Thursday, February 02, 2023

វិភាគអន្តរជាតិ៖ ហេតុអ្វី មេទ័ពអាកាសអាមេរិកព្រមានថា «សង្រ្គាមជាមួយចិន» នឹងផ្ទុះឡើងនៅឆ្នាំ២០២៥?


(វ៉ាស៊ីនតោន)៖ ឧត្ដមសេនីយ៍ផ្កាយបួន នៃកងទ័ពអាកាសអាមេរិក លោក ម៉ៃក៍ មីនីហាន់ (Mike Minihan) បានព្រមានថាសង្រ្គាមរវាងសហរដ្ឋអាមេរិក និងចិន ដើម្បីកោះតៃវ៉ាន់អាចនឹងផ្ទុះឡើង នៅឆ្នាំ២០២៥ ហើយលោកក៏បានជំរុញផងដែរឱ្យយោធាអាមេរិកត្រៀមលក្ខណៈឱ្យបានរួចរាល់នៅក្នុងឆ្នាំនេះ។ ការព្រមានរបស់មេបញ្ជាការកងទ័ពអាកាសអាមេរិករូបនេះធ្វើឡើងនៅក្នុង កំណត់ហេតុមួយចុះកាលបរិច្ឆេទកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែទើបត្រូវបានផ្ញើទៅកាន់ថ្នាក់លើរបស់លោកកាលពីថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។

បើតាមលោក Mike Minihan ការធានាបាននូវអំណាចនៅអាណត្តិទី៣ ក្នុងនាមជាមេដឹកនាំចិនរបស់លោក ស៊ី ជិនពីង ការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ និងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤ គឺជាហេតុផលដែលតម្រូវឱ្យកងទ័ពអាមេរិកត្រូវតែត្រៀមលក្ខណៈឱ្យបានរួចរាល់ចាប់ពីឆ្នាំ២០២៣នេះតទៅ។ «ខ្ញុំក៏សង្ឃឹមដែរថាខ្ញុំកំពុងគិតខុស ប៉ុន្តែអារម្មណ៍របស់ខ្ញុំបានប្រាប់ខ្ញុំ ថាយើងអាចនឹងត្រូវធ្វើសង្រ្គាមនៅក្នុងឆ្នាំ២០២៥»។ នេះគឺជាការព្យាកររបស់លោក Mike Minihan។ ជុំវិញការព្រមាននេះដែរដែលត្រូវបានចុះផ្សាយយ៉ាងព្រោងព្រាតដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក មន្ត្រីម្នាក់មកពីក្រសួងការពារជាតិអាមេរិក បាននិយាយនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការត្រៀមលក្ខណៈសម្រាប់សង្រ្គាម គឺជាការងារចម្បងរបស់មេទ័ព ហើយទស្សនៈយល់ឃើញរបស់លោក Minihan មិនមែនជាការឆ្លុះបញ្ចំងពីទស្សនៈរបស់រដ្ឋាភិបាលអាមេរិកនោះឡើយ។ តែទោះជាបែបនេះក្ដី ការព្រមាននេះវាជាការដាស់រំឮកដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវព្យាយាមបង្ការកុំឱ្យភាពតានតឹង នៃទំនាក់ទំនងទ្វេភាគី ផ្ទុះទៅជាសង្រ្គាម។

* ហេតុអ្វីយោធាអាមេរិក បារម្ភពីចិនខ្លាំងម្ល៉េះ?

