Tuesday, February 21, 2023

 អតីតបុគ្គលិក VOD ជាង២០នាក់ បានបន្តដាក់ពាក្យចូលបម្រើការងាររដ្ឋ ក្រោយមានការទម្លាយរឿងរ៉ាវផ្ទៃក្នុងអង្គភាពរបស់ខ្លួន ជាពិសេសទទួលបានជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេសសម្រាប់ឃោសនាវាយប្រហាររាជរដ្ឋាភិបាល



(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អតីតអ្នកយកព័ត៌មានរបស់ VOD ជាង២០នាក់​ ត្រូវបានគេរាយការណ៍ថា បានដាក់ពាក្យចូលបម្រើការងាររដ្ឋនៅតាមក្រសួងស្ថាប័ន ក្រោយមានការប្រកាសជាផ្លូវការទទួលយកពួកគេពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅគ្រាដែលស្ថាប័នផ្សព្វផ្សាយព័ត៌មានប្រឆាំងមួយនេះ ត្រូវបានដកហូតអាជ្ញាបណ្ណ និងគ្មានថ្ងៃបើកដំណើរការឡើងវិញនោះ។

អតីតអ្នកយកព័ត៌មាន VOD បានដាក់ពាក្យចូលបម្រើការងាររដ្ឋមានការកើនឡើងគួរឲ្យកត់សម្គាល់​ក្នុងរយៈប៉ុន្មានថ្ងៃនេះ រហូតជាង២០នាក់ ក្នុងចំណោមពួកគេសរុប៥៩នាក់។ មូលហេតុដែលនាំឲ្យពួកគេបានសម្រេចចិត្តចូលបម្រើការងារនៅក្នុងជួរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានកើតឡើងក្រោយពួកគេទាំងនោះ បានចាប់ផ្តើមដឹងពីរឿងរ៉ាវផ្សេងៗ តាមរយៈការទម្លាយការពិតមួយចំនួននៅក្នុងអង្គភាពព័ត៌មានប្រឆាំងនេះ ជាពិសេសពួកគេបានដឹងថា អង្គភាពរបស់ខ្លួនបានទទួលជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេស ដើម្បីធ្វើជាឧបករណ៍ឃោសនាវាយប្រហាររដ្ឋាភិបាល។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ការងារ​ក្របខណ្ឌរដ្ឋជូនដល់អតីតបុគ្គលិក VOD ដើម្បីសម្រួលការលំបាករបស់ពួកគេ បន្ទាប់ពីវិទ្យុ VOD ត្រូវបានបិទ ព្រោះតែការផ្សាយព័ត៌មានមិនពិត។ សម្តេចតេជោ បានកំណត់រយៈផ្តល់ឱកាស​ការងារ​ក្របខណ្ឌរដ្ឋជូនអតីតបុគ្គលិក VOD ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ តែប៉ុណ្ណោះ។

ដើមឡើយគេសង្កេតឃើញថា អតីតបុគ្គលិក VOD ហាក់មានការអល់អែកក្នុងការដាក់ពាក្យទទួលយក​ការងារក្របខណ្ឌរដ្ឋ។ ប៉ុន្តែក្រោយពីអតីតបុគ្គលិក VOD បានទម្លាយពីប្រភពថវិកាទ្រទ្រង់​ដំណើរ​ការ​របស់ VOD ក៏ដូចជាល្បិចកិច្ចកល និងភាពទុច្ចរិតមួយចំនួនរបស់ VOD ហើយនោះ បានធ្វើឱ្យអ​តីតបុគ្គលិកជាច្រើនរូប នាំគ្នាទៅទទួលយកឱកាសការងារក្នុងក្របខណ្ឌរដ្ឋនេះ។

ការងារក្របខណ្ឌរដ្ឋ គឺជាឱកាសមួយដ៏កម្រ ហើយមានការប្រលងយ៉ាងតឹងរឹងនាពេលបច្ចុប្បន្ននេះ។ ការងារក្របខណ្ឌរដ្ឋ បើទោះបីប្រាក់បៀវត្សរ៍មិនទាន់ខ្ពស់ តែរាជរដ្ឋាភិបាល បានដំឡើងកាំប្រាក់ជារៀងរាល់ឆ្នាំ ហើយក្របខណ្ឌមន្ត្រីរាជការ ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើន ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សាធារណៈមតិបានមើលឃើញថា ការទទួលយកការងារក្របខណ្ឌរបស់រដ្ឋពីសំណាក់អតីតបុគ្គលិក VOD គឺជាជម្រើសមួយដ៏ត្រឹមត្រូវបំផុត។

ជាក់ស្តែងនៅថ្ងៃនេះ មានម្ចាស់គណនីហ្វេសបុកមួយមានឈ្មោះថា «ខ្ញុំ ជា សម រង្ស៊ី»​​ ដែលទំនងជាសមាជិករបស់ក្រុមប្រឆាំង ក៏បានចេញមកទម្លាយរឿងរ៉ាវមួយចំនួនទៀតពាក់ព័ន្ធនឹងស្ថាប័ន CCIM ដែលគ្រប់គ្រងលើវិទ្យុ VOD ដែលមានលោក ប៉ា ងួនទៀត ជាប្រធាន។

ខាងក្រោមនេះ ជាខ្លឹមសារទម្លាយការពិតមួយចំនួនទៀតពីសំណាក់ម្ចាស់គណនីហ្វេសបុកឈ្មោះ «ខ្ញុំ ជា សម រង្ស៊ី»៖

