Tuesday, May 06, 2014
មជ្ឈមណ្ឌលវះកាត់ខួរក្បាល និងឆ្អឹងខ្នងលើកដំបូងនៅកម្ពុជានឹងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤ បានអបអរសាទរចំពោះដំណើរវិវឌ្ឍន៍ នៃការសាងសង់មជ្ឈមណ្ឌលវះកាត់ខួរក្បាល និងឆ្អឹងខ្នងជាលើកដំបូងដែលស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយសម្តេចបានចាត់ទុកថា ជាតម្រូវការចាំបាច់របស់កម្ពុជានាពេលបច្ចុប្បន្ន។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តីបានឲ្យដឹងថា នៅពេលអនុញ្ញាតឲ្យលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Franc,ois Xavier Roux ជំនាញឯកទេសផ្នែកវះកាត់ខួរក្បាល និងឆ្អឹងខ្នងរបស់ប្រទេសបារាំងចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាបាន និងកំពុងតែប្រឈមជាមួយនឹងជំងឺលើសឈាម ជំងឺដាច់សសៃឈាម និងជំងឺដែលទាក់ទិនទៅនឹងឆ្អឹងខ្នង ហើយតាមរយៈកិច្ចការ មនុស្សធម៌នេះ សម្តេចសូមចូលរួមអបអរសាទរចំពោះការវិវឌ្ឍនៃដំណើរការសាងសង់ មជ្ឈមណ្ឌលវះកាត់ខួរក្បាល និងឆ្អឹងខ្នងជាលើកដំបូងក្នុងប្រទេសកម្ពុជានោះ។
លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Franc,ois Xavier Roux បានមានប្រសាសន៍ឲ្យដឹងថា រូបលោកបានមកកាន់ប្រទេសកម្ពុជាជាលើកដំបូងកាលពីឆ្នាំ១៩៨៩ និងបានមកជាបន្តបន្ទាប់ក្នុងឆ្នាំ១៩៩៦។ ទិសដៅរបស់លោកមកកាន់ប្រទេសកម្ពុជា នៅពេលនេះ គឺដើម្បីគោរពរាយការណ៍ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តីស្តីពីលទ្ធផល នៃការសាងសង់អាគារវះកាត់ខួរក្បាល និងឆ្អឹងខ្នងក្នុងបរិវេណនៃមន្ទីរពេទ្យកាល់ម៉ែត។ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិតមានប្រសាសន៍បញ្ជាក់ថា អាគារវះកាត់នោះបានដំណើរការសាងសង់ រួចរាល់ហើយៗ នៅពេលនេះកំពុងតែបំពាក់បរិក្ខារ និងបរិក្ខារមួយចំនួនទៀតកំពុងតែធ្វើការនាំចូលមកដើម្បីបំពាក់បន្ថែមទៀត។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីដំណើរការពេញលេញហើយនោះ មជ្ឈមណ្ឌលនោះនឹងក្លាយជាមជ្ឈមណ្ឌលគំរូមួយ សម្រាប់ការវះកាត់ជំងឺដែលពាក់ព័ន្ធនឹងខួរក្បាល និងឆ្អឹងខ្នង និងការដុះសាច់នៅឆ្អឹងខ្នងផងដែរ សម្រាប់ព្យាបាលជូនយុវជន និងកុមារទាំងអ្នកមាន និងអ្នកក្រ។ មជ្ឈមណ្ឌលនេះនឹងបញ្ចប់សព្វគ្រប់ទាំងដំណើរការសាងសង់ និងបំពាក់បរិក្ខារនៅក្នុងខែកញ្ញាខាងមុខ។
លោកវេជ្ជបណ្ឌិត Franc,ois Xavier Roux បានមានប្រសាសន៍ឲ្យដឹងថា មជ្ឈមណ្ឌលនេះមានក្រុមគ្រូពេទ្យ ដែលជាវេជ្ជបណ្ឌិតជំនាញឯកទេសខាងវះកាត់ខួរក្បាល ដាក់ថ្នាំសណ្តំ និងដាក់ថ្នាំធ្វើឲ្យដឹងខ្លួនវិញគ្រប់គ្រាន់ហើយ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយរូបលោក នឹងធ្វើការបណ្តុះបណ្តាលបន្ថែមទៀតដល់គ្រូពេទ្យកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យមជ្ឈមណ្ឌលនេះមានសម្ភារគ្រប់គ្រាន់ និងគ្រូពេទ្យបម្រើការស្របតាមស្តង់ដារអន្តរជាតិ។ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ក៏បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរអំពីគោលបំណងនៃការរៀបចំមហោស្របភាពយន្តបារាំង-កម្ពុជា ក្នុងប្រទេសកម្ពុជានៅពេលខាងមុខនេះ។
ទាក់ទិនទៅនឹងការសហការរៀបចំមហោស្របភាពយន្តបារាំង-កម្ពុជានេះ សម្តេចតេជោ បានស្នើដល់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិតបន្តពិភាក្សា ជាមួយនឹងលោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រោះកម្មវិធីនេះជាផ្នែកមួយនៃការផ្លាស់ប្តូរវប្បធម៌ នៃប្រទេសទាំងពីរកម្ពុជា-បារាំង៕
