Monday, February 12, 2018

នៅថ្ងៃ១៤ កុម្ភៈ រដ្ឋសភា នឹងកោះប្រជុំវិសាមញ្ញ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ កំណត់ទោសធ្ងន់លើ អ្នកប្រមាថព្រះមហាក្សត្រ និងសេចក្តីព្រាងច្បាប់មួយចំនួនទៀត

រដ្ឋសភា បានសម្រេចកោះប្រជុំវិសាមញ្ញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីអនុម័ត សេចក្តីព្រាងច្បាប់ កំណត់ទោសធ្ងន់លើ អ្នកប្រមាថព្រះមហាក្សត្រ នឹងសេចក្តីព្រាងច្បាប់មួយចំនួនទៀត ។ នេះបើតាមលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀល ថ្ងៃទី១២ ខែកុ​ម្ភៈ ឆ្នាំ២០១៨នេះ។

នៅរសៀលនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំពិភាក្សា និងអនុម័ត តាមរបៀបវារៈ មួយចំនួនដូចជា សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងកោះប្រជុំវិសាមញ្ញ។ ក្រោយបញ្ចប់កិច្ចប្រជុំនេះ រដ្ឋសភា បានប្រគល់សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី ជូនដល់ គណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យនិងសិក្សា មុននឹងបញ្ជូន ទៅអនុម័ត។

ដោយឡែកសម្រាប់ កិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៥ នៅថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះ នឹងមានរបៀបវារៈមួយ ចំនួនដូចជា៖

១– សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលកំណត់ទោសធ្ងន់សម្រាប់ជនណាមួយ ដែលហ៊ានប្រមាថដល់ព្រះមហាក្សត្រ។

២– សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។

៣– សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ៕





(សូមទស្សនាវីដេអូ) រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងថា ចំនួនស្ត្រីជាមន្ត្រីរាជការមានការកើនឡើងគួរឱ្យកត់សម្គាល់

(សូមទស្សនាវីដេអូ)៖ ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំបូក​សរុបលទ្ធផល ការងាររបស់ក្រុម​ប្រឹក្សាជាតិកម្ពុជាដើម្បី​ស្ត្រីដោយបាន​ដោះស្រាយបញ្ហា​ប្រឈមជាច្រើន

(សូមទស្សនាវីដេអូ) លិខិតចៅចាក់ស្មុក៖ ទំនួញថ្ងូរខ្មោចបក្សសង្គ្រោះជាតិ!

អង់គ្លេស សន្យាបន្តចាប់ដៃគូពាណិជ្ជកម្មជាមួយកម្ពុជា និងបញ្ជាទិញអង្ករ ស្ករត្នោតនិងម្រេចចូលទីផ្សារអង់គ្លេស

លោក អេតវើត វៃសឺ(Edward  Vaizey) បេសកជននាយករដ្ឋមន្រ្ដីនៃចក្រភពអង់គ្លេសទទួល បន្ទុកពាណិ ជ្ជកម្ម នៅក្នុងជំនួបពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជានិងចក្រភពអង់គ្លេស ជាមួយប្រមុខការទូតកម្ពុជា លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅទីស្តីការក្រសួងនាព្រឹកថ្ងៃ ១២ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ:  ឆ្នាំ២០១៨ នេះបានបញ្ជា​ក់​ថា  ចក្រភពអង់គ្លេសនៅតែបន្តរក្សានិរន្តរភាព ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងបន្តពង្រឹងផ្នែកពាណិជ្ជកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរពាណិ ជ្ជកម្ម និងបង្កើនធុរៈកិច្ចអង់គ្លេសនៅកម្ពុជា ក្នុងនោះដែរ លោកបេសកជននាយករដ្ឋមន្ត្រីអង់គ្លេស ក្រៅពីធ្វើជាដៃគូនាំអង្ករល្អពីកម្ពុជា ក៏បានសម្ដែងការគាំទ្រគុណភាព ស្ករត្នោតកម្ពុជា ព្រមទាំងបានជំរុញការនាំចូលស្ករត្នោតនិងម្រេចកម្ពុជាចូលទៅកាន់ទីផ្សារអង់គ្លេសព្រមទាំងបានសន្យាឱ្យមានកិច្ចសហការរវាងវិទ្យាស្ថានការទូតកម្ពុជាជាមួយអង់គ្លេសនៅពេលអនាគតផងដែរ។
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អរវាងកម្ពុជា និងចក្រភពអង់​គ្លេស ព្រមទាំងបានរំលឹកឡើងវិញអំពីការខិតខំប្រឹងប្រែងរបស់បេសកជនរបស់នាយករដ្ឋមន្ត្រីអង់គ្លេសអាណតិ្តមុន បានជួយកម្ពុជាផ្នែកពាណិជ្ជកម្ម និងអប់រំ ពិសេសការកើនឡើងពា​ណិជ្ជកម្មជាង ៨០០លានដុល្លារក្នុងឆ្នាំ២០១៥ និងកើនឡើងប្រមាណ ១០០០លានដុ​ល្លារ​​នៅឆ្នាំ២០១៧ ហើយកម្ពុជាចង់ឱ្យមានការកើនឡើងអ្នកធុរៈកិច្ចនិងទេសចរណ៍អង់គ្លេសនៅកម្ពុជាកាន់តែច្រើនទៀត។
សូមបញ្ជាក់ថា កម្ពុជានាំចេញទៅកាន់ទីផ្សារប្រទេសអង់គ្លេសមានសម្លៀកបំពាក់ជាង៨០% និងផលិតផលកសិកម្មនានាពីកម្ពុជា។ នៅក្នុងជំនួបនេះដែរ ភាគីទាំងពីរពុំបានពិភាក្សាអំពីសភាពការណ៍នយោបាយនៅកម្ពុជាទេ ព្រោះអង់គ្លេសប្រកាន់គោលជំហរមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាទេ ប៉ុន្តែបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនិងធុរៈកិច្ចជាមួយកម្ពុជា៕

អត្ថបទ៖ សាវឿន



មន្រ្តីអង្គការ​សហប្រជាជាតិ​បានព្រមានថា​ វិបត្តិនៅប្រទេស​ Maldives ​អាចកាន់តែ​អាក្រក់ទៅៗ​

​​​​​​​​​​​​​​​​​​​​​​​មន្រ្តី​ជាន់​ខ្ពស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​​បាន​ព្រ​មាន​ក្រុម​ប្រឹក្សា​សន្តិ​សុខ​កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍ថា ស្ថាន​ភាព​នៅ​ក្នុង​ប្រ​ទេស​ Maldives ជា​ទី​កន្លែង​ដែល​ប្រ​ធា​នា​ធិប​តី​បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​អាច​នឹង​កាន់​យ៉ាប់​យ៉ឺន​ថែម​ទៀត។

ស្ថាប័ន​កំពូល​អង្គ​ការ​សហ​ប្រ​​ជាជាតិ​បាន​ជួប​ប្រ​ជុំ​មិន​ផ្សាយ​ជា​សាធា​រណៈ ដើម្បី​ពិ​ភាក្សា​គ្នាពី​វិ​បត្តិ​ដែលបង្ក​ឡើង​ដោយសេចក្តី​សម្រេច​របស់​ប្រ​ធា​នា​ធិប​តី Abdulla Yameen ឱ្យ​ចាប់​ខ្លួនចៅ​ក្រមមួយ​ចំនួន​ដែល​បាន​បញ្ជា​ឱ្យ​ដោះ​លែង​គូ​ប្រ​ជែង​នយោ​បាយ​របស់​គាត់។

បើ​យោង​តាម​ប្រ​ភព​ព័ត៌​មាន​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​បាន​ឱ្យ​ដឹង​ថា ជំនួយ​ការ​អគ្គ​លេខា​ធិ​ការ​អង្គ​ការ​សហ​ប្រ​ជាជាតិ​ គឺ​លោក Miroslav Jenca បាន​ប្រាប់​ស្ថាប័ន​កំពូល​អង្គ​ការ​សហ​ប្រ​ជា​ជាតិថា ខណៈ​ដែល​ពុំ​មាន​របាយ​ការ​ណ៍​នៃ​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​នោះ ស្ថាន​ភាព​នៅ​ក្នុង​ប្រ​ទេស Maldives មានភាព​តាន​តឹង​ និង​អាច​កាន់​តែ​យ៉ាប់​យ៉ឺន​ថែ​ម​ទៀត។

នេះ​គឺ​ជា​លើក​ទី​១ ហើយ​ ដែល​ក្រុម​ប្រឹក្សា​សន្តិ​សុខ​បាន​ពិភាក្សាគ្នា​ពី​វិបត្តិ​នេះ​ ចាប់​តាំង​ពី​វា​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ប៉ុន្តែ​ពុំ​មាន​សេចក្តី​ថ្លែង​ការ​ណ៍​ចេញ​ផ្សាយ​ទេ បន្ទាប់​ពី​កិច្ច​ប្រ​ជុំ​រួច​មក។

វិបត្តិនេះ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​សេចក្តី​សម្រេច​ចិត្តដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​របស់​តុ​លាការ​កំពូល ដែល​បាន​ដោះ​លែង​អតី​ត​ប្រ​ធា​នា​ធិប​តី​ និង​មេ​ដឹក​នាំ​បក្ស​ប្រ​ឆាំង​ លោក Mohamed Nasheed និង​អ្នក​ទោស​នយោ​បាយ​៨ ទៀត​ចេញ​ពី​ពន្ធ​នា​គារ។​

លោក Nasheed បាន​និរ​ទេស​ខ្លួន​ទៅ​ក្រៅ​ប្រ​ទេស​ បន្ទាប់​ពី​ចេញ​ដំណើរ​ពីពន្ធ​នាគារ​នៅ​លើ​​កោះ​នេះ។

អស់​រយៈ​៤ ថ្ងៃ បន្ទាប់​ពី​ដី​ការ​របស់​តុ​លា​ការ លោក Yameen បាន​ប្រ​កាស​ដាក់​រដ្ឋ​ក្នុង​គ្រា​​អាសន្ន​ និង​បាន​បញ្ជាឱ្យ​​​កង​កម្លាំង​សន្តិ​សុខ​របស់​គាត់​ទៅ​កាន់​តុ​លាការ​ដើម្បី​ចាប់​ខ្លួន​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌។

