
Tuesday, October 22, 2013
ទស្សនៈវិភាគ៖ របបសភានិយម គ្មានទេបក្សមានសម្លេងភាគតិចដឹកនាំរដ្ឋសភា!
អត្តបទដោយ: សៅ សុភៈ
បក្សប្រឆាំងនៅកម្ពុជា
គួរណាស់ស្វែងយល់អំពីការបែងចែកដាច់ដោយទ្បែកពីរបៀបនៃការគ្រប់គ្រងរដ្ឋ
និងនីតិវិធីនៃការបោះឆ្នោតឲ្យបានច្បាស់ រវាងប្រទេសប្រកាន់របបប្រជាធិបតេយ្យបែបប្រធានាធិបតីនិយម
និងប្រជាធិបតេយ្យបែបសភានិយម។
ក្នុងបរិបទនេះ មានន័យថា
ការទាមទារដោយគ្មានភាពអៀនខ្មាសរបស់ប្រធានគណបក្សសង្គ្រោះជាតិ
ដើម្បីអ្វីមួយដែលក្រុមរបស់ពួកគេហៅថា ការធ្វើឲ្យមានឲ្យមានតុល្យភាពអំណាច
ទាល់តែគណបក្សសង្គ្រោះជាតិទទួលបានតំណែងប្រធានរដ្ឋសភា ដឹកនាំស្ថាប័ននីតិបញ្ញត្តិនោះ
គឺជាទង្វើមិនត្រឹមត្រូវឡើយ។ តើអ្វីទៅ ជា
តុល្យភាពអំណាចរបស់បក្សប្រឆាំង? តើគណបក្សចាញ់ឆ្នោត មានសំឡេងភាគតិចត្រូវតែដឹកនាំរដ្ឋសភា ទើបហៅថា
តុល្យភាពអំណាច ឬយ៉ាងណា?
ការធ្វើមិនយល់អំពីស្ថានការណ៍នយោបាយនៅកម្ពុជា
ដោយព្យាយាមភ្ជាប់ពីរបៀបនៃការគ្រប់គ្រងរដ្ឋ
និងនីតិវិធីនៃការបោះឆ្នោតរបស់សហរដ្ឋអាមេរិកមកសាបព្រួស អនុវត្តនៅកម្ពុជា ដោយមិនខ្វល់អំពីរដ្ឋធម្មនុញ្ញកម្ពុជា គឺដើម្បីតែបំពេញមហិច្ឆតាល្មោភអំណាចរបស់ខ្លួនតែប៉ុណ្ណោះ
។
ប្រជាធិបតេយ្យបែបប្រធានាធិបតីនិយមរបស់សហរដ្ឋអាមេរិក
គឺការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងការបោះឆ្នោតសភាជាតិ ចែកដាច់ពីគ្នា
ពោលគឺខុសពីការបោះឆ្នោតនៅកម្ពុជាទាំងស្រុង។ ការបោះឆ្នោតនៅកម្ពុជា បោះតែម្តង
គឺបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ដើម្បីបង្កើតសភាជាតិ
ហើយសភាជាអ្នកផ្តល់សេចក្តីទុកចិត្តបង្កើតគណៈរដ្ឋមន្ត្រី។ កម្ពុជាមិនមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី
និងបោះឆ្នោតសភាផ្សេងពីគ្នានោះទេ។ ដូច្នេះ បើយោងតាមគោលការណ៍នៃការរៀបចំបែបផែននៃក្បាលម៉ាស៊ីនរដ្ឋសភា
និងគណៈរដ្ឋមន្ត្រីរបស់ប្រទេស
ដែលប្រកាន់យករបបប្រជាធិបតេយ្យបែបសភានិយមនៅលើពិភពលោកនេះ គឺគណបក្សនយោបាយណាដែលទទួលបានសំឡេងភាគច្រើននៅក្នុងរដ្ឋសភាដាច់ខាត
បក្សនយោបាយនោះត្រូវតែដឹកនាំរដ្ឋសភា
