Tuesday, February 21, 2023

 អតីតបុគ្គលិក VOD ជាង២០នាក់ បានបន្តដាក់ពាក្យចូលបម្រើការងាររដ្ឋ ក្រោយមានការទម្លាយរឿងរ៉ាវផ្ទៃក្នុងអង្គភាពរបស់ខ្លួន ជាពិសេសទទួលបានជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេសសម្រាប់ឃោសនាវាយប្រហាររាជរដ្ឋាភិបាល



(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អតីតអ្នកយកព័ត៌មានរបស់ VOD ជាង២០នាក់​ ត្រូវបានគេរាយការណ៍ថា បានដាក់ពាក្យចូលបម្រើការងាររដ្ឋនៅតាមក្រសួងស្ថាប័ន ក្រោយមានការប្រកាសជាផ្លូវការទទួលយកពួកគេពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅគ្រាដែលស្ថាប័នផ្សព្វផ្សាយព័ត៌មានប្រឆាំងមួយនេះ ត្រូវបានដកហូតអាជ្ញាបណ្ណ និងគ្មានថ្ងៃបើកដំណើរការឡើងវិញនោះ។

អតីតអ្នកយកព័ត៌មាន VOD បានដាក់ពាក្យចូលបម្រើការងាររដ្ឋមានការកើនឡើងគួរឲ្យកត់សម្គាល់​ក្នុងរយៈប៉ុន្មានថ្ងៃនេះ រហូតជាង២០នាក់ ក្នុងចំណោមពួកគេសរុប៥៩នាក់។ មូលហេតុដែលនាំឲ្យពួកគេបានសម្រេចចិត្តចូលបម្រើការងារនៅក្នុងជួរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានកើតឡើងក្រោយពួកគេទាំងនោះ បានចាប់ផ្តើមដឹងពីរឿងរ៉ាវផ្សេងៗ តាមរយៈការទម្លាយការពិតមួយចំនួននៅក្នុងអង្គភាពព័ត៌មានប្រឆាំងនេះ ជាពិសេសពួកគេបានដឹងថា អង្គភាពរបស់ខ្លួនបានទទួលជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេស ដើម្បីធ្វើជាឧបករណ៍ឃោសនាវាយប្រហាររដ្ឋាភិបាល។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ការងារ​ក្របខណ្ឌរដ្ឋជូនដល់អតីតបុគ្គលិក VOD ដើម្បីសម្រួលការលំបាករបស់ពួកគេ បន្ទាប់ពីវិទ្យុ VOD ត្រូវបានបិទ ព្រោះតែការផ្សាយព័ត៌មានមិនពិត។ សម្តេចតេជោ បានកំណត់រយៈផ្តល់ឱកាស​ការងារ​ក្របខណ្ឌរដ្ឋជូនអតីតបុគ្គលិក VOD ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ តែប៉ុណ្ណោះ។

ដើមឡើយគេសង្កេតឃើញថា អតីតបុគ្គលិក VOD ហាក់មានការអល់អែកក្នុងការដាក់ពាក្យទទួលយក​ការងារក្របខណ្ឌរដ្ឋ។ ប៉ុន្តែក្រោយពីអតីតបុគ្គលិក VOD បានទម្លាយពីប្រភពថវិកាទ្រទ្រង់​ដំណើរ​ការ​របស់ VOD ក៏ដូចជាល្បិចកិច្ចកល និងភាពទុច្ចរិតមួយចំនួនរបស់ VOD ហើយនោះ បានធ្វើឱ្យអ​តីតបុគ្គលិកជាច្រើនរូប នាំគ្នាទៅទទួលយកឱកាសការងារក្នុងក្របខណ្ឌរដ្ឋនេះ។

ការងារក្របខណ្ឌរដ្ឋ គឺជាឱកាសមួយដ៏កម្រ ហើយមានការប្រលងយ៉ាងតឹងរឹងនាពេលបច្ចុប្បន្ននេះ។ ការងារក្របខណ្ឌរដ្ឋ បើទោះបីប្រាក់បៀវត្សរ៍មិនទាន់ខ្ពស់ តែរាជរដ្ឋាភិបាល បានដំឡើងកាំប្រាក់ជារៀងរាល់ឆ្នាំ ហើយក្របខណ្ឌមន្ត្រីរាជការ ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើន ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សាធារណៈមតិបានមើលឃើញថា ការទទួលយកការងារក្របខណ្ឌរបស់រដ្ឋពីសំណាក់អតីតបុគ្គលិក VOD គឺជាជម្រើសមួយដ៏ត្រឹមត្រូវបំផុត។