អគ្គ​លេ​ខា​ធិ​ការ​អង្គ​ការ​សហ​ប្រ​ជាជាតិ លោក Antonio Guterres បាន​ទាម​ទារ​ឱ្យ​លោក Yameen ឈប់​ការ​ដាក់​បម្រាម​ប្រ​ទេស​ក្នុង​គ្រា​អាសន្ន​ ខណៈ​ដែល​ប្រ​ធាន​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ លោក Zeid Ra’ad Al Hussein បាន​រៀប​រាប់​ពី​សកម្ម​ភាព​របស់​លោក Yameen ថា គឺ​ជា​ការ​វាយ​ប្រ​ហារ​ទាំង​ស្រុង​ទៅ​លើ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ។

លោក Jenca កាល​ពី​សប្តាហ៍​នេះ​បាន​និយាយ​តាម​ទូរ​សព្ទ​ជា​មួយ​នឹង​រដ្ឋ​មន្រ្តី​ការ​បរ​ទេស Maldives និង​បាន​ស្នើ​ឱ្យ​គាត់​ដោះ​លែង​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌​ជា​បន្ទាន់។

លោក Jenca បាន​និយាយ​ថា រដ្ឋា​ភិបាល​ត្រូវ​តែ​ដោះ​ស្រាយ​វិ​បត្តិ​នយោ​បាយ​តាម​រយៈ​ការ​ចរ​ចា​ជា​មួយ​នឹង​គ្រប់​ភាគី​ទាំង​អស់​ និង​ផ្តល់​ឱ្យ​មាន​ជំនួយ​ពី​​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ដើម្បី​សម្រប​សម្រួល​នូវ​កិច្ច​ពិ​ភាក្សា​ទាំង​នោះ​។

កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍ លោក Jenca បាន​បដិ​សេធក្នុង​ការ​ជួប​ជា​មួយ​នឹងបណ្តា​​អ្នក​ការ​ទូតមក​ពី​សហ​ភាព​អឺរ៉ុប ​អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស។​

រដ្ឋា​ភិ​បាល​សឹង្ហ​បូរី​កាល​ពី​ដើម​សប្តាហ៍​នេះ​ បានចេញ​សេចក្តី​ណែ​នាំ​អំពី​ការ​ធ្វើ​ដំណើរ​ ដោយ​ជំរុញ​ឱ្យ​ជន​ជាតិ​សឹង្ហ​បូរី​ជៀស​​វាង​នូវ​ការ​ធ្វើ​ដំណើរ​ដែល​មិន​ចាំ​បាច់​ទៅ​កាន់​ប្រ​ទេស Maldives។

បណ្តា​រដ្ឋា​ភិបាល​ប្រ​ទេស​លោក​ខាង​លិច​ ព្រម​ជា​មួយ​នឹង​ប្រ​ទេស​ជិត​ខាង​ដូច​ជា​ ឥណ្ឌា និង​ចិន​ បាន​ស្នើ​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​របស់​ខ្លួន​កុំ​​ឱ្យ​ទៅ​កាន់​ប្រ​ទេស Maldives ប៉ុន្តែ​អាច​ទៅ​កាន់​តំបន់​ទាក់​ទាញ​ផ្សេងៗ​បាន៕

ប្រភព: AFP ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨


មន្ទី​បញ្ចកោណ​បានបង្កើត​វិស័យការទូត​របស់ខ្លួន​នៅថៃ​

អគ្គសេនាធិការកងទ័ព​ចម្រុះឧត្តមសេនីយ៍ Joe Dunford បាន​មក​ដល់​ក្រុង​បាងកក​ដើម្បី​បង្ហាញ​​ថា អាមេរិក​មិន​មែនជា​ “មហាអំណាច​កំពុង​ធ្លាក់ចុះទេ” និង​​ចេនារបស់ខ្លួន​​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​យោធា​ជា​មួយ​កងកម្លាំង​ប្រដាប់អាវុធ​របស់​ថៃ ដែល​បាន​គ្រប់​គ្រង​នយោ​បាយ​នៅ​ក្នុង​រដ្ឋ​ប្រហារ​​កាលពី​ពាក់​កណ្តាលឆ្នាំ ២០១៤។​

លោក Dunford បាន​ជួប​នៅ​ថ្ងៃ​ពុធ​​ជា​មួយ​នាយក​រដ្ឋមន្ត្រី​ ប្រាយុទ្ធ​ ចាន់អូចា សមភាគី​គាត់​គឺ មេបញ្ជាការ​កំពូល​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ថៃឧត្តម​សេនីយ៍ Thanchaiyan Srisuwan និងឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​លោក ប្រាវីត វង់សុវណ្ណ។​

ប្រាវីត បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​​របស់​គណៈ​កម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​របបសឹក​ចំពោះការ​មាន​នាឡិការ​ដ៏ថ្លៃ​ចំនួន ២៥ គ្រឿង​ដែល​មាន​តម្លៃ​ប្រមាណ ១,២៤ លាន​ដុល្លារ ប៉ុន្តែ​គឺជា​សហសេវិក​ពេញមួយ​ជីវិត​របស់​នាយក​រដ្ឋមន្ត្រី​ ហើយ​គេ​មិន​រំពឹង​ថា នឹងទទួល​ទណ្ឌ​កម្ម​នោះទេ។​

លោក Dunford និង​ប្រាវីត បាន​ពិភាក្សា​អំពី “សន្តិសុខ​ក្នុង​ទំនាក់ទំនង​យោធា និង​អាស៊ី​ប៉ាស៊ីហ្វិក” និង​បញ្ហា​ផ្សេង​ៗ​ទៀត។ ដំណើរទស្សនកិច្ច​របស់​ Dunford ទៅកាន់ប្រទេស​ថៃ​ធ្វើ​ឡើង​បន្ទាប់ពី​​ដំណើរទស្សនកិច្ច​របស់​ ប្រាយុទ្ធ ទៅកាន់សេតវិមាន​នៅ​ខែ​តុលាមុន និង​ការ​ចូល​រួម​របស់​រដ្ឋ​មន្ត្រីការ​ពារជាតិ​អាមេរិកលោក Jim Mattis នៅ​ពិធីបូជាសព​របស់​ស្តេច ភូមិបុល អាឌុល​យ៉ាដេត នៅ​ចុងឆ្នាំ​មុន។​

អ្នក​វិភាគ​បាន​និយាយថា ជំនួប​ទាំង​នោះ​បាន​ជួយ​បង្កើត​ចំណង​ទ្វេភាគី​ឡើង​វិញ​បន្ទាប់ពី​ទំនាក់ទំនង​រង្គោះ​រង្គើមួយ​រយៈ​នៅ​ចំពេល​មានការ​រិះគន់​របស់​អាមេរិក​លើ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ និង​ការ​ព្យួរ​​លទ្ធិប្រជាធិបតេយ្យ​ស្ថិត​ក្រោម​រដ្ឋការ​ បារ៉ាក់ អូបាមា។​

ក្រសួងការពារជាតិអាមេរិក​បាន​និយាយថា “ការ​ទៅ​ដល់​ក្រុង​បាងកក​របស់ Dunford នៅ​ថ្ងៃ​អង្គារ​គឺដើម្បី​ “បង្កើន​ទំនាក់ទំនង​យោធា​អាមេរិក​ និង​ថៃ”។​

ក្រសួងនោះ​បាន​និយាយថា “រដ្ឋ​ប្រហារ​យោធា​ឆ្នាំ ២០១៤ បាន​លុប​ចោល​ការ​ទាក់ទំនង​គ្នា​កម្រិត​ខ្ពស់​ទាំង​អស់​របស់​យោធា​ទាំង​ពីរ។ ទំនាក់ទំនង​នោះ​ត្រូវ​បាន​បង្កើតឡើង​វិញ ដោយ​សារតែ​ពេល​នេះ​រដ្ឋាភិបាល​ថៃ​បាន​ដាក់​ថ្ងៃ​រៀប​ចំបោះ​ឆ្នោត​​សេរី​នៅ​ចុង​ឆ្នាំនេះ”។​

ទស្សនកិច្ច​របស់ Dunford បាន​កើតនៅមុនពេល​ការ​ធ្វើ​សមយុទ្ធ​យោធា​ពហុភាគី​ដ៏ធំរបស់​មន្ទី​បញ្ចកោណនៅថ្ងៃទី ១៣ ដល់ ២៣ ខែ​កុម្ភៈ​​ ឈ្មោះ​ Cobra Gold 2018។

ស្ថានទូតអាមេរិក​នៅ​បាងកក​បាន​និយាយថា “ទាហាន​អាមេរិក​ប្រហែល ៦៨០០ នាក់​នឹង​ចូល​រួម​ដោយ​ផ្ទាល់​ជា​មួយ​នឹង​ប្រទេស​ ៣១ ផ្សេង​ទៀត​ ដែល​ចូល​រួម​ដោយ​ផ្ទាល់​ ឬ​គ្រាន់តែ​សង្កេត​ការណ៍​លើ​សមយុទ្ធ​នោះនៅ​ក្នុង​ទីតាំង​ផ្សេង​ៗ​គ្នា​នៅ​ទូទាំង​ប្រទេស​ថៃ”។​

ការ​ធ្វើ​សមយុទ្ធលើក​ទី ៣៧ នោះ​រាប់បញ្ចូល​ទាំង​ទាហាន​ប្រហែល ៤០០០ របស់​ថៃ។ កងកម្លាំង​មក​ពី​សិង្ហបូរី ជប៉ុន ឥណ្ឌូនេស៊ី កូរ៉េខាង​ត្បូង និង​ម៉ាឡេស៊ី​កំពុង​មក​ដល់​ រួម​ជា​មួយ​ចំនួន​ទាហាន​តិច​តួច​មក​ពីចិន ​និង​ឥណ្ឌា។​

លោក Dunford បាន​និយាយថា “អ្នក​មិន​ទាត់​ចោល​នូវ​ការពិត​អំពី​ទស្សនៈ​​សន្តិសុខ​​លើ​វត្តមាន​អាមេរិក​នៅ​ប៉ាស៊ីហ្វិក ការ​ប្តេជ្ញាចិត្ត​របស់​អាមេរិក​នៅ​ប៉ាស៊ីហ្វិក និង​សមត្ថភាព​របស់​អាមេរិក​នៅ​ប៉ាស៊ីហ្វិក​នោះទេ”។​

