

(ភ្នំពេញ)៖ បន្ទាប់ពីបានដាក់វិធានការ រយៈពេល២សប្តាហ៍កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចបន្តដាក់វិធានការរដ្ឋបាលរយៈពេល២សប្តាហ៍បន្តទៀត។
វិធានការដែលបានដាក់ចេញបន្តនេះ រួមមានវិធានការផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលចំងឺកូវីដ១៩ ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន និងបម្រាមគោចរ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញជាដើម។
យោងតាមប្រការ១ នៃសេចក្តីសម្រេចនេះ បានបញ្ជាក់ថា ការផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន និងបម្រាមគោចររាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម ត្រូវអនុវត្តចាប់ពីម៉ោង ២២ (ម្ភៃពីរ) ដល់ម៉ោង ៣ (បី) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩
ជាមួយគ្នានេះ ក្នុងប្រការ២ បានចែងថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដូចខាងក្រោម៖
- សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន ប៉ុន្តែ អាចធ្វើការបណ្តុះបណ្តាល តាមប្រព័ន្ធអនឡាញ
- អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ
- រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា
- អាជីវកម្មម៉ាស្សា សូណា និងស្ទីមគ្រប់ប្រភេទ
- ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ
- រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។
ដោយឡែកប្រការ៣ បានចែងថា ក្នុងអំឡុងពេល នៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬ ការប្រមូលមនុស្ស ជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១៥ (ដប់ប្រាំ) នាក់ សម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ លើកលែងតែក្នុងករណីសកម្មភាពចាំបាច់មួយចំនួន។
ទន្ទឹមនឹងនេះ ក្នុងប្រការ៤ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការដាក់ចេញនូវវិធានការនេះ ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្មនានា នៅម៉ោង ២២ (ម្ភៃពីរ) ដល់ម៉ោង ៣ (បី) សម្រាប់រយៈពេល ៧ថ្ងៃវិញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ លើកលែងតែក្នុងករណី ចាំបាច់មួយចំនួន៕
នៅថ្ងៃទី១១ខែសីហា ឆ្នាំ២០២១នេះ ក្នុងគោលបំណងបង្ហាញជូនដល់សាធារណជនទាំងក្នុងនិងក្រៅប្រទេស ឱ្យបានឃើញនូវលទ្ធផលជាក់ស្តែងជាផ្លែផ្កា និងជោគជ័យដ៏ធំធេងដែលកើតចេញមកពី «នយោបាយវ៉ាក់សាំង និងទស្សនវិស័យវែងឆ្ងាយនិងឈានមុខគេរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ» អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានផលិត និងបញ្ចេញផ្សាយនូវវីដេអូស្ពតផ្លូវការមួយ មានរយៈពេលប្រមាណជាង១៦នាទី ក្រោមចំណងជើងថា « វ៉ាក់សាំងកាតព្វកិច្ច ជាទស្សនវិស័យឈានមុខគេរបស់សម្តេចតេជោ ហ៊ុន សែន កំពុងក្លាយជាគំរូរបស់ពិភពលោក» ។
![]() |
វីដេអូនេះ បានបញ្ជាក់ថា កម្ពុជាមិនត្រឹមតែឈានមុខគេក្នុងការចាត់ចែងស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែ ប្រមុខដឹកនាំកម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន ក៏ជាមេដឹកនាំដែលមានទស្សនៈវិស័យឈានមុខគេក្នុងរឿង «វ៉ាក់សាំងកាតព្វកិច្ច» ផងដែរ។ «វ៉ាក់សាំងកាតព្វកិច្ច» មានន័យថា មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងបុគ្គលិកសុខាភិបាលផង ត្រូវតែចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាដើម្បីការពារជំងឺកូវីដ-១៩។ ហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជា មានតម្រូវការចាំបាច់ដែលត្រូវតែដាក់ចេញនូវផែនការ « វ៉ាក់សាំងកាតព្វកិច្ច» បែបនេះ?
