ទេស​មហា​អំណាច​មួយ​ចំនួន​ដែល​ដឹក​នាំ​ដោយ​សហ​រដ្ឋ​អា​មេ​រិក និង​សហ​ភាព​អឺរ៉ុបមាន​ភាព​រឹង​មាំ​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​រក្សា​នូវ​ការ​សាម​គ្កី​គ្នា​​ជា​ធ្លុង​មួយ​ នៅ​ពេល​ដែល​វា​មាន​ការ​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​ផ្នែក​ធុរ​កិច្ច​​​ជា​មួយ​នឹង​រុស្ស៊ីនោះ​។

នេះ​គ្មាន​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ច្រើន​ជាង​ការ​ប្រើ​ប្រាស់​របស់​មជ្ឈឹម​លោក​ ​ដើម្បី​​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ធ្វើ​ជា​​ឧ​ប​ករ​ណ៍ដ៏​​សំខាន់​​ក្នុង​ការ​ដាក់​​សម្ពាធ​លើ​រុស្ស៊ី ដើម្បី​ឱ្យ​ផ្លាស់​ប្តូរ​គោល​នយោ​បាយ​របស់​ខ្លួន​ដែល​ពាក់​ព័ន្ធ​នឹង​អ៊ុយ​ក្រែន។

​ការ​ដាក់ទណ្ឌ​កម្មនេះ ​បាន​ចូល​ជា​ធរ​មាន​បន្តិច​ម្តងៗ​ដោយ​កំណត់​គោល​ដៅ​លើ​វិ​ស័យ​យុទ្ធ​សាស្រ្ត​មួយ​ចំនួន​នៃ​សេដ្ឋ​កិច្ច​របស់​រុស្ស៊ី​ រាប់​បញ្ចូល​ទាំង​ផ្នែក​ថាមពល ការ​ការ​ពារ និង​ហិរញ្ញ​វត្ថុ។ ប៉ុន្តែ​វា​ក៏​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ស្ថាប័ន​របស់​រុស្ស៊ី​មួយ​ចំនួន​ ហើយ​ក្រុម​ហ៊ុន​លោក​ខាង​លិច​ក៏​រង​ផល​ប៉ះ​ពាល់​ផង​ដែរ។

ការ​ផលិត​របស់​អា​មេ​រិក និង​សហ​ភាព​អឺរ៉ុប​ និង​ក្រុម​ហ៊ុន​ថាម​ពល​ធំៗ​​បាន​បាត់​បង់​ប្រាក់​ជា​ច្រើន។ ការ​លក់​នា​វា​ចម្បាំង​របស់​បារាំង​ និង​ម៉ាស៊ីន​របស់​អា​ល្លឺ​ម៉ង់​ត្រូវ​បាន​ផ្អាក។ ការ​វិ​និយោគ​ទុន​ដែល​មាន​ទឹក​ប្រាក់​រាប់​ប៊ីលាន​ដុល្លារ​អា​មេ​រិក​ដោយ​ក្រុមហ៊ុន​ថាម​ពល​ធំៗ​ ដូច​ជា​ក្រុម​ហ៊ុន ExxonMobil ក្រុម​ហ៊ុន Total និង​ក្រុមហ៊ុន Shell ក៏​ត្រូវបាន​ផ្អាក​ផង​ដែរ។ ការ​ធ្វើ​ធុរ​កិច្ច​នៅ​ក្នុង​បណ្តា​ប្រ​ទេស​ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធជា​យូរ​មក​ហើយ​​ជា​មួយ​នឹងរុស្ស៊ី ដូច​ជា​ប្រ​ទេសហុងគ្រី និង​ប៊ុល​ហ្គារី ក៏​ទទួលរង​​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំងផង​ដែរ​។

ប៉ុន្តែ​តម្លៃ​សេដ្ឋ​កិច្ច​​គួរ​ឱ្យពិ​ចារ​ណាដែល​​បាន​ចំណាយ​ដោយ​ក្រុម​ហ៊ុន​ប្រ​ទេស​លោក​ខាង​លិច​នោះ គឺ​បាន​ធ្វើ​ឱ្យ​មាន​ការរួប​រួម​គ្នា​ផ្នែក​នយោ​បាយក្នុង​ការ​​ដាក់​ទណ្ឌ​កម្ម​ដែល​បាន​ធ្វើ​ឡើង​រហូត​ដក​ដល់​សព្វ​ថ្ងៃ​នេះ ដែល​ទាំង​អស់​នេះ​​បាន​​ធ្វើ​ឱ្យ​មាន​ចាប់​អារម្មណ៍កាន់​តែ​​ខ្លាំង​ឡើង។​​ ទោះ​បី​ជា​មាន​ផល​លំបាក​ផ្នែក​សេដ្ឋ​កិច្ចក៏​ដោយ​ ក៏​ប៉ុន្តែការ​ទទួល​ផល​ផ្នែក​នយោ​បាយ​ដែល​កើត​ចេញ​ពី​ការ​រក្សានូវ​ការ​​សាម​គ្គី​គ្នា​ជា​ធ្លុង​មួយ គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ មាន​សារៈ​សំខាន់​ខ្លាំង​ណាស់។ ចំណុច​ស្នូល​ចំពោះ​ការ​រួប​រួម​គ្នា​នេះ គឺ​បង្ហាញឱ្យ​ឃើញ​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដ៏​ច្បាស់​ក្រ​ឡែត​រវាង​រដ្ឋា​ភិបាល​ទី​ក្រុង​វ៉ាស៊ីន​តោន​ និង​សហ​ភាព​អឺរ៉ុប។ ក៏​ប៉ុន្តែ​ការ​រួប​រួម​នេះ​អាច​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ។