គាត់​បាន​និយាយថា “ពិត​ណាស់ ភស្តុតាង​ច្បាស់​ពី​ទំហំ​នៃ​យោធា​របស់​យើង​បង្ហាញ​ថា យើង​មិន​មែនជា​មហាអំណាច​កំពុង​ធ្លាក់ចុះ​នោះទេ។ ប្រសិន​បើ​នរណា​កំពុង​ព្យាយាម​បំផ្លាញ​អាមេរិក​ដោយ​នយោ​បាយ​ កាទូត និង​សន្តិសុខ ផ្ទាំងស៊ីប​ដំបូង​នោះគឺ​ជា​បណ្តាញ​សម្ព័ន្ធ​មិត្ត​និង​ដៃគូ​របស់យើង”។​

គាត់​និយាយថា “នៅពេល​អ្នក​ឃើញសារ​ថា អាមេរិក​គឺជា​មហាអំណាច​កំពុង​ធ្លាក់ចុះ​នោះ វា​ជា​ការ​ខិត​ខំ​ប្រឹង​ដោយ​ចេតនា​ដើម្បី​បំផ្លាញ​ភាព​ជឿជាក់​នៃ​សម្ព័ន្ធភាព ​និង​ទំនាក់ទំនង​របស់​យើង​នៅ​ក្នុង​តំបន់។ ទោះបីជា​អ្នក​បាន​ខិត​ខំបង្ខូច​រឿង​នេះ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​មានជាតិ​ណា​ផ្សេង​មាន​សមត្ថភាព​យោធា​ដែល​យើង​កំពុង​មាន​នៅ​តំបន់​ប៉ាស៊ីហ្វិកនោះទេ”។​

គាត់​និយាយថា “វាសំខាន់​ណាស់​ក្នុងការ​រក្សា​ទំនាក់ទំនង​ជា​មួយ​ថៃ ដោយ​សារតែ​វា​សំខាន់​នៅ​ក្នុង​វិស័យ​ដែន​សមុទ្រ​​នៅ​ក្នុង​ផ្នែក​ដ៏គ្រោះថ្នាក់​របស់​ពិភពលោក។ ឥឡូវ​នេះ មូលហេតុ​ដែល​ខ្ញុំ​មាន​ទំនាក់ទំនង​យោធា​ជា​មួយ​សម្ព័ន្ធ​មិត្ត​គឺ​ដើម្បី​បង្កើត​ការ​ជួយ​គ្នា​ទៅ​វិញទៅ​មក និង​ដើម្បី​ត្រៀម​ខ្លួន​វាយ​ប្រយុទ្ធ​រួម​គ្នា​ ប្រសិន​បើ​វា​ចាំបាច់”៕

ប្រភព៖ Asia Times ចុះថ្ងៃ១១ ខែកុម្ភៈ ឆ្នាំ២០១៨


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដោយបានដោះស្រាយបញ្ហាប្រឈមជាច្រើន

នៅព្រឹកថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០​១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពនៅក្នុងកិច្ចប្រជុំបូកស​រុបលទ្ធផលការងារឆ្នាំ២០១៧និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើ​ម្បីស្ត្រីដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះរៀបចំឡើងដោយក្រសួងកិច្ចការនារីដោយមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំដែលជាស្ត្រីទូទាំងប្រទេសនិងបណ្តាដៃគូភាគីពាក់ព័ន្ធនានាដើម្បីតាមដាននិងត្រួតពិនិត្យរាល់សកម្មភាពការងារនិងការអនុវត្តន៍នូវរាល់អនុសាសន៍លើការងារមួយចំនួនរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទីពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវក្តីរីករាយចំពោះកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹ​ក្សាជាតិកម្ពុជាដើម្បីស្ត្រីនេះដើម្បីធ្វើយ៉ាងណាជំរុញការងារស្ត្រីឱ្យកាន់តែវិវឌ្ឍន៍ទៅមុខទៀត។ តាមរយៈភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទសកម្ពុជា ក៏បានរួមចំណែកជួយបង្កើនការងារដល់ស្ត្រីផងដែរ ជាពិសេស បច្ចុប្បន្ននេះ តាមក្រសួងស្ថាប័ននីមួយៗក៏ឃើញមានស្ត្រីបម្រើការ​ងារច្រើនណាស់ដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមហើយគោលនយោបាយនេះក៏បានជួយដល់ជីវភាពបងប្អូនស្រ្តីផងដែរ ជាពិសេសគោលនយោបាយគាំពារសង្គមបានអនុវត្តន៍មុនគេចំពោះស្ត្រីដែលមានផ្ទៃពោះ ជាពិសេសកម្មការិនី ដែលបម្រើការងារតាមបណ្តារោងចក្រនានា។ គោលនយោបាយនេះ ពិតជាមានសារៈសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ និងឆ្លងទន្ល ដូចជាបានទទួ​លការពិនិត្យថែទាំសុខភាពតាមមន្ទីរពេទ្យរដ្ឋ ទទួលបានសាច់ប្រាក់ពេលឆ្លងទន្លេ ការទទួ​លបានឈប់សម្រាកចំនួន៣ខែ ក្នុងអំឡុងពេលឆ្លងទន្លេ ដោយទទួលបានប្រាក់ខែ ១២០% រួមនិងអត្ថប្រយោជន៍ផ្សេងៗទៀត។ គិតចាប់ពីខែមករាមកមានស្ត្រីដែលកម្មការិនីឆ្លងទន្លេប្រមា​ណជាង ៥៦០០ នាក់ ហើយទទួលបានប្រាក់ពីគោលនយោបាយនេះផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា បច្ចុប្បន្នចំនួនសិស្សស្រីក៏មានចំនួនកើនឡើងផងដែរក្នុងវិស័យអប់រំ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏មានគោលនយោបាយបង្កើតសា​លារៀនឱ្យនៅជិតផ្ទះប្រជាពលរដ្ឋផងដែរ ជាពិសេសបាន កំណត់ថាឃុំមួយឱ្យមានវិទ្យាល័យមួយដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់កូនចៅប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការសិក្សារៀនសូត្រ ជាពិសេសសិស្សស្រីនៅតាមជនបទតែម្តង ហើយក្រៅពីការផ្តល់ជូននូវការសាងសង់សាលារៀននោះយើងក៏មានការសាងសង់នូវអគារស្នាក់នៅរបស់គ្រូនិងសិ​ស្សផងដែរដើម្បីឱ្យមានភាពងាយស្រួលដល់សិស្ស និងគ្រូដែលជានារីទៀតផង។

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បន្តអនុវត្តការងារចំនួន១១ចំណុច ដែលបានដាក់ចេញកាលពីឆ្នាំទៅក្នុងការអនុវត្តន៍ការ​ងារក្នុងឆ្នាំថ្មីបន្តទៀត។ លោកក៏បានជំរុញឱ្យបុរសទាំងអស់ ក៏ត្រូវចូលរួមចំណែកជួយដល់កិច្ចការស្រី្តខ្លះផងដែរជាពិសេសលោកចង់ឱ្យយកទិវា ៨មីនា ដែលជាទិវាសិទ្ធិនារីនោះ គឺជាថ្ងៃដែលត្រូវតែធ្វើការអប់រំចំពោះបុរសផងដែរ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជំរុញឱ្យស្រ្តីទាំងអស់ត្រូវខិតខំបង្កើនសមត្ថភាពខាងបច្ចេកវិទ្យាបន្ថែមទៀតដើម្បីងាយស្រួលក្នុងការរកការងារធ្វើនាពេលបច្ចុប្បន្ននេះ ពីព្រោះកន្លែងធ្វើការនាពេលបច្ចុប្បន្ន គឺត្រូវការប្រើប្រាស់បច្ចេកវិទ្យា។ លោកក៏បានជំរុញឱ្យសិស្សស្រី ចូលរួមក្នុងវិស័យអប់រំបន្ថែមទៀត ជាពិសេសក្រសួងអប់រំត្រូវបង្កើតគណៈកម្មការរវាងក្រសួងអប់រំ និងអាណាព្យាបាលសិស្ស ដើម្បីធ្វើការស្រាវជ្រាវរកហេតុផលពីការឈប់រៀនរបស់សិស្សស្រី ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើសុំឱ្យក្រសួងសុខាភិបាល ធ្វើកោសល្យវិច្ច័យក្នុងករណីរំលោភ ពីព្រោះពេលខ្លះការធ្វើកោសល្យវិច្ច័យយឺតពេកធ្វើឱ្យបាត់ពាក្យបណ្តឹងសម្រាប់ស្ត្រីរងគ្រោះ។ ទន្ទឹមនឹងនេះ លោកក៏បានសម្រេចបង្កើនថវិកា ពី២០០ លានរៀល ទៅ៥០០លានរៀល សម្រាប់ជួយដោះស្រាយសេវាផ្លូវច្បាប់ដល់ស្ត្រីដែលរងគ្រោះដោយការរំលោភបំ​ពានផ្សេងៗ។ ទាក់ទងទៅនឹងសេវាជួយដល់ជនរងគ្រោះដោយអំពើហឹង្សាវិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចឱ្យមានការបង្កើតជាមជ្ឈមណ្ឌលឬកន្លែងសម្រាប់ជួយដោះស្រាយ និងជួយសង្គ្រោះដល់ជនរងគ្រោះនៅតាមមន្ទីរពេទ្យនីមួយៗតែម្តងដើម្បីមានភាពងាយស្រួលដល់ជនរងគ្រោះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ស្ត្រីត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាឆ្អឹងខ្នងដ៏សំខាន់មួយផងដែរដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតាមរយៈកិច្ចប្រជុំជាទៀងទាត់របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី គឺបានពិនិត្យ និងដាក់ចេញអនុសាសន៍ជាច្រើនដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងអភិវឌ្ឍសមត្ថភាពរបស់ស្ត្រីជាពិសេសជំរុញសកម្មភាពរបស់ស្ត្រីទៅក្នុងកិច្ចការសង្គមបន្ថែមទៀត៕










ខណៈដែលលោក Putin លួចយកការបោះឆ្នោតនៅរុស្ស៊ី មេដឹកនាំរបស់យើងបែរជានៅស្ងៀមគួរឱ្យអាម៉ាស់ទៅវិញ

ប្រទេសរុស្ស៊ី នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែក្រោយ ដែលការបោះឆ្នោតនេះ ច្បាស់ណាស់ថា លោក Putin នឹងទទួលជ័យជម្នះ។ ដោយពិចារណាលើសេចក្តីថ្លែងការណ៍​ក្នុងពេលថ្មីៗនេះ ការបោះឆ្នោតមួយបង្ហាញពីការប្រកួតប្រជែងមួយ។ ដូច្នោះ តើប្រធា​នាធិបតីបច្ចុប្បន្ន ដែលកាន់អំណាចបីអាណត្តិចាប់តាំងពីឆ្នាំ ១៩៩៩ មកនេះ អាចត្រូវបានធានាថាទទួលបានជោគជ័យមុនដែរឬទេ?