ជាក់ស្តែងនៅថ្ងៃនេះ មានម្ចាស់គណនីហ្វេសបុកមួយមានឈ្មោះថា «ខ្ញុំ ជា សម រង្ស៊ី»​​ ដែលទំនងជាសមាជិករបស់ក្រុមប្រឆាំង ក៏បានចេញមកទម្លាយរឿងរ៉ាវមួយចំនួនទៀតពាក់ព័ន្ធនឹងស្ថាប័ន CCIM ដែលគ្រប់គ្រងលើវិទ្យុ VOD ដែលមានលោក ប៉ា ងួនទៀត ជាប្រធាន។

ខាងក្រោមនេះ ជាខ្លឹមសារទម្លាយការពិតមួយចំនួនទៀតពីសំណាក់ម្ចាស់គណនីហ្វេសបុកឈ្មោះ «ខ្ញុំ ជា សម រង្ស៊ី»៖

រឿងរ៉ាវនៃផែនការទុច្ចរិតរបស់ CCIM និង VOD មិនទាន់បញ្ចប់ទេ ខណៈអតីតបុគ្គលិកវិទ្យុ VOD បានបន្តទម្លាយនៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ថា៖ ប៉ា ងួនទៀង ប្រធាន CCIM ដែលគ្រប់គ្រងលើវិទ្យុ VOD បានរៀបចំផែនការបដិវត្តន៍ពណ៌ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ក្រោមលេសដើម្បីតវ៉ាទាមទារយុទ្ធនាការដោះលែងមន្រ្តីសិទ្ធិមនុស្ស ដែលរងការចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីទាក់ទងសំណុំរឿងល្មោភកាម កឹម សុខា ប៉ុន្តែគឺជាផែនការបំផ្ទុះបដិវត្តន៍ពណ៌យ៉ាងពិតប្រាកដ។

គេនៅចាំបានថានៅអំឡុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ប៉ា ងួនទៀង ប្រធាន CCIM និងប្រធានសមាគមធាងត្នោត បានសហការគ្នា បានរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះដែលជាផែនការ ប្រមូលកម្លាំងប្រជាពលរដ្ឋធ្វើបដិវត្តន៍ពណ៌សាជាថ្មី បន្ទាប់ពីពួកគេ និងអតីតគណបក្សសង្គ្រោះជាតិអនុវត្តពុំបានជោគជ័យផែនការបដិវត្តន៍ពណ៌នៅឆ្នាំ២០១៣ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥។

កាលនោះ វិទ្យុវីអូឌី បានដើរតួនាទីយ៉ាងសកម្មក្នុងការផ្សាយផ្ទាល់ផង និងផ្សព្វផ្សាយជាអត្ថបទនិងរូបភាពផងក្នុងបំណងបំផុស និងញុះញង់ឱ្យប្រជាពលរដ្ឋចូលរួមជាមួយខ្លួន។ យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះគឺក្រុមអង្គការសង្គមស៊ីវិលដឹកនាំដោយ CCIM និងសមាគមធាងត្នោត គឺពាក់អាវពណ៌ខ្មៅព្រមៗគ្នានៅរៀងរាល់ថ្ងៃច័ន្ទ ហើយការកំណត់នេះជាការទាញយកពីសៀវភៅទ្រឹស្តីបដិវត្តន៍ពណ៌ដែលសរសេរដោយជនជាតិអាម៉េរិកឈ្មោះ ជីន សាប មានចំណងជើងថា «ពីប្រទេសផ្តាច់ការទៅប្រជាធិបតេយ្យ» ហើយសៀវភៅនេះបកប្រែជាភាសាខ្មែរដោយឈ្មោះ អ៊ុង ប៊ុនអាង កាលនោះនៅឆ្នាំ២០០៥ ជាសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី និងឧទ្ទិសឱ្យដល់ រ៉ុង ឈុន។