​ទណ្ឌ​កម្ម​ដែល​បាន​ស្នើ​ឡើង​ គឺ​ពួក​គេ​បាន​បង្កប់​នូវ​​គោល​បំណង​​យ៉ាង​ពិត​ប្រាកដ​​ផង​ដែរ ដូច​ជា​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ដដែល​នោះ អ្នក​តាក់​តែង​ច្បាប់​របស់​អា​មេ​រិក​​មាន​បំណង​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​ក្នុង​ការ​បញ្ជូន​អាវុធ​ទៅ​កាន់​ប្រ​ទេស​ស៊ី​រី ការ​លក់​ថាម​ពល​របស់​រុស្ស៊ី និង​របៀប​​ក្នុង​​ការ​ធ្វើ​ឯក​ជន​ភាវូប​នីយ​កម្ម​នៃ​សហគ្រាស​រដ្ឋ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋា​ភិបាល​រុស្ស៊ី។

ជា​ឧទាហរណ៍​ បំណង​ប្រាថ្នាពិត​ប្រាកដ​នោះ គឺ​​ដើម្បី​កំណត់គោល​ដៅ​​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 2 ដែល​ត្រូវ​បាន​មន្រ្តី​អឺរ៉ុប​មួយ​ចំនួន​មើល​ឃើញ​ថា ជា​ការ​ប៉ុនប៉ង​ដើម្បី​ជំនួស​ឧស្ម័នរបស់​​រុស្ស៊ី​ដែល​មាន​តម្លៃ​ថោក​​​ជា​មួយ​នឹង​ឧ​ស្ម័ន​ធម្មជាតិ​រាវ​របស់​អា​មេ​រិក​ដែល​មាន​តម្លៃ​ថ្លៃ៕

​ប្រភព: CNN ចុះថ្ងៃទី២៨ ខែ​​​​​កក្កដា​​​ ឆ្នាំ២០១៧


ម្ចាស់សំណង់ខុសច្បាប់​ នៃគម្រោង​រៀបចំកន្លែង​កម្សាន្ត​ ក្នុងតំបន់​រមណីយ​ដ្ឋានអង្គរ​ ព្រមរុះរើដោយ​ស្ម័គ្រចិត្ត​

ក្រោយទទួលបានសេចក្តីជូនដំណឹង និងការពន្យល់ពីអាជ្ញាធរជាតិអប្សរា និងក្រុមការងាររួចមក ម្ចាស់សំណង់ខុសច្បាប់លើផ្ទៃដីជាង៤ហិកតា ដែលគ្រោងរៀបចំជាកញ្ចុះកម្សាន្តសម្រាប់អ្នកទេសចរ នៅខាងកើតប្រាសាទបាគងប្រហែល៥០០ម៉ែត្រ បានស្ម័គ្រចិត្តរុះរើសំណង់នោះ ដោយខ្លួនឯង។
អ្នកស្រី ភួន មុំ ដែលជាម្ចាស់សំណង់ខាងលើបានឲ្យដឹងថា អ្នកស្រីបានរៀបចំដីទំហំជាង៤ហិកតានេះ ដើម្បីធ្វើជាកន្លែងកម្សាន្ត ដោយជីកបន្ថែមទៅលើត្រពាំងបុរាណដែលមានស្រាប់ សាងសង់កញ្ចុះជុំវិញបានចំនួន១០ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកន្លងទៅ។
អ្នកស្រីបានបន្តថា ការសម្រេចសាងសង់នេះ គឺដោយសារអ្នកស្រីឮគេនិយាយតគ្នាថា អាចធ្វើបានក្នុងពេលបោះឆ្នោត ហើយអ្នកស្រីក៏ជឿតាមគេតាមឯងទៅ។ ប៉ុន្តែក្រោយរៀបចំមិនទាន់ចប់សព្វគ្រប់ផង អាជ្ញាធរជាតិអប្សរា ក៏បានចែកលិខិតជូនដំណឹងដើម្បីឲ្យធ្វើការរុះរើដោយស្ម័គ្រចិត្ត បើពុំដូច្នោះទេ ក្រុមការងារនឹងចុះមករុះរើជាមិនខាន ដោយសារសំណង់ទាំងនេះជាសំណង់ខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់បេតិកភណ្ឌអង្គរ។
អ្នកស្រីបន្ថែមថា ទោះជាមានការសោកស្តាយ តែអ្នកស្រី និងក្រុមគ្រួសារបានស្ម័គ្រចិត្តរុះរើ ដោយខ្លួនឯង ជៀសវាងការខូចខាតកាន់តែច្រើន នៅពេលដែលក្រុមការងារចុះមករុះរើនោះ។ រហូតមកទល់ពេលនេះ គ្រួសារអ្នកស្រីបានរុះរើសំណង់ទាំងអស់រួចរាល់ហើយ។
អ្នកស្រី មុំ បានធ្វើការផ្ដាំផ្ញើដល់ពលរដ្ឋឯទៀតៗ ដែលកំពុងរស់នៅក្នុងតំបន់ត្រូវការពារ មុននឹងសាងសង់សំណង់ផ្សេងៗ ត្រូវដាក់ពាក្យស្នើសុំនៅស្នាក់ការអាជ្ញាធរជាតិអប្សរាជាមុន ដើម្បីឲ្យមានការត្រួតពិនិត្យ និងសម្រេច ចៀសវាងការខូចខាតទ្រព្យសម្បត្តិផ្សេងៗ។ តួយ៉ាង ដូចករណីអ្នកស្រី ដែលត្រូវរុះរើកញ្ចុះអង្គុយតូចធំប្រមាណ១០ និងខាតបង់ថវិកាអស់ជាច្រើន។
គួររំលឹកផងដែរថា មានសំណង់ខុសច្បាប់ជាង ៥០០ហើយ ដែលសង់អំឡុងពេលមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ ហើយអាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងអំពីការទុកពេលមួយសប្តាហ៍ សម្រាប់ម្ចាស់សំណង់ខុសច្បាប់ទាំងអស់ រុះរើជាបន្ទាន់ ដើម្បីចៀសវាងពីការខាតបង់ធ្ងន់ធ្ងរ។ បញ្ហានេះដែរ អាជ្ញាធរជាតិអប្សរាក្រោមកិច្ចសហការពីរដ្ឋបាលខេត្តសៀមរាប កំពុងរៀបចំក្រុមការងារដើម្បីបន្តរុះរើសំណង់ខុសច្បាប់ ដែលម្ចាស់សំណង់មិនទាន់បានរុះរើតាមសេចក្តីជូនដំណឹងកន្លងមក៕










គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាល ស្តីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧

លោក គួយ ប៊ុនរឿន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គិតមកដល់ ពេលនេះ ប្រជាពលរដ្ឋប្រមាណជាង២លាននាក់ ដែលមិនទាន់ចុះឈ្មោះបោះឆ្នោត រាប់ទាំងអ្នកទើបគ្រប់អាយុ បោះឆ្នោត និងអ្នកគ្រប់អាយុហើយ តែមិនទាន់ចុះឈ្មោះបោះឆ្នោត និងអ្នកផ្លាស់ប្តូរទីលំនៅ។
លោកបានថ្លែងបែបនេះ ក្នុងវគ្គបណ្ដុះបណ្ដាល ដល់មន្រ្តីលេខាធិការដ្ឋានរាជធានី-ខេត្ត (លធ.ខប) តំណាង គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។
លោក គួយ ប៊ុនរឿន ថ្លែងយ៉ាងដូច្នេះថា «យើងចុះឈ្មោះបោះឆ្នោតលើកនេះ ចុះតែអ្នកមិនទាន់បានចុះទេ អីចឹងគោលដៅមាន៣៖ មានអ្នកទើបគ្រប់អាយុបោះឆ្នោត អ្នកដែលមានសិទ្ធិហើយ តែមិនទាន់បានចុះឈ្មោះ និងអ្នកផ្លាស់ទីលំនៅ។ យើងប៉ាន់ស្មានលើកមុន អ្នកគ្រប់អាយុនៅសល់ប្រហែល១លាននាក់ អ្នកទើបគ្រប់ អាយុគិតត្រឹមថ្ងៃបោះឆ្នោតប្រហែល៥០ម៉ឺននាក់ ហើយអ្នកដែលផ្លាស់ប្ដូរ ទីលំនៅប្រហែល ៦ម៉ឺននាក់ទៀត អីចឹងយើងគិតទៅប្រហែល ២លាននាក់ជាង ដែលត្រូវធ្វើការចុះឈ្មោះថ្មី»។
លោកបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ថ្មីនេះគឺដើម្បីបំពេញបន្ថែមទៅលើបញ្ជីឈ្មោះ បោះឆ្នោតចាស់ ឆ្នាំ២០១៦។ កាលពីឆ្នាំ២០១៦ ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតមានប្រមាណ ៩.៦លាននាក់ ប៉ុន្តែប្រជាពលរដ្ឋដែលទៅចុះឈ្មោះបោះឆ្នោត មានតែប្រមាណ ៧.៨លាននាក់ប៉ុណ្ណោះ ស្មើនឹង៨១.៣៨%។
សូមជម្រាបថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់ នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

គ.ជ.ប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត ហើយមិនទាន់ចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមខ្លួនទៅចុះ ឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីទទួលបានសិទ្ធិបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខ ៕


គណបក្សរឹងមាំ ដឹកនាំប្រទេសបានសុខនិងរីកចម្រើន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ បានបញ្ជាក់នៅក្នុងទំ​ព័រហ្វេសប៊ុកថា សុខសន្តិភាពដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា ដោយសារការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា គណបក្សប្រជាជនរឹងមាំ​ ព្រោះយើងមានប្រមុខដឹកនាំបក្សរឹងមាំ​។​ ប្រទេសជាតិដែលមានសុខសន្តិភាពរឹងមាំ​ ព្រោះយើងមាន​ សម្តេចតេជោ​ ហ៊ុន​ សែន​ ដែលជា​ប្រមុខដឹកនាំរាជរដ្ឋាភិបាលរឹងមាំ។​ យើងទាំងអស់គ្នាគាំទ្រ​ និង​បោះឆ្នោតឱ្យតែគណបក្សប្រជាជនកម្ពុជា​តែមួយគត់ដើម្បីដឹក​នាំប្រទេសជាតិ​ឱ្យមានសុខសន្តិភាព​ និងកាន់តែរីកចម្រើនលឿនទៅមុខ៕


រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បើកសិក្ខាសាលាស្តីពីការគ្រប់គ្រង និងការដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូង

លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធីបតីភាព បើកសិក្ខាសាលាដ៏សំខាន់មួយ ស្តីពីការគ្រប់គ្រង និងការដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូង នៅសណ្ឋាគារសាន់វេ។

សិក្ខាសាលាដ៏មានសារសំខាន់នេះ មានការចូលរួមពីប្រធានសាលាដំបូងទាំងអស់ ព្រះរាជអាជ្ញាទាំងអស់ និងប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការទាំងអស់ នៅកម្ពុជា ៕




លោក សុខ ឥសាន រំលឹករឿងប្រម៉ាត់ប្រម៉ង់ចាប់ក្មេងបង្កភាពវឹកវរដល់សង្គម

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ​ ឥ​សាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ បានរំលឹកឡើងវិញ ពីចេតនារបស់ក្រុមជនមួយក្រុមណាចង់បង្កភាពវឹកវរដល់សង្គម និង ប្រជាជនឱ្យជ្រួលច្របល់ អ​ស្ថិរភាព តាមរយៈការបំផុសព័ត៌មានប្រម៉ាត់​ប្រម៉ង់​ចាប់ក្មេង។

លោក សុខ ឥសាន បានបញ្ជាក់ថា កាលពីសម័យទសវត្សរ៍ឆ្នាំ ១៩៤០-១៩៥០ មានលេចលឺព័ត៌មាន មានប្រម៉ាត់ប្រម៉ង់ចាប់ក្មេង ថាយកទៅដាក់ ក្រោមសសរគ្រឹះស្ពានធំៗ និងយកទៅវះពោះយកគ្រឿងក្នុងផ្សេងៗ ។ល។ ដែលធ្វេីឱ្យសង្គមមានការព្រួយបារម្ភ និងជ្រួល​ច្រ​បល់ នៅក្នុងអារម្មណ៍របស់ប្រជាជន រហូតមិនហ៊ានឱ្យកូនចៅទៅសាលារៀនទៀតផង។

លោក សុខ​ ឥសាន ក៏បានបញ្ជាក់ថា ឥឡូវនេះ មានលេចលឺព័ត៌មាន និងការបំផុសព័ត៌មានអកុសលនេះ ជាបន្តបន្ទាប់ដោយជនមួយចំនួន ដោយប្រេីប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ និងអ្នកឆ្កួតវង្វេងនឹងហ្វេសប៊ុក ដែលចូលចិត្តប្រេីសិទ្ធិរបស់ខ្លួនដោយខ្វះការ​ទទួល​ខុសត្រូវ ហេីយអាចជាចេតនារបស់ក្រុមជនមួយក្រុមណាចង់បង្កភាពវឹកវរដល់សង្គម និងប្រជាជនឱ្យជ្រួលច្របល់ អស្ថិរភាព ដើម្បីគេយកលេសដាក់កំហុសលេីរាជរដ្ឋាភិបាលថា អសមត្ថភាពគ្រប់គ្រងសង្គម ដែលចង់ឱ្យមានឥទ្ធិពលដល់បរិយាកាសនយោបាយ ដេីម្បីគេមានលេសបន្ទាបបន្ថោកការដឹកនាំ របស់គណបក្ស​ប្រជាជនកម្ពុជា ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ច មិនទាន់រកឃេីញករណីចាប់ក្មេងវះយកគ្រឿងក្នុង ដូចការផ្សព្វផ្សាយតៗគ្នានោះឡេីយ។ សមត្ថកិច្ចដាក់ការសង្ស័យលេីក្រុមជនទុច្ចរិតណាមួយ មានផែនការបំផុសសង្គ្រាមចិត្តសាស្ត្រធ្វេីឱ្យច្របូកច្របល់សង្គម ធ្វេីឱ្យអស្ថិរភាពនយោបាយ ដែលសមត្ថកិច្ចបាន និងកំពុងសេីុបអង្កេតយ៉ាងសកម្មដេីម្បីវែកមុខឱ្យឃេីញស-ខ្មៅ។

លោក សុខ ឥសាន ក៏បានសំណូមពរគ្រប់មជ្ឈដ្ឋានក្នុងសង្គមចូលរួមព្រមៗគ្នា ជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មាន ឱ្យក្លាយជាសំណាញ់ប្រទាក់ក្រឡាទប់ស្កាត់ និងបង្ក្រាបរាល់ឧបាយកលរបស់ពួកជនទុច្ចរិត និងមជ្ឈដ្ឋានប្រឆាំង កុំឱ្យវាមានឱកាសបំផ្លិចបំផ្លាញសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនយេីងបាន៕


គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ដល់មន្ត្រីពាក់ព័ន្ធ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ក្រោមវត្តមានលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប។
វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិអប់រំ។
នៅរសៀលថ្ងៃទី០២ ខែសីហា ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ នឹងធ្វើឡើងក្រោមវត្តមានលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប។

សូមជម្រាបថា យុទ្ធនាការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕

អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំកិច្ចប្រជុំបូកសរុប ដកស្រង់បទពិសោធបឋម ការអនុវត្តការងារនគរបាល និងសហគមន៍នៃខេត្តគោលដៅ៣