ចម្លើយនោះគឺថា ការបោះឆ្នោតរបស់រុស្ស៊ីគ្រាន់តែជាឈ្មោះប៉ុណ្ណោះ។ ជាក់ស្តែង វាគឺជាការរៀបចំក្លែងក្លាយមួយ ដែលធ្វើឡើងដើម្បីបង្ហាញពីគោរពលទ្ធិប្រជាធិបតេយ្យចំពោះក្រុមវរជនពុករលួយប៉ុណ្ណោះ។ ប្រជាជនរុស្ស៊ី បានស៊ាំទៅនឹងការដឹកនាំបែបនេះហើយ គឺមិនមានអ្វីថ្មីទេ។ លោក Putin នឹងឈ្នះការបោះឆ្នោតនៅថ្ងៃទី១៨ ខែមីនាខាងមុននេះ ពីព្រោះ ប្រព័ន្ធគ្រប់យ៉ាង គឺគាត់ជាអ្នកបង្កើតឡើង ដែលត្រូវបានគេហៅថា “ការរៀបចំប្រព័ន្ធប្រជាធិបតេយ្យ”។ គូប្រជែងរបស់លោក Putin គឺលោក Alexei Navalny (ដែលត្រូវបានគេរំពឹងថា នឹងមិនឈ្នះលោក Putin លើករណីគ្រប់យ៉ាងនោះ) ត្រូវបានហាមឃាត់មិនឱ្យចូលរួមការបោះឆ្នោត ពីព្រោះគាត់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការជំរុញប្រជាជនឱ្យធ្វើពហិការក្នុងការបោះឆ្នោតខាងមុខនេះ។

ការគ្រប់គ្រងបណ្តាញទូរទស្សន៍របស់រុស្ស៊ី និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត បង្ហាញថា ក្រុមអ្នកនយោបាយប្រឆាំងហាក់ដូចជាលិចបាត់គ្មានស្រមោល។​ ពុំមានការជជែកដេញដោលរវាងបេក្ខភាពប្រធានាធិបតី និងប្រធានាធិបតី ពុំមានការស្ទង់មតិអ្វីនោះទេ។ គូប្រជែងរបស់លោក Putin មានរូបមានរាង ក៏ប៉ុន្តែ ពួកគេគ្រាន់តែជាដៃគូស្របច្បាប់ ដែលចូលរួមក្នុងការបោះឆ្នោតដើម្បីជួយឱ្យមានលក្ខណៈស្របច្បាប់ដល់លោក Putin ប៉ុណ្ណោះ។ ល្ខោននយោបាយគឺជារឿងមួយផ្នែក លោក Putin បានព្យាករណ៍កម្លាំង ដែលថា គាត់នឹងឈ្នះការបោះឆ្នោតលើសលប់។ អ្នកវិភាគបាននិយាយថា នឹងមានការចេញមកបោះឆ្នោតច្រើន ហើយលោក Putin នឹងអាចទទួលបាននូវការគាំទ្រច្រើនជាង ៦៤ ភាគរយ ចំនួនដែលគាត់ទទួលបានកាលពី ៦ឆ្នាំមុន។ លោក Putin ក៏ចង់ឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដែរ ដើម្បីជំរុញកេរ្តិ៍ឈ្មោះជាអន្តរជាតិរបស់គាត់ដែរ។

និយាយមួយបែបទៀតថា លោក Putin ចង់បានទាំងពីរផ្លូវ គឺទាំងការប្រកួតប្រជែងត្រឹមត្រូវ និងការប្រកួតប្រជែងដែលគ្មានហានិភ័យ។ ហើយកន្លងមក គាត់ហាក់ដូចជាកំពុងទទួលបានជោគជ័យរួចទៅហើយ។ ប្រសិនបើការបោះឆ្នោតបែបលួចបន្លំនេះ បាន និងកំពុងធ្វើឡើងនៅប្រទេស Iran, Zimbabwe ឬក៏នៅប្រទេស Venequela វិញ ការរិះគន់តាមបណ្តាញ Tweeter នឹងចេញរាល់ថ្ងៃពីសេតវិមាន។ ក៏ប៉ុន្តែ ក្នុងរឿងរុស្ស៊ី លោកប្រធានាធិបតី Donald Trump បែរជាស្ងប់ស្ងាត់គួរឱ្យចម្លែកទៅវិញ។ ហេតុអ្វី? អ្នកគ្រប់គ្នាដឹងថា លោក Trump មានឥរិយាបថទន់ភ្លន់ចំពោះលោក Putin។ មានការធ្វើពាណិជ្ជកម្ម និងនយោបាយបែបផ្ទាល់ខ្លួនមួយចំនួនរវាងលោក Trump និងលោក Putin ហើយករណីខ្លះកំពុងស្ថិតក្រោមការស៊ើបអង្កេតថែមទៀតផង។  ឥរិយាបថរបស់រដ្ឋបាលលោក Trump ក្នុងពេលបច្ចុប្បន្ន គឺជារឿងអៀនខ្មាស់។ កាលពីសប្តាហ៍មុន លោក Trump បានបដិសេធក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងលោក Putin។

សញ្ញាចុងក្រោយនៃការពាក់ព័ន្ធរបស់លោក Trump នេះ បានកើតមានឡើង បើទោះបីជា របាយការណ៍របស់ព្រឹទ្ធសភាអាមេរិកលើកឡើងអំពីការរិះគន់ចំពោះការគំរាមកំហែងដែលធ្វើឡើងដោយរុស្ស៊ីក៏ដោយ ក៏លោក Trump នៅតែបង្ហាញពីការមិនឆ្លើយតប “ដ៏ខ្ជះខ្ជាយ” នេះ។ ជាច្រើនឆ្នាំមកហើយ របាយការណ៍បាននិយាយថា “រដ្ឋាភិបាលរបស់លោក Putin បានចូលពាក់ព័ន្ធទៅនឹងការធ្វើសកម្មភាពលើលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅអឺរ៉ុប និងនៅអាមេរិក។ វិមានក្រឹមឡាំងបានដាក់ពង្រាយកាំភ្លើងធំវាយប្រហារ រួមមានដូចជា ការឈ្លានពានដោយយោធា ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងបញ្ចេញព័ត៌មានក្លែងក្លាយ ឬក៏ការគាំទ្រក្រុមនយោបាយជាដើម។”

ការមិនអើពើរបស់លោក Trump គឺមិនមែនជារឿងល្អទេ។ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី​ Theresa May បានរិះគន់លោក Putin កាលពីខែវិច្ឆិកា ថា បានជ្រៀតជ្រែកនៅក្នុងការបោះឆ្នោត និងការធ្វើប្រជាមតិរបស់អ្នកផ្សេង។ របាយការណ៍បន្ថែមទៀតថា “ប្រសិនបើអាមេរិកបរាជ័យក្នុងការធ្វើការងារបន្ទាន់នេះ ដើម្បីឆ្លើយតបទៅនឹងកំណើននៃការគំរាមកំហែងដ៏ស្មុគស្មាញនេះ របបរបស់លោក Putin…នឹងបន្តអភិវឌ្ឍន៍យុទ្ធសាស្រ្តរបស់ខ្លួននេះ ជ្រៀតជ្រែកលើរបបលទ្ធិប្រជាធិបតេយ្យនៅលើពិភព។” រួមទាំងការបោះឆ្នោតរបស់អាមេរិកនៅឆ្នាំ ២០១៨ នេះ។ មិនដែលមានទេពីមុននៅក្នុងប្រវត្តិសាស្ត្រអាមេរិច ច្បាស់ណាស់ការគំរាមកំហែងដល់សន្តិសុខជាតិត្រូវតែមានការអើពើពីប្រធានាធិបតីអាមេរិច៕”

(ប្រភព : The Guardian ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨)



លោកស្រី Azalina៖ ច្បាប់ដើម្បីគ្រប់គ្រងព័ត៌មានក្លែងក្លាយសម្រាប់សន្តិសុខជាតិ

រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកច្បាប់ម៉ាឡេស៊ីបាននិយាយនៅថ្ងៃនេះថា រដ្ឋាភិបាលកំពុងស្វែងរកដើម្បីដាក់អនុវត្តន៍ច្បាប់ថ្មីមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយសារតែវាគំរាមកំហែងដល់សន្តិសុខជាតិ។ រដ្ឋមន្ត្រីនៅក្នុងនាយកដ្ឋានរបស់នាយករដ្ឋមន្រ្តីលោកស្រី Datuk Seri Azalina Othman Said បានពន្យល់ថា រដ្ឋាភិបាលកំពុងផ្តល់អាទិភាពចំពោះបញ្ហានេះ ពីព្រោះមានក្រុមអង្គការរៀបចំជាច្រើនបានកំពុងប៉ុនប៉ងបង្កឲ្យមានបាតុកម្ម និងការស្អប់ខ្ពើមទ្រង់ទ្រាយជាសកល ហើយប្រទេសម៉ាឡេស៊ីនឹងមិនទុកឲ្យរួចខ្លួនពីស្ថានភាពនេះទេ។

នេះគឺជាបញ្ហាសន្តិសុខជាតិសម្រាប់រដ្ឋាភិបាល។ ជាពិសេសនាយករដ្ឋមន្រ្តីកំពុងពិនិត្យមើលរឿងនេះដោយយកចិត្តទុកដាក់បំផុត។ លោកស្រីបានប្រាប់សន្និសីទសារព័ត៌មានមួយថា «យើងបារម្ភថា មានអង្គការរៀបចំមួយចំនួនព្យាយាមធ្វើឲ្យម៉ាឡេស៊ីអស្ថិរភាព ដែលត្រូវបានគេស្គាល់ថា ជាសង្គមចម្រុះជាតិសាស និងសាសនារបស់យើង»។ លោកស្រី Azalina បានច្រានចោលការលើកឡើងពីក្រុមអ្នករិះគន់ដែលបាននិយាយថា ច្បាប់​ថ្មីនេះនឹងជាឧបករណ៍មួយផ្សេងទៀតរបស់គណបក្ស Barisan Nasional (BN) ដែលកំពុងកាន់អំណាចដើម្បីបង្ក្រាបពួកអ្នកប្រឆាំង។