សម្រាប់អ្នកនយោបាយ និងយោធាអាមេរិកមួយចំនួន ភាពបន្ទាន់ក្នុងការទប់ស្កាត់ការគំរាមកំហែងខាងយោធាពីសំណាក់ចិន គឺមានជាប់ពាក់ព័ន្ធនឹង «មហិច្ឆតា» របស់លោក ស៊ី ជិនពីង។ ក្រោយពី ការដើរចេញឆ្ងាយពីទស្សនៈអប់រំរបស់អតីតមេដឹកនាំចិន លោក តេង ស៊ាវពីង ដែលបានផ្ដាំកូនចៅចិន «ឱ្យលាក់បាំងសមត្ថភាពពិត រង់ចាំឱកាសល្អមកដល់» លោក ស៊ី ជិនពីង បានបង្ហើបត្រង់ៗ ពីមហិច្ឆតាចង់ឱ្យចិនក្លាយជា «កំពូលមហាអំណាចលេខ១ នៅលើពិភពលោក» និងបានបង្កើនយុទ្ធនាការបំផុសគំនិតជាតិនិយម។ តួយ៉ាងដូចជាសំណុំរឿងតៃវ៉ាន់ លោកប្រធានាធិបតីចិនរូបនេះ បានបញ្ជាក់ច្បាស់ៗថាការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ មិនមែនជាបញ្ហាដែលត្រូវផ្ទេរភារកិច្ចពីមួយជំនាន់ ទៅមួយជំនាន់នោះទេ ដែលនេះនាំឱ្យអ្នកវិភាគជាច្រើនយល់ថាភារកិច្ចនេះត្រូវតែសម្រេច ឱ្យបាននៅក្នុងអាណត្តិរបស់លោក ស៊ី ជិនពីង។

នៅក្នុងសមាជបក្សកុម្មុយនិស្ដចិនកាលពីខែតុលា ឆ្នាំ២០២២ លោក ស៊ី ជិនពីង ក៏បានបញ្ជាក់ឡើងវិញដែរថាខណៈ «ការបង្រួបបង្រួមជាមួយតៃវ៉ាន់ដោយសន្តិវិធី» នៅតែជាជម្រើសទី១របស់ គណបក្សកុម្មុយនិស្ដចិនក៏ពិតមែន តែទីក្រុងប៉េកាំងនឹងមិនបោះបង់ចោលជាដាច់ខាតនូវ «ជម្រើសប្រើកម្លាំងយោធា» នៅក្នុងករណីចាំបាច់។ ដោយរក្សាជម្រើសយោធានៅលើតុ លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់ថាចិនមានបំណងកំញើញទប់ស្កាត់កុំឱ្យតៃវ៉ាន់ប្រកាស «ឯករាជ្យ» និង «រារាំងការជ្រៀតជ្រែក» ពីសំណាក់បរទេសដែលគេដឹងច្បាស់ថាលោកចង់សំដៅទៅលើសហរដ្ឋអាមេរិក។

សម្រាប់ចិន សហរដ្ឋអាមេរិក គឺជាអ្នកទទួលខុសត្រូវទាំងស្រុងលើភាពតានតឹងទាំងការទូត និងយោធា ដោយនៅក្នុងសៀវសភៅរបស់ខ្លួនស្ដីពីយុទ្ធសាស្ត្រពាក់ព័ន្ធនឹងតៃវ៉ាន់ ចេញផ្សាយក្រោយ អតីតប្រធានសភាតំណាងរាស្ត្រអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី បំពេញទស្សនកិច្ចនៅតៃវ៉ាន់កាលពីខែសីហាកន្លងទៅ ទីក្រុងប៉េកាំងបានចោទប្រកាន់ថាសហរដ្ឋអាមេរិកកំពុងប្រើប្រាស់តៃវ៉ាន់ ដើម្បីគ្រប់គ្រងចិន។

* ចុះចំណែកឯយោធាចិនវិញ?

នៅក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង យោធាចិន បាន និងកំពុងអភិវឌ្ឍខ្លួនយ៉ាងលឿនរហ័ស ឆ្ពោះទៅរកគោលដៅដែលចង់ក្លាយជា «យោធាលំដាប់ពិភពលោក» មានអំណាចអាចស៊ីសងជាមួយ សហរដ្ឋអាមេរិក នៅឆ្នាំ២០៤៩។ យោធាចិនមិនដែលមានបទពិសោធន៍ជាក់ស្ដែងនៅក្នុងសង្រ្គាម ចាប់តាំងពីសង្រ្គាមចុងក្រោយបំផុតជាមួយវៀតណាម នៅឆ្នាំ១៩៧០មក ផ្ទុយពីសហរដ្ឋអាមេរិកដែល ដើរធ្វើសង្រ្គាម និងចូលរួមក្នុងជម្លោះឥតល្ហែរនៅជុំវិញពិភពលោក។ ប៉ុន្តែ ចិនបានបង្កើនកញ្ចប់ថវិកាយោធាពីមួយឆ្នាំទៅមួយឆ្នាំ ដោយកើនឡើងពី ១១៤.៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៤ កើនដល់ ២៣០ពាន់លានដុល្លារ កាលពីឆ្នាំ២០២២ ហើយតួលេខពិតប្រាកដអាចនឹងមានច្រើនជាងនេះទៅទៀត។