ឯកអគ្គរដ្ឋទូតថ្មីរុស្ស៊ីប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ
ក្នុងឱកាសជំនួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ នៅវិមានសន្តិភាព ឯកឧត្តម Dmitri Tsvetkov ដែលទើបត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស៊្សីប្រចាំកម្ពុជា បានប្តេជ្ញាចិត្តថា នឹងជម្រុញឲ្យមានផែនការ និងសកម្មភាពក្នុងការអញ្ជើញថ្នាក់ដឹកនាំកម្ពុជាគ្រប់ផ្នែក និងគ្រប់ស្ថាប័ន ដើម្បីបំពេញទស្សនកិច្ចពីគ្នាទៅវិញទៅមក សំដៅពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ (កម្ពុជា-រុស្ស៊ី) ឲ្យកាន់តែរឹងមាំឡើង។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តីឲ្យដឹងថា ឯកឧត្តម Dmitri Tsvetkov បានជម្រាបជូនសម្តេចតេជោថា ស្ថិតលើមូលដ្ឋានកម្ពុជា និងរុស៊្សី គឺជាមិត្តចាស់ដ៏យូរលង់ណាស់មកហើយ។ ផ្នែកលើកត្តានេះ ឯកឧត្តមនឹងខិតខំជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ធ្វើយ៉ាងណាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យដទៃទៀត ដែលប្រទេសទាំងពីរកំពុងតែមានសក្តានុពលជាមួយគ្នាយ៉ាងខ្លាំង។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងផែនការសកម្មភាពរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មី ដោយសម្តេចមានប្រសាសន៍ថា សម្តេចសូមគាំទ្រទាំងស្រុងលើផែនការសកម្មភាពរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ហើយអ្វីដែលឯកឧត្តម បានលើកឡើងនោះ គឺជាមូលដ្ឋានដ៏សំខាន់ ពោលគឺឈរលើមូលដ្ឋានមិត្តចាស់ និងសក្តានុពល ដែលប្រទេសទាំងពីរមានស្រាប់ នោះហើយគឺជាកត្តាជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ (កម្ពុជា-រុស៊្សី) កាន់តែរឹងមាំទ្វេឡើងថែមទៀត។
សម្តេចតេជោបាន ក៏ស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មី ធ្វើយ៉ាងណានៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ជំរុញឲ្យមានការហោះហើរត្រង់ពីសហព័ន្ធរុស៊្សីមកកាន់កម្ពុជា និងពីកម្ពុជា ទៅកាន់សហព័ន្ធរុស៊្សី សំដៅធ្វើយ៉ាងណាឲ្យទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៃប្រទេសទាំងពីរ កាន់តែមានភាពប្រកួតប្រជែងទ្វេឡើងថែមទៀត៕
ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីសម្តែងការចាប់អារម្មណ៍កំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជា
ឯកឧត្តម Pitono Purnomo ដែលទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាពថ្មី របស់សាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលមានកំណើនជាង ៧% និងមានអតិផរណាទាប កត្តានេះ គឺជាមូលដ្ឋានក្នុងការលើកទឹកចិត្តដល់អ្នកវិនិយោគ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ នៅវិមានសន្តិភាព ឯកឧត្តម Pitono Purnomo បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចខ្ពស់ និងអតិផរណាទាបនេះ គឺទទួលបានមកពីស្ថិរភាពនយោបាយដ៏ល្អរបស់កម្ពុជា ដែលកត្តានេះជំរុញឲ្យអ្នកវិនិយោគឥណ្ឌូណេស៊ី បានមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង ហើយតាមរយៈនៃអាណត្តិបេសកកម្មការទូតនៅកម្ពុជានេះ ឯកឧត្តមនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការជំរុញកំណើននៃទំហំពាណិជ្ជកម្ម ជំរុញវិនិយោគមកកាន់កម្ពុជា ពិសេស គឺលើកស្ទួយជំរុញសហប្រតិបត្តិការលើវិស័យទេសចរណ៍។
