Saturday, July 30, 2016

អ្នកជំនាញ​កសិកម្មចិន​ចុះមក​សិក្សាទី​តាំង​គម្រោង​ពិព័រណ៍​កសិកម្មផ្ទះ​កញ្ចក់​នៅភូមិ​ធម្មជាតិ​រុនតាឯក

ប្រធានក្រុមហ៊ុន Forword (Cambodia) Argricultural Development Co.Ltd បាននាំអ្នកជំនាញកសិកម្មរបស់ខ្លួន ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងភូមិធម្មជាតិរុនតាឯក និងសិក្សាទីតាំងក្នុងភូមិរុនតាឯកដើម្បីធ្វើកសិកម្ម កាលពីថ្ងៃទី២៧ ខែមិនថុនា ឆ្នាំ២០១៦។

ការចុះត្រួតពិនិត្យទីតាំងនៅពេលនេះ គឺអនុលោមតាមអនុស្សរណៈយោគយល់គ្នារវាងភាគីចិនជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីបង្កើតឧទ្យានពិព័រណ៍ពាណិជ្ជកម្ម កសិកម្មគំរូ ជាលក្ខណៈផ្ទះកញ្ចក់។ គម្រោងនេះជាផ្នែកមួយនៃគម្រោង CAPROC ដែលរដ្ឋាភិបាលចិនសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីលើកកម្ពស់វិស័យកសិកម្មនៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្តាខេត្តផ្សេងៗទៀតនៃព្រះរាជាណាចក្រកម្ពុជា។

លោក Lan Tian Hoa ប្រធានក្រុមហ៊ុន Forword (Cambodia) Argricultural Development Co.Ltd បានបង្ហាញនូវចំណាប់អារម្មណ៍ថា៖ ការជ្រើសរើសយករុនតាឯកជាគោលដៅបង្កើតឧទ្យានពិព័រណ៍ពាណិជ្ជកម្ម កសិកម្មគំរូ ក៏ព្រោះទីនេះមានផ្ទៃដីធំទូលាយ និងមានភាពអនុគ្រោះចំពោះការធ្វើកសិកម្មផង។ ពួកយើងបានសិក្សាលើទីតាំង ពិភាក្សាអំពីការធ្វើផ្ទះកញ្ចក់ (ប្រវែង កម្ពស់ ពណ៌) ប្រព័ន្ធទឹក កន្លែងស្តុកទឹក លក្ខខណ្ឌក្នុងការធ្វើកសិកម្ម ការរកកម្មករ និងជួបជាមួយអ្នកជំនាញកសិកម្មខ្មែរ ដើម្បីឈ្វេងយល់បន្ថែមពីការធ្វើកសិកម្មនៅភូមិធម្មជាតិរុនតាឯកកន្លងមក។ យើងធ្វើនេះដើម្បីធ្វើជាគំរូដល់ប្រជាជននៅភូមិធម្មជាតិរុនតាឯកផង ដើម្បីពាណិជ្ជកម្មផង ក៏ដូចជាជួយអភិវឌ្ឍទីនេះឱ្យជាក្លាយជាកន្លែងកសិកម្មដ៏ល្បីផងដែរ។


ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានបញ្ជាក់ថា ការចុះមកសិក្សាទីតាំងនេះ គឺដើម្បីពិនិត្យមើលលទ្ធភាពនិងរកវិធីជួយប្រជាជននៅភូមិធម្មជាតិរុនតាឯកឱ្យកាន់តែមានសេដ្ឋកិច្ចល្អប្រសើរតាមរយៈការធ្វើកសិកម្ម។ ការបង្កើតឧទ្យានពិព័រណ៍ពាណិជ្ជកម្ម កសិកម្មគំរូ ក៏នឹងនាំផលល្អដល់ប្រជាជននៅទីនេះឱ្យកាន់តែមានជំនាញធ្វើកសិកម្មផងដែរ ព្រោះគាត់បានទទួលបច្ចេកទេសថ្មីពីអ្នកជំនាញចិនបន្ថែមពីអ្នកជំនាញផ្សេងៗ។ មួយវិញទៀត គាត់ក៏អាចរកកម្រៃបានតាមរយៈការងារក្នុងកសិដ្ឋាននេះដូចគ្នា។ ក្រៅពីនោះ តាមរយៈការធ្វើកសិកម្មផ្ទះកញ្ចក់គំរូនេះ ក៏នឹងជួយទាក់ទាញទេសចរជាតិអន្តរជាតិឱ្យចូលមកទស្សនាតំបន់រុនតាឯក ក៏ដូចជាឧទ្យានអង្គរបានកាន់តែច្រើនផងដែរ៕






