Friday, March 25, 2016

ឯកអគ្គរដ្ឋ​ទូត​ប្រទេ​សគុ​យបា​ មាន​សង្ឃឹ​មថា ទំហំ​ពាណិជ្ជ​ក​ម្ម កម្ពុជា-គុយបា នឹងកើន​ឡើ​ងនាពេល​អនា​គតឆាប់​ៗនេះ​

នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចរបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ  និងព័ត៌មាននៃរដ្ឋសភា បានជួប​ពិភាក្សា​ការងា​រ​ជាមួយឯកឧត្តម Juan de Jesus Hidalgo-Gato Perez ឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបានៅវិមានរដ្ឋសភា ដែលទើបតែងតំាងប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា​នៅក្នុងបេសកកម្មការទូត របស់ឯកឧត្តមនៅកម្ពុជានេះ ឯកឧត្តម​នឹង​ខិតខំ​ជំរុញ បង្កើន​កិច្ច សហប្រតិបត្តិការកម្ពុជា-គុយបា ឲ្យរឹងមាំថែមទៀត ពិសេសខាងពាណិជ្ជកម្ម។
ឆ្លៀតឱកាសនោះ តាមរយៈ ឯកឧត្តម ឈាង វុន ឯកឧត្តមឯកអគ្គរដ្ឋទូតគុយបា បានថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែល​សម្តេច​តែងតែ​បានជួយគាំទ្រ សម្របសម្រួល ដល់បេសកកម្មការទូត របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូតប្រទេស​គុយបា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិមុនៗ ឲ្យទទួល​បានជោគជ័យពីមួយអាណត្តិទៅមួយអាណត្តិ។ 
តាងនាម​​​​ប្រទេសគុយបា ឯកឧត្តម Juan de Jesus Hidalgo-Gato Perez ក៏បាន​ថ្លែងអំណរ
គុណដល់ប្រទេសកម្ពុជា ដែលបានគំាទ្រប្រទេសគុយបា នៅគ្រប់កាលៈទេសៈ ជាពិសេស​នៅអំឡុងពេលប្រទេសនេះទទួលរងការហ៊ុមព័ទ្ធសេដ្ឋកិច្ចពី​សហរដ្ឋ​អា​មេរិក​នោះ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថាចំណងមិត្តភាព កម្ពុជា-គុយបា មានតំាងពីយូរមក ហើយ តែ​នៅក្នុងសម័យសេដ្ឋកិច្ចបើកចំហរនេះ ឯកឧត្តមនឹងខិតខំកៀងគរអ្នកវិនិយោគទុន អ្នក​​ទេសចរណ៍ពីប្រទេសគុយបា មកកាន់កម្ពុជាឲ្យបានច្រើន។ ជាមួយឆន្ទៈបែបនេះ ឯកឧត្តម Juan de Jesus Hida​lgo-Gato Perez មានក្តីសង្ឃឹមថា ក្នុងរយៈពេលខ្លីខាងមុខនេះ ទំហំ​ពាណិជ្ជកម្មកម្ពុជា-គុយបា នឹងមានកំណើនជាមិនខានឡើយ។
ឯកឧត្តម ឈាង វុន បានស្វាគមន៍ចំពោះបេសកកម្មការទូត របស់ឯកឧត្តម Juan de Jesus Hidalgo-Gato Perez            នៅកម្ពុជា និងបានគំាទ្រប្រសាសន៍លើកឡើងរបស់ឯកឧត្តម ​ឯក​អគ្គរ​ដ្ឋ​​​ទូត​។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានសម្តែងក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង​ដែលបាន​ឃើញ​សហរដ្ឋអាមេរិកដកការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីប្រទេសគុយបានោះ។
ឯកឧត្តម ឈាង វុន ក៏បានសម្តែងក្តីរីករាយ ចំពោះចំណងមិត្តភាព និងកិច្ច​សហប្រតិបត្តិការ​ដ៏ល្អ រវាងរដ្ឋសភាកម្ពុជា និងប្រទេសគុយបា ដែលមកដល់ពេលនេះរដ្ឋសភាទំាងពីរបាន​បង្កើត​ឲ្យមានក្រុម មិត្តភាពរួចហើយ ។
ឯកឧត្តមប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ​ ឃោសនាការ​      និង​ព័ត៌​​មាន នៃរដ្ឋសភា ក៏មានក្តីសង្ឃឹមថា ចំណងមិត្តភាពប្រទេសទំាងពីរ កាន់តែរីក​ចម្រើន​​​រឹងមាំថែមទៀត នៅក្នុងអាណត្តិការទូតរបស់ ឯកឧត្តម Juan de Jesus Hidalgo-Gato Perez




គិតដល់​​បំណាច់​ឆ្នាំ២០១៥ ​សមាជិកកាយ​រឹ​ទ្ធិជាតិកម្ពុជា​ទូ​ទាំង​ប្រទេស​​កើនដល់ ​១៣១,៧០៥​នាក់​​