«វ៉ាក់សាំងកាតព្វកិច្ច» គឺមានគោលបំណងដើម្បីធានាថា គ្រូពេទ្យ, មន្ត្រីរាជការទាំងស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធដែលជាក្រុមមនុស្សជួរមុខ និងជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាលត្រូវតែចាក់វ៉ាក់សាំងជាចាំបាច់ ពីព្រោះអ្នកទាំងនោះ គឺជាសរសរគ្រឹះក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩។ ហើយប្រសិនបើសរសរគ្រឹះទាំងនោះគ្មានអាវុធការពារខ្លួន ហើយរងការវាយប្រហារដោយជំងឺរាត ត្បាតដ៏កាចសាហាវនេះ ប្រទេសទាំងមូលពិតជានឹងជួបគ្រោះអាសន្នដ៍ធំជាក់ជាមិនខាន។
គឺក្នុងទស្សនៈវិស័យដ៏ប្រាកដនិយមបែបនេះហើយ ដែលប្រមុខដឹកនាំកម្ពុជាបានប្រកាសដាក់ចេញនូវគោលការណ៍ដ៍ច្បាស់លាស់នេះឡើង ហើយនៅពេលដែលវ៉ាក់សាំងត្រូវបានចាក់ជូនពលរដ្ឋក្នុងចំនួនច្រើនលើសលប់ គឹនឹងបង្កើតបានូវភាពស៊ាំំក្នុងសង្គមជាតិយើង គួបផ្សុំនឹងការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការសុខាភិបាលចាំបាច់នានា យើងសង្ឃឹមជឿជាក់ថា កម្ពុជាពិតជានឹងឆ្លងផុតដំណាក់កាលដ៏លំបាកនេះដោយជោគជ័យ ហើយច្បាស់ណាស់ថា ជោគជ័យដែលមានអត្ថន័យជាប្រវត្តិសាស្ត្រនេះពិតជាមិនអាចកាត់ផ្តាច់បានឡើយពីទស្សនៈវិស័យឈានមុខគេរបស់សម្តេចតេជោ ហ៊ុន សែន និងការចូលរួមយ៉ាងសស្រាក់សស្រាំនិងដ៍លើសលុបពីសំណាក់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានក៍ដូចជាក្រុមគ្រូពេទ្យ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
និយាយជារួម «វ៉ាក់សាំងកាតព្វកិច្ច» ដែលត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន គឺជានយោបាយដ៏ត្រឹមត្រូវនិងមានប្រសិទ្ធភាពបំផុត ពីព្រោះនយោបាយនេះប្រៀបបានទៅនឹងអាវក្រោះការពារជំងឺកូវីដ-១៩ ដែលពាក់ជាប់នឹងខ្លួនមន្ត្រីជួរមុខរបស់រាជរដ្ឋាភិបាល។
ជាលទ្ធផលជាក់ស្តែងដែលមិនអាចប្រកែកបាននោះ គឺមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងក្រុមគ្រូពេទ្យក៏ដូចជាបុគ្គលិកសុខាភិបាលទាំងអស់ សុទ្ធតែមានសុខភាពល្អ និងចៀសផុតពីការឆ្លងជំងឺកូវីដ -១៩ ដោយសារតែពួកគេគ្រប់គ្នាបានទទួលវ៉ាក់សាំងរួចរាល់។ ដោយសារការត្រៀមលក្ខណៈជាមុននិងបានយ៉ាងម៉ត់ចត់ដ៍ល្អនេះហើយ ទើបកម្ពុជាអាចមានវ៉ាក់សាំងចាក់ជូនពលរដ្ឋរបស់ខ្លួនបានយ៉ាងលឿនរហ័ស ពោល គឺគិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ ២០២១នេះ ពលរដ្ឋខ្មែរដែលជាគោលដៅចំនួនជាង៨០% ហើយដែលទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ ១៩។
យុទ្ធនាការចាក់វ៉ាក់សាំងកំពុងបន្តធ្វើយ៉ាងសកម្មជារៀងរាល់ថ្ងៃ។ ផែនការចាក់វ៉ាក់សាំងដល់មនុស្ស ១០ លាននាក់ដែលគ្រោងនឹងសម្រេចរហូតដល់ដំណាច់ ឆ្នាំ២០២១ ពេលនេះក៍អាចសម្រេចបានមុនការគ្រោងទុក ហើយផែនការនេះនឹងត្រូវពង្រីករហូតដល់ទៅ១៣លានាក់៕
សូមទស្សនាវីដេអូរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖
(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានចេញជូនដំណឹងបន្ថែម ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣៕
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញនាំយកថវិកានិង គ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅប្រគល់ជូនលោកយាយ គឹម សុក្ខន ព្រះជន្ម១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលរស់នៅភូមិទី៧ ខេត្តកំពង់ចាម៕
