Friday, September 28, 2018

(សូមទស្សនាវីដេអូ)៖ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក បង្ហាញការពេញចិត្តជាខ្លាំង ស្វាគមន៍ចំពោះវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

(សូមទស្សនាវីដេអូ)៖ ប្រជាពលរដ្ឋខ្មែររស់នៅកាណាដា បានលើកឡើងថាសព្វ​ថ្ងៃកម្ពុជាមានការរីកចម្រើន​ខ្លាំងណាស់ រាប់ទាំងផ្លូវថ្នល់ ស្ពាន វត្តអារាម សាលារៀន

(សូមទស្សនាវីដេអូ)៖ ជនកំសាក សម រង្ស៊ី បរាជ័យផ្ទួនៗមិនហ៊ានអើតក្បាលទៅធ្វើបាតុកម្មនៅបុរីញ៉ូវយ៉ក ដោយចាញ់ឥទ្ធិពលរបស់លោក ហ៊ុន សែន

ជនកំសាក សម រង្ស៊ី បរាជ័យផ្ទួនៗមិនហ៊ានអើតក្បាលទៅធ្វើបាតុកម្មនៅបុរីញ៉ូវយ៉ក ដោយចាញ់ឥទ្ធិពលរបស់លោក ហ៊ុន សែន

យោងតាមខ្លឹមសាររបស់វិទ្យុបារាំងអន្តរជាតិ RFI ដែលផ្សាយនៅយប់ថ្ងៃទី២៧ ខែកញ្ញា បានឱ្យដឹងថា លោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង បានប្រកាសដកខ្លួនថយមិនហ៊ានទៅបង្ហាញមុខដឹកនាំក្រុមបាតុករ១ដំបរស្វា ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទីក្រុងញ៉ូវយ៉កនៅថ្ងៃសៅរិ៍ចុងសប្តាហ៍នេះ។
វិទ្យុបារាំងអន្តរជាតិបានផ្សាយថា តាមរយៈបណ្តាញសង្គម Twitter នៅថ្ងៃទី២៦កញ្ញា លោក សម រង្ស៊ី បានសុំទោសចំពោះអ្នកគាំទ្ររបស់លោក ដែលលោកមិនបានទៅទីក្រុងញូវយ៉ក នាថ្ងៃទី២៩ ខែកញ្ញានេះ ដោយសារតែមានកិច្ចផ្សេងទៀតដែលត្រូវបំពេញ។ ថ្ងៃទី២៩កញ្ញា ជាថ្ងៃដែលលោក សម រង្ស៊ី ធ្លាប់បានប្រកាសថា លោកនឹងដឹកនាំបាតុកម្ម ទាមទារកុំឱ្យមានការទទួលស្គាល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសលោកនាយករដ្ឋមន្ត្រីចូលរួមក្នុងកិច្ចប្រជុំលើកទី៧៣នៃមហាសន្និបាតអង្គការសហប្រជាជាតិចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៨នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា មុនពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទៅដល់ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក គេឃើញការផ្សព្វផ្សាយ និងអំពាវនាវហើយអំពាវនាវទៀតពីសំណាក់អតីតមេដឹកនាំបក្សប្រឆាំង ជុំវិញការប្រមូលគ្នីគ្នា និងចូលរួមធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន។ ប៉ុន្តែផ្ទុយទៅវិញលោក សម រង្ស៊ី បែរជាគេចវេសពីការសន្យារបស់ខ្លួន ហើយបង្កើតលេសបោកប្រាស់អ្នកគាំទ្រថាខ្លួនរវល់មិនបានទៅចូលរួមទៅវិញ។ ទោះជាយ៉ាងណាការពិតនៃការគេចខ្លួន មិនទៅចូលរួមបាតុកម្មប្រឆាំង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់លោក សម រង្ស៊ី គឺត្រូវបានគេដឹងថា ក្រោយពីឃើញវត្តមានពលរដ្ឋខ្មែរជាច្រើនកុះករ ដែលបានទៅស្វាគមន៍ និងគាំទ្រវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងញ៉ូវយ៉ក។

មានការវិភាគមួយអំពី អ្នកឈរអានសុន្ទរកថាក្នុងមហាសន្និបាត និងអ្នកស្រែកតាមចិញ្ចើមថ្លូវ តើអ្នកណាស្របច្បាប់? ក្នុងការវិភាគនេះ បានបញ្ជាក់ច្បាស់ៗពីកិត្យានុភាពជាតិដែលតំណាងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខកាទូតជាន់ខ្ពស់ស្របច្បាប់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលជារដ្ឋឯករាជ្យ អធិបតេយ្យ បាននិងកំពុងប្រឹងប្រែងដើម្បីប្រយោជន៍ជាតិ ខុសពី សម រង្ស៊ី និងក្រុមជ្រុលនិយមមួយចំនួន ដែលនាំឱ្យជាតិអាប់ឱនអន្តរាយ។ លោក សម រង្ស៊ី ប្រហែលដឹងខ្លួនហើយ ទើបសម្រេចដកថយពីការដឹកនាំបាតុកម្មនេះ៕





អ្នកវិភាគ៖ ហេតុអ្វីបានជាសម រង្ស៊ី និង កឹម មនោវិទ្យា ប្រកាសឈប់ដឹកនាំបាតុកម្មនៅបូរីញូវយ៉ក?

