(វ៉ាស៊ីនតោន)៖ សង្រ្គាមនៅអ៊ុយក្រែន បានឈានចូលដល់ដំណាក់កាលថ្មីមួយផ្សេងទៀត រីឯយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកកំពុងមានការផ្លាស់ប្ដូរទៅតាមស្ថានការណ៍ជាក់ស្ដែងដែរ។ ព្រមពេលជាមួយគ្នា ការភ័យខ្លាចពីអាវុធនុយក្លេអ៊ែររបស់រុស្ស៉ីបានថមថយចុះ ខណៈការភ័យខ្លាចពីសង្រ្គាមរុំារ៉ៃយូរអង្វែងនៅអ៊ុយក្រែនបែរជាកំពុងកើនឡើងជាលំដាប់ទៅវិញ។ ដូច្នេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជ្រើសយកការបង្កើនការគាំទ្រដល់ទីក្រុងកៀវ ដោយសង្ឃឹមថាអាចនឹងសម្រេចបាននូវ «ដំណោះស្រាយការទូតដ៏ប្រាកដប្រជាមួយ» នៅក្រោមយុទ្ធសាស្ត្រ «ដំឡើងសាច់ដុំ ដើម្បីបន្ធូរបន្ថយជម្លោះ»។ ប៉ុន្តែ យុទ្ធសាស្ត្របែបនេះមានភាពប្រថុយប្រថានច្រើន និងពិបាកនឹងអនុវត្តខ្លាំងណាស់។
អស់រយៈពេលជិតមួយឆ្នាំមកនេះនៃសង្រ្គាមនៅអ៊ុយក្រែន ភាពមិនច្បាស់លាស់ថាតើសង្រ្គាមនេះនឹងទៅជាយ៉ាងណា កាន់តែរីកធំឡើងជាងពេលណាៗទាំងអស់។ កាលពី៦ខែដំបូងនៃសង្រ្គាម រុស្ស៉ីគឺជាអ្នក មានប្រៀប តែ៥ខែក្រោយមក អ៊ុយក្រែនហាក់ដូចជាមានប្រៀបវិញម្ដង នៅក្នុងប្រតិបត្តិការវាយលុកដណ្ដើមយកទឹកដីរបស់ខ្លួនមកវិញ។ សព្វថ្ងៃ វារឹតតែពិបាកប្រាប់ទៅទៀតថាតើនរណាមានប្រៀបជាងនរណា ក្នុងបរិបទដែលទាំងរុស្ស៉ី និងអ៊ុយក្រែនសុទ្ធតែកំពុងត្រៀមបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំថ្មីមួយរៀងៗខ្លួន។ សម្រាប់លោក ពូទីន «មិត្តល្អបំផុតរបស់លោក» គឺពេលវេលា ដោយប្រសិនបើលោកនៅតែ អាចបន្តបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ហើយអាចបន្តគ្រប់គ្រងទឹកដីអ៊ុយក្រែនដែលទាហានរុស្ស៉ីកំពុងកាន់កាប់ នោះលោកអាចនឹងបង្កើតស្ថានភាពនៃសង្រ្គាមយូរអង្វែងមួយដែលលោកជឿថា ឧត្ដមភាពខាងចំនួនកងទ័ពរបស់រុស្ស៉ី អាចនឹងសម្រេចលទ្ធផលចុងក្រោយមួយដែលលោកចង់បាន។
ចំណែកឯ អ៊ុយក្រែនវិញ មើលឃើញថា «ពេលវេលាគឺជាសត្រូវរបស់ខ្លួន»។ ពីព្រោះថាក្នុងកាលៈទេសៈសព្វថ្ងៃ អ៊ុយក្រែនត្រូវចាប់យកឱកាសបាន ទាន់ពេលដែលទាហានរុស្ស៉ីមានចំណុចខ្សោយច្រើន និងមុន ពេលទាហានរុស្ស៉ីជាង ២០០,០០០នាក់ដែលត្រូវបានកែននោះ ធ្វើដំណើរទៅដល់សមរភូមិ ក៏ដូចជាមុនពេលក្រុមហ៊ុនផលិតអាវុធរុស្ស៉ីអាចផលិតអាវុធគ្រប់គ្រាន់តាមតម្រូវការ និងមុនពេលការគាំទ្ររបស់ លោកខាងលិចចំពោះទីក្រុងកៀវ អាចនឹងចុះខ្សោយ ឬរលាយបាត់ដោយប្រការណាមួយ។ ជាការពិតណាស់ រដ្ឋបាលលោក ចូ បៃដិន នៅតែរក្សាការប្រុងប្រយ័ត្នជានិច្ចចំពោះសុទិដ្ឋិនិយម និងវត្ថុបំណងនៅក្នុង សង្រ្គាមអ៊ុយក្រែន