រឿងរ៉ាវនៃផែនការទុច្ចរិតរបស់ CCIM និង VOD មិនទាន់បញ្ចប់ទេ ខណៈអតីតបុគ្គលិកវិទ្យុ VOD បានបន្តទម្លាយនៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ថា៖ ប៉ា ងួនទៀង ប្រធាន CCIM ដែលគ្រប់គ្រងលើវិទ្យុ VOD បានរៀបចំផែនការបដិវត្តន៍ពណ៌ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ក្រោមលេសដើម្បីតវ៉ាទាមទារយុទ្ធនាការដោះលែងមន្រ្តីសិទ្ធិមនុស្ស ដែលរងការចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីទាក់ទងសំណុំរឿងល្មោភកាម កឹម សុខា ប៉ុន្តែគឺជាផែនការបំផ្ទុះបដិវត្តន៍ពណ៌យ៉ាងពិតប្រាកដ។

គេនៅចាំបានថានៅអំឡុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ប៉ា ងួនទៀង ប្រធាន CCIM និងប្រធានសមាគមធាងត្នោត បានសហការគ្នា បានរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះដែលជាផែនការ ប្រមូលកម្លាំងប្រជាពលរដ្ឋធ្វើបដិវត្តន៍ពណ៌សាជាថ្មី បន្ទាប់ពីពួកគេ និងអតីតគណបក្សសង្គ្រោះជាតិអនុវត្តពុំបានជោគជ័យផែនការបដិវត្តន៍ពណ៌នៅឆ្នាំ២០១៣ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥។

កាលនោះ វិទ្យុវីអូឌី បានដើរតួនាទីយ៉ាងសកម្មក្នុងការផ្សាយផ្ទាល់ផង និងផ្សព្វផ្សាយជាអត្ថបទនិងរូបភាពផងក្នុងបំណងបំផុស និងញុះញង់ឱ្យប្រជាពលរដ្ឋចូលរួមជាមួយខ្លួន។ យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះគឺក្រុមអង្គការសង្គមស៊ីវិលដឹកនាំដោយ CCIM និងសមាគមធាងត្នោត គឺពាក់អាវពណ៌ខ្មៅព្រមៗគ្នានៅរៀងរាល់ថ្ងៃច័ន្ទ ហើយការកំណត់នេះជាការទាញយកពីសៀវភៅទ្រឹស្តីបដិវត្តន៍ពណ៌ដែលសរសេរដោយជនជាតិអាម៉េរិកឈ្មោះ ជីន សាប មានចំណងជើងថា «ពីប្រទេសផ្តាច់ការទៅប្រជាធិបតេយ្យ» ហើយសៀវភៅនេះបកប្រែជាភាសាខ្មែរដោយឈ្មោះ អ៊ុង ប៊ុនអាង កាលនោះនៅឆ្នាំ២០០៥ ជាសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី និងឧទ្ទិសឱ្យដល់ រ៉ុង ឈុន។

បក្សប្រឆាំង និងអង្គការសង្គមស៊ីវិលប្រឆាំងដែលទទួលបានជំនួយថវិកាពីបរទេស បានយកទ្រឹស្តីបដិវត្តន៍ពណ៌នេះ​ ទៅអនុវត្តប្រឆាំងនឹងរដ្ឋាភិបាលដូចជាការប្រើប្រាស់ផ្កាឈូកជានិមិត្តរូបដើម្បីជូនដល់កម្លាំងប្រដាប់អាវុធ ការប្រើពណ៌ជាសម្គាល់ ការធ្វើរូបតំណាងទីងមោងដើម្បីដុត និងអំពាវនាវឱ្យពហិការកុំទិញទំនិញផ្សេងៗជាដើម។ មហិច្ឆតាបដិវត្តន៍ពណ៌ក្រោមខ្សែញាក់បរទេសរបស់ក្រុមបក្សប្រឆាំងមិនបានបោះបង់ឡើយ ទោះបីជាគណបក្សសង្គ្រោះជាតិ អង្គការចាត់តាំងបដិវត្តន៍ពណ៌​ ត្រូវបានរំលាយដោយច្បាប់។

ផែនការបដិវត្តន៍ពណ៌នេះបានត្រូវអនុវត្តបន្តក្រោយបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយសង្គមស៊ីវិលបានដើរតួនាទីជំនួសក្នុងនោះវិទ្យុ VOD ដែលទទួលបានប្រាក់ជំនួយដ៏សន្ធឹកសន្ធាប់ពីបរទេស ត្រូវបានគេរៀបចំជាឧបករណ៍បំពងសំឡេង ដើម្បីបញ្ជ្រាបផែនការបដិវត្តន៍ពណ៌ និងមានគោលដៅផ្សព្វផ្សាយតែព័ត៌មានអវិជ្ជមានពីរដ្ឋាភិបាលនិងពីគណបក្សប្រជាជនកម្ពុជា និងញុះញង់បំបែកបំបាក់ជាតិ និងសង្គមកម្ពុជាដើម្បីជាគោលដៅបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាល។

ប៉ា ងួនទៀង ធ្លាប់និយាយតាមវិទ្យុ VOD របស់ខ្លួនថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ គឺដើម្បីដឹងថា បានមនុស្សប៉ុន្មាននាក់ ងាយស្រួលសម្រេចចិត្តធ្វើការផ្លាស់ប្តូរបាន ឬ មិនបាន! ជាមួយគ្នានេះ ប៉ា ងួនទៀង ក៏បានលើកឡើងថា ប្រហែលជាដល់ដំណាក់កាលចុងក្រោយនៃការផ្លាស់ប្តូរហើយ។ ហេតុដូច្នេះហើយបានជា វិទ្យុ VOD ដែលក្នុងនោះមានអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ៣ នាក់រួមមាន ឈ្មោះ យាង សុធារិទ្ធ ហៅយាង សុជាមេត្តា ឈ្មោះ ម៉ម មុនីរតន៍ និងឈ្មោះ សូត សុខប្រាថ្នា រួមនឹងអ្នកកាសែតផ្សេងទៀតដែលគេបណ្តុះបណ្តាលបំពាក់បំប៉នមនោគមន៍វិជ្ជាឱ្យស្អប់និងមើលឃើញតែភាពខ្មៅកខ្វក់ពីការដឹកនាំរបស់រដ្ឋាភិបាល ធ្វើព័ត៌មានណាដែលបំផ្លាញសេចក្តីទុកចិត្តចំពោះរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។

