Tuesday, May 06, 2014

ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​រុស្ស៊ី​​ប្តេជ្ញា​​ជំរុញ​​កិច្ច​​សហ​ប្រតិ​បត្តិការ និង​​ចំណង​មិត្ត​ភាព​រវាង​​ប្រទេស​​ទាំង​​ពីរ​

ក្នុង​ឱកាស​ជំនួប​សម្តែងការ​គួរ​សម ជាមួយ​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រកម្ពុជា នា​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ នៅ​វិមាន​សន្តិភាព​ ឯក​ឧត្តម Dmitri Tsvetkov ដែល​ទើប​ត្រូវ​បាន​តែង​តាំង ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និងពេញ​សមត្ថភាព នៃ​សហព័ន្ធរុស៊្សី​ប្រចាំ​កម្ពុជា បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ជម្រុញ​ឲ្យ​មាន​ផែនការ និង​សកម្មភាព​ក្នុង​ការអញ្ជើញ​ថ្នាក់ដឹកនាំ​កម្ពុជា​គ្រប់​ផ្នែក និង​គ្រប់​ស្ថាប័ន ដើម្បី​បំពេញទ​ស្សនកិច្ច​ពី​គ្នា​ទៅវិញ​ទៅមក សំដៅ​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ (កម្ពុជា-រុស្ស៊ី) ឲ្យ​កាន់​តែរឹងមាំ​ឡើង។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ឲ្យ​ដឹង​ថា ឯកឧត្តម Dmitri Tsvetkov បាន​ជម្រាប​ជូន​សម្តេចតេជោ​ថា ស្ថិត​លើមូលដ្ឋាន​កម្ពុជា និង​រុស៊្សី គឺ​ជាមិត្ត​ចាស់ដ៏យូរ​លង់ណាស់​មក​ហើយ។ ផ្នែក​លើ​កត្តា​នេះ ឯកឧត្តម​នឹង​ខិតខំ​ជំរុញ​ទំនាក់​ទំនង​នៃប្រទេស​ទាំង​ពីរ ធ្វើ​យ៉ាងណា​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​វិស័យ​ដទៃទៀត ដែល​ប្រទេស​ទាំងពីរ​កំពុង​តែ​មាន​សក្តានុពល​ជាមួយ​គ្នា​យ៉ាង​ខ្លាំង​។

សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តី បាន​សម្តែង​បាន​វាយ​តម្លៃខ្ពស់​ចំពោះ​ការប្តេជ្ញា​ចិត្ត និង​ផែន​ការ​សកម្មភាព​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​រុស្ស៊ីថ្មី​ ដោយ​សម្តេច​មាន​ប្រសាសន៍​ថា សម្តេចសូម​គាំទ្រ​ទាំងស្រុង​លើផែនការ​សកម្មភាព​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ហើយ​អ្វី​ដែលឯកឧត្តម បាន​លើក​ឡើង​នោះ គឺ​ជាមូលដ្ឋាន​ដ៏​សំខាន់ ពោល​គឺឈរ​លើមូលដ្ឋាន​មិត្ត​ចាស់ និងសក្តា​នុពល ដែល​ប្រទេសទាំងពីរ​មាន​ស្រាប់ នោះ​ហើយ​គឺជាកត្តា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នៃប្រទេស​ទាំង​ពីរ (កម្ពុជា-រុស៊្សី) កាន់​តែរឹងមាំ​ទ្វេ​ឡើង​ថែម​ទៀត។

សម្តេចតេជោ​បាន ក៏​ស្នើ​ដល់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​រុស្ស៊ីថ្មី ធ្វើ​យ៉ាងណា​នៅក្នុង​អាណត្តិបេសក​កម្ម​ការទូត​របស់​ឯកឧត្តម ជំរុញ​ឲ្យ​មាន​ការហោះហើរ​ត្រង់​ពី​សហព័ន្ធ​រុស៊្សី​មក​កាន់កម្ពុជា និង​ពី​កម្ពុជា ទៅ​កាន់​សហព័ន្ធរុស៊្សី សំដៅ​ធ្វើយ៉ាង​ណា​ឲ្យទំនាក់​ទំនង​លើ​វិស័យសេដ្ឋ​កិច្ចពាណិជ្ជ​កម្ម វិនិ​យោគ និង​ទេសចរណ៍​នៃប្រទេស​ទាំង​ពីរ កាន់​តែ​មាន​ភាពប្រកួត​ប្រជែង​ទ្វេឡើង​ថែម​ទៀត៕

No comments:

Post a Comment