បើទោះជាកងកម្លាំងអ៊ុយក្រែនសម្រេចបានជោគជ័យជាបន្តបន្ទាប់នាពេលកន្លងមកក៏ដោយ។ ដ្បិតដោយសារតែ ទឹកដីអ៊ុយក្រែនគ្រប់គ្រងដោយទាហានរុស្ស៉ីបានរួមតូចក៏ពិតមែន តែវាក៏ផ្ដល់ ភាពងាយស្រួលដល់ទាហានរុស្ស៉ី ក្នុងការការពារទីតាំងកាន់កាប់របស់ខ្លួនជាងមុនដែរ។ ដូច្នេះហើយ រដ្ឋបាលលោក ចូ បៃដិន កំពុងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្តរបស់ខ្លួនតាម «វិធីសាស្ត្រចំនួន ៣» នោះគឺ៖
ទី១៖ ការកំណត់ «វត្ថុបំណង» របស់សហរដ្ឋអាមេរិកនៅក្នុងសង្រ្គាម។ កាលពីខែធ្នូ ឆ្នាំ២០២២ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន បានប្រកាសថាសហរដ្ឋអាមេរិកប្ដេជ្ញាចិត្តជានិច្ចក្នុងការជួយ អ៊ុយក្រែន រំដោះទឹកដីដែលបានបាត់បង់គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំដដែល ពោលគឺចាប់តាំងពីលោក ពូទីនបញ្ជូនកងទ័ពរបស់លោកចូលឈ្លានពានអ៊ុយក្រែន។ នេះមិនរាប់បញ្ចូលទឹកដីដែលរុស្ស៉ីបានប្លន់ យកពីអ៊ុយក្រែនចាប់តាំងពីឆ្នាំ២០១៤មកនោះទេ។ វត្ថុបំណងរបស់ទីក្រុងវ៉ាស៊ីនតោន ជាគោលការណ៍នោះគឺចង់ឱ្យអ៊ុយក្រែនមានសមត្ថភាពអាចការពារខ្លួនឯងដោយយោធា, មាននយោបាយឯករាជ្យ និងមាន ស្ថិរភាពសេដ្ឋកិច្ច ប៉ុន្តែ មិនមានរាប់បញ្ចូលការរំដោះទឹកដីដែលពិបាកនឹងអាចធ្វើទៅរួច ដូចជាតំបន់គ្រីមៀ និងតំបន់ដុនបាស់នោះឡើយ។
ទី២៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបានបង្កើនការបញ្ជូនអាវុធទំនើបៗបន្ថែមឱ្យអ៊ុយក្រែន។ តួយ៉ាងដូចជា រថពាសដែកដឹកកងទ័ព ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot និងរថក្រោះជាដើមដែល សុទ្ធសឹងតែជាអាវុធអាចជួយឱ្យទាហានអ៊ុយក្រែនវាយទម្លុះខ្សែការពារទាហានរុស្ស៉ី។ ទីក្រុងវ៉ាស៊ីនតោន ក៏ត្រូវបានគេរាយការណ៍ដែរថាបានត្រៀមជាស្រេចបញ្ជូនអាវុធរយៈចម្ងាយឆ្ងាយ នោះគឺប្រព័ន្ធមីស៊ីល ប្រភេទ GLSDB ដែលអាចបាញ់បានឆ្ងាយជាងប្រព័ន្ធមីស៊ីល HIMARS ២ដង ក្នុងពេលដែលអាវុធទំនើបកំពុងស្ថិតនៅក្នុងការជជែកដេញដាល គឺយន្ដហោះចម្បាំងជំនាន់ទី៤ ដូចជា F-16។ លោក បៃដិន កាលពីពេលថ្មីៗនេះបានប្រកាសថាសហរដ្ឋអាមេរិកនឹងមិនបញ្ជូនយន្ដហោះចម្បាំង F-16 ដល់ទីក្រុងកៀវឡើយ ប៉ុន្តែនៅពេលកាលៈទេសចាំបាច់មកដល់ លោកតែងតែធ្វើឱ្យគេគ្រប់គ្នាភ្ញាក់ផ្អើលដោយផ្លាស់ប្ដូរ ចិត្ត ជាឧទាហរណ៍ដូចជាករណីរថក្រោះប្រយុទ្ធ Abrams។
ទី៣៖ លោក ចូ បៃដិន ប្រហែលជាមិនហ៊ានស្រមៃ ហើយក៏នឹងមិនជំរុញលើកទឹកចិត្តឱ្យអ៊ុយក្រែនវាយរំដោះយកតំបន់គ្រីមៀ ពីរុស្ស៉ីមកវិញនោះដែរ។ ប៉ុន្តែ មួយរយៈពេលចុងក្រោយនេះ លោក បៃដិន ត្រូវបាន គេរាយការណ៍ថាបានបង្ហាញជំហរគាំទ្រម្ដងជាពីរម្ដង ដល់ការវាយប្រហាររបស់អ៊ុយក្រែនលើឧបទ្វីបមួយនេះ។