វាជារឿងអយុត្តិធម៌សម្រាប់ប្រជាជនដែលចោទប្រកាន់ BN ។ ដូចខ្ញុំបាននិយាយច្រើនដងហើយ ព័ត៌មានក្លែងក្លាយប៉ះពាល់ដល់សមាជិកគណបក្សប្រឆាំងផងដែរ។ ដូច្នេះនៅពេលដែលច្បាប់ត្រូវបានអនុវត្ត វានឹងការពារយើងទាំងអស់គ្នា។ លោកស្រីបាននិយាយថា ពេលវេលាបានផ្លាស់ប្តូរ។ មនុស្សម្នារធ្លាប់តែបញ្ជូន «គ្រឿងសព្វា​វុធបែបមីស៊ីល» ត្រឡប់ទៅវិញនៅពេលនោះ ប៉ុន្តែពេលនេះការវាយប្រហារអាចត្រូវបានផ្ទុះឡើង ដោយគ្រាន់តែចុចប៊ូតុងតែមួយប៉ុណ្ណោះ។ គ្រប់គ្នាសុទ្ធតែមានហានិភ័យ។

រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកច្បាប់បាននិយាយថា សមាជិកគណបក្សប្រឆាំងមិនចាំបាច់ព្រួយបារម្ភចំពោះការចោទប្រកាន់ទេ ព្រោះពួកគេក៏ត្រូវបានគេពិគ្រោះយោបល់មុនការដាក់ច្បាប់ឲ្យអនុវត្តន៍ផងដែរ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញអញ្ចឹង។ «យើងកំពុងស្ថិតនៅក្នុងកិច្ចប្រជុំមួយដែលភាគីទាំងអស់ រាប់បញ្ចូលទាំងសមាជិករដ្ឋសភា មកពីរដ្ឋាភិបាលដែលកំពុងកាន់អំណាច និងគណបក្សប្រឆាំង។

លោកស្រីនិយាយសំដៅទៅលោក Lim Kit Siang មេដឹកនាំនៅក្នុងសភា DAP ថា «ប៉ុន្តែមិនចាំបាច់ឈានទៅពិភាក្សាដោយមានការវិនិច្ឆ័យជាមុនបែបទស្សនៈអវិជ្ជមាននោះទេ ដូចជាសមាជិក រដ្ឋសភាប្រចាំតំបន់ Gelang Patah ដែលចូលចិត្តចោទប្រកាន់រដ្ឋាភិបាលទៅលើកិច្ចការជាច្រើន»។ លោកស្រី Azalina បានថ្លែងថា លោកស្រីបានបើកកិច្ចប្រជុំបច្ចេកទេសលើកទី ២ នៅថ្ងៃនេះជាមួយតំណាងមកពីការិយាល័យអគ្គព្រះរាជអាជ្ញា ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ថ្មីនេះ៕

(ប្រភព: The Malay mail online ចុះថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០១៨)



ក្រសួងបរិស្ថានលើកកម្ពស់សុខមាលភាពមន្រ្តីរាជការនិងគ្រួសារ

មន្រ្តីរាជការនៃក្រសួងបរិស្ថាន ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យជំនាញជាតិ និងអន្តរជាតិ នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨។ នេះជាព្រឹត្តិការណ៍«លើកកម្ពស់សុខមាលភាពមន្រ្តីរាជការក្រសួងបរិស្ថាន» ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ក្រោមអធិបតីភាព លោកស្រី មាស បូរិន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី ឌិត នីតា ភរិយាលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងការចូលរួមពីក្រុមគ្រូពេទ្យជំនាញជាតិ និងអន្តរជាតិ មកពីសមាគមគ្រូពេទ្យសុខមាលភាពភូមិយើង សហភាពសហព័ន្ឋយុវជនកម្ពុជា ក្រុមគ្រូពេទ្យស្មគ្រចិត្ត I Mission និងក្រុមគ្រូពេទ្យខ្មែរសាយ ជាច្រើននាក់ផងដែរ។

លោកស្រី មាស បូរិន បានលើកឡើងថាកម្មវិធីនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាពមន្រ្តីរាជការនៃក្រសួងបរិស្ថាន និងក្រុមគ្រួសារ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយចំពោះការថែទាំសុខភាព និងលើកកម្ពស់សុខភាពឱ្យប្រសើរឡើង។ លោកស្រី បានថ្លែងអំណរគុណដល់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកស្រីដែលតែងតែយកចិត្តទុកដាក់ចំពោះសុខមាលភាព និងសុខទុក្ខមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន ជាក់ស្តែងបានបង្កើតជាកម្មវិធីកម្មធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះឡើង។ លោកស្រី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្ថែមថា កន្លងមកក្រសួងបរិស្ថាន បានដាក់ចេញនូវផែនការសកម្មភាពជាអាទិភាពក្នុងការធ្វើទំនើបកម្មក្រសួងបរិស្ថាន ដែលក្នុងនោះមានការលើកកម្ពស់ទាំងចំណេះដឹង និងសមត្ថភាពមន្រ្តីរាជការ ដើម្បីចូលរួមដឹកនាំ អនុវត្តការងារ និងអភិវឌ្ឍន៍ខ្លួន ដើម្បីចូលរួមបម្រើការងារនៅក្នុងវិស័យបរិស្ថាន ក៏ដូចជាកិច្ចគាំពារបរិស្ថានឱ្យបានល្អប្រសើរ។

គូសបញ្ជាក់ដែរថា កម្មវិធី«លើកកម្ពស់សុខមាលភាពមន្រ្តីរាជការក្រសួងបរិស្ថាន»នេះមានរយៈពេល ១ថ្ងៃពេញ។ មន្រ្តីរាជការ និងក្រុមគ្រួសារ ចំនួនជាង៣៥០នាក់ បានចូលរួមពិនិត្យ និងព្យាបាល រួមមាន៖ ១-ការពិនិត្យ និងព្យាបាលជំងឺទូទៅ (ពិនិត្យឈាម ជំងឺកុមារ ជំងឺស្រ្តី ជំងឺសួត ជំងឺត្រចៀក ច្រមុះ និងបំពង់ក) ២-ពិនិត្យនិងព្យាបាលសុខភាពភ្នែក (ភ្នែកឡើងបាយ ភ្នែកកន្ទុយថ្លែន ភ្នែកមីញ៉ូប និង៣-ពិនិត្យនិងព្យាបាលសុខភាពមាត់ធ្មេញ។ ក្រៅពីទទួលបានការពិនិត្យ និងព្យាបាលជំងឺ មន្រ្តីក្រសួងបរិស្ថានបានទទួលថ្នាំពេទ្យ វ៉ែនតាការពារភ្នែក និងអាហារផងដែរ៕





អាជ្ញាធរខេត្តកំពង់ធំ បើកប្រតិបត្តិការចាប់ត្រួតពិនិត្យរថយន្តធុនធ្ងន់ សរុប ៥៩៩គ្រឿង ក្នុងនោះរថយន្ដតទ្រុងខុសលក្ខណៈបច្ចេកទេស ត្រូវកាត់ចោលនៅនឹងកន្លែង

ក្រោយពីទទួលបានអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅខេត្តកំពង់ចាម បានព្រមានចាត់វិធានការធ្ងន់ៗ ចាប់ពីម៉ោង ០០:០០ យប់ថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ តទៅនឹងមិនអនុញ្ញាតឲ្យរថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក ។
ទន្ទឹមនឹងនោះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ពាក់ព័ន្ធការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសជាបន្ទាន់ នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលកំពុងធ្វើចរាចរណ៍តាមដងផ្លូវ បន្ទាប់មកគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក បានចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍តាមដងផ្លូវ ចាប់ពីម៉ោង ០០:០០ យប់ថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ គណៈបញ្ជាការឯកភាពតាមក្រុង-ស្រុក បានដាក់កម្លំាងតាមគោលដៅភ្លាមៗផងដែរ។

ជាក់ស្តែងនៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ លោក សុខ លូ បានដឹកនាំគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ចុះពិនិត្យតាមគោលដៅ ដើម្បីរឹតបន្ទឹងដល់ការអនុវត្តច្បាប់ចរាចរណ៍តាមដងផ្លូវ មានលក្ខណៈសមស្រប និងអនុវត្តបានត្រឹមត្រូវតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យចំគោលដៅជៀសវាងការដាក់នូវប៉ុស្តិ៍អនាធិបតេយ្យ បង្កើតជាកុងត្រូលជជុះជាដើម ។ ករណីនេះអភិបាលខេត្ត បញ្ជាឲ្យសមត្ថកិច្ច ត្រូវធ្វើការផាកពិន័យទៅតាមច្បាប់ គឺចង់ឲ្យគាត់ដឹងខ្លួន និងមានការភ្ញាក់រលឹក ម្យ៉ាងវិញទៀតប្រសិនបើមានរថយន្តកែច្នៃខុសលក្ខណៈច្ចេកទេសទៀត ត្រូវធ្វើការកាត់ទ្រុងនៅនឹងកន្លែងតែម្តង ។
លោកបានមានប្រសាសន៍ក្នុងកិច្ចប្រជុំត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅរសៀលថ្ងៃសុក្រ៩រោច ខែមាឃ ឆ្នាំរកា ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ថា កន្លងមកនៅក្នុងខេត្តកំពង់ធំ មន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែចុះអនុវត្តច្បាប់តាមដងផ្លូវ កាត់ទ្រុងរថយន្តកែច្នៃលក្ខណៈខុសបច្ចេកទេសជាបន្តបន្ទាប់ ប៉ុន្តែនៅមិនទាន់អស់ទាំងស្រុងនោះទេ ហើយក៏មានក្រុមហ៊ុនដឹកជញ្ជូនខ្លះបើកបរនៅលើដងផ្លូវមិនមានឯកសារគ្រប់គ្រាន់រួមទាំង រថយន្ត និងអ្នកបើកបរនៅពេលសមត្ថកិច្ចហៅត្រួតពិនិត្យឃើញ ។

