Thursday, February 18, 2021

លោករដ្ឋមន្រ្ដី អ៊ុក រ៉ាប៊ុន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ គឺជាកម្មវិធីអាទិភាពមួយក្នុងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ

 ស្វាយរៀង៖ នៅព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញអម ដំណើរជាមួយលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសចុះពិនិត្យការស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) នៅភូមិសាស្ត្រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ថ្លែងនៅក្នុងឱកាសនោះ លោក អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា ខេត្តស្វាយរៀង គឺជាខេត្តគោលដៅមួយ នៃគម្រោងកែលម្អផ្លូវជនបទជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយទទួលបានផ្លូវជនបទក្រាលកៅស៊ូចំនួន១ខ្សែ ប្រវែង៨ គីឡូម៉ែត្រ និងផ្លូវចំនួន ៤ខ្សែទៀត ដែលមានប្រវែងសរុប ៥៧.២ គីឡូម៉ែត្រ របស់គម្រោងកែលម្អផ្លូវជនបទជំហានទី៣ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ការអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ២ខ្សែ នៅខេត្តស្វាយរៀង នាពេលនេះ មានការចូលរួមអមដំណើរដោយរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីជំនាញ នៃក្រសួងអភិវឌ្ឍន៍ជនបទ លោកកអភិបាលស្រុកនិងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

ផ្លូវទាំងនោះរួមមាន៖
* ខ្សែទី១៖ ដែលតភ្ជាប់ពីភូមិញរ ឃុំញរ ទៅភូមិភ្នំស្រូវ ឃុំរាជ្យមុន្ទី និងភូមិតេជៈ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ប្រវែងសរុប ៨ គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ហើយគ្រោងបញ្ចប់ ១០០% នៅមុនខែមិថុនា ឆ្នាំ២០២២។

* ខ្សែទី២៖ ដែលតភ្ជាប់ពីក្រោលគោ ដល់វត្តស្វាយផ្អែម ស្រុកស្វាយជ្រុំ ប្រវែង ១១.០៩គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងបញ្ចប់ ១០០% នៅក្នុងខែមេសា ឆ្នាំ២០២៣។

* ខ្សែទី៣៖ ដែលតភ្ជាប់ពីផ្សារចក ដល់ពងទឹក ស្រុករំដួល ប្រវែង ៩.១៦គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងបញ្ចប់ ១០០% នៅក្នុងខែមេសា ឆ្នាំ២០២៣។

* ខ្សែទី៤៖ ដែលតភ្ជាប់ពីព្រៃគាល ដល់កំពង់អំពិល ស្រុករំដួល ប្រវែង ២៤.៩៥គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងបញ្ចប់ ១០០% នៅក្នុងខែមេសា ឆ្នាំ២០២៣។

* ខ្សែទី៥៖ ដែលតភ្ជាប់ពីព្រះពន្លា ដល់សំយោង ស្រុកកំពង់រោទិ៍ ប្រវែង ១១.៩ គីឡូម៉ែត្រក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងបញ្ចប់ ១០០% នៅក្នុងខែមេសា ឆ្នាំ២០២៣។

លោករដ្ឋមន្រ្ដី អ៊ុក រ៉ាប៊ុន បានបន្តទៀតថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ គឺជាកម្មវិធីអាទិភាពមួយ ក្នុងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ ដូចជាគម្រោងកែលម្អផ្លូវជនបទជំហាន ទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងអនុវត្តនៅក្នុងខេត្តចំនួន ៦រួមមាន៖ ខេត្តកំពង់ស្ពឺ, កំពង់ឆ្នាំង, កណ្តាល, ព្រៃវែង និងខេត្តស្វាយរៀង លើប្រវែងផ្លូវសរុប ១១៩.៤៦គីឡូម៉ែត្រ និងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ក្រោមឥណទានសប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលកំពុងអនុវត្តនៅក្នុងខេត្តចំនួន ៥ រួមមាន៖ ខេត្តកំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង និងខេត្តក្រចេះ លើប្រវែងផ្លូវសរុប ៣៤០.៧៦គីឡូម៉ែត្រ។

