Wednesday, October 09, 2019

វីដេអូ៖ ចាប់ខ្លួនអតីតអនុប្រធានប្រតិបត្តិ CNRP ២រូប នៅខេត្តកំពង់ស្ពឺ ពាក់ព័ន្ធបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍


សមត្ថកិច្ចខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ បានចាប់ខ្លួនមនុស្ស២នាក់ ដែលគេស្គាល់ថា ជាអតីតអនុប្រធានប្រតិបត្តិបក្សសង្គ្រោះជាតិ (CNRP) ២រូប នៅខេត្តកំពង់ស្ពឺ ដោយបានចោទប្រកាន់ពីបទ «ធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលប្រព្រឹត្តនៅភូមិដូនពេញ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជនទាំង២នាក់នោះមានឈ្មោះ អ៊ុ យ៉ុង ភេទប្រុស អាយុ៦១ឆ្នាំ និង ឈ្មោះ ពុយ តាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់តុលាការខេត្តកំពង់ស្ពឺ៕

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយគណៈប្រតិភូកងទ័ពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ បានទទួលជួបពិភាក្សាការងារជាមួយលោកឧត្ដមសេនីយ៍ឯក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ (Mohammad Chiragh Haider) នាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន កងទ័ពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូកងទ័ពប៉ាគីស្ថានមកធ្វើទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍ ចំពោះគណៈប្រតិភូកងទ័ព នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរឲ្យបានកាន់តែល្អប្រសើរ។ លោក ហ៊ុន ម៉ាណែត បានជម្រាបជូនប្រតិភូថា៖ ចាប់តាំងពីប្រទេសកម្ពុជា បានបញ្ចប់សង្គ្រាម ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មក បានធ្វើអោយប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស។
ជាមួយគ្នានោះ លោកក៏បានជម្រាបជូនអំពីដំណើរការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលបានធ្វើឡើងជាបន្តបន្ទាប់ ក្នុងនោះកងទ័ពជើងគោកក៏ត្រូវបានធ្វើការកែទំរង់ផងដែរ ដើម្បីពង្រឹងសម្ថភាព គុណភាព របស់ខ.ភ.ម អោយក្លាយជាកងទ័ពមួយ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចការពារ អធិបតេយ្យ បូរណភាពទឹកដី អោយបានកាន់ រឹងមាំ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា៖ កងពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ក្នុងកិច្ចការពារ សន្តិសុខទាំងផ្ទៃក្នុងប្រទេស ក៏ដូចជាការរួមចំណែកពង្រឹងសន្តិសុខក្នុងតំបន់ ដោយបានផ្តោតការយកចិត្តទុកដាក់លើការប្រឆាំងភេរវកម្ម ដែលបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកកំពុងយកចិត្តទប់ស្កាត់ជាប្រចាំ។
មានមតិឆ្លើយតប លោក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័សនៅកម្ពុជា ហើយលោកបានរំលឹកឡើងវិញអំពីបេសកកម្មរក្សាសន្តិភាព របស់កងទ័ពប៉ាគីស្ថាននៅលើទឹកដីកម្ពុជា ក្នុងសម័យអ៊ុនតាក់កាលឆ្នាំ១៩៩៣ ដែលកងទ័ពប៉ាគីស្ថានបានចូលមកជួយរក្សាសន្តិភាពនៅប្រទេសកម្ពុជា។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ កម្ពុជា ប៉ាគីស្ថាន នឹងបាននាំមកនូវវការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងការកសាងសមត្ថភាពកងទ័ពទាំងពីអោយមានការរីកចំរើន៕





សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ណែនាំដល់យុវជនត្រូវចូលរួមដាំដើមឈើ និងថែរក្សា ការពារធនធានធម្មជាតិឱ្យបានល្អនិងត្រៀមបោះជំរុំ