តាមរយៈបណ្តាញទំនាក់ទំនងសង្គមធ្វីតធ័រ សម រង្ស៊ី បានប្រកាសថា «មិនបានចូលរួមមហាបាតុកម្មនៅបូរីញូយ៉កបានទេ ដោយសារតែជាប់រវល់នឹងភារកិច្ចផ្សេង»។ ចំណែកកូនស្រី កឹម សុខា គឺ កឹម មនោវិទ្យា តាមរយៈហ្វេសប៊ុករបស់ មុត ចន្ថា អះអាងថា «កញ្ញា កឹម មនោវិទ្យា ពុំដែលមានគម្រោង ឬពុំដែលគ្រោងទៅចូលរួម ឬដឹកនាំបាតុកម្មអ្វីឡើយ»។ នេះគឺជាគោលជំហរចុងក្រោយរបស់អ្នកនយោបាយទាំងពីរក្រុមដែលគេមើលឃើញថា កំពុងតែបែកបាក់គ្នាធ្ងន់ធ្ងរ និងដណ្តើមឥទ្ធិពលគ្នាគ្រប់គ្រង លើខ្មោចបក្សសង្គ្រោះជាតិដែលត្រូវបានរលាយសាបសូន្យជិតមួយឆ្នាំមកហើយនោះ។
សាធារណមតិប្រាកដជាឆ្ងល់ ហើយអ្នកគាំទ្ររបស់ខ្លួនមួយដំបរស្វាដែលដាក់ចិត្តដាក់កាយចូលរួមបាតុកម្មនៅញូយ៉កក៏ឆ្ងល់ដែរ ថាហេតុអ្វីបានជា សម រង្ស៊ី និងកឹម មនោវិទ្យា មិនចូលរួមក្នុងបាតុកម្មព្រោះក្នុងខិត្តបណ្ណនិងសេចក្តីជូនដំណឹងផ្សេងៗគេឃើញមាន ដាក់ថា «មហាបាតុកម្មដឹកនាំដោយលោក សម រង្ស៊ី» និងសេចក្តីជូនដំណឹងខ្លះថា «មហាបាតុកម្មដឹកនាំដោយ កញ្ញា កឹម មនោវិទ្យា»? តើមូលហេតុអ្វីពិតប្រាកដនៅពីក្រោយការប្រកាសមិនដឹកនាំ និងមិនចូលរួមក្នុងបាតុ កម្មដែលពួកគេខិតខំប្រកូកប្រកាសត្រៀមច្រើនខែមកនេះ?
ទី១៖ កៀងគរមនុស្សមកធ្វើបាតុកម្មមិនបាន៖ ក្រុមសម រង្ស៊ី និយមដឹកនាំដោយ សម រង្ស៊ី និងក្រុម កឹម សុខា និយមដែលដឹកនាំដោយ កឹម មនោវិទ្យា ទទួលបរាជ័យក្នុងការកៀងគរមនុ​ស្ស​មកធ្វើបាតុកម្មព្រោះបងប្អូនពលរដ្ឋខ្មែរដែលធ្លាប់តែគាំទ្រខ្មោចបក្សសង្គ្រោះជាតិបានដឹងច្បា​ស់ពីល្បិចកលស្មោគគ្រោករបស់ក្រុមអ្នកនយោបាយរត់ចោលស្រុក កញ្ជះបរទេសទាំងនេះ។ ពួកគេបានត្រឹមតែភូតកុហក និងបោកប្រាស់ប្រាក់ពួកគាត់ប៉ុណ្ណោះគឺបោកពីមួយអាណត្តិទៅមួយអាណត្តិ ស្រមើស្រម៉ៃនៅក្នុងការយល់សប្តិ និងការញុះញង់របស់ សម រង្ស៊ី។ ពលរដ្ឋខ្មែរដែលធ្លាប់ដើរតាមការញុះញង់របស់សម រង្ស៊ី អស់ជំនឿនិងយល់ថាជីវិតនយោបាយ សម រង្ស៊ី បានបញ្ចប់ សម រង្ស៊ី គ្មានតម្លៃនយោបាយអ្វីសម្រាប់ជាតិ និងប្រជាជនកម្ពុជាទៀតឡើយហើ​យការដើរស្រែកតវ៉ាគឺ គ្មានអ្វីក្រៅតែពីការលម្អទីក្រុង និងសំឡេងរំខានអ្នកធ្វើដំណើរប៉ុ​ណ្ណោះ​។ ពលរដ្ឋខ្មែរខ្លះគាត់សម្រេចចិត្តមិនចូលរួមបាតុកម្មជាមួយ សម រង្ស៊ី និងកឹម មនោវិទ្យា ព្រោះ​បានដឹងច្បាស់ពីសភាព ការណ៍ពិតនៅកម្ពុជាមិនដូចអ្វីដែល សម រង្ស៊ី និងក្រុមកឹម ម​នោវិទ្យា និងចៅហ្វាយបរទេសរបស់ពួកគេបរិហារឡើយ គឺជាកម្ពុជាមួយដែលពោរពេញ ដោ​យសុខសន្តិភាព និងការអភិវឌ្ឍ ហើយសម្តេចតេជោ ហ៊ុន សែនដែលមេដឹកនាំប្រទេសក៏ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីតាមរយៈការបោះឆ្នោតតាមគន្លងលទ្ធិប្រជាធិបតេយ្យនិងមានការអបអរសាទរពីប្រទេសយ៉ាងច្រើន។ ដូច្នេះបងប្អូនមិនជឿតាមការញុះញង់របស់ក្រុមជនក្បត់ជាតិទាំងនេះឡើយ។ ហេតុដូច្នេះហើយបានជាក្រុមបែកបាក់ទាំងពីរនេះមិនអាចរកអ្នកចូលរួមបានច្រើនចូលរួមក្នុងបាតុកម្មឡើយ។
ទី២៖ ខ្លាចអាម៉ាស់មុខ កំសាក បោកប្រាស់រហូត៖ ការបរាជ័យក្នុងការប្រមូលមនុស្សមកធ្វើបា​តុកម្ម នេះបានធ្វើឱ្យមេក្រុមបាតុករទាំងពីរសម្រេចប្រកាសលុបចោល ការចូលរួមបាតុកម្មព្រោះបើខ្លួនបន្តចូលរួម នោះនឹងធ្វើឱ្យអាម៉ាសមុខកាន់តែខ្លាំង។ បទពិសោធន៍នៅប្រទេសអូស្ត្រាលី គឺជាមេរៀនដ៏ជូរចត់បំផុតរបស់ក្រុមប្រឆាំងដែលដែលចូលរួមបាតុកម្មមិនដល់១០០នាក់ផង ចំណែកអ្នកគាំទ្រសម្តេចតេជោ ហ៊ុន សែន បានឡើងដល់ជិត ១០០០នាក់ដែលបានអញ្ជើញទៅស្វាគមន៍បង្ហាញការគោរពស្រឡាញ់ក្នុងនាមជាមេដឹកនាំប្រទេសប្រកបដោយគុ​ណ​ធម៌ សមត្ថភាព និងមានទេពកោសល្យខ្ពស់។ ដោយសារតែប៉ានស្មានកម្លាំងរបស់ខ្លួនមានចំនួនតិចតួចក្នុងការចូលរួម «មហាបាតុកម្ម» សម រង្ស៊ី និងកឹម មនោវិទ្យា ត្រូវដោះដៃ មិនចង់លក់មុខកណ្តាលចំណោមក្រុមបាតុករមកពីប្រទេសផ្សេងទៀតនោះទេ។ អ្នកដែលបាក់មុខកា​ន់តែខ្លាំងគឺអ្នកឈរឈ្មោះរៀបចំបាតុកម្មដោយរំពឹងថានឹងទទួលបានមូលនិធិ និងចំណេញប្រាក់ខ្លះពីការបរិច្ចាករបស់បងប្អូនពល រដ្ឋ ប៉ុន្តែឥឡូវផែនការត្រូវបានរលាយដោយសារតែពលរដ្ឋខ្មែរនៅក្រៅប្រទេសលែងជឿលើ សម រង្ស៊ី និង កឹម សុខា ទៀត។
នេះក៏ជាមេរៀនសម្រាប់អ្នករៀបចំបាតុកម្មដូចជា អ៊ុង រិទ្ធី ជាដើមថា សម រង្ស៊ី គឺអីចឹង បើ អ្វីដែលគ្មានផលប្រយោជន៍សម្រាប់គាត់ទេគឺគាត់បត់ក្បាលលឿនណាស់ ក្រឡិចក្រឡុច និងកំសាក ហើយពូកែបោកប្រាស់។ ឥឡូវ អ្នកដែលចេញមុខនេះត្រូវបន្តដោះសារជាមួយអ្នកដែ​លកក់សំបុត្រយន្តហោះ និង កក់សណ្ឋាគារត្រៀមមកធ្វើបាតុកម្មជាមួយសម រង្ស៊ី តែឥឡូវ សម រង្ស៊ី ដាក់មេប្រូចបាត់ ហើយ កឹម មនោ វិទ្យា ក៏ប្រកាសថា ខ្លួនគ្មានគម្រោងចូលរួម និងដឹកនាំបាតុកម្មដែរ។ ធ្វើអីកយ! ដំបូងប្រកាសថា ដឹកនាំមហាបាតុកម្មដល់ពេលអត់មនុស្សចូលរួមប្រកាសថារវល់ និងគ្មានផែនការចូលរួមបាតុកម្មទេ! នេះគឺជាចរិតពិតដែលគ្មានការទទួលខុសត្រូវរបស់អ្នកនយោបាយក្បត់ជាតិទាំងនេះ។ នៅក្នុងស្រុក ដើរបង្កបញ្ហាអាងរត់នឹងចោលស្រុកហើយឥឡូវនៅក្រៅស្រុក ពេលអត់អ្នកគាំទ្រ នាំគ្នារត់ចោលទៀត។ តាមពិត សម រង្ស៊ី ប្រកាស មិនចូលរួមបាតុកម្មដើម្បីកុំឱ្យអាម៉ាស់មុខ និងរក្សាទុកឥទ្ធិពលបោកប្រាស់ទៅមុខទៀត។ ក្រុមបាតុករមួយដំបរស្វាដែលគ្មានមេកើយដឹកនាំនេះនឹងប្រាកដជារត់ទៅជ្រកក្រោមស្លា​កបាតុករផ្សេងទៀត និងថតរូបបង្ហាញថា មានការគាំទ្រច្រើនដូចនៅអូស្ត្រាលីទៀតហើយ។
ទី៣៖ ចាញ់បារមីសម្តេចតេជោ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា៖ សម រង្ស៊ី មិនត្រឹមតែចាញ់ នៅក្នុងស្រុកទេប៉ុន្តែចាញ់នៅក្រៅស្រុកនិងនៅលើទឹកដីនៃចៅហ្វាយនាយខ្លួនទៀត។ ដោយសារតែទង្វើទុច្ចរិតបំផ្លាញជាតិរបស់ក្រុម សម រង្ស៊ី និងក្រុមកឹម សុខា បារមីថែរក្សាព្រះរាជាណាចក្រកម្ពុជា ថែរក្សាព្រះមហាស្វេតឆ័ត្រមិនបានការពារពួកគេឡើយប៉ុន្តែបានការពារអ្នកសង្គ្រោះជាតិ និងអ្នកកសាងជាតិ ស្មោះត្រង់ នឹងជាតិ សាសនា ព្រះមហាក្សត្រពិតប្រាកដគឺសម្តេចតេជោ ហ៊ុន សែន និងអ្នកគាំទ្រ និងស្រឡាញ់គណបក្សប្រជាជនកម្ពុជាទាំងអស់។ ក្រុមអ្នកនយោបាយរត់ចោលស្រុកបានចាញ់យ៉ាងអាម៉ាសជាទីបំផុតនៅលើទឹកដីនៃប្រទេសអូស្ត្រាលី ហើយពួកគេនឹងកាន់តែអាម៉ាសយ៉ាងខ្លាំងនៅលើទឹកដីសហរដ្ឋអាមេរិកខណៈពេលនេះបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាម៉េរិក កាណាដាជិត ១០០០ នាក់ហើយដែលបានត្រៀមខ្លូនទទួល ស្វាគមន៍បង្ហាញការគាំទ្រចំពោះសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបា​លថ្មីដែលទើបនឹងបង្កើតឡើង។
កម្លាំងគាំទ្រនេះគឺចេញពីទឹកចិត្តផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលធ្វើឱ្យក្រុមមារសត្រូវអ្នកក្បត់ជាតិ មិនអាចនឹងតតាំងជាមួយកម្លាំងស្រឡាញ់សន្តិភាព និងការអភិវឌ្ឍបានឡើយ។ ក្រុមប្រឆាំងមានសិទ្ធិធ្វើបាតុកម្មប្រឆាំង ប៉ុន្តែពលរដ្ឋដែលគាំទ្រសម្តេចតេជោ និងគណបក្សប្រជាជន ស្រឡាញ់កម្ពុជា ក៏មានសិទ្ធិធ្វើបាតុកម្មគាំទ្រចំពោះការដឹកនាំប្រទេស ប្រកបដោយការរីកចម្រើនរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាដែរ។ នេះគឺជាល្បែងប្រជាធិបតេយ្យ! ដូច្នេះកាលដែល សម រង្ស៊ី និងកឹម មនោវិទ្យា ប្រកាសមិនចូលរួមនិងមិនដឹកនាំបាតុ​កម្ម​នៅបូរីញូយ៉កគឺជាការគេចវេសដូចសព្វមួយដងពីការពិតតែប៉ុណ្ណោះ។ ការពិតដែលថាពួកគេគ្មានកម្លាំងគាំទ្រគ្រប់គ្រាន់ទេចំពោះបុព្វហេតុបំផ្លាញជាតិរបស់ខ្លួន។ សម រង្ស៊ី និង ក្រុម កឹម មនោវិទ្យា បានបាត់បង់កម្លាំងគាំទ្រស្ទើរតែទាំងស្រុងទាំងក្នុង និងក្រៅប្រទេសដោយសារតែនយោ បាយបំផ្លាញជាតិ និងបោកប្រាស់ប្រជាជន។ ពលរដ្ឋខ្មែរលែងគាំទ្រក្រុមអ្នកបំផ្លាញជាតិទៀតហើយប៉ុន្តែបែរមកគាំទ្រអ្នកស្នេហាជាតិពិតប្រាកដគឺសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា៕