ជួបជាមួយប្រជាពលរដ្ឋ លោករដ្ឋមន្ត្រី បានថ្លែង អំណរគុណដល់ប្រជាជន ក៏ដូចជារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលតែងតែជួយដល់កម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងគមនាកមន៍នៅជនបទ និងបានក្រើនរំលឹកដល់ទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងមន្រ្ដីបច្ចេកទេស ត្រូវយកចិត្តទុកដាក់ និងអនុវត្តន៍ឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង៕





អាជ្ញាធរជាតិអប្សរា នឹងបិទខ្លោងទ្វារតាកាវបណ្តោះ អាសន្នដើម្បីប្រារព្ធពិធីបើកការដ្ឋានជួសជុល

 អាជ្ញាធរជាតិអប្សរា បានជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរានឹងបិទការចេញចូលនៅខ្លោងទ្វារតាកាវបណ្តោះអាសន្ន ដើម្បីប្រារព្ធពិធីបើកការដ្ឋានជួសជុលខ្លោងទ្វារនេះ ក្រោមកិច្ចសហការជាមួយវិស័យឯកជន។

កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន។

អាជ្ញាធរជាតិអប្សរា សង្ឃឹមថាសាធារណជនទាំងអស់នឹងយោគយល់ ហើយចូលរួមសហការបានយ៉ាងល្អប្រសើរ ដើម្បីភាពរលូននៃដំណើរការអភិរក្សសម្បត្តិដូនតាទាំងអស់គ្នា៕



អ្នកជំនាញអាជ្ញាធរជាតិអប្សរាចូលរួមកម្មវិធីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍នៃការរៀបចំខ្សែសៀគ្វីទេសចរណ៍នៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកសំបូរព្រៃគុក

 ក្នុងគោលដៅរៀបចំនិងដាក់ចេញនូវខ្សែសៀគ្វីទស្សនារមណីយដ្ឋានសំបូរព្រៃគុក អាជ្ញាធរជាតិសំបូរព្រៃគុកបានរៀបចំកម្មវិធីកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ស្តីពីការរៀបចំខ្សែសៀគ្វីទេសចរណ៍រយៈពេល៣ថ្ងៃ និងបានអញ្ជើញមន្រ្តីបុគ្គលិកជំនាញផ្នែករៀបចំខ្សែសៀគ្វីទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាចូលរួមដើម្បីចែករំលែកបទពិសោធន៍ការងាររៀបចំខ្សែសៀគ្វីទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរកន្លងមក។