យោងតាមរបាយការណ៍របស់គណៈកម្មការក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្ត ចាប់ពីម៉ោង ០០:០០ម៉ោង ថ្ងៃទី១០ខែ កុម្ភៈ ឆ្នាំ ២០១៨ រហូតដល់ម៉ោង ១:០០ រសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៨ ក្រុមការងារបានឃាត់រថយន្តដើម្បីពិនិត្យលក្ខណ:បច្ចេកទេស និងវាស់វែងបានចំនួន ៥៩៩គ្រឿង រកឃើញខុសលក្ខណៈបច្ចេកទេស ២៨គ្រឿង រថយន្តផ្ទុកទំនិញសំពីងសំពោង ២៥គ្រឿង គ្មានប័ណ្ណបើកបរ ០៤គ្រឿង និងរកឃើញមានអ្នកប្រើប្រាស់គ្រឿងញៀន ០៨នាក់ ដោយបានបញ្ជូនទៅការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ៕





ប្រជា​ពល​រដ្ឋ​ភូមិ​ត្រពាំង​បី​អប​អរ​សាទរ និង​គម្រោង​ដាក់​លូ​រំដោះទឹក​ជំនន់​កុំ​ឱ្យ​លិច​ផ្លូវ​របស់​មន្ទីរ​សាធា​រណៈ​ការ និង​ដឹក​ជញ្ជូន​ខេត្ត

កំពង់ឆ្នាំង៖ លោក កែវ ពៅ ប្រធានមន្ទីសាធារណៈការ និងដឹក​ជញ្ជូន​ខេត្ត​កំពង់ឆ្នាំង បាន​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែកុម្ភៈ ឆ្នាំ២០១៨​ថា ការ​ដ្ឋាន​សាង​សង់​លូ​បណ្តោយ​ផ្លូវ​ក្នុង​ភូមិ​ត្រពាំងបី សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ប្រវែង​៣៦០​ម៉ែត្រ ដើម្បី​រំដោះ​ទឹក​លិច​ផ្លូវ និង​ផ្ទះ​ដែល​ជា​ថវិកា​របស់​ក្រសួង​អនុវត្ត​គម្រោង​ដោយ​មន្ទីរ​សាធា​រណៈ​ការ និង​ដឹក​ជញ្ជូន​ខេត្ត​កំពង់​ឆ្នាំង ត្រូវ​បាន​ការ​សហការ និង​អប​អរ​សាទរ​ពី​ប្រជា​ពល​រដ្ឋធ្វើ​ឱ្យ​ការ​​អនុវត្ត​ទៅ​ដោយ​រលូន។

លោក កែវ ពៅ បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ផ្លូវ និង​ផ្ទះ​ប្រជា​ពល​រដ្ឋ រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ទឹក​ភ្លៀង​មូល​ហេតុ​ដោយ​សារ​កន្លង​មក​ផ្លូវ​នេះ​គ្មាន​លូ និង​ការ​ចាក់​ដី​លើ​ចំ​ណី​ផ្លូវ​ នាំ​ឱ្យ​មាន​ការ​ស្ទះ​ទឹក​គ្មាន​កន្លែង​ហូរ​បណ្តាល​ឱ្យ​ជន់​លិច​ផ្លូវ និង​ផ្ទះ​របស់​ពួក​គាត់​ស្ទើ​តែ​ខូច​ខាត​ទាំង​ស្រុង។ លោក ក៏​បាន​​អំ​ពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ ដែល​មាន​ទី​លំ​នៅ​សង​ខាង​ផ្លូវ​សូម​មាន​ការ​យោគ​យល់ ​ផល​ប៉ះ​ពាល់​មួយ​ចំនួន​នៅ​ពេល​ជីក​ដី​ដាក់​លូ​បង្ហូរ​រំដោះ​ទឹក​ចេញ​ពី​លើ​ផ្លូវ​ជាតិ​។

តំណាង​ប្រជា​ពល​រដ្ឋ​បាន​ថ្លែង​អំណរ​គុណ​ដល់​លោក ហ៊ុន សែន លោក​ទេស​រដ្ឋ​មន្រ្តី ស៊ុន ចាន់ថុល លោក ឈួរ ច័នឌឿន​ និងលោក កែវ ពៅ ដែល​បាន​គិត​គូរ​ និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម និង​សំណូម​ពរ​ចាំ​បាច់​របស់​ពួក​គាត់​បាន​ទាន់​ពេល​វេលា និង​សូម​គោរព​ជូន​ពរ​លោក ហ៊ុន សែន និងបណ្ដា​ថ្នាក់​ដឹក​នាំ​​មាន​សុខ​ភាព​ល្អ ដើម្បី​បន្ត​ដឹក​នាំ​ប្រទេស​ឱ្យ​កាន់​តែ​ទទួល​បាន​សមិទ្ធ​ផល​ថ្មី​ៗ​ថែម​ទៀត៕





លិខិតចៅចាក់ស្មុក៖ ទំនួញថ្ងូរខ្មោចបក្សសង្គ្រោះជាតិ!

រហូតមកទល់ពេលនេះ ព្រលឹងខ្មោចបក្សសង្គ្រោះជាតិ មិនទាន់ទៅចាប់ជាតិនៅឡើយទេ ទោះបីជា សម រង្ស៊ី ព្យាយាមអន្ទងយកទៅប្រស់ឱ្យរស់ឡើងវិញតាមរយៈការបង្កើតចលនាឧទ្ទាមខុសច្បាប់យ៉ាងណាក៏ដោយ។ ព្រលឹងខ្មោចបក្សនេះតែងតែស្រែកថ្ងូរ យំស្រែក ហើយថ្ងៃនេះ បានចេញមកលងប្រជាជនកម្ពុជា ទាំងថ្ងៃ ដោយកើតទុក្ខមិនសុខចិត្តនឹងការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។ ទោះបីជាខំប្រឹងស្រែកយ៉ាងណា ក៏គ្មានបានផលអ្វីដែរព្រោះអ្វីៗបានហួសទៅហើយសម្រាប់ខ្មោចបក្សនេះ ប៉ុន្តែការចេញមកទួញសោកដោយយកឈ្មោះគណបក្សនេះមកប្រើនឹងអាចត្រូវរងនូវទោសទណ្ឌបន្ថែមទៀតព្រោះថាច្បាប់ស្តីពីគណបក្សនយោបាយ មិនអនុញ្ញាតឱ្យជនណាម្នាក់យកឈ្មោះ ក៏ដូចជារចនាសម្ព័ន្ធគណបក្សដែលត្រូវបានរំលាយរួចហើយទៅប្រើប្រាស់ឡើយ។

នៅពេលនេះ គ្មានទៀតទេ គណបក្សសង្គ្រោះជាតិ ព្រោះបក្សនេះត្រូវបានរំលាយចោលក្រោ​យពីតុលាការកំពូលរកឃើញថាបានរំលោភបំពានលើច្បាប់ស្តីពីគណបក្សនយោបាយទទួលបញ្ជាពីបរទេស ហើយសមាជិកនៃគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការកណ្តាលនៃបក្សនេះចំនួន ១១៨ នាក់ ក៏ត្រូវបានហាមឃាត់មិនឱ្យធ្វើនយោ បាយរយៈពេល ៥ ឆ្នាំដែរ។ គណបក្សសង្គ្រោះជាតិ ក៏ត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចេញពីបញ្ជីហើយដែរ។ ដូច្នេះ សំឡេងទួញសោកបោកខ្លួនរបស់ព្រលឹងសពបក្សសង្គ្រោះជាតិនេះគ្រាន់តែជាសំឡេងខ្មោច ដែលគ្មានការចាប់អារម្មណ៍ និងគ្មានឥទ្ធិពលអ្វីទាំងអស់ ព្រោះខ្លួនគ្មានសិទ្ធិ និងគ្មានវត្តមានទៀតឡើយ ព្រោះខ្លួនបានស្លាប់បាត់ទៅហើយតាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយព្រលឹង និងសពបក្សសង្គ្រោះជាតិនេះក៏ត្រូវបាន សម រង្ស៊ី កម្ទេចចោលកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៨ បន្ទាប់ពីបង្កើតចលនាសង្គ្រោះជាតិខុសច្បាប់។

​សូមកុំបន្ទោសនរណាផ្សេងក្រៅពីខ្លួនឯងព្រោះស្ថានភាពបច្ចុប្បន្ន បក្សសង្គ្រោះជាតិត្រូវបានរំលាយ និងត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះគណបក្សនយោបាយ សមាជិករបស់ខ្លួន ត្រូវបាត់បង់សិទ្ធិធ្វើនយោបាយ ក៏ដោយសារតែប្រព្រឹត្តកំហុសផ្នែកយុទ្ធសាស្ត្រនយោបាយ ការរំលោភច្បាប់ដ៏ធ្ងន់ធ្ងរ ក្បត់ជាតិ និងបំផ្លាញផលប្រយោជន៍ប្រជាជនដែលទាំងសម រង្ស៊ី និងកឹម សុខា បានធ្វើចំពោះជាតិ និងប្រជាជនកម្ពុជា។ ពួកគេបានក្បត់កម្ពុជាដោយប៉ងបំ​ផ្លា​ញជាតិតាមរយៈបដិវត្តន៍ពណ៌ និងឡើងកាន់អំណាច តាមរូបភាពមិនប្រជាធិបតេយ្យ។ កម្ពុជាពិតជាមានសំណាងដែលបានដឹងឧបាយកលដ៏ស្មោគគ្រោករបស់អ្នកនយោបាយនៃក្រុមប្រ​ឆាំងនេះ ហើយប្រជាជនកម្ពុជាពិតជាមានភ័ព្វវាសនាខ្ពស់ដែលមានរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានចាត់វិធានការបង្ក្រាប និងកម្ទេចអង្គការចាត់តាំងផ្នែកនយោបាយនៃបដិវត្តន៍ពណ៌នេះបានទាន់ពេលវេលា។

