ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជម្រុញអោយថ្នាក់ដឹកនាំ អាជ្ញាធរជាតិព្រះវិហារ ដែលទើបត្រូវបានតែងតាំងថ្មី ត្រូវមានវត្តមានជាប្រចាំ នៅប្រាសាទព្រះវិហារ ដើម្បីធ្វើការជាដៃគូជាមួយស្ថាប័នអន្តរជាតិ ដែលជាគោលដៅស្របនឹងបេសកកម្មរបស់អាជ្ញាធរជាតិព្រះវិហារ ជាពិសេស ICC-Preah Vihear ។ ការជំរុញបែបនេះ បានធ្វើឡើងក្នុងពិធីប្រកាសតែងតំាងចូលកាន់តំណែងថ្មី នៃអាជ្ញាធរមួយនេះ កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
បន្ទាប់ពីអានព្រះរាជក្រឹត្យ ស្តីពីការតែងតំាង ថ្នាក់ដឹកនំាអាជ្ញាធរជាតិព្រះវិហាររួចមក ឯកឧត្ត ជុច ភឿន ប្រធានកិត្តិយសអាជ្ញាធរជាតិ ដើម្បីការពារនិងអភិវឌ្ឍរម្មណីយ៏ដ្ឋានវប្បធម៌ធម្មជាតិ នៃប្រាសាទព្រះវិហារ បានបង្ហាញពីលទ្ធផល ដែលអាជ្ញាធរជាតិព្រះវិហារ ធ្វើបានកន្លងមក ដែលរួមមានការត្រួតពិនិត្យ វាយតម្លៃការខូចខាត នៅតំបន់ប្រាសាទព្រះវិហារ ក្រោយការបាញ់ប្រហារ របស់កងទ័ពសៀម មកលើប្រាសាទព្រះវិហារ កាលពីឆ្នាំ ២០០៨ ដល់ ២០១១ ។ បានធ្វើការសង្គ្រោះបន្ទាន់ ចំពោះទីតាំងដែលអាចដួលរលំប្រាសាទ ធ្វើកំណាយបុរាណ សង្គ្រោះ នៅតាមទីតាំងសំខាន់ៗមួយចំនួនរបស់ប្រាសាទ ប្រមូលវត្ថុបុរាណ ពីការជីកលេណដ្ឋាន ពីការងារសាងសង់ផ្លូវ និង ពីប្រជាពលរដ្ឋនៅក្នុងតំបន់ រក្សាទុកនៅក្នុងសារមន្ទីរធម្មជាតិសកល សម្តេចតេជោហ៊ុនសែន ព្រះវិហារ សំអាត និងថែទាំជាប្រចាំបរិវេណប្រាសាទព្រះវិហារ និង បណ្តោយជណ្តើរបុរាណខាងកើត អភិរក្ស ការពារភ្លើង ឆេះព្រៃនៅក្នុងតំបន់អភិរក្សទាំងមូល ។ ក្រៅពីនេះ បានសហការជាមួយ ក្រុមការងារពិសេសថ្នាក់ជាតិ ចុះបោះបង្គោលអភិរក្ស សម្រាប់តំបន់ទាំងបួន នៃរមនីយដ្ឋានប្រាសាទព្រះវិហារ ស្តារបារាយណ៍សុរិយតដាក និង សិក្ខារតដាក ក៏ដូចជា សាងសង់ជណ្តើរឈើ ស្របតាមជណ្តើរបុរាណ ការរៀបចំផ្សារជើងប្រាសាទ ដែលត្រូវបានបំផ្លាញ ដោយទាហានសៀម។