ជាលទ្ធផលនៃកិច្ចពិភាក្សាររវាងមន្រ្តីបុគ្គលិកជំនាញទាំងពីរស្ថាប័នដែលបំពេញការងារក្នុងចក្ខុវិស័យរួមគឺការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានបេតិកភណ្ឌពិភពលោក គំនិតរៀបចំខ្សែសៀគ្វីទស្សនាក្រុមប្រាសាទក្នុងរមណីយដ្ឋានសំបូរព្រៃគុកចំនួន៦ត្រូវបានដាក់ចេញដើម្បីបន្តការសិក្សាស៊ីជម្រៅដែលក្នុងនោះមាន៖
១. សិក្សារៀបចំទិសដៅទស្សនាដោយកំណត់ច្រកចេញចូលច្បាស់លាស់សម្រាប់ក្រុមប្រាសាទធំៗចំនួន៣គឺ ក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទតោ និងក្រុមប្រាសាទសំបូរ។
២. សិក្សាដាក់ចេញនូវខ្សែទស្សនាដែលភ្ជាប់ក្រុមប្រាសាទធំៗទាំងបីគឺ ក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទតោ និងក្រុមប្រាសាទសំបូរ ជាមួយនឹងប្រាសាទដើមចាន់ ប្រាសាទអាស្រមមហាឫស្សីនិងប្រាសាទជ្រៃ ដោយមានជម្រើសរយៈពេលទស្សនាផ្សេងៗគ្នា(សៀគ្វីរយៈពេលវែង មធ្យម និងខ្លី)។ ខ្សែសៀគ្វីនេះគ្រោងតម្រូវឱ្យយានជំនិះគ្រប់ប្រភេទដាក់ភ្ញៀវនៅមុខក្រុមប្រាសាទយាយព័ន្ធខាងកើត ហើយត្រឡប់ទៅឈប់ចាំទទួលភ្ញៀវនៅម្តុំមុខប្រាសាទជ្រៃ។
៣. សិក្សាដាក់ចេញនូវខ្សែសៀគ្វីកង់ និងរទេះគោ ដែលអាចមានជម្រើសខ្សែវែង និងខ្សែខ្លី ក្រោមចំណងជើង «ទស្សនារមណីយដ្ឋានសំបូរព្រៃគុកដោយជិះកង់ឬរទេះគោ»។
៤. សិក្សាដាក់ចេញនូវខ្សែសៀគ្វីរយៈពេល១ថ្ងៃពេញដើម្បីលើកតម្លៃប្រាសាទតូចៗមួយចំនួន រួមទាំងក្រុងបុរាណ «ឦសានបុរ» ដោយភ្ជាប់ជាមួយក្រុមប្រាសាទធំៗទាំង៣។
៥. សិក្សាស៊ីជម្រៅបន្ថែមដើម្បីដាក់ចេញនូវខ្សែទស្សនាក្រោមប្រធានបទពិសេស «ស្វែងយល់ពីចម្លាក់លើប្រាសាទឥដ្ឋ» ដែលភ្ញៀវទេសចរអាចទទួលបានព័ត៌មានលម្អិតពីចម្លាក់ «ប្រាសាទអណ្តែត» និងចម្លាក់ «មេដៃយ៉ុង» ដែលទាំងនេះជាតម្លៃលេចធ្លោរជាសកល (outstanding universal value) របស់រមណីយដ្ឋានសំបូរព្រៃគុកបេតិកភណ្ឌពិភពលោក។
៦. សិក្សារៀបចំខ្សែសៀគ្វីសម្រាប់ទេសចរបែបសមាធិ ដោយក្នុងនោះអាចកំណត់យកប្រាសាទត្រពាំងរពាក់ ឬប្រាសាទគក់ទ្រូងជាទីតាំងបញ្ចប់ខ្សែទស្សនា និងស្នើឱ្យទេសចរអាចធ្វើសមាធិបែបពុទ្ធសាសនា នៅទីនោះបាន។

គំនិតជំហានដំបូងទាំង៦ខាងលើនេះនឹងត្រូវសិក្សាស៊ីជម្រៅលម្អិតបន្ថែមរួមគ្នាបន្តទៀតរវាងមន្រ្តីបុគ្គលិកជំនាញនៃអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុក៕






លោក សុខ ឥសាន អញ្ជើញទស្សនៈកិច្ចសិក្សាឈ្វេងយល់អំពីប្រសិទ្ធភាពអនុវត្តបទដ្ឋានគតិយុត្តនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ

 កោះកុង ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍លោក សុខ ឥសានប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា (គណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ) និងប្រតិភូអមដំណើរ ក្នុងកិច្ចពិភាក្សាការងារ និងឈ្វេងយល់អំពីប្រសិទ្ធភាពក្នុងការអនុវត្តបទដ្ឋានគតិយុត្តនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

នៅក្នុងកិច្ចប្រជុំពិភាក្សានេះមានគោលបំណងផ្តោតសំខាន់ទៅលើប្រធានបទមួយចំនួនដូចខាងក្រោម៖
១- ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តកោះកុង
២- ការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍
៣- ការដោះស្រាយវិវាទដីធ្លីស្ថិតនៅក្នុងទីតាំងដីគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន និងវិវាទដីធ្លីផ្សេងទៀតក្នុងដែនសមត្ថកិច្ច
៤- ការងារតែងតាំងមន្ត្រីរាជការស៊ីវិល និងការអនុវត្តអនុក្រឹត្យលេខ ១១៤ ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងនីតិវិធីនៃការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា
៥- ដំណើរការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាអាទិភាពជូនដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋរបស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច និងដំណើរការត្រួតពិនិត្យដោះស្រាយបណ្ដឹង
៦- កិច្ចការសហការរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ពលករ ភ្ញៀវជាតិនិងអន្តរជាតិត ដែលចេញចូលតាមច្រកទ្វារអន្តរជាតិចាំយាម៕






ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរផែនការខេត្តព្រះសីហនុ

 ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរផែនការខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ គណៈ​ប្រតិភូក្រសួងផែនការ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់ ក្នុងខេត្តព្រះសីហនុ ។

តាមប្រកាសលេខ ០៤៣៦ ផក.ប្រ.ក របស់ក្រសួងផែន ការស្ដីពីការតែងតាំងមន្ត្រីរាជការ សម្រេចតែងតាំងលោក តោ មុនីសាក់ ជាប្រធានមន្ទីរផែនការខេត្តព្រះសីហនុនៃក្រសួងផែនការ ជំនួសលោក ហុង ម៉េងហួរ ដែលបានទទួលភារកិច្ចថ្មី ។

លោក តោ មុនីសាក់ ប្រធានមន្ទីរផែនការ បានធ្វើការបេ្តជ្ញាចិត្តដូចជា៖
– គោរពឱ្យបានខ្ជាប់ខ្ជួននិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ប្រកាន់ខ្ជាប់នូវស្មារតីមនសិការទទួលខុសត្រូវសំដៅរួមចំណែកអភិវឌ្ឍសង្គមជាតិតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល។
– ខិតខំពង្រឹងសមត្ថភាពដកស្រង់នូវបទពិសោធន៍ល្អពីរៀមច្បង សិក្សាស្រាវជ្រាវលើលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង និងខេត្តផ្សារភ្ជាប់ជាមួយចំណេះដឹងផ្នែកទ្រឹស្ដីសម្រាប់អភិវឌ្ឍសមត្ថភាពជំនាញក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព។
– ខិតខំអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈដើម្បីធានានូវការអនុវត្តភារកិច្ចប្រកាន់ឥរិយាបថជាមន្ត្រីរាជការបំរើសេវាសាធារណៈ ប្រកាន់ភ្ជាប់គុណសម្បត្តិ និងឥរិយាបថលើលក្ខណៈសម្បត្តិស្នូលទាំងបួន ១. ឆន្ទៈម្ចាស់ការ គឺការខិតខំកាត់បំពេញការងារដែលត្រូវធ្វើឱ្យអស់លទ្ធភាព ២.ភក្តីភាពចំពោះប្រជាពលរដ្ឋ និងស្ថាប័នរដ្ឋ ៣. មានសិកាវិជ្ជាជីវៈសមត្ថភាពបំពេញការងារប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ៤.វប្បធម៌ សេវាសាធារណៈឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។
– ខិតខំរក្សាប្រពៃណីសាមគ្គីភាពមន្ត្រីរាជការក្នុងមន្ទីរផែនការល្អប្រសើរលើកកម្ពស់កិច្ចសហប្រតិបត្តិការសាមគ្គីភាពជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គភាពជំនាញជុំវិញខេត្ត ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍អបអរសារទរប្រធានមន្ទីរផែនការថ្មី ដែលថ្នាក់ ដឹកនាំក្រសួងបានផ្ដល់សេចក្តីទុកចិត្តតែងតាំងជាប្រធានមន្ទីរផែនការខេត្ត ដើម្បីបន្តនិរន្តភាពដឹកនាំមន្ត្រីផែនការខេត្តឱ្យទទួលបានជោគជ័យសម្រេចសមិទ្ធផលថ្មីបន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” និងបាវច្ចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ ។