ដោយ៖ ចៅ ចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងឡើងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៨ កញ្ញា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់បុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក ប្រកដោយសុវត្ថិភាពហើយ កាលពីវេលាម៉ោង១៥និង៥៥នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង​នៅ​​ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ត្រូវនឹងម៉ោង៣និង៥៥នាទីទាបភ្លឺ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង​នៅ​រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហា​សន្និ​បាតអង្គការសហប្រជាជាតិលើកទី៧៣ ដែលលោក​នឹង​អញ្ជើញថ្លែងសុន្ទរកថាទៅកាន់អង្គ​មហា​សន្និបាតរបស់អង្គការសហប្រជាជាតិនៅវេលា​ថ្ងៃត្រង់​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០​១៨។
នៅអាកាសយាន​ដ្ឋាន​អន្តរជាតិ ញ៉ូវ៉ាក រដ្ឋញ៉ូវយេស៊ី វត្តមាននៃការអញ្ជើញ​ដល់របស់លោកនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ ពីលោក កែ សុវណ្ណ ឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍ របស់ព្រះរាជា​ណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅបុរីញ៉ូវយ៉ក ព្រមទាំងវត្តមានឥស្សរជនជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ និងព្រះរាជាណាចក្រ​កម្ពុជា ជាច្រើនរូប​។  បន្ទាប់ពីធ្វើការចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិញ៉ូវ៉ាក រដ្ឋញ៉ូវយេស៊ី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់បានធ្វើដំណើរតាមរថយន្ត​ឆ្លង​កាត់ផ្លូវក្រោមសមុទ្រឆ្ពោះទៅកាន់សណ្ឋាគារមីលីនៀម ហ៊ីលតុន ក្នុងបុរីញ៉ូវយ៉ក ក្បែរនិង​អគារការិយា​ល័យរបស់អអ្គការសហប្រជាជាតិ។ នៅសណ្ឋា​គារមីលីនៀម ហ៊ីលតុន វត្តមាននៃ​ការ​អញ្ជើញដល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅនិងស្និទ្ធ​ស្នាល​បំផុតពីសំណាក់ប្រជាពលរដ្ឋដែលដែលជាតំណាងសហគ​ម​ន៍ខ្មែររស់នៅសហរដ្ឋ អាមេរិក និងកាណាដា ជាច្រើនរូបផងដែរ។
សូមបញ្ជាក់ដែរថា ដំណើរទៅកាន់បុរីញ៉ូវយ៉ក សហរដ្ឋ​អាមេរិក របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនេះ គឺជាដំណើរបំពេញទស្សនកិច្ច​ការ​ងារ​ទៅកាន់បរ​ទេស​លើកទី៤ បន្ទាប់ពីរាជរដ្ឋាភិបាលថ្មី នីតិកាលទី៦ នៃរដ្ឋសភា ត្រូវបានបង្កើតឡើង​កាលពីថ្ងៃទី៦ ខែកញ្ញាកន្លងទៅថ្មីៗ ដែលរហូតមកដល់ពេលនេះ ទើមមានរយៈពេល២១ថ្ងៃ។