នៅក្នុងមហាសន្និបាត​កាយរឹទ្ធិជាតិ​កម្ពុជាលើក​ទី៣ ដែលបាន​ប្រព្រឹត្តទៅរយៈ​ពេល ២ថ្ងៃ នាថ្ងៃ​ទី២៣-២៤ ខែមីនា​ ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករ​ដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីកា​រគណៈរដ្ឋមន្ត្រី បានមាន​ប្រសាសន៍​ថា ដោយ​អនុវត្ត​តាមស្មារតី​នៃសេចក្តី​សម្រេច​ចិត្តរបស់​មហាសន្និបាត​លើកទី២ ដែលបាន​ធ្វើឡើង​នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១០កន្លងទៅ និងផែន​ការយុទ្ធសាស្ត្រឆ្នាំ​២០១០-២០២០ របស់​កាយរឹទិ្ធជាតិ​កម្ពុជា ត្រូវសម្រេច​បាននូវ​គោលដៅ​នៃការពង្រីក​សមាជិកភាព​ដល់ ១៥០,០០០នាក់​ នៅឆ្នាំ២០២០។ ឯក​ឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន បាន​បន្តថា គិតមក​ដល់ដំណាច់​ឆ្នាំ២០១៥កន្លង​មកនេះ សមាជិក​កាយរឹទ្ធិជាតិ​កម្ពុជា​ទូទាំងប្រទេស​បានកើនឡើង​ដល់ចំនួន ១៣១,៧០៥នាក់ ដែលក្នុង​នោះសមាជិក​ដែលបាន​ទទួល​ការបណ្តុះបណ្តាល​វគ្គជំនាញ​មានការកើន​ឡើងពី ១០,០៦១ នាក់ នៅឆ្នាំ​២០១០ ដល់ ១៥,៣៥០ នាក់ នៅ​ដំណាច់​ឆ្នាំ២០១៥​នេះ។

ឯកឧត្តម​បណ្ឌិតសភា​ចារ្យ សុខ អាន បាន​លើក​ឡើង​ថា ដើម្បី​សម្រេច​បាននូវ​គោលដៅ​នេះកាយរឹទ្ធិ​ជាតិ​កម្ពុជា​រាជធានី-ខេត្ត បាន​ជំរុញ យ៉ាង​ខ្លាំងក្លានូវ​ការពង្រីក​កម្លាំង​កាយរឹទ្ធិ​ប្អូន កាយរឹទិ្ធ និង​កាយរឹទ្ធិ​រៀមច្បង នៅតាម​គ្រឹះស្ថាន​សិក្សានានាទូ​ទាំងព្រះរាជាណាចក្រ​កម្ពុជា ធ្វើឱ្យកុមារ យុវជន សិស្ស និងនិស្សិត ទទួលស្គាល់យ៉ាងច្បាស់ថា ការអប់រំ​តាមរយៈ​ចលនា​កាយរឹទ្ធិ​គឺពិត​ជាមិនអាចខ្វះបាន និងមានសារៈប្រយោជន៍​ដោយផ្តល់នូវសក្តានុពល​ពេញលេញខាងផ្លូវ​កាយ ផ្លូវ​បញ្ញា ផ្លូវចិត្ត និងផ្លូវ​សង្គម ព្រមទាំង​ធ្វើឱ្យកុមារ​និងយុវជនបាន​អភិវឌ្ឍខ្លួនប្រកប​ដោយឆន្ទៈ​ វិរយៈ មនសិកាវិជ្ជា​ជីវៈ ថាមពល កាយ​សម្បទា ប្រាជ្ញា ស្មារតី ចំណេះ​ដឹង ចំណេះធ្វើ ជំនាញ និងនិមិត្តកម្ម ដែល​ជាកត្តា​ធ្វើឱ្យមានការប្រែប្រួល​ផ្នែក​សេដ្ឋកិច្ច-សង្គម​កិច្ចទាំង​បច្ចុប្បន្ន និងទៅអនាគត​ប្រកបដោយ​និរន្តរភាព។ 
ថ្លែង​ក្នុងអង្គមហា​សន្និបាត ឯកឧត្តម គង់ អួក អនុប្រធានកាយរឹទ្ធិ​ជាតិកម្ពុជា បានមាន​ប្រសាសន៍ថា សមាជិក សមាជិកាអង្គមហាសន្និបាត​បានធ្វើសំណូម​ពរដល់សប្បុរ​សជន អាជ្ញាធរ​គ្រប់ជាន់​ថ្នាក់ ជួយផ្តល់​ថវិកាដើម្បី​បង្កលក្ខណៈ​ងាយស្រួលដល់​សមាជិកកាយរឹទិ្ធ​គ្រប់រាជ​ធានី ខេត្ត ក្រុង​ស្រុកខណ្ឌ រួមចំណែក​ធ្វើសកម្មភាព​សង្គមដូច​ជា៖ ការដាំ​ដើមឈើ​ឡើង​វិញ សម្អាតបរិស្ថាន​ក្នុងនិង​ក្រៅសាលា​រៀន បារប្រឡាយ​ទឹក ពលកម្មបាកំ​ប្លោកសំអាត​ស្រះ​ទឹក ការផ្សព្វ​ផ្សាយអំពីផលប៉ះ​ពាល់ផ្សេងៗក្នុងសង្គម​ដូច​ជាផលប៉ះ​ពាល់ដោយមេ​រោគអេដស៍ និង​ជម្ងឺអេដស៍ អំពីការជួញដូ​រកុមារនិងស្ត្រី អំពើហឹង្សាក្នុ​ងគ្រួសារ និងការប្រើប្រាស់​ជួញដូ​រគ្រឿងញៀន សម្រួលចរាចរណ៍​ផ្លូវគោក និង​ការអប់រំបែប​ពុទ្ធ​សាសនា ព្រឹតិ្តការណ៍​បោះជំរំ​ថ្នាក់តំបន់ និងពិភព​លោក ការប្រារព្ធធើ្វ​ព្រឹតិ្តការណ៍ទិវារំ​លឹកគុណ​ស្ថាបនិកកាយរឹទ្ធ​ពិភពលោក ទិវាជាតិរំ​លឹកខួប​ថ្ងៃជ័យ​ជំនះ៧​មករា ទិវាសិទ្ធិ​នារី​៨មីនា ទិវាគ្រឿង​ញៀនពិភព​លោក ទិវាកាកបាត​ក្រហមពិភពលោក ពិធីបុណ្យ​ឯករាជ្យ ៩ វិច្ឆិកា ១៩៥៣។ល។ ការបោះជំរំតាម​រលកធាតុអាកាស និងតាម​ប្រព័ន្ធអ៊ីន​ធឺណិត (JOTA-JOTI)ការបោះ​ជំរំពិភពលោក​លើកទី​២៣នៅ​ជប៉ុនឆ្នាំ២០១៥។ល។

