.jpg)
នារសៀលថ្ងៃទី២៣
ខែវិច្ឆិកា ឆ្នាំ២០១៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
រួមជាមួយគណៈប្រតិភូអមដំណើរបានចាកចេញពីរាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលកម្ពុជា
ឡាវ វៀតណាម (CLV) លើកទី៨ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា
ឆ្នាំ២០១៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល
បានអញ្ជើញទៅដល់ចំណតអាកាសយានដ្ឋានអន្តរជាតិវ៉ាត់តៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ប្រកបដោយសុវត្ថិភាព កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃដដែល។
សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍
ពីឯកឧត្តម Boon Preet
SamSangSaih រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ
ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ឯកឧត្តម ហើស សេរីធន ឯកអគ្គរាជទូតវិសាមញ្ញ
និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសឡាវ ព្រមទាំងឯកឧត្តម
លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ នៃប្រទេសឡាវ និងមន្រ្តីការទូតនៃព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបទៀត។
តាមកម្មវិធីដែលបានគ្រោងទុក
ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៨ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ
កម្ពុជា-ឡាវ-វៀតណាម សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលជួបសំដែងការគួរសមជាមួយឯកឧត្តម
ជុំម៉ាលី សាយ៉ាសន ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម
ង្វៀន តាន់យ៉ុង (Nguyen
Tan Dung) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងខណៈដែលប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ៕
