Wednesday, February 22, 2023

ប្រធានព្រឹទ្ធសភាស្តីទី ប្រកាសថ្កោលទោសជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលប្រមាថម្តងហើយម្តងទៀត ដល់អង្គព្រះមហាក្សត្រ

 (ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ស៉ឹម កា ប្រធានស្តីទីនៃព្រឹទ្ធសភា ព្រមទាំងសមាជិក សមាជិកព្រឹទ្ធសភា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រមាថជាថ្មីដល់ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។

ការបង្ហោះតាមបណ្តាញសង្គមរបស់ ទណ្ឌិតក្បត់ជាតិ៣ជំនាន់នេះ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចោទប្រកាន់យ៉ាងគឃ្លើនលើ ព្រះអម្ចាស់ជីវិតតម្កល់លើត្បូង គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចលើកលែងបាន ដោយមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ» និងបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

លោកកិត្តិនីតិកោសលបណ្ឌិត ស៉ឹម កា បានគូសបញ្ជាក់ថា ការប្រមាថរបស់ ទណ្ឌិតជាប់ទោសក្បត់ជាតិ ខាងលើនេះចំពោះអង្គ ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតដល់រដ្ឋធនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹទ្ធសភា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើ ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៉ី ព្រមទាំងបក្សពួក ដែលហ៊ានប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់ជាធរមានដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។

យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញា និងប្រកាសជាឱឡារិកថាៈ នឹងបន្តគោរពគាំទ្រ និងដង្ហែតាមអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំទាំងអស់គ្នា៕



No comments:

Post a Comment