សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រតិភូរដ្ឋសភាសិង្ហបូរី ជាព្រឹត្តិការណ៍ ថ្មី មួយទៀត នៃទំនាក់ទំនងទ្វេភាគី ដែលជាចំណែកមួយយ៉ាងសំខាន់ ក្នុងការរឹតបន្តឹងចំណងមិត្ត ភា ទ្វេភាគី ក៏ដូចជាក្នុងក្របខណ្ឌអាស៊ាន។
សម្តេចតេជោ លើកឡើងបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Halimah Yacob ប្រធានរដ្ឋសភា នៃប្រទេសសឹង្ហបូរី នៅវិមានសន្តិភាពនាព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥នេះ។
ឯកឧត្តម ស៊្រី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបនេះថា៖ ក្នុងជំនួបនេះសម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានគណៈប្រតិភូសភាសិង្ហបូរី និងបានសំដែងនូវសេចក្តីសង្ឃឹមថាទស្សនកិច្ចនេះនឹង ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
សម្តេចតេជោបានចាត់ទុកថាដំណើរទស្សនកិច្ចរបស់លោកជំទាវ នៅកម្ពុជា មិនមានការលំបាកទេ ដោយសារប្រទេសយើង មានជើងហោះហើរត្រេង់ ពីសិង្ហបូរី មកភ្នំពេញរហូតដល់៣៥ជើង ក្នុង១សប្តាហ៍។
ជាមួយនឹងអំណរគុណដល់សម្តេចតេជោដែលបានអនុញ្ញាតឱ្យលោកជំទាវនិងប្រតិភូចូល ជួបសវនាការនេះ លោកជំទាវ Halimah Yacob បានជំរាបជូនសម្តេចអំពីជំនួបរវាងលោកជំទាវ ជាមួយនឹង សម្តេចពញាចក្រី ហេង សំរិន ក្នុងព្រឹកនេះផងដែរ ។ ទន្ទឹមនេះ សម្តេចតេជោ បានចាត់ទុកថា ដំណើរទស្សនកិច្ច របស់ប្រតិភូសភា សិង្ហបូរី ជាព្រឹត្តិការណ៍ថ្មីមួយទៀត នៃទំនាក់ទំនងទ្វេភាគី របស់ប្រទេសយើងទាំងពីរដែលជាចំណែកមួយយ៉ាងសំខាន់ ក្នុងការរឹតបន្តឹងចំណងមិត្តភាពទ្វេភាគី ក៏ដូចជាក្នុងក្របខណ្ឌអាស៊ានផងដែរ។
សម្តេចតេជោ បានថ្លែងអំណរគុណដល់ភាគីសិង្ហបូរី ដែលបានជួយសហការយ៉ាងច្រើន ជាពិសេសនៅក្នុងវិស័យហ្វឹកហ្វឺនធនធានមនុស្ស ដែលជាកត្តាសំខាន់រួមចំណែកដល់ការអភិវឌ្ឍប្រទេស ដោយសារបច្ចុប្បន្នប្រទេសសិង្ហបូរីបានក្លាយជាមជ្ឈមណ្ឌលដ៏មានសមត្ថភាព ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងសេវាកម្មផ្សេងៗទៀត ។
សម្តេចតេជោបន្តថា យើងមាននិស្សិតជាច្រើនដែលបានស្វះស្វែង រកការបណ្តុះបណ្តាលនៅសិង្ហបូរី តាមរយៈអាហារូបករណ៍ និងដោយផ្ទាល់ខ្លួន ហើយប្រទេសសិង្ហបូរី ក៏បានបង្កើតនូវ មជ្ឈមណ្ឌលហ្វឹកហ្វឺនធនធានមនុស្សនៅកម្ពុជា ក្រៅពីនោះក៏មានវិស័យផ្សេងៗទៀត ដោយប្រទេសសិង្ហបូរី មានចំនុចខ្លាំង ផ្នែកធនធានមនុស្ស និងស្ថាប័នផ្សេងៗ ។
ក្រៅពីការហ្វឹកហ្វឺនធនធានមនុស្ស ប្រទេសសិង្ហបូរី មានទំនាក់ទំនងជាមួយកម្ពុជា ដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ ដោយមានក្រុមហ៊ុនជាច្រើន បានវិនិយោគនៅ កម្ពុជា ក្នុងនោះក៏មានសេវាកម្មសុខាភិបាលផងដែរ ដែលសម្តេចចាត់ទុកថា សិង្ហបូរី បានក្លាយ ជាមជ្ឈមណ្ឌលផ្នែកសេវាកម្មសុខាភិបាល ដ៏មានប្រសិទ្ធភាព ដោយប្រជាជនកម្ពុជា រួមទាំង ប្រជាជននៅក្នុងតំបន់ ដូចជាថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ឥណ្ឌា និងប្រជាជននៅមជ្ឈឹមបូព៌ា ក៏ស្វែងរកសេវាសុខាភិបាលនៅសិង្ហបូរីផងដែរ ជាពិសេសក្រសួងសុខាភិបាលកម្ពុជា មានកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យវេជ្ជសាស្ត្រ។
ទាក់ទិននឹងរឿងនេះ សម្តេចតេជោបាន សំណូមពរឱ្យសិង្ហបូរីបង្កើតកិច្ចសហប្រតិបត្តិការ ផ្ទេរចំណេះដឹង ផ្នែកបច្ចេកវិទ្យាមកឱ្យកម្ពុជា។