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំការងារបោះជំរុំប្រចាំឆ្នាំរបស់ ស.ស.យ.ក ខេត្ត និងការងារដាំដើមឈើនៅតំបន់ភ្នំនាងកង្រី ក្រោមប្រធានបទ «ដាំដើមឈើសម្រាប់យុវជនជំនាន់ក្រោយ» និងប្រជុំត្រៀមការងារមួយចំនួនទៀតក្រោមអធិបតីភាពលោក ហេង ពិទូ ប្រធាន ស.ស.យ.ក ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកអនុប្រធាន និងសមាជិក សមាជិកា ស.ស.យ.ក។
ការដាំដើមឈើនៅតំបន់ភ្នំនាងកង្រី គឺរៀបចំជាផែនការយុទ្ធសាស្ត្រសម្រាប់ដាំរយៈពេល៥ឆ្នាំ (២០១៩-២០២៤) គម្រោងនេះបានទទួលកិច្ចសហការគាំទ្រផ្តល់កូនឈើពីក្រសួងបរិស្ថាន សហគមន៍ក្នុងតំបន់ វិស័យឯកជន និងរដ្ឋបាលមូលដ្ឋាន ក្នុងគោលដៅពង្រឹងសហគមន៍អោយមានភាពប្រសើរឡើង យល់ដឹងកាន់តែស៊ីជម្រៅស្តីពីអត្ថប្រយោជន៍នៃការអភិរក្សធនធានធម្មជាតិ និងចូលរួមគ្រប់គ្រងប្រកបដោយនិរន្តរភាព តាមរយៈការអប់រំផ្សព្វផ្សាយ ការការពារ និងដាំដុះកូនឈើឡើងវិញលើផ្ទៃដីប្រមាណ ៥០ហិចតា ជុំវិញបរិវេណភ្នំនាងកង្រី ហើយគម្រោងនេះនឹងត្រូវអនុវត្តជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ និងមានវិសាលភាពអនុវត្តអាស្រ័យលក្ខណៈសមស្របនៃធនធាន៕


កងទ័ពកម្ពុជា-ប៉ាគីស្ថាន ជំរុញល្បឿននៃកិច្ចសហប្រតិបត្តិការពង្រឹងពង្រីកទំនាក់ទំនងរឹតចំណងសាមគ្គីភាព រវាងកងទ័ពទាំងពីរឱ្យកាន់តែជិតស្និទ្ធរឹងមាំ