បក្សប្រឆាំង និងអង្គការសង្គមស៊ីវិលប្រឆាំងដែលទទួលបានជំនួយថវិកាពីបរទេស បានយកទ្រឹស្តីបដិវត្តន៍ពណ៌នេះ​ ទៅអនុវត្តប្រឆាំងនឹងរដ្ឋាភិបាលដូចជាការប្រើប្រាស់ផ្កាឈូកជានិមិត្តរូបដើម្បីជូនដល់កម្លាំងប្រដាប់អាវុធ ការប្រើពណ៌ជាសម្គាល់ ការធ្វើរូបតំណាងទីងមោងដើម្បីដុត និងអំពាវនាវឱ្យពហិការកុំទិញទំនិញផ្សេងៗជាដើម។ មហិច្ឆតាបដិវត្តន៍ពណ៌ក្រោមខ្សែញាក់បរទេសរបស់ក្រុមបក្សប្រឆាំងមិនបានបោះបង់ឡើយ ទោះបីជាគណបក្សសង្គ្រោះជាតិ អង្គការចាត់តាំងបដិវត្តន៍ពណ៌​ ត្រូវបានរំលាយដោយច្បាប់។

ផែនការបដិវត្តន៍ពណ៌នេះបានត្រូវអនុវត្តបន្តក្រោយបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយសង្គមស៊ីវិលបានដើរតួនាទីជំនួសក្នុងនោះវិទ្យុ VOD ដែលទទួលបានប្រាក់ជំនួយដ៏សន្ធឹកសន្ធាប់ពីបរទេស ត្រូវបានគេរៀបចំជាឧបករណ៍បំពងសំឡេង ដើម្បីបញ្ជ្រាបផែនការបដិវត្តន៍ពណ៌ និងមានគោលដៅផ្សព្វផ្សាយតែព័ត៌មានអវិជ្ជមានពីរដ្ឋាភិបាលនិងពីគណបក្សប្រជាជនកម្ពុជា និងញុះញង់បំបែកបំបាក់ជាតិ និងសង្គមកម្ពុជាដើម្បីជាគោលដៅបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាល។

ប៉ា ងួនទៀង ធ្លាប់និយាយតាមវិទ្យុ VOD របស់ខ្លួនថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ គឺដើម្បីដឹងថា បានមនុស្សប៉ុន្មាននាក់ ងាយស្រួលសម្រេចចិត្តធ្វើការផ្លាស់ប្តូរបាន ឬ មិនបាន! ជាមួយគ្នានេះ ប៉ា ងួនទៀង ក៏បានលើកឡើងថា ប្រហែលជាដល់ដំណាក់កាលចុងក្រោយនៃការផ្លាស់ប្តូរហើយ។ ហេតុដូច្នេះហើយបានជា វិទ្យុ VOD ដែលក្នុងនោះមានអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ៣ នាក់រួមមាន ឈ្មោះ យាង សុធារិទ្ធ ហៅយាង សុជាមេត្តា ឈ្មោះ ម៉ម មុនីរតន៍ និងឈ្មោះ សូត សុខប្រាថ្នា រួមនឹងអ្នកកាសែតផ្សេងទៀតដែលគេបណ្តុះបណ្តាលបំពាក់បំប៉នមនោគមន៍វិជ្ជាឱ្យស្អប់និងមើលឃើញតែភាពខ្មៅកខ្វក់ពីការដឹកនាំរបស់រដ្ឋាភិបាល ធ្វើព័ត៌មានណាដែលបំផ្លាញសេចក្តីទុកចិត្តចំពោះរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។

សរុបមក មូលដ្ឋានផ្សព្វផ្សាយមនោគមវិជ្ជាបដិវត្តន៍ពណ៌របស់ពួកបរទេសនៅក្នុងប្រទេសកម្ពុជា គឺ ពិតជាជ្រកក្រោមអង្គការ CCIM និង VOD តែជាភព្វសំណាងរបស់ប្រជាពលរដ្ឋកម្ពុជាដែលតែងតែជៀសគ្រោះមហន្តរាយដែលប៉ុនប៉ងដោយក្រុមបរទេសអមិត្ត និង ក្រុមខ្មែរក្បត់ជាតិ៕

No comments:

Post a Comment