កម្ពុជាគ្មានជំងឺតួឯក ហើយក៏គ្មានបក្សណាមានជំងឺតួឯកទេ ព្រោះបក្សសង្គ្រោះជាតិដែលមានជំងឺតួឯកបានស្លាប់បាត់ទៅហើយ ហើយក្តារមឈូសបក្សសង្គ្រោះជាតិក៏ត្រូវបានវាយដែកគោ​លបិទភ្ជិតយ៉ាងរឹងមាំបន្ថែមទៀត ហើយក៏គ្មានក្តីសង្ឃឹមនឹងរស់ឡើងវិញឡើយ។ សូមកុំបន្តក្តីសង្ឃឹមក្នុងភាពអស់សង្ឃឹមបន្តទៀតអី និងសូមកុំព្យាយាមសម្តែងឫកតួឯកទៀតព្រោះឃើញច្បាស់ហើយ បើទោះបីជាគ្មានគណបក្សសង្គ្រោះជាតិ ក៏ដំណើរការប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាបានដំណើរការយ៉ាងល្អដោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអា​ណត្តិទី៤នេះមានគណបក្សជាច្រើនចូលរួមប្រកួតប្រជែងដណ្តើមអាសនៈនៅតាមភូមិភាគនីមួយៗ ហើយនៅពេលនេះជាអំឡុងពេលនៃការឃោសនាបោះឆ្នោត ស្ថានភាពទូទៅល្អ និងការឃោសនាបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព អហិង្សា ហើយការបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ នឹងប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងត្រឹមត្រូវគ្រប់ភាគីទាំងអស់នឹងទទួលយកបាន។ ខ្មោចបក្សសង្គ្រោះជាតិមិនមែនជាភាគីនៃការបោះឆ្នោតនេះទេ ដូច្នេះទោះបីជាខំប្រឹងទួញថ្ងូរ ស្រែកយំយ៉ាងណាក៏គ្មានបានផលប្រយោជន៍អ្វីដែរ។

ចៅចាក់ស្មុក សូមផ្តល់យោបល់ថា អ្នកដែលមិនត្រូវបានហាមឃាត់ធ្វើនយោបាយគួរតែត្រៀមខ្លួនបង្កើតគណបក្សថ្មីមួយចូលរួមការប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនា ខែកក្កដា ឆ្នាំ២០១៨ ទៅវាល្អជាងព្រោះពេលវេលាខិតជិតមកដល់ហើយ!  ឬមួយក៏ជ្រើស​រើសធ្វើជាខ្មោចតាមលង និងធ្វើទុក្ខបុកម្នេញជាតិនិងប្រជាជនកម្ពុជាទៀត? នេះជាសិទ្ធិនៃការជ្រើសរើសរបស់អស់លោក!  តែកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការបង្ក្រាបខ្មោចដ៏អាក្រក់ដូចអ​ស់លោកដែលតែងតែបំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា! ដល់ពេលនោះ សូមកុំនិយាយថាស្តាយក្រោយ!!

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៨


សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្រ្គោះ ចំនួន ៤លាន រៀលជូនដល់លោកស្រី ផាត់ សា

កំពង់ឆ្នាំង៖ នៅថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១  ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ  ធន ធឿន ប្រធានគណៈកម្មាធិការសមាគមអតីតយុ​ទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង​​​ រួមនិងមន្រ្តីក្រុមការងារស.អ.ក ខេត្ត ស្រុក ឃុំ បានអញ្ជើញចូ​លរួមគោរពវិញ្ញាណក្ខ័ន្ធ សព លោក​​ នៅ វឿន​ អតីតជាយោធិនចូលនិវត្តន៍​ ដែលបានទទួលមរណៈភាព​ កាលពីវេលាយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិ​ទឹកចេញ ឃុំជើងគ្រាវ​ ស្រុករ​លា​ប្អៀរ ខេត្តកំពង់ឆ្នាំង​។ ក្នុងឱកាសនោះ​ លោកឧត្តមសេនីយ៍ទោ  ​ បានប្រគល់ថវិកា​បេឡាមរណៈសង្រ្គោះ របស់សមាគមអតីតយុទ្ធជនកម្ពុជា​ ចំនួន ៤លានរៀល ទៅជូនលោកស្រី ផា​ត់ សារ៉ាត់ ត្រូវជាភរិយានៃសពផងដែរ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោក ប្រេង សារ៉ន ត្រូវជាបងបង្កើតរបស់សព​ បានគោរពថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅបំផុត​ ជូនចំពោះលោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ​ ប្រធានសមា​គមអតីតយុទ្ធជនកម្ពុជា​ ជូនចំពោះ​​ លោក​ លោកស្រី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​​ របស់សមា​គម​ ដែលបានប្រគល់ថវិកាបេឡាមរណៈសង្រ្គោះជូនគ្រួសារសពបានទាន់ពេលកំពុងប្រារព្ធធ្វើពិធីបុណ្យសព​។

លោក ប្រេង សារ៉ន បានថ្លែងដោយគោរពថា គ្មានអ្វីតបស្នងសងគុណ​​នោះទេ​ គឺមានតែម្រាមដៃដប់​ សំពះគោរពថ្លែងអំណរអគុណ និងសូមគោរពជូនពរដល់​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សូមលោកមានជន្មាយុយឺនយូរ  សុខភាពល្អបរិបូណ៍ជួបតែសេចក្តីសុខ​ សុភមង្គល​ ហើ​យលោកនិងក្រុមគ្រួសារបានប្តេជ្ញាថា នៅតែគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល​ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​ជាពិសេស​នៅតែបន្តគាំទ្រ​ បេក្ខភាពលោកនា​យករដ្ឋមន្រ្តី ហ៊ុន សែន បន្តទៀត​ដើម្បីដឹកនាំនាវាកម្ពុជាឱ្យកាន់តែសម្បូររុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ៕



គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញសេចក្តីប្រកាសព័ត៌មានថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា តាមរបាយការណ៍របស់គណៈកម្មាធិ​ការរាជធានី ខេត្តរៀបចំការបោះឆ្នោតបានឱ្យដឹងថា មានតែគណបក្សប្រជាជនកម្ពុជាមួយគ​ត់​នៅខេត្តស្វាយរៀងដែលស្ថិតនៅភូមិភាគទី៦ ដែលបានធ្វើការហែក្បួនឃោសនាទ្រង់ទ្រាយធំដោ​យ​មានអ្នកចូលរួមចំនួន៥៥៨នាក់ រថយន្ត ៥២គ្រឿង និងមេក្រូ ៦គ្រឿង៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចុះថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ២០១៨ ខាងក្រោម៖


នៅព្រឹកនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី

នៅព្រឹកថ្ងៃ ច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

គោលបំណងនៃកិច្ចប្រជុំនេះគឺធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងាររីកចម្រើន និងការអនុវត្តន៍នូវរាល់អនុសាសន៍លើការងារមួយចំនួនរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី៕




ជនចាស់ជរាគ្មានទីពឹង ចំនួន ១២គ្រួសារ បានទទួលអំណោយពីសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ក្រុងកំពង់ឆ្នាំង និងព្រះអនុគុណ ក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង ព្រះគ្រូ ខុន ថុន ព្រះអនុគុណក្រុងកំពង់ឆ្នាំង និងប្រតិភូ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុង បានសាកសួរសុខទុក្ខ និងនាំយកអំណោយទៅចែក ជូនជនចាស់ជរា ស្រ្តីមេម៉ាយ ក្នុងក្រុងកំពង់ឆ្នាំង ចំនួន ១២គ្រួសារ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ហេង សំរិន ប្រធានរដ្ឋសភា, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានគណៈកម្មាធិការ កណ្តាលសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍, លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង, និងលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ដែលកន្លងមក តែងតែនឹករលឹក គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង នៅពេលដែលមានទុក្ខលំបាក គឺតែងផ្តល់ជូននូវ អំណោយ និងថវិកាចូលរួមជាមួយបងប្អូនគ្រប់ៗគ្នាទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការ នយោបាយឡើយ។
លោក យិន សាវ៉េន ក៏បានផ្តាំផ្ញើដល់គ្រួសារទាំង១២ ត្រូវខិតខំថែរក្សាសុខភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអប់រំកូនចៅអោយខិតខំរៀនសូត្រ ហើយជៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម។
ក្នុងឱកាសនោះលោក យិន សាវ៉េន ព្រះគ្រូ ខុន ថុន និងប្រតិភូសមាគមនារីក្រុង បានចែកអំណោយ ដល់គ្រួសារទាំង១២ ដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ ២០គីឡូក្រាម, គ្រឿងឧបភោគបរិភោគ មួយចំនួន និងថវិកា ១ម៉ឺនរៀល ផងដែរ។
តំណាងគ្រួសារទាំង១២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ហេង សំរិន, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន, លោកស្រី ម៉ែន សំអន,
លោក ឈួរ ច័ន្ទឌឿន, លោកស្រី កែ ច័ន្ទមុនី, លោក យិន សាវ៉េន ព្រមទាំងសមាគមនារីក្រុងកំពង់ឆ្នាំង ទាំងអស់ សូមទទួលបានជ័យជំនះ ឈ្នះមាសត្រូវគ្រប់ទិសទី ដើម្បីដឹកនាំប្រទេសជាតិប្រកបដោយ សុខសន្តិភាព សុខដុមរមនា និងឆ្ពោះទៅកាន់វឌ្ឍនភាព និងភាពសម្បូរសប្បាយរុងរឿងរហូត តទៅអនាគត៕