នៅចុងបញ្ចប់​ អង្គមហា​សន្និបាតបានអបអរសាទ​រនូវការរីក​ចំរើនឥតឈប់​ឈរទាំង​សកម្មភាព ទាំង​បរិមាណ សមាជិក​និងគុណភាព​នៃចលនាកាយរឹទ្ធិ​ជាតិ​កម្ពុជា។ ជាក់ស្ដែងមក​ដល់ឆ្នាំ​២០១៥ សមាជិកកាយរឹទ្ធិ​ជាតិកម្ពុជា​បានកើន​ឡើងដល់​ចំនួន១៣១,៧០៥នាក់។ មហាសន្និ​បាត​បាន​ពិភាក្សា ធ្វើវិសោធនកម្ម​ធម្មនុញ្ញ និងបទ​បញ្ជាផ្ទៃក្នុងរបស់​កាយរឹទ្ធិ​ជាតិ​កម្ពុជា និង​បោះឆ្នោត​ជ្រើសរើស​ប្រធានគណៈស្នង​ការជាតិ និង​ស្នងការជាតិ​នានា នៃ​កាយរឹទ្ធិ​ជាតិកម្ពុជា​សម្រាប់​អាណត្តិទី​៣​ ឆ្នាំ​២០១៦-២០​២០៕​








សុន្ទរកថា ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន ថ្លែងក្នុង​ពិធីបិទ​មហា​សន្និបាត កាយ​រឹទ្ធិជាតិកម្ពុ​ជា​លើកទី៣

សុន្ទរកថា ឯកឧត្តម បណ្ឌិតសភាចារ្យ  សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា
ក្នុងពិធីបិទមហាសន្និបាត កាយរឹទ្ធិជាតិកម្ពុជាលើកទី៣
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦

          - ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល និងរដ្ឋសភា
            - ឯកឧត្តម អភិបាល​ អភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត
            - ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់
            - ថ្នាក់ដឹកនាំកាយរឹទិ្ធជាតិកម្ពុជា និងក្មួយៗកាយរឹទិ្ធ ទាំងអស់ជាទីមេត្រី !

ថ្ងៃនេះ​ តាងនាមថ្នាក់ដឹកនាំកាយរឹទ្ធិជាតិកម្ពុជា ខ្ញុំសូម​​សម្តែងនូវសេចក្តីសោមនស្ស​រីក​រាយ​ដោយបានចូលរួមជាអធិបតី​ក្នុងពិធី ”​​បិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជាលើកទី៣“ ដែលប្រារព្វ​ធ្វើ​ឡើង​​អស់​រយៈពេលពីរថ្ងៃកន្លងមកនេះ។

ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ទាំងអស់ក្នុងពិធីដ៏​មានសារៈសំខាន់​នាពេលនេះ ដែលបានលើកទឹកចិត្តក្មួយៗកាយរឹទ្ធិជាតិ​កម្ពុជា ទូទាំង​ប្រទេសឱ្យខិតខំបង្កើនឆន្ទៈនិងធ្វើអំពើល្អ​ឲ្យកាន់តែ​​​ ច្រើនឡើងថែមទៀត ដើម្បី​រួមចំណែក​កសាង​កិត្យានុភាព​​របស់​កាយរឹទ្ធិជាតិ​កម្ពុជា​ឱ្យកាន់​ តែខ្ពង់ខ្ពស់ឡើងជាលំដាប់ពីមួយថ្ងៃទៅ​មួយ​ថ្ងៃ។

- ឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្មួយៗកាយរឹទ្ធិទាំងអស់ !