គួរបញ្ជាក់ថា មហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកនេះ នឹងប្រព្រឹត្តទៅក្រោម​មូល​បទ «ធ្វើឲ្យ​អង្គ​ការ​សហប្រជាជាតិមានសារៈសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់៖ ភាពជាអ្នកដឹកនាំ​សកល និ​ង​ការទទួលខុសត្រូវរួមសម្រាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព​»​។ នៅក្នុងរបៀបវារៈដ៏មានសារសំខាន់នោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើ​សេចក្តីថ្លែង​ការណ៍ផ្តោតលើការវិវត្តនាពេលថ្មីៗ និងសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាល​កម្ពុជា​​សម្រេច​បាន បញ្ហាតំបន់ និងអន្តរជាតិ ដែ​ល​ជាការព្រួយបារម្ភរួម។ ក្នុងឱកាសនៃការ​អញ្ជើញ​ចូលរួមក្នុង​មហាសន្និបាតអង្គការសហប្រជាជាតិលើ​កទី៧៣ ក្នុងឆ្នាំ២០១៨នេះ លោកនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក៏នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយ លោក អង់តូនី​ញ៉ូ ហ្គូតេរ៉េស (An​tó​nio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បូយកូ បូរីស្សូវ (Boyko Bo​rissov) នាយករដ្ឋមន្រ្តីប៊ុលហ្គារី លោក ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ និងជួបពិភាក្សាដោយមិត្តភាព​ជា​មួយ​ប្រមុខរដ្ឋ និង​រដ្ឋា​ភិ​បាលនៃប្រទេសមួយចំនួនទៀត។ ក្នុងអំឡុងពេលស្នាក់នៅ​បុរី​ញូវ​យ៉ក​នោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងជួបជាមួយសហគមន៍ខ្មែរដែលរស់នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា​ផងដែរ៕




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាក្តីសង្ឃឹមរបស់បងប្អូនខ្មែរអាមេរិកាំង

នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅសហរដ្ឋអាមេរិក ក្រោយពីលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុងញ៉ូវយ៉កភ្លាម គឺមានបង​ប្អូនខ្មែរដែលជាតំណាងសហគមន៍មកពីតាមបណ្តារដ្ឋនានា និងក្រុមគ្រួសារបងប្អូនដែលគោរពស្រឡាញ់លោកជាច្រើននាក់បានមកទទួលស្វាគមន៍យ៉ាងរាក់ទាក់និងកក់ក្តៅបំផុត។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ទន្ទឹមនឹងនោះគឺមានបងប្អូនមួយចំនួនបានមករង់ចាំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីរបីថ្ងៃមកហើយ។ យើងឃើញបងប្អូនមានទឹកមុខញញឹមសប្បាយរីករាឈររង់ចាំឱប ថើប ចាប់ដៃ និងថតរូបជាអនុស្សាវរីយ៍យ៉ាងកងរំពងចាប់ពីមាត់ទ្វារសណ្ឋាគាររហូតដល់ជណ្តើរយន្តឡើងទៅកាន់បន្ទប់។

ឮគេថា មិនស្មើនឹងបានជួប បានឃើញ និងបានស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយផ្ទាល់ឡើយ។ ទោះបីនៅទីណាក៏ដោយ គឺលោក ហ៊ុន សែន ស្រឡាញ់បងប្អូន និងចាត់ទុកបងប្អូនខ្មែរទាំងអស់ជាមហាគ្រួសាររបស់កម្ពុជា។ តាមកម្មវិធី គឺនៅថ្ងៃទី ២៩ កញ្ញា នេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនខ្មែរអាមេរិកាំងមកពីតាមបណ្តារដ្ឋនានាជាច្រើនពាន់នាក់ទៀតផង៕

























(សូមទស្សនាវីដេអូ) ទស្សនៈមិត្តអ្នកអាន៖ ចិន ជាប្រទេសរួមចណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគឈានមុខគេ

Thursday, September 27, 2018

ព្រឹកនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធ ផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
មហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកនេះ ប្រព្រឹត្តទៅក្រោមមូលបទ «ធ្វើឲ្យអង្គការសហប្រជាជាតិ មានសារសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់៖ ភាពជាអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួម សម្រាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព»។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ប្រតិភូជាន់ខ្ពស់ដែល អញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមាន៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរៈជន សំខាន់ៗមួយចំនួនទៀត។
ក្រសួងការបរទេសបានបញ្ជាក់ថា នៅទីក្រុងញូវយ៉ក លោកនាយករដ្ឋមន្រ្តី នឹងធ្វើសេចក្តីថ្លែងការណ៍មួយ ផ្តោតលើការវិវត្តនាពេលថ្មីៗ និងសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន និងបញ្ហាតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភរួម។
ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោក បូយកូ បូរីស្សូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្គារី, លោក ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ និងជួបពិភាក្សាដោយមិត្តភាពជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក លោកនាយករដ្ឋមន្រ្តី ក៏នឹងជួបជាមួយសហគមន៍ខ្មែរ ដែលរស់នៅ សហរដ្ឋអាមេរិក និងកាណាដាផងដែរ។ នៅក្នុងកម្រិតថ្នាក់រដ្ឋមន្រ្តីវិញ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីជាបន្តបន្ទាប់ ជាមួយសមភាគីរបស់លោក មកពីប្រទេសអូស្រ្តាលី កាណាដា ហ៊្សកហ្ស៊ី អេស្តូនី ហុងហ្គ្រី ស៊ែប៊ី និងមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក ក្រសួងការបរទេសចក្រភពអង់គ្លេស និងពីបណ្តាប្រទេសមួយចំនួនទៀត។
លោកឧបនាយករដ្ឋមន្រ្តី ក៏នឹងចុះហត្ថលេខាជាមួយលោក Zohrab Mnatsakanyan រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋអារមេនី លើអនុស្សរណៈស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋអារមេនី។
គណៈប្រតិភូកម្ពុជាក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការ (IAMM) កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយប្រធានកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (AUMM) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីចលនាមិនចូលបក្សសម្ព័ន្ធ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃប្រទេសដែលមានការអភិវឌ្ឍយឺត កិច្ចប្រជុំក្រុមប្រទេស ៧៧ និងចិន និង កិច្ចប្រជុំជាច្រើនទៀត។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏ធ្លាប់បានថ្លែងបញ្ជាក់ដែរថា មហាសន្និបាតនេះមានសារៈសំខាន់ផងដែរ សម្រាប់កម្ពុជា ពីព្រោះកម្ពុជាជាអនុប្រធាននៃមហាសន្និបាតនេះ។
សូមបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់ព្រះប្រមុខរដ្ឋ សម្តេចបរមរតនកោដ្ឋ នរោត្តម សីហនុ បានដាក់ ពាក្យស្នើសុំចូលជាសមាជិកអង្គការសហប្រជាជាតិ នៅអំឡុងឆ្នាំ១៩៥២ ពោលមុនកម្ពុជាទទួលបាន ឯករាជ្យពីបារាំងមួយឆ្នាំ។ បន្ទាប់ពីសំណើរបស់កម្ពុជារយៈពេល៣ឆ្នាំ ពោលគឺនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥ កម្ពុជាបានក្លាយជាសមាជិកអង្គការសហប្រជាជាតិ។

ការស្នើសុំចូលជាសមាជិកនៃអង្គការសហប្រជាជាតិ ត្រូវបានគេមើលឃើញថា ជាភាពវៃឆ្លាត និងមានចក្ខុវិស័យវែងឆ្ងាយរបស់មេដឹកនាំជំនាន់នោះ ជាពិសេសមានសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាប្រមុខរដ្ឋ សម្រាប់អាយុជីវិតនៃប្រទេសប្រទេស។ ជាពិសេសយល់ពីសារៈសំខាន់ នៃការភ្ជាប់ខ្លួនជាមួយក្លិបពហុភាគីដ៏ធំនេះ ព្រោះធម្មនុញ្ញអង្គការសហប្រជាជាតិ ក្រៅពីថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក៏បានឲ្យសារៈសំខាន់លើគោលការណ៍របស់សហប្រជាជាតិ ជាពិសេសប្រទេសមិនថា ធំឬតូច មានចំនួនប្រជាជនរាប់កោដ្ឋ ឬតិចជាងកន្លះលាននាក់ គឺមានសំឡេង១ដូចគ្នានៅមហាសន្និបាត។ ជាងនេះទៀត ធម្មនុញ្ញសហប្រជាជាតិ បានចែងអំពីគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃរដ្ឋមួយ ៕

