រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤
- លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
- ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
- ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ
- សិល្បករ ក្មួយៗសិស្សានុសិស្ស និស្សិត និងក្មួយៗយុវជនទាំងអស់ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំនិងភរិយាខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួមជាមួយឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សិល្បករ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងក្មួយៗយុវជនទាំងអស់ ក្នុងពិធីបិទមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលលើកទី៣ នាពេលនេះ។ ឆ្លៀតឱកាសនេះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងគណៈកម្មការអន្តរក្រសួង ដែលបានរៀបចំមហោស្រពសិល្បៈចម្រៀងខ្មែរដ៏មានសារៈសំខាន់នេះ ប្រកបដោយជោគជ័យ ដើម្បីបុព្វហេតុអភិរក្សនិងអភិវឌ្ឍសិល្បៈវប្បធម៌ និងអរិយធម៌ខ្មែរ។
ទន្ទឹមនឹងនេះ ខ្ញុំសូមសម្តែងនូវអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សប្បុរសជន និងដៃគូឯកជននានា ជាពិសេសធនាគារកាណាឌីយ៉ា និងស្ថានីយ៍វិទ្យុនិងទូរទស្សន៍បាយ័ន ដែលបានសហការឧបត្ថម្ភគាំទ្រដល់ដំណើរការរៀបចំមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលលើកទី៣នេះ ឱ្យដំណើការបានយ៉ាងអធិកអធម។
ខ្ញុំសូមចាត់ទុកថា មហោស្រពសិល្បៈចម្រៀងខ្មែរជាសកលនេះ គឺជាព្រឹត្តិការណ៍សិល្បៈនិងវប្បធម៌ដ៏ធំនិងមានសារៈសំខាន់ ដែលមិនត្រឹមតែជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តគាំទ្ររបស់មហាជនចំពោះវិស័យវប្បធម៌ផ្នែកសិល្បៈចម្រៀងបុរាណ សម័យ និងកំណាព្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកដោយផ្ទាល់ដល់ការអភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌអរូបីដ៏មានតម្លៃរបស់ជាតិយើងឱ្យកាន់តែរឹងមាំស្ថិតស្ថេរគង់វង្ស និងរីកចម្រើនបន្ថែមទៀត។
ដូចដែលលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ គោលបំណងសំខាន់នៃការប្រារឰធ្វើមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលនេះ គឺដើម្បីបំផុសចលនាមហាជនឱ្យគាំទ្រនិងលើកទឹកចិត្តដល់សិល្បករ ទាំងនៅក្នុងប្រទេសនិងមកពីក្រៅប្រទេស ឱ្យចូលរួមប្រកួតប្រជែងបញ្ចេញនូវសមត្ថភាព និងទេពកោសល្យពិតៗរបស់ខ្លួន ក្នុងផ្នែកសិល្បៈចម្រៀងសម័យ ឬចម្រៀងបុរាណដែលរួមមានយីកេ មហោរី និងស្មូតឬសូត្រកំណាព្យ។ មហោស្រពនេះ មិនត្រឹមតែជាការផ្តល់នូវកាលានុវត្តភាពសម្រាប់សិល្បករចម្រៀងសម័យ បុរាណ និងកំណាព្យ ឈានចូលក្នុងអាជីពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈសំខាន់ចូលរួមចំណែកថែរក្សាការពារ និងលើកកម្ពស់តម្លៃសិល្បៈខ្មែរយើងផងដែរ។ ម្យ៉ាងទៀត ការរៀបចំឱ្យមានព្រឹត្តិការណ៍បែបនេះ ក៏អាចជួយបំផុស និងដាស់អារម្មណ៍ដល់យុវជនដែលជាទំពាំងស្នងឫស្សី ឱ្យបានឃើញកាន់តែច្បាស់អំពីលក្ខណៈពិសេស និងភាពសម្បូរបែបនៃសិល្បៈវប្បធម៌ខ្មែរ ដែលបន្សល់ទុកដោយដូនតាយើងជាច្រើនជំនាន់មកហើយ ដែលនេះគឺជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង បណ្តុះស្មារតីឱ្យចេះស្រឡាញ់ និងជំរុញការចូលរួមរបស់កូនខ្មែរគ្រប់រូប ដើម្បីថែរក្សាឱ្យបានស្ថិតស្ថេរគង់វង្សនូវសិល្បៈវប្បធម៌ដែលជាអត្តសញ្ញាណនិងជាព្រលឹងជាតិយើង ។
- ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ
- សិល្បករ និងក្មួយៗយុវជនទាំងអស់!