ខេត្តកណ្តាលប្រារព្ធពិធីបំពាក់កន្សែង យុវជនកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃអាទិត្យ ១១ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តកណ្តាល មានរៀបចំពិធីបំពាក់កន្សែង យុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្តកណ្តាល,លោក ជាវ តាយ អភិបាលនៃគណៈអភិបាល ខេត្តកំពត និងជាប្រធានកិត្តិយសសាខា លោកស្រី គឹង ចាន់ឌី គន់ គីម អនុប្រធានកិត្តិយសសាខា ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត, ប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត, អភិបាលក្រុង ស្រុក, គណៈកិត្តិយសសាខា, គណៈកម្មាធិការសាខា,ក្រុមប្រតិបត្តិសាខា, យុវជនកាយរិទ្ធ សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហម និងអ្នកពាក់ព័ន្ធសរុបចំនួន ៩៤០ នាក់។
គួរបញ្ជាក់ដែរថា សមាសភាពដែលត្រូវបំពាក់កន្សែងនាឱកាសនេះ រួមមានគ្រូជាទីប្រឹក្សាយុវជន, យុវជនកាកបាទក្រហមកម្ពុជា និងក្រុមភ្លេងព្យុហយាត្រា ដែលអញ្ជើញមកពីវិទ្យាល័យនានា នៅក្នុងខេត្តសរុបចំនួន ៥០០ នាក់។
ក្រៅពីថ្លែងនូវការកោតសរសើរ និងគូសបញ្ជាក់នូវតួនាទីដ៏សំខាន់របស់យុវជន ក្នុងការួមចំណែកអនុវត្ត នូវការងារមនុស្សធម៌ ជាពិសេសការចូលរួមចំណែកលើវិស័យស្នូលទាំង៤ លោកប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត បានស្នើដល់គណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុក នាយក នាយិកាគ្រប់សាលារៀនទាំងអស់ក្នុងខេត្ត រួមគ្នាយកចិត្តទុកដាក់លើកកម្ពស់តម្លៃយុវជន កាកបាទក្រហមអោយបានសមស្រប តាមគោលនយោបាយយុវជនកាកបាទក្រហម និងយកចិត្តទុកដាក់ពង្រីកបន្ថែមកម្លាំងយុវជនកាកបាទក្រហមអោយបានគ្រប់វិទ្យាល័យទូទាំងខេត្តនាឆ្នាំ២០១៨។ លើសពីនេះ លោក ក៏បានផ្តាំផ្ញើដល់ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់ដែលទទួលការបំពាក់កន្សែងនាថ្ងៃនេះ ត្រូវយកចិត្តទុកដាក់ធ្វើគម្រូល្អនៅក្នុងសាលារៀន និងត្រូវចូលរួមសកម្មភាពមនុស្សធម៌អោយបានច្រើនប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះ គណៈអធិបតី បានឧបត្ថម្ភថវិកាដល់៖
-យុវជនកាកបាទក្រហមដែលទើបទទួលការបំពាក់កន្សែង ចំនួន ៤៩២នាក់ ម្នាក់ៗទទួលបានថវិកា
១៥ ០០០ រៀល
-ទីប្រឹក្សាកាកបាទក្រហម ដែលទើបបំពាក់កន្សែង ៨នាក់ ម្នាក់ៗទទួលបានថវិកា ២៥ ០០០ រៀល
-យុវជនកាកបាទក្រហម យុវជនសសយក សិស្សានុសិស្ស អ្នកស្ម័គ្រចិត្តកាកបាទក្រហម ចំនួន ៧៩៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ ០០០ រៀល
-ទីប្រឹក្សាកាកបាទក្រហម និងក្រុមភ្លេងព្យុហយាត្រា ១៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល
សរុបថវិកាចំនួន ១៥ ៨៥០ ០០០ រៀល៕





លោក ហ៊ុន សែន ព្រមានដកតំណែងទាំងរដ្ឋមន្ត្រី ចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ចៅហ្វាយស្រុក រឿងរថយន្តកែច្នៃខុសបច្ចេកទេស

ភ្នំពេញៈ ចំពោះ រថយន្តដឹកលើសទម្ងន់ រថយន្តតទ្រុង និងកាត់តកែឆ្នៃទាំងអស់ បើឃើញមានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ទាំងចៅហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង។ នេះគឺជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ដែលត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នាព្រឹកថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក ហ៊ុន សែន បានសរសេរថា ៖ “ខ្ញុំសូមអរគុណក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលកំពុងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ និងត្រួតពិនិត្យយានយន្តកៃឆ្នៃខុសលក្ខណៈបច្ចេកទេសនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការដឹកទំនិញលើស ទម្ងន់កំណត់ដោយច្បាប់ ដែលបង្កឲ្យខូចផ្លូវស្ពាន និងបង្កគ្រោះថ្នាក់ផ្សេងៗ ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ”។

លោកបានបន្ថែមថា បើតាមរបាយការណ៍ជំហានដំបូងមកទល់ថ្ងៃម្សិលមិញ គឺមានរថយន្តកែច្នៃដាក់ទ្រុងសណ្តាងធំៗ ខុសបច្ចេកទេស៨១គ្រឿងហើយ ដែលបានកាត់ទ្រុងចេញ និងរថយន្ត៧៦គ្រឿងទៀត ត្រូវបានដោះទ្រុងសណ្តោងចេញ ហើយ៣១០គ្រឿងទៀត កំពុងត្រៀមកាត់ទ្រុងចេញ។ រថយន្តធំៗវែងៗទាំងនោះ គឺភាគច្រើនបើកលឿននៅលើដងផ្លូវ ដែលងាយនឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់។ មានរថយន្តសណ្តោងធំៗ វែងមួយចំនួនទៀត ក៏បានលួចចូលមកក្នុងក្រុងទម្លាក់អីវ៉ាន់ចតធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។

ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏អំពាវនាវសូមជនរួមជាតិគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា។ យើងមានផ្លូវថ្នល់ល្អៗ និងស្ពានល្អៗប្រើប្រាស់ សូមកុំបើកបរលឿនខុសច្បាប់ ហើយកុំដឹកទំនិញលើសការកំណត់ដោយច្បាប់។ យើងចូលរួមថែរក្សាផ្លូវថ្នល់ និងស្ពាននៅទូទាំងប្រទេស ដើម្បីយើងទាំងអស់គ្នាប្រើប្រាស់បានយូរអង្វែង៕


ប្រជាពលរដ្ឋជាង ៥ ០០០ នាក់ នៅស្រុកបារាយណ៍ ទទួលការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

លោក ហ៊ុន ម៉ាណែត បានដឹកនាំក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ២៥០ នាក់ ចុះសួរសុខទុក្ខ ព្រមទាំងធ្វើការពិនិត្យ និងព្យាបាលជម្ងឺដល់បងប្អូន លោកតា លោកយាយ ប្រមាណជាង ៥ ០០០នាក់ ដោយឥគិតថ្លៃ ស្របតាមគោលនយោបាយ ដែលប្រទេសកម្ពុជាចាត់ទុក វិស័យសុខាភិបាលជាវិស័យស្នូលដ៏សំខាន់ក្នុងចំណោមវិស័យស្នូលទាំងបួន និងដើម្បីអនុវត្តន៍ប្រកបដោយស្ថិរភាព និរន្តភាព ប្រសិទ្ធិភាព ក្នុងការអនុវត្តការងារសុខាភិបាល ក៏ដូចជាចូលរួមលើកស្ទួយសុខភាពប្រជាពលរដ្ឋក្នុងសហគមន៍ និងអភិវឌ្ឍន៍ប្រទេសជាតិ ។
ការពិនិត្យជម្ងឺ និងព្យាបាលរួមមាន ពិនិត្យ និងព្យាបាលជម្ងឺភ្នែក, ពិនិត្យ និងព្យាបាលជម្ងឺឬសដូងបាត, ពិនិត្យ និងព្យាបាលជម្ងឺមាត់ ធ្មេញ និងធ្វើការពិនិត្យ និងព្យាបាលរោគស្រ្តី អេកូសាស្រ្តផងដែរ ។

ក្នុងនោះដែរ លោក ហ៊ុន ម៉ាណែត ក៍បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដោយបានលើកឡើងនូវការកោតសរសើរពីទឹកចិត្ត និងមនសិការរបស់ក្រុមគ្រូពេទ្យ ដែលជាសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលះបង់នូវពេលវេលាក្នុងស្មារតី ជួយជ្រោមជ្រែងសុខភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ មិនថាតែនៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ គឺទូទាំងប្រទេស យើងទាំងមូល ក្នុងការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ព្រមទាំងជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ មិនតែប៉ុណ្ណោះការយកចិត្តទុកដាក់ក្នុងការថែរក្សានូវប្បធម៌ជួយគ្នា និងមានក្រមសីលធម៌ក្នុងការព្យាបាលបងប្អូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់នេះគឺបានឆ្លុះបញ្ចាំងពីទង្វើរដែលមានទំនួលខុសត្រូវមិនអាចកាត់ថ្លៃបាន ព្រោះថាបើបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អ ហាក់បីដូចមានទ្រព្យសម្បត្តិ មហាសាលមិនអាចកាត់ថ្លៃបាន ។

លោក បានបន្ថែមថា ការផ្តល់សេវាពិគ្រោះ និងព្យាបាលជម្ងឺដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺពិតជាមានសារប្រយោជន៍ខ្លាំងណាស់ក្នុងការជួយថែរក្សា និងទប់ស្កាត់រាល់ជម្ងឺផ្សេងៗមិនឲ្យកើតមាន ការរាតត្បាតឆ្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត។ ដោយការព្យាបាលមានភាពឆាប់រហ័ស និងទាន់ពេលវេលា រីឯការផ្តល់សេវាពិគ្រោះ និងព្យាបាលជម្ងឺនៅ តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក៏មានសារសំខាន់ណាស់ដែរ ព្រោះមានការយកចិត្តទុកដាក់ ដល់សុខភាពកុមារតាមរយៈការចាក់ថ្នាំបង្ការ ១១មុខ និងអាហាររូបត្ថម្ភ ការយកចិត្តទុកដាក់ដល់សុខភាពស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីជាម្តាយតាមរយៈ ការពិនិត្យសុខភាពមុនពេលសម្រាល និងក្រោយពេលសម្រាល ការសម្រាលកូន ដោយបុគ្គលិកជំនាញ ការប្រយុទ្ធរប្រឆាំងនឹងជម្ងឺឆ្លងជាដើម ។ ដូច្នេះក្រុមគ្រូពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់នូវសេវាថែទាំ ព្យាបាល ប្រកបដោយគុណធម៌ ក្រមសីលធម៌វិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព សមធម៌ជូនដល់ប្រជាពលរដ្ឋទូរទៅ ជាពិសេសប្រជាពលរដ្ឋ ក្រីក្រ។ លើសពីនេះទៅទៀតការផ្តល់សេវាសាធារណៈក្នុងវិស័យសុខាភិបាលតាមរយៈក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការពិគ្រោះ ពិនិត្យ និងព្យាបាល តាមសហគមន៍នេះ គឺបានកាត់បន្ថយអត្រាគ្រោះថ្នាក់ដល់អាយុជីវិត នឹងឈានទៅរកការកាត់ បន្ថយភាពក្រីក្រ ព្រោះការផ្តល់សេវានេះមិនតម្រូវឲ្យធ្វើការបង់ប្រាក់នោះឡើយ ៕