ជំនួបសំដែងការគួរសម និងពិភាក្សាការងារមួយ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅសាលសវនាការរបស់អគ្គបញ្ជាការដ្ឋាន នាទីក្រុងភ្នំពេញ រវាងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ ជាមួយឧត្ដមសេនីយ៍ឯក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ (Mohammad Chiragh Haider) នាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន កងទ័ពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ក្នុងឱកាសដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ កងទ័ពប៉ាគីស្ថាន អញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង នៃការរឹតចំណងសាមគ្គីភាពមិត្តភាព រវាងកងទ័ព នៃប្រទេសទាំងពីរ ប៉ាគីស្ថាន និងកម្ពុជា ឱ្យកាន់តែប្រសើរ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់ឧត្តមសេនីយ៍ឯក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ នៅកម្ពុជាលើកនេះ មានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ទើបបញ្ចប់ ដែលក្នុងដំណើរទស្សនកិច្ចនេះ ឧត្តមសេនីយ៍ឯក នាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋានកងទ័ពប៉ាគីស្ថាន រួមនិងសមាជិកប្រតិភូ មានគម្រោងចូលជួបសំដែងការគួរសម ជាមួយថ្នាក់ដឹកនាំអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា ថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្នាក់ដឹកនាំកងទ័ពជើងគោក និងធ្វើទស្សនកិច្ចសិក្សា ដកពិសោធន៍ នៅអង្គភាពកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ របស់កងយោធពលខេមរភូមិន្ទ ព្រមទាំងធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីភាពរីកចម្រើនរបស់កម្ពុជា នៅតំបន់មួយចំនួនផងដែរ។
លោក ឥត សារ៉ាត់ បានបញ្ជាក់ថា នៅក្នុងតំបន់ និងនៅលើសកលលោកកំពុងប្រឈមនូវបញ្ហាជាច្រើន ជាពិសេសអំពើភារវកម្ម។ កម្ពុជាបច្ចុប្បន្នមិនទាន់មានមែន ប៉ុន្តែកម្ពុជាមានអង្គភាពប្រឆាំងភារវកម្ម រួចជាស្រេច ដើម្បីត្រៀមគ្រប់លក្ខណៈទាំងអស់សំរាប់ប្រយុទ្ធប្រឆាំងនូវសកម្មភាពនេះ ពីព្រោះយើងពុំដឹងថា អំពើភរវកម្មនេះវាកើតឡើងនៅពេលណា និងនៅកន្លែងណានោះទេ។ ពាក់ព័ន្ធទៅនឹងការទទួលយកសិក្ខាកាម ខ ភ ម ទៅបណ្តុះបណ្តាលនៅប៉ាគីស្ថាន និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងកងទ័ពទាំងពីរនោះ លោក ឥត សារ៉ាត់ បានស្នើរសុំឲ្យនាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋានកងទ័ពប៉ាគីស្ថាន ពិចារណាបន្តជួយទទួលយកនៅសិក្ខាកាមនាយទាហាន នៃកងយោធពលខេមរភូមិន្ទបានទៅបណ្ដុះបណ្ដាលជំនាញ នៅប្រទេសប៉ាគីស្ថាន។ លោក បានបញ្ជាក់ទៀតថា ពីមុនកម្ពុជា ជាប្រទេសមួយដែលពោរពេញដោយសង្គ្រាម ហើយក៍ធ្លាប់ទទួលឲ្យកងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ ចូលមកជួយដោះស្រាយ ស្វែងរកសន្តិភាពសំរាប់កម្ពុជាផងដែរ ដែលក្នុងនោះក៏មានកងទ័ពរបស់ប្រទេសប៉ាគីស្ថានផងដែរ ដើម្បីជួយរកដំណោះស្រាយរាល់វិវាទ នៃជំលោះប្រដាប់អាវុធក្នុងស្រុករបស់កម្ពុជា ប៉ុន្តែឥលូវបន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាព ដោយសារនយោបាយឈ្នះ កម្ពុជាក៏បានបញ្ជូនកងកម្លាំងរបស់ខ្លួនយ៉ាងច្រើន ឲ្យចេញទៅបំពេញបេសកកម្ម ជាកងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅគ្រប់បណ្តាប្រទេសដែលមានជំលោះផងដែរ។
ឧត្តមសេនីយ៍ឯក ម៉ូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ បានបញ្ជាក់ថា រាល់សំណើរបស់ ខ ភ ម លោកនឹងទទួលយក ហើយនិងរាយការណ៍ទៅក្រសួងការពារប្រទេសប៉ាគីស្ថាន ជុំវិញសំណើរបស់កម្ពុជា។ ជាមួយគ្នានេះដែរ លោក ម៉ូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ ក៏បានគោរពអញ្ជើញនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញទៅធ្វើទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសប៉ាគីស្ថាន ទៅតាមពេលវេលាសមគួរណាមួយ ដើម្បីប្រទេសយើងទាំងពីរ កងទ័ពទាំងពីរ បានពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃការរឹតចំណងសាមគ្គីភាព មិត្តភាព តាមរយៈនៃការផ្លាស់ប្ដូរប្រតិភូ ដើម្បីសិក្សាដកពិសោធន៍ ស្វែងយល់ រកភាពរីកចម្រើនពីគ្នាទៅវិញទៅមក នៃកងទ័ពប្រទេសទាំងពីរ កម្ពុជា-ប៉ាគិស្ថាន៕







លោក នាង ផាត អញ្ជើញចូលរួមកិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិ ជប៉ុន-អាស៊ាន លើកទី១១