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន១៥ដើម ដែលមានហានិភ័យខ្ពស់ ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្កលក្ខណៈងាយស្រួលសម្រាប់ការទស្សនាទេសភាពជុំវិញប្រាសាទនាគព័ន្ធ។
ដើមឈើដែលបានកាត់ដកហូតរួមមាន ដើមពពេលងាប់៣ដើម ត្រាច១ដើម ច្រម៉ាស់១ដើម ក្រឡាញ់១ដើម ស្វាយ៥ដើម ខ្នុរ១ដើម ស្វាយចន្ទី១ដើម និងចំបក់ដួលរលំ១ដើម ដែលស្ថានភាពដើមឈើងាប់ទាំងនោះ ដុះទ្រេតក្នុងទឹកជាប់ស្ពានឈើផ្លូវដើរចូលប្រាសាទ និងដុះជាប់ប្រាសាទ។ ចំណែកឯដើមចំបក់១ដើម មានមែកសាខាច្រើន ដុះក្បែរប្រាសាទ ត្រូវបានកាត់ក្រី៦មែកចេញ ដើម្បីសម្រាលតួដើម ចៀសវាងដួលរលំមកលើប្រាសាទ និងភ្ញៀវទេសចរ៕
កំពត៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តកំពត លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីបើកអង្គសិក្ខាសាលាការកសាងអាជីវកម្មប្រកបដោយជោគជ័យ តាមប្រព័ន្ធអនឡាញ (Zoom) ដែលមានការអញ្ជើញចូលរួមពី លោកឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកឧកញ៉ា ចាន់ ស៊ីថា ប្រធានសមាគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជាខេត្តកំពត លោកអភិបាលរងខេត្ត និងមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធចំណុះសាលាខេត្តកំពត ដែលមានការជួយឧបត្ថម្ភពី ធនាគារឯកទេសវីង ធនាគារព្រីនស៍ ក្រុមហ៊ុនមិត្តហ្វូន អង្គការតម្លាភាពកម្ពុជា និងក្រុមហ៊ុន ប៊ី អេស លេន អេន ហូម ខូ អិលធីឌី។
លោកអភិបាលខេត្ត បានថ្លែងបើកអង្កសិក្ខាសាលា ថា សិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ ដោយសារនៅក្នុងខេត្តកំពត មានសហគ្រាសធុនតូច និងមធ្យមក្នុងខេត្តមានចំនួន សរុប ៥២មូលដ្ឋាន ដែលកំពុងត្រូវការ ចំណេះដឹងថ្មីៗបន្ថែមទៀត ក៏ដូចជាត្រូវការជួយជ្រោមជ្រែងបន្ថែមឲ្យពួកគាត់ដែលជាម្ចាស់សហគ្រាសទាំងនោះដែលនៅមានកង្វះខាតជាច្រើនទាំងផ្នែកបច្ចេកទេស ផ្នែកទីផ្សារ ក៏ដូចជាធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់។
លោកអភិបាលខេត្តក៏បានថ្លែងនូវការកោតសរសើរ ចំពោះលោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងលោកឧកញ៉ា ចាន់ ស៊ីថា ប្រធានសាខាសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តកំពត ព្រមទាំងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត និងដៃគូរឧបត្ថម្ភនានា ព្រមទាំងអង្គភាព ស្ថាប័នរដ្ឋ និងវិស័យឯកជន ដែលជាវាគ្មិនចូលរួមធ្វើបទបង្ហាញទាំងអស់បានរួមសហការគ្នាផ្តួចផ្តើម រៀបចំឱ្យមានអង្គសិក្ខាសាលានេះឡើងជាប្រយោជន៍យ៉ាងសំខាន់ដល់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តកំពត ទទួលបានចំណេះដឹងថ្មីៗ បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការអភិវឌ្ឍការងារធុរៈកិច្ចរបស់ខ្លួនកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមអភិបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា សមាជិកដែលមានវត្តមាននៅក្នុង អង្គសិក្ខាសាលានាថ្ងៃនេះ ក្រោយពីបានខិតខំយកចិត្តទុកដាក់ទទួលការបណ្តុះបណ្តាលពេញមួយថ្ងៃនេះ នឹងយកចំណេះដឹងទាំងអស់នេះទៅកសាងអាជីវកម្មរបស់ខ្លួនប្រកបដោយភាពជោគជ័យបន្ថែមទៀត។
សូមជម្រាបថា ការរៀបចំសិក្ខាសាលានេះក្នុងគោលបំណងដើម្បីលើកទឹកចិត្ត និងជំរុញលើកកម្ពស់សមត្ថភាព ចំណេះដឹង ដល់ម្ចាស់សហគ្រាសធុនតូចនិងមធ្យម ឱ្យមានការយល់ដឹងពីការរៀបចំខ្លួនឱ្យសមស្របនឹងនីតិវិធី ក្នុងការទទួលបានហិរញ្ញប្បទានពីធនាគារ ជាពិសេស កម្ចីពីធនាគារសហគ្រាសធុនតូច និងមធ្យម ក្នុងការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ៕