ដោយអនុវត្តតាមស្មារតីនៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី២ ដែល​បាន​​​ធ្វើ​ឡើងនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១០កន្លងទៅ និង​ផែនការយុទ្ធ​សាស្ត្រ​​​ឆ្នាំ២០១០-២០២០​​ របស់​​កាយរឹទិ្ធ​ជាតិកម្ពុជា ត្រូវសម្រេចបាននូវគោលដៅនៃការពង្រីកសមាជិកភាពដល់ ១៥០,០០០នាក់ នៅឆ្នាំ២០២០។ ដើម្បីសម្រេចបាននូវគោលដៅនេះ កាយរឹទ្ធិជាតិ​កម្ពុជា​រាជធានី-ខេត្ត​ បាន​ជម្រុញ​យ៉ាងខ្លាំងក្លានូវការពង្រីកកម្លាំង​កាយរឹទ្ធិប្អូន កាយរឹទិ្ធ និងកាយរឹទ្ធិ​រៀម​ច្បង នៅ​តាម​គ្រឹះស្ថានសិក្សា​នានាទូទាំងព្រះរាជា​ណាចក្រ​កម្ពុជា ធ្វើឱ្យកុមារ​ យុវជន សិស្ស​ និងនិស្សិត ​​ទទួល​ស្គាល់​​យ៉ាងច្បាស់ថា ការអប់រំ​តាមរយៈចលនាកាយរឹទ្ធិគឺពិតជា​មិនអាច​ខ្វះបាន និង​មាន​សារៈ​ប្រយោជន៍​​ដោយផ្តល់​នូវ​សក្តា​នុ​ពលពេញ​លេញ​ខាងផ្លូវកាយ ផ្លូវ​បញ្ញា ផ្លូវចិត្ត ផ្លូវសង្គម និងផ្លូវ​អវេគភាព ព្រមទាំង​ធ្វើ​ឱ្យកុមារនិង​យុវជនបានអភិវឌ្ឍ​​ខ្លួនប្រកប​ដោយឆន្ទៈ វិរយៈ មនសិកា​វិជ្ជា​ជីវៈ ថាមពល កាយសម្បទា ប្រាជ្ញា ស្មារតី ចំណេះដឹង ចំណេះធ្វើ ជំនាញ និមិត្តកម្ម និងនវានុវត្ត​​ ដែល​ជា​កត្តាធ្វីឱ្យមានការ​ប្រែប្រួលផ្នែកសេដ្ឋកិច្ច-សង្គមកិច្ចទាំង​ បច្ចុប្បន្ន និង​ទៅ​អនាគត​ប្រកប​ដោយ​និរន្តរភាព។

គិតមកដល់ដំណាច់ឆ្នាំ២០១៥កន្លងមកនេះ សមាជិក​កាយរឹទ្ធិ​ជាតិ​កម្ពុជា​​ទូទាំង​ប្រទេស​បានកើនឡើងដល់ចំនួន ១៣១,៧០៥ នាក់ ដែល​​ក្នុង​នោះសមាជិកដែល​បានទទួល​ការបណ្តុះ​បណ្តាល​វគ្គជំនាញមានការ​កើន​ឡើង ​ពី ១០,០៦១ នាក់ នៅឆ្នាំ២០១០ ដល់ ១៥,៣៥០ នាក់ នៅ​ដំណាច់​​ឆ្នាំ២០១៥​នេះ។

ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍អង្គមហាសន្និបាត ដែលអានដោយ​ឯកឧត្តម គង់ អួក អនុប្រធានកាយរឹទ្ធិជាតិកម្ពុជា ដោយបានបញ្ជាក់ឱ្យឃើញថា ក្នុងរយៈពេល៥​ឆ្នាំ​​កន្លងមកនេះ គិតចាប់ពីឆ្នាំ២០១០-២០១៥ កាយរឹទ្ធិជាតិកម្ពុជា បានចូលរួមធ្វើសកម្មភាព​ជាច្រើន​ទាំងនៅក្នុងសហគមជាតិនិងអន្តរជាតិ។ នៅក្នុងមហាសន្និបាតរយៈពីរថ្ងៃកន្លងមកនេះ ថ្នាក់​ដឹក​នាំ និងសមាជិក-សមាជិកាកាយរឹទ្ធិទាំងអស់ បានចូលរួមពិភាក្សាយ៉ាងផុលផុស និង​បាន​អនុម័ត​អញ្ជើញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាគរុគណ​នៃ​កាយរឹទ្ធិ​ជាតិកម្ពុជា និងបាន​អញ្ជើញ​រូបខ្ញុំ​ ជាប្រធានកាយរឹទ្ធិជាតិកម្ពុជាជាបន្តទៀត ព្រមទាំងបាន​បោះឆ្នោត​​ជ្រើស​តាំង​ប្រធាន​គណៈស្នងការ​ជាតិ ស្នងការជាតិនានា និងបានបោះឆ្នោតអនុម័ត​យល់ព្រម​លើធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង គោលនយោបាយ​ និងឯកសារមួយចំនួនទៀត​របស់​កាយរឹទ្ធិជាតិកម្ពុជា សម្រាប់ដាក់ឱ្យអនុវត្តនៅក្នុងអាណត្តិទី៣​ខាង​មុខ​ជា​បន្ត​ទៀត។

នៅក្នុងរយៈពេល៥ឆ្នាំ(២០១០-២០១៥)នៃអាណត្តិទី២កន្លងទៅនេះ ថ្នាក់ដឹកនាំកាយរឹទិ្ធ​ជាតិ​កម្ពុជា​គ្រប់លំដាប់ថ្នាក់ និងសមាជិកកាយរឹទ្ធិនៅទូទាំងប្រទេសបានខិតខំបំពេញ​សកម្មភាព​របស់ខ្លួន​ យ៉ាងសកម្មនិងបានចូលរួមក្នុងព្រឹត្តិការណ៍ជាតិនិង​អន្តរជាតិ​នានា ហើយ​សម្រេច​បាន​​ជោគជ័យ​ជាបន្តបន្ទាប់ ដូចជា ៖