សម្តេចតេជោ បានមានប្រសាសន៍ថា ថ្វីបើសហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានបង្កើតនៅចុងឆ្នាំ ២០១៥ នេះក៏ដោយ ក៏ការងាររបស់យើង គឺនៅមានកិច្ចការច្រើនណាស់ ដោយសម្តេចបានសុំឲ្យសិង្ហបូរីបន្តជួយថែមទៀក្នុងការពង្រឹង និងពង្រីក ពាណិជ្ជកម្ម សាយសារក្នុងឆ្នាំកន្លងមកទំហំពាណិជ្ជកម្មរវាងកម្ពុជានិងសិង្ហបូរីមានប្រហែលជាង ២ពាន់៧០០លានដុល្លារ គឺមិនទាន់សមស្របនិងសក្តានុពលដែលយើងមាននោះទេ ដូច្នេះសុំរិះរកមធ្យោបាយធ្វើយ៉ាងណា ដើម្បីបង្កើនទំហំពាណិជ្ជកម្មឲ្យបានកើនឡើងថែមទៀត ជំរុញការវិនិយោគថែមទៀត ក៏ដូចជាការពិនិត្យ ទៅលើការជំរុញការហោះហើរត្រង់ឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកទេសចរ ដោយសារសិង្ហបូរីជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ធំមួយ មានភាពងាយស្រួលដល់ការបន្តដំណើរពីសិង្ហបូរី មកកម្ពុជា បើសិនជាមានការហោះហើរត្រង់កាន់តែច្រើននោះ។
សម្តេចតេជោ ក៏បានរំលឹកពីធាតុចូលដែលសម្តេចបានទទួលពីអតីតនាយករដ្ឋមន្ត្រីសិង្ហបូរី ហ្គោ ជុកតុង ដែលបានផ្តល់យោបល់ ទៅនឹងការបើកចំហរជើងមេឃ សម្រាប់ទេសចរណ៏ ក្រោយមកកម្ពុជាបានអនុវត្តនយោបាយនេះប្រកបដោយជោគជ័យ។
លោកជំទាវប្រធានសភាសិង្ហបូរី បានឯកភាពនូវអ្វីដែលសម្តេចបានលើកពីទំនាក់ទំនងទ្វេភាគី ហើយសម្តេច និងលោកជំទាវបានសំដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដែលមានការរីកចំរើនក្នុងពេលកន្លងមក។ លោកជំទាវបានថ្លែងអំណរគុណសម្តេចដែលបានអញ្ជើញទៅចូលរួមបុណ្យសពអតីតនាយករដ្ឋមន្ត្រីសិង្ហបូរី លីខ្វាន់យូ កាលពីខែកន្លងមក។ លោកជំទាវបានរំលឹកថាកម្ពុជាគឺជាប្រទេសទី១ដែលបានទទួលស្គាល់សិង្ហបូរីនៅពេលសិង្ហបូរីបានទទួល ឯករាជ្យភ្លាម និងបានផ្តើមនូវទំនាក់ទំនងការទូតជាមួយនាយករដ្ឋមន្ត្រីទី១ លោកលីខ្វាន់យូ ជាមួយព្រះមហាវីរក្សត្រកម្ពុជា នរោត្តមសីហនុ។
ឯកឧត្តម ស៊្រី ថាមរ៉ុង្គ បានឲ្យដឹងថា ឆ្នាំនេះសម្តេចតេជោក៏គ្រោងអញ្ជើញទៅចូលរួមបុណ្យឯករាជ្យភាពខួបលើកទី៥០ឆ្នាំរបស់សិង្ហបូរីនាពេលខាងមុខផងដែរ។
លោកជំទាវបានគូសបញ្ជាក់ពីការហ្វឹកហ្វឺនធនធានមនុស្ស ថាជាវិស័យយ៉ាងសំខាន់មួយដែលត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការ ហើយកម្ពុជាគឺជាប្រទេសទី៤ដែលបានទទួលការហ្វឹកហ្វឺនពីសិង្ហបូរីក្នុងចំណោមបណ្តាប្រទេសអាស៊ាន។
លោកជំទាវបានសំដែងការពេញចិត្តចំពោះទំនាក់ទំនងខាងវិស័យវិនិយោគ ជាមួយសិង្ហបូរីដែលកម្ពុជាជាដៃគូរទី៦ក្នុងវិស័យពាណិជ្ជកម្មជាមួយកម្ពុជា។ លោកជំទាវសង្ឃឹមថា ការវិនិយោគនិងទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម នឹងកាន់តែល្អប្រសើរថែមទៀត។ លោកជំទាវ បានលើកឡើងថាយើងគួរមានការផ្លាស់ប្តូរទស្សនកិច្ចកំរិតខ្ពស់ឲ្យបានច្រើនថែម ទៀតដើម្បី ផ្លាស់ប្តូរមតិគ្នាលើបញ្ហាពង្រីកទំនាក់ទំនងទ្វេភាគី។
សម្តេចតេជោ បានសំដែងនូវស្វាគមន៍នូវគំនិតផ្តួចផ្តើមដែលចង់ឲ្យមានសមាគមសភាកម្ពុជា-សិង្ហបូរី ហើយសម្តេច មានប្រសាសន៏ថា ក្រៅពីទំនាក់ទំនងរដ្ឋាភិបាលជាមួយរដ្ឋាភិបាល យើងក៏ត្រូវមានទំនាក់ទំនងខាងផ្នែកនិតិបញ្ញាត្តិ ប្រជាជន និងប្រជាជន សមាគមនិងសមាគម អង្គការនិងអង្គការ ដើម្បីឲ្យយល់ដឹងគ្នាពីគ្រប់មជ្ឈដ្ឋាន ដែលនិងរួមចំណែកដល់ទំនាក់ទំនងខាងនយោបាយផងដែរ៕