សរុបមក មូលដ្ឋានផ្សព្វផ្សាយមនោគមវិជ្ជាបដិវត្តន៍ពណ៌របស់ពួកបរទេសនៅក្នុងប្រទេសកម្ពុជា គឺ ពិតជាជ្រកក្រោមអង្គការ CCIM និង VOD តែជាភព្វសំណាងរបស់ប្រជាពលរដ្ឋកម្ពុជាដែលតែងតែជៀសគ្រោះមហន្តរាយដែលប៉ុនប៉ងដោយក្រុមបរទេសអមិត្ត និង ក្រុមខ្មែរក្បត់ជាតិ៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងចូលជួបពិភាក្សាការងារ


នៅវិមានសន្តិភាព នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម រ៉េមី រីយូ (Rémy Rioux) អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ 

ក្នុងជំនួបនេះ ឯកឧត្តម រ៉េមី រីយូ បានគោរពជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីចូលរួមខួប ៣០ឆ្នាំ វត្តមានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង នៅកម្ពុជា ហើយដែលភ្នាក់ងារអភិវឌ្ឍន៍បារាំង ក្នុងរយៈពេល ៣០ឆ្នាំមកនេះ បានវិនិយោគប្រមាណ ១ពាន់លានអ៉ឺរ៉ូ លើទី១- វិស័យវប្បធម៌, ការងារជួសជុលអង្គរវត្ត ជួសជុលប្រាសាទថ្មី , វិស័យទឹកស្អាត, វិស័យកសិកម្ម និងវិស័យថាមពល, ទី២- ដាក់ឲ្យដំណើរការងារដូចបានសន្យា ជានយោបាយនៅទីក្រុងប៉ារីស និងទី៣- សុំការតម្រង់ទិសអំពីសម្ដេចតេជោ ថាតើចង់ឲ្យ ភ្នាក់ងារអភិវឌ្ឍន៍បារាំងបន្តធ្វើអ្វីខ្លះទៀតនៅកម្ពុជា។ 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម រ៉េមី ក៏បានជម្រាបជូនសម្ដេចតេជោ អំពីការបើកសាខាបច្ចេកទេសនៅកម្ពុជា និងបង្កើនជំនួយដល់កម្ពុជាថែមទៀត ជាមួយនឹងការជួយកម្ពុជា លើបណ្ដាញអគ្គិសនី សម្រាប់អគ្គិសនីកកើតឡើងវិញ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បាន ស្នើសុំឱ្យភ្នាក់ងារអភិវឌ្ឍន៍បារាំង ឯកឧត្តម រ៉េមី បន្តជួយដល់កម្ពុជា លើចំណុចវិស័យអាទិភាពដែលបារាំងកំពុងតែជួយកម្ពុជាស្រាប់ នោះគឺការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍលើវិស័យទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ និងភ្លើង។ 

ជាមួយគ្នានោះដែរ សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម រ៉េមី អំពីគោលនយោបាយកសិកម្មរបស់កម្ពុជា ដែលក្នុងនោះ មានការជំរុញការកែច្នៃស្រូវ សម្រាប់ការនាំចេញ ។ ពាក់ព័ន្ធនឹងចំណុចនេះ សម្ដេច បានជម្រាបជូនឯកឧត្តម រ៉េមី អំពីកង្វះខាតនូវម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវ សម្រាប់ទិញកែច្នៃ និង នាំអង្ករចេញពីកម្ពុជា។ 

សម្ដេចតេជោ បានបន្តថា គោលនយោបាយឧស្សាហកម្មកម្ពុជា ដែលកម្ពុជាចង់បាន គឺឧស្សាហកម្មកែច្នៃសម្រាប់កែច្នៃវត្ថុធាតុដើម ដែលកម្ពុជាមានស្រាប់ និងឧស្សាហកម្មបច្ចេកវិទ្យា។ 

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ច្បាប់វិនិយោគនៅកម្ពុជា គឺមានភាពអនុគ្រោះខ្លាំង នោះគឺអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសមកវិនិយោគ ១០០% នៅកម្ពុជា ហើយក៏អនុញ្ញាតឱ្យប្រើប្រាស់រូបិយប័ណ្ណបរទេស សម្រាប់បើកប្រាក់ខែជូនកម្មករផងដែរ។ ក្នុងន័យនេះសម្ដេចតេជោ បានលើកទឹកចិត្តឱ្យមានការវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្មនេះ ។

ជាមួយគ្នានេះ ឯកឧត្តម រ៉េមី បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានកត់ត្រាទុកនៅរាល់អ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញ ហើយឯកឧត្តម នឹងធ្វើអន្តរាគមន៍លើបញ្ហាទាំងនេះ៕

បទអត្ថាធិប្បាយ៖ កុំផ្អៀងតាមមូលនិធិ ហើយបញ្ចេញមតិតែមួយចំហៀង សូមមើលបញ្ហាជារួម !


AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ -- បញ្ហាប្រមាថ មាក់ងាយ និងបៀតបៀនផ្លូវភេទ នៅលើបណ្តាញសង្គមនៅកម្ពុជា គឺជាបញ្ហាសង្គមដ៏ចម្រូងចម្រាស់មួយ ដូច្នេះវាគឺជាបញ្ហារួមដែលសង្គមត្រូវតែដោះស្រាយទាំងអស់គ្នា មិនមែនដោះតែបញ្ហាមួយហើយទុកចោលបញ្ហាផ្សេងៗទៀតនោះទេ ដោយឡែកការរិះគន់ក៏គួរតែផ្តោតនៅលើទិដ្ឋភាពរួមមិនមែនផ្តោតនៅលើករណីដែលពិសេស ទាក់ទងតែនឹងក្រុម និងបណ្តាញការងាររបស់ខ្លួនឡើយ។

ថ្មីៗនេះ ពាក់ព័ន្ធនឹងករណីនេះ មានក្រុមអង្គការសង្គមស៊ីវិលចំនួន៤០ បានផ្ញើលិខិតចំហជូនរដ្ឋមន្រ្តីក្រសួងចំនួន០៤ ដោយស្នើឱ្យមានចំណាត់ការទៅលើបុគ្គលមួយរូប ចំពោះការប្រើប្រាស់មាតិកាមិនសមរម្យ ការប្រមាថមាក់ងាយ និងបៀតបៀនទៅលើស្រ្តីអ្នកសារព័ត៌មានមួយរូប ក្រោយធ្វើការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយ។

ឆ្លងតាមការសង្កេត និងពិនិត្យជាក់ស្តែងនៅលើករណីនេះ ដោយបូកបញ្ចូលទាំងសំដីរបស់ថ្នាក់ដឹកនាំនៅក្នុងប្រទេសផងនោះ ករណីដែលបុគ្គលរងនូវការទាមទារឱ្យមានចំណាត់ការនេះ គឺពិតជាមានខ្លឹមសារ និងចំណុចខ្លះដែលអាចចាត់ទុកថា មិនសមរម្យ ជាកាយវិការមាក់ងាយ និងបៀតបៀនខ្លះមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលទាំងនោះ មិនគួរលើកយកតែករណីនេះនោះទេ។

នៅលើបណ្តាញសង្គម និងសកម្មភាពរស់នៅជាក់ស្តែង កាយវិការ និងសកម្មភាពក៏ដូចជាសំដីសំដៅដែលមានស្ថានភាពបែបនេះគឺមានច្រើនករណីណាស់ ហើយថ្មីៗនេះ ករណីក្រុមអ្នកនយោបាយ និងសកម្មជនដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ក៏បានរិះគន់ដោយពាក្យសំដីផ្ទាល់ ដោយការធ្វើវិភាគ ដោយសំណេរ ដែលមានចរិតលក្ខណៈមិនសមរម្យ ជាកាយវិការមាក់ងាយ និងបៀតបៀនផ្លូវភេទជាច្រើនករណីមកលើថ្នាក់ដឹកនាំ និងក្រុមគ្រួសារថ្នាក់ដឹកនាំប្រទេស ហេតុអ្វីក៏អង្គការសង្គមស៊ីវិលទាំងនោះមិនបានលើកយកករណីនេះមកឆ្លុះបញ្ចាំង ឬ ក៏ទាមទារដូចករណីនេះដែរ។

ភរិយាថ្នាក់ដឹកនាំ ក្រុមមន្រ្តីនៅក្នុងជួររាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋដែលជាស្រ្តីរងការប្រមាថក៏គួរតែជាករណីដែលមិនគួរមើលរំលងដូចគ្នានៅក្នុងករណីនេះ ដូច្នេះអង្គការសង្គមស៊ីវិលទាំងនោះ ក៏គួរតែលើកឡើង និងធ្វើសកម្មភាពប្រឆាំងនឹងទង្វើ ព្រមទាំងសកម្មភាពមិនសមរម្យដូចគ្នាទៅលើក្រុមអ្នកដែលប្រពឹត្តករណីនេះ មិនមែនធ្វើសកម្មភាពតែចំពោះក្រុម ឬក៏បណ្តាញការងារ ដែលមាននិន្នាការ និងមានប្រភពមូលនិធិ ក៏ដូចជាយុទ្ធនាការការងារស្រដៀងគ្នា ទើបបានមានសកម្មភាពបែបនោះ នោះទេ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅរាជធានីភ្នំពេញក៏បានរំលេចនូវករណីនេះផងដែរ។ សម្តេចតេជោ បានរិះគន់ក្រុមអង្គការក្រៅរដ្ឋាភិបាលទាំងនោះ ជុំវិញការទាមទារឱ្យថ្កោលទោសតារាហ្វេសប៊ុកម្នាក់ ដែលប្រើភាសាមិនសមរម្យ លើស្រ្តីអ្នកសារព័ត៌មានដែលបានផ្សាយព័ត៌មានក្លែងក្លាយ ខណៈពួកគេព្រងើយកន្តើយនឹងការប្រមាថ ជេរប្រទេចលើភរិយា និងប្អូនថ្លៃស្រីរបស់សម្តេច ខណៈដែល លោកស្រីបានទទួលមរណភាពទៅហើយនោះ។

នៅក្នុងឱកាសនោះ សម្តេចបានដាក់សំណួរទៅក្រុមបណ្តាញអង្គការក្រៅរដ្ឋាភិបាលទាំងនោះថា ហេតុអ្វីបានជានៅពេលដែលគេជេរគេប្រមាថក្រុមគ្រួសារសម្តេចផ្ទាល់ ជាពិសេសស្រ្តីនៅក្នុងជួររាជរដ្ឋាភិបាល មិនមានអង្គការណាមួយចេញមកធ្វើសកម្មភាពការពារសេចក្តីថ្លៃថ្នូររបស់ស្រ្តីដូចករណីខាងលើ។

