Thursday, September 19, 2019

រុស្ស៊ី សន្យាជំរុញការហោះហើរត្រង់មកកម្ពុជា និងផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ឱ្យបានច្រើននៅប្រទេសខ្លួន

រុស្ស៊ីដែលជាប្រទេសធំជាងគេនៅលើពិភពលោកនោះ បានទទួលសំណើក្នុងការជួយជំរុញការតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា និងសហការជាមួយកម្ពុជា ក្នុងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារក្នុងប្រទេសរបស់ខ្លួន សំដៅរុញកំណើនទេសចររុស្ស៊ី និងទេសចរមកពីប្រទេសទីបី ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។
ការបញ្ជាក់យ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ដឹកនាំដោយលោក ឌីមីទ្រី ស្វឺតខូវ (Dmitry Tsvetkov) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។
គួរបញ្ជាក់ថា៖ បច្ចុប្បន្នកម្ពុជា មិនទាន់មានការហោះហើរត្រង់ទៅកាន់រដ្ឋធានីមូស្គូ ឬទីក្រុងណាមួយនៅចុងបូព៌ារបស់រុស្ស៊ីមកកាន់កម្ពុជានៅឡើយទេ ដូច្នេះហើយបានជាលោករដ្ឋមន្ត្រី ថោង ខុន ស្នើទៅកាន់លោកឯកអគ្គរដ្ឋទូតរុស្ស៊ី ធ្វើយ៉ាងណាជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង វ្ល៉ាឌីវ៉ូស្តុក(Vladivostok) ឬពីទីក្រុងណាមួយរបស់រុស្សីមកកាន់កម្ពុជា ដែលមានរយៈចម្ងាយខ្លីជាងមកពីមូស្គូ ដើម្បីជំរុញកំណើនទេសចររុស្ស៊ីឱ្យមកកម្ពុជាកាន់តែច្រើន។
ក្នុងឱកាសនោះ រុស្ស៊ី បានទទួលយកនូវសំណើទាំងនេះយ៉ាងពេញចិត្ត ប៉ុន្តែក៏បានស្នើមកកម្ពុជាវិញដែរ គឺសូមសហការជាមួយរុស្ស៊ីឱ្យបានជិតស្និទ្ធ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះដំណើរការទៅប្រកបដោយផ្លែផ្កា។ លោករដ្ឋមន្ត្រីបានស្នើរុស្ស៊ីជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍រុស្ស៊ី ព្រមទាំងស្នើឱ្យជួយរៀបចំផែនការយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចររុស្ស៊ីផងដែរ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើភាគីរុស្ស៊ីរៀបចំឱ្យមានដំណើរទស្សនកិច្ចកសិទេសចរណ៍ (Farm Trip) នៅប្រទេសកម្ពុជា សម្រាប់ប្រតិភូ និងអ្នកសារព័ត៌មានមកពីរុស្ស៊ី ឱ្យបាន២ដងក្នុងមួយឆ្នាំ ដើម្បីបង្កើនការផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងគោលដៅទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍រុស្ស៊ីឱ្យបានច្រើនឡើង និងបានស្នើឱ្យភាគីរុស្ស៊ីជួយសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដំណើរកម្សាន្តផ្សេងៗនៅកម្ពុជាឱ្យបានញឹកញាប់ផងដែរ។
ក្នុងក្របខណ្ឌសិក្សាធិការ រដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យរុស្ស៊ីជួយកម្ពុជា បណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបន្ថែម ដល់មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជានិយាយភាសារុស្ស៊ី ហើយរុស្ស៊ីបានឆ្លើយតបមកវិញថា នឹងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការនេះ ក្នុងពេលឆាប់ៗខាងមុខ។
ជាមួយគ្នានោះ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំរាជធានីភ្នំពេញ នឹងបង្កើតឱ្យមានវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី និងរយៈពេលវែង ដល់អ្នកជំនាញទេសចរណ៍កម្ពុជា ដើម្បីពង្រឹងសមត្ថភាពបន្ថែមក្នុងការទទួលភ្ញៀវទេសចររុស្ស៊ី។
ទន្ទឹមនឹងនោះ លោក ថោង ខុន ក៏បានលើកជាយោបល់ដល់លោកឯកអគ្គរដ្ឋទូតរុស្ស៊ី ក្នុងការពិចារណាពង្រីកវិសាលភាពការងាររបស់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីនេះ គ្រប់ដណ្ដប់លើអាស៊ានទាំងមូល មានន័យថា អាចពង្រីកការបណ្ដុះបណ្ដាលបញ្ជ្រាបចំណេះដឹងផ្នែកភាសា វប្បធម៌ និងទេសចរណ៍របស់រុស្ស៊ី ទៅដល់ប្រទេសនានានៅតំបន់អាស៊ាន ខណៈនៅក្នុងអាស៊ាន កម្ពុជាជាប្រទេសទទួលបន្ទុកផ្សព្វផ្សាយវប្បធម៌ និងភាសារុស្ស៊ី ទៅដល់ប្រទេសផ្សេងទៀតនៅក្នុងតំបន់ផងដែរ។