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំកិច្ចប្រជុំបូកសរុប ដកស្រង់បទពិសោធបឋម ការអនុវត្តការងារនគរបាល និងសហគមន៍ នៅខេត្តបាត់ដំបង ខេត្តក្រចេះ និងខេត្តព្រៃវែង ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនគរបាលដែលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរកិច្ចប្រជុំនេះ  ធ្វើឡើង ដើម្បីស្រង់យកបទពិសោធន៍ល្អៗ ពីការអនុវត្តសកម្មភាពជាក់ស្ដែង របស់នគរបាលនៃខេត្តគោល ដៅទាំង៣គឺ ខេត្តបាត់ដំបង ខេត្តក្រចេះ និងខេត្តព្រៃវែង ដែលបានអនុវត្តការងារ នគរបាល និងសហគមន៍ ក្នុងរយៈពេលកន្លងមក និងស្ដាប់ការចូលរួមមតិយោបល់របស់នគរបាលពីរាជធានី និងខេត្តផ្សេងៗ។
មួយវិញទៀត បន្ដផ្សព្វផ្សាយណែនាំ និងចង្អុលបង្ហាញអំពីទិសដៅនៃផែនការសកម្មភាពការងារនគរបាល និងសហគមន៍ នៅពេលខាងមុខ ក្នុងការត្រៀមអនុវត្តន៍ការងារនគរបាល និងសហគមន៍នៅទូទាំង ១៦៤៦ឃុំសង្កាត់ នៃរាជធានីខេត្តទាំង២៥ ៕




ឧទ្យានុរក្សនៃក្រសួងបរិស្ថានគឺជាឆ្មាំជួរមុខក្នុងការការពារធនធានធម្មជាតិព្រៃឈើ និងជីវៈចម្រុះ

