Thursday, November 04, 2021

ច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលរបស់ជាតិ ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថដាក់ឱ្យប្រើប្រាស់ហើយ

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមានថ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នូវ ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញ បន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ។









លោក គង់ សំអុល ៖ កាកបាទក្រហមកម្ពុជា តែងតែទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះ ទោះនៅទីណាក៏ដោយ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក  គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អមដំណើរដោយ លោក គុយ សុផល ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក អម សុភា ប្រធានគណៈកម្មាធិការសាខា និងលោក លោកស្រីសមាជិកសមាជិកាគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចែកជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកមានជំងឺរាំរ៉ៃ ចំនួន ១៥០គ្រូសារ (ឃុំត្រពាំងចាន់ ឃុំចក ឃុំពពេល និងឃុំឆ្នុកទ្រូ)។


លោក គង់ សំអុល ក៏បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមកលោកស្រីតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ទោះនៅទីណាក៏ដោយ។ លោក ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ឲ្យជាប់ជាប្រចាំ  និងសូមថែរក្សាសុខភាពឲ្យបានល្អ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣ការពានិង៣កុំអោយបានជាប់ជាប្រចាំដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។


អំណោយចែកជូនក្នុងមួយគ្រួសាររួមមាន៖ អង្ករ២៥ គីឡូក្រាម  មី១ កេស  ត្រី ខ ១យួរ ឃីត១កញ្ចប់  (មុង១ សារុង១ ក្រមា១ ភួយ១) និងថវិកា ២០.០០០រៀល ។ ដោយឡែក លោក គង់ សំអុល ក៏បានបន្ថែមនូវថវិកាផ្ទាល់ខ្លួន ចំនួន ៥០.០០០រៀល ក្នុងមួយគ្រួសារ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលបាននៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បន្ថែមនូវថវិកា ចំនួន ៣០.០០០រៀល ក្នុងមួយគ្រួសារ (សរុបក្នុងមួយគ្រួសារទទួលបានចំនួន ១០០.០០០រៀល)៕









អាជ្ញាធរជាតិអប្សរា រៀបចំដាំបង្គោលការពារសុវត្ថិភាពក្នុងការចតយានយន្ត នៅបរិវេណខ្លោងទ្វារជ័យ

សៀមរាប៖ ភ្នាក់ងារសណ្ដាប់ធ្នាប់ សហការជាមួយមន្ត្រីភ្នាក់ងារទេសចរណ៍ ក្នុងការដាំបង្គោលសងខាងផ្លូវការពារការចតយានយន្តគ្រប់ប្រភេទនៅក្បែរខ្លោងទ្វារជ័យ។ ក្នុងនោះ ក្រុមការងារបានដាំបង្គោលបានចំនួនដាំ៤៦បង្គោល ហើយនិងបន្តដាំចំនួន២៥បង្គោលនៅសងខាងបន្ថែមទៀត រក្សាបាននូវសណ្តាប់ធ្នាប់ល្អ មានរបៀបរៀបរយ រួមទាំងលើកកម្ពស់បរិស្ថានបរិវេណខ្លោងទ្វារជ័យដែលជាច្រកចេញចូលសំខាន់របស់ក្រុងអង្គរធំ និងផ្លូវវង់តូចឱ្យកាន់តែល្អប្រសើរ។


សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ទៅលើសណ្តាប់ធ្នាប់ សោភ័ណភាព រួមទាំងសុវត្ថិភាពចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាប្រាសាទ នៅក្នុងតំបន់អង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក។ សូមភ្ញៀវទេសចរដែលបានមកទស្សនាចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គររបស់យើង៕





អភិបាលខេត្តកោះកុង អនុញ្ញាតឲ្យអ្នករៀបរៀងសៀវភៅស្តីពី"ទស្សនៈសម្ដេចក្រឡាហោម ស ខេង" ចូលជួបសម្តែងការគួរសម និងប្រគល់ជូនសៀវភៅ ដ៏មានតម្លៃបំផុត

កោះកុង៖  នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុង បានអនុញ្ញាតឲ្យលោក រ៉េន រតនៈ អ្នករៀបរៀងសៀវភៅ"ទស្សនៈសម្ដេចក្រឡាហោម ស ខេង" ជួបសម្តែងការគួរសម និងប្រគល់ជូនសៀវភៅ"ទស្សន:សម្តេចក្រឡាហោម ស ខេង" ចំនួន ៣៥ ក្បាល។


