Tuesday, February 21, 2023

នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើបទបង្ហាញអំពីដំណើរ នៃការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់គណៈប្រតិភូ និងយុវជន នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16

 (ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាត និងស្វាគមន៍យ៉ាងកក់ក្ដៅ ក្នុងភាពស្និតស្នាលបំផុតប្រៀប ដូចជាឪពុកទទួលកូនប្រុសស្រី ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សមាជិកគណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រតិបត្តិករម្នាក់ ដែលបានចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានធ្វើបទបង្ហាញអំពីដំណើរនៃការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់គណៈប្រតិភូ និងយុវជនឲ្យបានយល់ជ្រួតជ្រាប អំពីទីតាំងដែលសម្ដេចបានគិតទុក និងធ្វើដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16។

ក្នុងនោះដែរ នាយឧត្តមសេនីយ៍ បានបញ្ជាក់ប្រាប់យុវជនទាំងអស់ថា បើគ្មានការសម្រេចចិត្តត្រឹមត្រូវ ក្នុងការចាប់ផ្ដើម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នាពេលនោះទេ ក៏គ្មានអ្វីៗនៅពេលបច្ចុប្បន្ននេះដែរ ហើយនាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា ក្នុងនាមគាត់ ក្រុមគ្រួសាររបស់គាត់ និងមិត្តភក្តិជិតស្និតរបស់គាត់ បានប្ដេជ្ញាយ៉ាងប្ដូរផ្ដាច់ថានឹងការពារនូវសមិទ្ធផលនេះ និងគោរពប្រតិបត្តិតាមសម្ដេចតេជោ ហ៊ុន សែន ដោយឥតងាករេ។

នាយឧត្តមសេនីយ៍ ក៏បានប្រាប់ដល់យុវជនថា ការរៀបរាប់អំពីប្រវត្តិពិត នៃសម្ដេចតេជោ ហ៊ុន សែន នៅទីនេះ គឺក្នុងបំណងឲ្យយុវជនជំនាន់ក្រោយ ស្គាល់ថា នរណាជាវីរបុរសពិតប្រាកដ កុំឲ្យចាញ់បោកក្រុមដែលមានគំនិតទុច្ចរិត ដែលតែងតែប្រឌិតប្រវត្តិសាស្រ្ត ដើម្បីគេងចំណេញនយោបាយ បម្រើឲ្យតែបក្សពួកខ្លួនដោយមិនគិតអំពីបុណ្យបាប។

បន្ទាប់ពីនាយឧត្តមសេនីយ៍ បានធ្វើបទបង្ហាញចប់ លោក នួន ផារ័ត្ន អភិបាលរង និងជាប្រធានចលនាយុវជន រាជធានីភ្នំពេញ, លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងលោក នុត ពុធដារ៉ា អភិបាលរង និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកណ្ដាល បានប្ដេជ្ញាចិត្តថា នឹងយកគំរូវីរភាពខាងលើនេះ មកបន្តអនុវត្តដើម្បីបម្រើជាតិមាតុភូមិ ព្រោះថា ការលះបង់របស់ សម្ដេចតេជោ គឺជាវីរគំរូមួយដែលយុវជនជំនាន់ក្រោយមិនអាចបំភ្លេចបាន និងគោរពដឹងគុណជានិច្ចនិរន្តរ៍។

ចំណែកឯយុវជនដែលបានចូលរួមប្រមាណ ៣៥០នាក់ បានសិក្សារៀនសូត្រ និងស្វែងយល់អំពីសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន នៃការចាប់ផ្ដើមតស៊ូឆ្ពោះទៅរកការសង្គ្រោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់ សម្ដេចតេជោ ហ៊ុន សែន មហាវីរបុរសជាតិ និងជាបិតាសន្តិភាព ដែលបានបញ្ចប់សង្គ្រាមដ៏រាំរ៉ៃនៅកម្ពុជា មិនធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំ និងបានទទួលស្គាល់ថា សម្ដេចតេជោ ហ៊ុន សែន ពិតជាបិតាស្ថាបនិកនៃកម្ពុជាសម័យទំនើប៕






No comments:

Post a Comment