ឧទ្យានុរក្សនៃក្រសួងបរិស្ថានគឺជាឆ្មាំជួរមុខក្នុងការការពារធនធានធម្មជាតិព្រៃឈើ និងជីវៈចម្រុះដែលកម្ពុជាមាន។ រហូតមកទល់ពេលនេះឧទ្យានុរក្សជាង ១២០០នាក់បាននិងកំពុងបំពេញតួនាទីការពារ និងអភិរក្សរបស់ខ្លួន នៅតាមតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជាដោយមិនខ្លាចនឿយហត់ និងលះបង់អាយុជីវិតដើម្បីការ ពារធនធានធម្មជាតិកម្ពុជាដោយសេចក្តីស្រឡាញ់ពេញចិត្ត ទោះបីជាមានឧបសគ្គច្រើនយ៉ាងណាក៏ដោយ។
មន្ត្រីបរិស្ថាន និងឧទ្យានុរក្សដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តក្នុងការការពារធនធានព្រៃឈើ និងអភិរក្សជីវៈចម្រុះនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រះរកានៅតែបន្តជម្នះនូវរាល់បញ្ហាទាំងឡាយដើម្បីការពារដែនជម្រកសត្វព្រៃនេះឱ្យបានគង់វង្សនិងទប់ស្កាត់រាល់បទល្មើសទាំងឡាយក្នុងតំបន់នេះ។ នេះគឺជាការលើកឡើងរបស់លោក អ៊ា សុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បន្ទាប់ពីមានការតដៃរបស់ជនល្មើសជាច្រើននាក់មកលើកម្លាំងឧទ្យានុរក្សការពារដែនជម្រកសត្វព្រៃព្រះរកា កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៧កន្លងទៅ​នៅ​ចំណុចភូមិ​​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​ត្បែង​មាន​ជយ័ ខេត្ត​ព្រះ​វិ​​ហា​រ និងបានវាយដំមកលើមន្ត្រីបរិស្ថាន ហើយបានបង្កឱ្យលោក យ៉ាន់ ប៊ុនសឿង នាយកដែនជម្រកសត្វព្រៃព្រះរការងរបួសក្បែរគុម្ពត្រចៀកខាងស្តាំ។
លោក អ៊ា សុខា បានថ្លែងថា មន្ទីរបរិស្ថានខេត្តបាននិងកំពុងរៀបចំលិខិតបែបបទដើម្បីប្តឹង ក្រុមជនល្មើសដែលបានបង្ករបួសស្នាមមកលើមន្ត្រីមានសមត្ថកិច្ចទៅតុលាការដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ លោក អ៊ា សុខា បានថ្លែងឱ្យដឹងថា មូល​ហេតុ​ដែល​នាំអោយ​មាន​ការបង្ករបួសស្នាមមកលើមន្ត្រីបរិស្ថានកើតឡើង​​ក្រោយពីក្រុមមន្ត្រីបរិស្ថាន និងឧទ្យានុរក្សបាន​បង្ក្រាបបទល្មើសព្រៃឈើ និងបានចាប់​គោយន្ត​កន្ត្រៃ​ដឹកឈើ​ចំនួន​៨​គ្រឿង ដែល​បងប្អូន​ប្រជាពលរដ្ឋមួយចំនួននៅតំបន់ក្បែរនោះបាន​នាំគ្នា​ចូល​ទៅ​កាប់ អារ​ជ្រៀក​ឈើ​នៅ​ក្នុង​ព្រៃ​ការពារ​ព្រះ​រកា។ ដោយសារ​ជនល្លើសមាន​គ្នាច្រើន បាន​​នាំ​គ្នា​កាប់​ខ្សែ​ទំលាក់​ឈើ​ចោល រួច​បរ​គោយន្ត​​មក​ភូមិ ប៉ុន្តែកម្លាំងសមត្ថកិច្ចបានប្រកាន់ខ្ជាប់ក្នុងការអនុវត្តច្បាប់ បានឃាត់​គោ​យ​​ន្ត​ម្តងទៀត នៅវេលា​ម៉ោង​៨​នឹង​៣០​នាទី​យប់ ថ្ងៃទី​២៨ ​ខែ​​កក្ដ​ដា​ ឆ្នាំ​២០១៧​ ដដែល ប្រ​​ជា​ពលរដ្ឋ​ក៏បាន​លើកគ្នា​ជាង​៣០០​នាក់​ទៅ​ព​ទ្ឋ័​វ៉ៃ​ ​លោក យ៉ាន់ ប៊ុន​សឿង អោយ​រងរបួស​ធ្ងន់។ ករណី​ហិង្សា​រវាង​ប្រជាពលរដ្ឋ​​និង​មន្ត្រី​អនុវត្តច្បាប់នេះ បាន​កើតឡើង​៣​លើក​មកហើ​​យ​នៅ​ឆ្នាំ​២០១៥​ និងឆ្នាំ ២០១៦ ដែលនៅពេលនោះមានការបាញ់សម្លាប់មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ និងនៅឆ្នាំ ២០១៧ នេះ បានបង្ករបួសស្នាមមកលើមន្ត្រីឧទ្យានុរក្ស។ ករណី​នេះ​បាន​កើតឡើង​ដោយ​​សង្ស័យថាមាន​អ្នក​នៅ​ពីក្រោយ​ខ្នង​រៀប​ចំគម្រោង​ប្រ​​ឆាំង​អ្នក​អនុវត្តច្បាប់បទល្មើស​ព្រៃឈើ​។
ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីឧទ្យានុរក្សទាំងផ្នែកជីវភាព និងការពង្រឹងសមត្ថភាពដើម្បីប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ។
សូមបញ្ជាក់ថា កម្ពុជាមានផ្ទៃដីព្រៃការពារប្រមាណ៧, ៥លានហិកតាដែលមានសហគមន៍ព្រៃឈើចំនួន១៥០សហគមន៍ និងតំបន់ការពារធម្មជាតិចំនួន៤៦កន្លែង។ កាលពីពេលថ្មីៗនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានមានផែនការប្រែក្លាយតំបន់ឧទ្យានជាតិ ដែនជម្រកសត្វព្រៃជាគោលដៅទេសចរណ៍តំបន់លំហែកាយដើម្បីបង្កើន និងលើកស្ទួយជីវភាពប្រជាសហគមន៍ ដែលនេះគឺជាយុទ្ធសាស្ត្រនៃការការពារធនធានធម្មជាតិរយៈពេលយូរអង្វែង។ លោករដ្ឋមន្ត្រីបានពន្យល់ថា នៅពេលដែលមានភ្ញៀវទេសចរទៅកាន់តំបន់អភិរក្ស ឬសហគមន៍ព្រៃឈើ នោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននឹងទទួលបានចំណូលពីភ្ញៀវទេសចរដោយគាត់បានក្លាយជាអ្នកនាំផ្លូវ អ្នកផ្គត់ផ្គង់ម្ហូបអាហារបាយទឹក និងអាហារផ្សេងៗជូនដល់ភ្ញៀវទេសចរ។ ពលរដ្ឋសហគមន៍នឹងលែងចូលកាប់ព្រៃ ហើយបែរមកថែរក្សាព្រៃឈើជំនួសវិញព្រោះក្រៅពីទទួលបានចំណូលពីភ្ញៀវទេសចរ ពលរដ្ឋក្នុងសហគមន៍ផ្ទាល់នៅតែអាចរកអនុផលព្រៃឈើបន្ថែមទៀតដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ”។
លោកសង្កត់ធ្ងន់ថា នេះគឺជាការប្រែក្លាយជីវភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍យ៉ាងពិតប្រាកដ និងជាការថែរក្សាបាននូវធនធានធម្មជាតិដែលស្របទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រដ្ឋាភិបាល។ ជាមួយគ្នា លោក សាយ សំអាល់ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរកំសាន្តទៅកាន់តំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជាដើម្បីបានឃើញសម្រស់ព្រៃឈើកម្ពុជាដោយផ្ទាល់។ លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ដើម្បីការពារព្រៃឱ្យនៅគង់វង្សនោះ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលបច្ចុប្បន្នសុទ្ធសឹងតែជាអ្នកស្វែងរកដំណើរកំសាន្តចុងសប្តាហ៍គួរតែធ្វើដំណើរទៅកាន់តំបន់អភិរក្ស សហគមន៍ព្រៃឈើ ឬតំបន់បេតិកភណ្ឌធម្មជាតិនៅក្នុងប្រទេសដែលជាតំបន់សក្តានុពលទេសចរណ៍៕









គ្រួសារក្រីក្រចំនួន០៥គ្រួសារ និងសិស្សក្រីក្រចំនួន០៤នាក់ ទទួលបានអំណោយមនុស្សធម៌ពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង

កាលពីថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០១៧ លោក សោម សុជាតា និង​លោក លី សុភា អនុប្រធាន​សហភាពសហព័ន្ធ​យុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ឆ្នាំង បាន​ដឹក​នាំសមាជិក សមាជិកា ស.ស.យ.កខេត្ត ស្រុក ឃុំ​ចុះសួរ​សុខទុក្ខ ​និង​ចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋជួប​ការ​ខ្វះខាត​ចំនួន០៥ គ្រួសារនៅភូមិធ្នង់ឃុំអូរប្ញស្សី និង សិស្សក្រីក្រចំនួន០៤នាក់ស្ថិត​នៅក្នុងឃុំ លង្វែក ឃុំពានី ​និងឃុំច្រេស​ ស្រុក​កំពង់ត្រឡាច។