សូមជម្រាបថា នៅឆ្នាំ២០១៨ កន្លងទៅ កម្ពុជាទទួលបានទេសចររុស្ស៊ីប្រមាណជិត ៦៥,០០០នាក់ និងនៅរយៈពេល៧ខែ ដើមឆ្នាំ២០១៩នេះ ទេសចររុស្ស៊ីបានមកទស្សនាកម្ពុជាមានប្រមាណជាង ៣៤,០០០នាក់។ ក្នុងចំណោមតំបន់អាស៊ាន ប្រទេសថៃ វៀតណាម ឥណ្ឌូនេស៊ី (ពិសេសកោះបាលី) ជាប្រទេសទទួលបានទេសចររុស្ស៊ីច្រើនជាងគេ ហើយកម្ពុជាសង្ឃឹមថានឹងទទួលបានទេសចររុស្ស៊ីបន្ថែមទៀត តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់មកខេត្តសៀមរាប និងតំបន់ឆ្នេរ ក៏ដូចជារាជធានីភ្នំពេញ៕



លោកស្រី ភឿង សកុណា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៥ នៃគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-ព្រះវិហារ

ព្រះវិហារ : គណៈកម្មការសម្របសម្រួល អន្តរជាតិដើម្បីអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (អាយសីុសីុ-ព្រះវិហារ) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៥ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរ ក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងសហប្រធានអាយសីុសីុ-ព្រះវិហារ លោក ZHOU Jiagui តំណាងរដ្ឋាភិបាលចិន និងលោកស្រី Manika JAIN តំណាងរដ្ឋាភិបាលឥណ្ឌា។
ជាមួយគ្នានោះ ក៏មានការចូលរួមពីតំណាងប្រទេសជាសមាជិកស្ថាបនិករួមមាន បារាំង ប៊ែលហ្សិច ជប៉ុន ថៃឡង់សហរដ្ឋអាមេរិច និងអ្នកជំនាញការជាតិ អន្តរជាតិ លើផ្នែកអភិវឌ្ឍន៍ អភិរក្ស ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ២៥០នាក់។
ប្រធានបទដែលអ្នកជំនាញជាតិ បានលើកយកមកពិភាក្សារួមមាន (១)លទ្ធផលសិក្សាស្រាវជ្រាវដើម្បីអភិរក្សជណ្តើរខាងជើងប្រាសាទព្រះវិហារ (២)ការអប់រំបេតិកភណ្ឌនៅរមណីយដ្ឋានប្រាសាទព្រះវិហារ (៣)ការសិក្សាប្រព័ន្ធធារាសាស្រ្តនៅរមណីយដ្ឋានប្រាសាទ ព្រះវិហារ និងរមណីយដ្ឋានកោះកែរ (៤)ការអភិរក្សប្រាសាទថ្មបាយក្រៀមក្នុងបរិវេណប្រាសាទធំ នៅរមណីយដ្ឋានកោះកែរ (៥)ការរៀបចំផែនទីហានីភ័យនៅរមណីយដ្ឋានកោះកែរ និង(៦) របាយការណ៍វឌ្ឍនភាពអំពីការរៀបចំផែនការគ្រប់គ្រងទេសចរណ៍រមណីយដ្ឋានកោះកែរ។
ចំពោះប្រធានបទដែលដៃគូអន្តរជាតិ បានបង្ហាញមានជាអាទិ៍៖ (១)គម្រោងជួសជុលគោបុរៈទី១ ទី២ និងទី៣ ដោយភាគីចិន (២)ការអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ ដោយអ្នកជំនាញការឥណ្ឌា (៣)បទបង្ហាញអំពីវឌ្ឍនភាពគម្រោងអភិរក្សបដិមាព្រះសិវៈរាំនៅប្រាសាទកោះកែរ ដោយអ្នកជំនាញសាលាបារាំងចុងបូព៌ា និងលោក ឆាន់ ចំរើន អ្នកជំនាញសារមន្ទីរជាតិភ្នំពេញ (៤)ការសិក្សាស្រាវជ្រាវដោយប្រព័ន្ធរ៉ាដាទៅក្នុងដី៖ អនុវត្តនៅក្នុងខែមីនា ឆ្នាំ២០១៩ ដោយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ British Columbia និង(៦) បទបង្ហាញអំពីកម្មវិធី Lidar នៅរមណីយដ្ឋានកោះកែរ ដោយអ្នកជំនាញមកពីវិទ្យាស្ថានស្រាវជ្រាវអាស៊ីភាគខាងត្បូង និងអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រី។