លោកអភិបាលខេត្ត ក៏បានផ្ដល់អនុសាសន៍មួយចំនួនដូចជា៖
១. ត្រូវប្រើប្រាស់ទិន្នន័យជំរឿន ជាទិន្នន័យមានគុណភាពល្អជឿទុកចិត្តបានឱ្យបានទូលំទូលាយក្នុងការរៀបចំគោលនយោបាយ ការសម្រេចនានាដើម្បីគាំទ្រ និងការអភិវឌ្ឍប្រកបដោយចីរភាព ការវាស់វែងការអនុវត្តសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ និងកម្មវិធីផ្សេងៗទៀត។
២.ត្រូវខិតខំយកចិត្តទុកដាក់វិភាគទិន្នន័យជំរឿនឱ្យបានគ្រប់ជ្រុងជ្រោយសម្បូរបែបធានាឆ្លើយតបតាមសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យគ្រប់ប្រភេទព្រមទាំងការសិក្សាស្រាវជ្រាវតម្រូវការ និងញែកទិន្នន័យសម្រាប់រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់តាមដែលអាចធ្វើបាន។
៣. ត្រូវខិតខំបន្តប្រមែប្រមូលធនធានពីដៃគូរអភិវឌ្ឍន៍សម្រាប់ធ្វើជំរឿនឱ្យបានក្នុងពេលខាងមុខ មានជំរឿនសេដ្ឋកិច្ច ជំរឿនកសិកម្មដែលសុទ្ធសឹងជាអត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍។
៤. ត្រូវយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាលកសាងសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សពីព្រោះការងារស្ថិតិជាការងារលំបាកស្មុគស្មាញពាក់ព័ន្ធ និងគ្រប់វិស័យទាមទារការបណ្ដុះបណ្ដាល និងបទពិសោធន៍អនុវត្តជាក់ស្តែងក្នុងការធ្វើជំរឿនអង្កេតដែលជាការបណ្ដុះបណ្ដាលក្នុងការងារ ។ ការផ្សព្វផ្សាយទិន្នន័យជំរឿនឱ្យបានទូលំទូលាយដល់អ្នកប្រើប្រាស់ទិន្នន័យទាំងឡាយទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិក៏ជាភារកិច្ចសំខាន់ដើម្បីបង្កើនការយល់ដឹងពីសារៈសំខាន់ស្ថិតិក្នុងកម្មវិធីអភិវឌ្ឍន៍ ក៏ដូចជាការចេះប្រើប្រាស់ស្ថិតិឱ្យបានត្រឹមត្រូវ ។

លោកទេសរដ្ឋមន្រ្តី ឆាយ ថន បានធ្វើការផ្តាំផ្ញើប្រធានមន្ទីរផែនការត្រូវបានប្រកាសតែងតាំងនាពេលនេះ ត្រូវបន្តខិតខំបំពេញការងារឱ្យបានល្អប្រសើរមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងក្នុងមន្ទីរ ក៏ដូចជាបណ្ដាអង្គភាពដែលស្ថិតនៅក្រោមឱវាទរបស់រដ្ឋបាលខេត្តព្រះសីហនុ ឱ្យបានទូលំទូលាយ និងទទួលបានជោគជ័យរាល់ភារកិច្ច និងកាតព្វកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនជាពិសេសលើវិស័យផែនការនិងស្ថិតិ៕






លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្តល់ជំនួយថវិកា១៥០លានរៀល សម្ភារៈ និងស្បៀងបន្ថែមទៀត ដល់ខេត្តចំនួន៦ ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័កសម្រាប់ពលករ

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ននេះ បានសម្រេចផ្តល់ជំនួយថវិកា ១៥០លានរៀល សម្ភារៈ និងស្បៀងបន្ថែមទៀត ដល់ខេត្តចំនួន៦ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័កសម្រាប់ពលករ។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។

បើតាម លោកស្រី យក់ សម្បត្តិ, ខេត្តទាំង៦ ដែលទទួលបានថវិកា សម្ភារ និងស្បៀងនេះ រួមមាន៖
១៖ ខេត្តបាត់ដំបង ទទួលបានទឹកសុទ្ធ១ពាន់កេស
២៖ ខេត្តបន្ទាយមានជ័យ ទទ៊ួលបាន ឃីត១ពាន់
៣៖ ខេត្តឧត្តរមានជ័យ ទទួលបាន ឃីត៥០០ និងទឹកសុទ្ធ៥០០កេស
៤៖ ខេត្តកោះកុង ទទួលបានថវិកា ៥០លានរៀល ឃីត១០០
៥៖ ខេត្តពោធិសាត់ ទទួលបានថវិកា ៥០លានរៀល
៦៖ ខេត្តព្រះវិហារទទួលបានថវិកា ៥០លានរៀល។

ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលផ្តើមចេញពីខេត្តសាមុតសាខន ប្រទេសថៃ។

គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ មានពលករខ្មែរជាង៣.៥ម៉ឺននាក់ហើយបានត្រឡប់មកប្រទេសកម្ពុជា ក្នុងនោះអ្នកកំពុងធ្វើចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែនទាំង៧ មានចំនួន ១១,៨៥៧នាក់ ហើយក្នុងចំណោមអ្នកឆ្លងដែនពីប្រទេសថៃនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុប ៨៩នាក់ ៕



អគ្គិសនីកម្ពុជា ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតំបន់មួយចំនួន ដើម្បីជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា

 អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅ តាមពេលវេលា និងទីកន្លែង។

ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលអគ្គិសនីកម្ពុជា ស្នើសុំអភ័យទោសទុកជាមុន ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជាទាំងស្រុង៖





ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីបំភ្លឺ ស្តីពីដំណឹងនៃការកើនឡើងនៃកាំរស្មី UV, កម្ពុជាមិនទាន់មានបញ្ហាធ្ងន់ធ្ងរទេ

 ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីបំភ្លឺ ស្តីពីដំណឹងនៃការកើនឡើងនៃកាំរស្មី UV ដែលបានកើនឡើងនៅប្រទេសវៀតណាម ស្ថិតក្នុងកម្រិតប្រុងប្រយ័ត្ន។

ចំពោះកម្ពុជាវិញ ត្រូវបានក្រសួងធនធានទឹក អះអាងថា កាំរស្មី UV នេះមិនទាន់មានបញ្ហាធ្ងន់ធ្ងរនោះទេ ហើយអាស៊ីតទឹកភ្លៀង Acide Rain ក៏មិនទាន់ធ្ងន់ធ្ងរដែរ ៕



ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤នាក់ ជាអ្នកធ្វើដំណើរមកបរទេស ខណៈអ្នកជាសះស្បើយមិនមានទេ

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន០៤នាក់ ដែលជាអ្នកធ្វើដំណើរមកពីបរទេស ខណៈអ្នកជាសះស្បើយមិនមាននោះទេ។

អ្នកឆ្លងកូវីដ១៩ ថ្មីទាំង៤នាក់រួមមាន៖

* បុរសជនជាតិឥណ្ឌូណេស៊ី អាយុ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

* ស្ត្រីជនជាតិឥណ្ឌូណេស៊ី អាយុ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០២១។

លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង០២រូប ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាក ព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន១២៨នាក់ ដែលនៅក្នុងចំនួននេះមានបុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន១២៦នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញចំនួន ១២៣នាក់ និងមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ចំនួន០៣នាក់។

* ស្ត្រីជនជាតិចិន អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសចិន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។
លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

* បុរសជនជាតិស្វីស អាយុ ៦២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសស្វីស បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

សូមជម្របថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សុរបចំនួន៤៨៣នាក់ ក្នុងនោះអ្នកជំងឺ ៤៧០នាក់ព្យាបាលជាសះស្បើយ និងអ្នកជំង១៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ៕




រាជរដ្ឋាភិបាល ចេញអនុក្រឹត្យកែសម្រួលអនុក្រឹត្យលេខ១២៩ ដើម្បីបង្កើនការផាកពិន័យ លើអ្នកមិនធ្វើចត្តាឡីស័ក និងអ្នកនាំគេចវេស

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញអនុក្រឹត្យចំនួន២ ដើម្បីបង្កើនការផាកពិន័យលើអ្នកដែលមិនធ្វើចត្តាឡីស័ក និងអ្នកដែលនាំរត់គេចវេស មិនធ្វើចត្តាឡីស័ក។ នេះបើតាមអនុក្រឹត្យដែលទទួលបាន នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។










លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អនុញ្ញាតឲ្យកីឡាករ-កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្ដ្រីកីឡាជាង ១ពាន់នាក់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្ដ្រីកីឡាពាក់ព័ន្ធសរុប ១,០៥១នាក់ ធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បន្ទាប់ពីមានការស្នើសុំពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលពីថ្មីៗ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC នៅរាត្រីថ្ងៃពុធនេះ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា «គណ:កម្មាធិការជាតិ CAMSOC សូមគោរពជម្រាបជូនដំណឹងដ៏ល្អ សម្រាប់កីឡាករ-កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្រ្តីកីឡាពាក់ព័ន្ធ ដែលមានក្នុងបញ្ជីស្នើសុំចាក់វ៉ាក់សាំង COVID-19 ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តីអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឲ្យចាក់ជូន តាមរយៈក្រុមការងារវ៉ាក់សាំង Covid 19 ក្រសួងការពារជាតិ ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន CAMSOC»។

លោក វ៉ាត់ ចំរើន បន្ថែម «ដូច្នេះសូមកីឡាករ-កីឡាការិនី គ្រូបង្វឹកជម្រើសជាតិ និងមន្រ្តីកីឡាពាក់ព័ន្ធ ត្រៀមលក្ខណៈចូលរួមចាក់វ៉ាក់ សាំង COVID 19 ដោយស្មារតីស្ម័គ្រចិត្តគ្រប់ៗគ្នា ក្នុងពេលឆាប់ៗនេះ តាមការរៀបចំរបស់អគ្គលេខាធិការដ្នាន CAMSOC ដើម្បីផ្តល់ជំនឿចិត្ត និងភាពកក់ក្តៅក្នុងចិត្តសាស្រ្តកីឡា ត្រៀមទៅហ្វឹកហាត់ក្រៅប្រទេស និងប្រកួតកីឡាជាអន្តរជាតិនានាក្នុងឆ្នាំ ២០២១ ពិសេសត្រៀមការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះឲ្យទទួលបានជោគជ័យ» ។

ទន្ទឹមជាមួយគ្នាលោក វ៉ាត់ ចំរើន បានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពិសេសលោកនាយករដ្ឋមន្ដ្រី ចំពោះកីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្ដ្រីកីឡា ក្នុងការទទួលនូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដំបូង ដើម្បីបង្កើនទំនុកចិត្តក្នុងការហ្វឹកហាត់ ក្នុងការត្រៀមបំពេញបេសកម្មសំខាន់ៗ ក្នុងឆ្នាំ២០២១ ដូចជាលារប្រកួតកីឡាអូឡាំពិក នៅប្រទេសជប៉ុន, ការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម និងការចេញទៅហាត់នៅចិន កូរ៉េ និងជប៉ុន ដើម្បីសម្រួចឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ជាដើម ៕











ក្រសួងសុខាភិបាល ច្រានចោលការផ្សាយបំពុលថា «អ្នកគ្រូបង្រៀនម្នាក់ស្លាប់ដោយសារ ចាក់វ៉ាក់សាំងកូវីដ១៩»

 លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញមកច្រានចោលចំពោះការផ្សាយបំពុលខុសពីការពិតថា អ្នកគ្រូបង្រៀនម្នាក់ស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ១៩។

ការចេញមកច្រានចោលនេះ បន្ទាប់ពីបុគ្គល សឺន ហាយ ជាខ្មែរក្រោម ដែលរត់ចេញពីកម្ពុជាទៅនៅក្រៅប្រទេសកាលពីប៉ុន្មានឆ្នាំមុននោះ បានបង្ហោះលើទំព័រហ្វេសប៊ុកថា មានគ្រូបង្រៀនម្នាក់ស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ១៩។

លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងកូវីដ១៩ មិនទាន់មានគ្រូបង្រៀនណាម្នាក់ចាក់នៅឡើយនោះទេ។

លោកស្រី ឱ វណ្ណឌីន បានអំពាវនាវឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនផ្សព្វផ្សាយព័ត៌មានបំពុលនេះផងដែរ។

សូមបញ្ជាក់ថា កញ្ញា ឆន ណារី អាយុ ២១ឆ្នាំ ជាគ្រូបង្រៀននៅខេត្តក្រចេះ។ អ្នកគ្រូបានទទួលមរណភាពដោយសារតែរលាកស្រោមខួរ ៕