-​ បានចូលជាសមាជិកអនុគណៈកម្មការ​កាយរឹទ្ធិ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក​ចំនួន៣​រូប និង១រូប​ជាប់ឆ្នោតក្នុងក្រុមប្រឹក្សាយុវជនតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់​អាណត្តិ​២០១៦​-២០១៨ ចូលរួម​សន្និសីទ​កាយរឹទ្ធិពិភពលោកបីលើក និង​សន្និសីទ​ថ្នាក់តំបន់​បួន​លើក។

- បានចូលរួមបោះជំរុំកាយរឹទ្ធិពិភពលោកពីរលើក ដែលមានថ្នាក់ដឹកនាំ និងសមាជិក​កាយរឹទ្ធិ​ចូល​រួម ៥៨ នាក់ បោះជំរុំ​ថ្នាក់​តំបន់ចំនួន១២លើក និងបោះជំរុំកាយរឹទ្ធិពិភពលោក​តាម​រលក​​​ធាតុអាកាស និងប្រព័ន្ធអ៊ិន​ធើណិត ចំនួន ៤ លើក និងធ្វើពិធីរំលឹកគុណគ្រូដែលមានកាយរឹទ្ធិ​ចូលរួមចំនួន ៦១០នាក់។

- បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ និងអន្តរជាតិចំនួន ១២លើក និងបានរៀប​ចំ​សិក្ខា​សាលា និងវគ្គបណ្តុះបណ្តាលថ្នាក់តំបន់នៅកម្ពុជាចំនួន៦លើក និងវគ្គបណ្តុះបណ្តាល​ជំនួយការ​មេដឹកនាំកាយរឹទ្ធិ(សញ្ញាបណ្ណ​ឈើ​៣​កំណាត់​​ Three Beads Wood Badge Course) ដល់​សិក្ខាកាម​ចំនួន ៣៩នាក់។

- បានទទួលគណៈប្រតិភូគណៈកម្មការកាយរឹទ្ធិតំបន់អាស៊ី-ប៉ាស៊ីហ្វិកចំនួន២លើក ប្រតិភូ កាយរឹទ្ធិពីប្រទេសនានាចំនួន ២៤ លើក ដែលមានចំនួនសរុប ៥៧២​នាក់។

- បានសហការជាមួយអង្គការ           BOOKBRIDGE បង្កើតបណ្ណាល័យ និងមជ្ឍមណ្ឌល​សិក្សា​បាន ៦​កន្លែង (ខេត្តសៀមរាប១ ខេត្តតាកែវ៤ និងខេត្តកំពត១)។

- បានបំពាក់កន្សែងថ្នាក់ជាតិចំនួន​ ៦ លើក វគ្គផ្សព្វផ្សាយសមាជិកភាព​ វគ្គ​តម្រង់​ទិស វគ្គពង្រឹង​ប្រព័ន្ធ​ល្បាត វគ្គជំនាញបច្ចេកទេស​កាយរឹទ្ធិ​ ​បោះជំរុំកាយរឹទ្ធិ​ថ្នាក់ជាតិ ថ្នាក់រាជធានី-ខេត្ត​និងតាមសាលាជា​បន្ត​បន្ទាប់ វគ្គបណ្តុះបណ្តាលមេដឹកនាកាយរឹទ្ធិនិងចុះតាមដានវាយតម្លៃ និង​កម្មវិធី​​រុករក​ជាដើម ។

- កាយរឹទ្ធិរាជធានី-ខេត្ត បានចូលរួមផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីការអនុវត្ត​ច្បាប់​ចរាចរណ៍ ការសង្គ្រោះបឋម ការទប់ស្តាត់អំពើហឹង្សាក្នុងគ្រួសារ ការបង្ការជំងឺឆ្លងផ្សេងៗ ការ​ជៀសវាងពីការប្រើប្រាស់គ្រឿងញៀន ការចុះធ្វើចរាចរតាមដងផ្លូវ ការចូលរួមពិធីបុណ្យជាតិ និងអន្តរជា​តិ​ ក្រុមភ្លេងកាយរឹទ្ធិចូលរួមក្នុងពិធីសច្ចាប្រណិធាននិងបំពាក់កន្សែង ចូលរួមដាំ​ដើម​ឈើ សំអាតបរិស្ថាន ជួយស្ទូងនិងច្រូតស្រូវប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាម ចូលរួមក្នុងកម្មវិធី​អង្គរ​​សង្រ្កានជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមអបអរសាទរទិវារ​រំលឹក​ខួបជ័យជំនះ​៧​មករា ចូលរួមបោសសំអាតសាលារៀននិងផ្ទះប្រជាពលរដ្ឋរងគ្រោះដោយ​សារ​ទឹកជំនន់ និង​ចូល​​រួម​​​បោះជំរុំ​តាមសាលា​ នៅថ្នាក់រាជធានី-ខេត្ត និងថ្នាក់ជាតិជាដើម។ល។  

- ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ជាទីមេត្រី !