សំណួរដែលប្រមុខរាជរដ្ឋាភិបាលបានចោទសួរនេះ វាពិតជាឆ្លុះបញ្ចាំងអំពីស្តង់ដារនៃសកម្មភាព និងការបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិលទាំងនោះយ៉ាងច្បាស់ ពីព្រោះថា នៅលើបណ្តាញព័ត៌មានសង្គម មកដល់ពេលនេះ មានការជេរ មានការប្រមាថ មានការមាក់ងាយ មានការបៀតបៀនផ្លូវភេទលើស្រ្តីរាប់សិបករណី ក្រៅពីករណីប៉ះពាល់ដល់ក្រុមគ្រួសារ និងស្រ្តីនៅក្នុងជួររាជរដ្ឋាភិបាល ប៉ុន្តែមិនមានអង្គការឬក៏បណ្តាញណាមួយលើកពីករណីទាំងនោះមកធ្វើសកម្មភាពបែបនេះឡើយ។

សរុបមកវិញ សូមកុំរៀបចំសកម្មភាព ឬក៏យុទ្ធនាការការងារតាមតែបក្សពួករបស់ខ្លួន នរណាក៏ដោយក៏ជាប្រជាពលរដ្ឋកម្ពុជាដូចគ្នា ដូច្នេះស្តង់ដារសកម្មភាព និងវិធានការគួរតែមានដូចគ្នា ដើម្បីការពារ និងលើកកម្ពស់ស្រ្តីដូចគ្នា។ នារីអ្នកសារព័ត៌មានក៏ជាពលរដ្ឋកម្ពុជា ភរិយាថ្នាក់ដឹកនាំក៏ជាពលរដ្ឋកម្ពុជា ហើយនារីឯទៀតក៏ជាពលរដ្ឋកម្ពុជា ដូច្នេះគ្រប់គ្នាគួរតែគោរព និងឱ្យតម្លៃដោយស្មើភាពនៅក្នុងស្តង់ដារតែមួយដូចគ្នា។ ហើយម្យ៉ាងវិញទៀត ដើម្បីលើកកម្ពស់កិតិ្តយសដល់ស្រ្តីទាំងអស់ ទាំងផ្នែករដ្ឋ និងឯកជន ក៏ដូចជាសកម្មជនគ្រប់និន្នាការនយោបាយ គួរតែចូលរួមយុទ្ធនាការការពារ និងគោរព ដោយឱ្យតម្លៃស្រ្តីដូចគ្នាៗស្របតាមប្រវត្តិសាស្រ្ត និងអរិយធម៌ខ្មែរ ដែលមកដល់ពេលនេះនៅតែឱ្យតម្លៃទៅលើស្រ្តីជាធំដូចគ្នា។ យើងទាំងអស់គ្នាគួរតែបញ្ឈប់ទាំងសំដីសំដៅ អាកប្បកិរិយា ដោយរួមទាំងសំណេរ ដែលមានចរិតមិនឱ្យ តម្លៃស្រ្តីទាំងអស់គ្នាទៅ៕

ដោយ ហេង បញ្ញា



អតីតបុគ្គលិកទម្លាយ៖ តើ CCIM និង VOD ជាប់ពាក់ព័ន្ធអ្វីខ្លះ ក្នុងផែនការបដិវត្តន៍ពណ៌ នៅកម្ពុជា ?


(ភ្នំពេញ)៖ អតីតបុគ្គលិកវិទ្យុវីអូឌីម្នាក់បានទម្លាយព័ត៌មានតាមរយៈបណ្តាញសង្គមឱ្យដឹងថា វិទ្យុវីអូឌីដែលទទួលជំនួយបរទេស ​គឺជាឧបករណ៍បំពងសំឡេងប្រឆាំង ដែលស្វែងរកតែចំណុចអវិជ្ជមានក្នុងសង្គម ដើម្បីផ្សាយទាញទម្លាក់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះការដឹកនាំរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងទិសដៅដើម្បីផ្តល់ឱកាសឱ្យបក្សប្រឆាំងវាយប្រហារ រិះគន់ ញុះញង់និងផ្តួលរំលំរដ្ឋាភិបាល។



នេះបើយោងតាម Facebook មួយឈ្មោះ «ខ្ញុំជា សម រង្ស៉ី» បង្ហោះទម្លាយនៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

Facebook ឈ្មោះដដែលនោះបានរៀបរាប់ថា៖ ក្នុងទិសដៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីគាំទ្រលើការផ្លាស់ប្តូររដ្ឋាភិបាលនៅកម្ពុជានេះហើយ បានជារយៈពេល​​២០ឆ្នាំមកនេះ វិទ្យុវីអូឌីដែលបង្កើតឡើងតាំងពីអំឡុងឆ្នាំ២០០៣ ដោយជ្រកក្រោមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយ ​កឹម សុខា​ រហូតមកដល់មុនពេលបិទនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣របស់ ប៉ា ងួន ទៀង បានទទួលជំនួយថវិកាជាច្រើនលានដុល្លារដើម្បីបំពេញបេសកកម្មរបស់ខ្លួន។

លោក កឹម សុខា បាននិយាយហើយថា ដើម្បីផ្តួលរំលំរដ្ឋាភិបាលដូចនៅប្រទេសយូហ្គោស្លាវី គឺត្រូវជីកគាស់ពីក្រោម។ ដូច្នេះវិទ្យុវីអូឌីនេះគឺជាមធ្យោបាយការងារ សតិអារម្មណ៍មួយដើម្បីបរទេសបានរៀបចំឡើង និងបានផ្តល់ការគាំទ្រថវិកា។