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ «ថ្ងៃនេះខ្ញុំសូមលាទៅបម្រើជាតិជាថ្មីម្តងទៀត ដោយប្រើនយោបាយការទូត នៅលើឆាកអន្តរជាតិ, កម្ពុជាមិនអាចឱ្យគេបង្ខូចជាន់ឈ្លីទោះបី ក្នុងរូបភាពណាមួយក៏ដោយ»

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ មុននឹងចេញដំណើរដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិករយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែកញ្ញា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះសារផ្តាំផ្ញើដល់បងប្អូនជនរួមជាតិខ្មែរ នៅលើបណ្តាញ Facebook ផ្លូវការរបស់លោក ដោយលោកលើកឡើងថា នៅថ្ងៃនេះ លោកសូមលាបងប្អូនខ្មែរ ទៅបម្រើជាតិជាថ្មីម្តងទៀត ដោយប្រើនយោបាយកាទូត លើឆាកអន្តរជាតិ មិនមែនលាទៅបម្រើជាតិ ទៅច្បាំងដោយអាវុធនោះឡើយ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន លើកឡើងទៀតថា កម្ពុជាមិនអាចឱ្យគេបង្ខូចជាន់ឈ្លីទោះបី​ក្នុងរូបភាព​ណាមួយ​ក៏ដោយ ហើយលោកចេញទៅប្រជុំនៅអង្គការសហប្រជាជាតិលើកនេះ ក៏នឹងចូលរួមផងដែរ​នូវការងារជាកិច្ចការតំបន់ និងអន្តរជាតិដែលកំពុងវិវត្តន៍យ៉ាងតានតឹងនិងស្មុគ្រស្មាញ។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដី ក៏បានអំពាវនាវចំពោះជនរួមជាតិ នៅក្រៅប្រទេសដែលមិនចូល​ចិត្តលោក សូមចែកឱ្យដាច់នូវអ្វីជាផលប្រយោជន៍មុខមាត់លោក ពីអ្វីជាមុខមាត់ និងផលប្រយោជន៍ជាតិ​ខ្មែរ​ទាំងមូល ដោយសម្បជញ្ញៈ វិចារណញាណ និងមនសិការផ្ទាល់រៀងៗខ្លួន។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសរសេរលើ ទំព័រ Facebook របស់លោកយ៉ាងដូច្នេះថា «ខ្មែរស្ទើរគ្រប់គ្នាស្គាល់បទដ៏ពេញនិយមមួយ ដែលមានចំណងជើងថា លាទៅបម្រើជាតិ ។
តែសម័យនោះ គឺទៅច្បាំងដោយប្រដាប់អាវុធសុទ្ធសាធ។ យកជីវិតជាដើមទុន មករំដោះជាតិ យកដើមទ្រូងមក​ពាំងគ្រាប់ដើម្បីការពារជាតិ។ ខ្ញុំធ្លាប់ស្គាល់រស់ជាតិនេះច្បាស់ជាងគេ អញ្ចឹងហើយខ្ញុំមិនចង់ឱ្យកូនខ្មែរ​ជំនាន់ក្រោយ ត្រូវទទួលភ្លក់រសជាតិនេះទៀតឡើយ។
ថ្ងៃនេះខ្ញុំសូមលាទៅបម្រើជាតិជាថ្មីម្តងទៀត ដោយប្រើនយោបាយការទូត នៅលើឆាកអន្តរជាតិ។ កម្ពុជាមិនអាចឱ្យគេបង្ខូចជាន់ឈ្លីទោះបីក្នុងរូបភាពណាមួយក៏ដោយ។
ខ្ញុំចេញទៅលើកនេះក៍នឹងចូលរួមផងដែរនូវការងារជាកិច្ចការតំបន់ និងអន្តរជាតិដែលកំពុងវិវត្តន៍​យ៉ាងតានតឹង​និងស្មុគ្រស្មាញ។
ចំពោះជនរួមជាតិដែលគាំទ្រខ្ញុំ និងគាំទ្រកម្ពុជានៅក្រៅប្រទេស ខ្ញុំនឹងទៅជួបបងប្អូនក្នុងពេលដ៏ខ្លីខាងមុខ។ យើងនឹងអាចសន្ទនាផ្លាស់ប្ដូរសេចក្តីនឹករឮកជាមួយគ្នា ខ្ញុំនឹងអាចរាយការណ៍ជូនពីសភាពការណ៍ទូទៅ ការវិវឌ្ឍ និងការអភិវឌ្ឍន៍នានាលើមាតុភូមិកម្ពុជានាពេលបច្ចុប្បន្ន។
ចំពោះជនរួមជាតិ នៅក្រៅប្រទេសដែលមិនចូលចិត្តខ្ញុំ ក៏សូមចែកឱ្យដាច់នូវអ្វីជាផលប្រយោជន៍ មុខមាត់ ហ៊ុន សែន ពីអ្វីជាមុខមាត់ និងផលប្រយោជន៍ជាតិខ្មែរទាំងមូល ដោយសម្បជញ្ញៈ វិចារណញាណ និងមនសិការ​ផ្ទាល់​រៀងៗខ្លួនទៅចុះ។

ខ្ញុំត្រូវស្ថិតនៅលើយន្តហោះជាង១៧ម៉ោងក្នុងដំណើរផ្លូវពីភ្នំពេញទៅកាន់ញ៉ូវយ៉ក។ សង្ឃឹមថានឹងបាន​សម្រាក​លក់លើយន្តហោះបន្ទាប់ពីហត់នឿយនៃការងារក្នុងប្រទេស។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ» ៕

ពេល​វេលា​​ល្អ​មកដល់​ហើយ​សម្រាប់​ក្រុមហ៊ុន​អាមេរិក​​ពិចារណា​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