យើងទាំងអស់គ្នាទន្ទឹងរង់ចាំថ្ងៃនេះជាយូរមកហើយ ដើម្បីទទួលស្វាគមន៍ និងអបអរសាទរចំពោះជ័យលាភីថ្មី ដែលប្រសូត្រចេញពីការជ្រើសរើសចម្រាញ់យ៉ាងហ្មត់ចត់និងជាច្រើនដំណាក់កាលប្រកបដោយយុត្តិធម៌។ នេះជាសមិទ្ធផលថ្មីមួយទៀតដែលមានអត្ថន័យមិនត្រឹមតែជាការផ្តល់នូវពានរង្វាន់ជូនជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញនូវការខិតខំអភិរក្ស លើកស្ទួយ និងប្រមែប្រមូលពូនផ្តុំនូវអ្នកដែលមានទេពកោសល្យពិតប្រាកដក្នុងផ្នែកសិល្បៈចម្រៀងនេះផងដែរ។ ទន្ទឹមនឹងនេះ យើងក៏ចាំបាច់ត្រូវខិតខំប្រែក្លាយគុណភាពផលិតផលសិល្បៈចម្រៀងឱ្យមានលក្ខណៈអប់រំ និងសេដ្ឋកិច្ច ព្រមទាំងតម្រូវទៅតាមតថភាពសង្គមផងដែរ ដោយធ្វើយ៉ាងណារក្សាឱ្យបាននូវលក្ខណៈដើមនៃប្រពៃណី ទំនៀមទម្លាប់វប្បធម៌ ពណ៌សម្បុរ និងអត្តសញ្ញាណជាតិខ្មែរយើង។ ក្នុងន័យនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ការចូលរួមប្រកួតប្រជែងពីគ្រប់មជ្ឈដ្ឋានជាប្រចាំ នឹងអាចធ្វើឱ្យសិល្បៈចម្រៀងសម័យ បុរាណ និងកំណាព្យខ្មែរមានលក្ខណៈច្នៃប្រឌិត និងបង្កើតថ្មីឱ្យសមស្របទៅតាមតថភាពសង្គម ទៅតាមចំណង់ចំណូលចិត្ត ការពេញនិយមរបស់មហាជន និងយុវជនសម័យថ្មីនេះ។ ការទាក់ទាញបាននូវការគាំទ្រនិងការចូលចិត្តរបស់មហាជន ជាពិសេសយុវជន មកលើសិល្បៈជាតិយើង គឺជាការចាំបាច់ដើម្បីជួយកាត់បន្ថយនូវការហូរចូលឥតឈប់ឈរនៃផលិតផលវប្បធម៌ពីខាងក្រៅ ជាពិសេសវប្បធម៌អវិជ្ជមាន និងជាការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ក៏ដូចជាការរួមចំណែកលើកកម្ពស់តម្លៃវប្បធម៌របស់ជាតិយើង តាមរូបភាព «សិល្បៈដើម្បីសិល្បៈ សិល្បៈដើម្បីការអប់រំ សិល្បៈដើម្បីភាពរីករាយ សិល្បៈដើម្បីការអភិវឌ្ឍ សិល្បៈដើម្បីផលកម្រៃ និងសិល្បៈដើម្បីវប្បធម៌សន្តិភាព» ។
ក្នុងន័យនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែបានផ្តល់ការលើកទឹកចិត្តចំពោះគំនិតផ្តួចផ្តើម ទាំងរដ្ឋនិងឯកជន ដែលឆ្លើយតបទៅនឹងគោលដៅខាងលើ។ ជាក់ស្តែង រាជរដ្ឋាភិបាលទើបបានផ្តល់ការអនុញ្ញាតជាគោលការណ៍ឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ រៀបចំការសម្តែងទស្សនីយភាពលក់សំបុត្រជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិ រៀងរាល់ចុងសប្តាហ៍នៅសាលសន្និសីទចតុម្មុខជាលក្ខណៈសាកល្បងដកពិសោធន៍ ដើម្បីឈានទៅបង្កើតគោលដៅទេសចរណ៍វប្បធម៌ថ្មីបន្ថែមទៀតសម្រាប់រាជធានីភ្នំពេញយើង។ ខ្ញុំសូមគាំទ្រនិងជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍និងបង្កើតទីផ្សារវប្បធម៌ថ្មីៗបន្ថែមទៀត សម្រាប់បម្រើដល់សាធារណជននៅទូទាំងប្រទេសឱ្យកាន់តែមានភាពប្រសើរឡើង ដើម្បីទាញយកផលកម្រៃមកទ្រទ្រង់ជីវភាពរបស់សិល្បករយើង ក៏ដូចជាដើម្បីរួមចំណែកលើកកម្ពស់តម្លៃសិល្បៈវប្បធម៌និងកិត្យានុភាពជាតិ ឱ្យស្របតាមគោលដៅ «កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌» រួមជាមួយនឹងយុទ្ធសាស្ត្រទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ»។ ដូច្នេះ ការរៀបចំឱ្យមានព្រឹត្តិការណ៍សិល្បៈវប្បធម៌គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ដែលមានសក្តានុពលទេសចរណ៍ខ្ពស់ ជាពិសេសទេសចរណ៍វប្បធម៌។
- ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ
- សិល្បករ និងក្មួយៗយុវជនជាទីស្រឡាញ់!
បើតាមសិលាចារឹកវត្តទួលគំនូរ ស្រុកអង្គរបុរី ខេត្តតាកែវ K.៦០០ និង K.៥៥៧ ចុះកាលបរិច្ចេទ មហាសករាជឆ្នាំ៥៣៣ ត្រូវនឹងគ្រិស្តសករាជ៦១១ ដែលចាត់ជាសិលាចារឹកភាសាខ្មែរបុរាណចំណាស់ជាងគេ បានចារឹកនូវពាក្យ ចំរេង៑ (ចម្រៀង) ជ្មះគេចំរេង៑ (ឈ្មោះអ្នកចម្រៀង) រមំ (របាំ) ជ្មះគេរម៑ (ឈ្មោះអ្នករាំ) ត្មឹងវីណ (អ្នកដេញពិណ) ត្មឹងកញ្ជង៑ ត្មឹងលាហ្វ ជាដើម។ នេះជាភស្តុតាងដ៏មានសារៈសំខាន់ណាស់ ដែលបញ្ជាក់ពីវត្តមានសិល្បៈខ្មែរ ជាពិសេសទាក់ទងនឹងចម្រៀង ឧបករណ៍តន្ត្រីខ្មែរនាសម័យកាលនោះ។ បទចម្រៀង គឺជាកោសិការស់នៃវប្បធម៌ ហើយសិល្បករ គឺជាស្ថាបត្យករឆ្លាក់ព្រលឹងនៃវប្បធម៌។ សិល្បៈចម្រៀងមិនគ្រាន់តែមានគោលដៅបម្រើអារម្មណ៍ក្នុងភាពសប្បាយរីករាយ ឬទុក្ខសោក ឬបញ្ជាក់នូវមនោសញ្ចេតនារបស់មនុស្សទៅតាមកាលៈទេសៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីដ៏សំខាន់ក្នុងការផ្សព្វផ្សាយអំពីវប្បធម៌និងអរិយធម៌ និងក្នុងការអប់រំ បណ្តុះផ្នត់គំនិត និងស្មារតី ព្រមទាំងអាចការកែប្រែឥរិយាបថរបស់មនុស្សនៅក្នុងសង្គមផងដែរ។
ក្នុងន័យនេះ រាជរដ្ឋាភិបាលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ដល់ការលើកកម្ពស់វប្បធម៌ខ្មែរ ទាំងរូបីនិងអរូបី ដោយបានដាក់ចេញនូវគោលនយោបាយជាតិ យុទ្ធសាស្ត្រ និងផែនការជាបន្តបន្ទាប់ ដើម្បីធានាឱ្យការអនុវត្តការងារនេះមានប្រសិទ្ធភាពនិងចីរភាព។ ជាក់ស្តែង ដើម្បីគាំទ្រនិងតម្រែតម្រង់ការអភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត នៅឆ្នាំ២០១៤ នេះ រាជរដ្ឋាភិបាលទើបបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌។
ដូចដែលឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សិល្បករ និងក្មួយៗនិស្សិតទាំងអស់ បានជ្រាបស្រាប់ហើយថា កន្លងមក នៅក្នុងផ្នែកបេតិកភណ្ឌវប្បធម៌ ជាពិសេសបេតិកភណ្ឌរូបី រាជរដ្ឋាភិបាលបានសម្រេចនូវសមិទ្ធផលធំៗជាច្រើន ដែលបានធ្វើឱ្យពិភពលោកទទួលស្គាល់កម្ពុជាយើងយ៉ាងទូលំទូលាយ តាមរយៈលទ្ធផលការងារដ៏មានប្រសិទ្ធភាពដើម្បីស្រោចស្រង់និងអភិរក្សរមណីយដ្ឋានអង្គរ បន្ទាប់ពីរមណីយដ្ឋាននេះត្រូវបានចុះក្នុង «បញ្ជីបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់» របស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងអង្គការយូណេស្កូ ក្នុងក្របខណ្ឌគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់កិច្ចការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ត្រូវបានចាត់ទុកជាគំរូដ៏ល្អក្នុងការអភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌពិភពលោក ដែលត្រូវបានយកទៅអនុវត្តនៅប្រទេសមួយចំនួនលើសកលលោក។ ក្នុងរយៈពេល២១ឆ្នាំកន្លងមកនេះ យើងបានកៀរគរមូលនិធិពីសហគមន៍អន្តរជាតិចំនួនជាង៥០០លានដុល្លារអាមេរិក សម្រាប់គម្រោងជិត៧០ ដោយមានការចូលរួមពីអ្នកជំនាញជាន់ខ្ពស់មកពីបណ្ដាប្រទេសជិត២០ និងអង្គការអន្តរជាតិប្រហែល៣០ បានអនុវត្តយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រោមកិច្ចសម្របសម្រួលនេះ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់អាជ្ញាធរអប្សរា។
ជាងនេះទៀត តាមរយៈយុទ្ធនាការយ៉ាងស្វិតស្វាញ រាជរដ្ឋាភិបាលបានទទួលជោគជ័យក្នុងការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារជាទីសក្ការៈ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០០៨។ នៅឆ្នាំ២០១៣ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំពេញអង្គលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដោយទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ និងទទួលបានការកោតសរសើរពីគ្រប់សំណាក់គណៈប្រតិភូចូលរួមថាជាកិច្ចប្រជុំដ៏ល្អកម្រមានពីមុនមក។ ថ្មីៗកន្លងទៅនេះ ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងការតស៊ូដ៏វែងឆ្ងាយ រាជរដ្ឋាភិបាលបានទាមទារមកវិញនូវបដិមាចំនួន៥ រួមមាន សហទេព នកុល ទុរយោធន៍ ភីម និង ពលរាម ដែលបានបាត់បង់ពីប្រាសាទចិននៃរមណីយដ្ឋានកោះកេរអស់រយៈពេលជាង៤០ឆ្នាំ។ ជោគជ័យនៃការវិលត្រឡប់មកវិញនៃបដិមាទាំង៥នេះ ត្រូវបានអង្គការយូណេស្កូចាត់ទុកថាជាគំរូនៃការអនុវត្ត «អនុសញ្ញាឆ្នាំ១៩៧០ ស្ដីពីការហាមប្រាមនិងទប់ស្កាត់ការនាំចូល ការនាំចេញ និងការបញ្ជូនដោយខុសច្បាប់នូវសម្បត្តិវប្បធម៌» ហើយបានអញ្ជើញភាគីកម្ពុជាទៅធ្វើបទបង្ហាញស្ដីពីបទពិសោធន៍របស់កម្ពុជាក្នុងកិច្ចការនេះ នៅទីស្នាក់ការកណ្ដាលនៃអង្គការយូណេស្កូកាលពីខែមិថុនាកន្លងទៅនេះ។
ក្រៅពីនោះ នៅក្នុងផ្នែកបេតិកភណ្ឌអរូបី រាជរដ្ឋាភិបាលក៏បានសម្រេចនូវសមិទ្ធផលគួរជាទីមោទនៈផងដែរ។ បេតិកភណ្ឌអរូបីរបស់យើងមួយចំនួន ត្រូវបានពិភពលោកទទួលស្គាល់ ដូចជារបាំព្រះរាជទ្រព្យត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោកនៅឆ្នាំ២០០៣ និងល្ខោនស្បែកធំនៅឆ្នាំ២០០៥។ ថ្មីៗនេះ រឿងរាមកេរ្តិ៍ដែលនិទានដោយលោកតាគ្រុឌ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមួយប្រភេទទៀត ហៅថា «ស្មារតីចងចាំរបស់ពិភពលោក (Memory of the World)»។ ជាងនេះទៅទៀត អង្គការយូណេស្កូ និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោក កំពុងពិចារណាលើការចុះក្បាច់គុនបុរាណខ្មែរ «ល្បុក្កតោ» ជាបេតិកភណ្ឌអរូបីពិភពលោក ហើយរាជរដ្ឋាភិបាលក៏បាននិងកំពុងរៀបចំបែបបទស្នើសុំដាក់បញ្ចូលតន្រ្តីប្រគុំដោយឧបករណ៍ភ្លេងបុរាណខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោកផងដែរ។
នេះគឺជាសមិទ្ធផលដ៏មានសារៈសំខាន់យ៉ាងធំធេង សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ពីព្រោះ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា បេតិកភណ្ឌវប្បធម៌និងសិល្បៈមិនត្រឹមតែមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំចិត្ត ស្មារតី និងបណ្តុះឧត្តមគតិ និងការថែរក្សាអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការកាត់បន្ថយភាពក្រីក្រផងដែរ តាមរយៈការអភិវឌ្ឍទេសចរណ៍បេតិកភណ្ឌនិងវប្បធម៌។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់និងគិតគូរយ៉ាងច្បាស់លាស់ក្នុងការអភិរក្ស ថែរក្សា ការពារ និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិប្រកបដោយចីរភាព ដោយឈរលើគោលការណ៍ «អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស» សំដៅផ្ទេរមរតកដ៏មានតម្លៃនេះដល់ជំនាន់ក្រោយៗទៀត។
- ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ
- សិល្បករ និងក្មួយៗនិស្សិត!