ម្យ៉ាងវិញទៀត បើទោះជាកញ្ចប់ថវិការយោធានេះមានចំនួនតិចជាងកញ្ចប់ថវិកាយោធាអាមេរិកដែលមានដល់ទៅ ៨១៦.៧ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០២៣ក៏ពិតមែន តែបច្ចុប្បន្នមាន តែចិនទេដែលសហរដ្ឋអាមេរិកចាត់ទុកថាជា​ «គូប្រជែងធំបំផុត» ក្នុងស.វទី២១មួយនេះ បើទោះជាចាត់ទុករុស្ស៉ីជាការគំរាមកំហែងបន្ទាន់ក៏ដោយ។ ដើម្បីអាចមានសមត្ថភាពវាយយកតៃវ៉ា ការធ្វើទំនើបកម្មយោធាគឺជាគោលដៅចម្បងរបស់ចិន រីឯកងទ័ពរំដោះប្រជាជនចិន PLA ក៏បានបង្កើនការបង្ហាញសាច់ដុំយោធាជាបន្តបន្ទាប់នារយៈពេលប៉ុន្មានខែចុងក្រោយនេះដែរ។ ជាក់ស្ដែង ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់ ចិនបានអនុវត្តជាក់ស្ដែងនូវការហាត់សមឡោមព័ទ្ធ ឬបិទខ្ទប់កោះតៃវ៉ាន់ អមជាមួយការធ្វើតេស្ដបាញ់មីស៊ីល និងបញ្ជូននាវាចម្បាំង រួមទាំងយន្ដហោះចម្បាប់រាប់សិបគ្រឿង ចូលទៅកាន់ទីតាំងយុទ្ធសាស្ត្រសំខាន់ៗនៅគ្រប់ទិសទាំងអស់ជុំវិញកោះតៃវ៉ាន់។ លើសពីនេះទៅទៀត យន្ដហោះចម្បាំងចិនថែមទាំង បានហោះចូលកៀកដែនអាកាសរបស់តៃវ៉ាន់ ដោយក្នុងនោះយន្ដហោះចម្បាំងជាច្រើនគ្រឿងបានហោះឆ្លងកាត់ «ខ្សែបន្ទាត់កណ្ដាលនៃតំបន់ច្រកសមុទ្រតៃវ៉ាន់» ដែលសកម្មភាពយោធាបែបនេះ ជារឿងកម្រនឹងកើតឡើង នៅមុនឆ្នាំ២០២១ ហើយការធ្វើសកម្មភាពយោធាចិនបែបនេះទៀតសោតបានកើតឡើងសឹងតែជាប្រចាំកាលពីចុងឆ្នាំ២០២២។

* តើចិនមានកាលបរិច្ឆេទជាក់លាក់ ដើម្បីគ្រប់គ្រងតៃវ៉ាន់ ឬទេ?