អាជ្ញាធរជាតិ​អប្សរាប្តេជ្ញាដាំដើម​ឈើឲ្យបាន​យ៉ាងតិច​៦ម៉ឺនដើមមុ​ន​ចប់រដូវភ្លៀង

តាំងពីដើមខែមិថុនាមក គឺចាប់ពីពេលដែលភ្លៀងចាប់ផ្តើមធ្លាក់ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានសម្រុកដាំដើមឈើជាបន្តបន្ទាប់ទាំងក្នុង និងក្រៅរមណីយដ្ឋានអង្គរ។ គិតមកទល់នឹងចុងខែកក្កដានេះ មានកូនឈើជាង៣ម៉ឺនដើមហើយ ដែលត្រូវបានដាំក្នុងរមណីយដ្ឋានអង្គរ។ មុននឹងផុតរដូវភ្លៀងនៅចុងកញ្ញាឬដើមខែតុលា នាយកដ្ឋានជំនាញគ្រប់គ្រងព្រៃឈើមួយនេះប្តេជ្ញាដាំកូនឈើឲ្យបានយ៉ាងតិច៣ម៉ឺនដើមទៀត។

មានប្រសាសន៍ក្នុងពិធីដាំកូនឈើ៥ពាន់ដើមនៅចន្លោះភូមិអារក្សស្វាយ និងភូមិអញ្ចាញ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានដាក់ផែនការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរឲ្យបានយ៉ាងតិច៦ម៉ឺនដើមក្នុងមួយឆ្នាំ។ នាយកដ្ឋានបានអនុវត្តផែនការនេះជាបណ្តើរៗ ដោយបែងចែកការដាំជាពីរប្រភេទ គឺ ដាំដោយមន្ត្រី បុគ្គលិក និងកម្មកររបស់នាយកដ្ឋានជាប្រចាំរៀងរាល់ចុងសប្តាហ៍ និងដាំដោយប្រជាពលរដ្ឋតាមរយៈការផ្តល់ជូនទៅអាជ្ញាធរមូលដ្ឋាន អង្គការឬវត្តអារាមតាមការស្នើសុំជាក់ស្តែង។

លោក សាមៀន បន្ថែមថា សម្រាប់ឆ្នាំ២០១៦នេះ ក្រុមអង្កេតផ្ទៃដីទំនេរសម្រាប់ដាំដើមឈើបាន មានចំនួន៩០ហិកតា ក្នុងនោះ៦០ហិកតាគឺសម្រាប់ថ្នាក់ដឹកនាំ និងគណៈប្រតិភូជាតិ និងអន្តរជាតិដាំក្នុងពេលប្រារព្ធពិធីម្តងៗ ចំណែក៣០ហិកតាទៀត សម្រាប់ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ប្រជាពលរដ្ឋ និងសិស្សានុសិស្សដាំតាមស្ថានភាពជាក់ស្តែង។ ផ្ទៃដីទំនេរដែលអាចដាំដើមឈើបាន មិនមែនមានន័យថា អត់ដើមឈើសោះនោះទេ ជាក់ស្តែង ពិធីដាំក្នុងថ្ងៃនេះ គឺយើងដាំឆ្លោះៗ តាមចន្លោះណាដែលមិនមានដើមឈើ ដើម្បីបង្កើតគម្របព្រៃឈើ កុំឲ្យមានចន្លោះដីទំនេរ