គួរបញ្ជាក់ថា ក្រុមអ្នកវិភាគលោកខាងលិចភាគច្រើន បានព្រមានថាការវាយប្រហារលើតំបន់គ្រីមៀ អាចនឹងបង្កឱ្យមានសង្រ្គាមទ្រង់ទ្រាយធំជាមួយរុស្ស៉ី ពីព្រោះលោក ពូទីន បានចាត់ទុកតំបន់គ្រីមៀ គឺជាស្នូល ដ៏សំខាន់នៃគំនិតដែលចង់បង្កើតចក្រភពរុស្ស៉ីដ៏ខ្លាំក្លាមួយនៅក្រោមការដឹកនាំរបស់លោក។ តែដោយសារតែគ្រីមៀសំខាន់ខ្លាំងសម្រាប់លោក ពូទីន នោះការធ្វើឱ្យលោកយល់ថាអាចនឹងបាត់បង់ទឹកដីមួយនេះ ក៏អាចជាមធ្យោបាយមួយ ដើម្បីបង្ខំឱ្យលោកពិចារណាលើកិច្ចចរចាដែរ។ គេក៏បានឃើញរួចមកហើយដែរថាការសម្លុតគំរាមពីអាវុធនុយក្លេអ៊ែររបស់លោក ពូទីន គ្រាន់តែជាការកម្លាដែលធ្វើឱ្យបណ្ដាប្រទេស លោកខាងលិចធ្វើការសន្និដ្ឋានថាការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្រ្គាមអ៊ុយក្រែន គឺមានលទ្ធភាពកើតឡើងតិចតួចបំផុត ហើយការយល់ព្រមផ្ដល់រថក្រោះធុនធ្ងន់ដល់អ៊ុយក្រែន អាចយកមកធ្វើជា ឧទាហរណ៍ស្រាប់។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក ក៏មិនចង់ឱ្យសង្រ្គាមបន្តអូសបន្លាយតទៅទៀតនោះដែរ ពីព្រោះថាវាអាចនឹងធ្វើឱ្យអ៊ុយក្រែនកាន់តែខ្ទេចខ្ទាំ រីឯអាមេរិកខ្លួនឯងក៏កាន់តែត្រូវចំណាយ លុយរាប់ពាន់លានដុល្លារ ប្រឈមមុខនឹងការធ្លាក់ចុះអាវុធនៅក្នុងឃ្លាំង ដែលនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់យុទ្ធសាស្ត្រ ឬការត្រៀមលក្ខណៈសម្រាប់សង្រ្គាមដែលអាចនឹងកើនឡើងរវាងចិន និងតៃវ៉ាន់។
សរុបមកវិញ លោក បៃដិន មានបំណងជួយអ៊ុយក្រែនដាក់សម្ពាធលើរុស្ស៉ី និងមានជំហររឹងមាំនៅលើសមរភូមិ ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកកិច្ចចរចា នៅក្រោយសង្រ្គាមដំណាក់កាលបន្ទាប់បិទបញ្ចប់។ ពោល មិនមែនដើម្បីជ័យជម្នះទាំងស្រុងរបស់អ៊ុយក្រែនឡើយ។ ប៉ុន្តែ លទ្ធភាពអាចទៅរួចនៅក្រោមយុទ្ធសាស្ត្រនេះ បច្ចុប្បន្នហាក់ដូចជានៅឆ្ងាយពីការពិត នោះគឺការពិតមួយដែលត្រូវតម្រូវឱ្យទាល់តែទាំងរុស្ស៉ី និងអ៊ុយក្រែន យល់ឃើញថាការបន្តធ្វើសង្រ្គាមនឹងមានតែធ្វើឱ្យពួកគេទាំង២ រឹតតែខ្ទេចខ្ទាំតែខ្លាំង ហើយជម្រើសមានតែចរចាគ្នាតែប៉ុណ្ណោះ។ ការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្ររបស់លោក ចូ បៃដិន គឺជាការប្រឹងប្រែងដោះស្រាយស្ថានការណ៍ប្រែប្រួលនៅលើសមរភូមិ និងព្យាយាមស្វែងយល់ថាតើការវិវត្តយោធាបែបណា ដែលអាចនឹងសម្រួលដល់កិច្ចចរចាដែលកំពុងជាប់គាំង។ តែវាក៏មិនប្រាកដដែរថា យុទ្ធសាស្ត្រនេះនឹងដំណើរការនោះដែរ៕ (Fresh News)