នាឱកាសនោះផងដែរ លោក រ៉េន រតនៈ បានរាយការណ៍ជូនលោកស្រីអភិបាលខេត្ត អំពីសាវតានៃដំណើរការរៀបរៀងរហូតឈានដល់ការបោះពុម្ភ ជាផ្លូវការនូវសៀវភៅ"ទស្សនៈសម្ដេចក្រឡាហោម" ដែលមានខ្លឹមសារប្រសាសន៍ខ្លីៗ ខ្លឹមៗ អត្ថន័យជ្រៅ ពាក់ព័ន្ធនឹងការងារនយោបាយ រដ្ឋបាល និងសន្តិសុខ។ លោកក៏បានអានលិខិតប្រគល់ជូនសៀវភៅរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ផ្ញើជូនលោកស្រីអភិបាលខេត្តផងដែរ។ 


លោកស្រី មិថុនា ភូថង បានសម្ដែងការកោតសរសើរ និងគាំទ្រខ្ពស់ ជូនក្រុមការងារ ពិសេសលោក រ៉េន រតនៈ ដែលបានខិតខំព្យាយាមចងក្រងស្នាដៃនេះឡើង។ លោកស្រី បានសង្កត់ធ្ងន់ថា សៀវភៅនេះពិតជារួមចំណែកផ្ដល់នូវពុទ្ធិល្អៗ ជូនអ្នកអាន បានសិក្សាស្រាវជ្រាវ ជាពិសេសលើខ្លឹមសារដែលមានអត្ថន័យផ្សាភ្ជាប់ទៅនឹងការបំពេញភារកិច្ចរបស់មន្ត្រីរាជការថ្នាក់ក្រោមជាតិតែម្ដង។ សៀវភៅទស្សនៈ សម្តេចក្រឡាហោម ស ខេង និងចែកជូនអង្គភាព ស្ថាប័ននានា សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដកស្រង់នូវទស្សនៈល្អៗ របស់សម្តេចក្រឡាហោម ស  ខេង យកមកអនុវត្តនៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងផ្សព្វផ្សាយបន្តឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ យ៉ាងណាក៏ជាធាតុចូលសំខាន់បំផុត សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ យកទៅអនុវត្តសម្រាប់អភិវឌ្ឍន៍នៅក្នុងអង្គភាព និងបង្កើនសមត្ថភាពសម្រាប់របស់ខ្លួនបន្ថែមទៀត៕






អាជ្ញាធរជាតិអប្សរា ចុះពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋ ក្នុងតំបន់អង្គរចំនួន ៣៦៩គ្រួសារ

សៀមរាប ៖ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋាន ក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្នុងអំឡុង ខែតុលា ឆ្នាំ២០២១ ក្រុមការងារបានចុះពិនិត្យ និងជួយសម្រួលលក្ខណៈបច្ចេកទេស នៃការសាងសង់លំនៅដ្ឋាន និងសំណង់ឧបសម្ព័ន្ធផ្សេងៗទៀត ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យាន និងក្រៅឧទ្យានអង្គរបានចំនួន៣៦៩គ្រួសារ។ 

ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរចំនួន៣៥៤គ្រួសារ៖ ក្រុងសៀមរាប ១២៦គ្រួសារ  ស្រុកប្រាសាទបាគង ៧០គ្រួសារ ស្រុកបន្ទាយស្រី ៦៥គ្រួសារ ស្រុកពួក ២៩គ្រួសារ និងស្រុកអង្គរធំ ៦៤គ្រួសារ។ ចំណែកប្រជាពលរដ្ឋរស់នៅក្រៅឧទ្យានអង្គរចំនួន១៥គ្រួសារ៖ គឺនៅស្រុកសូទ្រនិគម ០៣គ្រួសារ និងស្រុកស្វាយលើ ១២គ្រួសារ។

សូមបញ្ជាក់ថា រាល់ការអនុញ្ញាត និងដាក់ពាក្យស្នើសុំសាងសង់ គឺមិនតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ៕





សេចក្តីជូនដំណឹង ស្តីពីការរុះរេីសំណង់លេីដីចំណីស្ទឹងសៀមរាប ដែលនៅសេសសល់ ដេីម្បីអនុវត្តគម្រោងស្តារស្ទឹងសៀមរាបជំហានទី២ (KHM-18)

រដ្ឋបាលខេត្តសៀមរាប  បានពិនិត្យឃេីញថា  នៅមានបងប្អូន ប្រជាពលរដ្ឋ  ចំនួន  ៥គ្រួសារ  ដែលបានទទួលយកគោលនយោបាយរួចហេីយ  មិនទាន់បានរុះរេីសំណង់របស់ខ្លួនចេញពីទីតាំង  និងប្រជាពលរដ្ឋ  ចំនួន  ២គ្រួសារផ្សេងទៀត  បានមកសាងសង់លេីដីចំណីស្ទឹងដែលបានដោះស្រាយគោលនយោបាយរួចហេីយ  ហេតុដូចនេះសូមបងប្អូនធ្វេីការរុះរេីដោយខ្លួនឯងក្នុងរយៈពេល  ៧(ប្រាំពីរ)ថ្ងៃ ។ 