ឆ្លើយតបតាមការអញ្ជើញរបស់ក្រសួងការពារជាតិ នៃរាជជាណាចក្រជប៉ុន គណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានអញ្ជើញទៅកាន់ប្រទេសជប៉ុន កាលពីរាត្រីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំវេទិការអនុរដ្ឋមន្ត្រីការពារជាតិ ជប៉ុន-អាស៊ាន លើកទី១១ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ។ នៅក្នុងកិច្ចប្រជុំវេទិកាអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន អាស៊ាន លើកទី១១នេះ នឹង មានការចូលរួមពីថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ប្រទេស និងអគ្គលេខាធិការអាស៊ានផងដែរ។
កាលពីរាត្រីថ្ងៃទី០៧ ខែតុលា មុននឹងចេញតំណើរទៅកាន់ប្រទេសជប៉ុន លោក នាង ផាត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអោយដឹងថា៖ វេទិកាអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន-អាស៊ាន លើកទី១១ នេះមានគោលបំណងចម្បង ដើម្បីផ្លាស់ប្តូរទស្សនៈប្រកបដោយភាពស្មោះត្រង់ លើបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់ ដើម្បីលើកកម្ពស់ទំនាក់ទំនងឲ្យកាន់តែជិតស្និត រវាងមន្ត្រីជាន់ខ្ពស់ក្នុងវិស័យយោធា។ លោកបានបញ្ចាក់ទៀតថា៖ តាមរយៈកិច្ចប្រជុំនេះ នឹងលើកយកបញ្ហាមួយចំនួនមកធ្វើការ ពិភាក្សាផងដែរ ដូចជាបញ្ហា ភេរវកម្ម បញ្ហាសន្តិសុខ បញ្ហាកើតឡើងនូវគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ ការគំរាមគំហែងតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាផ្សេងៗមួយចំនួនទៀត ដើម្បីរួមគ្នាធ្វើអោយមានសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ និងលើពិភពលោក។
សូមបញ្ជាក់ថា៖ នៅក្នុងកិច្ចប្រជុំវេទិកាអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន អាស៊ាន លើកទី១១ នៅប្រទេសជប៉ុននេះ លោក នាង ផាត នឹងឡើងថ្លែងសន្ទរកថា គន្លឺះមួយដែលទាក់ទងទៅនឹងបញ្ហាសន្តិសុខក្នុងតំបន់ និងបញ្ហាប្រឈមផ្សេងៗទៀត ដែលកំពុងមានការគំរាមគំហែងនៅក្នុងតំបន់ និងលើពិភពលោក។ ជាមួយគ្នានេះដែរ លោកគ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយនឹង លោក យ៉ាស៊ូណូរី នីស៊ីដា (Yasunori Nishida) អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិជប៉ុនផងដែរ ជុំវិញការពង្រឹងពង្រីកបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង នៃកងទ័ពប្រទេសទាំងពីរកម្ពុជា និងជប៉ុន៕




សូមស្តាប់ចម្រៀងមួយបទដែលមានចំណងជើងថា៖ រួមគ្នាដើម្បីបុព្វហេតុជាតិយើង

អភិបាលខេត្តពោធិ៍សាត់ ស្នើដល់មន្ត្រីមានអំណាចទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវក្រឹត្យក្រមសុក្រិតភាព យុត្តិធម៌ ព្រហ្មវិហារធម៌ និងគុណធម៌

ពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានស្នើដល់មន្ត្រីដែលមានតួនាទី និងអំណាចទាំងអស់ធ្វើយ៉ាងណាប្រើប្រាស់តួនាទីដែលខ្លួនមានឲ្យត្រូវសមស្របទៅនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយគិតពីភាពសុក្រិត យុត្តិធម៌ ព្រហ្មវិហារធម៌ និងការសណ្តោសប្រណី។ លោកបន្ថែមថា ក្រដាសមួយសន្លឹក ដែលប្រគល់ជូនលោកអធិការស្រុក និងលោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថស្រុកនៅមុននេះ គឺគ្រាន់តែជាចំណាត់តាំងតែប៉ុណ្ណោះ ប៉ុន្តែអត្ថន័យ និងខ្លឹមសារដែលសំខាន់នោះ គឺទង្វើ និងសកម្មភាពក្នុងការអនុវត្តន៍ច្បាប់របស់យើង។
លោកអភិបាលខេត្ត បានថ្លែងបែបនេះ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅបរិវេណសាលាស្រុកតាលោសែនជ័យ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោកវរសេនីយ៍ត្រី ហែម មុន្នី ជាអធិការនគរបាលស្រុកតាលោសែនជ័យ និងអធិការរងស្រុក៧នាក់ផ្សេងទៀត ព្រមទាំងលោកវរសេនីយ៍ត្រី ហួត វ៉ាន់ ជាមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានបន្តចុះពិនិត្យទីតាំងគ្រោងសាងសង់អាគារសិក្សាបន្ថែម១ខ្នង ៥បន្ទប់ រួមទាំងរបង និងក្លោងទ្វា ក្នុងសាលាមត្តេយ្យសិក្សាតាលោ ដែលកន្លងមកមានការខ្វះខាតពិបាកក្នុងការបង្រៀន និងរៀន ជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដល់ទីតាំងសិក្សារបស់លោកគ្រូអ្នកគ្រូ ផ្តល់ចំនេះដឹងដល់ សិស្សានុសិស្សដែលជាផ្នែកមួយដល់សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សអោយប្រកបដោយគុណភាព៕




លោកឧបនាយករដ្ឋមន្ដ្រី ស ខេង អញ្ជើញបិទមហាសន្និបាត អាណត្តិទី២ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទមហាសន្និបាត អាណត្តិទី២ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត។
ពិធីនេះ ត្រូវបានរៀបចំធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីប្រធានក្រុមប្រឹក្សារាជធានី-ខេត្ត, អភិបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
គួរជម្រាបថា ពិធីបើកមហាសន្និបាតសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានរៀបចំធ្វើឡើងកាលពីថ្ងៃទី៨ ខែតុលាម្សិលមិញ ក្នុងគោលបំណង ទី១៖បូកសរុបសមិទ្ធផលការងារសម្រេចបានក្នុងរយៈពេល៥ឆ្នាំ, ទី២៖កែសម្រួល និងអនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង និងទី៣៖បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន, សមាជិកក្រុមប្រឹក្សាជាតិ និងសមាជិកគណៈកម្មាធិការប្រតិបត្តិជាតិ។
ក្នុងមហាសន្និបាតនេះ ក៏បានបោះឆ្នោតជ្រើសតាំង លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីធ្វើជាប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី-ខេត្ត អាណត្តិទី៣ អមដោយអនុប្រធាន ចំនួន១២នាក់ផ្សេងទៀត។
សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានបង្កើតឡើង តាមរយៈមហាសន្និបាតលើកទី១ នៅថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ក្នុងគោលបំណង លើកកម្ពស់ឋានៈ អភិវឌ្ឍមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សា ដែលជាសមាជិកសមាគមជាតិ គឺក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខេត្តទាំង២៤។
ក្រុមប្រឹក្សារាជធានីភ្នំពេញ និង២៤ ក្រុមប្រឹក្សាខេត្ត គឺជាសមាជិកសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត។ មាត្រា៨ នៃលក្ខន្តិកៈសមាគមកំណត់ថា សមាគមជាតិរៀបចំមហាសន្និបាតរៀងរាល់៥ឆ្នាំម្តង។ ប្រធាន អនុប្រធានសមាគមជាតិ មានភារកិច្ចចាត់ចែងរៀបចំមហាសន្និបាត ៕







