Sunday, April 30, 2023

វិភាគអន្តរជាតិ៖ ការបោះឆ្នោតសកលរបស់ថៃ! តើអ្នកឈ្នះអាចបង្កើតរដ្ឋាភិបាល បានឬ?



(បាងកក)៖ កាលពីថ្ងៃទី៥ ខែមេសាកន្លងទៅ គណបក្សភឿថៃ (Pheu Thai Party, PTP)​ នៅក្នុងប្រទេសថៃ បានប្រកាសនៅឯយុទ្ធនាការឃោសនាបោះឆ្នោតមួយថាគណបក្ស របស់ខ្លួន នឹងមិនចូលរួមជាមួយគណបក្ស Palang Pracharath Party (PPRP) គាំទ្រដោយយោធា ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ នៅក្រោយការបោះឆ្នោតសកលដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ ខែឧសភាក្រោយនេះនោះទេ។ ការអះអាងរបស់គណបក្សភឿថៃ ធ្វើឡើងជាការឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមដែលថាបក្សមួយនេះនឹងរួមដៃគ្នាបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយគណបក្ស Palang Pracharath សំដៅផាត់លោក ប្រាយុទ្ធ ចាន់អូចា ចេញពីកៅអីនាយករដ្ឋមន្ត្រី ក៏ដូចជាធ្វើការធានាដល់ក្រុមអ្នកគាំទ្រ និងបញ្ជាក់ពីគោលដៅដណ្ដើមឱ្យបាននូវ អាសនៈយ៉ាងហោច ៣១០ នៅក្នុងចំណោមអាសនៈទាំង៥០០ នៅក្នុងរដ្ឋសភា។

ការស្ទង់មតិជាច្រើននាពេលកន្លងមក បានបង្ហាញថាគណបក្សភឿថៃ មានលទ្ធភាពទទួលបានជ័យជម្នះខ្ពស់ជាងគេនៅក្នុងបោះឆ្នោតសកល រីឯបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្ស គឺអ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ ជាកូនស្រីពៅអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន និងត្រូវជាក្មួយបង្កើតរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យ៉ីងឡាក់ ក៏ស្ថិតនៅក្នុងជម្រើសកំពូលដែល ប្រជាជនថៃគាំទ្រសម្រាប់តំណែងជានាយករដ្ឋមន្ត្រីផងដែរ។ ក៏ប៉ុន្តែ សំណួរនៅតែមាន នោះគឺថាតើគណបក្សប្រឆាំងមួយនេះអាចនឹងបង្កើតរដ្ឋាភិបាលដោយឯកបក្ស ឬក៏អាចទទួលបាន កៅអីនាយករដ្ឋមន្ត្រី ដែរឬក៏យ៉ាងណា? ដ្បិតនៅក្រោមប្រព័ន្ធបោះឆ្នោតថៃសព្វថ្ងៃ អ្នកឈ្នះមិនប្រាកដថាអាចបង្កើតរដ្ឋាភិបាល ឬអាចអង្គុយកៅអីនាយករដ្ឋមន្ត្រី នោះឡើយ។ មែនទែនទៅ គិតចាប់តាំងពីឆ្នាំ២០០១មក គណបក្សភឿថៃតែងតែទទួលបានសំឡេងគាំទ្រភាគច្រើន នៅក្នុងសភា។ តែនៅលើកនេះ គណបក្សភឿថៃនឹងត្រូវជួបបញ្ហាប្រឈមជាច្រើនដើម្បីបង្កើត រដ្ឋាភិបាល ក្នុងនោះជាពិសេស ត្រូវប្រឈមមុខនឹងសមាជិក ២៥០នាក់ ដែលត្រូវបានយោធាចាប់ដាក់ឱ្យអង្គុយនៅឯព្រឹទ្ធសភា និង «មានទំនោរមិនគាំទ្របេក្ខជននាយករដ្ឋមន្ត្រី» មកពី គណបក្សភឿថៃ ដោយសារតែមានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលកំពុងរស់នៅនិរទេសខ្លួននៅបរទេស។

បើតាមរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ត្រូវបានធ្វើវិសោធនកម្មដោយយោធាថៃ បេក្ខជននាយករដ្ឋមន្ត្រីមិនត្រូវបានតម្រូវឱ្យប្រកួតប្រជែងគ្នាទេ។ ពោលគឺគណបក្សនយោបាយ អាចតែងតាំង បេក្ខជននាយករដ្ឋមន្ត្រី៣រូប ដោយត្រូវចុះបញ្ជីជាមួយគណៈកម្មការរៀបចំការបោះឆ្នោតថៃ នៅមុនថ្ងៃបោះឆ្នោតចូលមកដល់។ មានតែបេក្ខជនមកពីគណបក្សដែលទទួលបាន អាសនៈសភាយ៉ាងតិច ២៥ប៉ុណ្ណោះ ទើបមានសិទ្ធិស្ថិតនៅក្រោមការពិចារណាសម្រាប់តំណែងជានាយករដ្ឋមន្ត្រី។ ការបោះឆ្នោតតែងតាំងនាយករដ្ឋមន្ត្រី ត្រូវឆ្លងកាត់ការជ្រើសរើស ពីសមាជិករដ្ឋសភា៥០០នាក់ និងសមាជិកព្រឹទ្ធសភា ២៥០នាក់ ហើយដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រី បេក្ខជនម្នាក់ត្រូវធ្វើយ៉ាងណាប្រមូលឱ្យបានសំឡេងគាំទ្រ ៣៧៦ នៅក្នុង ចំណោមតំណាងរាស្ត្រនៃសភាថៃទាំង២។

គណបក្សភឿថៃ បានដាក់ចេញយុទ្ធសាស្ត្រប្រមូលឱ្យបាន «សំឡេងគាំទ្រភ្លូកទឹកភ្លូកដី» ដោយត្រូវតែឈ្នះអាសនៈយ៉ាងហោច ៣១០អាសនៈនៅឯរដ្ឋសភា ឬសភាជាន់ទាប ដែលនេះ អាចនឹងអនុញ្ញាតឱ្យគណបក្ស ក្រោមកិច្ចសហការជាមួយគណបក្សប្រឆាំងដទៃ ប្រកាសពី «ជ័យជម្នះយ៉ាងពិតប្រាកដមួយ» និងអាចតែងតាំងនាយករដ្ឋមន្ត្រី បើទោះជាមានការគំាទ្រ តិចតួចពីសមាជិកព្រឹទ្ធសភាក៏ដោយ។ ក៏ប៉ុន្តែ តើគណបក្សភឿថៃអាចសម្រេចបានជ័យជម្នះដ៏ធំបែបនេះបានដែរឬទេ? ចុះបើមិនបានវិញ តើលទ្ធផលបោះឆ្នោតនឹងទៅជាយ៉ាងណា? គោលដៅឈ្នះអាសនៈសភាជាន់ទាប ៣១០អាសនៈ វាមិនមែនជារឿងងាយស្រួលឡើយ។ បើតាមកិច្ចសម្ភាសន៍ថ្មីៗនេះរបស់ប្រព័ន្ធផ្សព្វផ្សាយថៃជាមួយមន្ត្រីជាន់ខ្ពស់នៃ គណបក្សភឿថៃ បាននិយាយថាគណបក្សប្រឆាំងនេះបានដាក់យុទ្ធសាស្រ្តដណ្ដើមឱ្យបាន ៣១០អាសនៈ ដោយផ្អែកលើជ័យជម្នះរបស់ខ្លួននៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០០១ ដែលគណបក្សទទួលបាន ២៤៨អាសនៈ និងនៅឆ្នាំ២០០៥ ទទួលបាន ៣៧៧អាសនៈ។