មិនអាចឲ្យគណបក្សនយោបាយដែលមានសំឡេងភាគតិចក្នុងសភា ទៅដឹកនាំរដ្ឋសភានោះទេ។
ប៉ុន្តែ ក្រុមបក្សប្រឆាំងបានព្យាយាមបកស្រាយទាំងបំពានលើរដ្ឋធម្មនុញ្ញ តាមរយៈការទាមទារដណ្តើមអំណាចចង់ធ្វើជាប្រធានសភា
ក្រោមហេតុផលថា នោះ គឺជាតុល្យភាពអំណាច ។
គណបក្សប្រឆាំងគួរណាស់យល់អោយបានច្បាស់
ថា នៅសហរដ្ឋអាមេរិក ដែលគេប្រកាន់របបប្រធានាធិបតីនិយមនោះ
ក៏គ្មានតុល្យភាពអំណាចរវាងប្រធានាធិបតី និងសភាដែរ លើកលែងតែប្រធានាធិបតីដែលឈ្នះឆ្នោត និងសភាដែលឈ្នះឆ្នោតនោះ គឺចេញពីគណបក្សតែមួយ។ ឧទាហរណ៍
នៅឆ្នាំ២០០៩ ប្រធានាធិបតី អូបាម៉ា
ដែលជាប់ជាប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ
និងសភាតំណាងរាស្ដ្រក៏ជាប់ភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យ
និងព្រឹទ្ធសភាភាគច្រើនក៏មកពីគណបក្សប្រជាធិបតេយ្យ
បានអនុញ្ញាតឲ្យប្រធានាធិបតី អូបាម៉ា
និងសភាទាំងពីរធ្វើការយ៉ាងស្អិតរមួតជាមួយគ្នា ពិសេស គឺការធ្វើច្បាប់ម្ដងៗ។
ក៏ប៉ុន្ដែនៅដើមឆ្នាំ២០១៣
នេះ
បន្ទាប់ពីគណបក្សសាធារណរដ្ឋបានជាប់ឆ្នោតភាគច្រើននៅក្នុងសភាតំណាងរាស្ដ្រ
តែគណបក្សប្រជាធិបតេយ្យមានសម្លេងភាគច្រើននៅព្រឹទ្ធសភាយ៉ាងណាក៏ដោយ
ក៏លោកប្រធានាធិបតី អូបាម៉ា បានជួបប្រទះនូវការលំបាកយ៉ាងខ្លាំង
ពិសេសក្នុងពេលថ្មីៗនេះ
បានញ៉ាំងឲ្យរដ្ឋាភិបាលអាមេរិកកាំងបានបិទដំណើរការអស់រយៈពេលពីរសប្ដាហ៍។
ដោយឡែកនៅកម្ពុជាវិញ ការដែលគណបក្សប្រឆាំងព្យាយាមយករូបមន្តរបស់សហរដ្ឋអាមេរិក
ចាប់បង្ខំឲ្យអនុវត្តបែបនេះ ត្រូវបាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងកាលពីពេលកន្លងទៅ
បញ្ជាក់យ៉ាងច្បាស់ថា គ្មានប្រទេសណាមួយនៅលើលោកនេះ
អាចប្រគល់តំណែងប្រធានសភាទៅឲ្យគណបក្សដែលមានសំឡេងភាគតិចនោះឡើយ។
រដ្ឋសភា និងរដ្ឋាភិបាល នឹងត្រូវជាប់គាំង
ប្រសិនបើគេប្រគល់តំណែងប្រធានរដ្ឋសភាទៅឲ្យគណបក្សប្រឆាំង
ពីព្រោះប្រធានសភាមានសិទ្ធិបដិសេធមិនលើកយកសេចក្តីព្រាងច្បាប់ណាមួយដែលមានតម្រូវការចាំបាច់
មកជជែកនៅក្នុងអង្គសភា ។
ដូចនេះ
ជុំវិញការទាមទារឲ្យមានតុល្យភាពអំណាចរបស់បក្សប្រឆាំងជារឿងមួយដែលមិនអាចទៅរួចទេ
ហើយក៏គ្មានការចាំបាច់សម្រាប់ច្បាប់របស់កម្ពុជាដែរ