ប្រភពថវិកាសំខាន់ដែលវិទ្យុនេះទទួលបានរួមមាន​ មូលនិធិរបស់​ George Soros​ ដែលផ្តល់ជំនួយដល់ក្រុមបដិវត្តន៍ពណ៌ផ្សេងៗនៅលើសកលលោក, ជំនួយពីសហរដ្ឋអាម៉េរិករួមមានពីវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ​​ (IRI) និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ​ (NDI) និងជំនួយពីសហភាពអឺរ៉ុប ប្រទេសដាណឺម៉ាក់ ប្រទេសន័រវេស ប្រទេសស៊ុយអែតជាដើម។ ករណីនេះគួរក្រសួងមហាផ្ទៃពិនិត្យលើប្រភពថវិកា និងសកម្មភាពរបស់មជ្ឈមណ្ឌល ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឯករាជ្យនេះ ដើម្បីកុំឱ្យក្រុមជនបំផ្លាញជាតិនិងបដិវត្តន៍ពណ៌នៅជ្រកក្រោមអង្គការនេះទៀត!៕



វិភាគអន្តរជាតិ៖ តើខុសច្បាប់ទេ? បើសហរដ្ឋអាមេរិក ធ្វើអន្តរាគមន៍យោធាជួយតៃវ៉ាន់


(ហុងកុង)៖ សំណុំរឿងតៃវ៉ាន់ គឺជាប្រធានបទដ៏ក្ដៅមួយនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនអស់រយៈពេលជាយូរមកហើយ ខណៈក្រុមអ្នកវិភាគជាច្រើនជឿជាក់តៃវ៉ាន់ជា ចំណុចក្ដៅមួយដែលអាចផ្ទុះទៅជាសង្រ្គាមរវាងកំពូលមហាអំណាចទាំង២ នៅពេលអនាគត។

សព្វថ្ងៃ ប្រធានបទពិភាក្សាដែលគេកំពុងផ្តោត នោះគឺថាតើប្រធានសភាតំណាងរាស្ត្រ អាមេរិកថ្មីមកពីគណបក្សសាធារណរដ្ឋ លោក Kevin McCarthy អាចនឹងយកគំរូតាមអតីតប្រធានសភាតំណាងរាស្ត្រអាមេរិកបក្សប្រជាធិបតេយ្យ លោកស្រី ណាន់ស៊ី ផេឡូស៊ី ដោយបំពេញដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់នៅក្នុងឆ្នាំ២០២៣នេះដែរឬក៏ដោយណា? ស្របពេលយោធាអាមេរិកត្រូវបានគេរាយការណ៍ថាកំពុងសិក្សាពីផលវិបាក ប្រសិនបើ ដំណើរទស្សនកិច្ចបែបនេះពិតជាកើតឡើងមែននោះ។

នៅក្នុងអាណត្តិដឹកនាំរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិករូបនេះធ្លាប់បានលើកឡើងដល់ទៅ៣លើកថាទីក្រុងវ៉ាស៊ីនតោននឹងធ្វើអន្តរាគមន៍យោធាដើម្បីការពារកោះតៃវ៉ាន់ ប្រសិនបើមានការវាយប្រហារពីចិន។ ចំណែកឯ មេបញ្ជាការកងទ័ពអាកាសអាមេរិក លោក Mike Minihan ក៏បានព្យាករកាលពីពេលថ្មីៗនេះដែរថាចិនអាចប្រើកម្លាំងយោធាលើ តៃវ៉ាន់ នៅឆ្នាំ២០២៥។ សង្រ្គាមដើម្បីកោះតៃវ៉ាន់មិនមាននរណាម្នាក់ដឹងច្បាស់ថាតើវានឹងផ្ទុះឡើងនៅពេលណានោះទេ? ក៏ប៉ុន្តែ ខណៈដែលជាទូទៅគេតែងតែនាំគ្នាចោទសួរថាតើ សហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍យោធាការពារតៃវ៉ាន់ ពីការវាយប្រហារបស់ចិនដែរឬក៏យ៉ាងណា មានសំណួរមួយទៀតដែលគេមិនសូវចោទសួរ និងហាក់ដូចជា ត្រូវបានបំភ្លេច ចោលតែម្ដងនោះ គឺ «ថាតើសហរដ្ឋអាមេរិកមានសិទ្ធិស្របច្បាប់ ក្នុងការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងចិន ដើម្បីការពារតៃវ៉ាន់ដែរឬទេ?»

ដើម្បីអាចឆ្លើយសំណួរនេះបានយើងគួរតែសាកល្បងយល់ពីហេតុផលដែលតម្រូវឱ្យសហរដ្ឋអាមេរិកត្រូវធ្វើអន្តរាគមន៍យោធាជាមុនសិន។ នៅក្នុងកិច្ចពិភាក្សាជាមួយក្រុមអ្នកជំនាញ អាមេរិក តាមរយៈវិទ្យាស្ថានសិក្សាស្រាវជ្រាវអាមេរិកជាច្រើនបានបង្ហាញថាអ្នកជំនាញដល់ទៅ ៨០ភាគរយបញ្ជាក់ថាសហរដ្ឋអាមេរិកត្រូវតែធ្វើអន្តរាគមន៍យោធាជួយតៃវ៉ាន់ ក្រោមបុព្វហេតុការពារ «ប្រជាធិបតេយ្យ»។ រីឯ ១៥ភាគរយ លើកយក «ច្បាប់ទំនាក់ទំនងតៃវ៉ាន់ ឬ Taiwan Relations Act» ដែលជាច្បាប់ក្នុងស្រុករបស់សហរដ្ឋអាមេរិកមកធ្វើជា អំណះអំណាង ហើយ ៥ភាគរយទទួលស្គាល់ថា «ជាយុទ្ធសាស្ត្រ ភូមិសាស្ត្រនយោបាយ និងយោធា» សហរដ្ឋអាមេរិកមិនអាចបាត់បង់តៃវ៉ាន់ជាដាច់ខាត។