ទូត​អាមេរិក៖ លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨​ ថា វា​ដល់​ពេល​វេលា​ល្អ​ហើយ ដែល​​ក្រុមហ៊ុន​អាមេរិក​ធំៗ​គួរ​សម្លឹង​មក​ចាប់​ដៃគូ​ជាមួយ​ក្រុម ហ៊ុន​កម្ពុជា ដើម្បី​ធ្វើ​ធុរកិច្ច​ក្នុង​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​នេះ ខណៈ​ដែល​គេ​មើល​ឃើញ​ថា ទីផ្សារ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​បាន​និងកំពុង​ពង្រីក​ខ្លួន​យ៉ាង​លឿន។
ប្រសាសន៍​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​រូប​នេះ ធ្វើ​ឡើង​នៅ​ឯ​វេទិកា ​«ឱកាស​ធុរកិច្ច​​នៅ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា» ដែល​ចូលរួម​ដោយ​គណៈប្រតិភូ​ធុរកិច្ច​អាមេរិក​មក​ពី​ជាង ១០​ក្រុមហ៊ុន និង​សមភាគី​កម្ពុជា ព្រមទាំង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មកពី​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​កសិកម្ម។ កម្មវិធី​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​សម្រប​សម្រួលពី​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា និង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​រាជ​ធានី​ភ្នំពេញ។
លោក William Heidt ថ្លែង​ប្រាប់​អ្នកកាសែត​យ៉ាងដូច្នេះ៖ «កត្តា​សំខាន់​ដែល​នាំ​ឲ្យ​យើង​គិត​ថា វា​ដល់​ពេល​ត្រឹមត្រូវហើយ គឺ​ថា មានក្រុមហ៊ុន​កម្ពុជា​​មួយ​ចំនួន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អាមេរិក ដែល​កាល​១០ឆ្នាំ​មុន គឺ​មិនមាន​បែប​នេះ​ទេ។ … ក្រុមហ៊ុន​កម្ពុជា​មួយ​ចំនួន​ធំ​ល្ម និង​មាន​ជំនាញ​គ្រប់គ្រាន់​ល្មម​នឹង​អាចធ្វើ​ជាដៃគូ​ល្អបាន»។
គួរ​បញ្ជាក់ថា តំណាងក្រុមហ៊ុនធំៗមកពីសហរដ្ឋអាមេរិកជាង ១០ក្រុមហ៊ុន ក្នុង​នោះរួមទាំង​ក្រុមហ៊ុន​ល្បីៗ​ ដូចជា Walmart, John Deere, Cargill ជាដើម បាន​ធ្វើ​ដំណើរ​មក​កម្ពុជា ដើម្បី​ស្វែងយល់​ពី​ឱកាស​ធុរកិច្ច​នៅ​ក្នុង​វិស័យ​កសិកម្ម។
ថ្លែង​ក្នុង​វេទិកា​ផ្គូផ្គង​ធុរកិច្ច​រវាង​គណៈ​ប្រតិភូ​ធុរកិច្ច​មក​ពី​អាមេរិក និង​សមភាគី​កម្ពុជា លោកជំទាវ ចម និមល រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម​ថ្លែងថា វិស័យ​កសិកម្ម​បាន​ចូលរួម​ចំណែក​ច្រើន​គួរសម​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​ជា​វិស័យ​អាទិភាព​មួយ​របស់​រដ្ឋាភិបាល ក្នុង​ការ​ជំរុញ​កំណើន និង​បង្កើត​ការងារ។
លោក​ជំទាវ​បន្ត​ថា វិស័យ​កសិកម្ម​នៅ​មាន​ភាព​ប្រឈម​ជា​ច្រើន ប៉ុន្តែ ថា ភាព​ប្រឈម​ទាំង​នេះ​ ក៏​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​អាមេរិក​ក្នុង​ការ​វិនិយោគ​ផង​ដែរ។
ទន្ទឹម​នឹង​នេះ តំណាង​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក ក៏​បាន​សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ផងដែរ។
លោក Stuart Damien Moxham តំណាង​ក្រុមហ៊ុន JOHN DEERE ជាក្រុមហ៊ុន​ផលិត​គ្រឿងចក្រ​បម្រើ​វិស័យ​កសិកម្ម សំណង់​ និង​រុក្ខា​ប្រមាញ់​ ចំណាស់​ជាង ១៨០ឆ្នាំ ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ​ប្រាប់​អ្នក​សារព័ត៌មានថា៖ «រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​វិស័យ​កសិកម្ម​ដោយ​ការ​មិន​យក​ពន្ធ​លើ​ផលិតផល​នាំចូល ដូច្នេះ យើង​ឃើញ​ថា កម្ពុជា​ជា​កន្លែង​ល្អ​សម្រាប់​រកស៊ី។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​ឃើញ​ទីផ្សារ​កសិកម្ម​បាន​រីក​លូតលាស់​គួរ​ឲ្យ​កត់​សម្គាល់។ ខ្ញុំ​គិត​ថា កម្ពុជា​មាន​បរិយាកាស​ធុរកិច្ច​ល្អ​សម្រាប់​វិស័យ​កសិកម្ម​នេះ»។
លោក Bruce W. Blakeman តំណាងក្រុមហ៊ុន Cargill ថ្លែងថា ៖ «យើង​មក​នេះ គឺ​យើង​​មើល​ទៅ​លើ​ដំណាំ​ណា​ដែល​កម្ពុជា​ធ្វើ​បាន​ល្អ​លើ​ទីផ្សារ​អន្តរជាតិ និង​ជួយ​កសិករ និង​ផលិតករ​លើក​កម្ពស់​គុណភាព​ផលិតផល​ឲ្យ​ត្រូវ​នឹង​ស្តង់ដារ​អន្តរជាតិ ដើម្បី​យើង​អាច​នាំចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​កាន់​ពិភពលោក»។
សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយ និងជាទីផ្សារធំបំផុតសម្រាប់ការនាំចេញរបស់​កម្ពុជា។ ឆ្នាំ២០១៧ ពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា សម្រេចបានទឹកប្រាក់សរុប ៣ពាន់ ៥រយលានដុល្លារអាមេរិក។

ឆ្នាំ២០១៧ ដដែល កម្ពុជានាំទំនិញចេញទៅអាមេរិក តម្លៃ ៣ពាន់ ១លានដុល្លារអាមេរិក និងនាំចូលពីអាមេរិកមកវិញ ក្នុងតម្លៃទឹកប្រាក់ ៤០០លានដុល្លារអាមេរិក៕




(សូមសទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា សូមឱ្យទឹកចិត្តដ៏ប្រពៃរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេសបន្ត​នៅជាមួយជាតិយើង

Tuesday, September 25, 2018

សូម​អញ្ជើញ​ទស្សនា​វីដេអូ ក្រោម​ចំណង​ជឿងថា «រាជរដ្ឋា​ភិបាល​អាណត្តិទី៦ បន្ត​ដំណើរ​លើវិថី​ពង្រឹ​ង​ការបង្រួប​បង្រួម​ជាតិ!»