នាបច្ចុប្បន្ននេះ កាយរឹទ្ធិជាតិកម្ពុជា បានយកចិត្តទុកដាក់បណ្តុះបណ្តាល​គ្រូជំនាញ​របស់​​​ខ្លួន​​បាន​ពីរ​កម្រិត​ រួចមកហើយ គឺគ្រូកម្រិតឈើពីរកំណាត់មាន៤៤នាក់ និងគ្រូកម្រិតឈើបី​កំណាត់​មាន៣៩នាក់។ នៅក្នុងអាណត្តិទី៣ខាងមុខនេះ កាយរឹទ្ធិជាតិកម្ពុជា បានត្រៀមរៀបចំ​បណ្តុះ​បណ្តាល​​គ្រូវគ្គកម្រិតឈើពីរកំណាត់បន្ថែមទៀត និងគ្រូវគ្គឈើបួនកំណាត់ឲ្យបានមួយវគ្គ​ដើម្បី​​ជំរុញ​ ការបណ្តុះបណ្តាលដល់មេដឹកនាំកាយរឹទ្ធិឲ្យកាន់តែមានសមត្ថភាព​ខ្ពស់ថែម​ទៀត។

ជាមួយនេះដែរ កាយរឹទ្ធិជាតិកម្ពុជាកំពុងត្រៀមលក្ខណៈជំរុញសកម្មភាពរបស់ខ្លួន​ឲ្យ​បាន​​ ខ្លាំងឡើងថែមទៀត និងត្រៀមចូលរួមក្នុងសកម្មភាពក្នុងតំបន់និងពិភពលោក រួមមាន សន្និសីទ​កាយរឹទ្ធិពិភពលោកលើកទី៤១នៅទីក្រុងបាគូ ប្រទេសអាហ្សែបបៃហ្សាននៅឆ្នាំ២០១៧ សន្និសីទកាយរឹទ្ធិតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី២៥នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅឆ្នាំ​២០១៨ និងការបោះជំរុំកាយរឹទ្ធិពិភពលោកលើកទី២៤នៅសហរដ្ឋអាមេរិកនៅ​ឆ្នាំ២០១៩​ខាង​ មុខ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងអបអរសាទរ​ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំកាយរឹទ្ធិគ្រប់លំដាប់ថ្នាក់ និងក្មួយៗកាយរឹទ្ធិ និង​កាយរឹទ្ធិ​រៀមច្បងទាំងអស់ ដែល​បានយកអស់កម្លាំង​កាយចិ​ត្ត​បំពេញ​​បេសកកម្ម​​ជាប្រវត្តិសាស្ត្រ​ ដោយ​​​ប្រមូលផ្តុំ កម្លាំងគ្រប់ផ្នែក ចូលរួមក្នុងការបន្តកសាង និងជួសជុល​ផ្លូវ​គម​នាគមន៍ ប្រព័ន្ធ​ធារាសាស្ត្រ សាលារៀន មន្ទីរពេទ្យ សំដៅលើកស្ទួយជីវភាពរបស់ប្រជាជន​ឱ្យមានភាព​ប្រសើរ​ឡើង​។

ជាមួយគ្នានេះ​ដែរ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​​ចំពោះ​មាតា បិតា អាណាព្យាបាល លោកគ្រូ និងអ្នកគ្រូនៅទូទាំងប្រទេស ដែលបានជំរុញ និង លើកទឹកចិត្តក្មួយៗជាសិស្សានុសិស្សឱ្យចូលរួមក្នុងការអប់រំ​បណ្តុះបណ្តាល​ ក្រៅប្រព័ន្ធ​ តាមរយៈ​វិធីសាស្រ្តកាយរឹទ្ធិ និងបាន​ចូល​ជាសមាជិក កាយរឹទ្ធិជាតិកម្ពុជាប្រកប​ដោយស្មារតី​អង់អាច​ក្លាហាន មានឆន្ទៈបំពេញ​ការងារ និងមានឧត្តមគតិ ស្រឡាញ់ប្រទេសជាតិ មាតុភូមិរបស់យើង។ ​

- ឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្មួយៗកាយរឹទ្ធិទាំងអស់!