តើអំណះអំណាងទាំង៣នេះស្ថិតនៅក្រោមច្បាប់អន្តរជាតិដែរ ឬក៏យ៉ាងណា? បើតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ មានសេណារីយ៉ូស្របច្បាប់តែ២គត់ សម្រាប់ ការប្រើកម្លាំងយោធា នោះគឺ៖ «ការប្រើកម្លាំងយោធាដោយទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួនឯង»។ បើពិនិត្យ លើអំណះអំណាងទាំង៣ខាងលើដដែល គ្មានអំណះអំណាងណាមួយដែលស្ថិតនៅក្រោមសេណារីយ៉ូទាំង២នេះទេ ហើយសូម្បីតែការការពារប្រជាធិបតេយ្យ ឬក៏ការអនុវត្តច្បាប់នៅ ក្នុងស្រុកក៏ជាទង្វើខុសច្បាប់ផងដែរ ដោយសារតែការហាមឃាត់ជាទូទៅប្រឆាំងការប្រើកម្លាំងយោធាប្រឆាំងនឹងប្រទេសមានអធិបតេយ្យ ឬរដ្ឋឯករាជ្យមួយ។ ឧទាហរណ៍ ជាក់ស្ដែង ដូចជាសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន គឺជាសង្រ្គាមឈ្លានពានខុសច្បាប់ ពីព្រោះអ៊ុយក្រែនគឺរដ្ឋអធិបតេយ្យ និងឯករាជ្យ។

នៅត្រង់ចំណុចនេះឯងដែលក្រុមអ្នកជំនាញចិនតែងតែអះអាងជារឿយៗថាខ្លួនមានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់កម្លាំងយោធាលើតៃវ៉ាន់ ក្នុងករណីចាំបាច់។ តៃវ៉ាន់មានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ជាប្រទេសមួយ តែមិនត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ឡើយ ដោយមានឋានៈមិនច្បាស់លាស់នៅលើឆាកអន្តរជាតិ ក្រោម «គោលនយោបាយចិនតែមួយ» ដែលប្រទេសភាគច្រើនក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកទទួលស្គាល់តាមរយៈដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។ មកទល់នឹងបច្ចុប្បន្ន, មានតែប្រទេសចំនួន១៥ ប៉ុណ្ណោះដែលទទួលស្គាល់តៃវ៉ាន់ជារដ្ឋមួយដាច់ដោយឡែកពីចិន ហើយប្រទេសទាំងនោះទៀតសោតសុទ្ធតែជាប្រទេសតូចៗ។ អនុលោមតាមការទទួលស្គាល់ «គោលនយោបាយចិន តែមួយ» នេះ អន្តរជាតិចាត់ទុកថា «ចិនស្របច្បាប់គឺមានតែមួយគត់ នោះគឺចិនកុម្មុយនិស្ដ ឬសាធារណរដ្ឋប្រជាមានិតចិន»។

ម្យ៉ាងវិញទៀត បើនិយាយពីឋានៈរបស់តៃវ៉ាន់នេះដែរ ចិនហាក់ដូចជាឈរនៅលើភាពត្រឹមត្រូវជាងសហរដ្ឋអាមេរិក នៅត្រង់ថាបើតៃវ៉ាន់មិនមែនជាប្រទេស ឬរដ្ឋឯករាជ្យផ្លូវការនៅលើ ក្រដាសស្នាម នោះការប្រើប្រាស់កម្លាំងយោធារបស់ចិន គឺអាចនឹងត្រូវបានចិនបកស្រាយថាជាការស្ដារអធិបតេយ្យរបស់ខ្លួនឡើងវិញលើតៃវ៉ាន់ និងទប់ស្កាត់សកម្មភាពឧទ្ទាមផ្ដាច់ទឹកដី ឬក៏ការបង្កើតរដ្ឋនៅក្នុងរដ្ឋ ពោលគឺវាជាការប្រើប្រាស់កម្លាំងយោធាលើទឹកដីខ្លួនឯង មិនមែនជាការឈ្លានពានប្រឆាំងប្រទេស ឬរដ្ឋអធិបតេយ្យ ឬក៏ឯករាជ្យដទៃ២ផ្សេងគ្នា។ នៅក្រោម ច្បាប់អន្តរជាតិ ពាក្យថា«សកម្មភាពឈ្លានពាន» ឬ « act of aggression» ចង់សំដៅលើការប្រើប្រាស់កម្លាំងយោធារបស់ប្រទេសមួយប្រឆាំងនឹងប្រទេស ឬរដ្ឋអធិបតេយ្យ ឬឯករាជ្យដទៃ ឬក៏សកម្មភាពណាមួយដែលផ្ទុយទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ម្លោះហើយសម្រាប់ចិន ផ្អែកលើភាពមិនច្បាស់លាស់នៃឋានៈស្របច្បាប់របស់តៃវ៉ាន់ ការធ្វើអន្តរាគមន៍យោធាណាមួយពីសំណាក់សហរដ្ឋអាមេរិក​អាចនឹងត្រូវបាន​ចាត់ទុកថាជា «អ្នកឈ្លានពាន» ក៏ដូចជាបំពានធម្មនុញ្ញអង្គការសហប្រជាជាតិដែលប្រឆាំងនឹងការប្រើប្រាស់កម្លាំងបាយនៅក្នុងទំនាក់ទំនងអន្តរជាតិ។ តែទោះជាយ៉ាងណាក៏ដោយ វានៅតែមាន ភាពចម្រូងចម្រាស និងស្មុគស្មាញ ដ្បិតសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកភាគច្រើនទោះជាទទួលស្គាល់​ចិនមានតែមួយគត់ក៏ពិតមែន តែពួកគេមិនដែលទទួលស្គាល់ការអះអាងពី អធិបតេយ្យរបស់ចិ​នលើកោះតៃវ៉ាន់នោះឡើយ។