និយាយពីកាលបរិច្ឆេទ និងការព្យាករពីលទ្ធភាពដែលចិនអាចនឹងប្រើកម្លាំងយោធាលើតៃវ៉ាន់ គឺមានច្រើនជាហូរហែរ។ អ្នកខ្លះថានៅឆ្នាំ២០២៧ ដែលត្រូវនឹងខួប១០០ឆ្នាំ នៃការបង្កើត កងទ័ពរំដោះប្រជាជនចិន PLA ហើយខ្លះថាឆ្នាំ២០៣៥ ជាឆ្នាំដែលលោក ស៊ី ជិនពីង ចង់ឱ្យចិនសម្រេចឱ្យបាននូវការធ្វើទំនើបកម្មសង្គមនិយមជាមូលដ្ឋាន និងខ្លះទៀតថានៅឆ្នាំ២០៤៩ ដែលត្រូវនឹង ខួប១០០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ប៉ុន្តែ នៅត្រង់ឆ្នាំ២០៤៩នេះ គឺមានការខ្វែងគំនិតគ្នាខ្លាំងនៅក្នុងចំណោមក្រុមអ្នកវិភាគ ពីព្រោះថាតើលោក ស៊ី ជិនពីងមានអាយុ ៦៩ឆ្នាំ អាចរង់ចាំដល់ឆ្នាំ២០៤៩ ដែរឬទេ ហើយលោកផ្ទាល់ក៏ធ្លាប់បានអះអាងដែរថាបញ្ហាតៃវ៉ាន់មិនអាចផ្ទេរពីមួយជំនាន់ទៅមួយជំនាន់ឡើយ។

ដោយឡែក បច្ចុប្បន្ន បើតាមលោក Minihan ឆ្នាំ២០២៥ គឺជាឆ្នាំដែលអាចទៅរួច ហើយសូម្បីតែតៃវ៉ាន់ ក៏ធ្លាប់បានព្រមានដែរថាចិនអាចនឹងមានសមត្ថភាព និងត្រៀមលក្ខណៈយ៉ាងគ្រប់គ្រាន់ នៅឆ្នាំ២០២៥នេះដែរ។ សម្រាប់អ្នកដែលមើលឃើញ ឬយល់ថាការប្រើប្រាស់កម្លាំងយោធារបស់ចិនជាបញ្ហាបន្ទាន់ គឺផ្អែកទៅលើការប្រែប្រួលតុល្យភាពយោធា និងវោហាសាស្ត្រមិនញញើតនឹងការធ្វើ សង្គ្រាមរបស់លោក ស៊ី ជិនពីង ដែលបង្ហាញពីការប្ដេជ្ញាចិត្តគ្រប់គ្រងតៃវ៉ាន់ឱ្យបាននៅក្នុងអាណត្តិរបស់លោក។ ប៉ុន្តែ ក្រុមអ្នកវិភាគភាគច្រើននៅតែខ្វែងគំនិតគ្នាថាតើថ្នាក់ដឹកនាំចិនពិតជាមាន ឬបាន កំណត់កាលបរិច្ឆេទជាក់លាក់ដើម្បីគ្រប់គ្រងតៃវ៉ាន់ ហើយឬនៅ? នៅត្រង់ចំណុចនេះ លោក Zhu Feng ជានាយកវិទ្យាស្ថានសម្រាប់ការសិក្សាអន្តរជាតិ មកពីសាកលវិទ្យាល័យណានជីង (Institute for International Studies at Nanjing University) បានគូសបញ្ជាក់ដូច្នេះថា «នៅក្នុងទស្សនៈយល់ឃើញរបស់ចិន ការកំញើញខាងយោធាជាមធ្យោបាយដ៏គួរឱ្យទុកចិត្តបំផុត ដើម្បីរារាំងកុំឱ្យតៃវ៉ាន់ ប្រកាសឯករាជ្យ»។ តែបើតាមលោក Zhu Feng ចិននៅតែមិនទាន់ត្រៀមលក្ខណៈជ្រើសរើសជម្រើសយោធានៅឡើយទេ ហើយចិនក៏ដឹងច្បាស់ដែរថាការប្រើកម្លាំងបាយ អាចនឹងបង្កឱ្យមានអរិភាព ជាមួយសហគមន៍អន្តរជាតិ ដូចគ្នាទៅនឹងអ្វីដែលរុស្ស៉ីកំពុងប្រឈមមុខនៅក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។