 ពីអង្គវេទិកាដ៏ឧត្តុង្គឧត្តមនាពេលនេះ ខ្ញុំសូមសម្តែងនូវការគោរពដឹងគុណ​ដ៏ខ្ពង់​ខ្ពស់បំផុត​​ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាគរុគណ នៃកាយរឹទ្ធិជាតិកម្ពុជា ដែល​​​​បានជួយឧបត្ថម្ភគាំទ្រ​ជានិច្ច​ដល់ដំណើរការ​កាយរឹទិ្ធ​​​ជាតិ​​​ កម្ពុជា​ឱ្យពង្រឹង បាននូវតួនាទីនិងគំរូល្អរបស់ខ្លួននៅក្នុង​សង្គម​ សំដៅធ្វើឲ្យមានការកែប្រែឥរិយាបថ​របស់យុវជន ឆ្ពោះទៅរក​ភាព​វិជ្ជមាន និងភាពជឿន​លឿន​ប្រកប​​​ដោយ​​​​សេចក្តីក្លាហាន និង​ផ្សារភ្ផាប់ខ្លួនទៅនឹង ភារកិច្ចចំពោះប្រទេស​ជាតិ និងព្រះពុទ្ធ​សាសនា ចេះអប់រំកសាងខ្លួនឯង​ឱ្យមានសុខភាពល្អ កម្លាំង​កាយ​មាំមួន ប្រាជ្ញាឈ្លាសវៃ ស្មារតី​រឹងប៉ឹង ប្រកបដោយ​ការ​ភ្ញាក់រលឹក និង​មានសីលធម៌ល្អ ចេះគោរព​និងជួយអ្នកដទៃ រួមចំណែក​លើក​កម្ពស់ការអនុវត្ត​បេសកកម្ម​របស់​កាយរឹទ្ធិជាតិកម្ពុជា ឱ្យទទួលបានជោគជ័យ​តាម​គោលបំណងរបស់ខ្លួន ដើម្បី​ជំរុញ​​ចលនា​រិទ្ធិកាន់​តែរឹង​មាំ​ទាំងបរិមាណ និងគុណភាព ក្នុងស្មារតី​សន្តិសហវិជ្ផមាន ព្រមទាំងមានវិធានការទប់​ស្កាត់​នូវរាល់អំពើអសកម្ម នានាដូចជា ការសេពគ្រឿងញៀន ការសេពគ្រឿងស្រវឹង ការលេង​ល្បែងស៊ីសង សកម្មភាព​ក្មេង​​​ទំនើង ការលួច ឆក់ ប្លន់ ជាដើម ។ល។ ​

ដើម្បីបន្តរួមចំណែកកសាង ពង្រឹង និង​ពង្រីកកម្លាំងនៃចលនាកាយរឹទ្ធិកម្ពុជា​ឱ្យបាន​ខ្លាំងក្លា​ និងរីកចម្រើនថែមទៀត ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួនដូច​តទៅ ៖      

១- ថ្នាក់ដឹកនាំកាយរឹទ្ធិគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយសេចក្តីសម្រេច​របស់​មហា​ សន្និបាតកាយរឹទ្ធិជាតិកម្ពុជា​លើកទី៣​នេះ ធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង និងគោលនយោបាយរបស់​កាយរឹទ្ធិ​ជាតិ​កម្ពុជា​ដល់​សមាជិក​ កាយរឹទ្ធិគ្រប់រូបនៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីយក​ទៅ​អនុវត្ត​ឲ្យ​មាន​​ ប្រសិទ្ធភាព។

២- បន្ត​រៀបចំ​កងឯកភាព​កាយរឹទ្ធិប្អូននៅសាលាបឋមសិក្សានានានៅតាមរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ដោយហេតុថា ការបណ្តុះស្មារតីកាយរឹទ្ធិ​ពីកុមារភាព ជា​​​​កត្តាចាំបាច់ និង​មាន​សារ​ប្រយោជន៍​បំផុតរបស់កាយរឹទ្ធិជាតិកម្ពុជា។ បន្តរៀបចំចងក្រង​ឯកសារនិងមេរៀនស្តីពី​កាយរឹទ្ធិ​ប្អូន​​​ ទុកសម្រាប់លោកគ្រូ-អ្នកគ្រូ ដែលជាគ្រូឧទ្ទេសកាយរឹទ្ធិ ធ្វើការ​អប់រំបណ្តាលដល់កាយរឹទ្ធិប្អូន ដើម្បី​ជួយពួកគាត់ឲ្យបានទទួលការអប់រំនូវវិធីសាស្ត្រកាយរឹទ្ធិតាំងពីតូចៗតទៅ។

៣- បន្ត​ពង្រឹងនិងពង្រីកកម្លាំងនៃចលនាកាយរិទ្ធិ និងកាយរឹទ្ធិរៀមច្បង នៅតាមគ្រិះស្ថាន​សិក្សានានា និងបន្តរៀបចំកង​ឯកភាព កង និងល្បាតឱ្យ​បានឯកភាព​គ្នានៅទូទាំងប្រទេស ស្រប​តាម​ស្តង់ដាអន្តរជាតិ។

៤- បន្តការធ្វើប្រវត្តិរូប​និងអត្តសញ្ញាណប័ណ្ណកាយរឹទិ្ធ ដល់ថ្នាក់ដឹកនាំកាយរឹទ្ធិនិង​សមាជិក​​​កាយរឹទ្ធិ​ ឲ្យបានគ្រប់រូបនៅក្នុងអាណត្តិទី៣ខាងមុខនេះ។

៥-  ​បន្តរៀបចំវគ្គ​បណ្តុះ​បណ្តាលគ្រូបង្គោល និង​ស្នងការរាជធានី-ខេត្ត ឱ្យ​បាន​ទៀងទាត់​និងទាន់​ពេល​វេលា ជំរុញការរៀបចំកម្មវិធីធ្វើតេស្តតម្លើង​​ឋានន្តរស័ក្កិដល់​សមាជិក​​​ កាយរឹទ្ធិឲ្យបាន​ត្រឹម​ត្រូវ​​​ទៅ​​តាមបែបបទទាំង៦កម្រិត នៃ​ឋានន្តរស័កិ្កកាយរឹទិ្ធ​ រួមមាន ៖
            1- ឋានន្តរស័ក្តិកាយរឹទ្ធិថ្នាក់ដំបូង    
            2- ឋានន្តរស័ក្តិកាយរឹទ្ធិថ្នាក់លេខ២
            3- ឋានន្តរស័ក្តិកាយរឹទ្ធិថ្នាក់លេខ១  
            4- ឋានន្តរស័ក្តិកាយរឹទ្ធិថ្នាក់វរកាយរឹទ្ធិ
            5- ឋានន្តរស័ក្តិថ្នាក់ផ្កាយ និង
            6- ឋានន្តរស័ក្តិថ្នាក់អង្គរ។
៦- បន្តរៀបចំបទបញ្ជាផ្ទៃក្នុងនិង​ផែនការ​សកម្មភាព​​ របស់កាយរឹទ្ធិជាតិកម្ពុជារាជធានី-ខេត្ត ​ដោយផ្អែកលើមូលដ្ឋានធម្មនុញ្ញនិងបទបញ្ជាផ្ទៃក្នុងរបស់​កាយរឹទ្ធិជាតិកម្ពុជា ​ដើម្បី​ធានា​ប្រសិទ្ធ​-ភាព​​ការងាររបស់ខ្លួន។

