Tuesday, May 06, 2014

មជ្ឈ​មណ្ឌល​​វះកាត់​​ខួរក្បាល និង​​ឆ្អឹង​ខ្នង​​លើក​​ដំបូង​​នៅកម្ពុជា​​នឹង​​ដាក់​​ឲ្យ​ដំណើរ​ការ​​ក្នុង​​ពេល​​ឆាប់​ៗ​ខាងមុខ​នេះ

សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៤ បានអបអរសាទរ​ចំពោះ​ដំណើរ​វិវឌ្ឍន៍ នៃ​ការសាងសង់​មជ្ឈមណ្ឌល​វះកាត់​ខួរ​ក្បាល និង​ឆ្អឹង​ខ្នង​ជាលើក​ដំបូង​ដែល​ស្ថិត​នៅក្នុង​បរិវេណ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ដោយ​សម្តេច​បាន​ចាត់​ទុក​ថា​ ជា​តម្រូវការ​ចាំ​បាច់​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ថា នៅ​ពេលអនុញ្ញាត​ឲ្យ​លោក​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Franc,ois Xavier Roux ជំនាញ​ឯកទេស​ផ្នែក​វះកាត់​ខួរ​ក្បាល និងឆ្អឹង​ខ្នង​របស់​ប្រទេស​បារាំង​ចូល​ជួប​សម្តែង​ការគួរសម នៅ​វិមាន​សន្តិភាព កាល​ពីថ្ងៃ​ទី០៥ ខែ​ឧសភា ឆ្នាំ២០១៤ សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​កម្ពុជា​បាន និង​កំពុង​តែប្រ​ឈម​ជាមួយ​នឹង​ជំងឺ​លើស​ឈាម ជំងឺដាច់​សសៃ​ឈា​ម និ​ង​ជំងឺដែល​ទាក់​ទិន​ទៅនឹ​ង​ឆ្អឹង​ខ្នង ហើយ​តាមរយៈ​កិច្ចការ មនុស្សធម៌នេះ សម្តេច​សូម​ចូលរួម​អបអរសាទរ​ចំពោះ​កា​រវិវឌ្ឍ​នៃ​ដំណើរ​ការសាង​សង់ មជ្ឈ​មណ្ឌ​ល​វះកា​ត់ខួរ​ក្បាល និង​ឆ្អឹង​ខ្នង​ជាលើក​ដំបូង​ក្នុងប្រទេស​កម្ពុជា​នោះ។

លោក​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Franc,ois Xavier Roux បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រូបលោក​បាន​មកកាន់​ប្រទេស​កម្ពុជា​ជាលើ​ក​ដំបូង​កាល​ពីឆ្នាំ១៩៨៩ និង​បាន​មក​ជាប​ន្ត​បន្ទាប់ក្នុង​ឆ្នាំ១​៩៩៦។ ទិសដៅ​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា នៅ​ពេល​នេះ គឺ​ដើម្បី​គោរពរាយ​ការណ៍ ជូន​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ស្តីពី​លទ្ធផល នៃ​ការសាង​សង់​អាគារ​វះ​កាត់ខួរ​ក្បាល និង​ឆ្អឹង​ខ្នង​ក្នុងបរិវេណ​នៃ​មន្ទីរ​ពេទ្យកាល់​ម៉ែត។ លោក​សាស្រ្តាចារ្យ​វេជ្ជ​បណ្ឌិតមាន​ប្រសា​សន៍បញ្ជាក់​ថា អាគារវះ​កាត់​នោះ​បាន​ដំណើរ​ការសាង​សង់ រួចរាល់ហើយៗ នៅពេល​នេះកំពុង​តែបំពាក់​បរិក្ខារ និងបរិក្ខារ​មួយ​ចំនួនទៀត​កំពុង​តែធ្វើការ​នាំចូល​មក​ដើម្បីបំពាក់​បន្ថែម​ទៀត។

លោក​សាស្ត្រា​ចារ្យ​វេជ្ជ​បណ្ឌិត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ដំណើរការ​ពេញលេញ​ហើយ​នោះ មជ្ឈមណ្ឌល​នោះ​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​គំរូ​មួយ សម្រាប់​ការ​វះ​កាត់ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ខួរ​ក្បាល និង​ឆ្អឹង​ខ្នង និង​ការ​ដុះ​សាច់​នៅ​ឆ្អឹង​ខ្នង​ផងដែរ សម្រាប់​ព្យាបាល​ជូន​យុវជន និង​កុមារ​ទាំង​អ្នក​មាន និង​អ្នក​ក្រ។ មជ្ឈមណ្ឌល​នេះ​នឹង​បញ្ចប់​សព្វគ្រប់​ទាំង​ដំណើរ​ការ​សាងសង់ និង​បំពាក់​បរិក្ខារ​នៅ​ក្នុង​ខែ​កញ្ញា​ខាង​មុខ។

លោក​វេជ្ជបណ្ឌិត Franc,ois Xavier Roux បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​នេះមាន​ក្រុម​គ្រូពេទ្យ ដែល​ជា​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​ខាងវះ​កាត់​ខួរក្បាល ដាក់​ថ្នាំ​សណ្តំ និង​ដាក់​ថ្នាំ​ធ្វើឲ្យដឹង​ខ្លួន​វិញ​គ្រប់​គ្រាន់​ហើយ ប៉ុន្តែ​ទោះ​បីជាយ៉ាង​នេះក៏ដោយ​រូប​លោក នឹងធ្វើ​ការ​បណ្តុះ​បណ្តាល​បន្ថែម​ទៀត​ដល់​គ្រូពេទ្យ​កម្ពុជា ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មជ្ឈមណ្ឌលនេះ​មាន​សម្ភារ​គ្រប់​គ្រាន់ និង​គ្រូពេទ្យ​បម្រើ​ការ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ។ ​លោកសាស្រ្តា​ចារ្យ​វេជ្ជបណ្ឌិត ក៏​បាន​ជម្រាប​ជូន​សម្តេចតេជោ​នាយករដ្ឋ​មន្រ្តី​ផង​ដែរ​អំពី​គោល​បំណង​នៃការ​រៀបចំ​មហោ​ស្រប​ភាពយន្ត​បារាំង-កម្ពុជា ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​ខាង​មុខ​នេះ។

ទាក់​ទិន​ទៅនឹង​ការសហការ​រៀប​ចំ​មហោ​ស្រប​ភាពយន្ត​បារាំង-កម្ពុជា​នេះ សម្តេច​តេជោ បាន​ស្នើ​ដល់​លោក​សាស្រ្តា​ចារ្យ​វេជ្ជបណ្ឌិត​បន្ត​ពិភាក្សា ជាមួយ​នឹង​លោក​ជំទាវ​រដ្ឋ​មន្រ្តីក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ព្រោះ​កម្មវិធី​នេះជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់ប្តូរ​វប្បធម៌ នៃប្រទេស​ទាំងពីរ​កម្ពុជា-បារាំង៕

No comments:

Post a Comment