បងប្អូនខ្មែរប្ដេជ្ញាយ៉ាងម៉ឹងម៉ាត់គឺថែរក្សាការពារសន្តិភាព និងកំចាត់ចោលក្រុមក្បត់ជាតិមួយចំនួនតូចមានសកម្មភាពបំផ្លាញប្រទេសជាតិ

ស្វាយរៀង៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែន សាមគ្គីដូនស លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈនៅភូមិដូនស ឃុំដូនស វត្តមានចូលរួមសរុប១១៦នាក់ ស្រី៥៦នាក់។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋបានលើកឡើងពី៖
– បញ្ហាផ្លូវលំពិបាកធ្វើដំណើរ បាននឹងកំពុងដោះស្រាយ
– បញ្ហាសម្រាមនៅផ្សារដូនស បាននឹងកំពុងដោះស្រាយ
– សុំកែសំបុត្រកំណើត បាននឹងកំពុងដោះស្រាយ
– គ្មានលូបង្ហូរទឹកជួរខាងលិចផ្សារដូនស បានដោះស្រាយធ្វើជូននៅដើមខែវិច្ឆិកា ឆ្នាំនេះ
– ស្នើសុំអណ្តូងទឹក១ បានដោះស្រាយ
– អំពើហឹង្សាក្នុងគ្រួសារ បានកំពុងនឹងចាត់វិធានការណ៍។
ជាមួយគ្នាផងដែរនោះ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ ក៏បានមានមតិលើកឡើងថា អាជ្ញាធរស្រុកស្វាយជ្រំ បានប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់ថានឹងត្រូវរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងដំណាក់កាលមួយដែលប្រទេសជាតិ របស់យើងកំពុងមានសន្តិភាព និងកំពុងបន្តការអភិវឌ្ឍលើគ្រប់វិស័យ បើទោះជាមានក្រុមប្រឆាំងមួយចំនួនតូចមានគំនិតបំផ្លាញប្រទេសជាតិយើងក៏ដោយ។
លើសពីនោះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួម និងអនុវត្តច្បាប់ចរាចរណ៍បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ការចូលរួមរៀបចំសណ្តាប់ធ្នាប់ផ្សារដូនស កុំចោលសម្រាមពាសវាលពាសកាល ត្រូវមានការវិចខ្ចប់ឲ្យបានត្រឹមត្រូវ ហើយនៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ សូមបងប្អូប្រជាពលរដ្ឋទាំងអស់ នាំគ្នាហូបអំបុកទាំងអស់គ្នាដើម្បី ការពារជាតិ សាសនាព្រះមហាក្សត្រ ជាទីគោរពសក្ការ:នៃយើង។
បន្ទាប់មកលោកអភិបាលស្រុក រួមជាមួយលោកស្រីមេឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំដូនស និងក្រុមការងារ បានចុះពិនិត្យទីតាំងផ្សារដូនស ដើម្បីគ្រោងដាក់លូរំដោះទឹកជូនប្រជាពលរដ្ឋ នៅដើមខែវិច្ឆិការ ខាងមុខនេះ៕



នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ៖​សន្តិភាពមានតម្លៃណាស់ យើងរួមគ្នាការពារ​ ថែរក្សា​បន្តទៅទៀត​ដោយកុំជឿការឃោសនាបំផ្លាញសន្តិភាព