ដោយនិយាយពីការថែទាំវិញ លោក សាមៀន បញ្ជាក់ថា ដើមឈើដែលយើងបានដាំនៅចន្លោះព្រៃដែលមានស្រាប់ យើងមិនអាចចូលឡានមកស្រោចបានទេ ដូច្នេះទើបយើងជ្រើសរើសកូនឈើដែលអាចរស់បានដោយមិនចាំបាច់ស្រោច។ ចំណែកកូនឈើមួយចំនួនទៀត ដែលត្រូវការស្រោចទឹកច្រើន យើងដាំនៅតាមមាត់ផ្លូវ ទីធ្លាដែលឡានអាចចូលទៅស្រោចបាននៅរដូវប្រាំង។ តែទោះជាយ៉ាងណា ប្រធាននាយកដ្ឋានរូបនេះអះអាងថា ដើមឈើដែលបានដាំជារៀងរាល់ឆ្នាំអាចរស់បានចន្លោះពី៧០ទៅ៨០%ប៉ុណ្ណោះ។ បញ្ហាមិនមែនដោយសារអាកាសធាតុតែម្យ៉ាងទេ តែក៏បណ្តាលមកពីប្រជាពលរដ្ឋខ្លះដែលមិនបានយល់ ព្រលែងគោក្របីទៅជាន់ ឬចងគោនឹងកូនឈើដែលទើបដាំក៏មានដែរ។ ក្នុងន័យនេះ លោកក៏បានអំពាវនាវឲ្យប្រជាពរលដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចូលរួមដាំនិងថែរក្សាទាំងអស់គ្នា ព្រោះមិនអាចនរណាម្នាក់ ឬស្ថាប័នណាមួយធ្វើបាន ដោយមិនមានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននោះឡើយ។


សូមបញ្ជាក់ថា ក្នុងពិធីដាំកូនឈើព្រឹកមិញនេះ តាមលោក សូ សារ៉ម ប្រធានការិយាល័យដាំឈើ ឲ្យដឹងថា មានសិស្សានុសិស្សមកពីអនុវិទ្យាល័យស្រះស្រង់ចំនួន១៥០នាក់ ប្រជាពលរដ្ឋមកពីសង្កាត់នគរធំ១០០នាក់ និងមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា១០០នាក់។ ពិធីដាំកូនឈើនេះបានដាំលើផ្ទៃដី២៥ហិកតា តាមចន្លោះដីព្រៃដែលទំនេរ ដែលមានប្រភេទឈើបេង កកោះ ធ្នង់ គ្រញូង គគីរ និងរំដួល សរុប ៥០០០ដើម៕







គម្រោង​អភិរក្ស​និងជួស​ជុល​ប្រាសាទ​អង្គរវត្ត ដោយ​ក្រុមអ្នក​ជំនាញ​ជាតិ និង​អន្តរជាតិ

        ប្រាសាទបុរាណខ្មែរនៅសៀមរាបអង្គរចំនួន៩១ប្រាសាទ ត្រូវបានចាត់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក  ក្នុងចំណោមនោះ ប្រាសាទអង្គរវត្តដែលបានសាងសង់ឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២នាដើមសតវត្សទី១២ កំពុងទទួលបាននូវការចាប់អារម្មណ៍ជាងគេ ពីសំណាក់អ្នកទេសចរអន្តរជាតិ ដែលបានមកទស្សនាតាមរយ:ការឲ្យតម្លៃលើស្នាដៃសិល្បៈ ស្ថាបត្យកម្មនិងចម្លាក់នានាប្រកបដោយភាពរស់រវើក ស្រស់ស្អាត និងផ្ចិតផ្ចង់។
ផ្អែកលើប្រវត្តិនៃកិច្ចការអភិរក្សប្រាសាទអង្គរវត្តបានបង្ហាញថា កំឡុងសតវត្សទី១៦ដល់ទី១៨ គឺក្នុងពេលរាជធានីត្រូវបានផ្លាស់ចេញពីអង្គរហើយ ព្រះបាទចន្ទរាជា បុត្រ និងចៅរបស់ព្រះអង្គបានធ្វើការជួសជុល និងបំពេញបង្រ្គប់លើរចនាសម្ព័ន្ធខ្លះៗដែលមិនទាន់បានបញ្ចប់នាព្រះរាជាមុនៗ។ ក្នុងសម័យក្រោយៗមកទៀតប្រាសាទអង្គរវត្តត្រូវបានស្ថាប័នអន្តរជាតិមួយចំនួន ពោលគឺពីសំណាក់សាលាបារាំងចុងបូព៌ា (EFEO) បានសង្រ្គោះនិងជួសជុលលើរចនាសម្ព័ន្ធគ្រោះថ្នាក់និងទ្រុឌទ្រោមមួយផ្នែកធំរបស់ប្រាសាទ។
​​       កិត្តិនាមលើតម្លៃនៃប្រាសាទអង្គរវត្តមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរមកទស្សនាប៉ុណ្ណោះទេ  តែក៏បានទាក់ទាញស្ថាប័នអន្តរជាតិមួយចំនួនចូលរួមចំណែក ក្នុងកិច្ចការអភិរក្ស ជួសជុល តាមរយ:ការផ្តល់ជំនួយផ្នែកបច្ចេកទេស។ លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសអភិរក្សថ្មដែលកំពុងធ្វើការជួសជុលចម្រឹងបង្អួចប្រាសាទអង្គរវត្តបានបញ្ជាក់ថា បច្ចុប្បន្ន ការដ្ឋានជាតិ និងអន្តរជាតិដែលកំពុងដំណើរការអភិរក្ស និងជួសជុលថ្មនៅប្រាសាទអង្គរវត្តមានចំនួន៤ស្ថាប័នរួមមាន ៖

