Tuesday, May 06, 2014

ឯកអគ្គ​រដ្ឋ​​ទូត​​ឥ​ណ្ឌូ​​ណេស៊ី​​សម្តែង​ការ​​ចាប់​​អារម្មណ៍​​កំណើន​​សេដ្ឋ​កិច្ច​​ខ្ពស់​របស់​​កម្ពុជា​

ឯកឧត្តម Pitono Purnomo ដែល​ទើប​ត្រូវ​បានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ និង​ពេញសមត្ថភាព​ថ្មី របស់​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍យ៉ាង​ខ្លាំង ចំពោះ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដែល​មានកំណើន​ជាង ៧% និង​មាន​អតិផរណា​ទាប កត្តា​នេះ គឺ​ជាមូលដ្ឋាន​ក្នុង​ការលើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោនាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងជំនួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព ឯកឧត្តម Pitono Purnomo បាន​មាន​ប្រសាសន៍​ថា កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​អតិផរណា​ទាប​នេះ គឺទទួល​បាន​មក​ពីស្ថិរភាព​នយោបាយ​ដ៏ល្អ​របស់​កម្ពុជា ដែល​កត្តា​នេះ​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌូ​ណេស៊ី បាន​មកវិនិយោគ​នៅកម្ពុជា​កាន់តែ​ច្រើន​ឡើង ហើយ​តាមរយៈ​នៃ​អាណត្តិបេសក​កម្ម​ការទូត​នៅ​កម្ពុជានេះ ឯកឧត្តម​នឹង​ខិត​ខំប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព ក្នុង​ការជំរុញ​កំណើន​នៃ​ទំហំពាណិជ្ជកម្ម ជំរុញ​វិនិយោគ​មក​កាន់​កម្ពុជា ពិសេស គឺលើក​ស្ទួយ​ជំរុញសហ​ប្រតិបត្តិការ​លើវិស័យ​ទេសចរណ៍។

ឯកឧត្តម ឯកឧត្តម​អគ្គរដ្ឋ​ទូត​ឥណ្ឌូ​ណេស៊ី ក៏​បាន​សម្តែងនូវក្តី​រីក​រាយ​ចំពោះ​ជោគ​ជ័យ ដែល​កម្ពុជា​សម្រេច​បាន ចំពោះ​ការប្រារព្ធ​ពិធីបុណ្យអង្គរ​សង្រ្កាន្ត​នៅ​ខេត្តសៀមរាប​កាលពី​ពេល​កន្លង​មក។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ថ្លែង​អំណរគុណ​ជូន​ចំពោះ​ឯកឧត្តមរដ្ឋ​ទូត​ឥណ្ឌូណេស៊ី ដែល​បានអញ្ជើញ​ចូលរួម​ក្នុងព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត កាល​ពីពេល​កន្លងមក ដែល​រៀបចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។

សម្តេច​តេជោបាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា អង្គរសង្រ្កាន្ត គឺ​បាន​ឆ្លុះបញ្ចាំង​ពី​សក្តានុពលលើ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា។ សម្តេចតេជោ​ក៏​បាន​ស្នើដល់​ឯកឧត្តម​ទូត​ឲ្យបន្ត​ធ្វើយ៉ាង​ណា​ជួយ​ជំរុញ​អ្នក​វិនិយោគ អ្នក​ទេសចរ និង​ការហោះហើរ​ត្រង់​ពីឥណ្ឌូណេស៊ី​មកកាន់​កម្ពុជា ពិសេស​បន្តជួយ​ដល់​កម្ពុជា​ក្នុងការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាសំដៅ​ធ្វើយ៉ាង​ណា​ជួយ​ដល់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា។

សម្តេចតេ​ជោនាយក​រដ្ឋមន្រ្តី ក៏​បានមាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ចំពោះ​ការ​ពាំនាំការសាក​សួរសុខ​ទុក្ខពី​សំណាក់​ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ជូន​ចំពោះ​សម្តេច។ សម្តេច​តេជោ​បាន​មានប្រសាសន៍​ថា ទំហំ​វិនិ​យោគ និង​ពាណិជ្ជកម្ម​នៃ​ប្រទេសទាំងពីរ​(កម្ពុជា-ឥណ្ឌូណេស៊ី) មិន​ទាន់​ស័ក្តិសម​នៅឡើយ​ទេ ពោល​គឺយើង​នៅ​មានសក្តានុពល​ច្រើន​ណាស់​ក្នុង​ការពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​មាន​សក្តានុពល​បន្ថែមទៀត ពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍៕

No comments:

Post a Comment