Sunday, April 30, 2023

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវករ មណ្ឌលសុខភាពកុមាររាជា ស្រុកបាទី ខេត្តតាកែវ

 

តាកែវ៖ នៅព្រឹកថ្ងៃសៅរ៍១០កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ មានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាព កុមាររាជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាទី ខេត្តតាកែវ ឯកឧត្តមអភិបាលរងខេត្តតាកែវ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកុមាររាជា លោក Andrew Tay ប្រធានអង្គការសេនចនភ្នំពេញ លោក Barry Graham Jessen ប្រធានអង្គការសាម៉ារីតាន់ ភឺស ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លោកអភិបាលស្រុកបាទី លោកអភិបាលរងស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាពឃុំ និងក្រុមគ្រូពេទ្យ លោកនាយកអនុវិទ្យាល័យក្រាំងពង្រ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋមូលដ្ឋានចូលរួមទាំងអស់ ប្រមាណ៧០០នាក់។

ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកុមាររាជា បានឡើងអានរបាយការណ៍ដោយបានគូសបញ្ជាក់ថា មុនពេលដំណើរការមណ្ឌលសុខភាពនេះ ប្រជាពលរដ្ឋក្នុងឃុំកុមាររាជា បានជួបការលំបាកខ្លាំងនៅពេលសមាជិកក្រុមគ្រួសារណាម្នាក់ធ្លាក់ខ្លួនឈឺ ពួកគាត់ត្រូវធ្វើដំណើរទៅរកសេវាព្យាបាលសុខភាពនៅមណ្ឌលសុខភាពសុភី ក្រាំងលាវ ត្រពាំងសាប លំពង់ មន្ទីរពេទ្យបង្អែកបាទី ឬឃ្លីនិកឯកជន។

ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ បានមានប្រសាសន៍បន្តថា ការសាងសង់មណ្ឌលសុខភាពនេះ ជាជំនួយរបស់អង្គការសេនចនភ្នំពេញ និងអង្គការសាម៉ារីតាន់ភឺស គឺបានមកពីការខិតខំប្រឹងប្រែងជួយសម្របសម្រួលរបស់ឯកឧត្តម អ៊ឹង ម៉ូលីវណ្ណ ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្រ្តី និងជាសមាជិកអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស។ ឯកឧត្តម បានបន្តថា សមិទ្ធផលទាំងអស់នៅក្នុងមណ្ឌលសុខភាព រួមទាំងសាលាអនុវិទ្យាល័យដែលនៅជាប់គ្នានេះ និងសមិទ្ធផលដទៃទៀតនៅក្នុងឃុំកុមាររាជាទាំងមូល យើងមិនភ្លេចពីគុណូបការៈ ការជំរុញការខិតខំប្រឹងប្រែងដោះស្រាយ និងការត្រួសត្រាយផ្លូវរបស់សម្តេចវិបុលបញ្ញា សុខ អាន អតីតប្រធានក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ និងឯកឧត្តម ស្វាយ ស៊ីថា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលតែងតែជួយឧបត្ថម្ភគាំទ្រជានិច្ច។

លោក Barry Graham Jason ប្រធានអង្គការសាម៉ារីតាន់ ភឺស បានបង្ហាញនូវភាពសប្បាយរីករាយ ដែលបានជួបជុំនៅថ្ងៃនេះ ហើយលោកក៏បានគូសបញ្ជាក់ថា អង្គការរបស់លោក បានធ្វើការនៅប្រទេសកម្ពុជាអស់រយៈពេលជាង២០ឆ្នាំហើយ ដោយផ្តោតលើវិស័យអប់រំ ការសាងសង់សាលារៀន ការផ្តល់ប្រព័ន្ធទឹកស្អាត និងអនាម័យ ការជួយដល់ជនចំណាកស្រុកមកពីប្រទេសផ្សេងៗ និងកម្មវិធីថែទាំសុខភាពមាតានិងទារក។ល។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាទី ខេត្តតាកែវ បានមានប្រសាសន៍ថា បន្ទាប់ពីរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហម កម្ពុជាយើងពុំមានអ្វីទាំងអស់។ ចាប់តាំងពីប្រទេសកម្ពុជាយើង ទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅចុងឆ្នាំ១៩៩៨ មក ប្រទេសជាតិចាប់ផ្តើមមានការអភិវឌ្ឍរីកចម្រើនទៅមុខជាលំដាប់។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា ជាក់ស្តែងការសម្ពោធសមិទ្ធផលនៅថ្ងៃនេះ ក៏បានកើតចេញពីកត្តាសុខសន្តិភាពផងដែរ ព្រមទាំងមានការចូលរួមពីអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានធ្វើឱ្យកម្ពុជាយើង កាន់តែមានការអភិវឌ្ឍរីកចម្រើនទៅមុខជាលំដាប់។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាទី ខេត្តតាកែវ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាការពារសុខសន្តិភាពដែលយើងរកបានដោយលំបាកនេះផងដែរឱ្យបានគង់វង្ស ព្រោះថា នៅពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព ទើបយើងមានការអភិវឌ្ឍ។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលរួចមក ក៏មានពិធីចុះហត្ថលេខាប្រគល់-ទទួលរវាងម្ចាស់ជំនួយ និងប្រធានមណ្ឌលសុខភាពកុមាររាជា ស្រុកបាទី ខេត្តតាកែវផងដែរ៕









No comments:

Post a Comment