គួររម្លឹកថា នៅមុនការរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៥នេះ កាលពីថ្ងៃទី១៦ និង១៧ ខែកញ្ញា ឆ្នាំ២០១៩ អាជ្ញាធរជាតិព្រះវិហារ ក៏បានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់អ្នកជំនាញការអន្តរជាតិទៅកាន់ រមណីយដ្ឋានកោះកែរ និងរមណីយដ្ឋានប្រាសាទព្រះវិហារ ដើម្បីពិនិត្យនិងផ្តល់យោបល់លើលទ្ធផលការងារអភិរក្ស និងអភិវឌ្ឍន៍ដែលបានអនុវត្តកន្លងមកដោយមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ អរគុណមិត្តកូរ៉េបានចូលរួមចំណែកវិនិយោគទៅលើវិស័យសង្គមកិច្ច វិស័យអប់រំ និងវិស័យសុខាភិបាលជូនប្រជាជនកម្ពុជា

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក វន់ ម៉ុកលី (Won Meok Lee)សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ កន់ យ៉ាង និងលោកបណ្ឌិត ហ៊ី សូគីម (Hee Soo Kim)ស្ថាបនិកមូលនិធិអប់រំ កន់ យ៉ាង នៃប្រទេសកូរ៉េ។
នៅក្នុងជំនួបនេះ លោក Won Meok Lee បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថាលោកបានធ្លាប់មកកាន់ប្រទេសកម្ពុជាម្ដងរួចមកហើយកាលពី១០ឆ្នាំមុន ហើយក៏បានជួបលោកនាយករដ្ឋមន្ត្រីផងដែរកាលពេលនោះ។ លោកបានអរគុណចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ លោកបានថា កាលពីម្សិលមិញនេះលោកបានអញ្ជើញទៅទស្សនកិច្ចនៅមន្ទីរពេទ្យព្រះអង្គឌួង ជាពិសេសនៅមជ្ឈមណ្ឌលមន្ទីរពេទ្យព្យាបាលជំងឺភ្នែកដែលជួយដោយប្រទេសកូរ៉េ តាមរយៈអង្គការកូយការ (KOICA)។
ក្នុងនោះលោកក៏បានទៅទស្សនកិច្ចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ដោយសារកន្លងមកមានកិច្ចសហប្រតិបត្តិការសាកលវិទ្យាល័យរបស់គាត់ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកក៏បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា កន្លងមក លោកបានជួយដល់ការងារផ្នែកសុខាភិបាលច្រើន ជាពិសេសការយកចិត្តទុកដាក់ និងការព្យាបាលជំងឺភ្នែកតាមរយៈមជ្ឈមណ្ឌលដែលនៅមន្ទីពេទ្យព្រះអង្គឌួងនោះ ហើយលោកប្ដេជ្ញាថា នឹងខិតខំជួយដល់កម្ពុជាជាបន្តបន្ទាប់ទៀតផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអរគុណដល់ប្រទេសកូរ៉េដែលកន្លងមកធ្លាប់បានជួយដល់ប្រទេសកម្ពុជាលើវិស័យផ្សេងៗជាពិសេសដល់ផ្នែកវិស័យសុខាភិបាលក៏ដូចជាវិស័យអប់រំ។ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា លោកពិតជាអរគុណទៅដល់ភាគីកូរ៉េដែរបានជួយក្នុងការផ្ដល់នូវការព្យាបាលជំងឺភ្នែកដល់ប្រជាជនកម្ពុជា ដែលប្រជាជនកម្ពុជាជាច្រើនមានបញ្ហាជំងឺភ្នែកនេះ ហើយពួកគាត់ពិតជាត្រូវការចាំបាច់នូវសេវាព្យាបាលបញ្ហានៃជំងឺភ្នែក រួមទាំងជំងឺគថ្លង់ផងដែរ។