ក៏ប៉ុន្តែ បញ្ហានៅត្រង់ថាការបោះឆ្នោតទាំង២លើក នៅពេលនោះ ក្រៅតែបក្សធំៗចំនួន២ គណបក្សដែលជាជម្រើសដ៏មានសក្ដានុពលផ្សេងទៀតមានតែមួយគត់គឺ គណបក្សប្រជាធិបតេយ្យ (Democrat Party)។ ដោយឡែក នៅក្នុងការបោះឆ្នោតសកលនៅឆ្នាំ២០២៣នេះវិញ ប្រជាជនថៃមានជម្រើសជាច្រើន ក្នុងការជ្រើសរើសគណបក្សទាំងមាននិន្នាការសេរីនិយម និងអភិរក្សនិយម។ គណបក្សអភិរក្សនិយម រួមមានគណបក្សប្រជាធិបតេយ្យ, គណបក្សថៃរួបរួមជាតិ (United Thai Nation Party) ដែលគាំទ្រលោក ប្រាយុទ្ធ ចាន់អូចាជាបេក្ខជន នាយករដ្ឋមន្ត្រី, គណបក្ស Palang Pracharath របស់លោកឧត្ដមសេនីយ៍ លោក ប្រាវីត វ៉ុងស៊ូវ៉ាន់ (Prawit Wongsuwan) និងគណបក្សភូមិចៃថៃ (Bhumjaithai Party) ដឹកនាំដោយ រដ្ឋមន្ត្រីសុខាភិបាល លោក អានូធីន ឆានវីរៈខុល (Anutin Charnvirakul)។ ចំណែកឯ ខាងគណបក្សនិន្នាការសេរីនិយម មានគណបក្សភឿថៃ គណបក្សឆ្ពោះទៅមុខ (Move Forward Party) គណបក្សថៃសាងថៃ (Thai Sang Thai Party) ដឹកនាំដោយអតីតបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ លោកស្រី ស៊ូដារ័ត្ន គីយូរ៉ាផាន់ (Sudarat Keyuraphan) ព្រមទាំងគណបក្សសេរីរួមថៃ (Seri Ruam Thai Party) របស់លោក សេរីពីសុត ថេមីយ៉ាងវេត (Seripisut Temiyavet)។

ការបោះឆ្នោតមានជម្រើសគណបក្សច្រើនបែបនេះឯង អាចនឹងបង្កផលលំបាកដល់គណបក្សភឿថៃ ក្នុងការដណ្ដើមជ័យជម្នះភ្លូកទឹកភ្លូកដី ហើយប្រសិនបើគណបក្សភឿថៃមិនអាចទទួលបាន ជ័យជម្នះយ៉ាងពិតប្រាកដ ឬនាំមុខដាច់ទេនោះ នោះស្ថានការណ៍អាចនឹងបង្ខំឱ្យគណបក្សត្រូវស្វែងរកដៃគូបង្កើតរដ្ឋាភិបាលចម្រុះ។ ដៃគូទាំងនោះអាចមានដូចជាគណបក្ស Seri Ruam Thai និង Move Forward។ ប៉ុន្តែ ការសហការជាមួយគណបក្ស Move Forward អាចនឹងធ្វើឱ្យគណបក្សភឿថៃ ពិចារណាយ៉ាងល្អិតល្អន់បំផុត ដោយសារតែគោលនយោបាយដ៏ចម្រូងចម្រាស របស់គណបក្ស Move Forward នោះគឺការធ្វើកំណែទម្រង់មាត្រា ១១២ នៃច្បាប់ប្រមាថព្រះចេស្ដារបស់ថៃ។ ក្រៅតែពីជម្រើសរួមដៃជាមួយបក្សមាននិន្នាការសេរីនិយម គណបក្សភឿថៃ​ ក៏អាចមានជម្រើសចូលរួមជាមួយគណបក្សមាននិន្នាការអភិរក្សនិយមដូចជា​គណបក្ស Palang Pracharath និង Bhumjaithai។ Palang Pracharath ធ្លាប់ជាគណបក្សមួយដែលមាន រដ្ឋាភិបាលដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូ ចាប់តាំងពីឆ្នាំ២០១៩មក។ លោក ប្រាយុទ្ធ ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី បើទោះជាគណបក្សរបស់លោកជាគណបក្សធំលំដាប់ទី២ នៅក្នុងរដ្ឋសភាក៏ដោយ ហើយនោះក៏ដោយសារតែលោកទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភាទំាង២៥០នាក់។ នៅក្នុងករណីចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្ស Palang Pracharath គណបក្សភឿថៃអាចនឹងទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភា តែវាអាចធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនដែលប្រឆាំងនឹងយោធាខកចិត្ត ហើយវាក៏មិនមែនជាជ័យជម្នះត្រួសត្រាយផ្លូវ ឱ្យបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនត្រូវបានតែងតាំងនោះដែរ ដោយបេក្ខជនមកពីគណបក្ស Palang Pracharath គឺលោក ​ប្រាវីត វ៉ុងស៊ូវ៉ាន់ ទៅវិញទេដែលអាចនឹងក្លាយជានាយករដ្ឋមន្ត្រី។