៧- បន្តរៀបចំកាយរឹទ្ធិជាតិកម្ពុជា​ថ្នាក់​​ក្រុង-ស្រុក-ខណ្ឌ ឱ្យបានចប់សព្វគ្រប់នៅក្នុង​អាណត្តទី៣នេះ ដោយសហការជាមួយស្នងការជាតិដើម្បីរៀបចំការ​បណ្តុះបណ្តាល​សមត្ថភាព​មេកង​ កាយរឹទ្ធិប្អូន និងមេកងកាយរឹទ្ធិ  ដែលឆ្លើយតបទៅនឹងតម្រូវការ​នៃមូលដ្ឋានរបស់ខ្លួន​ ឱ្យ​បាន​សមស្រប ។

៨- បន្តកសាងផែនការសកម្មភាពរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែងស្រប តាមធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃកាយរឹទ្ធិជាតិកម្ពុជា និងស្របតាមគោលការណ៍កាយរឹទ្ធិ ថ្នាក់តំបន់និងពិភពលោក។

៩- បន្តពង្រឹងយន្តការគ្រប់គ្រង តាមដាននិងវាយតម្លៃនៅថ្នាក់ជាតិ រាជធានី-ខេត្ត និង​ក្រុង ស្រុក ខណ្ឌ ដើម្បីមានវិធានការណែនាំអនុវត្តទាន់ពេលវេលានិងបង្កើតមូលដ្ឋាន​ទំនាក់​ទំនង​ ល្អប្រសើររវាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

១០- ត្រូវយកចិត្តទុកដាក់រៀបចំការបោះជំរុំកាយរឹទ្ធិថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត ឱ្យ​បាន​ជាប្រចាំនិងជារៀងរាល់ឆ្នាំ ដើម្បី​ឲ្យក្មួយមាន​ឱកាស​រៀនសូត្រអំពីជំនាញកាយរឹទ្ធិតាមរយៈ​ការ​​ អនុវត្តជាក់ស្តែង នៅតាមទីវាលដោយផ្សារភ្ជាប់ខ្លួន​ជា​មួយ​ធម្មជាតិ និងបង្កើនការរឹតចំណង មិត្តភាព សាមគ្គីភាពបានកាន់តែជិតស្និតថែមទៀត។

១១- កាយរឹទ្ធិជាតិកម្ពុជារាជធានី-ខេត្ត ត្រូវបន្តផ្តល់របាយការណ៏ប្រចាំឆមាស និង​ប្រចាំឆ្នាំ រួមទាំងព័ត៌មានពាក់ព័ន្ធផ្សេងៗទៅអគ្គលេខាធិការដ្ឋានកាយរឹទ្ធិជាតិកម្ពុជាឱ្យបាន ​ទៀង​ទាត់។​
          
តាមរយៈសកម្មភាពខាងលើនេះ ខ្ញុំពិតជាមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំកាយរឹទ្ធិ នឹងខិតខំពង្រឹងការដឹកនាំការងារកាយរឹទ្ធិ​ឲ្យបានល្អ​ប្រសើរ​ឡើងថែមទៀត ដើម្បីឲ្យសមាជិកកាយរឹទ្ធិទាំងអស់បានក្លាយជា​កម្លាំងកាយរឹទ្ធិមួយ​ដ៏អង់​អាច​ ​ក្លាហាន ជាពលរដ្ឋល្អ មានសមត្ថភាព​គ្រប់គ្រាន់ មានស្មារតី​ទទួលខុសត្រូវខ្ពស់ ជាអ្នកបន្តវេន​ដ៏មាន​ប្រសិទ្ធភាពក្នុងកិច្ចការ​អភិវឌ្ឍ​សហគមន៍​​ និងសង្គមជាតិ។

ជាទីបញ្ចប់  ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្មួយៗ​កាយរឹទ្ធិ​ទាំងអស់ សូមទទួលបាននូវ​ពុទ្ធពរ​ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ព្រមទាំង​ទទួល​បានជ័យជំនះគ្រប់ភារកិច្ច និង​មានសុភមង្គល​នៅក្នុងក្រុម​គ្រួសារ​គ្រប់ៗ​គ្នា។      

ខ្ញុំសូមប្រកាសបិទមហាសន្និបាតលើកទី៣ នៃកាយរឹទ្ធិជាតិកម្ពុជានាពេលនេះ។

សូមអរគុណ!