បន្ទាយមានជ័យ៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក លោកស្រី ជាក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជាង១,០០០នាក់។
ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ បានមានមតិពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៃមហាគ្រួសារអ្នកបន្ទាយមានជ័យ ដែលទទួលរងគ្រោះដោយសារទឹកជំនន់នាពេលនេះ និងបានចាត់ទុកសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលតម្រូវឲ្យមានការដោះស្រាយក៏ដោយ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្តទៀតថា សន្តិភាពមានតម្លៃណាស់ហើយជាអាយុជីវិតរបស់យើងទាំងអស់គ្នា ដូចនេះសូមបងប្អូនទាំងអស់បន្តចូលរួមថែរក្សានូវសន្តិភាពដោយមិនត្រូវជឿនូវការឃោសនាឲ្យទៅចូលរួមសកម្មភាពអ្វីដែលនាំឲ្យមានទោសនាទុក្ខលំបាកដល់ខ្លួន ក្រុមគ្រួសារ និងនាំមហន្តរាយដល់សង្គមជាតិឡើយ។
អំណោយដែលផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនាឱកាសនោះរួមមាន៖
១.ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន៦២១គ្រួសារ ក្នុង១គ្រួសារទទួលបាន ៖ អង្ករ ត្រីខ មី ទឹកស៊ីអ៊ីវ ប៊ីចេង នំ ទឹកសុទ្ធ សារ៉ុង២ និងថវិការ២ម៉ឺនរៀល។
២.គ្រួសារដែលមានសមាជិកស្លាប់ដោយសារលង់ទឹកជំនន់ចំនួន៩នាក់ ក្នុង១គ្រួសារទទួលបានបានអង្ករ ត្រីខ មី ទឹកស៊ីអ៊ីវ ប៊ីចេង នំ ទឹកសុទ្ធ សារ៉ុង២ និងថវិការ៥២ម៉ឺនរៀល។
ដោយឡែកក្នុងថ្ងៃដដែលនោះដែរ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏ បានចូលបច្ច័យចំនួន២លានរៀល ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោកស្រី ប៊ុត ស៊ីលន ជាសមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ដែលបានទទួលមរណភាពនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ៕



បុរសម្នាក់ទៀតដែលពាក់ព័ន្ធផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលជាមួយទណ្ឌិត សម រង្ស៉ី ត្រូវបានតុលាការសៀមរាបចោទប្រកាន់ពីបទរួមគំនិតក្បត់

អយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ បានចោទប្រកាន់ អតីតក្រុមប្រឹក្សាឃុំក្ដីរុនគណបក្សសង្គ្រោះជាតិ ឈ្មោះ ឃុន វាន ពីបទរួមគំនិតក្បត់ តាមមាត្រា ៤៥៣ ក្រមព្រហ្មទណ្ឌ បន្ទាប់ពីជនសង្ស័យម្នាក់នេះ បានពាក់ព័ន្ធនឹងផែនការផ្តួលរំលំរាជរដ្ឋាភិបាលជាមួយទណ្ឌិត សម រង្ស៉ី។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប។
ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងសកម្មភាពរបស់ជននេះ ដែលបានបង្ហោះខ្លឹមតាមប្រព័ន្ធសង្គមហ្វេសប៊ុកពីប្រទេសថៃ ដើម្បីកៀរគរ និងបំផុសឲ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលរកម្ពុជា ដោយសរសេរថា៖ «តោះយើងទៅប្រទេសយើងវិញ, ពួកយើងជាកូន ខ្មែរមានភារកិច្ចជួយមាតុភូមិយើងកុំឈរអោបដៃមើលប្រទេសជាតិជួបគ្រោះមហន្តរាយ, ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រួមគ្នាបញ្ចប់របបផ្តាច់ការនៅកម្ពុជា, យុទ្ធនា ការម្រាមដៃ៩ វិច្ឆិកា ជួយជាតិខេមរាឱ្យរួចផុតពីជនផ្តាច់ការ ហ៊ុន សែន»។
អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តសៀមរាប បាន ចាត់ទុកថា «នេះជាឧបាយកលដើម្បីគាំទ្រដល់ ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៉ី ដោយអនុវត្តតាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៉ី ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល និងគាំទ្រការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ២០១៩»។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ ទោសតាមច្បាប់ ពីបទ រួមគំនិតក្បត់ ដែលមានទោសពី ០៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលាដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសតាមប្បញ្ញត្តិពិសេស នៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕
សូមអានសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអ យ្យការអមសាលាដំបូងខេត្តសៀមរាប៖