ក្នុងឱកាសនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍ថា៖ បញ្ហាចម្បង ដែលអាជ្ញាធរជាតិព្រះវិហារ ត្រូវធ្វើមុនដំបូងបំផុត គឺការកសាងលំនៅដ្ឋានសម្រាប់មន្ត្រី នៃអាជ្ញាធរជាតិព្រះវិហារ ដើម្បីឲ្យមន្ត្រីអាចស្នាក់នៅ និងធ្វើការបាន ព្រោះយើងមិនអាចបន្តឲ្យ អ្នកបុរាណវិទូ និងមន្ត្រីអាជ្ញាធរជាតិ ស្ថិតនៅតែទីក្រុងភ្នំពេញនោះទេ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ "ក្នុងមួយសប្តាហ៍ មន្ត្រីអាជ្ញាធរព្រះវិហារ ស្ថិតនៅភ្នំពេញ ៦ ថ្ងៃទៅហើយ ដូចនេះកិច្ចការស្រាវជ្រាវ កិច្ចអភិរក្ស ពិតជាមិនអាចទៅមុខបានទេ វាទាមទារឲ្យមានការលះបង់ខ្ពស់ ខាំស្មៅ ហ៊ានធ្វើ ពលីកម្ម ដើម្បីបេតិកភណ្ឌជាតិ ទើបអាចទៅរួច "។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍ថា ICC-Preah Vihear ត្រូវបានបង្កើតឡើង ដោយមានប្រទេសមហាអំណាចពីរ ជាសហប្រធានគឺ ចិន និងឥណ្ឌា រួមជាមួយប្រទេសចំនួន ៩ ជាសមាជិក និងអង្គការអន្តរជាតិជិត ២០ បានចូលរួម ហើយយើងសង្ឃឹមថា ICC-Preah Vihear ក៏និងទទួលបាននូវថវិកាប្រមាណ ៥០០ លានដុល្លារអាមេរិកផងដែរ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រុញឲ្យអាជ្ញាធរជាតិព្រះវិហារ ត្រូវខិតខំបន្តទៀត ដើម្បីធ្វើឲ្យទទួលបានជោគជ័យ ដូចប្រាសាទអង្គរវត្ត ហើយមានលទ្ធភាពទាក់ទាញភ្ញៀវឲ្យទៅទស្សនាប្រាសាទព្រះវិហារឲ្យបានច្រើនដូចជា ប្រាសាទអង្គរវត្តផងដែរ ហើយក៏បានឲ្យបន្តជំរុញការងារ សិក្សាស្រាវជ្រាវ ចងក្រងឯកសារ សម្រាប់ការអភិរក្ស ពង្រឹងសក្តានុពល តំបន់រមណីយដ្ឋាន ប្រាសាទព្រះវិហារ សម្រាប់ទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្រប់ស្ថាប័នរដ្ឋ និង ឯកជន ជាពិសេសអង្គភាពកងទ័ព នគរបាល អាជ្ញាធរដែនដី និង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាកិច្ចការអភិរក្ស ទប់ស្កាត់ការជួញដូរវត្ថុបុរាណ និងបន្តអភិរក្សព្រៃឈើ និងជួសជុលប្រាសាទព្រះវិហារ ឲ្យបានជោគជ័យ ។
ឯកឧត្តម គឹម សេតារា ដែលត្រូវបានរាជរដ្ឋាភិបាល ផ្តល់ទំនុកចិត្តឲ្យធ្វើជាប្រធានអាជ្ញាធរជាតិព្រះវិហារ បានប្តេជ្ញាថា៖ នឹងបន្តដឹកនាំ និងពង្រឹងការបំពេញបេសកកម្ម ដ៏ឧត្តុងឧត្តម ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន នៅក្នុងស្ថាប័នអាជ្ញាធរជាតិព្រះវិហារ ផ្អែកលើគោលការណ៍ ការពារផលប្រយោជន៍ជាតិជាធំ សាមគ្គីភាពផ្ទៃក្នុង និងក្រមសីលធម៌វិជ្ជាជីវៈ ដោយបន្តជម្រុញការអនុវត្តការងារ ឲ្យមាននិរន្តរភាព និងប្រសិទ្ធភាព និង ការធ្វើឲ្យមានសុខដុមនីយកម្ម នៅតំបន់នោះ ៕