ឯកឧត្តម ឯកឧត្តមអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក៏បានសម្តែងនូវក្តីរីករាយចំពោះជោគជ័យ ដែលកម្ពុជាសម្រេចបាន ចំពោះការប្រារព្ធពិធីបុណ្យអង្គរសង្រ្កាន្តនៅខេត្តសៀមរាបកាលពីពេលកន្លងមក។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋទូតឥណ្ឌូណេស៊ី ដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កាលពីពេលកន្លងមក ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា។
សម្តេចតេជោបានមានប្រសាសន៍ឲ្យដឹងថា អង្គរសង្រ្កាន្ត គឺបានឆ្លុះបញ្ចាំងពីសក្តានុពលលើវិស័យទេសចរណ៍របស់កម្ពុជា។ សម្តេចតេជោក៏បានស្នើដល់ឯកឧត្តមទូតឲ្យបន្តធ្វើយ៉ាងណាជួយជំរុញអ្នកវិនិយោគ អ្នកទេសចរ និងការហោះហើរត្រង់ពីឥណ្ឌូណេស៊ីមកកាន់កម្ពុជា ពិសេសបន្តជួយដល់កម្ពុជាក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសំដៅធ្វើយ៉ាងណាជួយដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការពាំនាំការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី ជូនចំពោះសម្តេច។ សម្តេចតេជោបានមានប្រសាសន៍ថា ទំហំវិនិយោគ និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ(កម្ពុជា-ឥណ្ឌូណេស៊ី) មិនទាន់ស័ក្តិសមនៅឡើយទេ ពោលគឺយើងនៅមានសក្តានុពលច្រើនណាស់ក្នុងការពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឲ្យកាន់តែមានសក្តានុពលបន្ថែមទៀត ពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍៕
ប្រជាពលរដ្ឋ គាំទ្រគណបក្សប្រជាជនជានិច្ច
( បទពាក្យប្រាំពីរ )
សាមសិបប្រាំឆ្នាំ បានកន្លង ចិត្តនៅចាំចង ជាក់ច្បាស់ថា
ថ្ងៃដែលរស់រាន មានជីវ៉ា ផុតពីមរណា ដល់សព្វថ្ងៃ ។
ពិតជាបានមក ដោយពលិកម្ម សស្រាក់សស្រាំ ពុំសំចៃ
បក្សប្រជាជន ខំកែខៃ ប្តូរជីវិតក្ស័យ ដើម្បីខ្មែរ ។
អភិវឌ្ឍប្រទេស ជាបណ្តើរ ទៅតាមដំណើរ ជាហូរហែ
នៅតាមទីក្រុង ជនបទស្រែ វាលភ្នំផងដែរ ជ្រលងអូ រ ។
សាងថ្នល់ទំនប់ គ្រប់ទិសទី វារី អគ្គិសនី ទប់ទឹកហូរ
បង្កើនផលស្រូវ បានបរិបូរណ៍ ចេញលក់ដោះដូរ ទៅបរទេស ។
បង្កើនជីវភាព កសិករ ពាណិជ្ជ កម្មករ ពុំមានធ្វេស
កូនសិស្សនិស្សិត ផ្តិតចំណេះ បង្កើនតម្រេះ ចេះដឹងខ្ពស់ ។
មានកង់ម៉ូតូ ស៊ីក្លូឡាន ទូរស័ព្ទគ្រប់ប្រាណ ស្ទើរគ្មានលោះ
គោយន្តត្រាក់ទ័រ ផ្តល់ផលខ្ពស់ ផ្តល់ទាំងកិត្តិយស ខ្ពស់ចំណាន ។
ចំណេះវប្បធម៌ អក្សរសាស្រ្ត ប្រសើរល្អល្អះ ហួសការស្មាន
ទីក្រុងជនបទ ទាំងប៉ុន្មាន កន្លែងកំសាន្ត លំហែកាយ ។
សំណង់អាគារ កើនយ៉ាងឆាប់ រីកជាលំដាប់ ទាំងជិតឆ្ងាយ
សាលាវត្តវ៉ា ផ្សារសុសសាយ ហួសពីបរិយាយ ឆ្ងាយរិះរេ ។
កាកបាទក្រហម ឈានជួរមុខ ជួយអ្នកមានទុក្ខ ខ្លាំងជាងគេ
ពិការទុរគត គ្មានទំនេរ លោកតែងគ្នាន់គ្នេ រិះរេដល់ ។
ផ្តល់ផ្ទះផ្តល់ស្បៀង ម្ហូបអាហារ ភួយមុងក្រមា ជាកុសល
ពេលមានមហន្តរាយ ព្យុះភ្លៀងខ្យល់ លោកតែងខ្វាយខ្វល់ ជួយដោះស្រាយ។
ពេលណាទីណា មានទុក្ខធ្ងន់ បក្សប្រជាជន គ្មាននឿយណាយ
ធ្វើពលិកម្ម ជួយដោះស្រាយ លះបង់រូបកាយ គ្រប់ៗគ្រា ។
ប្រជាស្រឡាញ់ និងពេញចិត្ត គោរពអាណិត គ្រប់វេលា
ប្តេជ្ញាដើរតាម គោលមាគ៌ា ពុំមានរួញរា ជារៀងទៅ ។
ដោយ ហូយ គឹមអាន
Subscribe to:
Posts (Atom)