អ្នកវិភាគ៖ ការតស៊ូមតិតាមបែបឧទ្ទាមកញ្ជះបរទេសបំផ្លាញកម្ពុជា

ឆ្កែចេះតែព្រុះមនុស្សចេះតែដើរ! ពិតជាត្រឹមត្រូវសម្រាប់បរិបទកម្ពុជានៅពេលនេះព្រោះក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកកំពុងនាំគ្នាធ្វើយុទ្ធនាការមួល បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិបំភ្លៃការពិតអំពីកម្ពុជា ខណៈកម្ពុជាពិតមិនដូចអ្វីដែលនៅលើបបូរមាត់ក្រុមប្រឆាំង និងចៅហ្វាយនាយបរទេសរបស់ពួកគេដែលកំពុងបរិហារឡើយ។
កម្ពុជាពិត គឺជាកម្ពុជាដែលពលរដ្ឋខ្មែរទទួលស្គាល់ថា មានសុខសន្តិភាពមានលទ្ធិប្រជាធិបតេយ្យសេរីពហុប ក្ស និងប្រកបដោយការអភិវឌ្ឍ។ កម្ពុជាដែលមានកេរ្តិ៍ ឈ្មោះ និងបានដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរ ជាតិ ហើយទទួលបាននូវការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅបំផុតពីសំណាក់សហគមន៍អន្តរជាតិចំពោះដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ និងការបង្កើតរដ្ឋសភានិងរាជរដ្ឋាភិបាលថ្មីកន្លង ទៅនេះ។ យ៉ាងហោចណាស់មេដឹកនាំកំពូលនៃប្រទេសចំនួន២៦ បានផ្ញើសារលិខិតអបអរសាទរចំពោះរដ្ឋសភា និងរដ្ឋាភិបាលថ្មី ដែលទើបនឹងបង្កើតដោយប្រកាសបន្តធ្វើការជាមួយព្រមទាំងគាំទ្រលើដំណើរការអភិវឌ្ឍប្រទេសកម្ពុជាថែមទៀតផង។ នេះគឺជាសច្ចធម៌ដែលកម្ពុជាទទួលបានពីមិត្តភ័ក្តិបរទេសដែលធ្វើទំនាក់ ទំនងការទូតដោយស្មើសិទ្ធិនិងស្មើភាពមិនដូចក្រុមអ្នក នយោបាយនៃប្រទេសមួយចំនួន ដែលមានគំនិតអា ណានិគមនិយមបែបថ្មី ខិតខំប្រើឥទ្ធិពលខ្លួនចាប់បង្ខំកម្ពុជាឱ្យទទួលយកនូវសេចក្តីសម្រេចរបស់ខ្លួនឬគោ លនយោបាយរបស់ខ្លួនទាំងបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ។
ការប្រើប្រាស់អ្នកនយោបាយក្បត់ជាតិខ្មែរ រត់ចោលស្រុក និងអ្នកនយោបាយកញ្ជះបរទេសប្រឆាំងនឹងផលប្រ យោជន៍ពលរដ្ឋខ្មែរខ្លួនឯង មិនមែនទើបតែកើតមាននៅពេលនេះទេ គឺមានជាយូរណាស់មកហើយក្នុងប្រវត្តិសាស្ត្រកម្ពុជាហើយមហាអំណាចនិងបស្ចឹមប្រទេ សខ្លះបានព្យាយាមចាប់បង្ខំឱ្យកម្ពុជាដើរតាមគោល នយោបាយខ្លួនប៉ុន្តែលទ្ធផលកម្ពុជាដែលពួកបស្ចឹមប្រទេស និងមហាអំណាចចង់បានធ្លាក់ផ្លូវ និងផ្តល់មេរៀនប្រវត្តិសាស្ត្រជូរចត់ដល់អ្នកនយោបាយខ្មែរមួយ ចំនួនដូចជាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈដែលជឿងុបលើអាមេរិក ប៉ុន្តែទីបំផុតគ្មានតម្លៃត្រូវគេបោះបង់ចោល។ កម្ពុជាបច្ចុប្បន្នក្រោមការគ្រប់គ្រងនិងចាត់ចែងកិច្ចការ និងវាសនាជាតិរបស់ខ្លួនផ្ទាល់ បានធ្វើឱ្យប្រទេសមួយនេះរស់នៅក្នុងសុខសន្តិភាពនិងការអភិវឌ្ឍពិតប្រាកដ។
ប្រជាពលរដ្ឋខ្មែរចាប់ផ្តើមយល់កាន់តែច្បាស់ថាមានតែបាតដៃខ្មែរខ្លួនឯងប៉ុណ្ណោះដែលអាចការពារជាតិខ្លួនឱ្យស្ថិតស្ថេរនៅក្នុងសុខសន្តិភាពបាន។ ជនបរទេសដែលអួតអាងថាស្រឡាញ់ខ្មែរលើសពលរដ្ឋខ្មែរគឺគ្រាន់តែប្រើនយោបាយ «ហុតទឹក សំឡឹងកាក» តែប៉ុណ្ណោះ។ ពួក គេប្រើប្រាស់គ្រប់ល្បិចនិង មធ្យោបាយដើម្បីផលប្រយោ ជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួនផ្លាស់ប្តូររបបដឹកនាំដែលមិនដើរតាមខ្លួនក្រោមកលល្បិចបដិវត្តន៍ពណ៌ជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
សន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍដែលកម្ពុជាមាន មិនទាន់មានសុវត្ថិភាពនៅឡើយទេ ពោលគឺស្ថិត នៅក្នុងភាពផុយស្រួយដែលទាមទារការថែរក្សា និងការ ពារយ៉ាងហ្មតចត់បំផុត ព្រោះក្រុមអ្នកនយោបាយក្បត់ជា តិកញ្ជះបរទេសមួយចំនួន ដែលដឹកនាំដោយសម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង កឹម មនោវិទ្យា ទាយាទនយោ បាយកញ្ជះបរទេសរបស់ កឹម សុខា បាននិងកំពុងបំផ្លាញកម្ពុជា គ្រប់រូបភាពគ្រប់មធ្យោបាយក្រោមខ្សែញាក់របស់ចៅហ្វាយបនាយបរទេសរបស់ពួកគេ។ ក្រុម ប្រឆាំងទាំងនេះ ដែលគេដឹងថាកំពុងបែកបាក់ផ្ទៃក្នុង យ៉ាងធ្ងន់ធ្ងររវាងក្រុម សម រង្ស៊ី និយម និងក្រុម កឹម សុខា និយមដឹកនាំដោយ កឹម មនោវិទ្យា កូនស្រី កឹម សុខា បាននិងកំពុងប្រជែងគ្នាដណ្តើមស្នាដៃក្នុងការបំផ្លា ញជាតិតាមរយៈការធ្វើសកម្មភាពការទូតជាមួយក្រុមអ្នកនយោបាយប្រឆាំងនៅបណ្តាប្រទេសមួយចំនួន ដែលជាចៅហ្វាយនាយនិងសម្ព័ន្ធមិត្ររបស់ខ្លួន។
ពួកគេពិតជាមិនញញើតអ្វីបន្តិចឡើយក្នុងការវាយបំបែកឆ្នាំងបាយរបស់ពលរដ្ឋខ្មែរជាពិសេសកម្មករកម្មការិនីដោយបានអង្វរបរទេសឱ្យឈប់ផ្តល់ជំនួយដល់កម្ពុជា ឈប់វិនិយោគនៅកម្ពុជា និងឈប់ទិញទំនិញពីកម្ពុជា។ ពួកគេ ពិតជាសាហាវឃោរឃៅមិនចាញ់ ប៉ុលពត ប៉ុន្មានឡើយ។ ក្រុមអ្នកនយោបាយអង្ករកំប៉ុងទាំងនេះ មិនបានគិតពីផលប្រយោជន៍ជាតិវែងឆ្ងាយឡើយ ហើយបានគេចវេសពីទង្វើខុសច្បាប់របស់ខ្លួនដោយពួកគេគិតថាការពឹងពាក់បរទេសការធ្វើជាខ្ញុំកញ្ជះបរទេសនិងយកបូរណភាពដែនដី និងអធិបតេយ្យជាតិទៅដាក់ ក្រោមបាតជើងបរទេសគឺជាទង្វើស្នេហាជាតិ ស្រឡាញ់ប្រជាជន និងជាតិខ្មែរទៅវិញ។
ទង្វើនេះគឺជាអំពើដ៏ថោកទាប និងគួរឱ្យស្អប់ខ្ពើមបំផុត។ មានអ្នកនយោបាយវង្វេងជាតិខ្លះរហូត ដល់គំរាមធ្វើ បាតុកម្មដើម្បីបង្ខំឱ្យកម្ពុជាទទួលយកគំនាបបរទេសទៀត។ តើនេះឬជាអ្នកស្នេហាជាតិនោះ? ពួកគេគ្រាន់តែជាកញ្ជះបរទេសដាច់ថ្លៃតែប៉ុណ្ណោះនិងធ្វើនយោបាយបំផ្លាញជាតិខ្មែរ។
ជាតិ និងប្រជាជនកម្ពុជាគឺជាជាតិសាសន៍ដែលមានកេរ្តិ៍ ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ខ្លួននិងជាពូជសាសន៍ដែលប្រកបដោយមោទនភាពជាតិមិនអាចឱនក្បាលចំពោះជនបរទេសណាមួយឡើយ។ ពលរដ្ឋខ្មែរបានតាំងចិត្តមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងការបំផ្លាញកម្ពុជានេះ ហើយរួមជាធ្លុងមួយដើម្បីកម្ចាត់រាល់ជនក្បត់ជាតិទាំង ឡាយដូច សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង កឹម មនោវិទ្យា នេះ។ ប្រ
សិនបើពួកគេទាំងនេះ ក្បត់ជាតិ សូមក្បត់ជាតិតែក្រុមខ្លួនចុះ កុំនាំថោកតម្លៃដល់ជាតិសាសន៍ខ្មែរទាំងមូល ហើយគួរបញ្ឈប់ការតស៊ូមតិតាមបែបកញ្ជះបរទេសដាច់ថ្លៃព្រោះវាគ្រាន់តែជាការបម្រើផលប្រ យោជន៍បរទេសបំផ្លាញខ្មែរតែប៉ុណ្ណោះ។ ខ្មែរពេលនេះមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ដើម្បីសម្រេចលើជោគវាសនាប្រទេសខ្លួន និងក៏មានសមត្ថភាពគ្រប់គ្រាន់ដើម្បីកម្ចាត់រាល់កលល្បិចទុច្ចរិតរបស់ក្រុមក្បត់ជាតិដែរ។ ក្រុមក្បត់ជាតិនឹងជួបតែបរាជ័យងើបមុខមិនរួច៕