យ៉ាងនេះក្ដី ការព្រួយបារម្ភរបស់លោក Zhu នោះគឺភាគីទាំងសងខាងនៅតែបន្តព្យាយាមដោះស្រាយបញ្ហាតាមមធ្យោបាយផ្ទាល់ខ្លួនដែលនេះអាចនឹងងាយបង្ខំឱ្យភាពតានតឹងរុញឱ្យភាគីទាំង២ ដើរទៅរក មាត់ជ្រោះនៃសង្រ្គាមដោយសន្សឹមៗ។ ត្រង់ន័យនេះ អ្នកជំនាញរូបនេះបាននិយាយថាកំណត់ហេតុរបស់លោក Minihan គឺជាការព្រមានទាន់ពេលវេលាមួយរំឮកដល់ចិន និងអាមេរិក ឱ្យបញ្ឈប់ ការប្រឡែងលេងជាមួយភ្លើងជុំវិញបញ្ហាតៃវ៉ាន់។

* ចុះតៃវ៉ាន់វិញយល់យ៉ាងណាដែរ?

នៅពេលដែល លោក ស៊ី ជិនពីង ធានាបាននូវកាន់អំណាចនៅអាណត្តិទី៣ ក្នុងនាមមេដឹកនាំចិន វាបានបង្កឱ្យមានការព្រួយបារម្ភជាច្រើននៅតៃវ៉ាន់ ថាសង្រ្គាមកាន់តែខិតជិតចូលមកដល់ ជាងពេលណាទាំងអស់ ហើយមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ក៏បានឯកភាពដែរថាកងទ័ពចិន PLA បានត្រៀមលក្ខណៈរួចរាល់ហើយ។ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក ឈៀវ គួរ ឆេង (Chiu Kuo-cheng) បាននិយាយកាលពីឆ្នាំ២០២២ថាយោធាចិនអាចនឹងត្រៀមលក្ខណៈយ៉ាងគ្រប់គ្រាន់ ដើម្បីប្រើកម្លាំងយោធានៅឆ្នាំ២០២៥ ជាមួយការសង្កត់ធ្ងន់ថាស្ថានភាពក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី គឺមានសភាពធ្ងន់ធ្ងរដែលលោកមិនធ្លាប់បានឃើញក្នុងពេលជាង៤០ឆ្នាំមកនេះ។

ប៉ុន្តែ បញ្ហាសំខាន់មិនមែននៅត្រឹមតែស្ថិតនៅត្រង់ការកើនឡើងនៃអំណាចយោធាចិនប៉ុណ្ណោះទេ តែអ្វីដែលសំខាន់នោះគឺថាតើចិនមានឆន្ទៈលេងល្បែងប្រឈមមុខជាមួយសហរដ្ឋអាមេរិក និងការប្រឈមមុខនឹងសម្ពាធនៅលើឆាកអន្តរជាតិ ដោយសារតែការជ្រើសរើសយកជម្រើសប្រើកម្លាំងបាយ ដែរឬក៏យ៉ាងណា? នៅក្រោមការដឹកនាំដោយប្រធានាធិបតី លោកស្រី សៃ អ៉ីងវិន ដែលនឹង ត្រូវចុះចេញពីតំណែងក្រោយការបោះឆ្នោតនៅខែមករា ឆ្នាំ២០២៤ ទីក្រុងតៃប៉ិ បានពង្រឹងសម្ព័ន្ធភាពក្រៅផ្លូវការយ៉ាងរឹងមាំជាមួយបណ្ដាប្រទេសលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក ហើយថែមទាំងបានចាត់ទុកខ្លួនឯងថាជា «តួអង្គ» ដ៏សំខាន់ក្នុងយុទ្ធនាការប្រឆាំងនឹងអំណាចផ្ដាច់ការវាទីនិយមនៅក្នុងតំបន់ទៀតផង។

គួរបញ្ជាក់ថា បើតាមលោក Mike Minihan ការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ នៅឆ្នាំ២០២៤ អាចនឹងផ្ដល់លេសឱ្យលោកប្រធានាធិបតីចិន ស៊ី ជិនពីង ប្រើប្រាស់កម្លាំងយោធា ខណៈសហរដ្ឋអាមេរិក អាចនឹងជាប់រវល់នឹងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ពោលគឺការបោះឆ្នោតប្រធានាធិបតីអាមេរិក៕ (Fresh News)