ព្រោះគេបានដឹងយ៉ាងច្បាស់ណាស់ថា តុល្យភាពអំណាចរបស់កម្ពុជាមានរួចជាស្រេចទៅហើយ
គឺការចែកដាច់រវាងអំណាចទាំង ៣ គឺស្ថាប័ននីតិបញ្ញត្តិ
នីតិប្រតិបត្តិ និងតុលាការ។ ជាងនេះទៅទៀតនោះ យោងតាមមាត្រា ៩៨ ថ្មី បានបញ្ជាក់យ៉ាងច្បាស់ណាស់ថា រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រដ្ឋាភិបាលពីតំណែង
ដោយអនុម័តញត្តិបន្ទោស តាមសំឡេងឆ្នោតគាគច្រើនដាច់ខាតនៃចំនួនសមាជិកសភាទាំងមូល។
ញត្តិបន្ទោស ត្រូវបានលើកទ្បើងជូនរដ្ឋសភា ដោយតំណាងរាស្ត្រចំនួន៣០ នាក់
ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន។
ការដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យបក្សប្រឆាំង
៥៥ អាសនៈនោះ គឺដើម្បីធ្វើកិច្ចការបម្រើឆន្ទៈរាស្ត្រក្នុងរដ្ឋសភា
មិនមែនឲ្យបង្កចលាចលសង្គមតាមដងផ្លូវ ជាហេតុនាំដល់ វិបត្តិនយោបាយ បង្អាក់ដំណើរនៃការអភិវឌ្ឍន៍ បង្កនូវអសន្តិសុខជាតិ បង្កើតភាពអនាធិបតេយ្យ ដែលនាំដល់ការភ័យខ្លាចយ៉ាងធ្ងន់សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេសនោះទេ។
ម្យ៉ាងវិញទៀត ការដែលគណបក្សប្រជាជនកម្ពុជាប្រគល់តំណែងអនុប្រធានសភាមួយ
ប្រធានគណៈកម្មការ ៤ និងអនុប្រធានគណៈកម្មការ ៥ បានបង្ហាញពីសមាមាត្រតុល្យភាពអំណាចដែលកើតចេញពីការគាំទ្ររបស់ប្រជាពលរដ្ឋ
ជាក់ស្តែងរួចស្រេចទៅហើយ។
ជារួម
ការទាមទារតុល្យភាពអំណាចរបស់គណបក្សប្រឆាំង គឺមិនឈរលើមូលដ្ឋានច្បាប់ នោះទេ ។
ផ្ទុយទៅវិញ វាគ្រាន់តែជាការធ្វើវិទ្ធង្សនារដ្ឋធម្មនុញ្ញ
តាមរយៈការប្រើប្រាស់អំណាចនៃការបំភ្លៃ ភូតកុហក
និងបំភាន់សាធារណមតិតែប៉ុណ្ណោះ។ ដូច្នេះ ដោយយោងលើលទ្ធផលបោះឆ្នោតផ្លូវការដែលគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ
ក្នុងន័យថា លើសពី៥០ភាគរយបូក១ គឺតម្រូវឱ្យស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាលត្រូវតែដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលឈ្នះដាច់
ហើយការទាមទាររបស់គណបក្សប្រឆាំង
គឺគ្មានទម្ងន់ផ្លូវច្បាប់ណាមួយដើម្បីនឹងទទួលបានដំណែងប្រធានរដ្ឋសភាទេ៕
Subscribe to:
Posts (Atom)