ដោយចៅចាក់ស្មុក, រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨






Friday, September 21, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារលិខិតអបអរសាទរក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ដោយបានបញ្ជាក់ថា ទិវាសន្តិភាពអន្តរជាតិ ត្រូវបានប្រារព្ធទូទាំងពិភពលោកនៅថ្ងៃទី២១ ខែកញ្ញា ជារៀងរាល់ឆ្នាំបន្ទាប់ពីមានការអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៥៥ នាឆ្នាំ២០០១ ដើម្បីលុបបំបាត់អំពើហិង្សា បញ្ឈប់សង្រ្គាម ជំរុញឱ្យមានសុខសន្តិភាពក្នុងប្រទេស ក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូល។

នៅក្នុងសារលិខិតដដែលក៏បានបញ្ជាក់ថា ដោយមានការយល់ដឹងពីតម្លៃដែលពុំអាចកាត់ថ្លៃបាន និងសារៈសំខាន់នៃសន្តិភាពសម្រាប់ប្រទេសជាតិ កម្ពុជាមានសេចក្តីសោមនស្សរីករាយចូលរួមជាមួយពិភពលោកប្រារព្ធនូវទិវាសន្តិភាពអន្តរជាតិនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ ដើម្បីលើកកម្ពស់ការយល់ដឹងពីអត្ថន័យនៃសន្តិភាពឱ្យកាន់តែទូលំទូលាយ ពង្រឹងសាមគ្គីភាព ឯកភាពជាតិ បន្តជំរុញស្មារតីនិងពួតដៃគ្នាជាធ្លុងមួយថែរក្សាឱ្យបានគង់វង្សនូវសុខសន្តិភាពសម្រាប់កម្ពុជាយើង ដែលជាសេចក្តីប្រាថ្នារបស់មនុស្សគ្រប់រូប និងជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសបោះជំហានបន្តទៅមុខលើវិថីអភិវឌ្ឍន៍និងការរីកចម្រើន។

សូមអានសារលិខិតអបអរសាទររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖







(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាត UN និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងញូវយ៉ក នៅសប្តាហ៍ក្រោយនេះ

(សូមទស្សនាវីដេអូ) អ្នកនាំពាក្យក្រសួងយុត្តិធម៌ បំភ្លឺទៅវិទ្យុអាស៊ីសេរីអំពី មាត្រា២២៣ – កាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ នាដើមខែតុលា

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលនឹងរៀបចំឡើងនាដើមខែតុលាខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់លោក តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេសជប៉ុន។
ដំណើរទស្សនកិច្ចនេះ រួមជាមួយនឹងដំណើរទស្សនកិច្ចរបស់លោក តារ៉ូ កូណូ មកកាន់ប្រទេសកម្ពុជាកាល ពីខែមេសាកន្លងទៅ មានគោលបំណងជំរុញទំនាក់ទំនងជិតស្និទ្ធ និងភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែខ្លាំងក្លាថែមទៀតរវាងកម្ពុជា និងជប៉ុន ស្របពេលដែលឆ្នាំនេះប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី ៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត។
ក្នុងអំឡុងពេលទស្សនកិច្ចនោះ លោកឧបនាយករដ្ឋមន្រ្តីកម្ពុជា បានជួបពិភាក្សាប្រកបដោយមិត្តភាព ជាមួយសមភាគីជប៉ុន ដែលក្នុងឱកាសនោះ លោក ប្រាក់ សុខុន បានពាំនាំការថ្លែងអំណរគុណរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជូនចំពោះលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ដែលបានផ្ញើលិខិត អបអរសាទរជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បន្ទាប់ពីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជាថ្មីម្តងទៀត ក្រោយការបោះឆ្នោតទូទៅប្រកបដោយជោគជ័យ នាពេលថ្មីៗនេះ។
សេចក្ដីប្រកាសខាងលើបានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានបញ្ជាក់ពីការចូលរួមរបស់លោក នាយករដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ ដែលនឹងរៀបចំឡើងនៅដើមខែក្រោយនេះ នៅទីក្រុងតូក្យូ ហើយក៏បានពិភាក្សាជាមួយលោក កូណូ អំពីរបៀបវារៈនៃកិច្ចប្រជុំកំពូលនេះផងដែរ ៕




ក្រសួងទេសចរណ៍ប្រកាសចលនាប្រឡងប្រណាំង «ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត» លើកទី១

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសចលនាប្រឡងប្រណាំង « ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត » លើកទី១ អមជាមួយការផ្សព្វផ្សាយដាក់ឱ្យអនុវត្តកូនសៀវភៅ (GREEN PASSPORT) ដើម្បីចូលរួមវាយតម្លៃអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត ក្រោមអធិបតីភាព លោក ជា បូរ៉ា រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍។
សូមបញ្ជាក់ថា ចលនាប្រឡងប្រណាំងនេះ ផ្អែកលើការអនុវត្តក្រម «ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត» ដោយផ្ដោតលើចំណុចពីរសំខាន់គឺ៖
– ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត គឺភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ គ្មានសម្រាមក្រោមតុ
– ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត គឺភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ មានបង្គន់អនាម័យស្អាត ។
ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត គឺត្រូវ៖
១)- អនាម័យគ្មានសម្រាមជាក្រដាសនៅក្រោមតុរបស់ភ្ញៀវ ដោយត្រូវរៀបចំឱ្យមានកន្ត្រក ឬធុងសម្រាមដោយឡែកសម្រាប់តុអាហារនីមួយៗ (មានថង់ទ្រនាប់ និងត្រូវលាងសម្អាតជារៀងរាល់ថ្ងៃ) ត្រូវបិទសារឬពាក្យស្លោករំលឹកអំពីបញ្ហាអនាម័យដល់ភ្ញៀវក្នុងបរិវេណទីតាំងអាជីវកម្ម ឬនៅលើតុអាហារតែម្ដង ត្រូវចាត់ឱ្យមានភ្នាក់ងារសម្រាប់ការប្រមូលសម្រាមដែលភ្ញៀវចោលក្រៅកន្ត្រកឬធុង និងត្រូវលើកទឹកចិត្តដល់ភ្ញៀវទេសចរក្នុងការផ្ដល់ជូនជាកន្សែងសម្រាប់ជូត ឬកន្សែងត្រជាក់ ជំនួសឱ្យការផ្ដល់ជូននូវក្រដាសអនាម័យ។
២)- បង្គន់អនាម័យស្អាត ដោយត្រូវរៀបចំតាមស្ដង់ដាបង្គន់សាធារណៈកម្ពុជា ដោយយ៉ាងហោចណាស់ពុំមានក្លិនមិនល្អ មានការបែងចែករវាងបង្គន់អនាម័យប្រុស និងស្រី មានដាក់សាប៊ូទឹកសម្រាប់លាងដៃ និងត្រូវចាត់ឱ្យមានបុគ្គលិកប្រចាំការដើម្បីលាងសម្អាតជាប្រចាំ។
សូមជម្រាបថា ចលនាប្រឡងប្រណាំង «ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត» លើកដំបូងនេះ ក៏ជាសារមួយក្រើនរំឭក និងប្រកាសជូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធឱ្យចូលរួមគ្រប់គ្រងសំរាមនៅតុអាហារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសោភ័ណភាព និងភាពស្អាត ដែលជាកត្តាសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយចីរភាព៕