អំណោយ​ដែល​គ្រួសារ​ទាំង​០៥ទទួលបាននាពេលនោះរួមមាន៖ អង្ករ២៥គ.ក្រ មី០១កេស ទឹកស៊ីអ៊ីវ០១យួរ មុងជ្រលក់ថ្នាំ០១ សម្ភារៈផ្ទះបាយមួយចំនួន ទឹកត្រី០១យួរ និង​ថវិកាប្រាំម៉ឺន​រៀល។ រីឯអំណោយដែល​ក្រុម​ការងារ​ចែកជូនសិស្សម្នាក់ៗរួមមាន៖ អង្ករ២៥គ.ក្រ មី០១កេស ទឹកស៊ីអ៊ីវ០១យួរ មុងជ្រលក់ថ្នាំ០១ សម្ភារៈផ្ទះបាយមួយចំនួន ទឹកត្រី០១យួរ ថវិកាប្រាំម៉ឺនរៀល និង​កង់ម្នាក់០១គ្រឿង៕




លោក ហ៊ុយ វណ្ណៈ លើកឡើងថា «ព័ត៌មានបំពុល គឺជាថ្នាំពុល»

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌​មានកម្ពុជា បានលើកថា ការផ្សព្វផ្សាយព័ត៌មានបំពុលដែលមិនពិតនោះ គឺជាថ្នាំពុលសម្រាប់ទស្សនិកជន និងប្រជាពលរដ្ឋទូទៅ។ លោក បានលើកឡើងដូចនេះ បន្ទាប់ពីបានមើលឃើញថា មានការផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើននៅតាមបណ្តាញសង្គមហ្វេសប៊ុកក្នុងពេលថ្មីៗនេះពាក់ព័ន្ធនឹងការចាប់ក្មេងជាដើម ដែលព័ត៌មានបំពុលទាំងនេះ អាចនឹងធ្វើឱ្យមានភាពចលា​ចលក្នុងសង្គម។

ការផ្សព្វ​ផ្សា​យព័ត៌​មានមិនពិតក្នុងគោលបំណងបង្កភាពវឹកវរក្នុងសង្គម នឹងប្រឈមមុខចំពោះមុខច្បាប់ផងដែរ ជាក់ស្តែង ស​កម្មជន CNRP ដែលបង្ហោះលើ Facebook ថា មានយួនមកចាប់ក្មេងវះក្រលៀន និងភ្នែក បង្កចលាចលនៅស្រុកបារាយណ៍កន្លងមកនោះ ក៏ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធ​នាគារហើយ។

លោក ហ៊ុយ វណ្ណៈ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តាកុំបំផ្លាញ ស្នាមញញឹមរបស់ប្រជាជន សម្រស់ផូរផង់របស់មាតុភូមិ កិត្តិនាមថ្លៃថ្នូររបស់ជាតិ តាមរយៈ «ព័ត៌មានបំពុល»។ លោក ក៏បានអំពាវនាវឱ្យរួមគ្នាក្នុងយុទ្ធនាការ ឈប់ផ្សព្វផ្សាយដំណឹងបំពុល តាមរយៈ Facebook និងសារព័ត៌មានផងដែរ៕


(សូមទស្សនាវីដេអូ) វីដេអូ៖ ចម្លាក់បដិមាដ៏ធំត្រូវបានរកឃើញនៅមន្ទីរពេទ្យទន្លេស្ងួតខាងជើងក្រុងអង្គរធំ

លោក ហ៊ុន ម៉ាណែត ស្នើមហាអំណាចទាំងអស់លើលោក អនុវត្តជំហរស្មើៗគ្នាមិនលូកលាន់កិច្ចការផ្ទៃក្នុង

ចំពោះបញ្ហាជម្លោះរវាងមហាអំណាចអាមេរិក និងរុស្ស៊ី ដែលឈានដល់ដាក់ទណ្ឌកម្មមកលើរុស្ស៊ី ចំពោះការលូកលាន់ ចូលកិច្ចការផ្ទៃក្នុងរបស់អាមេរិក លើការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦ ពីសំណាក់រុស្ស៊ី ដែលទង្វើនេះអាមេរិកមិនអាចទទួលយកបាន។ ជាការឆ្លើយតបចំពោះទង្វើរបស់អាមេរិកនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន បានប្រកាសបណ្តេញមន្ត្រីទូតអាមេរិក ៧៥៥នាក់ ចេញពីប្រទេសរបស់ខ្លួន ដើម្បីជាការសងសឹក។

ជុំវិញបញ្ហាជម្លោះរវាងមហាអំណាចលំដាប់ពិភពលោកទាំងពីរ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ចេញទស្សនៈដូច្នេះថា «ប្រទេសមហាអំណាចទាំងពីរ យល់ថា ការលូកដៃរបស់ប្រទេសដ៏ទៃ ក្នុងកិច្ចការនយោបាយផ្ទៃក្នុងរបស់ប្រទេសខ្លួន គឺជារឿងមួយដែលមិនអាចទទួលយកបានទេ សម្រាប់ប្រទេសអធិបតេយ្យមួយ។ ខ្ញុំយល់ថាជំហរនេះត្រឹមត្រូវ ហើយគួរអនុវត្តសម្រាប់ប្រទេសទាំងអស់ មិនថាប្រទេសតូច ឬប្រទេសមហាអំណាចទេ ហើយប្រទេសមហាអំណាចដូចជា សហរដ្ឋអាមេរិក រុស្សី និងមហាអំណាចផ្សេងទៀត គួរដឹកនាំអនុវត្តគោលជំហរនេះ ដោយខ្លួនជាឧទាហរណ៍»។