កន្លងមករាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ក្នុងការចូលរួមចំណែកជួយថែទាំ និងព្យាបាលប្រជាពលរដ្ឋដែលមានជំងឺភ្នែក និងគថ្លង់ ពិការនេះជាដើម ជាពិសេសកន្លងមកនេះយើងក៏មានអង្គការគ្រួសារថ្មីដែលបានយកចិត្តទុកដាក់ក្នុងការជួយដល់កុមារពិការ និងគថ្លង់ ហើយថ្មីៗនេះអង្គការគ្រួសារថ្មីនេះត្រូវបានបញ្ចូលឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជាវិញ ដូច្នេះនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា កន្លងមកនេះ រាជរដ្ឋាភិបាលយើងក៏ទទួលបានភាពជោគជ័យផងដែរ ទាក់ទងទៅនឹងការបង្ការទប់ស្កាត់នូវជំងឺមួយចំនួនដូចជា ជំងឺគ្រុនស្វិតដៃជើង ជំងឺកញ្ជ្រិល និងជំងឺតេតាណូសជាដើម។ ហើយបច្ចុប្បន្ននេះកម្ពុជា កំពុងតែយកចិត្តទុកដាក់ទៅលើការប្រយុទ្ធប្រឆាំងជំងឺរបេង ជំងឺជំងឺលើសឈាម និងជំងឺគ្រុនចាញ់ជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើការវិនិយោគយ៉ាងច្រើនទៅលើវិស័យសង្គមកិច្ច ជាពិសេសក្នុងការផ្ដល់នូវថវិកាជាតិទៅលើវិស័យអប់រំ វិស័យសុខាភិបាល ដើម្បីផ្ដល់នូវប្រយោជន៍ ក៏ដូចជាបម្រើនូវសេវាដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះផងដែរ លោកនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនផងដែរថា នៅពេលខាងមុខនេះ គឺនៅក្នុងអំឡុងខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រីនឹងអញ្ជើញទៅសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចប្រជុំ២ ដែលទី១គឺកិច្ចប្រជុំអាស៊ាន-កូរ៉េ និងទី២ កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ដែលគ្រោងនឹងធ្វើនៅទីក្រុងប៊ូសាននាពេលខាងមុខនេះ។ជាការឆ្លើយតបតាមការអញ្ជើញរបស់លោកបណ្ឌិតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ កន់ យ៉ាង លោកបានឲ្យរកពេលវេលាណាសមស្របដើម្បី អញ្ជើញទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ កន់យ៉ាង នៃប្រទេសកូរ៉េនោះ។ ហើយនៅក្នុងឱកាសនោះផងដែរ លោកនាយករដ្ឋមន្ត្រី ក៏មានគម្រោងជួបជាមួយពលករខ្មែរដែលបម្រើការងារនៅឯប្រទេសកូរ៉េនោះផងដែរ៕





វីដេអូ៖ សន្និសីទសារព័ត៌មានស្តីពី«ករណីប្រមាថព្រះមហាក្សត្រ»

កិច្ចសម្ភាសន៍រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស្តីពីស្ថានភាពវិស័យទេសចរណ៍កម្ពុជាឆ្នាំ២០១៩ ជាមួយទូរទស្សន៍ CNC




ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងបញ្ជាក់ជូនលោកអ្នកអំពីស្ថានភាពនៃវិស័យទេសចរណ៍កម្ពុជា ឆ្នាំ២០១៩ តាមរយៈនៃការឆ្លើយនូវសំណួររសើបមួយចំនួនដូចជា៖ មូលហេតុដែលទេសចរអន្តរជាតិធ្លាក់ចុះនៅសៀមរាប? ការកើនឡើងលឿននៃទេសចរចិនផ្តល់ផលវិជ្ជមាន ឬ អវិជ្ជមាន? និងមូលហេតុដែលរដ្ឋាភិបាលមិនទាន់អនុគ្រោះទិដ្ឋាការ ដល់ទេសចរបរទេសមកពីក្រៅតំបន់អាស៊ាន នាពេលបច្ចុប្បននេះជាដើម ?
ដើម្បីជ្រាបច្បាស់អំពីស្ថានភាពវិស័យទេសចរណ៍កម្ពុជាឆ្នាំ ២០១៩ សូមលោកអ្នកតាមដានទស្សនាដូចតទៅៈ