ក្នុងករណីបងប្អូនមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ  រដ្ឋបាលខេត្ត  នឹងដឹកនាំកម្លាំងចម្រុះចុះរុះរេីដោយពុំទទួលខុសត្រូវ លេីការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនឡេីយ៕



រយៈពេល៥ឆ្នាំ អ្នកស្រុកអង្គរចំនួន៨១៣៧ គ្រួសារទទួលបានការអនុញ្ញាតឱ្យជួសជុលសំណង់ស្រាលពីអាជ្ញាធរជាតិអប្សរា

សៀមរាប៖ យោងតាមរបាយការណ៍ក្រុមការងារលេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា ក្នុងរយៈពេល៥ឆ្នាំ ក្រុមការងារ បានបន្តការងារចុះពិនិត្យអនុញ្ញាតការជួសជុលសំណង់តូចតាច ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន១២៤៧៤ករណី(សំណើ) ក្នុងនោះ សំណង់ស្រាល ដែលត្រូវបានក្រុមការងារអនុញ្ញាតមានចំនួន៨១៣៧ ករណី(សំណើ)។

គោលដៅទាំងនោះ រួមមានស្រុកប្រាសាទបាគង អនុញ្ញាតបានចំនួន៤៧៥ករណី ស្រុកអង្គរធំ អនុញ្ញាតបានចំនួន២១៥៤ករណី ស្រុកពួកអនុញ្ញាតបានចំនួន១១៨៤ករណី ក្រុងសៀមរាប អនុញ្ញាតបានចំនួន៣១៤២ករណី និងស្រុកបន្ទាយស្រីអនុញ្ញាតបានចំនួន១១៨២។

ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅដល់ខ្នងផ្ទះជាក់ស្តែងនិងឯកសារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជាមូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថា ពួកគាត់ គឺជាប្រជាពលដ្ឋចាស់រស់នៅក្នុងតំបន់អង្គរពិតប្រាកដនិងមានការបញ្ជាក់យ៉ាងច្បាស់ លាស់ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ ហើយមានតម្រូវការជាក់ស្តែងក្នុងការកែលម្អការរស់នៅឱ្យបានល្អប្រសើរ៕






ពិធីចែកអំណោយគ្រឿងឧបភោគ បរិភោគជូនដល់ជន ចាស់ជរា និងគ្រួសារក្រីក្រមានជីវភាពខ្វះខាត ក្នុង អំឡុង វិបត្តិ ជំងឺ កូវីដ-១៩

ឧត្តរមានជ័យ ៖ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឌី  រ៉ាដូ  អភិបាលរងខេត្តឧត្តរមាន ជ័យ  តំណាង លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគ  បរិភោគទៅប្រគល់ជូនដល់ជន ចាស់ជរា គ្រួសារក្រីក្រខ្វះខាតជីវភាព ក្នុង អំឡុងវិបត្តិជំងឺកូវីដ-១៩ ចំនួន៦គ្រួសារ ស្ថិត ក្នុង សង្កាត់ សំរោង និងសង្កាត់បុស្បូវ  ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាឱកាសនោះក៏មានការអញ្ជើញចូលរួមពីលោក អភិបាលរងក្រុង មន្រ្តីរាការ ចៅសង្កាត់ មន្រ្តីសាលាក្រុង សង្កាត់ មេភូមិ និងកម្លាំងប្រជាការពារ  ។

ជាមួយគ្នានេះដែរ លោក ឌី រ៉ាដូ  ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលដល់អាយុបោះឆ្នោត សូម អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដែលបានចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំ សង្កាត់នៅទូទាំងខេត្ត ឱ្យបានគ្រប់ៗគ្នា និង ទាន់ពេលវេលាកុំបីអាក់ខាន។ 

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពាររបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ  ៣ការពារ និង៣កុំ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ និង ដើម្បី  ការពារខ្លួនយើង គ្រួសារយើង និងសហគមន៍យើង ពិសេសចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ចេញពីសហគមន៍យើង។ 

សូម បញ្ជាក់ផងដែរ ថា អំណោយដែលបានចែកជូនទាំងនោះរួមមាន៖  អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ប៊ីចេង អំបិល ខ្ទឹមស ម៉ាស់ក្រណាត់  រួមនិងថវិកាមួយចំនួន៕