លោក ហ៊ុន ម៉ាណែត បានបញ្ចេញទស្សនៈរបស់លោកតាមរយៈ Facebook ផ្លូវការរបស់លោក នាថ្ងៃទី៣១ ខែកក្កដាយ៉ាងដូច្នេះថា៖ «សភាសហរដ្ឋអាមេរិកបានអនុម័ត ការដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសរុស្សី។ មូលហេតុចំបងមួយ គឺដោយសារសហរដ្ឋអាមេរិក បានចោទប្រកាន់រុស្សីថា បានលូកដៃក្នុងរឿងនយោបាយផ្ទៃក្នុង របស់ប្រទេសអាមេរិក កាលពីពេលបោះឆ្នោតជ្រើសរើស ប្រធានាធិបតីនៅអាមេរិកកន្លងទៅនេះ។ រុស្សីបានបដិសេធទៅនឹងការចោទប្រកាន់នេះ ហើយបាន ឆ្លើយតបវិញជាមួយ នឹងការបណ្តេញមន្ត្រីការទូតអាមេរិកជាង ៧៥០នាក់ ចេញពីប្រទេសរុស្សីយ៉ាងយូរត្រឹមថ្ងៃទី១ កញ្ញា ខាងមុខនេះ»។

លោក ហ៊ុន ម៉ាណែត បានបន្តទៀតថា «តើការពិតយ៉ាងណា ហើយអ្នកណាត្រូវ អ្នកណាខុសនោះ យើងមិនអាចសន្និដ្ឋាន បានទេនៅពេលនេះ។ ប៉ុន្តែអ្វីដែលយើងអាចយល់បានក្នុងករណីនេះ គឺថាប្រទេស មហាអំណាចទាំងពីរយល់ថាការលូកដៃ របស់ប្រទេសដ៏ទៃក្នុងកិច្ចការនយោបាយផ្ទៃក្នុងរបស់ប្រទេសខ្លួន គឺជារឿងមួយដែលមិនអាចទទួលយកបានទេ សម្រាប់ប្រទេសអធិបតេយ្យមួយ។ ខ្ញុំយល់ថាជំហរនេះត្រឹមត្រូវ ហើយគួរអនុវត្តសម្រាប់ប្រទេសទាំងអស់ មិនថាប្រទេសតូច ឬប្រទេសមហាអំណាចទេ ហើយប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក រុស្សី និងមហាអំណាចផ្សេងទៀត គួរដឹកនាំអនុវត្តគោលជំហរនេះ ដោយខ្លួនជាឧទាហរណ៍»។

សូមជំរាបថា លោក ពូទីន បានថ្លែងក្នុងបទសម្ភាសមួយ ជាមួយស្ថានីយ៍ទូរទស្សន៍រុស្ស៊ី ដែលចេញផ្សាយនាថ្ងៃអាទិត្យម្សិលមិញថា សហរដ្ឋអាមេរិកនឹងត្រូវតែធ្វើការ កាត់បន្ថយបុគ្គលិកទាំងផ្នែកការទូត រួមទាំងបច្ចេកទេសក្នុងចំនួន ៧៥៥នាក់ ឲ្យបានមុនថ្ងៃទី០១ ខែកញ្ញា ខាងមុខ។ លោកប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា «ដោយសារតែមនុស្សជាង១,០០០នាក់ រួមមានបុគ្គលិកផ្នែកកការទូត និងបច្ចេកទេសកំពុងតែបម្រើការងារនៅក្នុងប្រទេសរុស្ស៊ី បុគ្គលិក៧៥៥នាក់ ក្នុងចំណោមនោះត្រូវតែបញ្ឈប់សកម្មភាពរបស់ពួកគេ នៅក្នុងសហព័ន្ធរុស្ស៊ី»។ ប្រការនេះនឹងធ្វើឲ្យចំនួនបុគ្គលិកស្ថានទូតអាមេរិក នៅទីក្រុងម៉ូស្គូនៅសល់ប្រមាណ ៤៥៥នាក់ ដូចគ្នាទៅនឹងចំនួនបុគ្គលិកស្ថានទូតរុស្ស៊ីប្រចាំនៅឯទីក្រុងវ៉ាស៊ីនតោនដែរ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងម៉ូស្គូបានបង្គាប់ឲ្យអាមេរិកកាត់បន្ថយបុគ្គលិកស្ថានទូតរបស់ខ្លួន ខ្ទង់រយនាក់ តែពុំបានបញ្ជាក់ពីចំនួនជាក់លាក់ពិតប្រាកដនោះឡើយ (ពេលនេះបង្ហាញហើយ៧៥៥នាក់) និងបានឲ្យដឹងទៀតថា ខ្លួននឹងរឹបអូសអចលនទ្រព្យចំនួនពីរកន្លែងថែមទៀត ដែលជាសកម្មសិទ្ធិរបស់ស្ថានទូតអាមេរិក បន្ទាប់ពីសភាតំណាងរាស្រ្ត និងព្រឹទ្ធសភាអាមេរិក បានអនុម័តគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីព្រាង ស្តីពីការដាក់ទណ្ឌកម្មបន្ថែមថ្មីលើរុស្ស៊ី។ ម៉្យាងវិញទៀតនោះ សេតវិមានបានបង្ហើបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាអនុញ្ញាតលើសេចក្តីព្រាងនេះ៕