មុននឹងបញ្ចប់ ដោយហេតុថាសិល្បៈវប្បធម៌មានតួនាទីស្នូលនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់សង្គមខ្មែរយើង ខ្ញុំសូមផ្តាំផ្ញើដល់សិល្បករទាំងអស់ ត្រូវរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូរ ប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ ដើម្បីផ្តល់ជាគំរូល្អដល់សង្គម និងខិតខំពង្រឹងសមត្ថភាពក្នុងអាជីព ដើម្បីអាចឈានទៅប្រកួតប្រជែងនៅតាមបណ្តាប្រទេសក្នុងតំបន់និងពិភពលោក។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមស្នើដល់ស្ថានីយ៍វិទ្យុទូរទស្សន៍ទាំងអស់ និងក្លឹបសិល្បៈនានា ជួយជ្រោមជ្រែង និងផ្តល់ឱកាសថែមទៀតដល់ជ័យលាភីលើវិញ្ញាសាចម្រៀងសម័យ ចម្រៀងបុរាណ (មហោរី និងយីកេ) និងស្មូតកំណាព្យ ដើម្បីឱ្យពួកគាត់មានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនឯង និងបង្កើនកម្រិតជីវភាព ក៏ដូចជាការរួមចំណែកលើកកម្ពស់តម្លៃសិល្បៈវប្បធម៌ជាតិផងដែរ។
ទន្ទឹមនឹងនេះ ខ្ញុំសូមឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គណៈកម្មការអន្តរក្រសួងបន្តសហការឱ្យបានល្អជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អង្គការសមាគម ជាពិសេសដៃគូឯកជន ដើម្បីប្រែក្លាយសក្តានុពលវប្បធម៌ខ្មែរទៅជាការផ្តល់កម្លាំងលើកទឹកចិត្តកូនខ្មែរឱ្យចេះប្រើប្រាស់គំនិតបញ្ញាស្មារតី ដើម្បីបង្កើតនូវស្នាដៃវប្បធម៌ឱ្យកាន់តែសម្បូរបែបសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិ។ ជាមួយគ្នានេះដែរ យើងត្រូវពង្រឹង ពង្រីកនិងបង្កើនគុណភាពសិល្បៈចម្រៀងសម័យ ចម្រៀងបុរាណ និងស្មូតកំណាព្យ ដែលជាសក្តានុពលវប្បធម៌ និងជាឆ្អឹងខ្នងសម្រាប់ប្រើប្រាស់ជាមធ្យោបាយលើកស្ទួយសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសង្គមជាតិឱ្យកាន់តែមានភាពប្រសើរឡើង។ សកម្មភាពនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកផ្តល់ការងារ រកចំណូលសម្រាប់សិល្បករ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
ដើម្បីសម្រេចបាននូវគោលដៅខាងលើនេះ យើងទាំងអស់គ្នាគប្បីរួមចំណែកគាំទ្រនិងលើកទឹកចិត្តអ្នកនិពន្ធ និងសិល្បករទាំងអស់ ឱ្យបង្កើតស្នាដៃថ្មី ប្រកបដោយគុណភាពនិងគុណធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងអាជីពរបស់ខ្លួន តាមរយៈការគោរពនិងឱ្យតម្លៃចំពោះកម្មសិទ្ធិបញ្ញា ការប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈខ្ពស់ ជាពិសេសគឺជួយជំរុញឱ្យស្នាដៃទាំងនោះមានបង្កប់ទៅដោយតម្លៃវប្បធម៌ និងអត្តសញ្ញាណជាតិ។ ទន្ទឹមនឹងនោះ កវីនិពន្ធ តួសម្តែង និងសិល្បករគ្រប់រូប មិនត្រឹមតែ ត្រូវខិតខំសិក្សាស្វែងយល់ឱ្យបានទូលំទូលាយនិងស៊ីជម្រៅអំពីវិជ្ជាជីវៈរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ត្រូវមានការយល់ដឹងអំពីគោលនយោបាយជាតិ និងផែនការអាទិភាពផ្នែកវប្បធម៌ ដើម្បីជាមូលដ្ឋាន និងជាត្រីវិស័យតម្រង់ទិសដល់ការតែងនិពន្ធ ការសម្តែង និងការផលិតស្នាដៃសិល្បៈនានា ដែលឆ្លុះបញ្ចាំងនូវតថភាពសង្គម។
ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជា សប្បុរសជន និងដៃគូឯកជនទាំងអស់ ដែលបានចូលរួមសហការនិងជួយឧបត្ថម្ភគាំទ្រជាថវិកា សម្ភារៈ បច្ចេកទេស និងមធ្យោបាយផ្សេងៗ ដើម្បីជំរុញឱ្យការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ ។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សិល្បករ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ក្មួយៗសិស្សានុសិស្ស និស្សិត និងក្មួយៗយុវជនទាំងអស់ សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងក្រុមគ្រួសារ។
សូមអរគុណ!