-គម្រោងរបស់អាជ្ញាធរជាតិអប្សរាដែលកំពុងជួសជុលពង្រឹងចម្រឹងបង្អួចនិងច្រាំងកសិន្ធុខាងលិចផ្នែកខាងជើងបា្រសាទអង្គរវត្តប្រវែង៤០ម៉ែត្រ ដែលគ្រប់គ្រងលើផ្នែកបច្ចេកទេសផ្ទាល់ពីអ្នកជំនាញខ្មែរសុទ្ធសាធនៃអាជ្ញាធរជាតិអប្សរា។
-គម្រោងរបស់ប្រទេសអ៊ីតាលី   រួមសហការជាមួយអាជ្ញាធរជាតិអប្សរា (APSARA-I.Ge.S) ដែលទើបបញ្ចប់លើកិច្ចការជួសជុលបង្កាន់ដៃនាគនៅក្ការបែនខាងលិចនិងច្រាំងកសិន្ធុខាងលិចប្រាសាទអង្គរវត្តក្នុងដំណាក់កាលទី២ប្រវែង៤០ម៉ែត្រកាលពីចុងខែ ធ្នូ ឆ្នាំ ២០១៥កន្លងទៅ។
-គម្រោងជួសជុលក្បាច់ចម្លាក់និងចម្លាក់ទេពអប្សររបស់ប្រទេសអាឡឺម៉ង់សហការជាមួយអាជ្ញាធរជាតិ
អប្សរា (APSARA-GACP)។ បច្ចុប្បន្នគម្រោងនេះកំពុងជួសជុលបន្ទាន់លើស្ថានភាពខូចខាតរបស់ក្បាច់
ចម្លាក់លើផ្តែរ ហោជាង ចម្លាក់លើជញ្ជាំងនៅរួតខាងលើកំពូលនៃប៉មជ្រុងពាយ័ព្យរបស់តរោងទងទី២ប្រាសាទអង្គរវត្ត។
-គម្រោងរបស់អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន (APSARA-
SOPHIA) : គម្រោងនេះកំពុងរៀបចំនិងសិក្សាលើផែនការលម្អិតដើម្បីជួសជុលស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្តក្នុងដំណាក់ទី២ ដែលទើបតែបើកពិធីសម្ពោធការដ្ឋានកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ។

ដោយឡែក នៅឆ្នាំ២០០៨ គម្រោងមូលនិធិប្រាសាទពិភពលោក (WMF) របស់សហរដ្ឋអាមេរិក បានជួសជុលដំបូលរោងទងកូរសមុទ្រទឹកដោះក្នុងបំណង គឺការពារជម្រាបទឹកដែលហូរស្រក់ពីដំបូលមកលើជញ្ជាំង ដែលនាំឲ្យមានការខូចខាតនិងពុកផុយដល់ផ្ទៃរឿងចម្លាក់លើជញ្ជាំង ហើយបានបញ្ចប់កិច្ចការជួសជុលនេះនៅឆ្នាំ២០១២៕