Saturday, October 19, 2024

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស្វាយ ស៉ីថា ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ





(ភ្នំពេញ)៖ ក្នុងឱកាសដ៏មង្គលសួស្តី នៃថ្ងៃខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤, ឯកឧត្តម ស្វាយ ស៉ីថា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ និងមន្រ្តីរាជការទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ទទួលបានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកម្ពុជាឱ្យរីកចម្រើនរុងរឿងតទៅ។


នាឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរចំពោះសម្តេចមហាបវរធិបតី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ដឹកនាំរាជរដ្ឋាភិបាលបន្តវេន បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។


ក្រោមការដឹកនាំរាជរដ្ឋាភិបាលបន្តវេន របស់សម្តេចមហាបវរធិបតី ប្រជាជនកម្ពុជាបន្តរួមរស់ជាមហាគ្រួសារ ប្រកបដោយសុភមង្គល វិបុលភាព, មោទនភាពជាតិ កិត្យានុភាពជាតិ និងឧត្តមភាព នៃរាជរដ្ឋាភិបាលកម្ពុជា កាន់តែត្រូវបានលើកកម្ពស់នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។


យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តី សុខចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខុមាលភាពល្អបរិបូរណ៍ និងសូមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លា បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា​ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា​



នារសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ 


ក្នុងឱកាសនៃជំនួប លោកជំទាវឯកអគ្គរដ្ឋទូតបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី។ លោកជំទាវឯកអគ្គរដ្ឋទូតគូសបញ្ជាក់អំពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អរវាងគុយបា និងកម្ពុជា  ដែលរួមមាន​៖ វិស័យអប់រំ, សុខាភិបាល, កសិកម្ម, និងកីឡា។ លោកជំទាវ​អគ្គរដ្ឋទូត​បាន​ប្តេជ្ញាខិតខំជំរុញ​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត។ 


ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណសាធារណរដ្ឋគុយបាដែលបានផ្ដល់នូវការគាំទ្រដល់កម្ពុជានាពេលកន្លងមក រួមទាំងក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី ៣២ និង ASEAN Para Games លើកទី ១២ ឆ្នាំ២០២៣។ សម្ដេចបវរធិបតីបាន​វាយតម្លៃ​ខ្ពស់ចំពោះទំនាក់ទំនង​  និង​កិច្ចសហប្រតិបត្តិការដ៏ល្អប្រសេីរ​រវាង​ប្រទេស​ទាំងពីរ​  និងបានគូសបញ្ជាក់ថា ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនធ្វើការជាមួយលោកជំទាវឯកអគ្គរដ្ឋទូត និងលើកទឹកចិត្តលោកជំទាវ ឱ្យបន្តធ្វើការកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ​ ដេីម្បីបន្តជំរុញការពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលថ្មីៗបន្ថែមទៀតផងដែរ។ 


សម្តេចបវរធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូតក៏បានផ្លាស់ប្តូរយោបល់លើប្រធានបទអន្តរជាតិមួយចំនួនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕





ទូតអូស្ត្រាលីថ្មីប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត




រសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Derek Yip ឯកអគ្គរាជទូត នៃប្រទេសអូស្ត្រាលី ប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្ដិភាព។


ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូតបានប្ដេជ្ញាចិត្ត៖ (១) បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត (២) គាំទ្រកម្ពុជាដែលនឹងចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ និង (៣) គាំទ្រការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ និងចីរភាពរបស់កម្ពុជា។ 


ជាការឆ្លើយតប សម្ដេចបវរធិបតីបានអបអរសាទរឯកឧត្តមអគ្គរាជទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានអរគុណអូស្រ្តាលី ដែលបានរួមចំណែកក្នុងការស្វែងសន្ដិភាព នាពេលកន្លងមក និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា រហូតមកដល់បច្ចុប្បន្ន។ 


សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រឹងមាំ និងយូរអង្វែង រវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើលើវិស័យសំខាន់ៗមួយចំនួន មានជាអាទិ៍៖ វិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច, វិនិយោគ, ថាមពលស្អាត, សុខាភិបាល, អប់រំ, ការពារជាតិ និងសន្តិសុខ រួមទាំងការបណ្តុះបណ្តាល ផងដែរ ។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសន្ទនា និងយន្តការក្នុងការផ្លាស់ប្តូរព័ត៌មានលើប្រធានបទដែលមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ ៕


ប្រធានតុលាការធម្មនុញ្ញថៃ កោតសរសើរការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា




នារសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញថៃ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ 


ក្នុងឱកាសនៃជំនួប ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរ ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា។  ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ឯកឧត្តមមានគោលដៅផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយនឹងក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្វែងយល់បន្ថែមអំពីការអនុវត្តមុខងាររបស់ស្ថាប័នកំពូលមួយនេះ។  


ជាការឆ្លើយតប សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យរវាងកម្ពុជា និងថៃ រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខ និងការពារជាតិ។ សម្ដេចបវរធិបតីបានស្វាគមន៍ការបង្កើនទំនាក់ទំនងរវាងក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងតុលាការធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ ដែលនឹងរួមចំណែកពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