នៅពេលពួកមហាអំណាចធ្វើសកម្មភាពការពារផលប្រយោន៍ខ្លួនឯង ពួកគេតែងតែបកស្រាយច្បាប់អន្តរជាតិឱ្យស្របទៅនឹងសកម្មភាពរបស់ពួកគេ។ ជាក់ស្ដែងដូចជា សហរដ្ឋអាមេរិក ធ្វើសង្រ្គាមនៅអ៉ីរ៉ាក់កាលពីខែមីនា ឆ្នាំ២០០៣ ដោយអះអាងពីការការពារប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការពារពិភពលោកពីអាវុធនុយក្លេអ៊ែរ ប៉ុន្តែនៅពេលនោះដែរអ្នកជំនាញ ច្បាប់អន្តរជាតិភាគច្រើនចាត់ទុកថាវាជា «សង្រ្គាមឈ្លានពានខុសច្បាប់»៕ ដោយ៖ Fresh News


សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី



នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដែលកិច្ចប្រជុំនេះមានវត្តមានស្ត្រីជាតំណាងមកពីបណ្តាស្ថាប័ន អង្គភាពសរុបជាង៦០០នាក់។



សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោបានបន្តថា បច្ចុប្បន្ន ស្ត្រី បានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ។

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានគោរពរាយការណ៍ ដោយ សង្ខេបអំពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២២ របស់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងនោះប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីចំនួន ១២ រូប បានចូលក្រាបបង្គំគាល់ថ្វាយព្រះពរជ័យក្នុងឱកាស ព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៦ ព្រះវស្សា យាងចូល ៨៧ព្រះវស្សា សម្តេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងទូលថ្វាយរបាយ ការណ៍លទ្ធផលការងារឆ្នាំ២០២១ និងផែនការសកម្មភាពឆ្នាំ២០២២ និងអនុសាសន៍ ១២ ចំណុច របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញឱ្យអនុវត្តឆ្នាំ២០២២ ដោយព្រះអង្គបានកោតសរសើរចំពោះលទ្ធផលដែលសម្រេចបានក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេច ដែលបានឧបត្ថម្ភគាំទ្រដ៏រឹងមាំក្នុងការ ជំរុញសកម្មភាពការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីឱ្យទទួលសមិទ្ធផលជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូរ តួនាទីរបស់ស្ត្រី និងមានជីវភាពរស់នៅកាន់តែប្រសើរ។

របាយការណ៍ក៏បានបង្ហាញអំពីលទ្ធផលដែលសម្រេចជាច្រើនទៀតនៅលើវិស័យផ្សេងៗ ជាពិសេសការអភិវឌ្ឍសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអភិវឌ្ឍសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយថ្នាក់ដឹកនាំស្ថាប័ន ហើយក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីកិច្ចការនារីក្នុងការអនុវត្តការងារ ការស្វែងរកការគាំទ្រមតិ ការបញ្ជ្រាបយេនឌ័រ និងបរិយាបន្ន សីលធម៌សង្គម និងភាពជាអ្នកដឹកនាំ និងដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ ឃុំ សង្កាត់ និងសមាហរណកម្មផែនការឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ។

លោកជំទាវបន្តថា៖នៅឆ្នាំ២០២២ មន្ត្រីរាជការស្ត្រី មានចំនួន ៦៨២២ នាក់ នៃមន្ត្រីរាជការសរុប ២៨៥៤២នាក់ បានទទួលការពង្រឹងសមត្ថភាពលើចំណេះដឹង និងជំនាញផ្សេងៗ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

ក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្ត្រីបានក្លាយជាកម្លាំងចលករដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជាតិ និងការអភិវឌ្ឍសង្គម។ កម្លាំងពលកម្មស្រ្តីមានប្រមាណ ៨៤ % ហើយស្រ្តីប្រមាណ ៦១% ជាម្ចាស់អាជីកម្ម ឬ អ្នកធ្វើធុរកិច្ច ដែលជាអត្រាខ្ពស់ក្នុងតំបន់។ នៅឆ្នាំ២០២២ ស្ត្រីជាម្ចាស់ក្រុមហ៊ុន មានកើនឡើងចន្លោះពី ២០%ទៅ ២២% និងស្ត្រីជាម្ចាស់សហគ្រាសកើនពីចន្លោះពី ៣០% ទៅ ៣២%។ទោះជាយ៉ាងណា លោកជំទាវបញ្ជាក់ថា៖ទន្ទឹមនឹងលទ្ធផលសម្រេចបាននេះ នៅមានបញ្ហាប្រឈម និងកង្វល់មួយចំនួនដែលត្រូវបន្តរួមគ្នាដោះស្រាយ តាមរយះយន្តការបញ្ជ្រាបយេនឌ័រនៅថ្នាក់ជាតិ និងក្រោមជាតិ កិច្ចការពារសិទ្ធិស្ត្រី តម្រូវឱ្យមានការអភិវឌ្ឍធនធានមនុស្ស និងការធ្វើទំនើបកម្មស្ថាប័ន ពង្រីកវិសាល ភាពការងារ ដើម្បីឆ្លើយតបទៅការវិវត្តន៍ថ្មីៗ និងបញ្ហារបស់ស្ត្រី និងក្មេងស្រី មានជាអាទិ៍ បទពិសោធន៍ ចំណេះដឹង ជំនាញ ទីផ្សារការងារ និងមុខរបរ និងសុវត្ថិភាពពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថលដើម។ 

លោកជំទាវបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីនិងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ និងស្ថានភាពស្រ្តីលើគ្រប់វិស័យ និងគ្រប់កម្រិត ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការនានា តាមរយៈយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងទាំងស្មារតី និងថវិកាដល់ដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ឱ្យសម្រេចបាននូវវឌ្ឍនភាពជាទីមោទនៈ ក្រោមសុខសន្តិភាពជាតិ៕