នៅមុនការបោះឆ្នោតសកលកាលពីឆ្នាំ២០១៩ លោក ប្រាវីដ បានចូលរួមនៅក្នុងការបោះឆ្នោតតែងតាំងសមាជិកព្រឹទ្ធសភាទាំង ២៥០នាក់។ ដូច្នេះព្រឹទ្ធសភាអាចនឹងគាំទ្រលោក ប្រាវីដ ជាជាងគាំទ្របេក្ខជនមកពីគណបក្សភឿថៃ។ ខណៈសម្ព័ន្ធភាពរវាងគណបក្ស Palang Pracharath និងគណបក្សភឿថៃ​ជារឿងអាចធ្វើទៅរួចក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់នៃគណបក្សភឿថៃ បានប្រកាសរួចហើយពីបំណងបង្កើតរដ្ឋាភិបាលមួយដោយមិនមានគណបក្ស Palang Pracharath ជាមួយការអំពាវនាវឱ្យប្រជាជនថៃផ្ដល់ជ័យជម្នះភ្លូកទឹកភ្លូកដីដល់គណបក្សខ្លួន។ តែទោះជាយ៉ាងណាក៏ដោយ ការរួមដៃជាមួយបក្ស Palang Pracharath មានគុណសម្បត្តិបន្ថែម នោះគឺលោក បា្រវីដ អាចជួយបង្កើតរដ្ឋាភិបាលដ៏មានស្ថិរភាពមួយ រួមទាំងបង្កើតឱកាស បើកផ្លូវឱ្យលោក ថាក់ស៊ីន អាចធ្វើមាតុភូមនិវត្តមកកាន់ប្រទេសថៃវិញ។

គួរបញ្ជាក់ថា នៅកំឡុងវេទិកាតស៊ូមតិកន្លងមក មេដឹកនាំនៃគណបក្សអភិរក្សនិយមថៃមួយចំនួន បានសង្កត់ធ្ងន់ថាប្រសិនបើគណបក្សណាមួយអាចបង្កើតរដ្ឋាភិបាលចម្រុះមួយដែលមាន អាសនៈច្រើនជាង ២៥០ឡើងទៅ គណបក្សទាំងនោះគួរតែត្រូវបានអនុញ្ញាតឱ្យដឹកនាំប្រទេស ដែលនេះបានបង្កឱ្យមានការសន្និដ្ឋានថាគណបក្សដែលឈ្នះអាសនៈភាគច្រើន ប្រហែលជា នឹងមិនអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាននោះទេ។ ប្រសិនបើគណបក្សភឿថៃមិនអាចបង្កើតរដ្ឋាភិបាលចម្រុះ នៅក្រោយការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភាក្រោយនេះបានទេ នោះសេណារីយ៉ូដដែលៗអាចនឹងកើតឡើង គឺគណបក្សភឿថៃ ជាអ្នកទទួលបានជ័យជម្នះ តែនាយករដ្ឋមន្ត្រីបែរជាមនុស្សមកពីបក្សផ្សេងទៅវិញ៕


សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យសមិទ្ធផល និងវឌ្ឍនភាពនៃការសាងសង់ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ


នៅព្រឹក ថ្ងៃអាទិត្យ ១១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យ សមិទ្ធផល​ និងវឌ្ឍនភាពនៃការសាងសង់ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់ ទី៣ នៅខេត្តព្រះសីហនុ។

ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) នេះ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយប្រើប្រាស់បច្ចេកវិទ្យា Membrane Aerated Biofilm Reactor (MABR) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអ៊ីស្រាអែល ដែលអនុវត្តដោយក្រុមហ៊ុន Xwater Technology រយៈពេល ២២ខែ គ្រោងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ក្នុងទឹកប្រាក់ប្រមាណ ២០លានដុល្លារ។ 

ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ហើយការសាងសង់ឡើងក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ។ 

បច្ចុប្បន្ន ខេត្តព្រះសីហនុមានស្ថានីយប្រព្រឹត្តិកម្មទឹកខ្វាក់ចំនួន៣ ទីតាំងហើយ ដែលស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥,២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ចំណែកឯស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលកំពុងបើកការដ្ឋានសាងសង់នៅពេលនេះ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ស្ថានីយប្រព្រឹត្តកម្មនេះបានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមដល់ខេត្តព្រះសីហនុ ធ្វើឱ្យបរិស្ថានល្អ សោភ័ណភាព និងទទួលបានភ្ញៀវទេសចរច្រើននាពេលខាងមុខ ដោយមានស្ថេរភាព ប្រសិទ្ធភាព សន្សំសំចៃថាមពល គ្មានសំឡេងរំខាន គ្មា​នក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ និងអ្នករួមចំណែកដល់ការថែរក្សាបរិស្ថាន៕